រឿង កូនបួននាក់សិក្សាវិជ្ជា៤បទ
មានបុរសម្នាក់ មានកូនប្រុស៤នាក់ បានសិក្សាវិជ្ជា៤បទ ស្ទាត់ជំនាញរៀងខ្លួន គឺម្នាក់ចេះស៊ី , ម្នាក់ចេះដេក , ម្នាក់ចេះកាត់ក្ដី ម្នាក់ទៀតចេះចង់ស្រី ។ ឪពុកក៏យកកូនទាំង៤នាក់ទៅថ្វាយស្ដេច ក្រាបអំពីវិជ្ជានីមួយៗ ក្នុងខណៈដែលថ្វាយនោះ ។ ស្ដេចទ្រង់រក្សាទទួលទុក ។ ថ្ងៃមួយ ស្ដេចទ្រង់ពិសោធបុរសម្នាក់ ដែលចេះស៊ីជាមុន, ឲ្យគេរៀបភោជនាហារជាច្រើនមុខ ស្ដេចដួសទឹកឆៅមួយក្រចក ដាក់ទៅក្នុងចានសម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះថា ឲ្យស៊ីភោជនាហារគ្រប់មុខ ។
បុរសនោះក៏បរិភោគ តាមព្រះរាជបញ្ជា, ដល់ទៅសម្លមួយមុខ ដែលស្ដេចបានដាក់ទឹកឆៅមួយក្រចកចូលនោះ បុរសនោះមិនបរិភោគ ។ ស្ដេចសួរបុរសនោះថា ហេតុម្ដេចបានជាចៅឯង មិនបរិភោគសម្លនេះ ? ។ បុរសនោះក្រាបទូលថា សម្លនេះ មានទឹកឆៅមួយក្រចកនៅក្នុងនោះ បានជាទូលព្រះបង្គំជាខ្ញុំ មិនទទួលព្រះរាជទាន ។ ស្ដេចនឹកក្នុងព្រះទ័យថា បុរសនេះ ចេះវិជ្ជាខាងស៊ីស្ទាត់មែន ។ អំពីនោះទៅ ស្ដេចទ្រង់ពិសោធបុរសចេះដេកទៀត ទ្រង់ឲ្យរៀបទីកន្លែងយ៉ាងស្អាត មានពូកកម្រាលក្រាលពីលើ ។ ស្ដេចយកសក់មួយសរសៃ ទៅដាក់ក្រោមកម្រាលពូកនោះ , ដល់ពេលយប់ ទ្រង់ហៅបុរសនោះ ឲ្យទៅដេក ។ បុរសប្រះដេកទៅក្រោកឡើងវិញភ្លាម ។
ស្ដេចទ្រង់សួរថា ហេតុម្ដេច បានជាដេកហើយក្រោកឡើងវិញ ? ។ បុរសនោះក្រាបទូលថា មានសក់មួយសរសៃនៅក្នុងដំណាក់នោះ បានជាទូលព្រះបង្គំជាខ្ញុំក្រោក ។ ស្ដេចទ្រង់នឹកសរសើរក្នុងព្រះទ័យថា បុរសនោះ ស្ទាត់ខាងវិជ្ជាដេកប្រាកដមែន ។ ថ្ងៃមួយ មានបុរសម្នាក់ស្លាប់ នៅកណ្ដាលវាល គ្មានភិនភាគស្លាកស្នាមអ្វី នៅរូបកាយនោះសោះ។
ស្ដេចទ្រង់បង្គាប់ឲ្យតុលាការមុខក្រសួង ស៊ើបសួររកហេតុនោះ ក៏ពុំឃើញ, ទ្រង់ព្រះវិតក្កក្នុងព្រះរាជហឫទ័យ ទ្រង់នឹកឃើញបុរសដែលចេះវិជ្ជា ខាងផ្លូវតុលាការនោះ ក៏មានព្រះរាជឱង្ការ ឲ្យហៅចូលមក ហើយទ្រង់ចាត់ប្រើឲ្យទៅស៊ើបរករឿងពិរុទ្ធនោះ។ បុរសនោះ សូមព្រះរាជអនុញ្ញាតិអំណាច ក្នុងវេលាដែលស៊ើបសួរយកការណ៍នោះ ។
