រឿង ភ្នំស្រីវិបុលកេរ្ដិ៍

អ្នកទស្សនា: Views

 


រឿង ព្រេងភ្នំស្រីវិបុលកេរ្ដិ៍

ភ្នំស្រីវិបុលកេរ្តិ៍ ជាឈ្មោះភ្នំតូចមួយ រាងពងក្រពើ មានកម្ពស់ ប្រមាណជាសាមសិបប្លាយម៉ែត្រ ។ សព្វថ្ងៃភ្នំនេះ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកសូទ្រនិគម (សៀមរាប) ។ នៅជើងភ្នំ មានវត្តមួយ អ្នកស្រុកហៅថា "វត្តត្រាច" ខ្លះហៅរួមទាំងភ្នំផងថា "ភ្នំវត្តត្រាច ឬ ភ្នំត្រាច" ក៏មាន ដោយសន្មតតាមទីកន្លែងនេះ មានដុះដើមត្រាច ជាដើម ។

ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ ៦ ពីភ្នំពេញ ឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមានផ្សារមួយ, បត់ចូលទៅខាងឆ្វេងដៃ សសៀរតាមផ្លូវមុខសាលាសូទ្រនិគម ។ ចម្ងាយប្រមាណជា ៧ គីឡូម៉ែត្រ នៅទិសខាងជើងនៃសាលាស្រុក ក៏នឹងបានដល់ទីនេះ ។ ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ រថយន្តគ្រប់ធុន អាចចេញចូលបានគ្រប់រដូវ ។ 

កាលបើគេបានទៅដល់ភ្នំនេះហើយ ជាបឋម គេប្រទះឃើញវត្តមួយ មានរាងសមរម្យ នៅកណ្ដាលធម្មជាតិយ៉ាងស្រស់ ។ តាមព័ត៌មានពីអ្នកស្រុកនិយាយថា វត្តនេះ ពីដើមនៅលើកំពូលភ្នំឯនោះទេ, ប៉ុន្តែដោយហេតុ មាននិមិត្តអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ លោកគ្រូចៅអធិការចេះតែអារឹស ។ ដូច្នេះហើយ បានជាគេរុះរើកុដិ សាលា យកមកសង់នៅជើងភ្នំវិញ កាលពីរវាងជាង ៤០ ឆ្នាំមុននេះ, ទុកតែព្រះវិហារមួយ នៅលើកំពូលភ្នំរហូតមក ។

 មានតែជណ្ដើរពីរ ទេរស្រួល ឡើងទៅកាន់កំពូលភ្នំ គឺជណ្ដើរខាងលិច និង ខាងជើង ។ នៅក្បាលជណ្ដើរខាងលិច មានខ្លោងទ្វារថ្មបែបរចនាខ្មែរបុរាណ ហើយមានចម្លាក់រូបផ្សេងៗ នៅជាប់នឹងថ្មនោះផង, ជាពិសេស គឺនៅនឹងផ្ដែ ។ បណ្ដារូបចម្លាក់ទាំងនោះ មានរូបមួយ ទាក់ទងនឹងរឿងព្រេងប្រចាំភ្នំនេះ គឺរូបមនុស្សប្រុសដេកទ្រមឈូស ដែលយើងនឹងអធិប្បាយរឿងជាហូរហែទៅខាងមុខ ។ នៅពីមុខព្រះវិហារ មានរាងប្រាសាទបាក់បែក ក៏មានគង់នៅជាប្រាង្គតូចមួយ ជាមួយគំនរថ្ម ដែលធ្លាក់ប្រគីងប្រគងគ្នា រុះរាយនៅជុំវិញនោះ ។

 នៅក្នុងប្រាង្គសិលានេះ គេឃើញមានតម្កល់សិវលិង្គ និង យោនីនាងឧមាភគវតី ដែលឥឡូវនេះ មានធូលីរុំព័ទ្ធដោយសារគ្មាននរណាគោរពបូជា ដូចកាលពីជំនាន់ដើមឡើយ ។ ជិតខាងប្រាង្គសិលានេះទៀត មានចេតិយចាស់ៗ ជាច្រើន ទំនងជាសាងឡើងរាប់រយឆ្នាំមកហើយដែរ តែពុំមែនស្រករគ្នានឹងប្រាង្គសិលាទេ គឺក្រោយមកជាច្រើនសតវត្ស ព្រោះបែបរចនា ជារចនារបស់ខ្មែរជំនាន់ឧត្ដុង្គ ក្រុងលង្វែកប៉ុណ្ណោះ ។

តាមអ្នកស្រុកឲ្យព័ត៌មានបន្ថែមថា ពីដើម នៅចំពីមុខព្រះវិហារ មានរូបថ្មមួយធំ ជារូបមនុស្សស្រី ដេកអាក្រាតខ្លួន អ្នកស្រុកសន្មតហៅថា រូប "នាងសន្ធមា" ដែលមានឫទ្ធិខ្លាំងក្លាណាស់ ។ ចាស់ៗ ដំណាលថា បើនរណាមួយ ដើរទៅ-មកកាត់មុខនេះ ហើយមិនបានគោរពបូជាទេ, រូបនេះ នឹងធ្វើឲ្យចុកពោះ ឈឺថ្កាត់ផ្សេងៗ មួយរំពេច ។

 ហេតុនេះហើយ បានជាមកដល់សម័យលោកគ្រូចៅអធិការ ព្រះនាមសៅ (ជាង ៤០ ឆ្នាំហើយ) លោកឲ្យគេគាស់រំលើងយករូបនេះ ទៅបោះចោលនៅឯក្នុងព្រៃខាងកើតព្រះវិហារ ចម្ងាយប្រមាណជា ៥០០ ម៉ែត្រ ។ ចាប់តាំងពីនោះមក រូបនេះ ក៏លែងបានរុកកួនដល់អ្នកស្រុកអ្នកភូមិទៀតទៅ តែអ្នកស្រុកមិនដែលហ៊ានទៅចូលព្រៃ ចំកន្លែងចោលរូបថ្មឡើយ ។ ដូចនេះ ព្រៃមួយដុំនេះក៏ក្លាយទៅជាព្រៃរហោស្ថានរហូតមក ។


ឥឡូវ យើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្ដង ។ រឿងព្រេងនេះ យើងស្រង់យកតាមសេចក្ដីឲ្យការណ៍របស់លោក គុយ-ហួត នៅស្រុកសូទ្រនិគម (សៀមរាប) ដោយផ្សំជាមួយការចងចាំ នៃអ្នកស្រុកខ្លះទៀត ដែលយើងបានស៊ើបសួរផ្ទាល់ ។ មានសេចក្ដីដំណាលថា ៖

ព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទយសកេរ្តិ៍ គ្រងរាជ្យនៅដែនសិម្ពលី មានអគ្គមហេសី ព្រះនាមសុវណ្ណមាលា ។ ព្រះអង្គ មានព្រះទ័យប្រកបដោយធម៌ល្អណាស់ ។ ថ្ងៃមួយ មានក្សត្រប្រទេសជិតខាងមួយព្រះអង្គ ព្រះនាមភូមោវិលោរាជា មានក្ដីលោភលន់ចង់ពង្រីកអាណាចក្រ ក៏លើករេហ៍ពលមក ប្រាថ្នាវាយដណ្ដើមយកទ្រព្យសម្បត្តិក្រុងសិម្ពលីនេះ ។

 ព្រះរាជាដែនសិម្ពលី ទ្រង់ជ្រាបហើយ ក៏នាំព្រះមហេសីដែលកំពុងមានគភ៌ផង ភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយ ទុករាជសម្បត្តិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះ ។ សេចក្ដីសម្រេចដូច្នេះ មកពីព្រះអង្គទ្រង់ឈ្វេងយល់ថា បើទ្រង់គង់នៅតតបសង្គ្រាមទៅ នឹងបណ្ដាលឲ្យស្លាប់អ្នកស្រុកច្រើនជាអនេកមិនខាន, ហេតុនេះ ទ្រង់ភៀសចេញតែព្រះអង្គឯង និង ព្រះរាជពនិតាទៅចុះ ទុកឲ្យរាស្ត្រប្រជាបានសុខសាន្តត្រាណ ។ ដូច្នេះ ព្រះបាទភូមោវិលោរាជា ក៏បានគ្រប់គ្រង លើរាជសម្បត្តិដែនសិម្ពលីនេះទៅ ។

ចំណែកឯព្រះបាទយសកេរ្តិ៍ និង ព្រះអគ្គមហេសី ទ្រង់យាងភៀសព្រះអង្គ ទៅគង់នៅក្នុងព្រៃ ត្រង់តំបន់ភ្នំតូចមួយ (គឺភ្នំស្រីវិបុលកេរ្តិ៍នេះឯង) ។ ប៉ុន្តែ មិនបានសុខសាន្តត្រាណឡើយ ពពួករេហ៍ពលព្រះបាទភូមោវិលោរាជា គេតាមមកចាប់ព្រះអង្គបាន នៅពេលដែលទ្រង់យាងរកផ្លែឈើ មើមឈើធ្វើព្រះស្ងោយ ។ គេនាំយកព្រះអង្គទៅបង្ខាំងទុកឯក្នុងប្រទេស ព្រោះខ្លាចក្រែងព្រះអង្គ ទៅបង្កបានបក្សពួកវាយដណ្ដើមយករាជ្យវិញ ។ ពេលនោះ ព្រះអគ្គមហេសី ក៏ទ្រង់នៅត្រមោចត្រមង់មួយព្រះអង្គឯង ណាមួយទ្រង់ពផ្ទៃជិតគ្រប់ខែហើយផង ។

 មិនយូរប៉ុន្មាន ព្រះនាងក៏ប្រសូតិព្រះរាជបុត្រនៅកណ្ដាលព្រៃ បានព្រះរាជបុត្រាមួយ មានព្រះភក្ត្រស្រស់បស់ព្រះរូបឆោមសមរម្យ ដូចព្រះបិតា ដោយសារព្រះរូបឆោមល្អឆើតនេះ ព្រះនាង ក៏ថ្វាយព្រះនាមរាជឱរសនេះថា "ស្រីវិបុលកេរ្តិ៍ " ។ ចំណេរតមក ប្រមាណជាព្រះជន្មបាន ១៥-១៦ ឆ្នាំ ព្រះរាជកុមារ តែងសាកសួររឿយៗ រកព្រះបិតា ។ ព្រះវររាជមាតា ក៏និទានរឿងរបស់ខ្លួន ឲ្យព្រះរាជបុត្របានជ្រាបសព្វគ្រប់។ កាលបើទ្រង់ជ្រាបថា ព្រះវរបិតាគង់ព្រះជន្មនៅឡើយ ហើយកំពុងតែជាប់ក្ដីនៅក្នុងកណ្ដាប់ដៃសត្រូវដូច្នោះ ព្រះរាជកុមារ ក៏សុំលាព្រះមាតាទៅតាមរកមួយរំពេច, ប៉ុន្តែព្រះនាង ទ្រង់ឃាត់យ៉ាងម៉ឺងម៉ាត់ ព្រោះខ្លាចព្រះរាជបុត្រា មានគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។

 ទោះបីព្រះមាតាឃាត់យ៉ាងណា ក៏ព្រះរាជកុមារនៅតែទទូច លុះត្រាតែព្រះមាតាព្រមបើកឲ្យទៅ ដោយប្រគល់នូវព្រះពស្ត្រសម្រាប់រាជ្យ ដែលមានជាប់មកនឹងព្រះអង្គ ឲ្យទៅព្រះរាជបុត្រ ដើម្បីសម្រាប់បង្ហាញជាបន្ទាល់ ឲ្យស្ដេចបិតាទ្រង់ជឿថា នេះពិតជាព្រះរាជបុត្រហើយ ។ ព្រះនាង ផ្ដាំបន្ថែមទៀតថា "ចូរកូនទៅ កុំឲ្យយូរហួសពី ៧ ថ្ងៃ បើកំណត់ ៧ ថ្ងៃហើយ កូនមិនឃើញមកវិញទេ ម្ដាយនឹងបែកទ្រូងស្លាប់មិនខាន" ។

ព្រះរាជកុមារ ថ្វាយបង្គំលាព្រះមាតារួចស្រេច ក៏ម្នីម្នាតម្រង់ទៅ ដែនពារាណសី ដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គ ។ ជួនជាពេលនោះ ព្រះបាទភូមោវិលោរាជា ចាត់ឲ្យពេជ្ឈឃាដនាំយកព្រះបាទយសកេរ្តិ៍ ទៅសម្លាប់នៅកណ្ដាលព្រះលាន, ឃើញដូច្នោះ ព្រះរាជកុមារ ស្ទុះចូលទៅជិតពួកពេជ្ឈឃាដ ហើយសុំឃាត់ថា "សូមអ្នកលែងព្រះវរបិតាខ្ញុំនេះចុះ ហើយសម្លាប់ខ្ញុំជំនួសវិញ ខ្លួនខ្ញុំជាកូន សុំធានាទទួលទោសទាំងអស់" ។

 ពេជ្ឈឃាដទាំងអស់ ក៏ស្រឡាំងកាំងគ្រប់គ្នា ផ្អាកលែងប្រហារអ្នកទោសនេះសិន ហើយជំនុំគ្នា នាសេចក្ដីទៅក្រាបបង្គំព្រះរាជា សុំសេចក្ដីអនុញ្ញាត ឲ្យធ្វើឃាតបុត្រាជំនួសចុះ ។ ពេជ្ឈឃាដក៏ដោះលែងព្រះបាទយសកេរ្តិ៍ឲ្យរួចខ្លួនទៅ ហើយដាក់ក្ដីកុមារស្រីវិបុលកេរ្តិ៍ជំនួសវិញ, ប៉ុន្តែពេលនេះ ជាការអស្ចារ្យណាស់ ដាវរបស់ពេជ្ឈឃាដប្រែត្រឡប់ជាទន់ដូចសំឡី ឥតមានគ្រោះថ្នាក់អ្វី ដល់ព្រះអង្គឡើយ ។ ដោយសារហេតុចម្លែកដូច្នេះ ព្រះបាទភូមោវិលោរាជា ទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះ ដោយផ្ទាល់ព្រះនេត្រ, តែជាអកុសល ដោយអំពើអាក្រក់ ដែលខ្លួនបានប្រព្រឹត្តមក, ពេលនោះ ព្រះធរណី ក៏ស្រូបយកព្រះរាជាអធម៌នេះបាត់ទៅ ។

ប្រជានុរាស្ត្រ ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីទាំងអស់ កោតស្ញែងអានុភាពឫទ្ធិបារមី នៃព្រះកុមារស្រីវិបុលកេរ្តិ៍គ្រប់ៗ គ្នា ។ ម្ល៉ោះហើយ, អ្នកស្រុកទាំងអស់ ក៏មូលមតិគ្នា ថ្វាយរាជសម្បត្តិទៅព្រះរាជកុមារ ព្រះអង្គក៏ទ្រង់យល់ព្រមទទួល ទើបផ្ដើមរៀបចំព្រះរាជពិធីរាជាភិសេកឡើងក្នុងពេលនោះ ។

ប៉ុន្តែ នៅក្នុងរាត្រីស្ងាត់, ព្រះរាជកុមារ ក្រាបទូលព្រះវររាជបិតា អំពីបណ្ដាំរបស់ព្រះមាតា ដែលទ្រង់ផ្ដាំថា កុំឲ្យហួសរវាង ៧ ថ្ងៃ ឥឡូវយប់នេះជាគម្រប់ថ្ងៃទី ៧ ហើយ ។ ព្រះបាទយសកេរ្តិ៍ និង ស្រីវិបុលកេរ្តិ៍ ក៏ទ្រង់ព្រមព្រៀងគ្នា លួចភៀសព្រះអង្គចេញពីក្នុងវាំង ឥតឲ្យពួកពលមន្ត្រីយោធាដឹងដានឡើយ ។ ចេញផុតពីវាំងហើយ ទ្រង់ខំយាងដោយព្រះបាទាយ៉ាងលឿន កាត់ព្រៃ ឆ្លងវាល ច្រូតកាត់សំដៅទៅកាន់ទីដែលព្រះនាងសុវណ្ណមាលាគង់នៅ ។

