រឿង ត្បូងពេជ្របាត

អ្នកទស្សនា: Views

រឿង ត្បូងពេជ្របាត 

 ក្នុង​សករាជ​ព្រះ​ពុទ្ធ តានេនគារា ( Tanengara ) ដែល​ទ្រង់​ត្រាស់​មុន​គេ​បង្អស់, មាន​ព្រាហ្មណ៍​ម្នាក់​ជា​មហា​សេដ្ឋី ជា​អ្នក​មាន​ចិត្ត​សោកស្ដាយ​ពន់​ពេក ដោយសារ​មាន​កូន​ស្រី​តែ​មួយ​ឈ្មោះ​នាង សិក្ដា​កុមារី ( Sikta Kommari ) សំរាប់​ត​វង្ស​ត្រកូល ។

 ឯ​បុត្រី​នេះ លុះ​អាយុ​បាន​ប្រមាណ ១៦ ឆ្នាំ មិន​ទៅ​ជា​មាន​រូប​ល្អ​នឹង​មាន​គុណធម៌​តាម​ធម្មតា​របស់​ក្មេង​អាយុ​ប៉ុណ្ណោះ​ទេ ត្រឡប់​ជា​បង្ហាញ​ចារឹក​ស្មូញស្មាញ​នឹង​គំនិត​ច្បាស់​ទៅ​ខាង​ផ្លូវ​លោភៈ​នឹង​កំណាញ់​វិញ ។ មាន​ថ្ងៃ​មួយ​នោះ នាង​និយាយ​ម្នាក់​ឯង​ដូច​មាន​ត​ទៅ​នេះ​ថាៈ « ឪពុក​ម្ដាយ​អញ ប្រាកដ​ជា​ឥត​ស្រឡាញ់​អញ​បន្តិច​ទេ, ភោគសម្បត្តិ​របស់​គាត់​មាន​ច្រើន​ណាស់ ហើយ​គាត់​មិន​ព្រម​ឲ្យ​អ្វី​អញ​សោះ, ទំហូ​ក៏​គ្មាន គ្រឿង​លំអ​ក៏​គ្មាន អ្វី​បន្តិច​ជាប់​នឹង​ខ្លួន​ក៏​គ្មាន, 

ចំណែក​ខាង​ពួក​គូកន​របស់​អញ​វិញ ទោះ​គេ​ក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​មាន​មាស​នឹង​ពេជ្រ​របស់​គេ​ដែរ, បើ​សិន​ណា​គាត់​ស្លាប់​ទៅ អញ​ជា​ស្រី​គ្មាន​ច្បាប់​ទទួល​មត៌ក​ទេ ម្ល៉ោះ​ហើយ​ទ្រព្យ​របស់​គាត់​ទាំង​ប៉ុន្មាន មុខ​ជា​ចូល​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ​មិន​ខាន វៀរលែង​តែ​របស់​ណា​ដែល​ព្រះ​រាជា​មាន​ព្រះ​ទ័យ​មេត្តា​ព្រះ​រាជ​ទាន​ឲ្យ​មក​អញ​វិញ, ម្ល៉េះ​សម​អញ​នឹង​ទៅ​ជា​ក្រ​ហើយ​គ្មាន​ធន​ធាន អស់​មួយ​ជាតិ​មិន​ខាន » ។ គំនិត​ទាំង​នេះ​ឯង បាន​ក៏​បង្វិល​ខួរ​ក្បាល​នាង​ឲ្យ​ដើរ​ជានិច្ច​មិន​ឈប់​ឈរ​ឡើយ ។

 ថ្ងៃ​មួយ ពេល​ដែល​ឪពុក​ម្ដាយ​នាង​ទៅ​មុជ​ទឹក​ព្រែក​ហើយ​ដែល​ពួក​បាវព្រាវ​នៅ​លេង​ក្នុង​សួនច្បារ នាង​ក៏​ឆ្លៀត​យក​ឱកាស​នោះ ដើម្បី​លួច​ពេជ្រ​មួយ​ដុំ​ដ៏​ថ្លៃ​បំផុត ដែល​នាង​ដឹង​ថា លាក់​ក្រោម​ពូក​លើ​គ្រែ​របស់​ឪពុក​នាង ។ រួច​នាង​យក​ពេជ្រ​នោះ​ទៅ​លាក់​ក្នុង​កន្លែង​មួយ​ផ្សេង​ដែល​នាង​ស្គាល់​តែ​ម្នាក់​ឯង ។ រី​ឯ​ព្រាហ្មណ៍​កាល​បើ​លុប​លាង​ខ្លួន​ហើយ ក៏​ផ្លាស់​ខោ​អាវ​យ៉ាង​ស្រួលបួល​នៅ​មាត់​ទឹក ។

