រឿង ប្រាជ្ញាអណ្ដើក

អ្នកទស្សនា: Views

 


រឿង ប្រាជ្ញាអណ្ដើក

អណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បាន លើគោកក៏បាន ។ ហេតុដើមនោះ មានរឿងព្រេងមួយនិទានថា ៖

ក្នុងគ្រាយូរយារអង្វែងហើយ ពេលនោះមានទឹកជំនន់ធំណាស់ ។ សត្វខ្លា ដំរី រាជសីហ៍ រមាំង រមាស ក្ដាន់ជាដើម អំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាន្ត នៅសល់តែអណ្ដើកសកលមួយ មិន​

ព្រម​ទៅ​ណានឹងគេសោះ លុះទឹកជំនន់មកដល់ គាត់ក៏ហែលលេងជាមួយនឹងពពួកមច្ឆជាតិ ស៊ីមើមឈើឫសឈើ ។ កំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញ អណ្ដើកភ្លេចខ្លួន ក៏​ជាប់ខ្លួន​នៅ​នឹង​


តង្កៀប​ឈើ តែលតោលពុំដឹងជាទៅខាងណា នឹកថាអាត្មាអញមុខជាស្លាប់ហើយ ព្រោះដៃជើងខ្លី ៗ ។ លុះទឹកស្រកផុតពីគល់ឈើទៅវិញ មានល្បះស្មៅខ្ចីដុះនៅគល់ឈើជាច្រើន ពេល​នោះ​មាន​ដំរី​


មួយ ដើរមកបរិភោគស្មៅខ្ចី អណ្ដើកឃើញដំរីហើយនឹកថា “អើបានការហើយអញបោកដំរីនេះម្ដង ឲ្យវាដឹងដៃ” អណ្ដើកក៏បន្លឺវាចាថា ៖ នរណាមកធ្វើអ្វីក្រោមដើមឈើនេះ ? ដំរីឆ្លើយថា ខ្ញុំជាដំរី។


អណ្ដើកថា “យើបងដំរី បងឯងមិនទាន់ដឹងខ្លួនទេឬ ខ្លួនខ្ញុំនេះជាអគ្គរាជទូត ព្រះបាទពារាណសី ឈ្មោះថាអ្នកហ្លួងចូលចិត្តមាណព ព្រះករុណា បានប្រើអញឲ្យចាំរកឯងក្នុងទីនេះ ឥឡូវ​ប្រទះ​គ្នា​


ហើយ​ ចាំអញនិយាយប្រាប់បងឯង ពូជពង្សបងឯងនេះ ពីដើមមកនៅបម្រើ ជាបរិពារព្រះរាជា ហើយស្រាប់តែលួចរត់បាត់ យកទាំងផ្លិតចាមររបស់លោក មកជាមួយផង” ។


- ដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថា “ឱបងអ្នកហ្លួងអើយ ខ្ញុំពុំដឹងទេ ខ្ញុំឃើញតែរបៀបយ៉ាងហ្នឹង នេះជាកន្ទុយរបស់ខ្ញុំទេតើ” ។

- អណ្ដើកនិយាយកាត់ថា ៖ អើហ្នឹងហើយ អញមានថាឯងលួចអី តែដូនតាឯងជាអ្នកលួច ប៉ុន្តែរបស់នៅលើរូបអ្នក បើចង់រួចខ្លួនត្រូវស្វែងរកសត្វជើងមួយមកឲ្យអញ អញយកទៅថ្វាយព្រះរាជា

ជួយសុំអង្វរក្រែងបានរួចខ្លួន ។ ដំរីឮដូច្នេះ ក៏ម្នីម្នាដើរទៅរកសត្វជើងមួយ ទាំងយំស្រែក ។ ខ្លាមួយឃើញដំរីដើរយំស្រែក ហើយសួរថា “នែបងដំរី បងឯងមានទុក្ខពីរឿងអ្វី ក៏ដើរយំស្រែកដូច្នេះ ”។


ដំរីសាសព្ទ ប្រាប់ខ្លាសព្វគ្រប់ ខ្លាថា “យីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃ មកយើងទៅពីរនាក់ទៅមើលវាមើល៍” ។ ខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញ ​អណ្ដើក​ក្រឡេក​ឃើញ​ពី​

ចម្ងាយ នឹកថា “អៃយ៉ា បានខ្លាមួយមកទៀតផង មិនអីទេចាំមកជិតអញ នឹងកំហែងអាខ្លានេះម្ដង ” ។ លុះខ្លានិងដំរីដើរមកដល់ជិត អណ្ដើកតាំងស្រែកថា អើអញឮសូរមាត់ដូចជាអាជាត្បេះឬ ?


