រឿង ព្រះបាទព្រហ្មកិល ឬពញាក្រែក

អ្នកទស្សនា: Views


រឿង  ព្រះបាទព្រហ្មកិល ឬពញាក្រែក

កាលនោះព្រះបទុមកុមារបុត្រច្បង ១៣វស្សាភ័យឥតឧបមា ព្រះបាទចក្រព័ត្រដែលទើបតែបានអាយុ ហើយបានគេចលួចរត់ផុតពីកណ្តាប់ដៃពួកស្តេចដំបង ត្រពាំង ព្រះអង្គបានទៅសាងផ្នួសជាសង្ឃក្នុងព្រៃភ្នំក្រមថ្ម ចាប់តាំងពីពេលនោះ មក។ គេបានដឹងថាទ្រង់បានរៀនចេះចាំគ្រប់សិល្ប៍សាស្ត្រ វេទមន្តវិជ្ជាការខ្លាំង ពូកែអស្ចារ្យ ។

ចំណែកព្រះរាជបុត្រទី២ព្រះសិរិកុមារ ដែលទើបតែបានព្រះជន្ម៥វស្សា ជាមួយនឹង មេដោះខំរត់គេចវាសវាងយករួចខ្លួនដែរតែរត់មិនផុត ក្រុមសេនាដំបងគ្រញូង ចាប់បាន។ ដុតសម្លាប់ ព្រះសិរិកុមារត្រូវពលសេនាទាំងនោះចាប់ក្រវាត់បោះចូលទៅក្នុងភ្នក់ភ្លើង ។ នាកាលនោះល្ងាចព្រលប់យប់បន្តិចទៅហើយហេតុតែសំណាងបុណ្យ បារមីមកជួយទាន់ ស្រាប់តែពលទាហានមួយក្រុមមកដល់មើលឃើញប្រទះ

នឹងភ្នែក ក៏កើតមានចិត្តសង្វេគអាណិតអាសូរ នាំគ្នាលួចទាញអូសព្រះសិរិកុមារចេញពីភ្លើង យកមកលាក់ទុកក្នុងគុម្ពោតព្រៃហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគតទេ គ្រាន់តែត្រូវភ្លើងឆាបឆេះ រលេះរលួយមានដំបៅស្លាកស្នាមពាសពេញរាងកាយតែ ប៉ុណ្ណោះ ។

បន្ទាប់មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្តកាត់មកតាមនោះទៀត បានយល់ បានឃើញព្រះសិរិកុមារក្នុងសភាពដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃ ក៏កើតមានចិត្ត មេត្តាករុណា រើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរ បន្តិចមកដំបៅ រាជកុមារក៏បានជាសះស្បើយ។

 តែដៃជើងព្រះអង្គត្រូវឡើង ក្រញឹងក្រញង់រួញជាប់គ្នា រកងើបដើរមិនកើត ដើម្បីនឹងធ្វើចលនាទៅមុខទៅ ក្រោយ ទៅឆ្វេងទៅស្តាំ ព្រះអង្គ ត្រូវតែខំប្រឹងរំកិលដោយគូទ ហេតុនោះ ហើយបានជាអ្នកផងទាំងពួងដាក់ឈ្មោះឱ្យថា ព្រហ្មកិល អ្នកខ្លះទៀតនិយម ហៅថាពញាក្រែក ។

និយាយពីស្តេចដំបងគ្រញូង ក្សត្រខ្មែរទី១៧វិញ ព្រះអង្គសោយរាជ្យបាន៧ឆ្នាំ ៧ខែហើយ ។ ថ្ងៃមួយ ព្រះអង្គកោះហៅព្រះរាជហោរាមកទស្សន៍ទាយមើលជតារាសី របស់ព្រះអង្គ។ ព្រះអង្គចង់ដឹងតើមានអ្នកមានបុណ្យណាមួយអាចមកដណ្តើមរាជ្យ ពីព្រះអង្គឬទេ? ហោរាវាយលេខអត្តគន់គូរបូកសងចែកចុះឡើងមើលទៅឃើញថា ព្រះអង្គដំបងគ្រញូងសោយរាជ្យសម្បត្តិប្រទេសកម្ពុជា បានតែ៧ឆ្នាំ៧ខែ និង៧ថ្ងៃ ប៉ុណ្ណោះ ។ ដូច្នេះ នៅ៧ថ្ងៃទៀតព្រះអង្គនឹងអស់បុណ្យ ។ ពេលនោះអ្នកមានបុណ្យនឹង ចេញមកដណ្តើមរាជ្យសម្បត្តិជាមិនខាន ។

