រឿង សត្វតាវ៉ៅ
កាលពីព្រេងនាយ មានបងប្អូនកំព្រាពីរនាក់រស់នៅក្បែរជើងភ្នំ។ ចាប់តាំងពីឪពុកម្តាយរបស់ពួកគេស្លាប់ចោលទៅ បងប្អូនទាំងពីរនាក់នេះ រស់នៅយ៉ាងលំបាក។ បងប្រុសមានចិត្តសន្តោសប្រណីចំពោះប្អូនស្រី និងថែទាំនាងគ្រប់បែបយ៉ាងទាំងអស់។ រាល់ថ្ងៃបងប្រុសតែងតែដើរជីក មើមដំឡូងថ្លឹងមកស្ងោរធ្វើជាអាហារ។
ជាធម្មតានៅពេលស្ងោរដំឡូងឆ្អិន បងកាត់ខាងក្បាល
និងខាងចុងមើមមកញ៉ាំខ្លួនឯង ហើយយកសាច់កណ្តាលហុចឱ្យប្អូនស្រី ញ៉ាំទាំងអស់។ មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏និយាយទៅកាន់បង ថា “នែបង ! ឱ្យខ្ញុំញ៉ាំខាងក្បាលនិងខាងចុងមើមម្តងមក”។ បងប្រាប់ ប្អូនថា "ទេប្អូនស្រីខាងហ្នឹងអត់ឆ្ងាញ់ទេ”។ ពេលនោះនាងគិតក្នុងចិត្ត ថា “បងនេះចិត្តអាក្រក់ណាស់ មានរបស់ឆ្ងាញ់ញ៉ាំតែម្នាក់ឯង”។
ស្អែកឡើងបងក៏រៀបចំខ្លួនទៅជីក ដំឡូងដូចសព្វដង ស្រាប់តែប្អូនយំខ្សឹកខ្សួលពីខាងក្រោយត្អូញត្អែរថា “បងប្រុស ! ខ្ញុំអត់ចង់នៅផ្ទះទេ ខ្ញុំសុំទៅជាមួយបងដែរ”។
ទោះបីបងខំអង្វរប្អូនយ៉ាងណាក៏ដោយ ក៏នាងនៅតែយំចង់ ទៅដដែល បងក៏លួងប្អូនថា “ប្អូនស្រីឈប់យំទៅ បងមិនចង់ ឃើញឯងយំតទៅទៀតទេ។ ណ្ហើយចុះ ! បងយកឯងទៅ ជាមួយបងម្តង ឯងឈប់យំទៅណាំ !”
បងកាន់ដៃប្អូនកាត់វាលចូលព្រៃដ៏សែនឆ្ងាយក្រោមពន្លឺថ្ងៃដ៏សែនក្តៅ។ មិនយូរប៉ុន្មានក៏បានទៅដល់ព្រៃមួយ បងងាកមករកប្អូនហើយនិយាយថា “ថ្ងៃនេះចម្លែកណាស់ យើងដើរមួយព្រឹកធំទៅហើយរកដំឡូងមួយមើម ក៏មិនបានដែរ”។ ទាំងពីរនាក់បងប្អូនចេះតែដើរយូរៗទៅ ក៏ក្រឡេកឃើញ ដើមដំឡូងមួយគុម្ព។
បន្ទាប់មកបងក៏ចាប់ផ្តើមជីកក្រឡឹងមើមដំឡូង។ ពេលប្អូនឃើញមើម ដំឡូងធំក៏គិតក្នុងចិត្តថា “មើមដំឡូងនេះធំណាស់ ដល់ពេលស្ងោរឆ្អិន មិនដឹងជាឆ្ងាញ់យ៉ាងណានោះទេ”។ កំពុងតែស្រមើស្រមៃ ស្រាប់តែបង ប្រុសជីករូងដីជ្រៅទៅៗរហូតដល់ចុងមើម។
បន្ទាប់មកបងក៏ទាញមើមដំឡូងចេញមក។ រំពេចនោះដីដែលនៅមាត់ រណ្តៅក៏បាក់ធ្លាក់ស្រុតចុះធ្វើឱ្យបងប្រុសដាំក្បាលចូលទៅក្នុងរណ្តៅនោះ បាត់ទៅ។ គ្រានោះដែរ ប្អូនមិនបានឃើញបងធ្លាក់រណ្តៅនោះទេ ស្មានតែ បងធ្វើលេងសើច ក៏លីមើមដំឡូងរត់ទៅមុនបងមិនងាកក្រោយឡើយ។
