រឿង នាយខ្វាក់ និង នាយខ្វិន

អ្នកទស្សនា: Views


 រឿង នាយខ្វាក់ និង នាយខ្វិន

កាលពីព្រេងនាយ មានបុរសពីរនាក់ ម្នាក់ខ្វាក់ភ្នែកទាំងសងខាង និង ម្នាក់ទៀតខ្វិនជើងទាំងពីរដើរមិនរួចនៅជាអ្នកបម្រើគេដូចគ្នា។ ពួកគេ មានចៅហ្វាយផ្សេងពីគ្នា។ ចៅហ្វាយទាំងនោះសុទ្ធតែជាមនុស្សចិត្ត អាក្រក់ ប្រើពួកគេឱ្យធ្វើការគ្មានត្រាប្រណី មិនគិតថាពួកគេពិការឡើយ។ អស់អ្នកស្រុកហៅពួកគេថា "អាខ្វាក់ អាខ្វិន"។

 ពួកគេយកគ្នាជាមិត្ត សម្លាញ់។ ថ្ងៃមួយ នាយខ្វិន និយាយថា “ហ៊ី! យើងពិបាក និងនឿយ ហត់ខ្លាំងណាស់ ទ្រាំរស់នៅជាខ្ញុំគេតទៅទៀតមិនបានទេ យើងគួរតែ ចេញពីទីនេះ”។ នាយខ្វាក់ សួរ នាយខ្វិន ថា "ឥឡូវយើងធ្វើយ៉ាងដូច ម្តេចទៅ?” នាយខ្វិន ឆ្លើយថា “អញឃើញទូកមួយនៅមាត់កំពង់ យើង ជិះទូកនោះចេញនៅយប់នេះទៅ”។

បន្ទាប់ពីពួកគេគិតត្រូវរ៉ូវគ្នាហើយក៏ចាំដល់ពេលរាត្រីស្ងាត់ ទើបនាំ គ្នាចុះទូកទាំងពីរនាក់។ ប៉ុន្តែពួកគេជាមនុស្សមិនចេះអុំទូកឡើយ ពួកគេ អង្គុយលើកន្សៃទូកម្ខាងម្នាក់ទល់មុខគ្នាតាំងចិត្តខំអុំទូករៀងៗខ្លួន។ ដោយ សារតែពេលយប់ងងឹតមើលអ្វីមិនឃើញសោះនោះ ពួកគេគិតតែពីអុំទូក ស្មានថាទូកកំពុងលឿនទៅមុខ តែផ្ទុយទៅវិញទូកវិលនៅមួយកន្លែង។ 

លុះពាក់កណ្តាលអាធ្រាត្រ ក៏ឮសម្លេងសត្វអកយំ នាយខ្វាក់ និយាយថា "យើងប្រឹងឡើងឥឡូវដល់កន្លែងអន្លង់អកហើយ”។ ពួកគេទាំងពីរនាក់ ក៏ចេះតែអុំៗរហូតដល់មាន់រងាវ នាយខ្វិន និយាយថា “យើងដល់ស្រុកគេ ហើយខំប្រឹងអុំឡើងប្រយ័ត្នគេតាមទាន់”។ ខ្វាក់ និង ខ្វិន ក៏ប្រឹងអុំទូកលុះ ត្រាតែមាន់រងាវកុះក៏ឮសម្លេងសត្វតាវ៉ៅយំ។ ផ្ទៃមេឃក្រហមលឿងៗពី ទិសខាងកើត។ នាយខ្វិន ប្រាប់ នាយអាខ្វាក់ ថា "យីអើ ! ដូចជា កំពង់ចម្លងផ្ទះយើង?”

