រឿង បុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍
មានរឿងព្រេងមួយដំណាលថា មានបុរសកម្ជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មានកិរិយាមារយាទល្អ ចេះគោរពប្រណិប័តន៍ប្ដី។ តាំងពីបានគ្នាជាប្ដីប្រពន្ធមក បុរសកម្ជិលចេះតែពីដេក ដល់ឃ្លានបាយ ទើបក្រោកឡើងស៊ី ៗ រួចដេកទៅវិញ សូម្បីថ្នាំជក់ ក៏ប្រពន្ធមូរឲ្យដែរ។ ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ទៅលើប្ដីសោះ លើកបាយទឹកនិងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ , ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំងណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ, ថ្ងៃមួយ នាងរៀបស្លា ៥ ម៉ាត់ បារី ៥ ចូលទៅក្រាបសំពះប្ដី ហើយថា « ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃក្រណាស់ យើងមិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័ល រនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ»។
ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះ ប្ដីនឹងទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់ ។ ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់ មានទាំងដឹង ពូថៅទៅផង ។ បុរសកម្ជិលដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ ចាំឲ្យក្រោកខ្លួនឯង, ដល់ក្រោកហើយ ប្រពន្ធដងទឹកទៅលប់មុខឲ្យរួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់ ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី ។
បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើ, បានឃើញឈើមួយដើម មានមែកសាខាម្លប់ជាក់ ក៏ដាក់បាយសំណុំ ដឹង ពូថៅ ហើយដេកគងអន្ទាក់ខ្លា មើលទៅលើនិយាយតែម្នាក់ឯងថា «មែកឈើនេះ ត្រូវធ្វើជាផ្នៀងនង្គ័ល មែកនេះត្រូវធ្វើជាយាម មែកនេះត្រូវធ្វើជាដង មែកនេះត្រូវជានឹម មែកនេះត្រូវធ្វើជារនាស់។ គ្រាន់តែដេកថាប៉ុណ្ណឹង ពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ី ៗរួច ដេកថាដូចមុនទៀត ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ» ។
ប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់ នាំប្ដីឡើងទៅលើផ្ទះ យកទឹកលាងជើងឲ្យប្ដី ហើយសួរថា «អ្នកទៅបានការដូចម្ដេចខ្លះ? ប្ដីថាមិនទាន់បានទេនាង! ចាំស្អែកសឹមទៅទៀត ដល់កន្លែងដើមឈើនោះហើយ រុក្ខទេវតាដែលអាស្រ័យនៅទីនោះ ឮបុរសកម្ជិលថាដូច្នោះ ក៏ភ័យខ្លាចរកកន្លែងនៅគ្មាន ក៏គិតគ្នានឹងតាមទៅវាយសម្លាប់បុរសកម្ជិលនោះ ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន។ បុរសនោះក៏ត្រឡប់មកផ្ទះវិញ។ រុក្ខទេវតា តាមមកដល់មាត់របង ឃើញប្រពន្ធរត់ទៅទទួលប្ដីដល់មាត់ជណ្ដើរ យកទឹកលាងជើងប្ដី។
ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ។ បុរសនោះរួចពីអន្តរាយ ក៏ឡើងទៅលើផ្ទះ ប្រពន្ធសួរ និយាយដូចមុនទៀតថា «បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់» ។ ទេវតាភ័យណាស់ថា «បុរសនោះ មុខជាកាប់ហើយព្រឹកនេះ » ក៏នាំគ្នាមកនិយាយអង្វរថា «សុំកុំកាប់ឈើនោះ»។ បុរសថា « អញមិនព្រមទេ ព្រឹកនេះអញទៅកាប់ហើយ» ។ ទេវតាភ័យណាស់ ក៏នាំគ្នានិយាយសូក ដោយប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបុរស ៗសួរថា « ឲ្យកំណប់ប៉ុន្មានកន្លែង ? » ។ ទេវតាថាពីរកន្លែង បុរសថា « មិនព្រមទេ បើ ៤ កន្លែងទើបព្រម ហើយឲ្យដាក់ឈើសម្គាល់ឲ្យផង » ។
ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ ។ បុរសថា « បើដូច្នោះ ខ្ញុំលែងកាប់ តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ»។ ទេវតាថា «ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ»។ ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យ ក្នុងកំណប់មួយៗទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវជញ្ជូនបីថ្ងៃ បានសុទ្ធតែមាស និងប្រាក់ចាក់គរពេញផ្ទះ ។ នាងនោះ ក៏រៀបចំដាក់ហិប ដាក់ឡាំង មិនឲ្យអ្នកណាឃើញ ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែមានឡើងៗ បានជាសេដ្ឋី មានមនុស្សកុះករមូលមកនៅពឹងពាក់ជាច្រើន រាប់មិនអស់ ។ «ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ត្បិតល័ក្ខណ៍ស្រីជា»

0 comments:
Post a Comment