 ដោយសារផ្លូវលំបាក ហើយមានចម្ងាយឆ្ងាយផង ព្រះរាជដំណើរនេះ ត្រូវប្រព្រឹត្តទៅអស់រយៈមួយយប់មួយថ្ងៃ ។ ហេតុនេះហើយ បានជាទម្រាំតែទៅដល់ ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយ ។ ព្រះរាជកុមារ និង ព្រះបិតា ទ្រង់រន្ធត់ព្រះទ័យយ៉ាងខ្លាំង ព្រះអង្គក៏រៀបចំបូជាសពព្រះនាងតាមការគួរ, តែដោយព្រះកុមារទ្រង់តម្រិះថា "ព្រះមាតាសុគតទៅ ក៏ដោយសារតែព្រះអង្គ ហេតុនេះ គួរតែព្រះអង្គរកវិធីណាសម្ដែងការប្ដូរផ្ដាច់ ឲ្យបានសមនឹងទឹកព្រះទ័យនៃព្រះមាតា ដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គ" ។

 ទ្រង់ព្រះតម្រិះដូច្នេះ ទ្រង់ក៏តម្កល់ព្រះសពមាតាក្នុងមឈូស ហើយលើកមឈូសនេះ ដាក់លើព្រះឱរា ដោយព្រះអង្គទ្រង់ផ្ទំទ្រមឈូសធ្វើជាជើងថ្ករ ។ លុះបូជាព្រះសពនេះទៅ ព្រះអង្គក៏ក្ស័យព្រះជន្មទៅជាមួយដែរ ។ ឯព្រះបិតា ទ្រង់យល់ដូច្នេះ ក៏ទ្រង់ព្រះវិតក្កសោយសោកពន់ប្រមាណ តែព្រះអង្គខំទប់ព្រះចិន្ដា ត្រឡប់មកទទួលគ្រប់គ្រងរាជសម្បត្តិវិញ ។ ក្រោយដែលគ្រងរាជ្យហើយ ទ្រង់ក៏ចាត់ចែងធ្វើប្រាង្គសិលា ដើម្បីតម្កល់ព្រះបរមអដ្ឋិ នៃព្រះអគ្គមហេសី និង ព្រះរាជបុត្រ ។ ទីដែលតម្កល់ព្រះអដ្ឋិនេះហើយ ដែលគេសន្មតហៅថា "ភ្នំស្រីវិបុលកេរ្តិ៍ " រហូតមកសព្វថ្ងៃនេះ ។

សេចក្ដីអធិប្បាយមកនេះ ជារឿងព្រេង ដែលអ្នកស្រុកនិទានតគ្នា ពីមាត់មួយទៅមាត់មួយ, តែបើតាមពិនិត្យសង្កេត រកហេតុផលវិញ យើងពុំអាចសន្មតប្រាកដប្រជា ថាជារឿងត្រូវពិតបានឡើយ ព្រោះធម្មតារឿងនិទាន តែងល្អៀង តែងឃ្លៀងឃ្លាត នៅតាមសំដីអ្នកស្រុក តាមជំនឿអ្នកស្រុក ដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ ។

រឿង ភ្នំប្រសិទ្ធិ

អ្នកទស្សនា: Views

 


រឿង ភ្នំប្រសិទ្ធិ
ដែលអ្នកស្រុកហៅថា "ភ្នំប្រសិទ្ធិ" គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ។ ភ្នំទាំងពីរនេះ ភ្នំខាងលិច មិនមានរឿងរ៉ាវ ឬ កន្លែងបរមបុរាណអ្វី គួរគប្បីនឹងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះ ដែលមានរឿងរ៉ាវច្រើន មានដំណែលចាស់ៗ ទាក់ទងដោយរឿងព្រេង ច្រើនយ៉ាង ។ កាលពីដើម អ្នកស្រុកច្រើនទុកភ្នំនេះ ជាទីកន្លែងសក្ដិសិទ្ធិសម្រាប់អ្នកស្វែងបន់ស្រន់ឲ្យសម្រេចប្រាថ្នាណាមួយ ឬ ធ្វើការសាងសីលភាវនានៅទីនោះ, តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយបន្តិចម្ដងៗ ទៅតាមការវិបត្តិនៃអារ្យធម៌ ។ ហេតុនេះ ទីភ្នំនេះឯង ទៅជាទីទេសចរណ៍មួយ សម្រាប់អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរទៅកម្សាន្ត នៅរាល់ពេលដែលបានទំនេរលំហែពីការងារ ។

 សព្វថ្ងៃ បើទៅតាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ ៣៨ ជិតដល់ផ្សារឧត្ដុង្គ មានផ្លូវជាតិលេខ ២៦ បែកចូលទៅខាងឆ្វេងដៃ ។ ចូលទៅតាមផ្លូវនេះ អស់ចម្ងាយ ១៦ គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃ បន្តទៅទៀត ទើបដល់ជើងភ្នំនេះ ។

នៅនឹងចង្កេះភ្នំ ផ្នែកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្ដោយប្រមាណជា ២៧ ម៉ែត្រ ។ ត្រង់នេះអ្នកស្រុកហៅថា "កន្លែងព្រះនិព្វាន" ។ នៅខាងក្រោមកន្លែងព្រះនិព្វាននេះបន្តិច មានរូងដីមួយកន្លែងទទឹងប្រមាណ ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ ជារូងទាល់ តែមានមកពីអង្វែងកាលហើយ ។ ខាងកើតរូងដីនេះបន្តិច មានថ្មមួយផែនយ៉ាងធំ ហើយមានសភាពចម្លែកត្រង់មានស្នាមជើងសេះ និង ស្នាមជើងមនុស្ស ទ្រុឌជាប់នៅនឹងថ្មនោះ, ប៉ុន្តែ ដោយសារពេលវេលាយូរលង់ពេក, សព្វថ្ងៃ ក៏រលប់ខ្លះៗ ទៅហើយ ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកន្លែង អ្នកស្រុកហៅថា "ឥសីចង្ក្រម" ។

លុះឡើងដល់កំពូលភ្នំ មានព្រះវិហារមួយ ជាសំណង់ចាស់បុរាណដែរ មានទទឹង ៨ ម៉ែត្រ, បណ្ដោយ ១៥ ម៉ែត្រ, អ្នកស្រុកសន្មតនាមព្រះវិហារនេះហៅថា "វិហារត្រៃត្រិង្ស" ។

អំពីរឿងព្រេង ដែលទាក់ទងនឹងទីកន្លែងទាំងនោះ មានដោយឡែកៗ ពីគ្នា ដែលយើងលើកយកមកអធិប្បាយ មួយម្ដងៗ ដូចតទៅ ៖

១- អំពីរូងដី និង ឥសីចង្ក្រម

ចំពោះទីកន្លែងទាំងពីរនេះ មានរឿងព្រេងតែមួយ គឺ រឿង "បក្សីចាំក្រុង" ។សេចក្ដីពិស្ដារនៃរឿងព្រេងនេះ យើងបានបោះពុម្ពក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ ៥ ត្រង់រឿងព្រះវិហារសួ រួចសព្វគ្រប់ហើយ, ឥឡូវ យើងចោះយកតែត្រង់អន្លើ ដែលមានទាក់ទង នឹងទីកន្លែងត្រង់នេះ មាននិយាយបញ្ជាក់ តែប៉ុណ្ណោះ ។

សេចក្ដីដំណាលថា ៖ កាលដែលស្ដេចដំបងគ្រញូងជ្រែករាជ្យនោះ ក៏បានឡើងគ្រប់គ្រងរាជ្យរហូតមក ។ ប៉ុន្តែ រាជសម្បត្តិនេះ ពុំបានសុខសាន្តទេ នៅរយៈពេលតែ ៧ ឆ្នាំ និង ៧ ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់ គឺពញាក្រែក មកដណ្ដើមរាជ្យជាបន្តទៅទៀត ។ ដំណើររឿង មុននឹងបានរាជ្យទៅព្រះបាទពញាក្រែកនោះ, ព្រះបាទដំបងគ្រញូងបានធ្វើទុក្ខទោស ដល់ញាតិវង្សក្សត្រអង្គមុន សន្ធឹកណាស់, ហេតុនេះ បានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែកឡើងសោយរាជ្យហើយ ក៏ចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរ ។ ប៉ុន្តែនៅពេលនោះ មានអ្នកម្នាងមួយនោះ មានគភ៌ រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្ដានជារាស្ត្រ ។ ថ្ងៃមួយមានហេតុចម្លែកជាប្រផ្នូល, ព្រះបាទពញាក្រែក ក៏ឲ្យហោរាគន់គូរមើល, ហោរក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀត ចាប់បដិសន្ធិក្នុងផ្ទៃរបស់អ្នកម្នាង នៃស្ដេចដំបងគ្រញូងឋិតនៅទិសណាៗ ក៏ក្រាបទូលសព្វ ។ វេលានោះ ព្រះពញាក្រែក ក៏ឲ្យពេជ្ឈឃាដ តាមរកឃើញ យកមកកាប់សម្លាប់ចោលទៅ ។

 តែពេលកាប់នោះ ទារកនោះឯង ក៏រត់ឡើងពីពោះ ទៅនៅក្នុងទ្រូងម្ដាយ លុះត្រាតែពេជ្ឈឃាដទៅផុត ទើបទារកចេញចាកផ្ទៃមាតាមកនៅកណ្ដាលវាល ។ ពេលនោះ ក៏ចុះមកកាងស្លាប គ្របដណ្ដប់ទារកកុំឲ្យក្ដៅ, ជួនជាមានបុរសចាស់ម្នាក់ឈ្មោះគោហេ គាត់ភ្ជួរដីហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីកុមារទៅទុកថែរក្សា ។ អស់រយៈពេល ៧ ឆ្នាំ ស្ដេចឲ្យហោរគន់គូរម្ដងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេ ទ្រង់ត្រាស់ឲ្យប្រមូលយកក្មេងអាយុ ៧ ឆ្នាំ ទាំងអស់មកផ្ដិតមើលក្រយៅដៃ ។ ពេលនោះតាគោហេ ក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្ដិតដែរ ស្រាប់តែមានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ។ ប៉ុន្តែ តាគោហេ លួចកញ្ឆក់ចៅពរត់គេច ដោយមានសត្វកាងស្លាបគ្របពីលើ រហូតទាល់តែបាត់ផុតពីមុខបណ្ដាជនអ៊ូអរទៅ ។ សេនាអមាត្យនាំគ្នាតាមកិតៗ ដែរ តែពុំទាន់ ។

 តាគោហេ នាំកុមារនេះ ពីស្រុកមួយទៅស្រុកមួយ ដូចជាកាត់ទន្លេធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួ តែពុំបាត់ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ ។ កាលនោះ គាត់នាំកុមាររត់ពីវិហារសួ ឆ្លងទន្លេមកខាងលិចហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេ ទៅរកទីភ្នំ ដើម្បីងាយស្រួលពួនស្នាក់អាស្រ័យ ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថ្ងៃហៅថាភ្នំប្រសិទ្ធិនេះ) ។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ, ដូច្នេះហើយ បានជាតាគោហេ យល់ឃើញថា ជាទីសុខសាន្ត ។ មិនតែប៉ុណ្ណោះ ទីនោះឯង ជាទីអាស្រមបទ នៃពពួកឥសីទាំងឡាយ ធ្វើចង្ក្រមភាវនារាល់ថ្ងៃផង ។ តាំងពីមកនៅកន្លែងនេះ ក៏បានប្រកបនឹងសេចក្ដីសុខស្រួលមែន ។

លុះដល់ព្រះបាទពញាក្រែកសោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទិវង្គតទៅ ទើបមន្ត្រីរាជការទាំងអស់ ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដង្ហែឡើងគ្រងរាជ្យ ។ ទទួលពេលនោះ លេចឮល្បីព្រះនាមកុមារព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា "បក្សីចាំក្រុង" ព្រោះតាគោហេ បានថ្វាយនាមនេះ តាំងពីគាត់បានឃើញបក្សី តាមកាងស្លាបលើរាជកុមារ ពីតូចនោះមកម្ល៉េះ ។ អស់ពួកសព្វមុខមន្ត្រី នាំគ្នាទៅដង្ហែយកព្រះរាជកុមារ បក្សីចាំក្រុង ហើយរៀបអភិសេកគ្រងរាជ្យសម្បត្តិទៅ ។

ក្រោយពីបានឡើងគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូប ព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មតនាមទីភ្នំនេះថា "ភ្នំឫសីសិទ្ធិ" បានន័យថាភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា, ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំបួងសួងឲ្យរាជកុមារបានឡើងគ្រងរាជ្យ, លុះឥឡូវនេះ ក៏បានសម្រេចដូចប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូច្នេះ ។

២- អំពីផែនថ្មមានស្នាមជើងសេះ

ចំពោះស្នាមជើងសេះ នៅលើផែនថ្ម តាមចាស់ទុំនិយាយថា ៖ ទាក់ទងមកពីរឿងចៅឫទ្ធិសែន និងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាងសន្ធមា ទៅឲ្យនាងកង្រី ហើយទៅដេកស្នាក់នៅក្បែរទីអាស្រមបទនៃមហាឥសី ។ ពេលនោះ មហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមា បង្គាប់ឲ្យនាងកង្រីជាកូន សម្លាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់, ឥសីក៏លួចហែកសំបុត្រចោល ក្លែងសំបុត្រសាជាថ្មី ឲ្យនាងកង្រី ទទួលយកបុរសនេះធ្វើជាប្ដី កាលបើឃើញកុមារនេះទៅដល់ ។ គឺត្រង់កន្លែងនេះហើយ ដែលមានផែនថ្មធំ នៅទៀបកន្លែងឥសីចង្ក្រម ។ គឺនៅពេលកុមារឫទ្ធិសែន ត្រឡប់មកវិញ ដោយប្រញាប់ប្រញាល់ រត់ចោលនាងកង្រីនោះ ក៏មកកាត់ទីកន្លែងនេះទៀត បានជួបនឹងឥសី, ឥសីឲ្យទានស្លឹកឈើ ហើយឲ្យហោះរត់ ។ គឺលើផែនថ្មនេះហើយ ដែលឫទ្ធិសែនចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាមជើងសេះ ទ្រុឌជាប់នឹងផ្ទាំងថ្ម ត្រង់នោះឯង ។

បើពោលដោយសង្ខេបទៅ បុរាណដ្ឋាននេះ ជាទីដំណែល អំពីមហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុន្តែពុំមានដ្ឋាន ខាងអក្សរចារឹកឲ្យច្បាស់លាស់ ជាព័ត៌មានពិតប្រាកដប្រជាបានឡើយ, យើងយល់បានត្រឹមតែសេចក្ដីសន្និដ្ឋានប៉ុណ្ណោះ ដោយសង្កេតយកតាមរូបភាព ទីកន្លែង និងសេចក្ដីនិទានខ្លះ របស់អ្នកស្រុក ដែលចេះតែចាំតៗ គ្នាប៉ុណ្ណោះ ។ ដូច្នេះ, បើយើងសន្មតកំណត់ឲ្យជាក់ស្រេច ថាក្សត្រអង្គណាជាអ្នកកសាង ឬ ការកសាងនេះ ពីក្នុងរជ្ជកាលណានោះ ពុំទាន់បាននៅឡើយទេ ។ ការងារនេះ នៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃ ។

ក្រៅអំពីសេចក្ដីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារដែលយើងលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗ គ្នាមកនេះ, យើងងាកបែរទៅខាងទេសភាព នៃព្រៃព្រឹក្សានៅលើទីនេះម្ដង ។ តាមពិត, ភ្នំនេះ ពុំមែនជាព្រៃស្រោង ប្រកបដោយឈើឡើយ, សភាពព្រៃ ជាសភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្ដប់លើដីខ្សាច់សៗ នៅចន្លោះៗ ដុំថ្មធំៗ ហើយថ្មទាំងនោះ ភាគច្រើនក៏មានពណ៌សដែរ ។ ហេតុនេះ បានជាភ្នំនេះទៅជាកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើង និង យកមកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញសព្វថ្ងៃ ។

រួមសេចក្ដីមក ភ្នំប្រសិទ្ធិសព្វថ្ងៃ ជាទីទេសចរណ៍ សម្រាប់ជនរួមជាតិយើង មួយកន្លែងយ៉ាងសំខាន់ដែរ, បានជាមានរថយន្តទេសចរ ចេញចូលជាញឹកញាប់ រៀងរាល់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យផ្សេងៗ ដែលអ្នកធ្វើការងារបានឈប់សម្រាក ។



