រឿង កញ្ចក់
កាលពីព្រេងនាយ មានរាជាណាចក្រមួយ ដែលរាស្ត្រនៅស្រុកនោះមិនដែលស្គាល់កញ្ចក់។ កញ្ចក់ទាំងអស់ត្រូវបានគេបំផ្លាញចោល បំបែកជាបំណែកតូចៗ តាមរាជបញ្ជារបស់រាជិនីនៃនគរនោះ។ បើកញ្ចក់ ឬសូម្បីតែបំណែកនៃកញ្ចក់ត្រូវបានគេរកឃើញនៅផ្ទះណា រាជិនីនោះនឹងចេញរាជបញ្ជាឱ្យអាមាត្យប្រហារជីវិតជននោះឬគ្រួសារនោះ ជាមួយនឹងទារុណកម្មយ៉ាងសាហាវឃោរឃៅបំផុត។
តើអ្វីទៅជាអាថ៌កំបាំងនៃទង្វើដ៏ឆ្កួតលេលារបស់ស្ដេចស្រីមួយអង្គនេះ? ស្តេចស្រីអង្គនេះ មានរូបអាក្រក់សែនមហាអាក្រក់ ។ ព្រះនាងមិនចង់ឃើញរូបខ្លួនឯង និងមិនចង់ឃើញថា ខ្លួនឯងរូបអាក្រក់ វាជាការលួងលោមមួយ នៅពេលដែលព្រះនាងដឹងថា ស្រីផ្សេងទៀត គ្មាននរណាដឹងថាខ្លួនឯងមានរូបស្អាត។ អ្នកអាចស្រមើស្រមៃបានថា ក្មេងស្រីរបស់ប្រទេសនេះ នឹង មិនសុខមិនសាប់ក្នុងចិត្តប៉ុណ្ណា ។
តើស្អាតមានប្រយោជន៍ស្អីទៅ បើអ្នកមិនអាចនឹងពេញចិត្តនឹងរូបខ្លួនឯងបានផងនោះ? ពួកគេអាចប្រើកូនស្ទឹងបឹងបួអូរត្រពាំងធ្វើជាកញ្ចក់ឆ្លុះ តែព្រះរាជិនីដឹងរឿងនេះរួចជាស្រេចទៅហើយ ហើយបានរៀបចំលាក់កំបាំងទឹកត្រពាំងបឹងបួនោះអស់ជាស្រេច ដោយប្រើផ្ទាំងថ្មធំៗដើម្បីបិទបាំង។ អណ្តូងត្រូវបានគេជីកយ៉ាងជ្រៅ ដើម្បីកុំឱ្យមាននរណាម្នាក់អាចមើលឃើញមុខខ្លួនឯងបាន។ ប៉ោតពាងត្រូវបានគេហាមឃាត់ ដោយក្រែងខ្លាចក្រែងត្រូវបានគេប្រើសម្រាប់ឆ្លុះមុខ។ អាងទឹកក្រោមដីត្រូវយកមកប្រើជំនួសវិញ។
វាជារឿងដ៏គួរឱ្យសង្វេគមួយសម្រាប់ប្រទេស ជាពិសេសសម្រាប់ស្រីស្អាតទាំងឡាយ ដែល ប្រទេសនេះ សម្បូរ មិនចាញ់ ប្រទេសជិតខាងឡើយ។ ព្រះរាជិនីគ្មានសេចក្ដីមេត្តាបន្តិចឡើយ ព្រះនាងរីករាយ នៅពេល ដឹង ថាប្រជារាស្ត្រក្រោមបង្គាប់របស់ខ្លួននោះ រងទុក្ខដោយសារគ្មានកញ្ចក់ប្រើ ។ ទោះជាយ៉ាងណា នៅជាយក្រុងមួយ មាននារីពេញវ័យម្នាក់ឈ្មោះ ហ្សាស៊ីនតា ដែលមានរូបស្អាតជាងស្រីក្រមុំផ្សេងទៀត នាងមានសំណាងដែលមានសង្សារម្នាក់ឈ្មោះ វ៉ាឡង់តាំង។ ព្រោះថា បើនរណាម្នាក់គិតថាអ្នកស្អាត គេប្រហែលជាមិនបានប្រាប់អ្នកថាស្អាតនោះទេ តែវ៉ាឡង់តាំង វិញ ប្រៀបបានដូចជាកញ្ចក់អ៊ីចឹង។ “និយាយការពិតប្រាប់អូនមក ” នាងហ្សាស៊ីនតា តែងតែសួរទៅវ៉ាឡង់តាំង “តើភ្នែកអូនពណ៌អី?” “ពណ៌វាល្អដូចពណ៌របស់ ផ្កាកុំភ្លេចស្នេហ៍យើង [forget-me-nots]” “ចុះស្បែកមុខអូន មិនខ្មៅទេឬ?” “អូនដឹងទេ មុខរបស់អូនសជាងទឹកកកដែលធ្លាក់ចុះពីលើមេឃទៅទៀត ហើយថ្ពាល់របស់អូន ក្រហម ដូចជាផ្កាកុលាប” “ចុះបបូរមាត់អូន?” “ក្រហមស្អាតដូចជាផ្លែឈែរី” “ចុះធ្មេញអូន?” “សូម្បីតែគ្រាប់អង្ករក៏សមិនស្មើដែរ” “ចុះត្រចៀកអូនវិញ អាក្រក់មើលទេ?” “អាក្រក់ បើអូនគិតថាសំបកគ្រំពណ៌ផ្កាឈូកពីរ នៅសង្ខាងវង់ភក្ត្រដ៏ស្រស់ស្អាតរបស់អូន មិនស្អាត។” ហើយនាងចេះតែសួរដេញដោលដដែលៗ គ្មានទីបញ្ចប់ នាងសប្បាយរីករាយយ៉ាងខ្លាំង ហើយ វ៉ាឡង់តាំងក៏មានសំដីប្រកបដោយមន្តស្នេហ៍ដែរ រាល់ពាក្យពេចន៍ទាំងអស់ សុទ្ធតែចេញពីក្រអៅបេះដូងរបស់គាត់។ នាងហ្សាស៊ីនតា សប្បាយរីករាយនឹងស្ដាប់ពាក្យពោលសរសើររបស់គូស្នេហ៍នាង រីឯគាត់វិញសប្បាយរីករាយនឹងបាននៅក្បែរនាង។ ស្នេហារបស់ពួកគេចេះរីកធំៗឡើងៗ កាន់តែស៊ីជម្រៅទៅៗ និង ផ្អែមល្ហែមរៀងរាល់នាទី ។ រហូតដល់ថ្ងៃមួយ វ៉ាឡង់តាំង បានសុំនាង ហ្សាស៊ីនតា រៀបការ ធ្វើឱ្យនាងអៀនមុខឡើងក្រហម។ សំណាងអាក្រក់ ដំណឹងនៃសុភមង្គលរបស់ពួកគេ បានដឹងឮដល់រាជិនីចិត្តអាក្រក់ ដែលសេចក្ដីសុខរបស់ព្រះនាង គឺបានធ្វើឱ្យគេកើតទុក្ខ ជាពិសេសគឺធ្វើឱ្យនាង ហ្សាស៊ីនតានេះ កើតទុក្ខតែម្ដង ដោយសារច្រណែននឹងរូបសម្ផស្សរបស់នាង។ នាល្ងាចមួយ មុនពេលរៀបការបន្តិច នាងហ្សាស៊ីនតា បានដើរតែឯងក្នុងចម្ការប៉ោម នាងបានជួបនឹងស្មូមយាចកម្នាក់ ដែលបានដើរមកជិតនាងដើម្បីសុំទាន ប៉ុន្តែស្រាប់តែយាយចាស់នោះលោតថយក្រោយវិញ ហាក់ដូចជាដើរជាន់សត្វគីង្គក់ ដោយស្រែកថា ៖ “ព្រះអើយ ស្អីគេអ៊ីចេះ?” “អ្វីទៅ លោកយាយ? តើលោកយាយឃើញអ្វីទៅ ? ប្រាប់ខ្ញុំមក ” “ភាវរស់ដ៏អាក្រក់បំផុត ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ” “អ៊ីចឹង លោកយាយមិនមែនមើលមកខ្ញុំទេ ” នាងហ្សាស៊ីនតា និយាយដោយសំឡេងប្រកបដោយអំនួតបែបមិនដឹងអី។ “ព្រះជាម្ចាស់! កូនស្រីអើយ គឺកូននេះហើយ។ ខ្ញុំរស់នៅលើផែនដីនេះយូរមកហើយ តែខ្ញុំមិនដែលជួបនរណារូបអាក្រក់ដូចនាងនេះទេ !” “ស្អីគេ! ខ្ញុំនឹងរូបអាក្រក់?” “អាក្រក់មួយរយដងជាងអ្វីដែលខ្ញុំអាចប្រាប់ទៅនាងទៅទៀត” “ហើយចុះភ្នែករបស់ខ្ញុំ …” “ពណ៌ប្រផេះអាក្រក់ណាស់ តែមិនអីទេ បើនាងមិនធ្វើភ្នែកស្រទន់ ដ៏គួរឱ្យខ្លាចនេះទេ !” “ចុះស្បែកមុខរបស់ខ្ញុំ …” “មើលទៅដូចមុខគេប៉ាតធ្យូងនៅលើថ្ងាស និង ថ្ពាល់” “ចុះមាត់របស់ខ្ញុំ …” “ឡើងស្លេក ប្រៀបដូចផ្កាស្រពោនអ៊ីចឹង” “ចុះធ្មេញរបស់ខ្ញុំ” “បើថាធ្មេញស្អាតមានទំហំធំ និងពណ៌លឿងខ្មៅ នោះ ខ្ញុំមិនដែលឃើញធ្មេញនរណាស្អាតដូចធ្មេញរបស់នាងទេ” “ហ៊ឺ ហើយចុះត្រចៀកខ្ញុំវិញ…” “ត្រចៀកកំប៉ិត ធំ ក្រហម រាងអាក្រក់ ដូចត្រចៀកបិសាច ។ ខ្ញុំនេះខ្ញុំដឹងថាខ្លួនខ្ញុំមិនស្អាតទេ តែខ្ញុំខ្មាស់គេស្លាប់ហើយបើមានរូបអាក្រក់ដូចជានាងនោះ “។ បន្ទាប់ពីពាក្យចំអកចុងក្រោយនេះ យាយចាស់ម្ចាស់នេះ និយាយពាក្យបង្អាប់ដដែលៗ តាមតែព្រះរាជិនីបង្រៀនមក ដើរខ្ចកៗចេញទៅ រួចសើចចំអកឮៗ ទុកឱ្យនាងហ្សាស៊ីនតាស្រក់ទឹកភ្នែកតែម្នាក់ឯង ក្រោមដើមប៉ោម។ * * * * * គ្មានអ្វីដែលអាចបង្វែរទឹកចិត្តរបស់នាងឱ្យចេញពីសេចក្ដីទុក្ខនេះទេ។ “ខ្ញុំរូបអាក្រក់ណាស់ ខ្ញុំអាក្រក់ណាស់” នាងទន្ទេញដដែលៗ។ គ្មានប្រយោជន៍សោះ ដែល វ៉ាឡង់តាំង និយាយអះអាងប្រាប់នាង ម្ដងហើយម្ដងទៀត ព្រមទាំងស្បថស្បែថែមទៀតផង នាងនៅតែមិនជឿ។ “ទុកឱ្យខ្ញុំនៅតែម្នាក់ឯងទៅ បងកុហកដោយសារអាណិតអូនតែប៉ុណ្ណោះ ។ ពេលនេះអូនយល់អស់ហើយ បងមិនដែលស្រលាញ់អូនទេ បងអាណិតអូនតែប៉ុណ្ណោះ។ យាយសុំទាននោះ គ្មានប្រយោជន៍អ្វីនឹងមកនិយាយបញ្ឈឺអូននោះទេ។ ពិតណាស់ ច្បាស់ណាស់ អូននេះរូបអាក្រក់។អូនមិនដឹងថា បងទ្រាំនឹងរូបអាក្រក់របស់អូនបានដល់ពេលណានោះទេ” ដើម្បីកុំឱ្យនាងខូចចិត្តបន្តទៀត វ៉ាឡង់តាំង បានហៅមនុស្សមកពីទីជិតឆ្ងាយ មកមើលនាង បុរសទាំងអស់ សុទ្ធតែពោលពាក្យសរសើរថា នាង ហ្សាស៊ីនតា ត្រូវបានធម្មជាតិបង្កើតមកសម្រាប់ជាចំណីភ្នែក; ស្ត្រីទាំងអស់ក៏និយាយសរសើរដូចគ្នា