រឿង ក្រៃថោង ក្រពើឆារ៉ាវ៉ាន់
មានគ្រួសារមួយមានកូនប្រុសម្នាក់ឈ្មោះឆារ៉ាវ៉ាន់។ ឆារ៉ាវ៉ាន់ ជាក្មេង ដែលចូលចិត្តលេងទឹកណាស់ ទោះជាឪពុកម្តាយឃាត់យ៉ាងណាក៏ពុំព្រម ស្តាប់ដែរ។ ឪពុកម្តាយបានបញ្ជូនគេឱ្យទៅរៀនវិជ្ជាសិល្ប៍សាស្ត្រផ្សេងៗ ជាមួយនឹងលោកគ្រូដ៏ពូកែម្នាក់។ ឆារ៉ាវ៉ាន់ គឺជាសិស្សច្បងក្នុងចំណោម សិស្សទាំងអស់។
ថ្ងៃមួយមានសិស្សម្នាក់ទើបនឹងមកដល់ឈ្មោះក្រៃថោង លោកគ្រូបានឱ្យគេរៀនគុណដំបងជាមួយនឹង ឆារ៉ាវ៉ាន់។ ច្រើនឆ្នាំកន្លង ផុតទៅពួកគេក៏ធំពេញវ័យហើយហាត់រៀនវិជ្ជាគុណជាមួយគ្នាមិនដែល មានរឿងរកាំរកូសអ្វីឡើយ។ ថ្ងៃមួយមានគេមកអញ្ជើញលោកគ្រូឱ្យទៅ ព្យាបាលជំងឺប្រពន្ធសេដ្ឋីនៅឯស្រុកមួយ។
លោកគ្រូបានប្រាប់សិស្សថា "ពួកឯងទាំងអស់គ្នាស្ដាប់ណា! ថ្ងៃនេះលោកគ្រូអត់នៅទេ ដូច្នេះគ្រូទុក ឱ្យ ឆារ៉ាវ៉ាន់ មើលការខុសត្រូវ។ ពួកឯងត្រូវតែស្តាប់បង្គាប់គេ ព្រោះគេ ជាសិស្សច្បង”។ លោកគ្រូប្រាប់ ឆារ៉ាវ៉ាន់ ឱ្យជួយថែរក្សាកន្លែងថ្វាយ បង្គំព្រះ និងកន្លែងបូជារួមទាំងក្នុង អាស្រមរួចហើយលោកគ្រូក៏ធ្វើ ដំណើរចេញទៅ។
នៅកន្លែងបូជា ឆារ៉ាវ៉ាន់ បានឃើញគម្ពីរមួយដែលលោកគ្រូហាមសិស្ស មិនឱ្យប៉ះពាល់ នោះជាគម្ពីរបែងភាគ។ ឆារ៉ាវ៉ាន់ លួចរៀនតាមគម្ពីរនោះ រហូតបានសម្រេច។ ពេលរៀនចប់ហើយ ឆារ៉ាវ៉ាន់ ក៏ចេញមកអួតប្រាប់ សិស្សទាំងអស់ថា គេមានវិជ្ជាថ្មីដែលអាចប្រែកាឡាជាសត្វក្រពើបាន។ ពួកសិស្សទាំងនោះខ្លាចក្រពើណាស់មិនឱ្យ ឆារ៉ាវ៉ាន់ ប្រែកាឡាឡើយ។
ឆារ៉ាវ៉ាន់ អះអាងថា "មិនអីទេ បើយើងក្លាយជាក្រពើ ពួកឯងគ្រាន់ តែយកដំបងគោះក្បាលយើងបីដងទៅ យើងនឹងក្លាយមកជាមនុស្សវិញ ហើយ តែបើរយៈពេលបីថ្ងៃ បើគ្មាននរណាវាយក្បាលយើងទេ យើង នឹងក្លាយជាក្រពើអស់មួយជីវិត"។
បន្ទាប់មក ឆារ៉ាវ៉ាន់ ក៏ប្រែកាឡាជាសត្វ ក្រពើភ្លាម។ ពួកសិស្សទាំងនោះឃើញក្រពើធំសម្បើមក៏នាំគ្នារត់មិន ហ៊ាននៅជិត។ ចាប់តាំងពីថ្ងៃនោះមក ឆារ៉ាវ៉ាន់ អណ្តែតត្រសែតតាម គង្គា រង់ចាំតែសេចក្តីសង្ឃឹមពីលោកគ្រូត្រឡប់មកវិញតែប៉ុណ្ណោះ។
បីថ្ងៃកន្លងផុតទៅលោកគ្រូក៏ត្រឡប់មកវិញឃើញសិស្សទាំងអស់ជ្រួល ច្របល់ដូច្នេះក៏សួរទៅសិស្សថា “ពួកឯងមានរឿងអីហ្នឹង? ហើយ ឆារ៉ាវ៉ាន់ នៅឯណា?” ក្រៃថោង ឆ្លើយថា "បង ឆារ៉ាវ៉ាន់ ក្លាយជា ក្រពើនៅក្នុងទឹកឯណោះ”។ លោកគ្រូភ្លាត់មាត់ថា "ហ្គា! ក្លាយជាក្រពើ? នាំលោកគ្រូទៅមើលមើស?” ក្រពើឆារ៉ាវ៉ាន់ ឃើញលោកគ្រូដើរមក ត្រេកអរណាស់ខំងើបក្បាលផុតពីទឹក។
លោកគ្រូនិយាយដោយអស់សង្ឃឹមថា "ឆារ៉ាវ៉ាន់ គ្រូស្តាយណាស់ ដែលឯងមិនស្តាប់បង្គាប់គ្រូ ឥឡូវហួសពេលបាត់ទៅហើយ”។ ចំណែក ក្រៃថោង អាណិតសិស្សច្បងណាស់តែមិនអាចជួយអ្វីដល់គេបាន។ មិនទាន់បានប៉ុន្មានថ្ងៃផងក៏មានគេមកអញ្ជើញលោកគ្រូឱ្យទៅមើលជម្ងឺ កូនលោកសេដ្ឋីឈ្មោះនាង សំពៅមាស ជាប្អូនរបស់នាង សំពៅកែវ ។
ឆារ៉ាវ៉ាន់ ក៏ធ្វើជាជំនិះរបស់លោកគ្រូទៅមើលជម្ងឺកូនលោកសេដ្ឋីនោះ លុះពេលទៅដល់ផ្ទះហើយ លោកគ្រូក៏ពិនិត្យមើលជម្ងឺនាង សំពៅមាស ហើយក៏ព្យាបាលឱ្យនាងឆាប់ជារួចផ្ដាំលោកសេដ្ឋីថា “ពេលនាងជាស្រួល បួលហើយ សូមកុំឱ្យនាងទៅលេងទឹកឱ្យសោះ”។ បន្ទាប់មកលោកគ្រូ ក៏ជិះលើខ្នង ឆារ៉ាវ៉ាន់ តាមដងទន្លេត្រឡប់មកអាស្រមវិញ។
លុះដល់ពាក់កណ្តាលទន្លេ ក៏មានក្រពើមួយចង់ប្រយុទ្ធជាមួយនឹង ក្រពើឆារ៉ាវ៉ាន់ ។ លោកគ្រូដឹងថាមានហេតុការណ៍មិនស្រួលដូច្នេះក៏ប្រាប់ ឆារ៉ាវ៉ាន់ ថា “ចៅលេបលោកគ្រូចូលក្នុងពោះភ្លាមទៅ តែកុំភ្លេចរយៈពេល បីថ្ងៃត្រូវខ្ជាក់លោកគ្រូចេញមកវិញ បើមិនដូច្នោះទេ លោកគ្រូនឹងស្លាប់ ជាមិនខាន”។
ឆារ៉ាវ៉ាន់ ក៏លេបលោកគ្រូចូលក្នុងពោះហើយប្រយុទ្ធគ្នាជា មួយក្រពើបច្ចាមិត្រនោះអស់រយៈពេលពីថ្ងៃនៅតែមិនទាន់ឈ្នះចាញ់ រហូតដល់ថ្ងៃទី៧ ឆារ៉ាវ៉ាន់ ក៏សម្លាប់ក្រពើបច្ចាមិត្រក្នុងទន្លេនោះទៅ។
មកដល់អាស្រម ឆារ៉ាវ៉ាន់ ក៏ខ្ជាក់លោកគ្រូចេញមកឃើញលោកគ្រូ ទទួលមរណភាពបាត់ទៅហើយ។ ពួកគេក៏ចោទ ឆារ៉ាវ៉ាន់ ថាស៊ីលោកគ្រូ ក៏នាំគ្នាវាយក្បាល ឆារ៉ាវ៉ាន់ រហូតដល់បែកឈាម។ ឆារ៉ាវ៉ាន់ ទទួលរង គ្រោះយ៉ាងដំណំ គេបានបណ្តែតខ្លួនទៅទីឆ្ងាយដាច់អាល័យ។