រឿង សួស្ដី និងអពមង្គល

អ្នកទស្សនា: Views


រឿង សួស្ដី និងអពមង្គល

សម័យមួយ សិរីសួស្ដី និងអពមង្គល ជួបនិយាយគ្នា ។ អពមង្គលសួរទៅសិរីសួស្ដីថា «លោកមាន​រឹទ្ធិ​អំណាច ដូចម្ដេចខ្លះ?»។ សិរីសួស្ដី ប្រាប់ទៅអពមង្គលថា «រឹទ្ធិអំណាចអញជាសិរីសួស្ដីនេះ ខ្លាំង​ពូកែ​ណាស់ សូម្បីតែមនុស្សខ្ញុំគេ ទោះគេស្អប់ គេមិនមេត្តា តែអញទៅសណ្ឋិតកាលណា នឹង​បណ្ដាលឲ្យគេស្នេហាទំនុកបម្រុងដរាបដល់បានរាជសម្បត្តិ»។

 ឯសិរីសួស្ដី សួរទៅអពមង្គលវិញថា «រឹទ្ធិអំណាច ដូចម្ដេចខ្លះ?» ។ អពមង្គលឆ្លើយថា «រឹទ្ធិអំណាច​ខ្ញុំនេះ បើខ្ញុំទៅសណ្ឋិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹង ខូចខាតសម្បត្តិទ្រព្យវិនាស​អន្តរាយ សូម្បីតែបានរាជសម្បត្តិហើយក៏គង់ថ្លោះធ្លោយ ធ្លាក់ខ្លួនទៅជាខ្ញុំគេបាន»។ អពមង្គល​ចង់​ដឹងរឹទ្ធិសិរីសួស្ដី ក៏ប្រាប់ថា «ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតុល សព្វថ្ងៃនេះ សេដ្ឋីប្រើឲ្យ​ឃ្វាល​គោ​ក្របី សេដ្ឋីខឹងនឹងអាតុល ជេរវាយតែសព្វថ្ងៃ ថាពុំមើលថែរក្សាគោក្របី ឲ្យស្គមអស់ ខ្ញុំចង់ឲ្យលោក​សិរីសួស្ដីទៅសណ្ឋិតនៅលើរូបអាតុលខ្ញុំសេដ្ឋីនោះ, បើវាបានរាជសម្បត្តិ ខ្ញុំក៏ជឿថា លោកមានរិទ្ធិ​ខ្លាំងពូកែប្រាកដមែន » ។

 សិរីសួស្ដីប្រាប់អពមង្គលវិញថា «ឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះ អញចូលទៅសណ្ឋិតនៅលើរូបអាតុល ខ្ញុំសេដ្ឋីហើយ តែកាលណាអញចូលទៅនៅហើយ មិនយូរ​ប៉ុន្មានមុខជាអាតុលខ្ញុំសេដ្ឋីនោះ វាបានសោយរាជសម្បត្តិមិនខាន»។ លុះព្រឹកឡើង ដល់ពេលអាតុលបញ្ចេញគោក្របីពីក្រោល យកទៅឃ្វាល សិរីសួស្ដីចូលទៅ​សណ្ឋិត​នៅលើរូបអាតុលៗ ក៏រីករាយ សប្បាយក្នុងចិត្តប្លែកពីថ្ងៃមុន។

 ដល់ពេលល្ងាច អាតុលកៀងគោក្របី ត្រឡប់មកបញ្ចូលក្រោលឯផ្ទះវិញ។ សេដ្ឋីទាំងប្ដីប្រពន្ធ​ឈរ​មើលគោក្របី ឃើញអាតុលរាំងទ្វារក្រោលគោក្របីខ្ជាប់ហើយ ទើបឡើងទៅអង្គុយលើផ្ទះ​សេដ្ឋី​ជា​ចៅហ្វាយ នៅត្រង់កន្លែងខ្លួន ដូចសព្វដង។ កាលសេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលហើយ ក៏នឹកក្នុង​ចិត្តអាណិតថា «ឱអាតុលអើយ ! ទៅឃ្វាលគោក្របី អត់បាយក្រហាយទឹកទាល់ល្ងាច ទើបបាន​បាយ​បរិភោគ ម្ល៉េះសមវាឃ្លានយ៉ាងណាទៅ ? គិតហើយ ក៏ដាស់តឿនខ្ញុំកំដរស្រីៗ ឲ្យដោះដួស​បាយ​ស៊ីរាល់គ្នា ។

ខ្ញុំស្រីៗក៏ដោះដួសភោជនាហារណា ដែលមានឱជារសយកទៅដាក់ជូនសេដ្ឋី ហើយប្រជុំគ្នាបរិភោគ។ សេដ្ឋីប្ដីប្រពន្ធ ហៅអាតុលឲ្យមកជិត ចាប់ម្ហូបដែលមានឱជារសឲ្យ​បរិភោគៗរួច សេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫករូបអាតុលនោះ ក៏ឃើញថាសមរម្យឥតខ្ចោះ រកទាស់​ចិត្តត្រង់ណាគ្មាន ។ បណ្ដាជនទាំងស្រីប្រុស ឲ្យតែឃើញរូបអាតុលនោះកាលណា ក៏មានចិត្ត​ស្នេហា​​មេត្តាពន់ប្រមាណ ។ ឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះ និយាយគិតគ្នាថា « សព្វថ្ងៃ​នេះ យើងឥតកូន ទ្រព្យសម្បត្តិក៏មានច្រើន អំណើះតទៅបើឥតពីយើង ទ្រព្យសម្បត្តិ​នឹងអន្តរាយ​អសារឥតការ គួរលើកអាតុលឡើងតម្កើងធ្វើជាកូន កុំឲ្យវាឃ្វាលគោក្របីទៀត ត្បិតអាតុលនេះ សាច់ឈាមឫកពាល្អណាស់ល្មមសមគួរជាកូនយើងបាន » ។

 ដល់ពេលល្ងាច អាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលរឹតតែ​ស្នេហា​មេត្តាពន់ពេក ក៏ហៅឲ្យបរិភោគបាយជាមួយមិនឃ្លាតឆ្ងាយពីខ្លួន ឈប់ឲ្យឃ្វាលគោក្របី ចាប់តាំងពីថ្ងៃនោះតទៅ ។ សេដ្ឋីទាំងប្ដីប្រពន្ធ យកសំលៀកបំពាក់ គ្រឿងមាសប្រាក់មកតុបតែងឲ្យអាតុលហើយប្រាប់ថា «ពីថ្ងៃនេះ​ទៅ អញទុកឯងជាកូន អំណើះពីអញទៅ ទ្រព្យសម្បត្តិអញទាំងប៉ុន្មាន នៅលើដៃ​កូនឯង​ទាំងអស់»។ អាតុលក៏រីករាយសប្បាយជាទីបំផុត ។ 

ដោយអំណាចសិរីសួស្ដី សណ្ឋិតលើខ្លួន លុះអាតុលចំរើនអាយុពេញរូបរាងឡើង ក៏រឹតតែល្អ រកបុរសឯណានឹងប្រៀបផ្ទឹមស្មើពុំបាន។ រាល់ព្រឹកល្ងាច សេដ្ឋីតែងចូលគាល់ព្រះមហាក្សត្រ ពុំដែលលស់ខាន ក៏នាំយកអាតុលជា​កូនទៅ​គាល់​ផង ។ ព្រះរាជាទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ស្ដេចចេញប្រថាប់នៅក្រឡាព្រះនៅឆ្ងល់ ព្រះរាជបុត្រី ក៏ដិតដោយក្រោយព្រះអង្គមក ។ កាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ទ្រង់ឆ្មៀងព្រះនេត្រ ឃើញសេដ្ឋី និងកូន​អង្គុយគាល់ទន្ទឹមគ្នា ទ្រង់ត្រាស់សួរថា « កូនសេដ្ឋីឬ ? សេដ្ឋីទូលថា « កូនទូលព្រះបង្គំជាខ្ញុំ » ។ 

ស្ដេចទ្រង់សរសើរថា « កូនសេដ្ឋីមានរូបមានឫកល្អណាស់»។ ព្រះរាជបុត្រី ក៏នឹកក្នុងព្រះទ័យថា « កូនសេដ្ឋីនោះមានលំអនឹងរកបុរសណាផ្ទឹមពុំបាន ធ្វើម្ដេចនឹងបានជាស្វាមីអញ? ដល់ពេលគួរ ស្ដេចនិងព្រះរាជបុត្រីនោះ យាងចូលទៅខាងក្នុងវិញ សេដ្ឋីក្រាបថ្វាយបង្គំលា នាំកូន​ត្រឡប់មកផ្ទះ ដល់ផ្ទះកូននិយាយនឹងសេដ្ឋីថា «សូមលោកឪលោកម៉ែមេត្តាកូន ទៅដណ្ដឹង​ព្រះរាជ​បុត្រីស្ដេចឲ្យខ្ញុំ ត្បិតកាលខ្ញុំចូលទៅគាល់ជាមួយលោកឪពុកនោះ ខ្ញុំបាទឃើញច្បាស់ព្រះរាជបុត្រី​នោះល្អណាស់ បើមិនដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំមុខជាស្លាប់មិនខាន» ។ 

ដោយស្នេហាកូនពេក សេដ្ឋីប្ដី​ប្រពន្ធ​ក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ ដាក់គ្រឿងបណ្ណាការជាតង្វាយសុទ្ធតែពេជ្រ និងមាសពោរ​ពាសច្រើនតុ លុះព្រឹកឡើងនាំតង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោង ។ ព្រះមហាក្សត្រ ស្ដេច​ចេញ​មកឲ្យនាហ្មឺនធំតូចគាល់។ សេដ្ឋីទាំងប្ដីប្រពន្ធ ក៏គាល់នៅជិតគ្រឿង​បណ្ណាការ​តង្វាយ​នោះ។ ស្ដេចត្រាស់សួរថា « សេដ្ឋី ! តង្វាយនេះ ប្លែកណាស់ មានការអ្វី ? » ។ សេដ្ឋីប្ដីប្រពន្ធក្រាបបង្គំ​ទូល​ថា « សូមព្រះរាជតេជះតម្កល់លើត្បូង សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ សូមទ្រង់ប្រោស​ព្រះរាជទានព្រះរាជបុត្រី ផ្សំនឹងកូនទូលព្រះបង្គំជាខ្ញុំ » ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះរាជអនុញ្ញាត ទ្រង់ចាត់មុខក្រសួង ឲ្យរៀបព្រះរាជពិធីសមោសរ ហោរាថ្វាយឫក្ស ទ្រង់ផ្សំព្រះរាជបុត្រី​នឹងកូន​សេដ្ឋី ហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផង ។

 លុះបានរាជសម្បត្តិហើយ ស្ដេចតុលនិងព្រះនាងមហេសី ក៏បានប្រកបសេចក្ដីសុខឥតទុក្ខា មហា​ប្រសើររៀងទៅ ។ និយាយពីរឿងអពមង្គលវិញ កាលជួបនឹងសិរីសួស្ដីក៏ថា «លោកសិរីសួស្ដីខ្ញុំជឿហើយឃើញថា លោកមានរឹទ្ធិ ជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែន, ដូច្នេះលោកចាំមើលរឹទ្ធិខ្ញុំវិញម្ដង សូមលោក​លែង​សណ្ឋិតនៅលើរូបស្ដេចតុលទៅ»។ សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុល អពមង្គលក៏ចូល​ទៅសណ្ឋិតលើរូបស្ដេចតុលម្ដង ។

 ឯស្ដេចតុលចេះតែមួម៉ៅ ក្ដៅក្រហាយ ព្រះនាងមហេសី​ស្រី​បរិវារ ក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តន៍ បណ្ដាលចិត្តឲ្យតែខឹងស្អប់ស្ដេចតុល អស់លោក​ចតុស្តម្ភទាំងប៉ុន្មាន ៗ ក៏ពុំសូវចូលចិត្តគិតចង់ឲ្យតែព្រះវររាជបិតាក្មេក យករាជ្យសម្បត្តិទៅវិញ។ ចំណែកស្ដេចតុល ចេះតែក្ដៅក្រហាយអន្ទះអន្ទែង ចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេក ក៏នាំ​ព្រះនាងមហេសី ស្រីបរិវារចេញទៅ លុះទៅដល់ក៏ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាល។ នៅទីមាត់​បឹង​នោះ ឮតែសព្ទសូរត្រដោកគោ ត្រដោកក្របី ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួនកាល​នៅជាខ្ញុំមហា​សេដ្ឋី ដែលគេប្រើឲ្យឃ្វាលក្របី ហើយក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួល ។ ព្រះនាងមហេសីសួរថា «ព្រះអង្គ ! ហេតុអ្វីក៏ទ្រង់ខ្សឹកខ្សួលម្ល៉េះ ?»។

 ស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថា «លាក់​បាំងអី ម្ចាស់អូនអើយ ! ខ្លួនបងនេះ មិនមែនកូនសេដ្ឋីទេ, ពីដើមបងជាខ្ញុំសេដ្ឋី ៗ គេប្រើឲ្យឃ្វាល​គោ​ក្របី ឥឡូវឮត្រដោកក្របីគោ បងនឹកស្រងេះស្រងោចអាណិតខ្លួន បានជាបងយំ » ។ ព្រះនាងមហេសីបានឮថាជាខ្ញុំសេដ្ឋី ក៏មានចិត្តទោមនស្សក្នុងព្រះទ័យពន់ពេកថា « ឱព្រះវរបិតា ពុំគួរផ្សំផ្គុំកូន ផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះ » ខ្ញាល់ហើយក៏នាំស្ដេចតុលនឹងស្រីបរិវារ ដែល​តាមហែទៅទាំងប៉ុន្មាន ត្រឡប់ចូលព្រះរាជវាំងវិញ ចូលក្រាបទូលវររាជបិតាមាតា តាមរឿងដែល​ស្ដេចតុលយំគ្រប់ប្រការ ។

 ស្ដេចជាព្រះវររាជបិតាមាតាទ្រង់ជ្រាបហើយ ទ្រង់ក្រោធពន់ប្រមាណ ទ្រង់ត្រាស់ឲ្យហៅសេដ្ឋីទាំងប្ដីប្រពន្ធមកដៀលត្មះជាទម្ងន់ ហើយប្រគល់ស្ដេចតុល ឲ្យទៅ​សេដ្ឋី​ប្ដី​ប្រពន្ធ នាំយកទៅផ្ទះវិញ។ ឯរាជសម្បត្តិ ស្ដេចទ្រង់គ្រប់គ្រងវិញ ។ សេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះហើយជេរវាយ ត្មះតិះ​ដៀល លែងរាប់អានជាកូន ឲ្យអាតុលឃ្វាលគោក្របីទុកជាខ្ញុំដូចដើម។


 

រឿង​ បុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍

អ្នកទស្សនា: Views

 


រឿង​ បុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍
មានរឿង​ព្រេង​មួយ​ដំណាល​ថា មាន​បុរស​កម្ជិល​ម្នាក់ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ មាន​កិរិយា​មារយាទ​ល្អ ចេះ​គោរព​ប្រណិប័តន៍​ប្ដី។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក បុរស​កម្ជិល​ចេះ​តែ​ពី​ដេក ដល់​ឃ្លាន​បាយ ទើប​ក្រោក​ឡើង​ស៊ី ៗ រួច​ដេក​ទៅ​វិញ សូម្បី​ថ្នាំ​ជក់ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី មិន​មាន​ពាក្យ​អាក្រក់​ទៅ​លើ​ប្ដី​សោះ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ នាង​រៀប​ស្លា ៥ ម៉ាត់ បារី ៥ ចូល​ទៅ​ក្រាប​សំពះ​ប្ដី ហើយ​ថា « ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី ត្បិត​យើង​សព្វ​ថ្ងៃ​ក្រ​ណាស់ យើង​មិន​បាន​រក​ស៊ី គ្មាន​ទទួល​ទាន​ទេ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ ធ្វើ​នង្គ័ល រនាស់​ធ្វើ​ស្រែ​នឹង​គេ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ»។

 ប្ដី​ថា​បើ​ដូច្នោះ ឲ្យ​នាង​ដាំ​បាយ វេច​ជា​សំណុំ​ចុះ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ ធ្វើ​នង្គ័ល រនាស់ ។ ប្រពន្ធ​ក្រោក​ពី​យប់​ដាំ​បាយ វេច​ជា​កញ្ចប់ មាន​ទាំង​ដឹង ពូថៅ​ទៅ​ផង ។ បុរស​កម្ជិល​ដេក​ទាល់​តែ​ថ្ងៃ​រះ ប្រពន្ធ​ពុំ​ហ៊ាន​ដាស់ ចាំ​ឲ្យ​ក្រោក​ខ្លួន​ឯង, ដល់​ក្រោក​ហើយ ប្រពន្ធ​ដង​ទឹក​ទៅ​លប់​មុខ​ឲ្យ​រួច​ស្រេច នាង​ក៏​ហុច​ស្លា​បារី នឹង​បាយ​កញ្ចប់ ព្រម​ទាំង​គ្រឿង​ប្រដាប់​ទៅ​ឲ្យ​ប្ដី ។

