រឿង ទន្សាយ និង ព្រះចន្ទ
មានតំណាលថា កាលពីព្រះពុទ្ធបរមគ្រូនៃយើងត្រាច់រង្គាត់ អន្ទោលជាតិក្នុងវដ្តសង្សារនៅឡើយ។ ក្នុងជាតិមួយ ព្រះអង្គ ទ្រង់យោនយកកំណើតជាសត្វទន្សាយ។
នៅរាល់ថ្ងៃពេញបូណ៍មី ទន្សាយពោធិសត្វតែងតែសមាទាន រក្សាឧបោសថសីល ដោយឧទ្ទិសជីវិតព្រះអង្គជាទានបរមត្ថបារមី ដើម្បីបំពេញព្រះពោធិសម្ភារឱ្យបានត្រាស់ដឹងជាព្រះពុទ្ធ។
នៅថ្ងៃពេញបូណ៍មីមួយ ព្រះឥន្ទ្រទ្រង់ជ្រាបក៏កាឡាខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់មកសុំសាច់ព្រះអង្គជាអាហារ។ ព្រះពោធិសត្វ ក៏សុខចិត្តបូជាជីវិតដល់ព្រាហ្មណ៍ចាស់ ប៉ុន្តែព្រាហ្មណ៍នោះទូល ព្រះអង្គថា “ខ្ញុំកាន់សីលយូរណាស់មកហើយ មិនដែលសម្លាប់ សត្វម្តងណាឡើយ”។
ពេលនោះ ទន្សាយពោធិសត្វក៏បង្គាប់ឱ្យព្រាហ្មណ៍ចាស់ បង្កាត់ភ្លើងឡើង ដើម្បីលោតសំលាប់ខ្លួន។ ប៉ុន្តែមុននឹងលោត ចូលទៅក្នុងភ្នក់ភ្លើងនោះ ព្រះអង្គបានអធិដ្ឋានថា “សូមឱ្យព្រះ ឆាយលក្ខណ៍នៃព្រះអង្គទៅប្រតិស្ឋានផ្តិតជាប់នៅនឹងមណ្ឌល ព្រះចន្ទ្រផង”។
បន្ទាប់មក ព្រះពោធិសត្វក៏លោតចូលក្នុងភ្នក់ភ្លើងនោះ ដើម្បីឱ្យបានសាច់ដល់ព្រាហ្មណ៍ចាស់បរិភោគបានដូចបំណង។
ក្រោយមក ដោយអានុភាពនៃទានបរមត្ថបារមីនោះផង ទើបបានជារូបភាពទន្សាយមានប្រាកដនៅនឹងមណ្ឌលព្រះចន្ទ្រ ដូចដែលយើងមើលឃើញសព្វថ្ងៃនេះ។
លុះចំណេរក្រោយមក បណ្តាជននាំគ្នារំលឹកកំណើតសត្វ ទន្សាយសត្វ ពោធិសត្វនេះ ទើបធ្វើពិធីបុណ្យ “អកអំបុក សំពះព្រះខែ” គឺសំពះព្រះឆាយលក្ខណ៍ព្រះពោធិសត្វនេះឯង ដោយនាំគ្នាជ្រើសរើសចំណីអាហារជាទីគាប់ចិត្តតម្រូវនឹងអធ្យា ស្រ័យនៃសត្វទន្សាយមាន ចេក អំបុក ដំឡូង ដួង ត្រាវ ជាដើម យកមកឧទ្ទិសថ្វាយជាហូរហែ ជាប់ជាទំនៀមទំលាប់ រហូតមកដល់ សព្វថ្ងៃនេះ។
ហេតុដូច្នេះហើយបានជាអ្នកស្រុកប្រារព្ធពិធី អកអំបុក-សំពះ ព្រះខែ នៅថ្ងៃពេញបូណ៌មី ខែកត្តិកនេះ ព្រោះជាពេលបំណាច់ ខែវស្សាកាលផង ជាពេលសំបូរដោយ ចេក អំបុក អំពៅ ត្រាវ និងដំឡូងផង។ ចប់
"ព្រះជួយតែមនុស្សណាដែលចេះជួយខ្លួនឯង”

















0 comments:
Post a Comment