រឿង ​សេះឈើ

អ្នកទស្សនា: Views

 រឿង ​សេះឈើ

មាន​សេចក្ដី​ដំណាល​ថា មាន​ជាង​ឈើ​ម្នាក់ នឹង​ជាង​ដែក​ម្នាក់​បាន​ជជែក​គ្នា​កាន់​តែ​ខ្លាំង ៗ ឡើង ។    ជាង​ដែក​ពោល​វាចា​ទៅ​កាន់​ជាង​ឈើ​ថាៈ ខ្ញុំ​ធ្វើ​ការ​ប្រើសរ​ជាង​លោក !” ។

ជាង​ឈើ​តប​វិញ​ថាៈ “ខ្ញុំ​ចេះ​កិច្ចការ​ទាំងឡាយ​វិសេស​វិសាល​ជាង​លោក” ។

ជាង​ទាំង​ពីរ​ជជែក​គ្នា​អស់​កាល​ដ៏​យូរ​មិន​ដាច់​ស្រេច ក៏ ព្រម​ព្រៀង​គ្នា​ថា នឹង​ទៅ​ក្រាប​បង្គំ​ទូល ព្រះ​មហក្សត្រិយ៍ សូម​ទ្រង់​ប្រោស​ព្រះរាជទាន​សម្រេច​ទៅ​តាម​ព្រះរាជ​យោបល់​តាម​ការ​គួរ​ត​ទៅ ។

អ្នក​ទាំង​ពីរ លុះ​ទៅ​ដល់​ព្រះរាជវាំង ក៏​បាន​ចូល​ទៅ​គាល់​ព្រះមហក្សត្រិយ៍ ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាច​ឱង្ការ​ត្រាស់​សួរ​អ្នក​ទាំង​ពីរ​ថាៈ តើ​លោក​អញ្ជើញ​មក​មាន​ការ​អ្វី ? “ ។

ជាង​ឈើ​ក៏​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ថាៈ ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ជា​ជាង​ឈើ ទូល​ព្រះបង្គំ​ជា​ខ្ញុំ​យល់​ថា គ្មាន​ជាង​ឈើ​ណា​ឲ្យ​ជំនាញ​ការ​ជាង​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​សោះ​ឡើយ, តែ​ជាង​ដែក​នេះ​បាន​អួត​អាង​ខ្លួន​ថា​ចេះ​ការ​យ៉ាង​ជំនាញ​ជាង​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ទៅ​ទៀត” ។ ជាង​ដែក​ក៏​ក្រាប​បង្គំ​ទូល​ ព្រះមហាក្សត្រិយ៍​ថា វត្ថុ​ដែល​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​បាន​ធ្វើ ជា​វត្ថុ​ដែល​អ្នក​ទាំង​ពួង​តែង​តែ​សរសើរ​គ្រប់​គ្នា តែ​ជាង​ឈើ​នេះ​មក​ចេញ​វាចា​ថា ខ្លួន​ចេះ​ប្រសើរ​ជាង​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ទៅ​ទៀត” ។

អ្នក​ទាំង​ពីរ​ក៏​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ត​ទៅ​ទៀត​ថាៈ សូម​ទ្រង់​ព្រះមេត្តា​ប្រោស, សូម​ល្អ​ធូលី​ព្រះបាទ ទ្រង់​វិនិច្ឆ័យ​ចំពោះ​រឿង​នេះ​តើ​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ទាំង​ពីរ​នាក់ អ្នក​ណា​ចេះ​ការ​ជំនាញ​ជាង​អ្នក​ណា !” ។

ព្រះរាជា​ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ថាៈ ឲ្យ​យើង​វិនិច្ឆ័យ​យ៉ាង​ណា​បាន បើ​យើង​មិន​ដែល​បាន​ស្គាល់​នូវ​សមត្ថភាព មិន​ដែល​បាន​ឃើញ​នូវ​ស្នាដៃ​របស់​លោក​ដល់​ម្ដង​សោះ តែ​យើង​អនុញ្ញាត ១០ ថ្ងៃ ឲ្យ​លោក​ទាំង​ពីរ ធ្វើ​វត្ថុ​អ្វី​តាម​ចិត្ត​ចុះ រួច​ឲ្យ​លោក​យក​វត្ថុ​នោះ​មក​ឲ្យ​យើង​ពិនិត្យ” ។