ឮសូរហោរាទស្សន៍ទាយដូច្នេះ ស្តេចដំបងគ្រញ៉ូងនឹកគិតថា បើអ្នកមានបុណ្យ នោះចេញមកមែន យើងនឹងយកដំបងគ្រញ៉ូងយើងគប់វាយឱ្យខ្ទេចហ្មត់ តែម្តង។ បើយើងវាយកម្ទេចយកជ័យជំនះមិនបានទេនោះ យើងនឹងសុំចុះ ចាញ់ ហើយយើងនឹងលើក រាជបល្ល័ង្កថ្វាយភ្លាម ដើម្បីជៀសវាងកុំឱ្យកើតមាន

 សង្រ្គាម កាប់ចាក់បង្ហូរឈាមគ្នា ដូច្នេះប្រទេសខ្មែរក៏គ្មានជាប់ជំពាក់កម្មពៀរ វេរារនឹងបណ្តាជនខ្មែរ ហើយយើងក៏គ្មាន អ្នកណាដាក់កំហុសផ្តន្ទាទោស ជេរប្រទេចផ្តាសាតកូនចៅរៀងរហូតទៅដែរ ។

ដំណឹងទស្សន៍ទាយបានលេចឮជ្រួតជ្រាបទៅដល់ប្រជានុរាស្ត្រគ្រប់ទិសទី ។

ថ្ងៃទី៧ មកដល់កាលណា មនុស្សម្នាអ្នកស្រុកអ្នកភូមិពីគ្រប់តំបន់ជិតឆ្ងាយ នាំគ្នាមកមហានគរ ជួបជុំកុះករកកកុញទ្រហឹងអឺងកងរង់ចាំមើលអ្នកមាន បុណ្យ ។ ពញាក្រែក ឬព្រហ្មកិល ចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្តីអនុញ្ញាត ពីព្រះសង្ឃដើម្បីទៅរង់ចាំមើល អ្នកមានបុណ្យនឹងគេដែរ។ កាលនោះ៖ ព្រហ្មកិលអាយុបាន១៧ឆ្នាំនាយខំប្រឹងរំកិល ចែវគាស់លើដីអូសគូទធ្វើដំណើរ យ៉ាងសែនត្រដាបត្រដួសតាមផ្លូវឆ្ពោះទៅមហានគរ។ ព្រហ្មកិលមានជំនឿ និងសង្ឃឹមថាបើមានអ្នកមានបុណ្យចេញមកមែន អ្នកដែលមាន ជម្ងឺរោគា ព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិនមុខជា ជាសះស្បើយមើលឃើញ ដើររួច ដូចដើមជាមិនខាន ។

ពញាក្រែក ឬព្រហ្មកិលបានរំកិលគូទទៅដល់ខាងជើងមហានគរ ហើយក៏ឈប់ សម្រាក ក្រោមដើមពោធិធំមួយក្បែរមាត់ស្រះជិតនោះ រង់ចាំទទួលអ្នកមាន បុណ្យ ក្នុងគ្រានោះ ស្រាប់តែមានព្រាហ្មណ៍ចាស់ម្នាក់ ស្តាយបង្វិចមួយធំមាន កញ្ចប់បាយសំណុំ និង បំពង់ទឹកផង ដឹកសេះដើរតម្រង់ទៅរកព្រហ្មកិល តាព្រាហ្មណ៍ក៏សុំធ្វើសេះ និងឥវ៉ាន់ផ្សេងៗ ជាមួយព្រហ្មកិល ពីព្រោះគាត់ត្រូវ ទៅមើលអ្នកមានបុណ្យគាត់និយាយថា “ព្រហ្មកិលដែលដើរមិនរួចបើទៅ មើលអ្នកមានបុណ្យក៏មើលមិនឃើញដែរ ហើយអាចមានគ្រោះថ្នាក់ត្រូវគេ ដើរជាន់ស្លាប់ទៀត” គាត់សន្យាថា " បើឃ្លានបាយឬស្រេកទឹក ពញាក្រែក ឬព្រហ្មកិលអាចយកបាយសំណុំ និងទឹកបំពង់របស់គាត់ស្រស់ស្រូប ចម្លែត កាយបាន ” ។