លុះភ្លឺច្បាស់ម្ចាស់ក៏ចុះមកដងទឹកឃើញ ខ្វាក់ និង ខ្វិន អង្គុយអុំទូកទល់

មុខគ្នា នាងក៏នាំពួកគេត្រឡប់ទៅផ្ទះវិញ ព្រោះគាត់ដឹងថា ពួកគេច្បាស់

ជាចង់រត់ចេញពីទីនេះហើយ។ បន្ទាប់មកពួកគេក៏រស់នៅជាខ្ញុំបម្រើគេ

ដូចដើមទៀត។

លុះនៅយូរបន្តិចទៅ ខ្វាក់ និង ខ្វិន ក៏បបួលគ្នារត់ម្តងទៀត។ នាយខ្វាក់ និយាយថា "ម្តងនេះយើងកុំទៅតាមផ្លូវទឹកអី យើងទៅតាមផ្លូវគោកម្តង” នាយខ្វិន ឆ្លើយថា “តើធ្វើយ៉ាងម៉េចទៅ បើឯងខ្វាក់អញខ្វិនរ៉ត់ទៅឯណា ម្តេចនឹងរួច?” នាយខ្វាក់ ឆ្លើយឡើងថា "ឯងកុំព្រួយ ! ឯងជិះលើ កអញហើយឯងប្រាប់ផ្លូវដល់អញទៅវាជាការស្រេច”។ លុះដល់ពេលយប់ ស្ងាត់ នាយខ្វាក់អង្គុយចុះឱ្យ នាយខ្វិនឡើងជិះលើស្នាចេញទៅទាំងយប់។

បីថ្ងៃក្រោយមកពួកគេក៏បានទៅដល់ស្រុកមួយ។ ស្រុកនោះមានខ្លាកាច សាហាវណាស់។ ព្រលប់កាលណា អ្នកស្រុកហាមប្រាមកូនចៅមិនឱ្យដើរ រហេតរហូតឡើយ ព្រោះខ្លាចខ្លាស៊ី។ ខ្វាក់ និង ខ្វិន ទៅដល់ស្រុកនោះ ជួនជាពេលព្រលប់បន្តិច។ នាយខ្វិន និយាយថា "ឥឡូវយើងមកដល់ ស្រុកគេហើយ យើងត្រូវតែធ្វើស្រែ”។ "

ធ្វើយ៉ាងដូចម្តេចទៅ បើយើង គ្មាននង្គ័ល រនាស់ គោក្របីផងនោះ?” នាយខ្វាក់បន្ថែម។ នាយខ្វិន ក៏ប្រើ នាយខ្វាក់ ឱ្យដើរចូលទៅក្នុងភូមិក៏ជួបអ្នកស្រុកៗប្រាប់ពួកគេថា “នែក្មួយ កុំដើរផ្តេសផ្តាស ទីនេះមានខ្លាកាចសាហាវណាស់”។ នាយខ្វាក់ ឆ្លើយ ឡើងថា “ឃ្លេមិនខ្លាច ទៅខ្លាចអីខ្លានោះ”។ ជួនជាខ្លាកំពុងចាំលបខាំ មនុស្សក្បែរផ្ទះវាក៏ព្ទ នាយខ្វាក់ និយាយដូច្នេះគិតថា "ពីដើមគេខ្លាចតែ អញ ឥឡូវមានឃ្លេផ្សេង គេខ្លាចជាងអញទៅទៀត អញមិនសុខចិត្តទេ អញត្រូវតែចាំមើលឱ្យច្បាស់សិន”។

បន្ទាប់មក នាយខ្វិន ក៏ឃើញក្រោលគោគេមួយក៏ប្រាប់ នាយខ្វាក់ ថា "ឯងទៅលួចគោគេទៅ អញចាំមើលផ្លូវឱ្យឯង"។ នាយខ្វាក់ ដាក់ នាយខ្វិន ចុះហើយដើរស្ទាបៗចូលទៅក៏ជួបនឹងខ្លា។ ខ្លាឃើញ នាយខ្វាក់ ស្មានថាជាឃ្លេ ក៏ខ្លាចមិនហ៊ានកម្រើកខ្លួន។

 នាយខ្វាក់ ស្ទាបអស់ទាំង ប្រាណខ្លាស្មានថាជាគោក៏ស្ទាបទៅលើក្បាលខ្លាមិនមានស្នែងអរណាស់ និយាយខ្សឹបៗថា “ហ្គា ! អានេះស្នែងនប់ធាត់ល្អណាស់ អញទុកជា អានប់កូនក្រោល”។ នាយខ្វាក់ ក៏ចាប់ទាញខ្លាដឹកយកមកខ្លះ។

ឯខ្លាស្មានថាឃ្លេ ក៏ចេះតែបណ្តោយខ្លួនទៅតាម នាយខ្វាក់ ។ លុះ ដឹកមកដល់ក្រៅរបង នាយខ្វាក់ ប្រាប់ នាយខ្វិន ឱ្យយកកន្លះមកខ្លះអានប់ កូនក្រោល។ នាយខ្វិន ឃើញហើយប្រាប់ នាយខ្វាក់ ថា "អាខ្វាក់ ខ្លា ទេ” នាយខ្វាក់ ឆ្លើយថា “បើឯងខ្លាច ឯងហុចកន្លះឱ្យអញមក អញខ្លះវាយកទៅភ្ជួរស្រែ”។