 បុរស​នោះ​ក៏​ចុះ​ពី​លើ​ផ្ទះ​ទៅ​ចូល​ក្នុង​ព្រៃ​រក​ឈើ, បាន​ឃើញ​ឈើ​មួយ​ដើម មាន​មែក​សាខា​ម្លប់​ជាក់ ក៏​ដាក់​បាយ​សំណុំ ដឹង ពូថៅ ហើយ​ដេក​គង​អន្ទាក់​ខ្លា មើល​ទៅ​លើ​និយាយ​តែ​ម្នាក់​ឯង​ថា «មែក​ឈើ​នេះ ត្រូវ​ធ្វើ​ជា​ផ្នៀង​នង្គ័ល មែក​នេះ​ត្រូវ​ធ្វើ​ជា​យាម មែក​នេះ​ត្រូវ​ធ្វើ​ជា​ដង មែក​នេះ​ត្រូវ​ជា​នឹម មែក​នេះ​ត្រូវ​ធ្វើ​ជា​រនាស់។ គ្រាន់​តែ​ដេក​ថា​ប៉ុណ្ណឹង ពេល​ឃ្លាន​បាយ​ក្រោក​ឡើង​ស្រាយ​បាយ​សំណុំ​ស៊ី ៗ​រួច ដេក​ថា​ដូច​មុន​ទៀត ថ្ងៃ​រសៀល​ត្រឡប់​មក​ផ្ទះ​វិញ» ។ 

ប្រពន្ធ​ឃើញ​រត់​ទទួល​យក​គ្រឿង​ប្រដាប់ នាំ​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ យក​ទឹក​លាង​ជើង​ឲ្យ​ប្ដី ហើយ​សួរ​ថា «អ្នក​ទៅ​បាន​ការ​ដូចម្ដេច​ខ្លះ? ប្ដី​ថា​មិន​ទាន់​បាន​ទេ​នាង! ចាំ​ស្អែក​សឹម​ទៅ​ទៀត ដល់​កន្លែង​ដើម​ឈើ​នោះ​ហើយ រុក្ខ​ទេវតា​ដែល​អាស្រ័យ​នៅ​ទី​នោះ ឮ​បុរស​កម្ជិល​ថា​ដូច្នោះ ក៏​ភ័យខ្លាច​រក​កន្លែង​នៅ​គ្មាន ក៏​គិត​គ្នា​នឹង​តាម​ទៅ​វាយ​សម្លាប់​បុរស​កម្ជិល​នោះ ឲ្យ​ស្លាប់​នៅ​មាត់​ជណ្ដើរ​ផ្ទះ កុំ​ឲ្យ​វា​មក​កាប់​ឈើ​នេះ​បាន។ បុរស​នោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ។ រុក្ខទេវតា​ តាម​មក​ដល់​មាត់​របង ឃើញ​ប្រពន្ធ​រត់​ទៅ​ទទួល​ប្ដី​ដល់​មាត់​ជណ្ដើរ យក​ទឹក​លាង​ជើង​ប្ដី។

 ដោយ​សិរី​សួស្ដី​ប្រពន្ធ​នោះ ទេវតា​ចូល​មិន​ចុះ មិន​ហ៊ាន​វាយ។ បុរស​នោះ​រួច​ពី​អន្តរាយ ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ប្រពន្ធ​សួរ និយាយ​ដូច​មុន​ទៀត​ថា «បាន​សព្វ​គ្រប់​អស់​ហើយ ព្រឹក​នឹង​ទៅ​កាប់» ។ ទេវតា​ភ័យ​ណាស់​ថា «បុរស​នោះ មុខ​ជា​កាប់​ហើយ​ព្រឹក​នេះ » ក៏​នាំ​គ្នា​មក​និយាយ​អង្វរ​ថា «សុំ​កុំ​កាប់​ឈើ​នោះ»។ បុរស​ថា « អញ​មិន​ព្រម​ទេ ព្រឹក​នេះ​អញ​ទៅ​កាប់​ហើយ» ។ ទេវតា​ភ័យ​ណាស់ ក៏​នាំ​គ្នា​និយាយ​សូក ដោយ​ប្រាប់​ទី​កន្លែង​កំណប់​មាស​ប្រាក់​ឲ្យ​បុរស ៗ​សួរ​ថា « ឲ្យ​កំណប់​ប៉ុន្មាន​កន្លែង ? » ។ ទេវតា​ថា​ពីរ​កន្លែង បុរស​ថា « មិន​ព្រម​ទេ បើ ៤ កន្លែង​ទើប​ព្រម ហើយ​ឲ្យ​ដាក់​ឈើ​សម្គាល់​ឲ្យ​ផង » ។

 ទេវតា​ក៏​ព្រម​ធ្វើ​តាម កុំ​ឲ្យ​តែ​កាប់​ដើម​ឈើ​នោះ ។ បុរស​ថា « បើ​ដូច្នោះ ខ្ញុំ​លែង​កាប់ តែ​ថា​ព្រឹក​នេះ ខ្ញុំ​ទៅ​គាស់​កំណប់​នោះ​ហើយ»។ ទេវតា​ថា «ទៅ​ចុះ​ខ្ញុំ​ដោត​ឈើ​សម្គាល់​ទុក​ឲ្យ»។ ព្រឹក​ឡើង​ប្ដី​ប្រពន្ធ នាំ​គ្នា​ទៅ​គាស់​កំណប់​ដែល​ទេវតា​ឲ្យ ក្នុង​កំណប់​មួយ​ៗ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ជញ្ជូន​បី​ថ្ងៃ បាន​សុទ្ធ​តែ​មាស និង​ប្រាក់​ចាក់​គរ​ពេញ​ផ្ទះ ។ នាង​នោះ ក៏​រៀប​ចំ​ដាក់​ហិប ដាក់​ឡាំង មិន​ឲ្យ​អ្នក​ណា​ឃើញ ហើយ​ក៏​ជួល​ជាង​ឲ្យ​ធ្វើ​គ្រឿង​ប្រដាប់ លក់​ជា​ជំនួញ​រឹត​តែ​មាន​ឡើង​ៗ បាន​ជា​សេដ្ឋី មាន​មនុស្ស​កុះករ​មូល​មក​នៅ​ពឹង​ពាក់​ជា​ច្រើន រាប់​មិន​អស់ ។ «ទ្រព្យ​គង់​ត្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក ត្បិត​ល័ក្ខណ៍​ស្រី​ជា»

រឿងតម្លង់៧សន្ដាន

អ្នកទស្សនា: Views


រឿងតម្លង់៧សន្ដាន

កាល​ពី​ព្រេង​នាយ មាន​បុរស​ប្តី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរ​បង​ប្អូន​នៅ​ភូមិ​ត្រៃ​សណ្តែក​ដើរៗ ទៅ​ប្រទះ​នឹង​អាតម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្តី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់​ទៅ​លើ​ភូមិ​ព្រៃ​សណ្តែក ត្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណា​គាត់​ទៅ​ឲ្យ​ត្រង់ ?»។ កូន​ក្រោល​បង្គោល​ស្នឹង អាក្រហម​មួយ​នេះ ម្តាយ​ក្មេក​គាត់​ចែក ឯ​អា​ស្នែង​កន្ទេក​ឪ​អញ​គាត់​ឲ្យ អញ​មិន​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។

ឯបុរស​ប្តី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮហើយ​និយាយ​គ្នា​ថា «អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ៗ​និយាយ​ពី​គោ ហើយ​ស្តី​គំរោះ​គំរើយ​ឲ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ​ក៏​បណ្តើរ​គ្នា​ហួស​ទៅ ។

ឯអាតម្លង់​៧ សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជាប្រពន្ធ​ក៏​ទូល​បាយ​ទៅ​ឲ្យ​ប្តី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោយ​ម្លប់​ឈើ នៅ​ភ្លឺ​ស្រែ ។ ប្តី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឲ្យ ក៏​ឈប់​ភ្ជួរ​ស្រែ បរិភោគ​បាយ និយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា

«មាន​បុរស​ប្តី​ប្រពន្ធ​បណ្តើរ​គ្នា​មក​ពី​ណា​ចោទ​ប្រកាន់​ថា អញ​លួច​គោ​វា ឯគោ ១ នឹម​នេះ ប្រាកដ​ជា​ម៉ែ​ឪឯង​ចែក​មក» ។

ប្រពន្ធ​ឃើញ​មាត់​ប្តី​និយាយ​ម្ហបៗ នឹក​ស្មាន​ថា​ស្តី​ឲ្យ​ខ្លួន ស្រាប់​តែ​ខឹង ហើយ​ឆ្លើយ​តបទៅ​វិញ​ថា

«អញ​គិត​ថា​ប្តី​មក​ភ្ជួរ​ស្រែ​ទាល់​ថ្ងៃ​ត្រង់ ខំ​ប្រញាប់​ប្រញាល់​ទូល​បាយ​មក​ឲ្យ​ស៊ី ឥឡូវ​ទៅ​ជា​ថា ឯង​មាន​សហាយ អញ​សហាយ​នឹង​ឈ្មោះ​អាណា គាត់​រក​មុខ​ឲ្យ​ឃើញ» ។

ឯប្តី​មិន​ទាល់​តែ​ពម​បាយ​អស់​មួយ​កូន​ល្អី ប្រពន្ធ​ថា​អ្វី​ក៏​មិន​ឮ​ផង ។ លុះ​ប្តី​បរិភោគ​រួច ប្រពន្ធ​កន្រ្តាក់​យក​ល្អី ។

ប្តី​សួរ​ថា «ឯង​មាន​ការ​អ្វី​ឯផ្ទះ បាន​ជា​ប្រញាប់​ម្ល៉េះ?»

ប្រពន្ធ​ថា «អញ​មុខ​ជា​ប្រាប់​ម៉ែ​ឪអញ​មិន​ខាន»

ហើយ​កណ្តៀត​ល្អី​ត្រឡប់​ទៅ​ដល់​ផ្ទះ ជួប​នឹង​ម្តាយ និយាយ​ទាំង​ខឹង​មុខ​ក្រហម​ប្រាប់​ម្តាយ​ថា «កូន​ប្រសា​ម៉ែ​ឯង​វា​ល្អ​ហើយ! ខ្ញុំ​ទូល​បាយ​ទៅ​ឲ្យ​ស៊ី ដាក់​ល្អី​ស្ទើរ​តែ​មិន​ទាន់ វា​ស្តី​ឲ្យ​ខ្ញុំ​ថា​មាន​សហាយ» ។

ចំណែក​ម្តាយ​នោះ ខឹង​ញ័រ​ឡើង​ថា «ហង​ឯង ដូច្នេះ​ទេ​តើ បាន​ជា​មុខ​ក្រហម អញ​ថា​កូន​ថា​ចៅ បាន​ជា​ចាំ​ផ្ទះ​ឲ្យ​វា ឥឡូវ​វា​ថា​ឯងលួច​ថ្នាំ​វា​យក​ទៅ​ដូរ​ដូង មេ​អន្តរធាន​ឯង​ក្រោយៗ កុំ​និយាយ​ដូច្នេះ មិន​ត្រូវ​ទេ សូម្បី​តែ​ថ្នាំ​១​ឆ្នុក ក៏​អញ​មិន​លួច​យក​ផង បើ​ទុក​ជា​អញ​យក​មែន ម្តាយ​នឹង​កូន​មិន​ត្រូវ​ហង​ឯង​ពោល​ឲ្យ​អញ​ខ្មាស​គេ​ទេ ចាំ​ឪហង​ឯង​មក អញ​ប្រាប់​ឲ្យ​ជេរ​វាយ​ប្រដៅ​ហង​ឯង​មិន​ខាន» ។

លុះ​យូរ​បន្តិច ប្តី​មក​ពី​កាប់​បង្គោល​ធ្វើ​របង​បង្ការ​មិន ឲ្យ​គោ​ក្របី​ចូល​ស៊ី​សំណាប​សន្ទូង ប្រពន្ធ​និយាយ​ប្រាប់​ប្តី​ថា «កូន​ស្រី​យ់ង​វា​យក​បាយ​ទៅ​ឲ្យប្តី ខ្ញុំ​ចាំ​ផ្ទះ​ឲ្យ​វា លុះ​មក​វិញ វា​ថា​ខ្ញុំ​ជា​ម្តាយ​លួច​ថ្នាំ​វា​ដូរ​ដូង ខ្ញុំ​ខឹង​ណាស់» ។

ប្តី​ស្តាប់​មិន​ឮ ខឹង​នឹង​ប្រពន្ធ​ក៏​ជេរ​ថា «មេ​ចោរ​គ្រហរ! ហង​ឯង​ប្រចណ្ឌ​អញ​អី​ម៉្លេះ! អញ​មាន​ស្លៀក​ពាក់​តែង​តួ​ដើរ​លេង​ចង់​ស្រី​ឯណា អញ​ទៅ​កាប់​ឈើ​ធ្វើ​បង្គោល​របង​ទេ​តើ! អញ​អត់​តែ​ម្តង​នេះ ក្រោយៗ​បើ​ហង​ឯង​នៅ​តែ​ស្តី​ប្រចណ្ឌ​អញ​ទៀត មុខ​ជា​អញ​ធាក់​ឲ្យ​ដួល​ទាំង​ជំហរ​មិន​ខាន» ហាម​ប្រពន្ធ​ហើយ បរិភោគ​បាយ រួច​ទៅ​ចង​សន្ទួច​បាន​ត្រី ត្រឡប់​មក​ផ្ទះ​វិញ ។

វេលា​ថ្ងៃ​ល្ងាច ប្រពន្ធ​ក៏​ធ្វើ​ត្រី​ស្ល​អាំង​ឲ្យ​ប្តី​បរិភោគ​ខ្លះ រំ​លែក​ទុក​ព្រឹក​ខ្លះ ដើម្បី​នឹង​ធ្វើ​សម្រាប់​យក​ទៅ​ប្រគេន​លោក​កូន​ឯ​វត្ត និង​កូន​ប្រុស​តូច​ម្នាក់​ឲ្យ​នៅ​រៀន​អក្សរ​ជា​មួយ​នឹង​លោក​បង​នោះ ។

លុះ​ព្រឹក​ឡើង ម្តាយ​នោះ​ដាំ​បាយ​ដួស​ដាក់​ចាន មាន​ម្ហូប​ពី​ល្ងាច​ស្រាប់ ទូល​យក​ទៅ​ដល់​កុដិ​ប្រគេន​លោក​កូន ហើយ​និយាយ​ថា

« ខ្ញុំ​ព្រះ​ករុណា​រលឹក​លោក​កូន​ណាស់! មួយ​ទៀត​ប្អូន​តូច​វា​រៀន​អក្សរ​ក្រាន់​បើ​ទេ?» ។​

លោក​កូន​នោះ​ប្រាប់​ថា «ចម្រើន​ពរ​ញោម! អាត្មា​សព្វ​ថ្ងៃ​នេះ កុំ​ពុង​ស្រឡាញ់​សីល​ផ្នួស​ណាស់, អាត្មា​មិន​សឹក​ទេ» ។

ម្តាយ​ក៏​ហៅ​កូន​តូច​ដែល​នៅ​បម្រើ​បង​នោះ​ថា «អានាង! លា​លោក​បង​ទៅ​ផ្ទះ​នឹង​ម្តាយ​បាន​មួយ​ថ្ងៃ​សិន ត្បិត​ឪពុក​ឯងរឭក​ណាស់» ។

កូន​តូច​ឆ្លើយ​ប្រាប់​ម្តាយ​ថា «ត្រី​ងៀត​លោក​បង នៅ​ពីរ​កន្ទុយ​ទុក​ក្នុង​កុដិ, ពេល​ល្ងាច ខ្ញុំ​យក​ពីរ​ចម្រៀក​ ដុត​ស៊ី​បាយ ដែល​សល់​ពី​លោក​ឆាន់​ពេល​ព្រឹក​នោះ» ។

ឯលោក​សង្ឃ ដែល​គង់​នៅ​ជិត​កុដិ​ទាំង​ប៉ុន្មាន បាន​ឮ​ម្តាយ​នឹង​កូន​និយាយ​តែ​ដោយ​ខ្លួន មិន​ទទួល​សម្រុង​គ្នា​ដូច្នើ លោក​ទាំង​អស់​ទប់​ពុំ​បាន ក៏​សោច​ទ្រហឹង​អឺង​អាប់ ។