ពញាក្រែកពោលតបទៅវិញថា " ខ្លួនខ្វិនខ្វង់ផងធ្វើដូចម្តេចនឹងអាចមើលសេះកើត សេះនោះវាអាចនឹងរត់បាត់ ” ។ តែព្រាហ្មណ៍ចាស់មានប្រសាសន៍ឆ្លើយថា ” មិនអីទេ! គាត់ទៅតែមួយភ្លែតទេ! គាត់នឹងវិលមកវិញឥឡូវហើយ! ” ។ និយាយចប់កាលណា លោកតាព្រាហ្មណ៍ចាស់នោះក៏យកបង្ហោះរសេះទៅដាក់លើដៃព្រហ្មកិល។ ឯបង្វេចធំ គាត់យកទៅដាក់ជិតព្រហ្មកិល ។ បន្ទាប់មកតាព្រាហ្មណ៍ចាស់ក៏ដើរចេញបាត់ទៅ ។

ក្រោយដែលព្រាហ្មណ៍ចេញផុតទៅ ស្រាប់តែសេះនោះងើបឈរទាញកន្ត្រាក់ដៃ ពញក្រែកឱ្យត្រង់ដូចធម្មតា។ ឃើញដូច្នេះ ពញក្រែក ក្រែក ឬព្រហ្មកិលក៏លើកយក បង្ហោះរសេះទៅដាក់លើកដៃម្ខាងទៀតសេះទាញកន្ត្រាក់ដូចមុន ហើយដៃនោះក៏ឡើង ត្រង់ភ្លើងកម្រើកបានធម្មតាដែរ ។ ពញាក្រែក ឬព្រហ្មកិលសប្បាយចិត្តត្រេកអរ ឥតឧបមាខំចាប់យកបង្ហោះរសេះមកដាក់លើជើងទាំងពីរ ឱ្យសេះទាញកន្ត្រាក់ថែម ទៀត ។

 ដូចសេចក្តីប្រាថ្នាមែន ជើងទាំងគូរក៏ត្រង់មានសភាពល្អប្រក្រតី។ ឥឡូវ ព្រហ្មកិលមានអវយវៈដូចមនុស្សធម្មតា អាចប្រើការបានដូចគេឯង។ ពេលនោះ៖ ព្រហ្មកិលក៏ចាប់ផ្តើមស្រេកឃ្លាននឹកឃើញទៅដល់ពាក្យបណ្តាំតាព្រាហ្មណ៍ចាស់ ពញាក្រែក ឬព្រហ្មកិល ក៏លូកដៃចាប់យកទឹកបំពង់មកផឹកលុបលាងរាងកាយ និង មុខមាត់ ។

ភ្លាមនោះ ស្រាប់តែស្លាកស្នាមទាំងប៉ុន្មានដែលមានលើខ្លួនក៏រលុបរលាយបាត់អស់ យ៉ាងអស្ចារ្យរូបរាងមុខមាត់ព្រហ្មកិលក៏ក្លាយទៅជាល្អស្រស់ប្រិមប្រិយលើសអស់ មនុស្សធម្មតា ដែលគេពុំអាចសម្គាល់ ឬចំណាំបានឡើយ ។ បន្ទាប់មក ពញាក្រែកក៏លា កញ្ចប់បាយបើកយកមកបរិភោគ។ រំពេចនោះដែរកម្លាំងក៏កើន ចម្រើនក្នុងខ្លួន ខ្លាំងភ្លាមហិមា។