ឆារ៉ាវ៉ាន់ ក៏បានទៅជួបនឹងលោកគ្រូម្នាក់ដែលមានមន្តវិជ្ជាខ្លាំងពូកែនៅ ឋានបាតាល ដែលអាចធ្វើឱ្យ ឆារ៉ាវ៉ាន់ ប្រែកាឡាជាមនុស្សបានដែរ។ លោកគ្រូនោះ បានបង្ហាត់បង្រៀន ឆារ៉ាវ៉ាន់ ឱ្យចេះនូវវិជ្ជាច្រើនប្រការ។ លោកគ្រូនេះក៏បានជប់ស្រីពីរនាក់មានរូបសម្ផស្សស្រស់ស្អាតឈ្មោះ កែវឡាយ និង កែវលី មកធ្វើជាប្រពន្ធរបស់ ឆារ៉ាវ៉ាន់ ។
ក្រោយពេលដែលរៀនចេះចប់នូវវិជ្ជាទាំងនោះ ឆារ៉ាវ៉ាន់ បានកាឡា ខ្លួនជាមនុស្សឡើងមកខាងលើដើម្បីថ្វាយបង្គំថ្ងូរលោកគ្រូ។ ពេលនោះ ឆារ៉ាវ៉ាន់ បានជួបនឹងសិស្សរួមគ្រូ។ ឆារ៉ាវ៉ាន់ សួរទៅសិស្សនោះថា "តើ ឯងដឹងថា ក្រៃថោង នៅឯណាទេ?” សិស្សនោះឆ្លើយថា “ខ្ញុំមិនដឹង ទេ”។ ឆារ៉ាវ៉ាន់ ក៏វាយសិស្សម្នាក់នោះឱ្យសន្លប់ ព្រោះពេលដែលគេខ្ជាក់ លោកគ្រូចេញមកនោះ ក្រៃថោង និងសិស្សឯទៀតមិនបានសួរនាំអ្វីសោះ ក៏នាំគ្នាវាយគេស្ទើរតែអស់ជីវិត។
និយាយពីនាងសំពៅមាស កំពុងដេរប៉ាក់នៅក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់ ស្រាប់តែនាង សំពៅកែវ ចូលមកនិយាយថា "ហ៊ី ! មួយថ្ងៃៗគិតតែ ពីដេរប៉ាក់ ថ្ងៃនេះបងចង់សុំលោកពុកអ្នកម៉ែទៅលេងខាងក្រៅឱ្យសប្បាយ ម្តង”។ បន្ទាប់មកក៏នាំគ្នាទៅសុំលោកឪពុក។ សេដ្ឋីក៏យល់ព្រមហើយ ឱ្យអ្នកបម្រើស្រីប្រុសទៅជាមួយតាមការពារកូន។
ពេលចេញមកដល់ខាងក្រៅ សំពៅមាស សំពៅកែវ និងអ្នកបំរើ ទាំងអស់ ក៏នាំគ្នាចុះទឹកដោយបបួលគ្នាលេងធ្វើជាចាប់សត្វក្រពើ។ ចំណែក ឆារ៉ាវ៉ាន់ នៅក្នុងរូងបាតទន្លេឯណោះវិញ ឈឺក្បាលខុសប្លែកពី ធម្មតានៅមិនសុខក៏ឡើងមកខាងលើទន្លេរកមនុស្សដែលកំពុងតែជាន់ ក្បាលរបស់គេ។
ឆារ៉ាវ៉ាន់ ឡើងមកដល់លើគោកក៏និយាយសុំលេងជាមួយ នឹងគេដែរ តែពួកនាងមិនព្រមសោះ។ ឆារ៉ាវ៉ាន់ ក៏ចុះទៅក្នុងទឹក ហើយ ក៏បាត់រូបទៅ។ បន្តិចក្រោយមក សំពៅមាស ក៏ត្រូវ ក្រពើឆារ៉ាវ៉ាន់ នោះពាំយកទៅដល់ឋានបាតាល។
