រឿងបុរសពីរនាក់ប្ដីប្រពន្ធចិញ្ចឹមសត្វស្កា
មានចៅប្ដីប្រពន្ធពីរនាក់ជាជាតិអ្នកចំការ បានចញ្ចឹមសត្វស្កា១ ទុកប្រើប្រាស់ការក្នុងផ្ទះតាមភាពនៃខ្លួនជាអ្នកមានកូនខ្ចី ទើបរក្សាស្កានោះពុំអោយមានហ្មងសៅឡើយ។ ថ្ងៃមួយដាក់កូនអោយដេកក្នុងអង្រឹង ហើយទុកស្កាអោយនៅមើលរក្សាផ្ទះនឹងកូនអាត្មាអែងពីរនាក់នាំគ្នាទៅជំរះស្មៅដំណាំអែខាង
កន្សៃផ្ទះ ក្រោយនោះ មានអាសិរពិសពស់វែកមួយ លូនចូលទៅក្នុងផ្ទះ បានធំក្លិនទឹកដោះនៅមាត់ទារក ក៏លូនចូលទៅក្នុងអង្រឹង ហើយចឹកទារកនោះ ទារកនោះក៏ស្រែកយំដោយសំលេងខ្លាំងៗ។ អែស្កានោះលុះបានលឺសំលេងក្មេងយំដូច្នោះស្ទុះឡើងទៅលើអង្រឹង បានយល់ពស់វែកចឹកកូននាយ ក៏ខឹងនឹងពស់ក្រៃពេក ទើបតយុទ្ធប្រខាំនឹងពស់ ពស់ស្ទុះកំលាំងស្កាមិនបាន ស្កាក៏ខាំពស់នោះដល់នូវក្ដីស្លាប់ ហើយខាំអូសទាញយកសាកសពពស់ទៅដាក់ញាត់ទុកនៅក្រោមជើងម៉ា។
អែទារកនោះធន់នឹងពិសពស់ពុំបាន ក៏ដល់នូវមរណកាលក្នុងអង្រឹងនោះអែង។ ថ្លែងចៅប្ដី និងប្រពន្ធនោះ លុះដល់ពេលក៏នាំគ្នាវិលមកផ្ទះវិញ អែស្កាឃើញម្ចាស់មកដល់នឹងនិយាយប្រាប់រឿងពស់វាខាំកូននោះពុំបាន ដោយជាតិជាសត្វ ក៏ខំតែរត់ទៅរត់មក ធ្វើអាការក៏ដូចជាប្រាប់រឿងដល់នាយ អែនាយក៏ពុំមានសេចក្ដីសង្ស័យអ្វី លុះនាងប្រពន្ធទៅលើកកូន ដើម្បីនឹងផ្ងូតទឹក ក៏ស្រាប់តែឃើញកាយកូនជាំដាំ ស្លាប់រឹងក្រញ៉ង់នៅក្នុងអង្រឹងនោះអែង នាងក៏ស្រែកទួញឡើង ចៅប្ដីភិតភ័យស្ទុះទៅសួរប្រពន្ធ ៗប្រាប់
ថា កូនយើងស្លាប់ហើយ មិនដឹងជាស្លាប់ដោយហេតុអ្វីទេ ចៅប្ដីក៏តក់ស្លុតយំសោកស្ដាយកូន ហើយសង្កេតមើលស្លាកស្នាមកូនទៅឃើញមុខស្នាមចង្កូមធ្មេញពស់នៅភ្លៅកូន ក៏នាំគ្នាគិតថាស្កានោះវាខាំកូនខ្លួនប្រាកដពិត មិនគិតពិចារណាអោយវែងឆ្ងាយ កើតខឹងនឹងស្កា ទើបប្រហារស្កានោះដល់មរណភាព ហើយរើយកក្ដារដើម្បីធ្វើជាហឹបដាក់ខ្មោចកូនយកទៅកប់ លុះរើសំពត់អាវនៅក្រោមជើងម៉ា ក៏
បានយល់សាកសពពស់នៅនោះ បានឃើញស្នាមមាត់ស្កាខាំពស់ជាប្រាកដ ក៏ដឹងថាកូនខ្លួនស្លាប់ដោយពស់ចឹកទេ ស្កាជាសត្វយកអាសានាយ ស៊ូខាំពស់ដរាបដល់ពស់ស្លាប់ ហើយទាញយកមកទុកក្រោមជើងម៉ានេះ ជនទាំងពីរកាលណាបើយល់ការណ៍ដូច្នោះហើយ ក៏កើតសោកសៅក្ដៅក្រហាយចិត្ដនឹកអានិតដល់កូនផង ដល់ស្កាផង កើតស្ដាយស្កាពន់ពេកណាស់ ដោយខ្លួនអិតពិចារណាទៅប្រហារសត្វអិតទោស អែណាកូនក៏ស្លាប់ ស្កាក៏ស្លាប់ផង ក្ដីទុក្ខរឹងរិតតែច្រើនលើសលន់ផុត នឹង ពណ៍នាបាននូវក្ដីសោកស្ដាយទាំងពីរផ្លូវហោង។
រឿងនេះ បានគតិដល់បុគ្គលអ្នកខឹងហួសជ្រួសគំនិត អិតបញ្ញាពិចារណាអោយជុំវិញបាន បុគ្គលណាគិតអ្វីប្រញាប់ មិនរេរិះអោយអស់ជើង បន្ទាន់ធ្វើការនោះទៅដោយចិត្ដក្ដៅ បុគ្គលនោះគង់នឹងលុះផ្លូវខុស បានក្ដីក្ដៅក្រហាយអែក្រោយ ដូចចៅប្ដីប្រពន្ធវាយស្កានោះអែង។ មួយទៀត បុគ្គលធ្វើការប្រញាប់បានក្ដីក្ដៅចិត្ដក្នុងកាលក្រោយនោះ ដូចបទបាលី ក្នុងគម្ពីរលោកនិតិថា៖
មា ច វេតេន កិច្ចានិការេសិ ការាបេសិ សហសា ការិតំ កម្មំ មន្ទោ បច្ឆានុតប្បតិ។
ប្រែថា ជនធ្វើការប្រញាប់ដោយខ្លួនអែង រឺប្រើគេចាត់ចែងអោយធ្វើច្បាស់ អំពើដែលធ្វើដោយសហ័សខ្លៅណាស់គង់ ក្ដៅក្រហាយក្រោយ។
0 comments:
Post a Comment