ប្រវត្តិអ្នកតាឃ្លាំងមឿង៖ភាគទី២(តចប់)
ក្នុងអតីតកាលកន្លងទៅ ក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នីបន្ទាយលង្វែក (គ. ស. ១៥០២) កាលជាន់នោះស្រុកខ្មែរ ជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គ មានព្រះនាមមិនប្រាកដ ឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវ ធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់ បំបាត់សួយសារអាករយកទៅមិនអស់ ឬ មួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្តមិនត្រង់នឹងរាជការ ដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅ ដើម្បីជំនួសព្រះនេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទ ចេះដឹងប្រហែលមនុស្ស ជាសត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមក រវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់ ។
ថ្ងៃមួយ ព្រះចន្ទរាជានឹកព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឲ្យនាំសួយឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឫទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឈឃាដចាប់រាជបុត្រស្ដេចសៀម យកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់ ។
ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាៗហើរចុះ ហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀម ថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គដល់ទិវង្គតហើយ រឿងនេះពិតស្ដេចស្រុកខ្មែរសម្លាប់ ។
ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់តាមរឿង រួចបង្គាប់ឲ្យលើកទ័ព មកសងសឹកស្ដេចស្រុកខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិត ទាំងពួកសេនាបតីហើយរិបជាន់យកទ្រព្យសម្បត្តិ និងកៀរពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់ ។
ពួកកងទ័ពក៏ចេញមក មកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ ព្រមទាំងព្រះញាតិ ។ ចំណែកព្រះម្នាង ប៉ែន ជាស្នំ ក៏ភៀសខ្លួនរួចពីគ្រោះថ្នាក់ជាមួយនឹងសេនាបតី មឿង ព្រមទាំងភរិយានឹងបុត្រ ៤នាក់ទៀត ។
ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាង ប៉ែន ទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ មានកូននៅក្នុងពោះ ឈ្មោះជំទាវប៉ោលប៉ៃ ដែលជាព្រះទីន័ងដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ ។
ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទ ធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វធាតុ ស្រីណាមានកូនខ្ចី ចាប់ច្រកការុងឲ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុងពោះ ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់ ។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឲ្យពួកខ្មែរទាំងអស់ ទៅនៅមួយក្រុម ជិតក្រុងហើយសន្មតឲ្យឈ្មោះថា “ក្រុមខ្មែរអ្នកគ្រួ ” ។
ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុព្វវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ ដោយសៀមកៀរយកទៅយ៉ាងនឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគភ៌ ជាកូនមានឥទ្ធិឫទ្ធីមានបុណ្យ ក៏បណ្ដាលឲ្យអ្នកផងជិតខាង មានចិត្តទោរទន់ រាប់អានស្រឡាញ់ ជួយឧបត្ថម្ភ ជួយយកអាសានាងគ្រប់យ៉ាង ។ លុះនាងមានគភ៌គ្រប់ខែដប់ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏មកមិនមានខាន ដោយអំណាចគុណបុណ្យតេជះបារមីនៃទារកនោះ ។ លុះប្រសូតបាន ៣ ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នា ឲ្យឈ្មោះកូននោះថា ឧទេន ។
ចំណែកមេដំរីដែលជាព្រះទីន័ង ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លីង ទៅកើតកូននៅក្នុងព្រៃឆ្ងាយ លាក់មិនឲ្យអ្នកណាមួយដឹងឡើយ ដរាបដល់៣ថ្ងៃ ទើបនាំកូនមកកាន់ទីកន្លែងដើមវិញ ។ កូនដំរីនោះមានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែក អំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹង ទៅក្រាបទូលព្រះចៅគ្រប់សព្វ ព្រះចៅពេញព្រះហឫទ័យណាស់ ។
ដំណាលពីកុមារឧទេន លុះបានអាយុប្រាំឆ្នាំ ដឹងសេចក្ដីខុសត្រូវខ្លះនឹកភ្នករកបិតា សួរម្ដាយថា “ឪពុកខ្ញុំទៅណា ពុំដែលឃើញ ក្មេងគេឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូចគេ?” ម្ដាយកាលបើឮកូនសួរដូច្នោះ នាងណែនក្នុងទ្រូង អួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច ក៏និយាយបន្លែបន្លប់វៀងវៀះទៅ កុំឲ្យកូនសួរទៀត ពីព្រោះខ្លាចក្រែងរឿងនោះ មិនជិតដឹងទូទៅ នឹងដល់នូវសេចក្ដីអន្តរាយនៃជីវិត ។ កូនចេះតែសួរញយ នាងក៏និយាយបង្វេះពង្វាងមិនឲ្យសួរបាន ដរាបដល់កូននោះ អាយុ ១២ ឆ្នាំ ។