 ស្រាប់​តែ​មាន​គំនិត​គិត​ដល់​ត្បូង​ពេជ្រ​របស់​គាត់​មួយ​រំពេច រួច​ក៏​សួរ​ទៅ​ប្រពន្ធ​គាត់​ថាៈ តើ​ត្បូង​ពេជ្រ​នោះ​នៅ​លើ​គ្រែ​ត្រង់​កន្លែង​ដដែល​ឬ ? ។ នាង​ភរិយា​គិត​ឃើញ ឆ្លើយ​ថាៈ នៅ​កន្លែង​ដដែល​ទេ, ប៉ុន្តែ​ដោយ​ពិត​នោះ កាល​ចេញ​ពី​ផ្ទះ​មក នាង​មិន​បាន​មើល​ពិនិត្យ​បញ្ជាក់​ថែម​ទៀត​ឲ្យ​សព្វ​គ្រប់​ទេ ។ ព្រាហ្មណ៍​បាន​ឮ​ដូច្នោះ​ក៏​មាន​ចិត្ត​សង្ស័យ​ជា​ខ្លាំង ទើប​ខំ​ស្លៀក​ពាក់​យ៉ាង​ប្រញាប់​ប្រញាល់​ហើយ​រត់​តម្រង់​ទៅ​ផ្ទះ​វិញ ។ ចំណែក​កូន​ស្រី​របស់​ព្រាហ្មណ៍​ កាល​ណា​លាក់​ត្បូង​ពេជ្រ​ដោយ​ត្រឹម​ត្រូវ​រួច​ហើយ ក៏​តាំង​រៀបចំ​ទឹក​តាម​ទំនៀម ដើម្បី​លាង​ជើង​ឪពុក​ម្ដាយ​ដែល​ត្រឡប់​មក​វិញ ។

 ក្នុង​ពេល​នោះ ឪពុក​នាង​រត់​មក​ដល់​មុន ដោយ​អាការ​ត្រដេប​ត្រដាប​ស្ទើរ​ដាច់​ខ្យល់ ។ ព្រាហ្មណ៍​បាន​ដើរ​តម្រង់​ត្រង់​ទៅ​កន្លែង​លាក់​ពេជ្រ​នោះ​ដោយ​ឥត​និយាយ​អ្វី​មួយ​ម៉ាត់ ហើយ​រក​មើល​ពេជ្រ​មិន​ឃើញ ៗ តែ​កន្លែង​នោះ​ទទេ​ស្អាត ។ ព្រាហ្មណ៍​ឆ្ងល់​ណាស់​ក៏​លាន់​មាត់​ឡើង ហើយ​សួរ​ទៅ​កូន​ស្រី​របស់​ខ្លួន​ថាៈ « កូន​សម្លាញ់ ! ក្នុង​ពេល​ដែល​ឪពុក​កំពុង​មុជ​ទឹក តើ​កូន​បាន​យក​ត្បូង​ពេជ្រ​ក្រោម​ពូក​ឬ​ទេ ? » ។

 នាង​ឆ្លើយ​ដោយ​អាការ​យ៉ាង​ប្រសប់​ថាៈ « ទេ លោក​ឪពុក, ខ្ញុំ​មិន​ដឹង​ជា​ត្បូង​ពេជ្រ​នៅ​ទី​នោះ​ផង » ។ ការ​ទាស់​ទែង​ក៏​កើត​ឡើង ។ ឯ​ម្ដាយ​ក៏​មក​ដល់ ហើយ​ចូល​ទៅ​ជជែក​ថែម​ទៀត រួច​បន្តិច​ទៅ​ក្រុម​ញាតិ​ទាំង​អស់​ក៏​នាំ​គ្នា​ដើរ​តាម​មាត់​ព្រែក​ទៅ​កាន់​គ្រឹៈស្ថាន​របស់​លោក​សុភា​ចារបុរស​ក្នុង​ភូមិ ដើម្បី​សុំ​លោក​បើក​អង្កេត​មើល ។ ប៉ុន្តែ​លោក​សុភា​ចារបុរស​មិន​ព្រម​បំពេញ​បំណង​ក្រុម​ណា​ជា​ដាច់​ខាត ដោយ​បាន​ឲ្យ​យោបល់​ថាៈ « មិន​ដែល​មាន​កូន​ស្រី​តែ​មួយ​នៅ​ក្មេង​ត្រលាំង ហើយ​មាន​សុភាព​រាបសា​យ៉ាង​នេះ ណា​ក៏​ហ៊ាន​ទៅ​លួច​យក​ទ្រព្យ​របស់​ឪពុក​ម្ដាយ​ឯង ដូច​ជា​ស្រី​មជ្ឈិម​វ័យ​ធម្មតា, បើ​ត្បូង​វា​បាត់​ទៅ​ហើយ​តោង​តែ​រក​ឲ្យ​មែន​ទែន, » ថា​ហើយ​លោក​បិទ​ទ្វារ​រួច​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​ទៅ ។