សិកា​នោះ ក៏​សំពះ​លា​លោក​កូន​ត្រឡប់​មក​ដល់​ផ្តះ​វិញ ហើយ​លុត​ជង្គង់​ជូន​បុណ្យ​ប្តី​ថា «ខ្ញុំ​ជូន​បុណ្យអ្នក​ផង» ។

ប្តី​ឆ្លើយ​ថា «អើ! អញ​ឃើញ​បាយ​សម្ល​ខ​អាំង ព្យួរ​ទុក​នៅ​សង្រែក អញ​ស៊ី​អស់​ទៅ​ហើយ» ។

ប្រពន្ធ​ក៏​មើល​មុខ​ប្តីៗ មើល​មុខ​ប្រពន្ធ ប៉ប្រិច​ភ្នែក​ម៉ក់ៗ ធ្វើ​វា​ហឺ​តែ​ដោយ​ខ្លួន ។

លុះ​យូរ​បន្តិច ស្រាប់​តែ​ប្អូន​ស្រី​បង្កើត​ខាង​ប្តី នៅ​ភូមិ​ដទៃ​ឆ្ងាយ​មក​ដល់ បាន​ផ្លែ​ពង្រ​មួយ​ផ្តិល​និង​ស្លឹក​ប្រស់​ស្វា​មួយ​សំណុំ​មក​ផ្ញើ​បង និយាយ​សួរ​បង​ថា «បង​បាន​ភ្ជួរ​រាស់​ដក​ស្ទួង​បាន​ស្រែ​ប៉ុន្មាន​ហើយ?» ។

បង​ទាំង​ប្តី​ប្រពន្ធ​ឆ្លើយ​ប្រាប​ទៅ​ប្អូន​ស្រី​វិញថា «អើ​ហង! ល្មម​ទុក​ដាក់​ឲ្យ​វា​មាន​ប្តី​ទៅ​ចុះ តែ​ហង​មើល​កុំ​ឲ្យ​តែ​ចេះ​លេង​បៀ​ផឹក​ស្រា​ជក់​អាភៀន» ។

ប្អូន​ស្រី​ស្ងាប់​មិន​ឮ​ទៀត ក៏​ប្រាប់​ទៅ​បង​ទាំង​ពីរ​នាក់​ថា «ខ្ញុំ​ស្តាយ​ត្រឡាច​ខ្ញុំ​មួយ​ទ្រើង​ណាស់ កំពុង​តែ​ផ្កា​ក្តិប​តូចៗ ស្រាប់​តែ​មេ​ជ្រូក​វា​ទៅ​ឈ្មួស​គល់​ដាច់​ងាប់​អស់» ។

បង​ទាំង​ពីរ​នាក់​ថា «អើ​ហង! ល្មម​ទៅ​ផ្ទះ​ក៏​ទៅ​ចុះ ល្ងាច​ណាស់​ហើយ ក្រែង​កូន​វា​យំ​រក» ។

ប្អូន​ស្រី​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព្រោះ​អ្នក​ទាំង ៧ នាក់ គឺ​បុរស-ស្រី្ត ប្តី​ប្រពន្ធ, ម្តាយ​ឪពុក, លោក​ភិក្ខុ-កុមារ​ជា​កូន​និង​ប្អូន​ស្រី សុទ្ធ​តែ​ថ្លង់​និយាយ​មិន​ចុះ​សម្រុង​គ្នា បាន​ជា​រឿង​នេះ​គេ​ហៅ​ថា រឿង​តម្លង់​៧​សន្តាន ។


រឿង ចៅចាក់ស្មុគ

អ្នកទស្សនា: Views



រឿង ចៅចាក់ស្មុគ
កាល​ពី​ដើមម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគលើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់​ឯង​ថា  បើ​ងញ​ចាក់​ស្មុគបាន១ លក់​បាន ១០ សេន, បើ​ចាក់​ស្មុគ​បាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ, បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា  ។ បុរស​នោះ​មិន​គ្រាន់​តែ​គិតក្នុង​ចិត្ត ក៏​ងារ​ដៃ​លើក​ទាំង​ចើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​តាន់​គ៏​នៅ​តែ​កតោកៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មាន​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា  បើ​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត  ។ ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ ។ ទ្រមាក់​ដំរី​ក៏​ព្យួរ​ជា​មួយ​នឹង​បុរស​នោះ ។ គ្រា​នោះ​មាន​មនុស្ស​ទំពែក​ ៤ នាក់ ដើរ​ស្វែង​រក​មនុស្ស​ទៅ​បម្រើ​ប្រពន្ធ​គ្រប់​គ្នា លុះ​ដើរ​ទៅ​ដល់​ក្រោម​ដើម​ត្នោត​នោះ ទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ​ស្រែក​ថា  បើ​លោក​អ្នក​ណា​ជួយ​ខ្ញុំ​ឲ្យ​បាន​រួច​ពី​ចុង​ត្នោត​នេះ ខ្ញុំ​ទាំង​ពីរ​នាក់ សុខ​ចិត្ត​ទៅ​នៅ​បម្រើ​លោក​អស់​១​ជីវិត ។ ទំពែក​ទាំង ៤ នាក់​នោះ​ឮ​ហើយ ត្រេក​អរ​ណាស់ គិត​ថា បាន​ដូច​សេចក្តី​ប្រាថ្នា ក៏​ស្រែក​ថា  យើង​ទាំង​ ៤ នាក់​នឹង​ជួយ​អ្នក​ឲ្យ​រួច  ។ ទំពែក​ទាំង ៤ ឈ​ក្រោម​ដើម​ត្នោត យក​សំពត់​ចង​ក​ខ្វែង​ទល់ មុខ​គ្នា​ជា ៤ ជ្រុង ហើយ​ស្រែក​ប្រាប់​ទៅ​បុរស​ចាក់​ស្មុគ្រ និង​ទ្រមាក់​ដំរី​ថា  ចូរ​អ្នក​ទាំង​ពីរ​នាក់​ទម្លាក់​ខ្លួន​ពី​លើ​ចុង​ត្នោត​នោះ​មក​ចុះ!  ។ បុរស​ចាក់​ស្មុគ្រ​និង​ទ្រមាក់​ដំរី​ទម្លាក់​ខ្លួន​ទាំង​បីរ​នាក់ មក​លើ​សំពត់​ដែល​បុរស​ទំពែក​ទាំង ៤ នាក់​ចង​នោះ ដូច​ជា​គេ​ទាញ​សំពត់​ជាប់​នឹង​ក​ទំពែក​ទាំង ៤ ជល់​ក្បាល​គ្នា​ស្លាប់​ទាំង​បួន​នាក់​ទៅ ។ ឯទ្រមាក់​ដំរី​និង​បុរស​ចាក់​ស្មុគ្រ ឃើញ​ទំពែក​ទាំង ៤ នាក់​ស្លាប់​ដូច្នោះ ភ័យ​ណាស់ ទៅ​និយាយ​នឹង​យាយ​ចាស់​ម្នាក់​ថា  បើ​និយាយ​គិត​ដូច​ម្តេច​ឲ្យ​បាន​សុខ យើង​ទាំង​ពីរ​នាក់ នឹង​នៅ​បម្រើ​យាយ ទាល់​អស់​ជីវិត  ។ យាយ​ចាស់ មាន​ចិត្ត​ត្រេក​អរ ដោយ​ប្តី​ខ្លួន​ទៅ​កាប់​ចម្ការ​ឯព្រៃ ហើយ​និយាយ​ថា  បើ​ដូច្នោះ អ្នក​ទៅ​យក​ខ្មោច​ទាំង ៤ នោះ​មក​ដាក់​ក្នុង​ផ្ទះ ចង​រុំ​ឲ្យ​ស្រេច  រួច​យាយ​ចាស់​ឲ្យ​យក​ខ្មោច ១ ចេញ​ពី​ផ្ទះ​មក គាត់​ស្រែក​យំ ។ អ្នក​ស្រុក​សួរ, គាត់​ប្រាប់​ថា  ប្តី​គាត់​ស្លាប់ អ្នក​ស្រុក​ក៏​ជួយ​យក​ខ្មោច​នោះ​ទៅ​ដុត, យាយ​ចាស់​ប្រាប់​ថា សូម​អ្នក​ទាំង​អស់​ដុត​ធ្វើ​ឲ្យ​ល្អ ត្បិត​ប្តី​ខ្ញុំ​គាត់ ស្រឡាញ់​ខ្ញុំ​ណាស់ កាល​ដែល​គាត់​នៅ​រស់  ។ លុះ​គេ​យក​ខ្មោច ១ ទៅ​ដុត​ហើយ​យាយ​ចាស់​ស្រែក​ថា  ប្តី​គាត់​ទៅ​ផ្ទះ​ទៀត​ហើយ  ។ អ្នក​ស្រុក ក៏​ទៅ​យក​មក​ដុត​ទៀត ។ លុះ​ដុត​ទៅ​គម្រប់ ៤ លើក ទើប​ឃើញ​តា​ចាស់​ប្តី​យាយ​នោះ​ចេញ​មក​ពី​ព្រៃ​ចម្ការ មាន​ខ្លួន​នោះ​ប្រឡាក់​សុទ្ធ​តែ​ធ្យូង ពួក​អ្នក​ស្រុក​ឃើញ ក៏​នាំ​គ្នា​ដេញ​ចាប់​តា​ចាស់​នោះ យក​ទៅ​ដុះ​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ ។

រឿងទេវតាសែកសោយ

អ្នកទស្សនា: Views

 


រឿងទេវតាសែកសោយ
កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​ងស់​ទៅ ។

 ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូនៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ជា​ទេវតា​ល្អ ជួយ​ឲ្យ​ចម្រុង​ចម្រើន​យស​ស័ក្តិ​ភោគ​សម្បត្តិ ។ ទេវា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង​ចូល​មក​រក្សា​មនុស្ស​នោះ​កាល​ណា ម្តាយ​អាពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រលំ​បាក​ពន់​ពេក ហើយ​ថា​រឹទ្ធិ​អ្នក​ឯង​ពូ​កែ​មែន » ។ ទេវតា​អាក្រក់​និយាយ​តប​ទៅ​វិញ​ថា « អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូ​កែ​ទេ? » ។

 ទេវតា​ល្អ​ឆ្លើយ​ថា « ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង» ។ ទេវតា​អាក្រក់ ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ​ថែរក្សា​ហើយ​ហោះ​ទៅ ។ ទេវតា​បណ្តាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោគិត​ថា « ឱអញ បើ​អញ​រស់​នៅ គ្រាន់​អញ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជី​ដូន​អញ បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នក​ណា​នឹង​រក​ស៊ី​ចិញ្ចឹម​ជី​ដូន​អញ​ទៀត បើ​ដូច្នេះ អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី​ គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ » គិត​តែ​ប៉ុណេ្ណះ​ក៏​លែង​កាប់​ឧស ត្រឡប់​ទៅ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត​កាល​ទៅ​កាប់​ឧស ។

 ជីដូច​បាន​ស្តាប់​ហើយ​ក៏​ចូល​ចិត្ត​ព្រម​តាម​ចៅ បុរស​កំសត់​ទាំង​ពីរ​នាក់ គឺ​ជីដូន​និង​ចៅ ក៏​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​ងង្គុយ​បត់​ជើង​នៅ​មាត់​ជណ្តើរ​មហាសេដ្ឋី ។ លុះ​បន្តិច​ទៅ មហាសេដ្ឋី​ក្តី​ប្រពន្ធ​នាំ​គ្នា ចេញ​មក​ក្រៅ ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​អង្គុយ​ក៏​សួរ​ថា « ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី? » ។

 បុរស​កំសត់​នោះ ឆ្លើយ​ជម្រាប​ទៅ​សេដ្ឋី​ថា « ខ្ញុំ​ពីរ​នាក់​ចីដូន​និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត» ។ មហាសេដ្ឋី​ស្តាប់​ហើយ​ឆ្លើយ​ថា « អើ​ឯង​នៅ​ចុះ » ។ បុរស​នោះ​ជម្រាប​ទៅ​មហាសេដ្ឋីថា «សូម​លោក​មេត្តា​ឲ្យ​ខ្ញុំ​នៅ​បម្រើ​ខាង​លើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធម» ។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​ កុំ​ឲ្យ​ស៊ី​ស្រូវ កាល​ណា​គេ​យក​ស្រូវ​ទៅ​ហាល ។ បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឲ្យ​ទាស់​ចិត្ត​បន្តិច​សោះ ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់​អាន ។

 លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ​ សុំ​មហាដេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី ផ្លាស់​អស់​ខ្សែ​ពួរ​ចាស់ៗ​ទាំង​ប៉ុន្មាន ជួស​ជុល​ក្រោល​ឲ្យ​ស្អាត​ល្អ​ឡើង ក្របី​ទាំង​អស់​ចំនួន ១០០ ក្បាល ។ ដល់​យូរ​ទៅ មហាសេដ្ឋី​ប្តី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អា​នេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្តង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្តង» ក៏​នាំ​ប្តី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់​ មើល​ទៅ​ក្របី ខ្សែ​ពួរ និង​ក្រោល ពេញ​ចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម​អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅ​ហ្វាយ​នាយ» ។ បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់​ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡ់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រពាំង​ទឹក ទៅ​ជាន់​ដុំ​មាស​នៅ​ក្នុង​ត្រពាំង​នោះ បែរ​ទៅ​ខាង​ណា ក៏​សុទ្ធ​តែ​ដុំ​មាស ពេញ​ត្រពាំង​ទាំង​អស់ ។

 បុរស់​នោះ​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ » ថា​ហើយ​ក៏​យក​ដុំ​មាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ» ។ បុរស​នោះ ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំ​មាស​នោះ​ទៅ​ឲ្យ​ជីដូនៗ បាន​ឃើញ​ដុំ​មាស​ហើយ សួរ​ថា «ចៅ​យក​ពី​ណា​មក យក​ទៅ​វិញ​ទៅ​យាយ​មិន​ហ៊ាន​យក​ទេ ដុំ​មាស​ធំ​ម្ល៉េះ » ។ បុរស​ដឹង​ជា​ដុំ​មាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក រួច​ត្រឡប់​មក​វិញ ។

 ថ្ងៃ​ក្រោយ​មក​ ព្រះ​មហាក្សត្រ ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​អាមាត្យ​ថា « អ្នក​ឯង​ទៅ​ប្រាប់​សេនាបតី​ទាំង​៤ ថា « ល្ងាច​នេះ ឲ្យ​ដេក​ចាំ​ព្រះ​បរមរាជ​វាំង​នៅ​ចុង​ព្រះ​រាជ​រោង» ។ អាមាត្យ​នាំ​យក​ព្រះ​បន្ទូល​ទៅ​ជំរាប​សេនាបតី​ទាំង ៤ តាម​ដំណើរ ។

 សេនាបតី​ទាំង​នោះ ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះ​រាជឱង្ការ​ពេល​មក​ដេក​នោះ​ មិន​គិត​ប្រុង​ប្រយ័ត្ន​សោះ គិត​តែពី​ដេក​ទាល់​ភ្លឺ ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំង​អស់​គ្នា ក៏ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះ​បន្ទំ​វិញ ដល់​ព្រឹក​ឡើង ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ចាប់​សេនា​បតី​ទាំង​នោះ យក​ទៅ​កាប់​ចោល​ទៅ​ ។ លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​មហាសេដ្ឋី​ទាំង ៤ ឲ្យ​មក​ដេក​ដូច​មុន​ទៀត ។ មហាសេដ្ឋី​ដែល​ជា​ចៅ​ហ្វាយ​បុរស​កំសត់​នោះ ភ័យ​ណាស់ ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្តេច​ឲ្យ​សម្លាប់​សេនាបតី​ទាំង​៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំង​អស់​គ្នា ។

 លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស​កំសត់ៗ ក៏​ឡើង​មក​សួរ​ថា « ហេតុ​ម្តេច បាន​ជា​យំ​សោក​យ៉ាង​នេះ? » ។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​រឿង ។ បុរស​ថា « បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស » ។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរ​ណាស់ ឲ្យ​រក​សំពត់​អាវ​ល្អៗ យក​មក​ឲ្យ​បុរស​កំសត់​នោះ​ស្លៀក​ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំង ជា​មួយ​ពួក​មហាសេដ្ឋី​ឯទៀត តែ​ពេល​ទៅ បុរស​នោះ​យក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក ។