ថ្ងៃមួយនាងនឹកថា កូននេះខានប្រាប់ពុំបាន ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមរហូតដល់ចុង កូនស្ដាប់បាន យល់សេចក្ដីសព្វគ្រប់ ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះ កូននឹងគិតរកមធ្យោបាយណាមួយ ដើម្បីនឹងវិលទៅនគរវិញ ។ ចំណែកកុមារឧទេន ចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាង មានអក្សរជាដើមឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកពីកុមារធម្មតា។
ថ្ងៃមួយកុមារឧទេន ចូលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបម្រើបោសច្រាសរោងដំរី ដើម្បីរៀនវិជ្ជាខាងហ្មដំរីឲ្យស្ទាត់ ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរី ឃើញកុមារនោះជួយធ្វើនេះធ្វើនោះ ដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះ មកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយសព្វគ្រប់ ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង ។
ចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ ធ្វើការដោយហ្មត់ចត់ បោសប្រមូលអាចម៍ដំរី ដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកអំពីស្ពៃអ្នកស្រុកធម្មតា ។ លុះស្ពៃនោះធំល្មមដក កុមារឧទេនដកយកទៅលាងយ៉ាងស្អាត រែកយកទៅថ្វាយព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា “នែ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា” កុមារក្រាបទូលតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់នឹងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។
ដំរី ជាកូនមេដំរីឈ្មោះជំទាវប៉ោលប៉ៃ ដែលជាទីន័ងដ៏ប្រសើររបស់ព្រះចៅ ក៏ស្រាប់តែចុះប្រេង មានកិរិយាខុសប្រក្រតី កាចសហាវមិនព្រមស្ដាប់បង្គាប់ ព្រិចហ្មស្លាប់ មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នកស្រុក បោចរោចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន ។
ពួកអ្នកគង្វាលដំរី នាំសេចក្ដីទៅទូលព្រះចៅៗទ្រង់ចាត់ការឲ្យស៊ើបសួររក អ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន ។ ពេលនោះកុមារឧទេនឆ្លើយថា ខ្ញុំហ៊ានទទួលការចាប់ដំរីនោះឲ្យបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេន ចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីន័ងនោះបាន ។ ឧទេនបង្គាប់ឲ្យប្រមូលដំរី ៥០០ មក ដើម្បីនឹងរើសយកដំរីណាគួរមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃ ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអ៊ឹកធឹក ។
អ្នកស្រុកផ្អើលមកមើលគឹកកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច កុមារឧទេនបង្គាប់ឲ្យចេក ៣ ស្និត អំពៅ ៣ បាច់ ពេលទៅដល់ ព្រះទីន័ងស្ទុះមករក ហាក់ដូចជាប្រុងនឹងព្រេច តែបែរទៅជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជះបុណ្យបារមីនៃឧទេនៗនិយាយទូន្មានប្រដៅថា “ទីន័ងឯងតាំងពីថ្ងៃនេះទៅទៅ លះបង់មារយាទអាក្រក់ចេញទៅ ត្រូវធ្វើឲ្យស្លូតល្អដូចដើម” ឲ្យចេកនិងអំពៅស៊ីរួច និយាយថា “ឯងទៅតាមយើង” ថាតែប៉ុណ្ណោះ ស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងអ្វីឡើយហាក់ដូចជាហ្មចាស់យូរមកហើយ ។
ចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីន័ងមក ព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទេននិងប្រទានងារថា ជ័យអស្ចារ្យ ជាសេនាខាងទ័ពដំរីនិងខាងទាក់ដំរីព្រៃ ។ ពួកអ្នករាជការទទួលស្គាល់ ខ្លាចអំណាចឧទេនថាជាអ្នកមោះមុត ស្ទាត់ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូចជាហៅមកបាន ព្រះចៅទ្រង់ពេញនិងទុកព្រះហឫទ័យលើជ័យអស្ចារ្យ ប្រហែលគ្នានឹងព្រះរាជបុត្ររបស់ព្រះអង្គ ។
លុះដល់អាយ ១៦ ឆ្នាំ ជ័យអស្ចារ្យភ្នក់នឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់សៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញ ព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀម ឲ្យបានសម្រេចដូចសេចក្ដីបំណង ។
ទើបដើរនយោបាយចាត់មនុស្ស ១៥ នាក់ ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើត ធ្វើជាលនិងឈើជើងដំរី ឲ្យយកជាលច្រកអាចម៍ដំរីញាត់ឲ្យណែន ទុកឲ្យស្ងួត ចាក់រាយតាមស្ទឹងឬផ្លូវ យកឈើជើងដំរី ដើរសង្កត់ជាស្នាមដាន ដូចជាជើងដំរីដើរមែនៗ ដើម្បីឲ្យស្រុកឃើញ ហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅៗ នឹងទ្រង់ចាត់សេនាជ័យអស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម៉្យាងទៀត ដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយ ជឿជាក់ក្នុងចិត្តថា ជាដានដំរីពិតមែន ។
ចំណែកអ្នកស្រុក លុះឃើញដានជើងដំរីនិងអាចម៍ធំៗ អណ្ដែតតាមទឹកមកដូច្នោះ ក៏នាំសេចក្ដីនោះទៅក្រាបទូលព្រះចៅៗ ទ្រង់ប្រើជ័យអស្ចារ្យទៅតាមទាក់ដំរីព្រៃ ដែលមានដានជើងធំនោះ ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្តាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បានដំរីធំបែបនោះ លុះតែមានគ្នាច្រើន នឹងដំរីធ្នាក់ក៏ច្រើន ហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មាន ស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅ សូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យ ។ ព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណូមពរ ប្រគល់ការនោះឲ្យជ័យអស្ចារ្យ តាមត្រូវការ ធ្វើបែបណាៗ ស្រេចនៅលើជ័យអស្ចារ្យចុះ ។