 ព្រាហ្មណ៍​នឹក​ទោមនស្ស​តូច​ចិត្ត​ណាស់ ក៏​ទៅ​អំពាវនាវ​ដល់​លោក​ចៅហ្វាយ​ខែត្រ, ឯ​លោក​ចៅហ្វាយ​ខែត្រ​ក៏​ចែង​យោបល់​លោក​ដូច​លោក​សុភា​ចារបុរស​ទៀត ។ ព្រាហ្មណ៍​ក៏​រឹត​តែ​ទោមនស្ស​តូច​ចិត្ត​ខ្លាំង​ឡើង​ហើយ​ចង់​រក​យុត្តិធម៌​ឲ្យ​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​ព្រះ​រាជា​ក្នុង​ព្រះ​នគរ, ឯ​ព្រះ​រាជា​ទ្រង់​ស្រឡាញ់​ព្រាហ្មណ៍​នេះ​ដោយសារ​កាល​ពី​មុន​ព្រហ្មណ៍​នេះ​ជា​គ្រូ​អាចារ្យ​ផ្ទាល់​ព្រះ​អង្គ ទើប​ត្រាស់​ហៅ​លោក​នាយក​នៃ​អភិជន​ហើយ​មាន​ព្រះ​រាជ​ឱង្ការ​ថា « បើ​សិន​ណា​ក្នុង​រវាង ៧ ថ្ងៃ​ទៀត លោក​នាយក​អភិជន​រក​រឿង​នេះ​មិន​ឃើញ​ទេ យើង​នឹង​ហូត​ងារ​ចោល ។

 ថ្វី​បើ​ការ​ធ្លាប់​ប្រសប់ នឹង​ការ​មធ្យ័ត​របស់​លោក​នាយក​នៃ​អភិជន​ដែល​ជា​អ្នក​មិន​លេង​មិន​សើច​ចំពោះ​យុត្តិធម៌ ម្ដង​នេះ​លោក​បាន​ធ្លាក់​ខ្លួន​ក្នុង​ទុក្ខ​មួយ​យ៉ាង​ធំ ។ ព្រោះ​ហេតុ​ដូច្នេះ កូន​ស្រី​របស់​លោក គឺ​ព្រះ​នាង​ខត្តិយានី ដ៍​ល្អ​ហើយ​មាន​ប្រាជ្ញា​ដ៏​លើស​អាយុ​របស់​នាង បាន​សាកសួរ​លោក​យ៉ាង​សម​សួន​អំពី​ហេតុ​ដែល​លោក​កើត​ទុក្ខ​នេះ ក្នុង​ពេល​ដែល​ព្រះ​នាង​បក់​ផ្លិត​ជូន​លោក ។ លោក​នាយក​អភិជន​តប​ថាៈ « ឯ​ហេតុ​នោះ គឺ​មាន​ក្រុម​ញាតិ​មួយ​ក្រុម មាន​ឪពុក​ដែល​ជា​ព្រហ្មណ៍ ហើយ​ជា​គ្រូ​អាចារ្យ​ចាស់​របស់​ព្រះ​រាជា មាន​ភរិយា នឹង​បុត្រី​មួយ, ជន​ទាំង​អស់​នេះ បាត់​ត្បូង​ពេជ្រ​មួយ​ដុំ​ដ៏​ថ្លៃ​ថ្នូរ​បំផុត គេ​លួច​ក៏​មិន​ដឹង ឬ​ច្រឡំ​ដៃ​ដាក់​ឯ​ណា​ក៏​មិន​ដឹង រួច​សិន​ណា​ក្នុង ៧ ថ្ងៃ​នេះ ឪពុក​រក​មិន​ឃើញ​ទេ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​នឹង​ទំលាក់​ឪពុក​ពី​តំណែង​ព្រម​ទាំង​កិត្តិយស​ទាំង​អស់​ចេញ » ។