 នាយខ្វិន ហុចកន្លះឱ្យ នាយខ្វាក់ៗបានកន្លះ ហើយក៏ចាក់ច្រមុះខ្លាភ្លាម។ ខ្លាឈឺច្រមុះទ្រាំពុំបានក៏ស្ទុះច្រឡោតស្រែក ឮសូរតែរ៉ូម ហើយរត់ចូលព្រៃបាត់ទៅ។ នាយខ្វិន ខ្លាចស្ទើរដាច់ខ្យល់ ស្លាប់។ ប៉ុន្តែ នាយខ្វាក់ មិនព្រមស្ដាប់ចេះតែទន្ទេញថា “ស្តាយអានប់ កូនក្រោលអញធាត់ល្អណាស់...”។

ពួកគេក៏ធ្វើដំណើរទៅមុខទៀត។ លុះទៅដល់វាលស្រែក៏ឃើញខ្ទម មួយមានទាំងរនាស់ហើយអណ្តើកមួយផងដែរ។ នាយខ្វិន ប្រាប់ នាយខ្វាក់ ថា "វើយ អាខ្វាក់ មានខ្ទមមួយនៅវាលស្រែ ឃើញខ្សែពួរ និង ចង្អេរផង”។ នាយខ្វាក់ ប្រាប់ថា “ចេះតែយកឱ្យអស់ទៅ” នាយខ្វិន ប្រកែកថា “យកធ្វើអីធ្ងន់ឥតអំពើ”។ នាយខ្វាក់ ឆ្លើយថា "ធ្ងន់អីឯង ធ្ងន់ តែអញទេចេះតែយកៗទៅ”។ នាយខ្វិន ក៏ប្រមូលយកគ្មានសល់ព្រមទាំង បាយមួយឆ្នាំងទៀតផង។

នាយខ្វាក់ ជាមនុស្សមានសុខភាពល្អ កម្លាំងក៏ខ្លាំងដើរតាំងពីយប់ រហូតដល់ភ្លឺបានជួបមនុស្សម្នាក់កំពុងយកឃ្មុំ។ នាយខ្វិន ប្រាប់ នាយខ្វាក់ ថា "អើយ ! មានគេកំពុងយកឃ្មុំ”។ នាយខ្វាក់ ស្រែកប្រាប់អ្នកយកឃ្មុំ ថា "វើយចែកគ្នាស៊ី” អ្នកយកឃ្មុំឆ្លើយថា “អើ ! អញស៊ីតែទឹកទេ ទុក សាច់ឱ្យឯង”។ អ្នកយកឃ្មុំបានហុចបំពង់មួយចុកឆ្នុកជិតហុចឱ្យនាយខ្វាក់។

នាយខ្វាក់ និយាយថា “កន្លែងនេះស្អុយណាស់យើងទៅរកកន្លែងផ្សេង ទៀត”។ នាយខ្វាក់ ចុកបំពង់វិញហើយធ្វើដំណើរទៅមុខទៀត។ យូរ បន្តិច នាយខ្វាក់ និយាយថា “អញឃ្លានមែនទែនហើយ រកកន្លែងស៊ី បាយសិន”។ នាយខ្វិន ក៏ឃើញដើមឈើមួយមានម្លប់ត្រជាក់ក្បែរមាត់ ត្រពាំងក៏នាំគ្នាឈប់។ បន្ទាប់មក នាយខ្វាក់ ដកឆ្នុកបំពង់ធុំក្លិនស្អុយ ដដែលក៏លូកដៃចូលបំពង់ប៉ះសុទ្ធតែលាមកក៏លាន់មាត់ថា "វើយ អាខ្វិន អាដែងនោះវាបញ្ឆោតយើងទេ វាជុះអាចម៍ដាក់បំពង់ចុកមាត់ ហើយយក មកឱ្យយើង”។ 