ដប់​ថ្ងៃ​ក្រោយ​មក អ្នក​ទាំង​ពីរ​ក៏​ចូល​មក​ក្រាប​បង្គំ​គាល់ ព្រះមហាក្សត្រិយ ឯ​ព្រះបរមរាជវាំង ជាង​ដែក​បាន​យក​ត្រី​មួយ​ធំ​ធ្វើ​ពី​ដែក ។

ព្រះមហាក្សត្រិយ៍ ទ្រង់​មាន​ព្រះបន្ទូល​សូរសីហនាទ​ទៅ​កាន់​ជាង​ដែក​ថាៈ

          “តើ​ត្រី​នេះ មាន​ប្រយោជន៍​អ្វី​ខ្លះ ? ។

ជាង​ដែក​ក្រាប​បង្គំ​ទូល​ព្រះរាជា​ថាៈ សូម​ទ្រង់​ព្រះមេត្តា​ប្រោស, ត្រី​នេះ អាច​ផ្ទុក​នូវ​គ្រាប់​ឈើ​មួយ​ពាន់​បាវ ហើយ​អាច​ហែល​កណ្ដាល​មហាសាគរ​បាន​ថែម​ទៀត​ផង” ។

ព្រះរាជា​ទ្រង់​ព្រះសម្រួល​យ៉ាង​ខ្លាំង ហើយ​ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ថាៈ វត្ថុ​ធ្ងន់​ម្ល៉េះ បើ​គេ​យក​ទៅ​ដាក់​លើ​ទឹក មុខ​ជា​លិច​មិន​ខាន, ហើយ​គេ​ថា​វា​ចេះ​ហែល​ដូច​ត្រី​មែន​ទែន” តែ​ទ្រង់​មាន​ព្រះបន្ទូល​សូរសីហនាទ ឲ្យ​យក​គ្រាប់​ឈើ​មួយពាន់​បាវ​មក​ផ្ទុក ក្នុង​ពោះ​ត្រី​ដែក​នោះ, ហើយ​យក​ត្រី​នោះ​បោះ​ទៅ​ក្នុង​ទឹក ទ្រង់​មាន​ព្រះរាជ​ឱង្កា​ថាៈ ត្រូវ​តែ​ពិសោធន៍​មើល” ។

តែ​គួរ​ឲ្យ​ប្លែក​អស្ចារ្យ, ត្រី​ដែក​នោះ​ចេះ​ហិែល​រហ័ស​នៅ​លើ​ទឹក​នោះ​ដូច​ត្រី​មែន​ទែន ! អ្នក​ទស្សនា​ទាំងឡាយ​ក៏​មាន​ចិត្ត​ងឿង​ឆ្ងល់​ពន់​ពេក ។ ព្រះរាជា​ទ្រង់​បាន​សរសើរ​ជាង​ដែក​នោះ ជា​អនេក​បរិយាយ ។

ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ថា “យើង​សប្បាយ​ចិត្ត​និឹង​លោក​ពន់​ពេក, យើង​នឹង​ឲ្យ​គោរម្យ​ងាត​ជា​ផ្លូវការ​នៅ​ក្នុង​សំណាក់​យើង ៗ ។ រួច​ទ្រង់​តែង​តាំង​ជាង​ដែក​ជា​មេ​សង្កាត់​នៃ​រាជធានី ។

ជាង​ឈើ ក៏​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ហើយ​បាន​យក​សេះ​ឈើ​មួយ​មក​ថ្វាយ​ព្រះអង្គ ។

ព្រះរាជា​ទ្រង់​មិន​សប្បាយ​ព្រះរាជហឫទ័យ​សោះ ដោយ​ទ្រង់​ទត​ទៅ​យល់​សេះ​ឈើ​នោះ​ហើយ ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ថាៈ

ម្ដេច​ក៏​លោក​យក​ល្បែង​ក្មេង​មក​ដូច្នេះ ! ធ្វើ​ម្ដេច​នឹង​ប្រៀប​ធៀប​ទៅ​នឹង​ត្រី​ដែក​នៃ​ជាង​ដែក​បាន !” ។