 ពួក​មហាសេដ្ឋី​ឯទៀត គេ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ​ ទើប​នាំ​គ្នា​ដេក​អស់​ទៅ ។ បុរស់​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះ​រាជ​រោង បុរស​នោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុតៗ ស្តេច​រត់​រួច​ទៅ ។ ក្នុង​ ១យប់​នោះ ស្តេច​ចេញ​មក ៣ ដង ។ បុរស​ដេញ​កាប់​ទាំង ៣ ដង​សេ្តច​ទ្រង់​រត់​ទៅ​វិញ ។ លុះ​ព្រឹក​ឡើង ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូល ឲ្យចាប់​សេដ្ឋី​ទាំង​ ៣ នាក់ ដែល​ដេក​នោះ យក​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ហៅ​បុរស​កំសត់​នោះ​ទៅ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​បុរស​កំសត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?» ។

 បុរស​កំសត់​ក្រាប​ទូលថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ» ។ ស្តេច​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅ​ហ្វាយ​បុរស​កំសត់​នោះ​មក​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី? » ។ មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន» ។ ស្តេច​មាន​ព្រះ​បន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំ​ធ្វើ​ជា​កូន​អញ» ។ មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្តេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ ។ ស្តេច​មាន​ព្រះ​រាជបុត្រី​មួយ​ព្រះ​អង្គ ទ្រង់​ក៏​រៀប​ផ្សំ​ផ្តុំ​នឹង​បុរស​កំសត់​នោះ ជា​ប្តី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឲ្យ​ឡើង​សោយ​រាជ្យ​យូរ​ទៅ ស្តេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឲ្យ​ទៅ​ដឹក​មាស​មក​ដាក់​ឃ្លាំង​ទុក ។ មាន​មួយ​ថ្ងៃ ស្តេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ឲ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្តេច​ឪពុកៗ ទ្រង់​ហាម​ថា « ឯង​ជាតិ​ជា​រាស្រ្ត បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង » ។ 

ស្តេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ជា​មួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំង​ពួង​គាល់​ត្រៀប​ត្រា ។ វេលា​នោះ ទេវតា​អាក្រក់ ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ​អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ជា​ស្តេច​ថែម​ទៀត នោះ​ឃើញ​ថា​អំណាច​អ្នក​ពូកែ​មែន បើ​បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឲ្យ​ខ្ញុំ​រក្សា​ម្តង» ។

 ទេវតា​ល្អ ប្រគល់​សេ្តច​កំសត់​ឲ្យ​ទៅ​ទេវតា​អាក្រក់​ហើយ​ហោះ ទៅ ។ ពេល​នោះ មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរស​នោះ​មួយ​រំពេច ស្តេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះ​បន្ទូល​ចំពោះ​ពួក​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា អញ​ឮ​ផ្គរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម​ណាស់ » គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ឮ​ក៏​ស្ទុះ​ទៅ​រក​ព្រះ​បិតា​ហើយ​ក្រាប​ទូល​ថា «ព្រះ​វរបិតា មិន​គួរ​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​អា​មនុស្ស​ឃ្វាល​ក្របី​នេះ សោះ​ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំមុខ​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា « ឮ​ផ្គូរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម ខ្ញុំ​ម្ចាស់​ខ្មាស់​ពួក​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្តី​ទេ​» ។

 ស្តេច​បិតា​ឮ​ដូច្នោះ ក៏​ឲ្យ​ចាប់​ស្តេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ ។ ដាក់​គុក​បាន​ពាក់​កណ្តាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ​ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​នឹង​ទេវតា​អាក្រក់​ថា «អ្នក​មាន​រឹទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្តេច​បុរស​បាន​ជាប់​គុក​ភ្លាម ដូច្នេះ​អ្នក​អញ្ជើញ​ទៅ​ចុះ ទុក​ឲ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ​ក៏​បណ្តាល​ចិត្ត​ស្តេច​បុរសៗ​នឹក​ឃើញ​ភ្លាម​ថា « អញ​មិន​គួរ​ភ្លាត់​សំដី​ឲ្យ​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ​ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឲ្យ​យក​មាស​ដែល​មក​ពី​ក្នុង​ត្រពាំង​នោះ ដំធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឲ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ​ក៏​ប្រើ​មេ​គុក​ឲ្យ​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្តេច​មាន​ព្រះ​បន្ទូល​ថា ឲ្យ​យក​មាស​ដំធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយ​ស្តេច​ដល់​កន្លែង​ទ្រង់» ។

 សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំង​ពួង ឲ្យ​ធ្វើ​ក្នុង​មួយ​យប់​ឲ្យ​ហើយ​លុះ​ព្រឹក​ឡើង ឲ្យ​ខ្ញុំ​ស្រី​សេដ្ឋី​១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​សេ្តច​ក្នុង​ព្រះ​រាជវាំង ។ ស្តេច​បិតា​ក្មេក​ទត​មក​ឃើញ ឲ្យ​អមាត្យ​រត់​ទៅ​មើល ។ អាមាត្យ​មក​ក្រាប​ទូល​វិញ​ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ហៅ​អ្នក​ទូល​ក្របី​នោះ ​មក​ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «នាង​ឯង​រាល់​គ្នា យក​ក្របី​មាស់​នេះ​ទៅ​ណា?» ។ ស្រី​ទាំង​នោះ​ថា « ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ» ។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​ហៅ​ព្រះ​រាជបុត្រី​ថា​មហេសី​ស្តេច​កំសត់ ឲ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះ​បន្ទូល​ថា «កូន​អើយ! ដែល​ប្តី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាល​ក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្តី យក​ប្តី​វិញ​ទៅ » មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ​ក៏​ទ្រង់​ឲ្យ​ទៅ​ដោះ​ស្តេច​បុរស​កំសត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះរាជបុត្រី​ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ ជា​សុខ​សម្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជីដូន​នៃ​បុរស​នោះ​ផង ។

រឿង សំគមបាញ់លលក

អ្នកទស្សនា: Views

 


រឿង សំគមបាញ់លលក

​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​២ ទំព័រ ១៤០-១៤៣ មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ​ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សព្វ​ណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក​គេ​ដាក់​ឈ្មោះ​ហៅ​ថា «អាសំគម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។

 ថ្ងៃ​មួយ​ អាសំគម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សំបុក​សម្បត្តិ ព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អាសំគម​បាញ់​លលក លី​ស្នា​ដើរ​រសៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្តើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរ​ដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម។​អាសំគម​បាញ់​លលក​ដើរ​រសៀរ​តាម​ភូមិ ងើប​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។

 កាល​បើ​អាសំគម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ, ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លំអ​ស្រស់​ស្រងៅ ទាំង​មាន​​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ នាំ​ឲ្យ​ភ្ញាក់​កន្ទ្រាក់​ដួង​ចិត្ត​ប្រុស​នៅ​វេលា​ឃើញ​ដំបូង ។ ឯ​អាសំគម​បាញ់​លលក គ្រាន់​តែ​ចោល​ភ្នែក​ទៅ​ប៉ះ​រូប​នាង​នោះ​ភ្លាម ក៏​ស្រឡាំង​កាំង​ភាំង​ស្មារតី ភ្លេច​ខ្លួន ជ្រុះ​ទាំង​ស្នា​ទាំង​ព្រួញ​ដល់​ដី ។

 អាសំគម​បាញ់​លលក តាំង​ពី​បាន​ឃើញ​កូន​សេដ្ឋី ក៏​ស្រឡាញ់​ជាប់​ក្នុង​ចិត្ត នឹក​ឥត​ភ្លេច ហើយ​ក៏​ទៅ​ដល់​ផ្ទះ ថ្លែង​ប្រាប់​ឪពុក​ម្តាយ និយាយ​នឹង​ម្តាយ​ឲ្យ​ទៅ​ដណ្តឹង​កូន​សេដ្ឋី​ឲ្យ ។ ម្តាយ​និយាយ​នឹង​កូន​ថា «នៃ​កូន​! ម្តេច​ក៏​ឯង​ទៅ​ស្រឡាញ់ កូន​សេដ្ឋី​អី ចេះ! បើ​ឯង​ក្រី​ក្រ​ភោគ​សម្បត្តិ ទាំង​រូប​ឯង​ទៀត​ក៏​អាក្រក់ មិន​សម​នឹង​កូន​គេ ធ្វើ​ម្តេច​គេ​នឹង​ឲ្យ​ឯង ?» អាសំគម​បាញ់​លលក ក៏​និយាយ​នឹង​ម្តាយ​ថា «ម៉ែ! បើ​ម៉ែ​មិន​ទៅ​ដណ្តឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំក៏​អស់​ឃើញ​មុខ​ម៉ែ, ម៉ែ​ក៏​លែង​បាន​ឃើញ​មុខ​ខ្ញុំ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ » ។ 

ម្តាយ​ដែល​មាន​ចិត្ត​អាណិត​​កូន​ ឮកូន​និយាយ​ដូច្នោះ ក៏​ស៊ូ​កាត់​កេរ្តិ៍​ខ្មាស់ ទៅ​និយាយ​ស្នើ​ការ​នឹង​សេដ្ឋីៗ ​ក៏​តប​វិញ​ថា «ខ្ញុំ​ឥត​បើ​ស្អប់​ខ្ពើម​អី​កូន​នាង​ទេ ប៉ុន្តែ​កូន​ខ្ញុំ​ៗ នឹង​ឲ្យ​ពុំ​បាន ត្បិត​មិន​ទាន់​គ្រប់​ការ, ណើ្ហយ​នាង! ប៉ុណេ្ណះ​ទុក​ជា​ស្រេច​ចុះ កុំ​បាច់​ទៅ​មក​ទៀត» សំដី​ប៉ុណេ្ណះ​ ជា​សំ​ដី​បង្វែង​ដាន​មិន​ចង់​ឲ្យ​ ។ ម្តាយ​អាសំគម​បាញ់​លលក ទញ់​តុះ​គំនិត​រក​ឧបាយ​កល​និយាយ​ទៀត​គ្មាន ក៏​លា​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​កូន ។ អាសំគម​បាញ់​លលក គ្រាន់​តែ​ម្តាយ​ប្រាប់​ដូច្នោះ​ភ្លាម ក៏​ផ្លាស់​ទឹក​មុខ​ក្រៀម​ក្រំ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ដង្ហើម​ឃូរៗ បាយ​លេង​នឹក ទឹក​លេង​ស្រេក​ចេះ​តែ​នឹក​មមៃៗ ហាក់​ដូច​ជា​កូន​សេដ្ឋី​នៅ​ចំពោះ​មុខ​ស្រស់ៗ ដោយ​កម្លាំង​សេចក្តី​ស្នេហា​ខ្លាំង​ពេក ហើយ​បែរ​ជា​មិន​បាន​ដូច​បំណង ។

 នៅ​វេលា​ដែល​អាសំគម​បាញ់​លលក​ចូល​ដេក ក៏​ចូល​ទៅ​ទាំង​នឹក​អាល័យ​ទៅ​ជា​មមើ ស្រែក​ច្រៀង​ទាំង​យប់​ថា៖ «ឆោម​អើយ​ឆោម​ឆើត​ទាំង​ពីរ​ប្រាណ ធ្វើ​ម្តេច​នឹង​បាន​មក​កៀក​កើយ ឲ្យ​ដូច​ជា​ពូក​និង​ខ្នល់​ខ្នើយ បើ​ម៉្លេះ​ទៅ​ហើយ​​អស់​​សង្ឃឹម» ។ អាសំគម​បាញ់​លលក ទុក​ជា​ដឹង​ថា គេ​លែង​ឲ្យ​ហើយ​ដូច្នោះ លុះ​ព្រឹក​ឡើង ក៏​នៅ​តែ​លី​ស្នា និង​ស្ពាយ​បំពង់​ព្រួញ ដើរ​ទៅ​សំដៅ​ភូមិ​សេដ្ឋី​រាល់​ថ្ងៃ​ឥត​ខាន សោះ​ ពួន​ចាំ​លប​មើលកូន​សេដ្ឋី ។ ថ្លែង​ពី​បុរស​ម្នាក់​ទៀត ជា​កូន​អ្នក​មាន​សម្បត្តិ ទាំង​រូប​ឆោម​នោះ​ក៏​ស័ក្តិ​សម ទឹក​មុខ​ឡើង​ស្រស់​បំព្រង ជា​ទី​ពេញ​ចំណង់​នៃ​ស្រ្តី​ភាព ។

 បុរស​នោះ​ក៏​ស្រឡាញ់​កូន​សេដ្ឋី​នោះ​ដែរ លុះ​ទៅ​ដណ្តឹង សេដ្ឋី​ក៏​មិន​ព្រម​ឲ្យ ។ បុរស​នោះ ទុក​ជា​ដឹង​ថា​គេ​មិន​ព្រម​ឲ្យ ក៏​នៅ​តែ​លប​មើល​កូន​សេដ្ឋី​រាល់​ថ្ងៃ ។ ជួន​ជា​​​ពេល​មួយ បុរស​នោះ​ក៏​ទៅ​អាសំគម​បាញ់​លលក​ក៏​ទៅ ហើយ​បាន​ជួប​គ្នា អាសំគម​បាញ់​លលក​សួរ​ថា «អ្នក​ឯង​ទៅ​ណា?» ។ បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​មក​លប​មើល​កូន​សេដ្ឋី » ឆ្លើយ​ហើយ​សួរ​ថា «ចុះ​ឯង​មក​ធ្វើ​អ្វី​ដែរ? » ។ អាសំគម​បាញ់​លលក​ថា «ខ្ញុំ​ក៏​មក​មើល​កូន​សេដ្ឋី​ដែរ» ។ បុរស​នោះ​ថា «យើ​!​រាង​នេះ អួត​ឯង​ចង់​បាន​កូន​សេដ្ឋី​ផង​! ប៉ុន​អម្បាល​រូប​ខ្ញុំ គេ​នៅ​តែ​មិន​ឲ្យ» ។ អាសំគម​បាញ់​លលក​ថា «បង​ឯង​ចាំ​មើល ខ្ញុំ​យក​ទាល់​តែ​បាន» ។ ជួន​ជា​ថ្ងៃ​នោះ សេដ្ឋី​ប្តី​ប្រពន្ធ​នាំ​គ្នា​ទៅ​វត្ត នៅ​តែ​កូន​ក្រមុំ​ពីរ​នាក់​ចាំ​ផ្ទះ ។

 អាសំគម​បាញ់​លលក​ដឹង​ដូច្នោះ កំពុង​តែ​គិត​រក​ឧបាយ ក៏​ជួនជា​ក្រឡេក​ទៅ​ឃើញ​សត្វ​លលក​មួយ​តំ​នៅ​ចុង​ឈើ​មុខ​ផ្ទះ​សេដ្ឋី ។ អាសំគម​បាញ់​លលក បាន​ឱកាស​ក៏​យឺត​ស្នា​បាញ់​ឮ​សូរ​ក្លឹង​បាប់ ស្រាប់​តែ​លលក​ទធាក់​​ជើង​ ទទះ​ស្លាប​នៅ​ទី​ធ្លា​មុខ​ផ្ទះ ។ លំដាប់​នោះ កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ចុះ​ទៅ​ដី ឃើញ​លលក​នោះ​ហើយ ក៏​ស្រែក​ប្រាប់​បង​ថា «អ្នក​បង​! អ្នក​ណា​បាញ់​លលក​ធ្លាក់​មក​នេះ? » ថា​ហើយ​ក៏​រើស​លលក​ទៅ ។ អាសំគម​បាញ់​លលក​ធ្វើ​ដូច​ជា​មិន​ដឹង ដល់​គេ​បោច​រួច​ហើយ ស្រាប់​តែ​ឡូ​ឡារក​លលក ដែល​ខ្លួន​បាញ់​នោះ​ថា «នរណា​លួច​លលក​អញ​ទៅ​ណា? តែ​អញ​រក​ឃើញ​មុខ​ជា​ប្តឹង​រាជការ​ឲ្យ​យក​ទៅ​ដាក់​គុក​ពុំ​ខាន​ » ។

