រឿង ដើមកំណើតសត្វផ្សោត

អ្នកទស្សនា: Views

 រឿង ដើមកំណើតសត្វផ្សោត

ជាយូរអង្វែងណាស់មកហើយ មានដើមពោធិធំមួយដើមដែលមហាជនក្នុង ភូមិធ្វើរូបសំណាកប្រុសស្រីពីរនាក់អង្គុយទន្ទឹមគ្នាក្នុងខ្ទមក្រោមដើមពោធិ៍ ។ អ្នកផងទាំងពួងតែងតែមកបន់ស្រន់ថ្វាយក្រយាបូជាសុំសេចក្តីសុខបានដូច បំណង គេចាត់ទុកថា : “ជាអ្នកតាចាស់ស្រុក” ។ ហើយក៏មានរុក្ខជាតិទេវតា មួយដើមដុះនៅលើដើមពោធិនេះជាច្រើនឆ្នាំផងដែរ អ្នកស្រុកកាលសម័យនោះ គោរពកោតខ្លាចរុក្ខជាតិនេះណាស់ ។

ក្រោយមកមានស្ត្រីម្នាក់មកចាប់បដិសន្ធិកើតជាកូនអ្នកស្រុកដែលចូលចិត្ត រាប់អានរុក្ខជាតិនោះ ។ លុះនាងធំពេញវ័យ ដល់រដូវសែនព្រេនក្រយាបូជាដល់ អ្នកតាចាស់ស្រុក នាងទូលថាស មានបាយសម្លនំចំណីទៅសែនជំនួសឪពុក ម្តាយ។ រុក្ខទេវតាក្រឡេកឃើញនាង ភ្លាម ស្រាប់តែមានចិត្តអាណិត អាសូរ និងស្រឡាញ់នាងហាក់ ដូចជាបែកគ្នាពីកាលណាមក ហើយទើបនឹងបានជួបមុខគ្នា

រុក្ខទេវតាចម្លែកក្នុងចិត្តទ្រាំពុំបានក៏ហោះទៅទូលព្រះឥន្ទ្រាធិរាជតាមដំណើរ ។ រ។ ព្រះឥន្ទ្រទ្រង់រំពឹងដោយញាណទិព្វឃើញថា : នាងនោះកាលពីជាតិមុនជា ប្រពន្ធរបស់រុក្ខទេវតាបានសាងប្រាថ្នាជាមួយគ្នាថា ទោះបីកើតជាតិណាឬភព ណាសុំឱ្យជួបជាប្តីប្រពន្ធនឹងគ្នាគ្រប់ៗជាតិ” ។

ដល់ពេលចាស់រៀងខ្លួន រុក្ខទេវតានោះសុំលាប្រពន្ធទៅបួសជាតាបស លុះអស់សង្ខារតាបសក៏កើតជារុក្ខជាតិទេវតានេះឯង។ ចំណែកប្រពន្ធវិញ អស់ជីវិតច្យុតិពីទេវតាតាមមកកើតជាមនុស្សលោករស់នៅក្បែររុក្ខទេវតាជាប្តី ដែលមាននិស្ស័យនឹងគ្នាដូចកាលពីជាតិមុន។

ព្រះឥន្ទ្ររៀបរាប់ប្រាប់រឿងរ៉ាវទាំងប៉ុន្មានបានយល់ដឹងសព្វគ្រប់អស់ហើយ រុក្ខទេវតាក៏លាព្រះឥន្ទ្រត្រឡប់មកលំនៅដ្ឋានវិញ ហើយគិតពិចារណាថា : "បើ សុំព្រះឥន្ទ្រមកកើតជាមនុស្សលោកវិញមិនកើតទេ ព្រោះនាងធំពេញក្រមុំទៅ ហើយ ។ គិតចង់ប្រាប់នាងថា ខ្លួនខ្ញុំគឺជាប្តីដែលបានចាប់ជាតិជារុក្ខទេវតា ! ទេ បើនាងដឹងប្រាកដជាលែងយកប្តីមួយជាតិនេះហើយ” ។

គិតចុះគិតឡើងរហូតដល់ពេលរាត្រីស្ងាត់ រុក្ខទេវតាក៏សំរេចចិត្តនិម្មិត ខ្លួនជាពស់ថ្លាន់មួយយ៉ាងធំចូលទៅរួតរឹតនាង។ លុះពេលនាងដឹងខ្លួនក៏ភ្ញាក់ ឡើងខំរើបំរាសយ៉ាងខ្លាំង ពស់ថ្លាន់និយាយលួងលោមនាងថា : " រូបខ្ញុំគឺជាប្តី របស់នាងហូតមក” តែនាងមិនព្រមជឿសោះ៖ ពស់ថ្លាន់បន្ថែមទៀតថា ”បើនាងមិនជឿ ទេ ខ្ញុំនឹងប្រែរូបឱ្យនាងមើលឥឡូវ នេះ ។