 ព្រះ​នាង​ក៏​ឆ្លើយ​ដោយ​ឥត​គិត​ថា « សូម​អញ្ជើញ​ប្រញាប់​ទៅ​ទូល​ព្រះ​រាជា​វិញ​ចុះ​​ថា កូន​អាច​រក​ឃើញ ក្នុង​រយៈ​ពេល​ដែល​កំណត់​នេះ​ប្រាកដ » ។ លោក​នាយក​នៃ​អភិជន បាន​នាំ​ការ​ពិភាក្សា​នេះ​ទៅ​ទូល​ស្ដេច ។ ព្រះ​រាជា​ក៏​ងក់​ព្រះ​កេស ហើយ​ទ្រង់​ព្រះ​សំណើច​ចំអក​បន្តិច​ផង ដែល​ជា​សញ្ញា​ថា​ទ្រង់​យល់​ព្រម​តាម​ការ​ព្រម​ព្រៀង​នេះ ។ ព្រះ​នាង​ខត្តិយានី​បាន​សុំ​ឪពុក​ឲ្យ​ទុក​ស្មៀន​ម្នាក់ ដែល​ជា​អ្នក​ឆ្លាត​ហើយ​ចេះ​លាក់​ការ​សម្ងាត់​ឲ្យ​នៅ​ក្រោម​ឱវាទ​របស់​នាង ។ ឯ​ពាក្យ​សុំ​នេះ ក៏​បាន​ដូច​បំណង រួច​ព្រះ​នាង​ឲ្យ​គេ​ទៅ​ហៅ​ព្រាហ្មណ៍​នឹង​ភរិយា​មក​ដោយ​ឥត​ឲ្យ​បុត្រី​នៃ​ជន​ទាំង​គូ​នេះ​ដឹង​ឡើយ ហើយ​ព្រះ​នាង​សួរ​ថាៈ « តើ​ហេតុ​ដូច​ម្ដេច បាន​ជា​អ្នក​ទុក​ទ្រព្យ​សម្បត្តិ​យ៉ាង​សម្បើម​នេះ » ? ។

 ស្វាមី​ភរិយា​ក៏​ឆ្លើយ​ថាៈ « ឯ​ដើម​ហេតុ​នៃ​ធន​ធាន​របស់​យើង​នេះ​ងាយ​ជំរាប​ទេ គឺ​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​យើង​រៀប​មង្គលការ​គ្នា​មក ផល​ដំណាំ​របស់​យើង​ចេះ​តែ​ល្អ ហើយ​យើង​បេះ​ផល​នេះ​លក់​សន្សំ​ប្រាក់​មិន​ឈប់​មិន​ឈរ, យើង​ចិញ្ចឹម​ជីវិត​យ៉ាង​ងាយ​បំផុត ដោយ​មាន​បំណង​ចង់​ឲ្យ​កូន​ចៅ​របស់​យើង​មាន​បាន កុំ​ឲ្យ​ស្គាល់​សេចក្ដី​ក្រ​លំបាក​ឲ្យ​សោះ » ។ ទឹក​មុខ​ស្លូត​ត្រង់​នៃ​ជន​ដ៏​ប្រពៃ​នេះ ជា​គ្រឿង​បញ្ជាក់​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​នេះ​ថែម​ទៀត ។

 លុះ​សាក​សួរ​ប្រហែល ៗ គ្នា​យ៉ាង​នេះ​ហើយ ព្រះ​នាង​ក៏​ឲ្យ​ជន​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​ហាម​ឲ្យ​លាក់​ការ​សម្ងាត់​នៃ​កិច្ច​ពិភាក្សា​នេះ, ហើយ​ព្រះ​នាង​ឲ្យ​គេ​ទៅ​ហៅ​បុត្រី​របស់​ព្រាហ្មណ៍​មក​សាក​សួរ​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​មាន​ភិត​ភ័យ ហើយ​ឥត​និយាយ​ដល់​ត្បូង​ពេជ្រ​ដែល​បាត់​នោះ​សោះ​ឡើយ ។ ឯ​ការ​សាក​សួរ​នេះ បាន​ក្លាយ​បន្តិច​ម្ដង ៗ ទៅ​ជា​ការ​ពិភាក្សា​យ៉ាង​ស្និទ្ធ​ស្នាល, រួច​មួយ​ស្របក់​មក កូន​របស់​ព្រាហ្មណ៍​ដោយ​មាន​គំនិត​ហ្នឹង​តែ​មួយ​ដេញ​តាម​ជាប់​មក ក៏​និយាយ​ប្រាប់​ព្រះ​នាង​ថាៈ « តើ​យើង​មិន​មែន​ជា​ស្រី​អភ័ព្វ​ទេ​ឬ​អ្វី ? បើ​ឪពុក​ម្ដាយ​របស់​អ្នក​ក្ដី របស់​ខ្ញុំ​ក្ដី ទទួល​អនិច្ចកម្ម​ទៅ យើង​បាន​ទ្រព្យ​របស់​គាត់​តែ​ត្រឹម​ណា​ដែល​ព្រះ​រាជា​មាន​ព្រះ​បំណង​ព្រះ​រាជ​ទាន​មក​យើង », ថា​ហើយ​នាង​ក៏​នៅ​ស្ងៀម ដាក់​ទឹក​មុខ​ជ្រប់​ដោយ​គំនិត​ដ៏​ងងឹត​របស់​នាង ។

 ឯ​ស្មៀន​ដែល​ពួន​ខ្លួន​នៅ​ក្រោយ​វាំង​នន​ក្រាស់ ក៏​បាន​កត់​ពាក្យ​របស់​នាង​យ៉ាង​ហ្មត់ចត់ ។ លុះ​កាល​ណា​នៅ​ស្ងៀម​មួយ​ស្របក់​ទៅ, ព្រះ​នាង​ខត្តិយានី បាន​នាំ​នាង​ជា​កូន​ព្រតហ្មណ៍​ចូល​ទៅ​ក្នុង​បន្ទប់​ផ្ទាល់​ខ្លួន​របស់​ព្រះ​នាង ហើយ​ប្រាប់​ឲ្យ​សម្រាក​សិន រួច​ឲ្យ​បរិភោគ​អាហារ​បន្តិច​បន្តួច។ ក្រោយ​មក​ ព្រះ​នាង​បាន​ហៅ​ព្រហ្មណ៍​នឹង​ភរិយា​ឲ្យ​ចូល​មក​ក្នុង​បន្ទប់​មួយ ហើយ​ក៏​សាក​សួរ​ជា​ថ្មី​ទៀត, ប៉ុន្តែ​គ្មាន​បាន​ការ​អ្វី​ទេ ។ នៅ​គ្រប់​ពាក្យ​សំនួរ​ដែល​ព្រះ​នាង​បាន​សួរ, ជន​ទាំង​ពីរ​ឆ្លើយ​ដដែល​ថាៈ « យើង​មិន​ដឹង​ជា​ព្រះ​នាង​សួរ​ធ្វើ​អ្វី​ទេ, ទោះ​បី​ទ្រព្យ​សម្បត្តិ​ធំ​សន្ធឹង​ដល់​ណា​ក៏​ដោយ ទាំង​ប្រាក់​ទាំង​គ្រឿង​លំអ វត្ថុ​ទាំង​អស់​នេះ​តើ​យើង​នឹង​មិន​ទុក​ឲ្យ​កូន​យើង​ទៅ​ថ្ងៃ​ក្រោយ​ទេ​ឬ ? តើ​យើង​នឹង​យក​ទៅ​ក្នុង​ដី​ជាមួយ​ទុក​ក្នុង​ផ្នូរ​របស់​យើង​ដែរ​ឬ​អ្វី ? » ។

 ឯ​ស្មៀន​ដែល​ពួន​ពី​ក្រោយ​វាំងនន ក៏​បាន​កត់​ពាក្យ​ទាំង​អស់​នេះ​ដែរ ដែល​សុទ្ធ​តែ​ជា​ពាក្យ​ព័ស្ដុតាង​យ៉ាង​ប្រពៃ​នៃ​ចិត្ត​របស់​ជន​ទាំង​ពីរ ។ តាំង​ពី​ពេល​នោះ​មក មតិ​របស់​ព្រះ​នាង​ខត្តិយានី ក៏​បាន​សំរេច​ឡើង​ថាៈ ត្បូង​ពេជ្រ​ពិត​នៅ​ក្នុង​កណ្ដាប់​ដៃ​នាង​សិក្ដា​កុមារី ។ ប៉ុន្តែ​ការ​លំបាក​បំផុត​មិន​ទាន់​ធ្វើ​នៅ​ឡើយ ព្រោះ​នៅ​មិន​ទាន់​ចាប់​ភស្ដុតាង​ពិត​ប្រាកដ​បាន ។ ដើម្បី​ធ្វើ​ការ​នេះ​ឲ្យ​សម្រេច ព្រះ​នាង​ចាប់​គ្រោង​ការណ៍​មួយ​ភ្លាម, ដំបូង​បង្អស់ ព្រះ​នាង​ឲ្យ​មាតា​បិតា​ដ៏​ប្រសើរ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ សុំ​ទុក​តែ​កូន​ស្រី​ចំនួន ៣ ឬ ៤ ថ្ងៃ​ប៉ុណ្ណោះ ។ 