ជាង​ឈើ​ក៏​ក្រាប​បង្គំ​ទូល​ព្រះរាជា​ថាៈ “សេះ​ឈើ​នេះ ប្រសើរ​ជាង​ត្រី​ដែក, សេះ​ឈើ​នេះ មាន​កូន​សោ​ម្ភៃប្រាំមួយ​នៅ​លើ​រាង​កាយ​វា ។ កូន​សោ​ទី​មួយ​ចាក់​មូល​ទៅ​ធ្វើ​ឲ្យ​សេះ​ឈើ​ហោះ កូន​សោ​ទី​ពីរ​សម្រាប់​ញ៉ាំង​សេះ​ឲ្យ​មាន​ល្បឿង, បើ​គេ​ចាក់​កូន​សោ​ទាំងអស់ សេះ​នោះ​កាន់​តែ​ហោះ​ល្បឿន ៗ ទៅ រហូត​ដល់​សោទី​ម្ភៃប្រាំ សេះ​នោះ​ក៏​ហោះ​កាន់​តែ​លឿន​មែន​ទែន​ដូច​ជា​បក្សា ។ សេះ​នេះ គេ​អាច​ជិះ​វា​ហោះ​ធ្វើ​ដំណើរ​ជុំ​វិញ​លោក​បាន ។

គ្រា​នោះ ព្រះអង្គ​ម្ចាស់​ជា​ព្រះរាជបុត្រ​នៃ​ព្រះមហាក្សត្រ ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ជិត​ព្រះវរ​បិតា​ទ្រង់​សព្វ​ព្រះរាជហឫទ័យ នឹង​សេះ​ឈើ​នោះ​ណាស់, ទ្រង់​មាន​ព្រះរាជានុញ្ញាត​ព្រះវរបិតា ឲ្យ​ទ្រង់​ពិសោធ​នូវ​សេះ​ឈើ​នេះ ។

ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ទៅ​កាន់​ព្រះរាជបុត្រ​ថាៈ “អ្នក​ណា​ថា សេះ​ឈើ​នេះ អាច​ហោះ​ទៅ​លើ​អាកាស​បាន ? ហើយ​បើ​ហោះ​ទៅ សេះ​នោះ​វា​ធ្លាក់​មក​ដី, តើ​វា​យ៉ាង​ម្ដេច​ទៅ ? ។

ជាង​ឈើ​ក៏​ក្រាប​បង្គំ​ទូល​ថាៈ “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ! សេះ​ឈើ​នោះ​មិន​ធ្លាក់​ទេ” ។

ព្រះអង្គ​ម្ចាស់ ទ្រង់​មាន​ព្រះបន្ទូល​អង្វរ​ករ​ព្រះវរបិតា​ជា​ច្រើន​លើក​ច្រើន​គ្រា ។ ព្រះវរបិតា ក៏​ទ្រង់​ព្រះរាជនុញ្ញាត​ឲ្យ​ព្រះរាជបុត្រ​សាក​ល្បង​មើល​សេះ​នោះ​តាម​ព្រះ​បំណង, ហើយ​ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ផ្ដែ​ផ្ដាំ​ថា, កូន​ឯង​ត្រូវ​មួល​តែ​កូន​សោ​មួយ​ទេ ហើយ​ហោះ​ហើរ​បន្តិច​ម្ដង ៗ កុំ​បង្ខំ​ពេក ។