 នាង​ក្រមុំ​ទាំង​ពីរ​នាក់ ឮ​ដូច្នោះ​ក៏​ភ័យ​ស្រែក​ប្រាប់​ថា «លលក​បង​ឯង​ខ្ញុំ​យក​មក​នេះ​ហើយ » ។ អាសំគម​បាញ់​លលក​ស្តី​គំរាម​ថា «ម្តេច​ក៏​ហ៊ាន​លួច​លលក​អញ ត្រូវ​យក​មក​ឲ្យ​អញ » កូន​ស្រី​សេដ្ឋី​ក៏​យក​លលក​មក​ឲ្យ ។ អាសំគម​បាញ់​លលក​ថា «ទេ! លលក​អញ​នៅ​រោម​នៅ​ស្លាប​ ឥឡូវ​នាង​ឯង​យក​ទៅ​បោច​រោម​ស្លាប​អស់​ហើយ ក្រែង​តែ​អាំង​ឲ្យ​ឆ្អិន​ឲ្យ​អញ​បាន​អញ​យក ។ «នាង​ក្រមុំ​ទាំង​ពីរ​នាក់ ក៏​យក​ទៅ​អាំង ឆ្អិន​ហើយ​យក​មក​ឲ្យ ។

 អាសំគម​បាញ់​លលក​ថា «នរ​ណា​ស៊ី​តែ​សាច់​លលក ក្រែង​តែ​មាន​ស្រា​ផឹក​ផង ទើប​ស៊ី​កើត» ។ នាង​ទាំង​ពីរ​នាក់​ ហេតុ​តែ​ខ្លួន​ជា​ស្រី​ប្រកប​ដោយ​សេចក្តី​ភ័យ​ច្រើន ក៏​ទៅ​យក​ស្រា​មក​ឲ្យ ឲ្យ​មួយ​ពែង​ហើយ​ថា​មួយ​ពែង​ទៀត​ទាល់​តែ​ស្រវឹង​ដួល​ដេក​លើ​ផ្ទះ​នោះ​ទៅ ។ ឯនាង​ក្រមុំ​ទាំង​ពីរ​នាក់​គិត​គ្នា​ថា «បើ​យើង​បណ្តោយ​ឲ្យ​វា​នៅ​ក្នុង​ទី​ហ្នឹង តែ​ឪម៉ែ​មក​វិញ​ឃើញ យើង​មុខ​ជា​មាន​រឿង «គិត​ហើយ មិន​ដឹង​យក​ទៅ​ណា ក៏​នាំ​គ្នា​សែង​អាសំគម​បាញ់​លលក យក​ទៅ​លាក់​ក្នុង​ផ្ទះ ។ ដល់​ពេល​យប់ អាសំគម​បាញ់​លលក​ដឹង​ខ្លួន ក៏​ស្រែក​ថា «មូស​ខាំ​ណាស់ » ។

 កូន​សេដ្ឋី​ភ័យ ក្រែង​ឪពុក​ដឹង ក៏​នាំ​គ្នា​សែង​ទៅ​ដាក់​ក្រោម​គ្រែ​ដេក​របស់​ខ្លួន ។ អាសំគម​បាញ់​លលក​ស្រែក​ទៀត​ថា «សង្កើច​ខាំ​ណាស់ » ។ នាង​ទាំង​ពីរ​នាក់​ក៏​លើក​មក​ឲ្យ​ដេក​លើ​គ្រែ ក្នុង​មុង​ជា​មួយ ដោយ​គិត​ថា វា​ស្រវឹង​ស្រា នឹង​ធ្វើ​អ្វី! ។ ពេល​នោះ អាសំគម​បាញ់​លលក​បាន​ឱកាស ក៏​តាំង​លូក​ប្រឡែង​ស្ទាប​អង្អែល ដោយ​សេចក្តី​ស្រឡាញ់​ដរាប​ដល់​បាន​រួម​ដំណេក ជា​មួយ​នឹង​នាង​ក្រមុំ​ទាំង​ពីរ​នាក់​នោះ​ទៅ ។ ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ


រឿង ភ្នំស្រីវិបុលកេរ្តិ៍

អ្នកទស្សនា: Views


រឿង ភ្នំស្រីវិបុលកេរ្តិ៍ 

 ភ្នំស្រីវិបុលកេរ្តិ៍ ជាឈ្មោះភ្នំតូចមួយ រាងពងក្រពើ មានកម្ពស់ ប្រមាណជាសាមសិបប្លាយម៉ែត្រ ។ សព្វថ្ងៃភ្នំនេះ ស្ថិតនៅក្នុងឃុំបល្ល័ង្ក ស្រុកសូទ្រនិគម (សៀមរាប) ។ នៅជើងភ្នំ មានវត្តមួយ អ្នកស្រុកហៅថា “វត្តត្រាច” ខ្លះហៅរួមទាំងភ្នំផងថា “ភ្នំវត្តត្រាច ឬ ភ្នំត្រាច” ក៏មាន ដោយសន្មតតាមទីកន្លែងនេះ មានដុះដើមត្រាច ជាដើម ។


ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ ៦ ពីភ្នំពេញ ឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមានផ្សារមួយ, បត់ចូលទៅខាងឆ្វេងដៃ សសៀរតាមផ្លូវមុខសាលាសូទ្រនិគម ។ ចម្ងាយប្រមាណជា ៧ គីឡូម៉ែត្រ នៅទិសខាងជើងនៃសាលាស្រុក ក៏នឹងបានដល់ទីនេះ ។ ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ រថយន្តគ្រប់ធុន អាចចេញចូលបានគ្រប់រដូវ ។ 

កាលបើគេបានទៅដល់ភ្នំនេះហើយ ជាបឋម គេប្រទះឃើញវត្តមួយ មានរាងសមរម្យ នៅកណ្ដាលធម្មជាតិយ៉ាងស្រស់ ។ តាមព័ត៌មានពីអ្នកស្រុកនិយាយថា វត្តនេះ ពីដើមនៅលើកំពូលភ្នំឯនោះទេ, ប៉ុន្តែដោយហេតុ មាននិមិត្តអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ លោកគ្រូចៅអធិការចេះតែអារឹស ។ ដូច្នេះហើយ បានជាគេរុះរើកុដិ សាលា យកមកសង់នៅជើងភ្នំវិញ កាលពីរវាងជាង ៤០ ឆ្នាំមុននេះ, ទុកតែព្រះវិហារមួយ នៅលើកំពូលភ្នំរហូតមក ។

 មានតែជណ្ដើរពីរ ទេរស្រួល ឡើងទៅកាន់កំពូលភ្នំ គឺជណ្ដើរខាងលិច និង ខាងជើង ។ នៅក្បាលជណ្ដើរខាងលិច មានខ្លោងទ្វារថ្មបែបរចនាខ្មែរបុរាណ ហើយមានចម្លាក់រូបផ្សេងៗ នៅជាប់នឹងថ្មនោះផង, ជាពិសេស គឺនៅនឹងផ្ដែ ។ បណ្ដារូបចម្លាក់ទាំងនោះ មានរូបមួយ ទាក់ទងនឹងរឿងព្រេងប្រចាំភ្នំនេះ គឺរូបមនុស្សប្រុសដេកទ្រមឈូស ដែលយើងនឹងអធិប្បាយរឿងជាហូរហែទៅខាងមុខ ។

 នៅពីមុខព្រះវិហារ មានរាងប្រាសាទបាក់បែក ក៏មានគង់នៅជាប្រាង្គតូចមួយ ជាមួយគំនរថ្ម ដែលធ្លាក់ប្រគីងប្រគងគ្នា រុះរាយនៅជុំវិញនោះ ។ នៅក្នុងប្រាង្គសិលានេះ គេឃើញមានតម្កល់សិវលិង្គ និង យោនីនាងឧមាភគវតី ដែលឥឡូវនេះ មានធូលីរុំព័ទ្ធដោយសារគ្មាននរណាគោរពបូជា ដូចកាលពីជំនាន់ដើមឡើយ ។ ជិតខាងប្រាង្គសិលានេះទៀត មានចេតិយចាស់ៗ ជាច្រើន ទំនងជាសាងឡើងរាប់រយឆ្នាំមកហើយដែរ តែពុំមែនស្រករគ្នានឹងប្រាង្គសិលាទេ គឺក្រោយមកជាច្រើនសតវត្ស ព្រោះបែបរចនា ជារចនារបស់ខ្មែរជំនាន់ឧត្ដុង្គ ក្រុងលង្វែកប៉ុណ្ណោះ ។


តាមអ្នកស្រុកឲ្យព័ត៌មានបន្ថែមថា ពីដើម នៅចំពីមុខព្រះវិហារ មានរូបថ្មមួយធំ ជារូបមនុស្សស្រី ដេកអាក្រាតខ្លួន អ្នកស្រុកសន្មតហៅថា រូប “នាងសន្ធមា” ដែលមានឫទ្ធិខ្លាំងក្លាណាស់ ។ ចាស់ៗ ដំណាលថា បើនរណាមួយ ដើរទៅ-មកកាត់មុខនេះ ហើយមិនបានគោរពបូជាទេ, រូបនេះ នឹងធ្វើឲ្យចុកពោះ ឈឺថ្កាត់ផ្សេងៗ មួយរំពេច ។

 ហេតុនេះហើយ បានជាមកដល់សម័យលោកគ្រូចៅអធិការ ព្រះនាមសៅ (ជាង ៤០ ឆ្នាំហើយ) លោកឲ្យគេគាស់រំលើងយករូបនេះ ទៅបោះចោលនៅឯក្នុងព្រៃខាងកើតព្រះវិហារ ចម្ងាយប្រមាណជា ៥០០ ម៉ែត្រ ។ ចាប់តាំងពីនោះមក រូបនេះ ក៏លែងបានរុកកួនដល់អ្នកស្រុកអ្នកភូមិទៀតទៅ តែអ្នកស្រុកមិនដែលហ៊ានទៅចូលព្រៃ ចំកន្លែងចោលរូបថ្មឡើយ ។

 ដូចនេះ ព្រៃមួយដុំនេះក៏ក្លាយទៅជាព្រៃរហោស្ថានរហូតមក ។
ឥឡូវ យើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្ដង ។ រឿងព្រេងនេះ យើងស្រង់យកតាមសេចក្ដីឲ្យការណ៍របស់លោក គុយ-ហួត នៅស្រុកសូទ្រនិគម (សៀមរាប) ដោយផ្សំជាមួយការចងចាំ នៃអ្នកស្រុកខ្លះទៀត ដែលយើងបានស៊ើបសួរផ្ទាល់ ។

 មានសេចក្ដីដំណាលថា ៖
ព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រះបាទយសកេរ្តិ៍ គ្រងរាជ្យនៅដែនសិម្ពលី មានអគ្គមហេសី ព្រះនាមសុវណ្ណមាលា ។ ព្រះអង្គ មានព្រះទ័យប្រកបដោយធម៌ល្អណាស់ ។ ថ្ងៃមួយ មានក្សត្រប្រទេសជិតខាងមួយព្រះអង្គ ព្រះនាមភូមោវិលោរាជា មានក្ដីលោភលន់ចង់ពង្រីកអាណាចក្រ ក៏លើករេហ៍ពលមក ប្រាថ្នាវាយដណ្ដើមយកទ្រព្យសម្បត្តិក្រុងសិម្ពលីនេះ ។

 ព្រះរាជាដែនសិម្ពលី ទ្រង់ជ្រាបហើយ ក៏នាំព្រះមហេសីដែលកំពុងមានគភ៌ផង ភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយ ទុករាជសម្បត្តិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះ ។ សេចក្ដីសម្រេចដូច្នេះ មកពីព្រះអង្គទ្រង់ឈ្វេងយល់ថា បើទ្រង់គង់នៅតតបសង្គ្រាមទៅ នឹងបណ្ដាលឲ្យស្លាប់អ្នកស្រុកច្រើនជាអនេកមិនខាន, ហេតុនេះ ទ្រង់ភៀសចេញតែព្រះអង្គឯង និង ព្រះរាជពនិតាទៅចុះ ទុកឲ្យរាស្ត្រប្រជាបានសុខសាន្តត្រាណ ។ ដូច្នេះ ព្រះបាទភូមោវិលោរាជា ក៏បានគ្រប់គ្រង លើរាជសម្បត្តិដែនសិម្ពលីនេះទៅ ។


ចំណែកឯព្រះបាទយសកេរ្តិ៍ និង ព្រះអគ្គមហេសី ទ្រង់យាងភៀសព្រះអង្គ ទៅគង់នៅក្នុងព្រៃ ត្រង់តំបន់ភ្នំតូចមួយ (គឺភ្នំស្រីវិបុលកេរ្តិ៍នេះឯង) ។ ប៉ុន្តែ មិនបានសុខសាន្តត្រាណឡើយ ពពួករេហ៍ពលព្រះបាទភូមោវិលោរាជា គេតាមមកចាប់ព្រះអង្គបាន នៅពេលដែលទ្រង់យាងរកផ្លែឈើ មើមឈើធ្វើព្រះស្ងោយ ។ គេនាំយកព្រះអង្គទៅបង្ខាំងទុកឯក្នុងប្រទេស ព្រោះខ្លាចក្រែងព្រះអង្គ ទៅបង្កបានបក្សពួកវាយដណ្ដើមយករាជ្យវិញ ។ ពេលនោះ ព្រះអគ្គមហេសី ក៏ទ្រង់នៅត្រមោចត្រមង់មួយព្រះអង្គឯង ណាមួយទ្រង់ពផ្ទៃជិតគ្រប់ខែហើយផង ។

 មិនយូរប៉ុន្មាន ព្រះនាងក៏ប្រសូតិព្រះរាជបុត្រនៅកណ្ដាលព្រៃ បានព្រះរាជបុត្រាមួយ មានព្រះភក្ត្រស្រស់បស់ព្រះរូបឆោមសមរម្យ ដូចព្រះបិតា ដោយសារព្រះរូបឆោមល្អឆើតនេះ ព្រះនាង ក៏ថ្វាយព្រះនាមរាជឱរសនេះថា “ស្រីវិបុលកេរ្តិ៍ ” ។ ចំណេរតមក ប្រមាណជាព្រះជន្មបាន ១៥-១៦ ឆ្នាំ ព្រះរាជកុមារ តែងសាកសួររឿយៗ រកព្រះបិតា ។

 ព្រះវររាជមាតា ក៏និទានរឿងរបស់ខ្លួន ឲ្យព្រះរាជបុត្របានជ្រាបសព្វគ្រប់។ កាលបើទ្រង់ជ្រាបថា ព្រះវរបិតាគង់ព្រះជន្មនៅឡើយ ហើយកំពុងតែជាប់ក្ដីនៅក្នុងកណ្ដាប់ដៃសត្រូវដូច្នោះ ព្រះរាជកុមារ ក៏សុំលាព្រះមាតាទៅតាមរកមួយរំពេច, ប៉ុន្តែព្រះនាង ទ្រង់ឃាត់យ៉ាងម៉ឺងម៉ាត់ ព្រោះខ្លាចព្រះរាជបុត្រា មានគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។

 ទោះបីព្រះមាតាឃាត់យ៉ាងណា ក៏ព្រះរាជកុមារនៅតែទទូច លុះត្រាតែព្រះមាតាព្រមបើកឲ្យទៅ ដោយប្រគល់នូវព្រះពស្ត្រសម្រាប់រាជ្យ ដែលមានជាប់មកនឹងព្រះអង្គ ឲ្យទៅព្រះរាជបុត្រ ដើម្បីសម្រាប់បង្ហាញជាបន្ទាល់ ឲ្យស្ដេចបិតាទ្រង់ជឿថា នេះពិតជាព្រះរាជបុត្រហើយ ។ ព្រះនាង ផ្ដាំបន្ថែមទៀតថា “ចូរកូនទៅ កុំឲ្យយូរហួសពី ៧ ថ្ងៃ បើកំណត់ ៧ ថ្ងៃហើយ កូនមិនឃើញមកវិញទេ ម្ដាយនឹងបែកទ្រូងស្លាប់មិនខាន” ។
ព្រះរាជកុមារ ថ្វាយបង្គំលាព្រះមាតារួចស្រេច ក៏ម្នីម្នាតម្រង់ទៅ ដែនពារាណសី ដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គ ។

 ជួនជាពេលនោះ ព្រះបាទភូមោវិលោរាជា ចាត់ឲ្យពេជ្ឈឃាដនាំយកព្រះបាទយសកេរ្តិ៍ ទៅសម្លាប់នៅកណ្ដាលព្រះលាន, ឃើញដូច្នោះ ព្រះរាជកុមារ ស្ទុះចូលទៅជិតពួកពេជ្ឈឃាដ ហើយសុំឃាត់ថា “សូមអ្នកលែងព្រះវរបិតាខ្ញុំនេះចុះ ហើយសម្លាប់ខ្ញុំជំនួសវិញ ខ្លួនខ្ញុំជាកូន សុំធានាទទួលទោសទាំងអស់” ។