 ជួបប្រទះឃើញភាពអច្ឆរិយៈកើតឡើងជាបន្តបន្ទាប់គ្នាដូច្នេះ ពញា ក្រែកឬព្រហ្មកិលក៏ឆ្ងល់ពិចារណា ហើយបើកលាបង្វេចតាចាស់ព្រាហ្មណ៍នោះទៀត ស្រាប់តែឃើញមានសុទ្ធតែសំលៀកបំពាក់ និងគ្រឿងអលង្ការល្អល្អះរកអ្វីមកប្រៀប ផ្ទឹមពុំបាន។ ពញាក្រែកក៏យកសំលៀកបំពាក់ និងគ្រឿងអលង្ការទាំងនោះមកពាក់ សាកល្បងលមើលហើយឃើញថាសក្តិសមត្រូវនឹងខ្លួនល្អឥតខ្ចោះ។ គឺនៅក្នុងឱកាស នេះហើយ ដែលពញាក្រែកឬព្រហ្មកិលយល់ដឹងនិងមានជំនឿថា ខ្លួនពិតជាអ្នកមាន បុណ្យ ។ បន្ទាប់មកពញាក្រែកឬព្រហ្មកិលឡើងជិះសេះ៖ សេះនោះក៏ហោះឡើង វឹងស្នេវ ទៅពីទិសខាងជើងឈាងខាងកើត សំដៅទៅបរមរាជវាំង ឯមហានគរ ។

កាលបើឃើញអ្នកមានបុណ្យជិះសេះហោះ ដូចដែលហោរាបានទស្សន៍ទាយ ប្រជាពល

រដ្ឋដែលនាំគ្នាមកចាំមើលកកកុញក្នុងមហានគរ ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង

ពពាក់ពពូន តាមមើលព្រឹត្តិការណ៍។ ចំណែកស្តេចដំបងគ្រញំង ដែលរង់ចាំ

អ្នកមានបុណ្យជាយូរយារណាស់មកហើយ កាលបើបានឃើញជាក់នឹងភ្នែក កើតមាន

ក្តីមួហ្មង ក្តៅក្រហាយ ខឹងសម្បាជាខ្លាំងចាប់ទាញយកដំបងគ្រញ៉ូងមកគប់ចោល

តម្រង់ទៅពញាក្រែកឬព្រហ្មកិលដើម្បីប្រហារជីវិតឱ្យក្ស័យតែម្តង។ ប៉ុន្តែដំបង

របស់ស្តេចដំបងគ្រញ៉ូងបែរជាអស់ឬទ្ធិមិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់

ក្លាយទៅជាអូរដែលមានឈ្មោះជាប់មកថា អូរដំបង ហើយតំបន់នោះសោត

ក៏មាន

ឈ្មោះថា បាត់ដំបងដែរ។ ឃើញហេតុភេទដ៏អស្ចារ្យដូច្នោះប្រជានុរាស្ត្រខ្មែរ

គ្រប់ទិសទី ព្រមទាំងពលសេនាមុខមន្រ្តី ក៏នាំគ្នាក្រាបថ្វាយបង្គំសំពះទទួលព្រហ្មកិល ។

ស្តេចដំបងគ្រញ៉ូងវិញ ដែលយល់ដឹងថា ខ្លួនអស់មានបុណ្យបារមី អស់មានសមត្ថភាព

ក៏សុខចិត្តដាក់ខ្លួនក្រាបថ្វាយបង្គំពញាក្រែកឬព្រហ្មកិល សុំចំណុះចុះចាញ់ ហើយលើក

រាជសម្បត្តិប្រគល់ថ្វាយ ក្នុងពេលនោះទៅហោង។ ស្តេចដំបងគ្រញ៉ូងបានសំរេចចិត្ត

ធ្វើដូចដែលបានគិតទុកនោះមែន ហើយក៏ធ្វើដំណើរគ្មានទិសដៅចាក់ចេញពីព្រះនគរ

ទៅកាន់ស្រុកលាវ ។

កាលនោះនគរចំប៉ាសាក់ត្រូវហ្វូងដំរីចេញមករាតត្បាត ធ្វើឱ្យប្រជានុរាស្ត្ររងទុក្ខ វេទនា និងវិនាសហិនហោចអស់ជាច្រើន។ ស្តេចដំបងគ្រញ៉ូងបានចេញទៅជួយយក អាសាស្តេចលាវកម្ចាត់អស់ហ្វូងដំរី ។ ដូច្នេះហើយ ដើម្បីតបស្នងសងគុណផង ហើយជាពិសេសដោយភ័យព្រួយបារម្ភខ្លាចកម្លាំងអំណាចតេជបារមីផង ទើបបាន ស្តេចលាវព្រះនាមស៊ីសុត្តណាគុណហ៊ុត លើកកូនក្រមុំព្រះនាមសយបុប្ផាថ្វាយទៅ ដំបងគ្រញ៉ូងឬព្រះបាទគោត្តមអមរទេវរាជ ទុកធ្វើជាមហេសី ។