ឯ​ឪពុក​ម្ដាយ​ក៏​សុខ​ចិត្ត​ឥត​ទទឹង​អ្វី​បន្តិច​សោះ​ឡើយ ។ តាំង​ពី​ថ្ងៃ​នោះ​មក នារី​ទាំង​ពីរ​នាក់​នៅ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដោយ​មេត្រី​ភាព​ដ៏​ប្រពៃ​បំផុត ។ នាង​បាន​បរិភោគ​បាយ​ជាមួយ​គ្នា នាំ​គ្នា​អង្គុយ​ក្រោម​ម្លប់​ឈើ​ធំ ៗ នៃ​សួន​ច្បារ​ក្នុង​វេលា​ថ្ងៃ​ក្ដៅ ដែល​នៅ​ជិត​ស្រះ​មាន​ទឹក​ថ្លា ។ នៅ​ពេល​ល្ងាច នាង​នាំ​គ្នា​មុជ​ទឹក​កណ្ដាល​ផ្កា​ឈូក​ក្នុង​ស្រះ​នោះ ។ ព្រះ​នាង​ខត្តិយានី​បាន​សង្កេត​គន់​មើល​នាង​កូន​ព្រាហ្មណ៍ មិន​ចោល​អំពើ​អ្វី​បន្តិច​សោះ, ឃើញ​ជួន​កាល​នាង​នេះ​ព្រួយ​ដោយ​ឥត​រឿង​ឥត​ហេតុ , រួច​ព្រះ​នាង​ក៏​នឹក​មិន​ឈប់​ថាៈ «អញ​គ្មាន​មន្ទិល​សង្ស័យ​អ្វី​ទៀត​ទេ​ត្រូង​ពេជ្រ​ប្រាកដ​ជា​នៅ​ក្នុង​កណ្ដាប់​ដៃ​នាង​នេះ , ប៉ុន្តែ​អញ​ចាប់​ថ្នាក់​យ៉ាង​ណា​ដើម្បី​ឲ្យ​វា​យក​ពេជ្រ​មក​ឲ្យ​អញ​ហ្ន៎ ! ។

 ព្រះ​នាង​ខត្តិយានី​នេះ​ឈ្មោះ​ថា​បាន​ធ្វើ​សង្រ្គាម​មួយ​យ៉ាង​ពិបាក , ថ្ងៃ​មួយ​ព្រះ​នាង​បាន​ទៅ​និយាយ​សុំ​ឲ្យ​ឪពុក​ខ្លួន​ប្រគល់​ត្បូង​ពេជ្រ​ដ៏​ប្រសើរ ដែល​លោក​ទុក​ក្នុង​ឃ្លាំង​មក​ព្រះ​នាង​ចំនួន ៣ – ៤ ថ្ងៃ ព្រះ​នាង​នឹង​អាច​រក​ត្បូង​ពេជ្រ​របស់​ព្រាហ្មណ៍​ឃើញ​វិញ​មិន​ខាន ។ លោក​បាន​ទទួល​ពាក្យ​សុំ​របស់​ព្រះ​នាង​យ៉ាង​រួសរាន់​រួច ព្រះ​នាង​បាន​ត្បូង​ពេជ្រ​នោះ​ហើយ​ក៏​ត្រឡប់​ទៅ​រក​នារី​កូន​ព្រាហ្មណ៍​វិញ រួច​ខំ​ខ្នះ​ខ្នែង​រាក់​ទាក់​នឹង​នាង​នេះ​ទ្វេ​មួយ​ពាន់​ដង​ឡើង​ទៀត ដើម្បី​ធ្វើ​ឲ្យ​នាង​ទុក​ចិត្ត ។ 