ព្រះអង្គ​ម្ចាស់​ទ្រង់​បាន​សន្យា​នឹង​ព្រះវរបិតា​ថាៈ ទូល​ព្រះបង្គំ​នឹង​ប្រតិបត្តិ​តាម​ព្រះរាជ​បញ្ជា​មិន​ហ៊ា​ន​ធ្វេស​ប្រហែស​ឡើយ, រួច​ទ្រង់​គង់​លើ​សេះ​ឈើ​នោះ​យក​កូន​សោ​ទី​មួយ​មក​ចាក់ ស្រាប់​តែ​សេះ​នោះ​ហោះ​ទៅ​លើ​អាកាស ទ្រង់​បាន​ទត​មក​ក្រោម​ឃើញ​មនុស្ស​កុះ​ករ, វិថី, រុក្ខជាតិ, ទន្លេ, ភ្នំ​តូច-ធំ​ស្ថិត​នៅ​ដេរដាស​ពាស​ពេញ​ប្រឹថពី… ។ ទត​ឃើញ​ដូច្នោះ​ហើយ​ព្រះអង្គ​ម្ចាស់​មាន​ព្រះហឫទ័យ​សោមនស្ស​ពន់​ពេក, ទ្រង់​មួល​កូន​សោ​មួយ​ទៀត, រួច​មួល​កូន​សោទី​បី​រហូត​ដល់​កូន​សោ​ទី​ម្ភៃប្រាំមួយ ។ សេះ​នោះ​ក៏​ហោះ​កាន់​តែ​លឿន​ឡើង ។ បន្ទាប់​មក, ទ្រង់​បាន​ទត​ឃើញ​មនុស្ស​ដែល​យល់​អម្បាញ់​មិញ​នេះ​កាន់​តែ​ធ្លាយ​ទៅ ៗ ត​មក​ទៀត​ទ្រង់​ទត​លែង​ឃើញ​រុក្ខជាតិ នឹង​ទីក្រុង​ផ្សេង ៗ ទ្រង់​គង់​តែ​លើ​សេះ​ហោះ​នោះ​ទាល់​តែ​ឃ្លាន​ព្រះស្ងោយ ស្រាប់​តែ​ទត​មក​ខាង​ក្រោយ​ម្ដង​ទៀត​ឃើញ​ទី​ក្រុង​មួយ, បាន​មួល​កូន​សោ​បញ្ជ្រាស​នមក​វិញ ។ សេះ​នោះ​ក៏​បន្ថយ​ល្បឿន​បន្តិច​ម្ដង ៗ ហើយ​ចុះ​មក​ដល់​ដី ។ ព្រះអង្គ​ម្ចាស់​ទ្រង់​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ដើម្បី​នឹង​ទ្រង់​សោយ​ព្រះក្រយា​ទ្រង់​ក៏​មាន​ព្រះហឫទ័យ​សោមនស្ស​ជា​យ៉ាង​ខ្លាំង ដោយ​ទ្រង់​ធ្វើ​ព្រះដំណើរ​ក្នុង​ពេល​មួយ​រំពេច​សោះ ស្រាប់​តែ​មក​ដល់​ទី​នេះ ។

          ព្រឹក​ឡើង ព្រះអង្គ​ម្ចាស់​ទ្រង់​យាង​ទស្សនា​ទី​ក្រុង បាន​យាង​ទៅ​ដល់​កន្លែង​មួយ​ដែល​មាន​មនុស្ស​មីរ​ដេរដាស ក៏​ទ្រង់​ពិភល់​ថា នៅ​ទី​នោះ​ប្រហែល​ជា​មាន​របស់​អ្វី​ប្លែក​ហើយ បាន​ជា​ពួក​មហាជន​នាំ​គ្នា​ចោម​រោម​ច្រើន​ម្ល៉េះ ។

          គ្រា​នោះ ព្រះអង្គ​ម្ចាស់​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ហ្វូង​មហាជន ហើយ​ងាក​ព្រះសិរទត​ទៅ​លើ​នភាល័យ​ដូច​អ្នក​ផង​ទាំង​ពួង តែ​ទ្រង់​មិន​ឃើញ​អ្វី​សោះ​ឡើយ ទ្រង់​សួរ​អ្នក​ដែល​ស្ថិត​នៅ​ជិត​ថាៈ តើ​អ្នក​ឯង​មើល​អ្វី ? ។ អ្នក​នោះ​មុន​នឹង​តប​ឆ្លើយ ក៏​បាន​ពិនិត្យ​ពិច័យ​ឫក​ពា​នឹង​អាកប្បកិរិយា​ព្រះអង្គ​ម្ចាស់​យ៉ាង​ហ្មត់​ចត់​ហើយ​ពោល​ថាៈ