 តែស្ដេចលាវនឹកគិត ក្នុងខ្លួនតែម្នាក់ឯងថា ” ដំបងគ្រញ៉ូងនេះខ្លាំងពូកែណាស់ ហើយអាចក្បត់ដណ្តើម យករាជ្យយើងមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្តេចកម្ចាត់ឱ្យបានមុនជាដាច់ខាត ។ ស្ដេចលាវក៏អង្វរកូនស្រីឱ្យប្រើល្បិចកិច្ចកលស៊ើបសួរប្តីថា ” តើដូចម្តេចបានជាគេមិន អាចសម្លាប់បាន? ហើយបើចង់សម្លាប់វិញ គេត្រូវប្រើមធ្យោបាយដូចម្តេច? កាលណាបានដឹងគ្រប់សេចក្តីហើយ នាងត្រូវមកប្រាប់ឪពុកវិញជាបន្ទាន់ ។

លុះទៅដោយការលួងលោមរបស់ប្រពន្ធ ស្តេចដំបងគ្រញំងរៀបរាប់អស់រឿងអាថ៌កំបាំង ដែលមានជាប់ទាក់ទងទៅនឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុប្ផាក៏យកដំណឹងនេះ ទៅប្រាប់ព្រះបិតា តាមដំណើរ ។ បានដឹងដូចបំណង ស្តេចលាវមិនបង្អង់យូរឡើយ ក៏ចាត់ចែងរៀបចំឱ្យធ្វើគ្រឿងយន្តដាក់ក្នុងបង្គន់សម្រាប់សម្លាប់ស្តេចដំបងគ្រញ៉ូង ។

 ថ្ងៃមួយ នៅពេលដើរចូរទៅក្នុងបង្គន់ស្តេចដំបងគ្រញ៉ូង ដើរទៅទាក់ជើងនឹងខ្សែ ជាហេតុធ្វើឱ្យគន្លឹះគ្រឿងយន្តបាញ់ស្មចំចូលរន្ធតូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញ៉ូងមិនស្លាប់ភ្លាមនៅនឹងកន្លែងទេ។ គ្រានោះស្តេចដំបងគ្រញ៉ូងឬព្រះបាទ គោត្តមអមរទេវរាជ នឹកឃើញយល់ច្បាស់ណាស់អំពីបុព្វហេតុ ដែលនាំបណ្តាល ឱ្យអស់ជីវិត ព្រះអង្គបានមានបន្ទូលបន្លឺពោលថា ” មិនគួរណាយើងមក

បរាជ័យ ចាញ់បោកដោយសារសម្ផស្សស្ត្រីសោះ! ហើយព្រះអង្គបានផ្តែផ្តាំបន្តទៅទៀតថាៈ មិនត្រូវដេកលង់លក់ទេ នៅពេលដែលយើងត្រូវខ្យល់បោកបក់ បបោសអង្អែល កាលណាចូលដំណេកមិនត្រូវនិយាយរឿងអាថ៌កំបាំងប្រាប់ប្រពន្ធទេ មិនត្រូវទុកចិត្ត ស្ត្រីណាដែលនៅក្រៅគ្រួសារឡើយ កាលណាឃ្លានគេត្រូវយកអង្ករមកលាងដណ្ដាំណាំ ឱ្យឆ្អិនសិន សឹមបរិភោគជាក្រោយ ។

ដោយមានរបួសជាទម្ងន់ស្តេចដំបងគ្រញូងក៏ចាកចេញពីស្រុកលាវ ហើយត្រលប់ទៅ ស្លាប់ឯស្រុកភូមិកំណើតខ្លួនវិញគឺនៅស្រុកសួនមង្ឃុត។ ព្រះនាងសយបុប្ផា ដែល ពោរពេញទៅដោយវិប្បដិសារី បានធ្វើដំណើរទៅតាមព្រះស្វាមីហើយនៅបម្រើកំដរ ប្រណិប័តន៍រហូតដល់ថ្ងៃស្លាប់។ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទម្លាប់ ប្រពៃណី ហើយបានយកអដ្ឋិធាតុតម្កល់ទុកក្នុងចេតិយនៅស្រុកចំប៉ាសាក់ ។


0 comments:

Post a Comment