ស្ដេចក៏ព្រះរាជទានពរតាមសុំបុរសនោះចេញ ទៅដល់ទីកន្លែងមនុស្សស្លាប់នោះ ចាត់ការហៅអ្នកស្រុកមកប្រជុំ មិនឲ្យមានសល់ម្នាក់ , ហើយបុរសនោះហាមប្រាមថា ក្នុងវេលាថ្ងៃស្អែកនេះ មិនឲ្យអ្នកណា ទៅណា មកណា ក្រៅពីភូមិខ្លួនទេ ឲ្យទាំងអស់គ្នា ទាំងប្រុសទាំងស្រី ចាស់ក្មេងចូលទៅមើលគេធ្វើបុណ្យរំលាយសពបុរសអនាថា ដែលស្លាប់នៅកណ្ដាលវាលស្រែ លើកតែមនុស្សខ្វាក់ខ្វិនចេញ ។ ខណៈដែលរៀបចំរំលាយសពនោះ បុរសជាអ្នកស៊ើបសួរ បានចាត់មនុស្សជាច្រើននាក់ដែលបាន ពន្យល់ពីកិច្ចហេតុ ដែលយកការណ៍ក្នុងរឿងនោះ បើឃើញឈ្មោះណាប្រកបនឹងកិច្ចដែលបានពន្យល់នោះ ឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនជានាយមួយរំពេច ។ ពេលភ្លើងឆេះពេញកម្លាំង មានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោក ។
បុរសជាអ្នកគយគន់មើលហេតុ ក៏នាំយកខ្លួននាងនោះ ទៅប្រគល់ឲ្យនាយខ្លួន ។ បុរសជានាយ យកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះ ដោយយោបល់ដ៏ល្អិត ។ នាងនោះ រកផ្លូវគេចកែដោះសាទៅពុំបានក៏ប្រាប់បុរសនោះ តាមត្រង់ថា ខ្លួននាងបានសាហាយនឹងបុរសដែលស្លាប់ ទើបនឹងបានគ្នាក្នុងយប់ដែលស្លាប់នោះ , ហើយថាដំណើរដែលស្លាប់នោះ គ្មានអ្នកណាវាយដំធ្វើបាបអ្វីទេ គឺវេលាចូលដំណេក បុរសនោះប្រើនាងឲ្យទៅរកទឹកមកឲ្យផឹក នាងមិនហ៊ានចេញទៅដងទឹកឯក្រៅ ដោយខ្លាចឪពុកដឹង ក៏យកផ្តិលត្រងទឹកភ្លៀងដែលហូរធ្លាក់ តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹក, លុះផឹកហើយ ក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទៅ ។
បុរសដែលជាអ្នកស៊ើបសួរ ក៏យល់ច្បាស់ក្នុងចិត្តថា នាងនេះ មិនមានសណ្ដានចិត្តជាទុច្ចរិត នឹងបុរសដែលស្លាប់នោះទេ ព្រោះទើបស្រឡាញ់គ្នា បានជួបគ្នាក្នុងខណៈនេះ , ការណ៍នេះ ប្រាកដជាមានសត្វអាសិរពិសអ្វី នៅលើដំបូលផ្ទះនោះ បានជាបណ្ដាលឲ្យបុរសនោះស្លាប់ ។ ទើបបុរសជានាយចាត់ឲ្យទៅមើលលើដំបូលផ្ទះនោះ ឃើញពស់នាគរាជមួយនៅចំពីលើល្វែង ដែលនាងនោះដេក ។ បុរសជានាយ ក៏ឲ្យវាយពស់នាគរាជនោះ យកមកថ្វាយស្ដេច ក្រាបទូលតាមដំណើរ ហើយដោះលែងនាងនោះទៅ ដោយវិនិច្ឆ័យថា ហេតុដែលបណ្ដាលឲ្យបុរសនោះស្លាប់ មកអំពីផឹកទឹកភ្លៀងលាយដោយពិសពស់នាគរាជ ដែលនាងនោះត្រងមកឲ្យផឹក ដោយឥតចេតនា ។