ភ្លាមនោះ៖ ពស់ថ្លាន់ក៏ផ្លាស់រូបជាទេវតានៅចំពោះមុខ គ្រាន់តែនាងសំឡឹង ឃើញរូបឆោមដ៏ស្អាតសង្ហា ក៏ចាប់ចិត្តប្រតិព័ទ្ធហើយជឿច្បាស់ក្នុងចិត្តថា គឺជាប្តីខ្លួនកាលពីជាតិមុននោះមែន។ រុក្ខទេវតានិយាយប្រាប់នាងថា ”បើមិន និម្មិតជាសត្វពស់បែបនេះទេ ប្រាកដជាមិនបានជួបគ្នាឡើយ” ។

បន្ទាប់ពីយល់ចិត្តគ្នាទៅវិញទៅមក រុក្ខទេវតាក៏ប្រែកាឡាជាពស់ថ្លាន់វិញ ហើយប្រាប់នាងថា : ពេលថ្ងៃបងមិនបាននៅជាមួយអូនទេ បងមកជួបអូននៅ ពេលយប់តែប៉ុណ្ណោះ” ។ ពេលជិតភ្លឺឪពុកម្តាយឮសំលេងជជែកគ្នាដូច្នេះ ក៏នាំគ្នា ដើរចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញបន្ទប់ ពួកគាត់ភ្ញាក់ស្រឡាំង កាំងស្រែករន្ធត់ពេញផ្ទះ ។ ឯរុក្ខទេវតាភ័យខ្លាំងពេកក៏ភៀសខ្លួនបាត់ទៅ ។

កូនស្រីបាននិយាយរៀបរាប់ប្រាប់ឪពុកម្តាយអំពីរឿងគ្រប់យ៉ាងដែលកន្លង មក ហើយនាងបន្តទៀតថា : “ពុកម៉ែ ! ប្តីខ្ញុំហាមមិនអោយនិយាយការពិតដល់ អ្នកស្រុកនោះឡើយ គឺគ្រាន់តែគិតថាគាត់ជាពស់ថ្លាន់ធម្មតាទៅបានហើយ រាល់ថ្ងៃ ប្តីខ្ញុំមកជួបកូននៅពេលយប់តែប៉ុណ្ណោះ” ឪពុកម្តាយស្តាប់ឮអស់ហើយ មិនដឹងធ្វើយ៉ាងម៉េចក៏នៅស្ងៀម ។

លុះពេលរាត្រីស្ងាត់ រុក្ខទេវតានិម្មិតរូបជាទេវតាមកជួបនាងតាមសន្យា នាង អុជភ្លើងទៀនស្ទុះទៅអោបប្តីដោយក្តីស្រឡាញ់។ ឪពុកម្តាយឮមាត់កូននិយាយ គ្នាដូច្នេះ ក៏លួចចូលទៅលបមើលឃើញទេវតាល្អស្អាត ក៏ស្រឡាញ់ពេញចិត្តនឹង រុក្ខទេវតានោះក្រៃលែង។ ពេលទៀបភ្លឺប្តីប្រាប់ប្រពន្ធអោយនាំឪពុកម្តាយទៅ ជីកយកកំណប់ក្នុងដំបូកមួយ ។

ព្រលឹមឡើង នាងក៏នាំឪពុកម្តាយទៅជីកកំណប់ក្នុងដំបូកនោះ ស្រាប់តែ ឃើញមាសពេជ្រជាច្រើន ពួកគាត់ក៏នាំគ្នាប្រមូលយកត្រឡប់មកផ្ទះវិញ ។ ចាប់ តាំងពីពេលនោះមក គ្រួសាររបស់នាងមានទ្រព្យសម្បត្តិហូរហៀរ ឥតខ្វះ មានផ្ទះធំត្រឈឹងត្រឈៃ មានអ្នកបំរើឆ្វេងស្តាំ យូរៗទៅដំណឹងនេះក៏ឮសុះសាយទៅដល់អ្នកស្រុក ជិតឆ្ងាយ ។