នាយខ្វាក់ ខឹងណាស់លាងដៃរួចក៏នាំគ្នាបរិភោគបាយ មានកម្លាំង ទើបធ្វើដំណើរទៅរកអ្នកឱ្យឃ្មុំបម្រុងនឹងសងសឹក។និយាយពីស្តេចមួយអង្គកំពុងនាំបុត្រី ពៅ មកប្រគល់ឱ្យយក្សស៊ី ដោយ ទុកបុត្រីនៅក្នុងសាលាដំណាក់មួយដែលជាកន្លែងសម្រាប់ដាក់មនុស្សឱ្យ យក្សស៊ី។ ព្រោះយក្សនោះចង់ស៊ី នាងពៅនេះណាស់ បើមិនឱ្យព្រះនាង ទៅវាស៊ីទេ វានឹងស៊ីមនុស្សក្នុងព្រះនគរទាំងមូល។ នាងពៅអាណិតអស់ ប្រជារាស្ត្រព្រមទាំងព្រះបិតា បំណង។

ជួនជាថ្ងៃនោះដែរ ខ្វាក់ និង ខ្វិន ក៏បានទៅដល់សាលាដំណាក់នោះ។ នាយខ្វិន ប្រាប់ នាយខ្វាក់ ថា “ឥឡូវយើងមកដល់សាលាដំណាក់មួយ យើងឈប់មួយភ្លែតសិនហ៍!” នាយខ្វាក់ ឆ្លើយថា "អើ ! ឈប់ក៏ឈប់”។

និយាយពី នាងពៅនៅក្នុងស្គរឮមាត់ពួកគេជជែកគ្នាក៏ចេញមកសួរថា “អ្នកទាំងពីរទៅណាមកពីណា ត្បិតសាលានេះជាកន្លែងសម្រាប់ដាក់ មនុស្សឱ្យយក្សស៊ីតែប៉ុណ្ណោះ ពេលព្រលប់យក្សនឹងហោះមកដល់ហើយ។ ឯខ្លួនខ្ញុំគឺជាចំណីរបស់យក្ស។ ដូច្នេះចូរអ្នកចេញទៅវិញឱ្យឆាប់ទៅ បើ នៅមុខជាយក្សស៊ីអ្នកជាចំណីមិនខានឡើយ”។

នាយខ្វាក់ ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនដែលចេះខ្លាចអ្វី ផងនោះក៏ឆ្លើយឡើងថា "ទៅខ្លាចអីយក្ស បើវាមកខ្ញុំកាប់វាឱ្យងាប់”។ នាងពៅ ! នាយខ្វាក់និយាយដូច្នេះក៏ប្រាប់ទៅវិញថា “បើអ្នក សម្លាប់យក្សនោះបាន ទ្រព្យសម្បត្តិទាំងប៉ុន្មាននៅទីនេះ ខ្ញុំជូន អ្នកទាំងអស់”។

 នាយខ្វាក់ ឮដូច្នោះអរណាស់ បង្គាប់ នាយខ្វិន ថា "អាខ្វិន ! ឯងទៅយកបាយឱ្យអញស៊ី និងអាលមានកម្លាំងសម្លាប់ យក្ស”។ នាយខ្វិន គ្រាន់តែឮថាយក្សក៏ភ័យស្ទើរលោះព្រលឹង។ ចំណែក នាយខ្វាក់ ស៊ីបាយឆ្អែតហើយក៏បិទទ្វារសាលាជិត។

លុះដល់ពេលព្រលប់យក្សមកក៏ឮសន្លឹកដូចព្យុះលាន់ខួរទាំងដី។ នាយខ្វិន ភ័យលេចអាចម៍លេចនោម។ ឯនាងពៅ ក៏សន្លប់នៅក្នុងស្គរ។ នាយខ្វាក់ ឮសន្លឹកយក្សមកមិនខ្លាចអង្គុយចាំនៅមាត់ទ្វារយ៉ាងអង់អាច។

លុះពេលយក្សមកដល់ឃើញទ្វារសាលាបិទ យក្សស្រែកសន្ធាប់ដូច រន្ទះថា “អាណាបិទទ្វារសាលាអញ?”។ នាយខ្វាក់ មិនខ្លាចឆ្លើយថា "អញបិទទ្វារសាលារបស់អញ"។ យក្សសួរទៀតថា "ឯងមកពីណាចិត្តអី ក៏ធំម៉្លេះ ថ្លើមឯងប៉ុណ្ណាបានជាហ៊ានដល់ម្លឹងនោះ?” នាយខ្វាក់ ក៏បោះ ចង្អេរគ្រោងទៅឱ្យយក្ស។ យក្សមើលឃើញចង្អេរភ្លាមគិតថា "ថ្លើមអានេះ ធំណាស់”។ 