ខ្លាឆ្លើយថា “ខ្ញុំហ្នឹងហើយ” អណ្ដើកនិយាយថា “នែ ! អាជាត្បេះឯងមានរឿងធំណាស់ ម្ដេចឯងបានជាភួយក្រឡាខ្លារបស់ព្រះរាជាមក” ។

ខ្លាថា “ទេលោក ! ខ្ញុំឃើញអីចឹងតាំងពីកើតមក ” ។

អណ្ដើកប្រាប់ថា “ ហ្នឹងហើយអញមិនថាឯងលួចទេ ប៉ុន្តែភស្តុតាងនៅលើឯងស្រាប់ ហើយបើចង់រួចខ្លួនទៅជួយរកអាសត្វជើងមួយ ជាមួយនឹងដំរីទៅ អាភ្លើ” ។

ខ្លានិងដំរីដើរបណ្ដើរ យំបណ្ដើរទៅរកសត្វជើងមួយ ទៅជួបនឹងស្វា ស្វាឆ្ងល់ណាស់ ឃើញខ្លានិងដំរីមានអាការៈដូច្នោះ សួរដឹងដើមទងហើយ ស្វាលាន់មាត់ថា “ យីបងឯងទាំងពីរ ច្បាស់​ជា​ចាញ់​

បោក​អា​សត្វអណ្ដើកហើយ ដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញ អញនឹងសាកសួរវាមើល៍ ” ។ សត្វទាំងបីក៏នាំគ្នាត្រឡប់មកវិញ អណ្ដើកឃើញស្វា នឹកថា អញបោកអាស្វានេះទៀត ហើយក៏​ស្រែក​


ថា “ យើបងអាចារ្យស្វាទេតើ ខ្ញុំរកតែមុខ កន្ទុយបងឯងជាអ្វី នែខ្ញុំប្រាប់ឲ្យច្បាស់ទៅ គឺជាដងលំពែងព្រះរាជា ទៅកុំនិយាយអ្វី ទៅរកសត្វជើងមួយមកឲ្យឆាប់ ” ។


ខ្លា ដំរី និង ស្វា ទាល់ប្រាជ្ញ ក៏​នាំ​គ្នា​ដើរ​យំប​​ណ្ដើរ ទៅរកសត្វជើងមួយ ពុំដឹងសត្វនោះនៅឯណា ទៅជួបនឹងក្ងោក ក្ងោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថា “បងទាំង ៣ ចាញ់ប្រាជ្ញវាហើយ មក​


ទៅ​ជាមួយខ្ញុំ ខ្ញុំ​នឹង​សាក​សួរ​វា​ឲ្យ​ដឹង​ឫស​គល់” ។


ខ្លា- ដំរី-ស្វា -ក្ងោក ត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផង អណ្ដើកក៏ស្រែកថា “ យើ បងអវៈសិន្ធរតើ មករកអ្វី យើ ! អានេះខូចណាស់ ហ៊ាន​លួច​ផ្លិត​កន្ទុយ​ក្ងោក​ព្រះ​រា​ជា​មក​ជា​មួយ​

ផង” ។


- ក្ងោកភ័យខ្លួន “ នឹកថាអៃយ៉ា លេងឯងទៀតហើយតើ ”។

- អណ្ដើកកំហែងថា: ទៅ ! មិនរួចខ្លួនទេ ទៅរកសត្វជើងមួយមកឲ្យអញ ។

ខ្លា ដំរី ស្វានិងក្ងោក ដើរទៅរកសត្វជើងមួយទៀត ពុំដឹងជានៅឯណាទេ អាសត្វជើងមួយនោះ ។ ស្រាប់តែទៅជួបនឹងសត្វទន្សាយ ទន្សាយសួរដឹងរឿងក៏និយាយថា បង​ឯង​ទាំង​អស់​គ្នា​មក​ទៅ​ជា​