លុះរៀបធ្វើពិធី ព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់ ត្រូវសម្លាប់បាន ។ លុះចេញទៅបានចំនួន ១៥ថ្ងៃ ដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្តាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីធំនោះ កាន់តែឃើញដានកៀកហើយ តែអស់ស្បៀង សូមព្រះអង្គមេត្តាប្រោសព្រះរាជទាន បញ្ជូនមកឲ្យឆាប់ ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណង” ។
ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះពេក ភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬ សង្ស័យដោយហេតុណាមួយឡើយ ។
ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្តដំណើរទៅទៀត ចំនួន១៥ថ្ងៃ ក្រោយមក ក៏បានដល់ស្រុកបាត់ដំបងដែលជាដីខ្មែរ ។ មានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូល ថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បម្រើព្រះវរបិតាឈ្មោះ មឿងនិងកូនប្រុស៤ នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបាន ។
ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរ រួចចងកូបជំទាវប៉ាល់ប៉ៃឲ្យទៅទទួលម្ដាយ ។ មេដំរីទៅដល់ទីកន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់ ៣ ដង ម្ដាយភ្ញាក់ នឹកស្មានថាកូនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូនឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រូតឲ្យជួបនឹងកូននៅស្រុកបាត់ដំបង ។
ទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រងរាជ្យស្នងព្រះបិតា ។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ព្រះចៅសៀម ទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេក នឹកតូចព្រះទ័យក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់មកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកល បោកបញ្ឆោតយកព្រះខ័នសឹក ព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណ រត់ទោស្រុកខ្មែរ ហេតុនេះ ត្រូវលើកទ័ពតាមទៅដណ្ដើមមកវិញឲ្យបាន ហើយចាប់ជ័យអស្ចារ្យ សម្លាប់ឲ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ ។
ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹងសេនាបតីថា ឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងមិនបរិបូរណ៍ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណា ឲ្យមានជ័យជម្នះ ពេលនេះ ពលសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលអះអាងសោះ មានតែសេនាមឿងឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយមួយដ៏ចម្លែក គឺហ៊ានប្ដូរជីវិត ដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម ។
ទើបបង្គាប់ឲ្យជីករណ្ដៅទំហំ ៤ម៉ែត្រ ជម្រៅ ៤ម៉ែត្រ រួចឲ្យដាក់គ្រឿងសស្ត្រាវុធក្នុងរណ្ដៅនោះ ដើម្បីនឹងលោតទៅឲ្យជង់ស្លាប់ក្នុងរណ្ដៅ តែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះ សេនាមឿង បង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទ លោកប្រកាសថា “សូមអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះ ដើម្បីរំដោះដែនដី ឲ្យបានរួចពីកណ្ដាប់នៃបច្ចាមិត្ត ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះ បើខ្ញុំស្លាប់ទៅបាន ៧ថ្ងៃ ឮសូរសន្ធឹកហ៊ោកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ ។ លុះផ្ដាំរួចលោតចុះទៅក្នុងរណ្ដៅព្រឹប ប្រពន្ធឃើញប្ដីលោតដូច្នោះ ក៏លោតទៅជាមួយនឹងប្ដីព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា ដល់ថ្ងៃជាគម្រប់ ៧ លាន់ឮសូរសន្ធឹកដូចកាលផ្ដាំមែន ។
ទ័ពសៀមចូលដល់បាត់ដំបង ឆ្លងចូលមកដល់អូរមួយ សព្វថ្ងៃគេហៅថាអូរស្វាយដូនកែវ ជួបគ្នានឹងទ័ពជ័យអស្ចារ្យ ទ័ពខ្មោចចេញទៅមុនសម្ដែងឫទ្ធិ ធ្វើឲ្យពលសៀមវិលមុខ ចុកពោះ ចុះក្អួតដួលខ្លួនឯងស្រួលៗ ទ័ពព្រះជ័យចេស្ដាចូលទៅកាប់សម្លាប់អស់ ពួកកងទ័ព សៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញ ។
ចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ។ ចាប់ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជ្យ និងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យ ។ លុះព្រះអង្គបានឡើងសោយរាជ្យសម្បត្តិសុខសាន្តហើយ ទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿង ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណខន្ធរបស់សេនាមឿង យ៉ាងឧឡារិកអស្ចារ្យ ជាប់ជាទំនៀមដរាបមកដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំង មឿង ទៅវិញ ។

0 comments:
Post a Comment