រឿងក្រពើចាប់ សំពៅមាស បានដឹងដល់លោកសេដ្ឋីៗភ័យខ្លាំង ពេកក៏ចាត់បរិវារប៉ាវគងប៉ាវឈ្មោះរកអ្នកក្លាហានមកបង្ក្រាបក្រពើ។ បើ អ្នកណាធ្វើបាន លោកនឹងលើកនាង សំពៅមាស ឱ្យធ្វើជាភរិយាជាមួយ នឹងទ្រព្យសម្បត្តិដ៏មហាសាល។
សំពៅមាស នៅក្នុងឋានបាតាលកំពុងតែបើកភ្នែកព្រឹមៗសម្លឹងមើល ជុំវិញខ្លួនព្រោះមិនដឹងថា នាងកំពុងនៅទីណាឡើយ។ ពេលនោះ ឆារ៉ាវ៉ាន់ ក៏ដើរចូលមក។ សំពៅមាស សួរ ឆារ៉ាវ៉ាន់ ថា "ម៉េចក៏ខ្ញុំមក ដល់ទីនេះ អ្នកណាចាប់ខ្ញុំមក?” ឆារ៉ាវ៉ាន់ ឆ្លើយថា “ខ្ញុំហ្នឹងហើយជាអ្នកចាប់នាង មក”។
សំពៅមាស លាន់មាត់ថា "ហ្គាស់ ! លោកនាំខ្ញុំមកឬមួយលោក ជាសត្វក្រពើ?” ឆារ៉ាវ៉ាន់ ប្រាប់ថា “បាទ! ខ្ញុំជាមនុស្សតែអាចប្រែជា សត្វក្រពើបានដោយមន្តអាគមគាថារបស់ខ្ញុំ។ សូមនាងប្រុងខ្លួនឱ្យហើយ ទៅ ខ្ញុំយកនាងមកនេះដើម្បីសងសឹកឱ្យលោកគ្រូរបស់ខ្ញុំ”។
និយាយពីលោកសេដ្ឋីវិញបាននាំអ្នកក្លាហានជាច្រើនមានគ្រូចាម ចិន ធ្មប់ គ្រូអាបរំពាយ គ្រូស្នេហ៍ជាដើមដែលអួតខ្លួនថា អាចបង្ក្រាបក្រពើបាន ទីបំផុតត្រូវក្ស័យដោយដៃ ឆារ៉ាវ៉ាន់ ទាំងអស់។ ដូច្នេះលោកសេដ្ឋីក៏បន្ត ការវាយគងវាយឈ្មោះទៀតរហូតបានជួបនឹង ក្រៃថោង។
ក្រៃថោង បាន ធ្វើកន្ទោងបណ្តែតទឹកដើម្បីឱ្យដឹងថា ក្រពើនៅកន្លែងណា? នឹងអាលចុះ ទៅសម្លាប់។ រីឯ ឆារ៉ាវ៉ាន់ វិញ នៅមិនសុខក្តៅក្រហាយពេញខ្លួន ពិបាកទ្រាំណាស់ ថែមទាំងសុបិនឃើញទេវតាចុះពីឋានលើយកកាំបិត កាត់ខ្លួនដាច់ជាពីរកំណាត់។ ចំណែកប្រពន្ធទាំងពីរបានប្រាប់ប្តីឱ្យទៅរក លោកគ្រូគន់គូរមើលពីសុបិននិមិត្តនេះ។
លោកគ្រូប្រាប់ ឆារ៉ាវ៉ាន់ ថា “សុបិនរបស់ឯងថានឹងមានគ្រោះថ្នាក់ ដល់ជីវិត”។ ឯងមានយករបស់អ្វីមកលាក់ទុកក្នុងរូងនេះទេ?” ឆារ៉ាវ៉ាន់ ឆ្លើយថា “ខ្ញុំបានយកស្រីម្នាក់មកលាក់ទុកអស់បី-បួនថ្ងៃមកហើយ។ ព្រោះនាងធ្វើឱ្យលោកគ្រូខ្ញុំស្លាប់"។