មួយ​អញ ចាំអញដោះស្រាយ ។ លុះសត្វទាំង ៥ បណ្ដើរគ្នាមកដល់ អណ្ដើកឃើញទន្សាយ នឹកថា “អៃយ៉ា អាទន្សាយមកជាមួយផងតើ អានេះមានប្រាជ្ញាណាស់ បើ​អីចឹងត្រូវ​អញនិយាយ​ទាក់ទង​


គន្លងឲ្យមាំទាំទើបឈ្នះវា ” ហើយស្រែកសួរពីចម្ងាយទៅថា ៖


-យី អញមើលទៅឃើញដូចជាបងសុភាទន្សាយ យីបងសុភា ! ពូជពង្សបងឯងសុទ្ធតែធ្វើនាម៉ឺនកាត់ក្ដីទាំងអស់ ពុំគួរបងឯងមានចិត្តពាលា លួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេ ! ហ្នឹង​

ហើយ​គេហៅថា ចិត្តជាទេវទត្ត មាត់ជាទេវតា !


- ទន្សាយនឹកថា “ យីអញថាមកជួយគេ ឥឡូវទៅជាជាប់ពិរុទ្ធខ្លួនឯងទៀត” រួចឆ្លើយថា ៖

- នែបងអណ្ដើក ខ្ញុំកើតឡើង ឃើញតែគូទខ្ញុំមានរន្ធច្រើនអីចឹងស្រាប់ ពុំមែនខ្ញុំលួចទេ !

អណ្ដើកបានដៃហើយ ក៏ជេរថា “ យីអាចង្រៃអស់នេះ ល្ងង់ដូច្នេះតើ បានជារកសត្វជើងមួយមិនបានសោះ ចាំអញប្រាប់ឲ្យច្បាស់ទៅ សត្វជើងមួយគឺផ្សិតនេះឯង ប៉ុន្តែអញមិនប្រាប់ត្រង់ អញ​ចង់ដឹង​

ប្រាជ្ញ​អាឯងទាំងអស់គ្នាមើល៍ តើប្រាជ្ញដូចអញ ឬ មិនដូច ! ”


សត្វទាំង ៥ គឺខ្លា ដំរី ស្វា ក្ងោក និងទន្សាយ នាំគ្នាទៅដកផ្សិតបានយ៉ាងច្រើន យកមកប្រគល់ឲ្យអណ្ដើក ។ អណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើ ទៅលើកខ្លួនដាក់ចុះពីតង្កៀបឈើ រួច​ប្រើ​ឲ្យ​

ធ្វើ​កូន​ខ្ទមលើខ្នងដំរីនិងបិទបាំងជុំវិញ ហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះ ខ្លួនឯងក៏ពួនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសា ។ អណ្ដើកបញ្ជាឲ្យដំរីដើរទៅរក នគរពារាណសី ឯខ្លា ស្វា ក្ងោក និងទន្សាយ


ក៏ចេះតែដើរទៅដែរ ដើម្បីដោះសាខ្លួនឲ្យរួចពីពិរុទ្ធ លុះបានទៅដល់ស្រះមួយយ៉ាងធំ មានផ្កាឈូកច្រើន ទើបអណ្ដើកធ្វើជាឧបាយកលបោកសត្វទាំងនេះទៀត ថា


- នែបងដំរីឈប់សិន ! ទាំងអស់គ្នាស្ដាប់អញ អញជានាម៉ឺនក្នុងវាំង បើអញចូលវាំងម្ដង ៗ ពួកស្រីស្នំ ចេះតែនាំគ្នាសុំផ្កាឈូកពីអញបើដូច្នេះ ត្រូវបងស្វាដាក់អញ ចុះពីដំរី ។

ស្វាឮហើយក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរី រួចហើយអណ្ដើកវារចូលទៅពួនសម្ងំក្នុងស្រះនោះបាត់ទៅ ។ ឯដំរី ខ្លា ស្វា ក្ងោក និងទន្សាយ ចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះ ទើប​

ដឹង​ខ្លួន​ថាចាញ់បោកអណ្ដើកហើយ ទើបនាំគ្នាជៀសចេញពីទីនោះទៅ ។


នេះហើយចាស់ទុំច្រើននិយាយថា “ ចេះលាក់ពុតមើលតែអណ្ដើក ” ព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ច តែបើផុតពីគ្រោះភ័យ អាចចេញក្បាល ដៃ ជើង មកក្រៅ បានការតែម្ដង ។

0 comments:

Post a Comment