និយាយពីប្តីប្រពន្ធមានកូនក្រមុំមួយ រស់នៅស្រុកភូមិផ្សេងពីគ្នា ឃើញកូន គេមានប្តីជាពស់ថ្លាន់ហើយមានទ្រព្យសម្បត្តិឥតខ្វះក៏មានអារម្មណ៍រំជើបរំជួល ខុសប្លែកពីធម្មតា ចេះតែមានចិត្តចង់ក្លាយជាអ្នកមានដូចគេដែរ ប្តីឃើញប្រពន្ធ កើតទុក្ខដូច្នេះ ក៏សំរេចចិត្តទៅរកពស់ថ្លាន់ម្នាក់ឯង។ បុរសរូបនេះដើរស្វែងរក ពស់ថ្លាន់ខំរុករានពីព្រៃមួយទៅព្រៃមួយទៀតជាច្រើនកន្លែង។

មិនយូរប៉ុន្មានក៏ប្រទះឃើញពស់ថ្លាន់ធំមួយពេនទ្រេលលើក្បាលដំបូកក្នុង ព្រៃក្រោមបន្លាស្អិត។ ពស់ថ្លាន់នេះតាំងពីមករស់នៅលើដំបូកនេះអស់រយៈ ពេលជាច្រើនថ្ងៃណាស់មកហើយ វាមិនដែលលូនចេញពីដំបូកនេះឡើយ វាអត់ អាហារស្គមស្គាំងអស់កំលាំងស្ទើរតែកំរើកខ្លួនមិនរួច ។ សូម្បីតែបុរសនេះយក ដំបងគោលើខ្លួនយ៉ាងណាក៏ដោយ ក៏វានៅតែសំងំស្ងៀមដដែល។

បុរសនោះនឹកត្រេកអរក្នុងចិត្តហើយគិតថា : "ច្បាស់ជាមានសំណាងធំហើយ បានជាស្ងួតយ៉ាងនេះ” គិតហើយកាត់វល្លិ៍ចងពស់ច្រកចូល ក្នុងប៉ាវទាំងភ្លេន។ បុរសនោះលីបារ ពស់ថ្លាន់ដើរបណ្តើរ ឈប់តាមផ្លូវបណ្ដើរ ពេលព្រលប់ទើបមកដល់ផ្ទះវិញ ស្រែកហៅប្រពន្ធកូនពីខាងក្រៅរបងឱ្យមកជួយទទួល។

ម្តាយនិងកូនឃើញពស់ទាំងភ្លេនរំភើបសប្បាយចិត្តត្រេអរឥតឧបមា ប្តីអួត ប្រាប់ប្រពន្ធថា ”ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ” ប្រពន្ធយកដៃអង្អែល ក្បាលពស់ថ្មមៗសរសើរថា ”កូនអើយមានពណ៌សម្បុរល្អអ្វីម៉្លេះទេ នេះជា ព្រេងវាសនារបស់យើងហើយ” ។ ពស់ថ្លាន់កំពុងអស់កំលាំងខ្លួនជាប់ចំណងបើក ភ្នែកភ្លឺ៖១ លានអណ្តាតភ្លែមៗ វាស្រេកឃ្លានខ្លាំងណាស់ទ្រាំស្ទើរពុំបាន ចង់តែ ត្របាក់លេបមនុស្សទាំងរស់ ។

ស្អែកឡើងគ្រួសារនេះនាំគ្នាកាប់ជ្រូកមាន់ទាដាំស្លធ្វើនំចំណីអញ្ជើញអ្នក ស្រុកអ្នកភូមិមកកុះករ រៀបចំសែនព្រេនក្រាលក្រណាត់សមួយផ្ទាំងដាក់ពស់ថ្លាន់ ពីលើស្រាយចំណងឱ្យកូនក្រមុំអង្គុយផ្ទឹម។ អ្នកភូមិខ្លះលាន់មាត់ថា គ្រួសារ នេះឆ្កួតអស់ហើយ អ្នកខ្លះស្រែករកពុទ្ធោ អ្នកខ្លះទៀតត្រូវស្រាបន្តិចបន្តួចក៏អរ សប្បាយទៅ ។

លុះដល់ពេលរាត្រី គេលើកពស់ថ្លាន់ដាក់ក្នុងបន្ទប់ផ្សំដំណេកជាមួយ កូនក្រមុំ ។ គ្រានោះនាងភ័យខ្លាចពស់ខ្លាំងណាស់ចង់រត់ចេញដែរ តែខ្លាច ឪពុកម្តាយកំពុងអង្គុយយាមនៅខាងក្រៅបន្ទប់ក៏ចេះតែសំងំដេកទៅ។