យក្សសួរបន្តទៀតថា “ចុះចែឯងធំប៉ុណ្ណាទៅ?” នាយខ្វាក់ បោះអណ្ដើកទៅឱ្យយក្សៗស្មានថាចៃមែនទែនក៏សួរទៀតថា “ចុះរោម ជើងឯងធំប៉ុណ្ណាដែរទៅ?”។ នាយខ្វាក់ បោះខ្សែពួរទៅឱ្យយក្សប្រាប់ថា “នេះជារោមជើងរបស់អញ”។ យក្សគ្រាន់តែឃើញខ្សែពួរភិតភ័យយ៉ាង ខ្លាំង ក៏រត់ដាក់មេប្រូចមិនងាកក្រោយឡើយ។

នាយខ្វាក់ ប្រាប់ នាងពៅ ថា “នែព្រះនាង! យក្សរត់បាត់ហើយ ត្បិត វាខ្លាចខ្ញុំ វាមិនហ៊ានមកទីនេះទៀតឡើយ"។ នាងពៅ ក្រោកពីសន្លប់ ក៏ប្រាប់ នាយខ្វាក់ថា "នែលោក ! នៅមានយក្ខិនីមួយទៀត តែយប់ជ្រៅ បន្តិចទើបវាមកដល់”។ នាយខ្វាក់ ឮ នាងពៅ និយាយដូច្នេះក៏ប្រ នាយខ្វិន ថា "អាទិត ទៅរកដាវមួយឱ្យមុតសមល្មមនឹងកម្លាំងអញ" វាយទ្វិត ក៏ទៅយកដាវមួយសមនឹងចិត្ត នាយខ្វាក់ ។

លុះយប់បន្តិចយក្ខិនីនោះហោះមកឮសន្លឹកដូចផ្គរ។ នាយខ្វាក់ បិទ ទ្វារត្រៀមខ្លួនរួចជាស្រេចឈរកាន់ដាវនៅមាត់ទ្វារ។ ពេលយក្ខិនីមកដល់ វាក៏ច្រានទ្វារអើតកចូលមក។ នាយខ្វាក់ ឮសន្លឹកយក្ខិនីច្រានទ្វារក៏កាប់ ដាច់កយក្ខិនីស្លាប់នៅកន្លែងនោះ។ បន្ទាប់ពី នាយខ្វាក់ នាយខ្វិនដឹងថា យក្ខិនីស្លាប់បាត់ហើយក៏នាំគ្នាប្រមូលយកមាសប្រាក់នោះចេញទៅ។

លុះព្រឹកឡើង នាយខ្វិន ឃើញដើមក្រសាំងមួយប្រាប់ នាយខ្វាក់ ឱ្យចូលទៅនឹងចែករបស់គ្នា។ នាយខ្វាក់ ក៏ដាក់ នាយខ្វិន ចុះពីលើស្វាយក របស់មកចែកគ្នា។ នាយខ្វិន ធ្វើជាមេចំណែករើសយករបស់ល្អៗដាក់ខាង មុខខ្លួនហើយសួរថា "អាខ្វាក់ ឯងយករបស់ខាងមុខឯងឬខាងមុខអញ?”

នាយខ្វាក់ មានប្រាជ្ញាគិតថា អាខ្វិន ប្រហែលជាយករបស់អន់ៗដាក់ នៅមុខខ្លួនក៏ប្រាប់ទៅ នាយខ្វិន ថា “អញយករបស់នៅខាងមុខឯង”។ នាយខ្វិន ឃើញដូច្នេះក៏ប្រាប់ នាយខ្វាក់ ថា "ចែកម្តងទៀត ចែកមិន ទាន់ស្មើគ្នាទេ”។

 នាយខ្វិន ដូររបស់ល្អដាក់នៅខាងមុខ នាយខ្វាក់ ហើយសួរទៀតថា "ឯងយកខាងណា?” នាយខ្វាក់ យកដៃស្ទាបលើ របស់ក៏ឆ្លើយថា “អញយករបស់នៅមុខអញ”។ នាយខ្វិន ប្រាប់នាយខ្វាក់ ថា “ចែកមិនត្រឹមត្រូវទេ ចែកម្ដងទៀត”។ នាយខ្វាក់ ឆ្លើយថា "ឯង ជាអ្នកចែក ហេតុអ្វីថាមិនត្រឹមត្រូវ”។