          “ព្រះអង្គ​ម្ចាស់​ក្សត្រី​នៃ​យើង ជា​ព្រះរាជធីតា​មួយ​ព្រះអង្គ មាន​ព្រះ​រូប​ឆោម​ស្រស់​ប្រិម​ប្រិយ​ប្រកប​ដោយ​ព្រះឆវីវ័ណ្ណ​ល្អ​ក្រៃ​ពេក ។ ចំណែក​ព្រះមហាក្សត្រ​របស់​យើង ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​ស្រឡាញ់​ព្រះរាជ​បិត្រី​ខ្លាំង​ណាស់ មិន​ឲ្យ​អ្នក​ណា​ក្រៅ​ពី​ព្រះអង្គ​ឃើញ​ព្រះរាជ​បុត្រី​នោះ សោះ​ឡើយ ដោយ​ខ្លាច​ក្រែង​មាន​មនុស្ស​ចូល​មក​ឃើញ​ព្រះរាជ​បុត្រី​ព្រះអង្គ​ក្នុង​ព្រះបរមរាជ-វាំង, ក៏​បាន​ត្រាស់​បង្គាប់​ឲ្យ​មេជាង​យ៉ាង​ជំនាញ​ម្នាក់​សាង​ព្រះដំណាក់​មួយ​នៅ​លើ​អាកាស ។ ព្រះអង្គ​ម្ចាស់​ក្សត្រី​ទ្រង់​គង់​នៅ​ក្នុង​ព្រះដំណាក់​តែ​មួយ​ព្រះអង្គ​ឯង, រាល់ ៗ ថ្ងៃ ក្រោយ​ដែល​ទ្រង់​បាន​បង្ហើយ​ព្រះរាជ​កាតព្វកិច្ច​ក្នុង​ព្រះរាជ​អាណាចក្រ​រួច​ហើយ ព្រះរាជា​របស់​យើង​សេ្ដច​យាង​ទៅ​កាន់​ព្រះរាជ​ដំណាក់​នៃ​ព្រះអង្គ​ម្ចាស់​ក្សត្រី, បេល​នេះ​ព្រះអង្គ​យាង​ទៅ​ទី​នោះ​ហើយ ប៉ុន្តែ​ស្ដេច​នឹង​យាង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ ៗ នេះ យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​រង់​ចាំ​ទទួល​ព្រះអង្គ” ។

          គ្រា​នោះ ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា “គេ​សាង​ព្រះ​ដំណាក់​ព្រះ​នាង​យ៉ាង​ណា បាន​ជា​នៅ​លើ​មេឃ​ឯ​ណោះ?” ។ អ្នក​នោះ​ក៏​ក្រាប​បង្គំ​ទូល​ថាៈ “ព្រះ​ដំណាក់​ព្រះនាង​គឺ ទេវតា​សាង មាន​តែ​ព្រះមហាក្សត្រិយ​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ទ្រង់​មាន​ព្រះសិទ្ធិ​យាង​ទៅ​កាន់​ព្រះ​ដំណាក់​នោះ​បាន” ។

          ព្រះអង្គ​ម្ចាស់ ទ្រង់​បាន​កត់​សំគាល់​នូវ​ពត៌មាន​ដោយ​សព្វ​គ្រប់​ដែល​បុរស​នោះ​ក្រាប​បង្គំ​ទូល, លុះ​ពេល​សន្ធ្យារាត្រី ទ្រង់​បាន​គង់​លើ​អស្សតរ​ហោះ​ទៅ​កាន់​ប្រាសាទ​ព្រះនាង ដែល​មាន​រស្មី​ភ្លឺ​រន្ទាល​ច្រាល​ឆ្អៅ​ល្អ​អស្ចារ្យ, លុះ​យាង​ដល់​ខ្លោង​ទ្វារ​ធំ​ដែល​ចូល​ទៅ​មហាប្រាសាទ,ទ្រង់​ចុះ​ពី​លើ​អស្សតរ ហើយ​ចូល​ទៅ​ក្នុង​មហាប្រាសាទ ។