ថ្វីបើពួកនាងៗ ដូចជាច្រណែនតិចៗក្ដី។តែពួកក្មេងពាល បាននិយាយថា នាងជាមនុស្សស្រីដ៏គួរឱ្យស្អប់ទៅវិញ។ នៅពេលនោះ វ៉ាឡង់តាំង បង្ខំនាងឱ្យជ្រើសរើសថ្ងៃរៀបការ “អូន ជាប្រពន្ធរបស់បង!” នាងស្រែក “គ្មានថ្ងៃទេ ! អូនស្រលាញ់បងណាស់ អូនមិនអាចធ្វើឱ្យបងរកទុក្ខមករៀបការនឹងសត្វចម្លែករូបអាក្រក់ម្នាក់នេះទេ” អ្នកអាចដឹងហើយពីអារម្មណ៍អស់សង្ឃឹមរបស់មនុស្សម្នាក់ដែលងប់ងល់នឹងស្នេហាដ៏ភក្តី ។ គាត់លុតជង្គង់ចុះ អង្វរកនាង ចម្លើយរបស់នាងនៅតែដដែល គឺ នាងរូបអាក្រក់ណាស់ មិនអាចរៀបការនឹងគាត់បានទេ។ តើគាត់ត្រូវធ្វើដូចម្ដេចទៅ? មធ្យោបាយតែមួយគត់ ដើម្បីបង្ហាញថា យាយចាស់ម្នាក់នោះនិយាយកុហក ហើយ បង្ហាញការពិតដល់ ហ្សាស៊ីនតា គឺ ឱ្យនាងឆ្លុះកញ្ចក់មើលខ្លួនឯង។ តែនៅរាជាណាចក្រនេះ ទៅរកកញ្ចក់ឯណាបាន ហើយ ដោយសារការភ័យខ្លាចទោសទារុណកម្មពីសំណាក់ព្រះរាជិនី គ្មានជាងណាម្នាក់ហ៊ានចេញមុខផលិតកញ្ចក់នោះទេ។ “ល្អ បងនឹងទៅរាជវាំង” វ៉ាឡង់តាំង និយាយទាំងអស់សង្ឃឹម “បើទោះបីជាព្រះរាជិនីអាក្រក់យ៉ាងណា ព្រះនាងក៏គង់នឹងមិនអាចនឹងមិនអាណិតដល់ទឹកភ្នែក និង សម្ផស្សរបស់ ហ្សាស៊ីនតា បានដែរ។ ព្រះនាងនឹងកម្ចាត់បាននូវសេចក្ដីទុក្ខព្រួយនេះ ពីរបីម៉ោងយ៉ាងយូរ គឺសេចក្ដីទុក្ខព្រួយដ៏អាក្រក់ ដែលជាមូលហេតុបណ្ដាលឱ្យស្នេហាយើងមានបញ្ហា” វាមិនមែនជាការលំបាកទាល់តែសោះ សម្រាប់ឱ្យ គាត់លួងលោមស្រីក្រមុំម្នាក់នេះ ទៅចូលគាល់ព្រះរាជិនី។ នាងមិនពេញចិត្តនឹងការបង្ហាញខ្លួនឡើយ ហើយសួរថា តើកញ្ចក់មានប្រយោជន៍អ្វីទៅ វាគ្រាន់តែជាអ្នកធ្វើឱ្យនាងកាន់តែឈឺចាប់ថែមទៀតតែប៉ុណ្ណោះ។ តែគាត់បានយំ អង្វរនាង បេះដូងរបស់នាងបានទន់ជ្រាយ ក៏យល់ព្រមតាមការអង្វរករបស់បុរសជាសង្សារ។ * * * * * “ស្អីគេហ្នឹង?” ព្រះរាជិនីរូបអាក្រក់និងចិត្តអាក្រក់សួរ “ពួកគេជានរណា? ហើយមកនេះត្រូវការអី?” “ក្រាបទូលព្រះរាជិនី នៅមុខព្រះភក្ត្រព្រះរាជិនីនេះ ជាគូស្នេហ៍ដ៏កម្សត់បំផុតនៅលើផែនដីនេះ” “តើពួកអ្នកឯងគិតត្រឹមត្រូវហើយ ដែលមកទីនេះ ដើម្បីរំខានដល់យើង?” “សូមព្រះរាជិនីអាណិតដល់ទូលបង្គំផង” “អើ ហើយចង់ឱ្យយើងជួយអ្វីដល់វិបត្តិស្នេហ៍របស់អ្នកទាំងពីរនោះ?” “ទូលបង្គំសុំរាជអនុញ្ញាតនូវកញ្ចក់មួយ …” ព្រះរាជិនីក្រោកឡើង ដោយកំហឹង “អាណាហ៊ាននិយាយពីពាក្យកញ្ចក់នេះដល់អញ?” ព្រះនាងមានព្រះបន្ទូល ដោយសង្កៀតធ្មេញ។ “សូមព្រះរាជិនីទ្រង់កុំខ្ញាល់អី ទូលបង្គំសូមទ្រង់ព្រះមេត្តាប្រោស សូមព្រះរាជិនីស្ដាប់ហេតុផលទូលព្រះបង្គំសិន។ ស្រីក្រមុំម្នាក់នេះ ដែលនៅមុខព្រះភក្ត្រព្រះរាជិនី ស្រស់ ហើយ ស្អាត ជាជនរងគ្រោះនៃការភាន់ច្រលំ។ នាងគិតថា នាងមានរូបអាក្រក់ណាស់” “អើ ” ព្រះរាជិនីមានព្រះបន្ទូល ប្រកបដោយពុតត្បុត “នាងនិយាយនេះត្រូវហើយ យើងមិនដែលឃើញនរណាមានរូបអាក្រក់ដូចនាងនោះទេ” ហ្សាស៊ីនតា នៅពេលដែលបានស្ដាប់នូវពាក្យទ្រគោះបោះបោកនេះ នាងគិតថា នាងនឹងស្លាប់ដោយសារការខ្មាស់ គេនេះ ជាមិនខាន។ នាងគ្មានសង្ស័យទៀតឡើយ ថា នាងពិតជាមានរូបអាក្រក់មែន។ ភ្នែកនាងបិទ រួចក៏ដួលសន្លប់នៅក្បែររាជបល្ល័ង្ក ទៅ។ នៅពេលនោះ វ៉ាឡង់តាំង ទប់ចិត្តលែងបាន។ គាត់ស្រែកយ៉ាងខ្លាំង ៗថា ព្រះរាជិនី ឆ្កួតលេលា និយាយកុហក។ គាត់គ្មានពេលនិយាយបន្តទៀតឡើយ។ អាមាត្យចាប់ក្រៀកគាត់ជាប់ ក្រោមសញ្ញាពីព្រះរាជិនី ពេជ្ឈឃាតបានចេញមក។ នាយម្នាក់នេះ នៅជាប់នឹងព្រះរាជិនីជានិច្ច សម្រាប់បំពេញសេវា គ្រប់នាទីទាំងអស់។ “ចូរបំពេញកាតព្វកិច្ចរបស់ឯង” ព្រះរាជិនីមានព្រះបន្ទូល ដោយចង្អុលទៅបុរសដែលបានជេរប្រមាថដល់ព្រះនាង។ ពេជ្ឈឃាតបានលើកកាំបិតកាត់កដ៏ភ្លឺចែងចាំងចេញមក នៅចំពេលដែលនាងហ្សាស៊ីនតាភ្ញាក់ដឹងខ្លួន និង បើកភ្នែកឡើង។ សំឡេងស្រែកពីរផ្សេងគ្នាបានពុះជ្រែកវេហា។ មួយជាសម្រែកនៃក្ដីរីករាយ ដោយសារភាពចាំងផ្លាតរបស់ផ្លែកាំបិត នាង ហ្សាស៊ីនតាបានឃើញរូបខ្លួនឯង ដែលប្រកបដោយមន្តស្នេហ៍ ដ៏ស្អាតផូរផង់ និង សំឡេងមួយទៀត ជាសម្រែកប្រកបដោយកំហឹង នៃព្រះរាជិនីចិត្តអាក្រក់ ដែលមិនអាចទ្រាំទ្របាន ដោយដឹងថា នាងហ្សាស៊ីនតាអាចមើលឃើញមុខរបស់នាងនៅក្នុងកញ្ចក់ ដោយឥតព្រាងទុក បាន៕
0 comments:
Post a Comment