ស្ដេចក៏ទ្រង់សរសើរថា បុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរ ខាងផ្លូវតុលាការមែន ។ ថ្ងៃមួយក្រោយមក មានសេដ្ឋីម្នាក់ស្លាប់ សេដ្ឋីនោះ មានប្រពន្ធក្មេងល្អ ។ នាងនោះប្ដេជ្ញាថា មិនយកប្ដីទៀតទេ ។ ដំណឹងនោះជ្រាបដល់ស្ដេចៗទ្រង់ឲ្យនាហ្មឺនសព្វមុខមន្រ្តី ទៅចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះ ។ នាហ្មឺនទាំងអស់ទៅចង់មិនបាន ស្ដេចទ្រង់គិតថា នាងនេះ ប្រហែលជាមិនយកប្ដីដូចដំណឹង ដែលទ្រង់ជា្របនោះមែន តែទ្រង់គិតក្នុងព្រះរាជហឫទ័យថា នាហ្មឺនសព្វមុខមន្រ្តីទាំងនោះប្រហែលជាមិនពេញសេចក្ដីប្រាថ្នានាង មេម៉ាយទេ បើអង្គអញប្រហែលជានាងនេះព្រម។
ក៏ទ្រង់យាងទៅផ្ទះមេម៉ាយនោះ ហើយទ្រង់ឲ្យប្រាប់នាងថា ល្ងាចនេះ ទ្រង់នឹងមកផ្ទំនឹងនាង ឲ្យនាងរៀបចំទីកន្លែងចាំទទួល ។ នាងម៉ម៉ាយក៏ទទួលព្រះរាជឱង្ការ ។ ពេលល្ងាចនាងរៀបក្រឡាព្រះបន្ទំ ហើយតែងស្រីបម្រើម្នាក់ដែលមានកើតស្រែងនៅខ្លួន រចនាដោយគ្រឿងប្រដាប់ សម្រាប់តាក់តែងរូបកាយស្រី គឺគ្រឿងមាសពេជ្រ និងគ្រឿងក្រអូបគ្រប់ប្រដាប់ ហើយឲ្យនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទំ ដែលរៀបចំទទួលស្ដេច តាមព្រះរាជឱង្ការ ។
ដល់ស្ដេចយាងមក ដោយទ្រង់មិនបានគិតពិនិត្យសព្វគ្រប់ ទ្រង់ក៏យល់ថា ទីនេះ ជាទីសម្រាប់នាងម៉េម៉ាយមែន បានជាមនុស្សទាំងឡាយ មិនហ៊ានមកនៅទីនេះ ទ្រង់ក៏ដាក់ព្រះអង្គគង់អែប ដោយសំគាល់ថា នាងម៉េម៉ាយ ទ្រង់ផ្ទុំជាមួយនាងនោះ រួចហើយទ្រង់កំណត់ព្រះចិន្ដាថា អញមកចង់នាងនេះបានហើយ ។
ដើម្បីឲ្យបានជាភស្តុតាងដល់ភ្នែកអ្នកផងទាំងពួង, ស្ដេចក៏ទ្រង់ខាំថ្ពាល់នាងនោះជាសំគាល់ រួចទ្រង់យាងមកព្រះបរមរាជវាំងវិញ ទ្រង់មានព្រះរាជឱង្ការផ្ដាំថា ព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខាន ។ ទ្រង់យាងទៅដល់ព្រះបរមរាជវាំង ទ្រង់ក៏មានព្រះរាជឱង្ការ ប្រាប់អស់នាហ្មឺនសព្វមុខមន្រ្តីថា ព្រះអង្គយាងទៅចង់នាងនោះបាន មានទាំងសម្គាល់ស្នាមព្រះទន្តនៅថ្ពាល់នាងនោះផង ហើយទ្រង់បានប្រាប់ឲ្យចូលមកគាល់ ក្នុងវេលាព្រឹកនេះផង ឲ្យនាហ្មឺនសព្វមុខមន្រ្តីទាំងអស់ចាំមើល ។
0 comments:
Post a Comment