ខ្វាក់ និង ខ្វិន ប្រកែកគ្នាទៅវិញទៅមកស្រាប់តែផ្លែក្រសាំងមួយជ្រុះមក ចំក្បាល នាយខ្វាក់ៗ ស្មានថា នាយខ្វិន វាយក៏និយាយខ្លាំងៗថា “យីអើ ! ត្រឹមតែមាត់មិនអស់ចិត្តដៃដល់ទៀត”។ នាយខ្វាក់ ក៏លើកជើងធាក់ នាយខ្វិន មួយទំហឹង ស្រាប់តែជើង នាយខ្វិន ត្រង់ទាំងសងខាង។ ចំណែក នាយខ្វិន ខឹងណាស់ក៏ក្ដាប់ដៃយ៉ាងណែនដាល់ នាយខ្វាក់ ត្រូវ ភ្នែកៗ នាយខ្វាក់ ក៏ភ្លឺច្បាស់ទាំងសងខាង។ អ្នកទាំងពីរភ្ញាក់ផ្អើលយ៉ាង ខ្លាំងក៏បាត់ខឹងនឹងគ្នា ហើយធ្វើដំណើរទៅមុខទៀត។

និយាយពី នាងពៅ ព្រឹកឡើងអស់មនុស្សម្នាឃើញនាងនៅរស់ ហើយ ឃើញយក្ខិនីងាប់ចង្រាងក៏រត់ទៅក្រាបទូលស្តេច។ ព្រះអង្គយាងមកដល់ ក៏មានព្រះទ័យត្រេកអរជាខ្លាំងក៏មានបន្ទូលសួរបុត្រីថា “ដូចម្តេចបានជា បុត្ររួចផុតពីកណ្តាប់ដៃយក្ស ហេតុអ្វីបានជាយក្ខិនីស្លាប់ទៅវិញ?” នាងពៅ ក្រាបទូលព្រះបិតាតាមដំណើររឿងដែលបានជួប។

បន្ទាប់មកស្ដេចបញ្ជាសេនា ប្រកាសរកអ្នកដែលបានសម្លាប់យក្ស ទ្រង់ នឹងលើក នាងពៅ ជាព្រះមហេសី ហើយឱ្យឡើងសោយរាជ្យជាស្តេច ផែនដី។ រាជអាមាត្យបានប្រកាសគ្រប់ស្រុកភូមិរហូតបានជួប នាយខ្វាក់ នាយខ្វិនៗក៏ត្រេកអរជាខ្លាំងប្រាប់សេនាថា "រូបខ្ញុំនេះហើយ ជាអ្នក សម្លាប់យក្ស បើមិនជឿ ខ្ញុំមានរបស់ដែលបានមកអំពីយក្សជាសំគាល់”។ រាជអាមាត្យក៏នាំអ្នកទាំងពីរទៅថ្វាយស្ដេច។

លុះទៅដល់ព្រះរាជវាំង នាយខ្វាក់ និង នាយខ្វិន ក៏ប្រញាប់ចូលគាល់ ស្តេចក្រាបទូលតាមដំណើររឿងទាំងអស់។ ស្ដេចហៅបុត្រីមកជួប ហើយ មានព្រះបន្ទូលថា “បុត្រីបិតា ! តើបុរសទាំងពីរនាក់នេះឬដែលជាអ្នក សម្លាប់យក្សនោះ?”។ ព្រះនាងទូលព្រះអង្គថា “ក្រាបទូលព្រះបិតា គាត់នេះហើយជាបុរសក្លាហានសម្លាប់យក្ស តែពីមុនពួកគាត់ជាមនុស្ស ខ្វាក់ខ្វិនទេតើ”។

បន្ទាប់ពីស្ដេចទ្រង់ជ្រាបរឿងរ៉ាវសព្វគ្រប់ហើយ ក៏ទ្រង់ផ្សំផ្គុំបុត្រីរៀប អភិសេកជាមួយ នាយខ្វាក់ ឱ្យឡើងសោយរាជ្យជំនួសព្រះអង្គ។ ចំណែក នាយខ្វិន ឱ្យធ្វើជាឧបរាជ ត្បិតជាមនុស្សកំសត់កម្រជាមួយគ្នា។ ចប់  ភ្នែកសាច់ មិនសម្រេចដូចភ្នែកត្រាថ្នា


































0 comments:

Post a Comment