 ពេជ្ឈឃាដទាំងអស់ ក៏ស្រឡាំងកាំងគ្រប់គ្នា ផ្អាកលែងប្រហារអ្នកទោសនេះសិន ហើយជំនុំគ្នា នាសេចក្ដីទៅក្រាបបង្គំព្រះរាជា សុំសេចក្ដីអនុញ្ញាត ឲ្យធ្វើឃាតបុត្រាជំនួសចុះ ។ ពេជ្ឈឃាដក៏ដោះលែងព្រះបាទយសកេរ្តិ៍ឲ្យរួចខ្លួនទៅ ហើយដាក់ក្ដីកុមារស្រីវិបុលកេរ្តិ៍ជំនួសវិញ, ប៉ុន្តែពេលនេះ ជាការអស្ចារ្យណាស់ ដាវរបស់ពេជ្ឈឃាដប្រែត្រឡប់ជាទន់ដូចសំឡី ឥតមានគ្រោះថ្នាក់អ្វី ដល់ព្រះអង្គឡើយ ។

 ដោយសារហេតុចម្លែកដូច្នេះ ព្រះបាទភូមោវិលោរាជា ទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះ ដោយផ្ទាល់ព្រះនេត្រ, តែជាអកុសល ដោយអំពើអាក្រក់ ដែលខ្លួនបានប្រព្រឹត្តមក, ពេលនោះ ព្រះធរណី ក៏ស្រូបយកព្រះរាជាអធម៌នេះបាត់ទៅ ។

ប្រជានុរាស្ត្រ ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីទាំងអស់ កោតស្ញែងអានុភាពឫទ្ធិបារមី នៃព្រះកុមារស្រីវិបុលកេរ្តិ៍គ្រប់ៗ គ្នា ។ ម្ល៉ោះហើយ, អ្នកស្រុកទាំងអស់ ក៏មូលមតិគ្នា ថ្វាយរាជសម្បត្តិទៅព្រះរាជកុមារ ព្រះអង្គក៏ទ្រង់យល់ព្រមទទួល ទើបផ្ដើមរៀបចំព្រះរាជពិធីរាជាភិសេកឡើងក្នុងពេលនោះ ។


ប៉ុន្តែ នៅក្នុងរាត្រីស្ងាត់, ព្រះរាជកុមារ ក្រាបទូលព្រះវររាជបិតា អំពីបណ្ដាំរបស់ព្រះមាតា ដែលទ្រង់ផ្ដាំថា កុំឲ្យហួសរវាង ៧ ថ្ងៃ ឥឡូវយប់នេះជាគម្រប់ថ្ងៃទី ៧ ហើយ ។ ព្រះបាទយសកេរ្តិ៍ និង ស្រីវិបុលកេរ្តិ៍ ក៏ទ្រង់ព្រមព្រៀងគ្នា លួចភៀសព្រះអង្គចេញពីក្នុងវាំង ឥតឲ្យពួកពលមន្ត្រីយោធាដឹងដានឡើយ ។

 ចេញផុតពីវាំងហើយ ទ្រង់ខំយាងដោយព្រះបាទាយ៉ាងលឿន កាត់ព្រៃ ឆ្លងវាល ច្រូតកាត់សំដៅទៅកាន់ទីដែលព្រះនាងសុវណ្ណមាលាគង់នៅ ។ ដោយសារផ្លូវលំបាក ហើយមានចម្ងាយឆ្ងាយផង ព្រះរាជដំណើរនេះ ត្រូវប្រព្រឹត្តទៅអស់រយៈមួយយប់មួយថ្ងៃ ។

 ហេតុនេះហើយ បានជាទម្រាំតែទៅដល់ ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយ ។ ព្រះរាជកុមារ និង ព្រះបិតា ទ្រង់រន្ធត់ព្រះទ័យយ៉ាងខ្លាំង ព្រះអង្គក៏រៀបចំបូជាសពព្រះនាងតាមការគួរ, តែដោយព្រះកុមារទ្រង់តម្រិះថា “ព្រះមាតាសុគតទៅ ក៏ដោយសារតែព្រះអង្គ ហេតុនេះ គួរតែព្រះអង្គរកវិធីណាសម្ដែងការប្ដូរផ្ដាច់ ឲ្យបានសមនឹងទឹកព្រះទ័យនៃព្រះមាតា ដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គ” ។

 ទ្រង់ព្រះតម្រិះដូច្នេះ ទ្រង់ក៏តម្កល់ព្រះសពមាតាក្នុងមឈូស ហើយលើកមឈូសនេះ ដាក់លើព្រះឱរា ដោយព្រះអង្គទ្រង់ផ្ទំទ្រមឈូសធ្វើជាជើងថ្ករ ។ លុះបូជាព្រះសពនេះទៅ ព្រះអង្គក៏ក្ស័យព្រះជន្មទៅជាមួយដែរ ។ ឯព្រះបិតា ទ្រង់យល់ដូច្នេះ ក៏ទ្រង់ព្រះវិតក្កសោយសោកពន់ប្រមាណ តែព្រះអង្គខំទប់ព្រះចិន្ដា ត្រឡប់មកទទួលគ្រប់គ្រងរាជសម្បត្តិវិញ ។

 ក្រោយដែលគ្រងរាជ្យហើយ ទ្រង់ក៏ចាត់ចែងធ្វើប្រាង្គសិលា ដើម្បីតម្កល់ព្រះបរមអដ្ឋិ នៃព្រះអគ្គមហេសី និង ព្រះរាជបុត្រ ។ ទីដែលតម្កល់ព្រះអដ្ឋិនេះហើយ ដែលគេសន្មតហៅថា “ភ្នំស្រីវិបុលកេរ្តិ៍ ” រហូតមកសព្វថ្ងៃនេះ ។


សេចក្ដីអធិប្បាយមកនេះ ជារឿងព្រេង ដែលអ្នកស្រុកនិទានតគ្នា ពីមាត់មួយទៅមាត់មួយ, តែបើតាមពិនិត្យសង្កេត រកហេតុផលវិញ យើងពុំអាចសន្មតប្រាកដប្រជា ថាជារឿងត្រូវពិតបានឡើយ ព្រោះធម្មតារឿងនិទាន តែងល្អៀង តែងឃ្លៀងឃ្លាត នៅតាមសំដីអ្នកស្រុក តាមជំនឿអ្នកស្រុក ដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរ


ប្រវត្តិនំបញ្ចុកខ្មែរ

អ្នកទស្សនា: Views

 ប្រវត្តិនំបញ្ចុកខ្មែរ

របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។

នំបញ្ចុកមានឈ្មោះដើមថា "នំប៉ែនចុក" គឺជានំដែលគេយកម្សៅ​សម្រស់​ទៅស្ងោរហើយបុកលាយទឹករួចយក​ទៅចាក់ក្នុង​ប៉ែន​ ទើបយក​ស្នូល​ឈើ​ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមក​គេស្រង់ចាប់ជាចង្វាយៗដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។

 
បន្ទាប់មក គេហៅកាត់ៗថា "នំបញ្ចុក" មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយ​ជណ្ដើរ, កាន់ជ្រែង ក្លាយ កញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។
ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖
រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃ​ជា​តំបន់​ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែ​ស្រូវ​វារ ដើម្បី​ចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំ​ដំណាំស្រូវ​ល្អ​ដូចគេដទៃទៀតបាន។
ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌​ក្រហម​ទ្រង់​ផ្កាឈូក​បន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេក​ដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមាន​ជាតិ​ទន់​បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់​ដែល​ពួក​គាត់​រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រី​មក​ធ្វើ​ជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែល​អាចយក​មកធ្វើ​ជា​នំ​បញ្ចុក​នេះបានល្អ ហើយបាន​ចំនួនច្រើន​ជាង​អង្ករស្រូវ​ស្រែ​ធម្មតា​ទៀត​ផង។
ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បាន​បុក​អង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់​ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះ​ដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុង​ចម្ការ​ក្រោយផ្ទះ។
 
លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើ​អំពី​អង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារ​បន្លែស្រស់​ខ្លះបេះពី​ព្រៃ​មាន​ជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែម​ត្រយូង​ចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែង​ការ​រាគ​រូស​ដូច​មុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាម ឲ្យនំនោះឈ្មោះថា នំសរសៃ​ស្រូវ​វារ នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយ​ពួកគាត់តែងតែយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុក​ចូល​មាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែ​ដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុក​ក៏​បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយក​ទៅ​ផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូល​ចិត្ត​រៀងៗ​ខ្លួន​ជាបន្តៗរៀងមក។
លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិន​អាច​ប្រកបរបរធ្វើស្រែបាន ព្រោះគ្មាន​កូនចៅ​បន្តការងារ​ក្នុងស្រែ​ជំនួស​ពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាម​ភូមិ​តិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរ​ជីវិត​សុចរិត​របស់​ពួក​គាត់។
 
ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនា​ជិះ​សេះ​ដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួច​រាជ​កុមារ​ក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេ​ឆី​នំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែ​ចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារ​ចង់សោយ​នំ​របស់​ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់​នំ​សរសៃ​ស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិ​សម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏​យល់ព្រម​ឲ្យស្នំឯក​បញ្ចុក។
ពេលនេះ រាជកុមារក៏​មានសេចក្ដីសោមនស្សនឹង​រសជាតិ​នំសរសៃ​ស្រូវ​វារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទាន​រង្វាន់មួយ​ចំនួនដល់​អ្នក​ស្រែ​ដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែ​ទទូច​ឲ្យ​ព្រះ​មាតា តាមរកទិញ "នំដែលស្នំបញ្ចុក" នោះពីអ្នកស្រែ យកមក​សោយ​នៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែ​នោះជារៀង​រាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរ​នាក់ប្ដីប្រពន្ធ​នោះ​មក​ធ្វើនំ​សម្រាប់​រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។
 
ចំណេរតមកឈ្មោះ "នំសរសៃស្រូវវារ" ក៏លែងមាននរណា​ហៅតទៅ​ទៀត​ដែរ គឺគេទម្លាប់នាំគ្នា ហៅថា "នំដែលស្នំបញ្ចុក" ជាជំនួសវិញ​យ៉ាង​មានប្រជាប្រិយ តែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា "នំបញ្ចុកៗ" បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕
សូមបញ្ជាក់ថា រឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធ​សម្រាប់​ការ​សិក្សា​អប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើន​កន្លែង ហើយរឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរ​សិល្ប៍​ជំនាន់​បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។
ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារ​សង្គ្រាម​នៅ​កម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង និងដោយ​សង្គ្រាម​ក្នុង​ស្រុកផង ហើយខ្លះក៏មានសល់មកដល់សព្វថ្ងៃ។
រីឯ ក្រាំងប្រវត្តិសាស្ត្រខ្លះទៀត មិនត្រូវបានគេកកាយយកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ឬខុសពីជំនាន់មុន។
(អ្នកស្រី កែវ ច័ន្ទបូរណ៍)
របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។
ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។





ប្រវត្តិនំបញ្ចុកខ្មែរ

របៀបធ្វើនំបញ្ចុក
ដំណាក់កាលទី១: មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនិងទឹកហើយយកទៅកិន។
ដំណាក់កាលទី២: គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត។
ដំណាក់កាលទី៣: គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុស។

ដំណាក់កាលទី៤: យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយស្រកត់វាចេញមកជាសរសៃ។
ដំណាក់កាលទី៥: ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសរសៃ។
ដំណាក់កាលទី៦: ស្រងនំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា។
ដំណាក់កាលទី៧: យកស្លឹកចេកមកដាក់នៅពីក្រោមហើចាប់វាជាចង្វាយៗជាការស្រេច។

នំបញ្ចុកមានឈ្មោះដើមថា "នំប៉ែនចុក" គឺជានំដែលគេយកម្សៅ​សម្រស់​ទៅស្ងោរហើយបុកលាយទឹករួចយក​ទៅចាក់ក្នុង​ប៉ែន​ ទើបយក​ស្នូល​ឈើ​ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមក​គេស្រង់ចាប់ជាចង្វាយៗដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។

 
បន្ទាប់មក គេហៅកាត់ៗថា "នំបញ្ចុក" មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយ​ជណ្ដើរ, កាន់ជ្រែង ក្លាយ កញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។
ខាងក្រោមនេះ គឺជារឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក៖
រឿងនំបញ្ចុកមានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃ​ជា​តំបន់​ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែ​ស្រូវ​វារ ដើម្បី​ចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំ​ដំណាំស្រូវ​ល្អ​ដូចគេដទៃទៀតបាន។

ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌​ក្រហម​ទ្រង់​ផ្កាឈូក​បន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេក​ដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមាន​ជាតិ​ទន់​បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់​ដែល​ពួក​គាត់​រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រី​មក​ធ្វើ​ជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែល​អាចយក​មកធ្វើ​ជា​នំ​បញ្ចុក​នេះបានល្អ ហើយបាន​ចំនួនច្រើន​ជាង​អង្ករស្រូវ​ស្រែ​ធម្មតា​ទៀត​ផង។

ថ្ងៃមួយ នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បាន​បុក​អង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់​ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះ​ដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុង​ចម្ការ​ក្រោយផ្ទះ។
 
លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើ​អំពី​អង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារ​បន្លែស្រស់​ខ្លះបេះពី​ព្រៃ​មាន​ជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែម​ត្រយូង​ចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែង​ការ​រាគ​រូស​ដូច​មុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាម ឲ្យនំនោះឈ្មោះថា នំសរសៃ​ស្រូវ​វារ នៅពេលដែល អ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយ​ពួកគាត់តែងតែយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុក​ចូល​មាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែ​ដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុក​ក៏​បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយក​ទៅ​ផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូល​ចិត្ត​រៀងៗ​ខ្លួន​ជាបន្តៗរៀងមក។

លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិន​អាច​ប្រកបរបរធ្វើស្រែបាន ព្រោះគ្មាន​កូនចៅ​បន្តការងារ​ក្នុងស្រែ​ជំនួស​ពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាម​ភូមិ​តិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរ​ជីវិត​សុចរិត​របស់​ពួក​គាត់។
 
ដល់នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនា​ជិះ​សេះ​ដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួច​រាជ​កុមារ​ក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេ​ឆី​នំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយ​រាជកុមារ​ក៏​ប្រែ​ចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារ​ចង់សោយ​នំ​របស់​ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់​នំ​សរសៃ​ស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិ​សម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏​យល់ព្រម​ឲ្យស្នំឯក​បញ្ចុក។

ពេលនេះ រាជកុមារក៏​មានសេចក្ដីសោមនស្សនឹង​រសជាតិ​នំសរសៃ​ស្រូវ​វារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទាន​រង្វាន់មួយ​ចំនួនដល់​អ្នក​ស្រែ​ដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែ​ទទូច​ឲ្យ​ព្រះ​មាតា តាមរកទិញ "នំដែលស្នំបញ្ចុក" នោះពីអ្នកស្រែ យកមក​សោយ​នៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែ​នោះជារៀង​រាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនា ទៅគាស់ហៅ អ្នកស្រែទាំងពីរ​នាក់ប្ដីប្រពន្ធ​នោះ​មក​ធ្វើនំ​សម្រាប់​រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។
 
ចំណេរតមកឈ្មោះ "នំសរសៃស្រូវវារ" ក៏លែងមាននរណា​ហៅតទៅ​ទៀត​ដែរ គឺគេទម្លាប់នាំគ្នា ហៅថា "នំដែលស្នំបញ្ចុក" ជាជំនួសវិញ​យ៉ាង​មានប្រជាប្រិយ តែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា "នំបញ្ចុកៗ" បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕
សូមបញ្ជាក់ថា រឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធ​សម្រាប់​ការ​សិក្សា​អប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើន​កន្លែង ហើយរឿងព្រេង មិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរ​សិល្ប៍​ជំនាន់​បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។

ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារ​សង្គ្រាម​នៅ​កម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង និងដោយ​សង្គ្រាម​ក្នុង​ស្រុកផង ហើយខ្លះក៏មានសល់មកដល់សព្វថ្ងៃ។
រីឯ ក្រាំងប្រវត្តិសាស្ត្រខ្លះទៀត មិនត្រូវបានគេកកាយយកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ឬខុសពីជំនាន់មុន។
(អ្នកស្រី កែវ ច័ន្ទបូរណ៍)