កាល​ដែល​ព្រះ​នាង​ស្ទង់​មើល​ថា មុខ​ជា​បាន​ការ​ហើយ នៅ​ពេល​ព្រឹក​មួយ​នោះ ក្នុង​ពេល​ដែល​នាង​និយាយ​លេង​ជាមួយ​គ្នា​យ៉ាង​ស្លូតបូត​ក្រោម​ម្លប់​ពោធិ៍​ដ៏​ត្រឈៃ​ត្រឈឹង​ដែល​មាន​ដើម​នឹង​មែក​ជា​ច្រើន, ព្រះ​នាង​បង្ហាញ​ផ្លូវ​ត្បូង​ពេជ្រ​ភ្លាម ។ នារី​កូន​របស់​ព្រាហ្មណ៍​លុះ​បាន​ឃើញ​ថ្ម​ដ៏​ល្អ​បំផុត​ដែល​មាន​ពន្លឺ​ទាំង​ពាន់​ចាំង​ចែង​ដូច្នេះ ក៏​មាន​ចិត្ត​ស្ងើច​ជា​ខ្លាំង ហើយ​សួរ​ព្រះ​នាង​ថាៈ « ត្បូង​នេះ​របស់​នាង​ឬ​អ្វី ? » ។ ព្រះ​នាង​ខត្តិយានី​ឆ្លើយ​តប​ដោយ​បន្ទន់​សំឡេង​ថាៈ « ត្បូង​ពេជ្រ​នេះ របស់​ឪពុក​ខ្ញុំ​ទេ, ប៉ុន្តែ​ខ្ញុំ​ជឿ​ទុក​ចិត្ត​សម្លាញ់ ខ្ញុំ​នឹង​ប្រាប់​សម្លាញ់​ដោយ​ស្ងាត់​កំបាំង, លាក់​បាំង​អី ត្បូង​នេះ​ខ្ញុំ​បាន​លួច​ជា​ចំនួន​ច្រើន​ខែ​មក​ហើយ ព្រោះ​ខ្ញុំ​គិត​ថា​បើ​សិន​ណា​ជា​ឪពុក​ម្ដាយ​ខ្ញុំ​ស្លាប់​ទៅ ត្បូង​ពេជ្រ​នេះ​នឹង​ទៅ​ជា​ទ្រព្យ​ព្រះ​រាជា​មិន​ខាន ខ្ញុំ​មុខ​ជា​អស់​បាន​ហើយ, បើ​ខ្ញុំ​លួច​មក​យ៉ាង​នេះ​ខ្ញុំ​សង្ឃឹម​ថា ពិត​ជា​បាន​មក​ខ្ញុំ » ។ 

 នាង​កូន​ព្រាហ្មណ៍​ឆ្លើយ​វិញ​ភ្លាម​ដោយ​ឥត​ប្រយ័ត្ន​ថាៈ « ខ្ញុំ​មាន​ត្បូង​មួយ ខ្ញុំ​លួច​ពី​ឪពុក​ម្ដាយ​ខ្ញុំ​ដូច​អ្នក​បង​ដែរ » ។ ព្រះ​នាង​ខត្តិយានី​តប​ថាៈ « យី​អើ​ហ្ន៎ អ្វី​យ៉ាង​ដូច្នេះ ? ហេតុ​ម្ដេច​យើង​ក៏​មាន​គំនិត​នឹង​ល្បិច​ត្រូវ​គ្នា​ម្ល៉េះ ? ប៉ុន្តែ​នៅ​ទី​នេះ​គ្មាន​អ្នក​ណា​មួយ​អាច​សង្ស័យ​ខ្ញុំ​បាន​ទេ, ឪពុក​ខ្ញុំ​ក៏​មិន​ដឹង​កិច្ច​របស់​ខ្ញុំ​ដែរ, បើ​ដូច្នេះ​យើង​ត្រូវ​ដាក់​ត្បូង​េពជ្រ​របស់​យើង​ក្នុង​ទី​ជាមួយ​គ្នា បង​នឹង​ថែ​ទាំ​នៅ​កន្លែង​យ៉ាង​ហ្មត់ចត់ មិន​ឲ្យ​អ្នក​ឯ​ណា​រក​ឃើញ ដឹង​កល​កិច្ច​ឧក្រិដ្ឋ​របស់​យើង​ឡើយ ។

 ឯ​នាង​កូន​ព្រាហ្មណ៍​ដែល​ខ្លាច​គេ​ដឹង ហើយ​ដែល​ចាប់​តឹង​ទ្រូង​នឹង​ត្បូង​ពេជ្រ​តាំង​ពី​យូរ​មក​ហើយ​នោះ ក៏​សុខ​ចិត្ត​ភ្លាម​ហើយ​ប្រគល់​ត្បូង​ឲ្យ​មក​ព្រះ​នាង​ខត្តិយានី ។ ឯ​ព្រះ​នាង​ជា​ស្រ្ដី​ប៉ិន​ប្រសប់​ធ្វើ​ឧបាយកល​យ៉ាង​ប្រសើរ បាន​បញ្ជូន​កូន​ព្រាហ្មណ៍​ឲ្យ​ទៅ​ផ្ទះ​របស់​ឪពុក​ម្ដាយ​ខ្លួន​វិញ រួច​រត់​ទៅ​ទំលាក់​ត្បូង​ពេជ្រ​នៅ​ចុង​ជើង​ឪពុក​របស់​ព្រះ​នាង ហើយ​ដំណាល​អំពី​ដែល​នាង​ជូន​ត្បូង​ពេជ្រ​ដែល​ឪពុក​ព្រះ​នាង​ឲ្យ​ខ្ចី ។ ឪពុក​ព្រះ​នាង​ភ្ញាក់​ខ្លួន​បាន​ទៅ​សួរ​ស្មៀន​អំពី​ដំណើរ​ដែល​រក​ឃើញ​នេះ ។

