រឿង ព្រះនាង ចំប៉ាថោង
កាលពីព្រេងនាយ មានបុត្រីក្សត្រគ្រងរាជ្យមួយអង្គព្រះនាម “ព្រះនាង ចំប៉ាថោង” ។ វេលាថ្ងៃមួយព្រះនាងបានថ្វាយបង្គំសុំព្រះមាតាបិតាទៅ ក្រសាលឯស្ទឹងមួយ ជាមួយនឹងពួកភីលៀងស្រីស្នំ ។
ពេលកំពុងតែស្រង់ទឹកស្ទឹងយ៉ាងសព្វព្រះទ័យក្រៃលែងជាមួយពួកភីលៀងស្រាប់ តែព្រះនាងបានទតឃើញ ពងក្រពើមួយ និងឆ្មាសម្បុរបីមួយនៅមាត់ច្រាំងជិត នោះ ។ ព្រះនាងចំប៉ាថោងក៏នាំយកឆ្មាសម្បុរបី និងពងក្រពើ មកព្រះរាជវាំង ហើយទូលថ្វាយព្រះមាតាបិតា ដើម្បីទ្រង់ជ្រាប ។
ព្រះបិតាព្រះនាងបានកោះហៅមន្ត្រីចាស់ទុំមកពិនិត្យមើល ដឹងថាជាពងក្រពើ ប្រាកដណាស់ ក៏បញ្ជារអោយគេយកពងក្រពើនោះទៅបោះចោល។ អនុញ្ញាត អោយទុកតែឆ្មាសម្បុរបីតែប៉ុណ្ណោះ ប៉ុន្តែ ព្រះនាងចំប៉ាថោង បានសុំអង្វរ ព្រះបិតា សុំទុកអោយពងក្រពើញាស់សិន ទើបចាំយកទៅបោះចោលដើម្បីកុំ អោយមានកម្មពៀរ ។
ដល់ពេលពងក្រពើញាស់រួច ព្រះនាងចំប៉ាថោង ក៏យល់ព្រម អោយគេយកកូនក្រពើទៅលែងចោលនៅឯបឹងមួយ ។ លុះកូន ក្រពើ នោះធំឡើងគឺជាក្រពើ ដែលកាចសាហាវបំផុតហើយតែង តែស៊ីអ្នកស្រុកជាចំណីអាហារ ។ថ្ងៃមួយមានអ្នកស្រុកម្នាក់បានសំពះអង្វរសត្វក្រពើនោះ កុំអោយស៊ីខ្លួនគេ ទោះ គេត្រូវធ្វើអ្វីក៏ព្រមដែរ។ សត្វក្រពើក៏ព្រមទទួលការអង្វរករបស់អ្នកស្រុកនោះ ហើយប្រាប់ឱ្យទៅទូល ព្រះនាងចំប៉ាថោង យាងមកប្រគល់ខ្លួនអោយយើង ធ្វើជាចំណី ទើបយើងឈប់ស៊ីអ្នកស្រុក ។
ពួកអ្នកស្រុកជាប្រជារាស្ត្រ ក៏នាំគ្នាទៅទូលមហាក្សត្រ។ នាងចំប៉ាថោង បានដឹងរឿងនេះក៏ទូលព្រះបិតាសុខចិត្តប្រគល់ខ្លួនអោយក្រពើស៊ីជាចំណី ដើម្បី កុំអោយសត្វក្រពើ យាយីដល់ប្រជារាស្ត្រទៀត។ ចំណែកឯសត្វឆ្មាសម្បុរបីដែល ព្រះឥន្ទ ប្រើមកជាមួយនិងសត្វក្រពើ គឺត្រូវមកតាមដង្ហែរ និងជួយការពារ ព្រះនាងចំប៉ាថោង ។
ពេលបានដឹងរឿងនេះឆ្មារសម្បុរបី ក៏ក្រលាខ្លួនជាស្រីក្រមុំរូបស្រស់ម្នាក់ ទៅ ស្កាត់ជួបសត្វក្រពើ ដើម្បីឃាត់ក្រពើជាមុន។ រីឯក្រពើក៏ក្រលាខ្លួនជាកម្លោះ រូបសង្ហាមកចែរចង់នាងឆ្មារសម្បុរបី តែការឃាត់ឃាំងរបស់ឆ្មារសម្បុរបី បានសម្រេចក៏ទះក្រញ៉េក្រពើមួយដៃហើយបែកគ្នារៀងខ្លួនទៅ។
ចំនែក ព្រះនាងចំប៉ាថោង បានឱបឆ្មារជិះលើក្បួនមួយបណ្ដែតលើទឹក ប្រគល់ខ្លួនអោយសត្វក្រពើស៊ីជាចំណី ។ សត្វក្រពើពេលដែលបានឃើញ ព្រះនាងចំប៉ាថោង ដូច្នោះក៏ហែលសំដៅមកហើយហារមាត់បំរុងត្របាក់ ព្រះនាងចំប៉ាថោង រំពេចនោះ ក៏មានទេវតាមកជប់អោយរលាយសត្វក្រពើ នោះបាត់ទៅ ។
ឆ្មាសម្បុរបីក៏ប្រែក្រលាជាស្រីក្រមុំម្នាក់ឈ្មោះ នាងវិទ្យារ។ វិទ្យារ និង ព្រះនាងចំប៉ាថោង ក៏នាំគ្នាឡើងមកលើគោក ដើម្បីធ្វើដំណើរទៅនរតវិញ។ ពេលនោះ មានយក្សមួយបានចាប់ ព្រះនាងចំប៉ាថោង និង នាងវិទ្យារ មកចិញ្ចឹមធ្វើជាបុត្រ នៅឯនគរយក្ស ។
ថ្ងៃមួយ ព្រះនាងចំប៉ាថោង និង នាងវិទ្យារ បានសុំយក្សដែលជាបិតាចិញ្ចឹមទៅ ក្រសាលព្រៃ។ ពេលនោះក៏បានជួបនឹងបុត្រស្ដេចមួយអង្គទៀត ព្រះនាមជ័យជេត ក៏កើតចិត្តប្រតិព័ទ្ធគ្នា ហើយដោយការអង្វរករបស់ព្រះអង្គជ័យជេត ព្រះនាង ចំប៉ាថោង ក៏ព្រមស្នេហាតាមពាក្យអង្វរករបស់ព្រះអង្គជ័យជេត ហើយព្រះនាង ក៏មានព្រះបន្ទូលអោយព្រះអង្គជ័យជេត រៀបបណ្ណាការតាមប្រពៃណី។ចប់

0 comments:
Post a Comment