លោកគ្រូក៏ដាស់តឿន ឆារ៉ាវ៉ាន់ ថា "នេះហើយដែលឯងធ្វើឱ្យលោកសេដ្ឋីនោះក្តៅក្រហាយ ឥឡូវគេបាន ជួលអ្នកខ្លាំងពូកែមកសម្លាប់ឯងហើយ"។ ឆារ៉ាវ៉ាន់ តបដោយកំហឹងថា “លោកតា ! មានវិជ្ជាអ្វីអាចបង្ក្រាបពួកគេបានទេ?” លោកគ្រូប្រាប់ថា “មិនបានទេ ឯងត្រូវតែយកស្រីនោះទៅឱ្យគេវិញទើបបាន បើមិនដូច្នោះ ទេ ឯងនឹងមានគ្រោះថ្នាក់។
តែមានវិធីម្យ៉ាង គឺនៅថ្ងៃ១៥កើតខែកក្តិក នេះ ហាមឯងចេញជាដាច់ខាត ម្យ៉ាងទៀតឯងត្រូវសមាធិសីលឱ្យផុតថ្ងៃ ១៥កើតនេះសិនទើបឯងយកឈ្នះលើគេបាន” ឮដូច្នេះធ្វើឱ្យ ឆារ៉ាវ៉ាន់ ស្ងប់ចិត្តបន្តិច។ លោកគ្រូបានផ្តាំនឹង កែវលី កែវឡាយ ឱ្យមើលថែប្តី កុំឱ្យចេញពីរូងនេះឱ្យសោះ។
ឆារ៉ាវ៉ាន់ នៅក្នុងរូងពិតជាក្តៅក្រហាយរហូតដល់ទ្រាំលែងបាន ព្រោះ ក្រៃថោង បានសូត្រមន្តអាគមឱ្យ ឆារ៉ាវ៉ាន់ ទៅប្រយុទ្ធជាមួយ។ ឆារ៉ាវ៉ាន់ ក៏ឡើងចេញមកខាងលើ ទោះជាប្រពន្ធឃាត់យ៉ាងណាក៏ពុំព្រមស្តាប់។ ឆារ៉ាវ៉ាន់ ឡើងទៅលើប្រយុទ្ធមិនឈ្នះ ក្រៃថោង មួរម៉ៅក្នុងចិត្តយ៉ាង ខ្លាំងក៏សម្លាប់ប្រពន្ធទាំងពីរនិងលោកគ្រូម្នាក់ទៀត។
ឆារ៉ាវ៉ាន់ មានការសោកស្តាយជាខ្លាំងដោយធ្វើអ្វីមិនបានពិចារណា និងមិនស្តាប់តាមបណ្តាំលោកគ្រូមួយលើកជាពីរលើក មានតែការ អន្តរាយដោយសារតែខ្លួនឯង។
ឆារ៉ាវ៉ាន់ ត្រូវរបួសខ្លាំងពេកក៏ស្លាប់ក្នុងពេលនោះទៅ។ ក្រៃថោង
បានមកជួយ សំពៅមាស នាំនាងត្រឡប់ទៅផ្ទះជួបជុំឪពុកម្តាយវិញ។ ក្រៃថោង បានឮដំណឹងមួយពីសិស្សរួមគ្រូថា ឆារ៉ាវ៉ាន់ មិនបានសម្លាប់ លោកគ្រូឡើយ គ្រប់យ៉ាងគឺជារឿងយល់ច្រលំតែប៉ុណ្ណោះ។
ក្រៃថោង ស្តាយកំហុសមិនគួរសម្លាប់ ឆារ៉ាវ៉ាន់ សោះ គេក៏ចុះមកសុំទោស ឆារ៉ាវ៉ាន់ តែគួរឱ្យស្តាយណាស់ ឆារ៉ាវ៉ាន់ បានលាចាកលោកនេះបាត់ទៅហើយ។ បន្ទាប់ពីរឿងរ៉ាវចប់សព្វគ្រប់ទៅលោកសេដ្ឋីក៏រៀបចំអាពាហ៍ពិពាហ៍នាង សំពៅមាស ឱ្យទៅ ក្រៃថោង ធ្វើជាគូស្វាមីតាមពាក្យសន្យា។ ចប់
សេចក្តីស្មោះត្រង់ គឺថាមធ្យោបាយដ៏ល្អបំផុត

























0 comments:
Post a Comment