 ដើម្បី​នឹង​ឆ្លើយ​ពាក្យ​សួរ​នេះ អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​នោះ បាន​អាន​ពាក្យ​ចំណោទ​នៃ​មាតា​បិតា​នឹង​ពាក្យ​ចំណោទ​នៃ​បុត្រី​យ៉ាង​ពិស្ដារ, រួច​ជំរាប​លោក​យ៉ាង​ខ្លី អំពី​រឿង​ដែល​បុត្រី​របស់​លោក​ជួយ​បំពេញ​កិច្ច​ដោយ​មាត់​ទទេ អំពី​រឿង​ចុង​បង្អស់​ក្នុង​សួនច្បារ ។ លោក​កុង្សីយ៍​ក៏​ស្រែក​ឡើង​ថាៈ « កូន​អញ​ពេញ​ជា​មនុស្ស​ជាតិ​មួយ​បរិបូណ៍​ដោយ​សោភណ​ចរិយា » រួច​លោក​អញ្ជើញ​យក​ត្បូង​ពេជ្រ​ទៅ​ថ្វាយ​ដល់​ព្រះ​រាជា​ភ្លាម ដោយ​មាន​ទាំង​បុត្រី​របស់​លោក​នឹង​ស្មៀន​ដែល​មាន​ទាំង​ក្រដាស​ជូន​ជាប់​ទៅ​ផង ដើម្បី​ទូល​ព្រះ​រាជា​ឲ្យ​ជ្រាប​ថា មិន​មែន​ខ្លួន​លោក​ទេ​ដែល​រក​ឃើញ​នោះ គឺ​ដោយសារ​សោភណ​ចរិយា​នៃ​បុត្រី​របស់​លោក​ទេ ដែល​រក​ឃើញ​ត្បូង​ពេជ្រ​នេះ ។

 កាល​ណា​គេ​ប្រគល់​ត្បូង​ពេជ្រ​ទៅ​ព្រាហ្មណ៍​វិញ ព្រាហ្មណ៍​ត្រេកអរ​ជា​ពន់​ពេក ហើយ​ទូល​សួរ​ព្រះ​រាជា​ថា តើ​គេ​រក​ត្បូង​នេះ​ឃើញ​ក្នុង​កន្លែង​ណា ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ​ត្រាស់​ថា « រក​ឃើញ​ក្នុង​ភ្នែក​របស់​អ្នក ។ ដល់​ថ្ងៃ​ក្រោយ​មក ព្រះ​រាជា​លើក​បុត្រី​នៃ​កុង្សីយ៍​របស់​ព្រះ​អង្គ​ឲ្យ​អង្គុយ​ជិត​ព្រះ​អង្គ​លើ​ស្វេតច្ឆ័ត្រ តាំង​ជា​មហេសី​ក្នុង​ព្រះ​រាជ​អាណាចក្រ ដោយសារ​នាង​បាន​បង្ហាញ​សោភណ​ចរិយា​នឹង​ការ​ចេះ​ដឹង​យ៉ាង​បរិបូណ៌ នឹង​ដោយ​ការ​បាន​ធ្វើ​ជំហាន​ពី​មួយ​ទៅ​មួយ តាម​ពាក្យ​ទូន្មាន​នៃ​ព្រះ​នាង​ខត្តិយានី ធូដាម្មាសារី ( Thoudamma Sari ) ដែល​បាន​និយាយ​ថា « សុភា​បើ​អ្នក​ចង់​បាន​ជា​ស័ក្ដិ​សិទ្ធិ​ពិត​ប្រាកដ​នោះ មុន​នឹង​សម្រេច​ការ​អ្វី​ផ្សេង ៗ ត្រូវ​ធ្វើ​អង្កេត​មួយ​យ៉ាង​ពេញលេញ​យ៉ាង​ហ្មត់ចត់​យ៉ាង​វែង​ឆ្ងាយ លើ​ការ​ទាំង​ពួង​ដែល​ចំណុះ​ក្នុង​ឱវាទ​របស់​អ្នក រួច​សោភណ​ចរិយា​នឹ​ចាំង​ឡើង ក្នុង​ការ​ជំនុំ​ជំរះ​របស់​អ្នក​មិន​ខាន » ។ ដកស្រង់ចេញពីសៀវភៅរឿងព្រេងភូមា

0 comments:

Post a Comment