នៅតាមផ្លូវនាងរត់បណ្តើរឈប់បណ្តើរទម្រាំមកដល់ផ្ទះវិញ នាងក៏ ប្រញាប់យកមើមដំឡូងទៅលាងទឹកស្ងោរ។ លុះដល់ពេលឆ្អិន នាងក៏កាត់ ខាងក្បាលនិងខាងចុងមើមមកញ៉ាំ។ គ្រាន់តែនាងញាំបានបន្តិច នាងក៏ ខ្ជាក់ដំឡូងចេញមកវិញនិយាយទាំងទឹកភ្នែកថា "អីយ៉ា ! អាមួយនេះមិន ឆ្ងាញ់សោះ រសជាតិល្វីងចត់ហើយទ្រុបៗទៀតផង វាមិនផុសល្អដូចសាច់ កណ្តាលនោះសោះ ពិតជាដូចបងប្រុសនិយាយមិនខុសមែន”។
ពេលនោះនាងក៏ភ្ញាក់ខ្លួនព្រើតដែលគិតមិនល្អទៅលើបងប្រុស។ ឥឡូវ នាងចាប់ផ្តើមតាំងចិត្តយ៉ាងច្បាស់ថា នៅពេលបងត្រឡប់មកវិញត្រូវតែ ស្តាប់បង្គាប់ និងគោរពតាមបងទាំងអស់។ នាងគិតហើយក៏អង្គុយសំកុក មុខផ្ទះចាំមើលផ្លូវបងត្រឡប់មកវិញ។ នាងរង់ចាំបងអស់ពេញមួយ ថ្ងៃពិតជាពិបាកចិត្តខ្លាំងណាស់។
យប់ឡើងនាងអង្គុយក្បែរភ្នក់ភ្លើងក្តៅគគុកដើម្បីបំបាត់នូវភាពភ័យខ្លាច នាងចាំបាត់ៗរហូតពេញមួយយប់នៅតែមិនឃើញបងត្រឡប់មកវិញ។ នាងអង្គុយសម្រក់ទឹកភ្នែកអស់សង្ឃឹមយ៉ាងខ្លាំង នាងខំសំឡឹងមើលអ្វីៗ ដែលនៅជុំវិញខ្លួនពោរពេញទៅដោយភាពស្ងាត់ជ្រងំ។ នាងទ្រាំតទៅ ទៀតមិនបានទេ ព្រោះកន្លងមកមិនដែលបាត់បងយូរដូច្នេះឡើយ។
នាងទ្រាំនឹងភាពភ័យខ្លាចពុំបានក៏ចេញដំណើរទៅរកបងទាំងទុក្ខព្រួយ។ ដូច្នេះនាងខំស្វែងរកបងពេញអស់ទាំងព្រៃព្រឹក្សា នាងយំផងស្រែកផង "បងប្រុស ! បងនៅឯណា? បងឮខ្ញុំហៅបងទេ? បងគឺជាជីវិតរបស់ខ្ញុំ ខ្ញុំអត់បងមិនបានទេ បងត្រូវតែត្រឡប់មករកខ្ញុំវិញ”។ នាងរត់ចុះរត់ ឡើងរកបងចេញពីព្រៃមួយចូលព្រៃមួយ អត់បាយអត់ទឹកវង្វេងក្នុងព្រៃ តែម្នាក់ឯងគ្មានគោលដៅ។
អស់រយៈពេលពីរ-បីថ្ងៃទៅហើយ ដែលនាងខំស្វែងរកបងរបស់នាង ប៉ុន្តែអ្វីៗដែលកន្លងផុតទៅ វាមិនអាចវិលត្រឡប់ក្រោយវិញបានឡើយ។ បងរបស់នាងមិនបានឮសំឡេងស្រែកហៅរបស់ប្អូនទេ បងបានថប់ដង្ហើម ក្នុងដីស្លាប់បាត់ទៅហើយ បងលែងបានចិញ្ចឹមបីបាច់ថែរក្សាប្អូនស្រីជាទី ស្រឡាញ់របស់គេទៀតហើយ។ ដោយសារតែនាងអត់អាហារច្រើនថ្ងៃ នាងក៏អស់កម្លាំងខ្សោយទៅៗ ក៏ដួលសន្លប់ក្នុងព្រៃភ្នំនោះបាត់ទៅ។
ដោយសារតែនាងមានកម្មពៀរ គ្រាន់តែដួលសន្លប់ភ្លាម ព្រលឹងរបស់ នាងក៏ចាប់កំណើតជា សត្វតាម៉ៅ ជារៀងរហូត។ ដូច្នេះឱ្យតែដល់ខែ ប្រាំងរដូវជីកមើមដំឡូងខឹង សត្វតាម៉ៅ នេះតែងតែស្រែកយំ “តូហូ...” ជារៀងរាល់ថ្ងៃ គឺគេស្រែកហៅរកបងប្រុសរបស់គេ។ ដូច្នេះហើយ បានជាគេឮសំឡេង សត្វតាម៉ៅ យំកាន់តែខ្លាំងឡើងៗនៅរដូវប្រាំង រហូតមកដល់សព្វថ្ងៃនេះ។ ចប់
ខឹងខូច ខឹងខាត ខឹងខុស

























0 comments:
Post a Comment