រឿង តោ និង កូនឆ្កែ

អ្នកទស្សនា: Views

 រឿង តោ និង កូនឆ្កែ


កាល​សម័យ​ថ្ងៃ​មួយ នៅ​ទីក្រុង​ឡុង មាន​សួន​សត្វ​មួយ ដែល​គេ​អាច​ចូល​ទៅ​ទស្សនា​បាន ដោយ​ទិញ​សំបុត្រ រឺបើ​មិន​ទិញ​សំបុត្រ​គេ​អាច​យក​ឆ្កែ​រឺ​ឆ្មា​សំរាប់​ជា​ចំណី​សត្វ​នៅ​ទៅ​នោះឲ្យ​ទៅ​អ្នក​យាមក៏​បាន​។


មាន​បុរស​ក្រី​ក្រ​ម្នាក់​ចង់ចូល​ទស្សនា​សួន​សត្វ​នោះ តែ​គាត់​​គ្មាន​លុយកាក់​​គ្រប់​គ្រាន់​សម្រាប់​​​ទិញ​សំបុត្រចូល​ទេ។ ថ្ងៃ​មួយ​គាត់​រើស​បាន​កូន​ឆ្កែ​អនាថា​មួយក្បាល។ គាត់​ចាប់​កូន​ឆ្កែ​នោះ រួច​ប្រគល់​ទៅ​ឲ្យ​អ្នក​យាម​ដើម្បី​បាន​ចូល​សួន​សត្វនោះ​។ គេ​ក៏ឲ្យ​គាត់​ចូល។ ចំណែក​ឯ​ឆ្កែ​នោះ​វិញ គេ​បាន​យក​វា​ទៅ​ឲ្យ​តោ​មួយ​ក្បាល​ជា​ចំណី។


កូន​ឆ្កែ​យក​កន្ទុយ​របស់​វា​ដាក់​ចន្លោះ​ជើង ហើយទៅ​ក្រាប​​នៅ​ជ្រុង​ម្ខាង​នៃ​ទ្រុង។ តោ​ដើរ​ទៅ​ជិត​កូន​ឆ្កែ ហើយ​ហិតកូន​ឆ្កែ​មួយ​ស្របក់។ កូន​ឆ្កែ​ដេក​បះ​ជើង​ឡើង​លើ ហើយ​បក់​កន្ទុយ។​ តោ​លើក​ជើង​ម្ខាង​ទុច​ចុះ។ កូន​ឆ្កែ​ក៏​ងើប​ឈរ​ជើង​ពីរ​ កាច់​រាង​ដាក់​សត្វ​តោ។ តោ​តាម​សំលឹង​មើល​កូន​ឆ្កែ ងាក​ក្បាល​ម្តង​មក​ឆ្វេង ម្តង​មក​ស្តាំ ហើយ​មិន​ប៉ះ​កូន​ឆ្កែ​ទេ។


ពេល​អ្នក​យាមយក​សាច់​ជា​ចំនី​មកឲ្យ​​តោ តោ​ខាំ​ហែក​មួយ​ចំណែក​ទុកឲ្យ​កូន​ឆ្កែ។


នៅ​ពេល​ល្ងាច កូន​ឆ្កែ​មិន​ចេញ​ពី​ទ្រុង​របស់​តោ​ទេ។ ពេល​ខ្លះ​តោ​ទុកឲ្យ​កូន​ឆ្កែ​នៅ​តែ​ម្នាក់​ឯង។ ពេល​ខ្លះទៀតតោ​ប្រឡែង​​លេង​ជា​មួយ​កូន​ឆ្កែ។


ថ្ងៃ​មួយ​មាន​បុរស​ម្នាក់ ដែល​បាន​មក​ទស្សនា​នៅ​សួន​សត្វ​នេះ បាន​ទៅ​ប្តឹង​អ្នក​យាម​នៅ​សួន​សត្វ​ថា កូន​ឆ្កែ​ដែល​នៅក្នុង​ទ្រុង​តោ​នោះ ជា​កូន​ឆ្កែ​របស់​គាត់។ ហើយ​គាត់​សុំ​ឲ្យ​គេ​ប្រគល់​មកឲ្យ​គាត់​វិញ។ នាយកគ្រប់​គ្រង​សួន​សត្វ​ក៏​យល់​ព្រម​តាម​សម្នើ​របស់​គាត់ រួចឲ្យ​គេ​ចាប់​ឆ្កែ​នោះ​មក​ប្រគល់​មក​ឲ្យ​គាត់​វិញ។ តែ​ពេល​ដែល​គេ​ហៅ​កូន​ឆ្កែ​នោះ​ដើម្បី​ទាញ​ចេញ​ពី​ទ្រុង តោ​បាន​គ្រហឹម​គំរាម រួចសម្តែង​​កំហឹងយ៉ាង​ខ្លាំង។​


តោ​និង​កូន​ឆ្កែ​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ទ្រុង​នោះ​អស់​រយៈពេល​មួយ​ឆ្នាំ​ពេញ។ ថ្ងៃ​មួយ​កូន​ឆ្កែ​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ស្លាប់ទៅ។ ពេល​នោះ​តោ​ក៏​ឈប់​លែង​នឹក​នា​ស៊ី​ចំនី​ទៀត។ វា​ចេះ​តែ​ហិត​ៗបបោស​អង្អែល​កូន​ឆ្កែ។ វា​យក​ជើង​របស់​វា​មក​ប៉ះ​កូន​ឆ្កែ។


នៅ​ពេល​ដែល​វា​ដឹង​ថា កូន​ឆ្កែ​នោះ​បាន​ស្លាប់​ វា​ចាប់​ផ្តើម​ខឹង​ច្រលោតកញ្ជ្រោល​ ស្រែក​រោទិ៍ រត់​បំបុក​ហើយ​ករកេរ​ចំរឹង​ដែក ខាំ​ហែក​ក្តារ​ក្រាល​។ វា​សម្តែង​កំហឹង​ពេញ​មួយ​ថ្ងៃ។ វា​ដើរ​ទៅ​មក​ៗ​គ្រប់​ជ្រុង​នៃ​ទ្រុង​របស់​វា​ ដោយ​កំហឹង។ រហូត​ដល់​ពេល​ព្រលប់ ទើប​វា​ទៅ​ដេក​នៅ​ជិតខ្មោច​ឆ្កែនោះ។ អ្នក​យាម​ព្យាយាម​ទាញ​យក​ខ្មោច​ឆ្កែ​ចេញ​ក្រៅ តែ​តោ​មិនឲ្យ​នរណា​មក​ជិត​បាន​ឡើយ។


នាយក​គ្រប់​គ្រង​សួន​សត្វ​ក៏ឲ្យ​គេ​យក​កូន​ឆ្កែ​មួយ​ផ្សេង​ទៀត​ទៅ​ដាក់ឲ្យ​តោ​នោះ​ ដើម្បី​​រំងាប់​កំហឹង​វា​។ តោ​ក៏ខាំ​ហែក​កូន​ឆ្កែ​នោះ​ជា​ចំណែក​ៗភ្លាម​ៗ។ បន្ទាប់​មក​តោ​បាន​យក​ខ្មោច​ឆ្កែ​មិត្ត​របស់​វាមក​ដាក់​នៅ​ចន្លោះ​ជើង ហើយ​ដេកឱប​កូន​ឆ្កែ​របៀប​នេះ​អស់​រយៈប្រាំ​ថ្ងៃ​។


តោ​នោះ​បាន​ស្លាប់ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ។

0 comments:

Post a Comment