ប្រវត្តិអ្នកតាឃ្លាំងមឿង៖ ភាគទី១
ទីកន្លែងអ្នកភាគទី១៖ ប្រវត្តិអ្នកតាឃ្លាំងមឿងតានោះ ជាទីរហោស្ថាន មានរុក្ខជាតិតូចធំដុះព័ទ្ធជុំវិញមានមែកបែកសាខា មានម្លប់ត្រឈៃត្រជាក់ គួរឲ្យសប្បាយរីករាយអស្ចារ្យ ហើយមានសត្វបក្សីបក្សាកញ្ឆៀវខ្ញៀវខ្ញារ ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរសំឡេងទ្រហឹង ។ បន្ទាប់អំពីរុក្ខជាតិ មានវាលស្រែព័ទ្ធជុំវិញ បើមើលអំពីចម្ងាយទៅ ឃើញរុក្ខជាតិដង្គុំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលអំពីភូមិស្រុក ។ បណ្ដាដើមឈើទាំងអស់នៅទីនោះ មានដើមសំរោងមួយខ្ពស់ធំជាងឈើឯទៀតៗ ដុះចំពីមុខអាស្រម ។ ពីសាលាខែត្រពោធិ៍សាត់ ទៅអ្នកតានោះ ចម្ងាយប្រមាណជា ៦ គីឡូម៉ែត្រ ។ គេត្រូវចេញតាមផ្លូវថ្នល់ ពីសាលាខែត្រទៅទិសខាងលិច ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិសខាងត្បូង កាត់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹម បែរទៅទិសខាងលិច ដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែងអ្នកតា ។
ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅត្រង់ចន្លោះរុក្ខជាតិ ។ នៅពីខាងត្បូងអាស្រមជាទីវាលទុកសម្រាប់ធ្វើរោង មានបណ្ដោយ ៦០ ម៉ែត្រ ទទឹង ៤០ម៉ែត្រ ។ អាស្រមនោះធ្វើដោយឈើ ប្រក់ស្បូវមានបណ្ដោយ ៨ ម ទទឹង ៤ ម កម្ពស់ ៤ ម សសរលញ់ មិនមានជញ្ជាំងបិទបាំងទេ ។ ជុំវិញអាស្រមមានលានទំហំ ៤ ម ទុកបម្រុងឲ្យពួកអ្នកទៅធ្វើបុណ្យដើរហែប្រទក្សិណនៅពេលឡើងអ្នកតា ។ ពីខាងក្រៅទីវាល មានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញ មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ ។ ក្នុងអាស្រមខាងមុខតួអ្នកតា មានរានម៉ា បណ្ដោយ ៣ ម ទទឹង ២ម កម្ពស់ ៥ តឹក ធ្វើដោយឈើ ជារានសម្រាប់ដាក់ដង្វាយអ្នកតា ខាងជើងនិងខាងត្បូងអ្នកតា មានបង្កាន់ដៃដោតដោយចាមរនិងបៃមន់ធ្វើដោយឈើដែរ ។
តួអ្នកតា មិនមានរូបរាងបែបឈើ ឬ ថ្មជាតំណាងទេ គឺជាតួដីដំបូកសុទ្ធៗ ទំហំបណ្ដោយ ២ ម៉ែត្រ ទទឹង ១ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដែលកើតអំពីសត្វកណ្ដៀរវាពូនលើង សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូកមានពំនូកដី ៤–៥ ស្រួចៗបែកចេញ មើលទៅដូចជាកំពូលនគរវត្ត ។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកថា បើមានសត្វកណ្ដៀរពូនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ ឬចៅហ្វាយស្រុកនៅខែត្រ-ស្រុកនោះ នឹងត្រូវផ្លាស់ចេញ ឬខូចបុណ្យសក្ដិ ដីដំបូកនេះមិនដឹងថាកើតពីត្រឹមរាជ្យស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ ។
ពិធីបុណ្យឡើងអ្នកតា– បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកហើយរបស់អ្នកស្រុក និងពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំ ក្នុងខែពិសាខ ថ្ងៃសៅរ៍ ។ តែមិនកំណត់ជាខ្នើតឬរនោចទេ រើសយកតែថ្ងៃសៅរ៍ ពេលធ្វើលុះណាតែមានសេចក្ដីបង្គាប់ អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំ មេស្មឹង អាចារ្យវត្តនិងបណ្ដារាស្ត្រទាំងអស់ឲ្យដឹងជាមុន ដើម្បីមកជួបជុំ ជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឲ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និងមន្ត្រីរាជការក្នុងខែត្រ ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក ។ កាលពីថ្ងៃទី ១៨ មិថុនា ឆ្នាំ ១៩៤៩ ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់ មេស្មឹង អាចារ្យវត្ត និងបណ្ដារាស្ត្រ នៅទីកន្លែងអ្នកតា ។ ពេលម៉ោង ៦ ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតា :” ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតា សុំឲ្យយើងទាំងអស់គ្នា បានសុខសប្បាយ “រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេងត្រពាំងទា តាមធម្មតា ឮសូរភ្លេងប្រគំទ្រហឹងអឹងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របី មកពីស្រុកឆ្ងាយៗ មកជួបជុំគ្នាមីរដេរដាសនៅទីនោះ ។ ម៉ោង ៩ យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្តព្រះសង្ឃ ១០ អង្គចម្រើនព្រះបរិត្ត ។
លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង ៨ កន្លះ ពួកមន្ត្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់តំណែង អញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះ ហើយចូលទៅឈរនៅខាងត្បូងអ្នកតា មេស្មឹងអុជទៀនធូប ជូនអស់លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឲ្យលើកគ្រឿងតង្វាយ មករៀបនៅលើរាន ចំពោះមុខអ្នកតា ។
តង្វាយអ្នកតាគឺ ៖
១– កន្ទេលក្រហម ខ្នើយ
២– សំពត់សក្រាលពីលើកន្ទេល
៣– ស្លាធម៌ដូង ១ គូ (ដោតម្លូ ៥ ស្លា ៥ ធូប ៣ សរសៃ)
៤– ក្បាលជ្រូក ១ គូ មានទាំងកន្ទុយដាក់នៅមាត់ផង ។
៥– ផ្ដិលទឹកអប់ ១ គូ ឈើស្ទន់ ១
៦– ពានស្លាបារីមួយគូ
៧– ដបស្រា ១ គូ មានទាំងពែង
៨– ចេកនួន ២ ស្និត តម្កល់លើចានទាប
៩– បង្អែម ២ ស្ពក
១០– ចំអាម ២ ស្ពក
១១–កន្ទោងស្លឹកចេក ១ គូ
១២– មាន់ស្ងោរ ១គូ
១៣– ស្នែងសត្វទន្សោង ១ គូ
រណ្ដាប់តង្វាយទាំង ១៣ មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពីតង្វាយ ១៣ មុខនេះមានតង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណ៍ត្រៀបត្រា ដាក់នៅរាននោះ ។ គេអុជទៀនធូបចែកគ្នាកាន់ ដើរហែប្រទក្សិណជុំវិញអាស្រម ជាការគោរពចំពោះអ្នកតា និងនឹកគុណដល់លោកឧកញ៉ាសេនាបតីមឿងដែលស៊ូប្ដូរជីវិត យកឈាមក្រាលផែនដី មានកេរ្តិ៍ឈ្មោះតាំងពី គ. ស. ១៥១៦ ដរាបមកដល់សព្វថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថា អ្នកតាឃ្លាំងមឿង ។ គេរើសរកមនុស្សឲ្យមានរូបរាងប៉ុនៗគ្នា ២ នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង១ តែងតួស្លៀកសំពត់ផាមួងចងក្បិន ខ្លួនទទេ អ្នករាំ ២ នាក់ទៀត ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរតាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរ លុះហែ ៣ ជុំរួចហើយ គេលេងភ្លេងរាំស្នែងទន្សោង ភ្លេងនោះឈ្មោះ ” ភ្លេងភ្លាំង ” អ្នករាំចាប់ពាក់ស្នែងរួច ក្រាបថ្វាយបង្គំអ្នកតា ៣ ដង ឡើងរាំបែរឆ្វេងរៀងខ្លួន មកជួបគ្នាគ្រប់គ្នាម្ដង ដល់គម្រប់ ៣ ដង វារនឹងដីអួតដាក់គ្នា ជល់គ្នាដូចគ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់ ។ មនុស្សឈរមើលពេញទីវាល នៅមុខអាស្រមអ្នកតានោះ ។
ទំនុកច្រៀង
១– បងដើរព្រៃស្តុក តត្រុកព្រៃស្បាតៗ ដើរកាត់ព្រៃញាត លេចវាលចូលព្រៃ ។
២– ឡើងភ្នំចុះភ្នំ ថ្មដាធំៗ ល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា
កៀងញីឃ្មាតខ្មីៗ ល្បាស់ព្រេចលាស់ខ្ចី ស្រណោះខែពិសាខៗ ។
៣– កន្ទ្រែតៗអើយ ទន្សោងគោបា លេបបន្លាបន្លាជើង ភ្នំលេបក្រមុំទាំងមូលៗ ។
៤– ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជូន កាប់ឫស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។
៥– កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ងាយ បងស្ដាយតែប្អូនស្រីៗ ។
ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទាំងពីរនាក់ ឃើញសត្វទន្សោងជល់គ្នាជាប់ ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោងទាំងពីរ ទៅតម្កល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទោង ចាក់ស្រា ដោតធូប ៣សរសៃ រួចនិយាយបួងសួងថា “ថ្ងៃជាថ្ងៃជាពេលាល្អ យើងខ្ញុំមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតា មឿង ដែលមានគុណចំពោះស្រុកខ្មែរ សូមលោកតាឲ្យពរសព្ទសាធុការដល់ប្រទេសកម្ពុជាឲ្យបានសុខសប្បាយ សូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្តិ សូមឲ្យបានសេចក្ដីសុខសប្បាយ អស់កាលជាអង្វែងរៀងទៅ សូមឲ្យទឹកភ្លៀងបង្អោរចុះមក ឲ្យបានសព្វផែនដីប្រទេសកម្ពុជា ឲ្យស្រុកសម្បូណ៌សប្បាយ កុំឲ្យមានភ័យអន្តរាយអ្វីឡើយ ។ បួងសួង ៣ ដងស្រេចហើយ យកកន្ទោងទៅដាក់ក្រោមដើមសំរោង នៅមុខអាស្រម ។ រួចលើកគ្រឿងតង្វាយទាំងអស់ចេញ ។ និមន្តព្រះសង្ឃ ៥ អង្គបង្សុកូល ពួកឧបាសកសូត្រឧទ្ទិសផល មេស្មឹងយកទឹកអប់ទៅលើដំបូក ដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និងមន្ត្រីតូចតាចគ្រប់ដំណែង បាចទឹក ១ ផ្តិលៗ ម្នាក់ រួចអញ្ជើញទៅរាប់បាត្រនៅវាលមុខរោងព្រះសង្ឃ ។
ម៉ោង ១១ រៀបភោជនាហារ លៀងពួកមន្ត្រីសាលាខែត្រសាលាស្រុកធំតូចគ្រប់ដំណែងដោយវត្ថុដ៏ឧត្ដម ពីសាសប្បាយ មានភ្លេងត្រពាំងទា មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង ១២ ជាការបង្ហើយកិច្ច ។
អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថា ក្នុងកាលដ៏កន្លងយូរមកហើយ (សករាជ និងរាជ្យណាមិនប្រាកដ) មានដើមឈើ ១ ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រាន ២នាក់ មានឈ្មោះមិនប្រាកដនាំគ្នាចូលព្រៃ ដើម្បីបរបាញ់សត្វតាមទម្លាប់របស់ខ្លួន ។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពីរោះ ហាក់ដូចសូរសំឡេងភ្លេងដូរ្យតន្ត្រីលាន់ឮរងំ ដូចជាសំឡេងទ្រសាយដៀវ ឃើញសត្វទន្សោង ១គូ លោតកញ្ឆេងជល់គ្នាលេង ដូចគេរាំ ។ មានសត្វខ្លា ១ គូក្រាបនៅទីនោះ វាគោះកន្ទុយហាក់ដូចគេវាយស្គរ ។ មានសត្វក្ងោក ១ គូ កាងស្លាប បើកកន្ទុយ លោតចុះលោងឡើង ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់លាន់មាត់ថា ” ឱហ្ន ! សត្វទាំងនេះប្លែកចម្លែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងដូរ្យតន្ត្រី សត្វទន្សោងនិងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាមសត្វទាំងនេះ ទុកជាកេរ្តិ៍ឲ្យកូនចៅឯក្រោយ។
1លោក ហ៊ីង ប៉ុនថុន បានចម្លងឯកសារនេះ អំពីឯកសារក្រុមល្ខោនជាតិ ។

0 comments:
Post a Comment