ពេលយប់ពាក់កណ្តាលអាធ្រាត្រ ពស់ថ្លាន់ដែលកំពុងស្រេកឃ្លានយ៉ាងខ្លាំង នោះ ក៏ចាប់ផ្តើមរួតរឹតលេបនាងទាំងរស់ នាងខំស្រែកប្រាប់ឪពុកម្តាយថា : “ពុកម៉ែ ! ជួយកូនផង ពស់លេបកូនហើយ” ម្តាយបន្ទោសកូនថា : មីកូនចំកួត ! គ្រាន់តែប្ដីប្រលែងលេងផងក៏មិនបានដែរ” មិនយូរប៉ុន្មានពស់ថ្លាន់ក៏លេបនាង បាត់ទៅ ។

ស្ងាត់មាត់បន្តិច ម្តាយសង្ស័យក៏អុជភ្លើងចូលទៅមើល បាត់កូនស្រីឃើញ ពោះពស់ថ្លាន់ធំកំពឹង។ នាងជាម្តាយក៏ស្រែកទ្រហោយំផ្អើលឆោឡោពេញភូមិ ទាំងកណ្តាលអាធ្រាត្រ ។ ឪពុកចាប់ពស់ថ្លាន់យកកាំបិតវះបណ្តោយពោះទាញ កូនទាំងសន្លប់ស្ដូកស្ទឹងចេញមក ហើយមានប្រលាក់រំអិលពស់មានក្លិនឆ្អាបឆេះ ក្រខ្វក់ពេញទាំងខ្លួនប្រាណ ។

ម្តាយយកទឹកក្តៅឧណ្ហៗមកជូតសំអាតឱ្យកូនទើបនាងដឹងខ្លួនឡើងវិញ នាងបើកភ្នែកសំឡឹងឃើញបងប្អូនមីងមាឈរត្រៀបត្រាមើលមកខ្លួនឯងសុទ្ធ តែរំអិលពស់ឆ្អាបគគ្រុក នឹកតូចចិត្តខ្លាំងពេកស្ទះក្រោកឈរឡើងកញ្ចក់បាន ផ្តិលទឹកមួយលើកគ្របក្បាលរត់សំដៅទៅ មាត់ទន្លេដោយក្តីអាម៉ាស់ ។

នាងដងទឹកខំដុសលាងសំអាតពេញទាំងខ្លួនប្រាណ តែរំអិលពស់នេះមិន អាចបាត់ក្លិនឆ្អាបឆេះបានឡើយ នាងគិតថា : “ឱខ្លួនខ្ញុំអើយ ! បើបែបនេះ ទៅហើយរស់នៅក៏ខ្មាស់គេដែរ ស្លាប់ទៅ ប្រសើរជាង” ។ នាងទទូរផ្តិលលោត ទឹកប្រូងសំលាប់ខ្លួនទាំងចិត្តខ្លោច ផ្សា។

មួយសន្ទុះក្រោយមក នាងក៏ក្លាយទៅជាសត្វផ្សោតញីមួយក្បាលហែលទឹក ចុះឡើងចាប់ត្រីស៊ីធ្វើព្រងើយ ដោយមិនគិតពីអ្វីទាំងអស់។ ឪពុកម្តាយរត់តាម រកកូនពុំឃើញ មាត់ទន្លេ ។

លុះមកដល់ផ្ទះវិញ ពីរនាក់ប្តីប្រពន្ធអូសពស់ថ្លាន់ទៅចោលនៅឯក្នុងព្រៃ ព្រោះគិតថាវាស្លាប់បាត់ទៅហើយ ប៉ុន្តែពស់ថ្លាន់បើប្រមាត់វានៅរស់ គ្រាន់តែ វះពោះប៉ុណ្ណោះវាមិនអាចស្លាប់បានទេ លុះត្រាតែកាត់ផ្តាច់ជាពីរឬបីកំណាត់ ទើបស្លាប់បាន។ ច្រើនថ្ងៃក្រោយមក ស្នាមរបួសពស់ថ្លាន់ក៏បានជាសះស្បើយ ហើយរស់ឡើងវិញ តាំងចិត្តលែងស៊ីមនុស្សជារៀងរហូត ។

សត្វផ្សោតកើតមានត្រឹមនាងប្រពន្ធពស់ថ្លាន់នេះចាប់តាំងពីពេលនោះមក វារស់នៅក្នុងទឹកយ៉ាងសប្បាយរីករាយ។ វាបានកើតកូនពូនជាចៅដែលមាន រូបរាងប្រហាក់ប្រហែលនឹងមនុស្សយើងដែរ គ្រាន់តែគ្មានដៃជើងហើយក្បាល របស់ផ្សោតត្រងោលរបៀបដូចទទូរផ្តិលទឹកតែប៉ុណ្ណោះ ។ ចប់

“រស់នៅអោយត្រូវតាមច្បាប់ កុំយកតំរាប់តាមអ្នកដ៏ទៃ”

0 comments:

Post a Comment