          គ្រា​នោះ​ព្រះ​រាជ​ធីតា​ទ្រង់​ទត​ទៅ​ឃើញ​មនុស្ស​ដើរ​ចូល​មក​ក្នុង​មហា​ប្រាសាទ ស្មាន​ថា​ព្រះវរបិតា, តែ​ពិនិត្យ​ពិច័យ​ហ្មត់​ចត់ នូវ​បុរស​ដែល​ដើរ​នោះ ព្រះនាង​ក៏​ទ្រង់​ឈ្វេង​យល់​ថា បុរស​នេះ​មិន​មែន​ព្រះ​វរបិតា​របស់​អញ​ទេ ប្រហែល​ជា​ទេវតា​ហើយ មនុស្ស​សាមញ្ញ​មិន​អាច​មក​ដល់​ទី​នេះ​ទេ ។ ភ្លាម​នោះ ព្រះនាង​ដ៏​មាន​ព្រះកាយ​ស្រស់​បំព្រង​ដូច​នាង​ទេពធីតា ទ្រង់​យាង​ចេញ​ពី​ក្រឡា​ព្រះបន្ទំ​ទៅ​សួរ​បុរស​ដែល​ដើរ​ចូល​មក​នោះ​ដោយ​គារវភក្ដី​យ៉ាង​ក្រៃ​លែង ។ ឯ​ព្រះអង្គ​ម្ចាស់​គ្រាន់​តែ​ចោល​ព្រះនេត្រ​ទៅ​យល់​ព្រះនាង​ភ្លាម ក្នុង​ព្រះហឫទ័យ​ព្រះអង្គ ក៏​ពុះ​ពោរ​ដោយ​សេចក្ដី​ស្នេហា​យ៉ាង​រំភើប​ក្រៃ​លែង ទ្រង់​ព្រះ​តម្រិះ​ថាៈ “ឱ ! ធ្វើ​ម្ដេច​បាន​ព្រះ​នាង​ជា​ព្រះ​ទេពី !” ។ ចំណែក​នាង ព្រះរាជធីតា​វិញ កាល​បើ​ត​ទៅ​យល់​ព្រះអង្គ​ម្ចាស់​ហើយ ព្រះនាង​ទ្រង់​មាន​ព្រះហឫទ័យ​រជើប​រជួល​ខ្លាំង​ណាស់​ដែរ ដោយ​ឃើញ​សម្រស់​ព្រះកាយ​របស់​ព្រះអង្គ​ម្ចាស់​មាន​លក្ខណៈ​ប្លែក​ពី​ជន​សាមញ្ញ ។ ស្រាប់​តែ​មួយ​រំពេច​នោះ ព្រះ​នាង​ទ្រង់​អាក់​អន់​ព្រះហឫទ័យ​ជា​ខ្លាំង​ចំពោះ​ព្រះវរបិតា ដោយ​ទ្រង់​ព្រះ​តម្រិះ​ថា ព្រះបិតា​បាន​បង្ខាំង​អញ ឲ្យ​នៅ​ក្នុង​មហាប្រាសាទ​តែ​ម្នាក់​ឯង​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ត្រូវ​ការ​ដោយ​សេចក្ដី​ស្នេហា​ទាំង​អស់ ។ ក្រោយ​ដែល​ព្រះអង្គ​ម្ចាស់​ទ្រង់​ធ្វើ​សន្ទនា​ការ អស់​កាល​ដ៏​យូរ​បន្តិច​មក ព្រះនាង​ទ្រង់​សំដែង​នូវ​ព្រះរាជ​បំណង​ចំពោះ​ព្រះអង្គ​ម្ចាស់ ហើយ​ទ្រង់​ក៏​សម្រេច​នូវ​សមគ្គ​សំវាស​ទៅ​តាម​ព្រះរាជ​បំណង ។

          លុះ​ព្រះអរុណរះ​ឡើង ព្រះអង្គ​ម្ចាស់ ទ្រង់​យាង​ចេញ​ពី​មហាប្រាសាទ គង់​លើ​អស្សតរ​ហោះ​មក​ចុះ​ជិត​ភោជនីយដ្ឋាន​ខាង​ក្រោម ។ តាម​ធម្មតា ព្រះមហាក្សត្រិយ​អង្គ​នេះ កាល​បើ​ស្ដេច​យាង​ទៅ​កាន់​មហាប្រាសាទ​ព្រះរាជ​បុត្រី​ហើយ ទ្រង់​បាន​យក​ព្រះរាជបុត្រី​ទៅ​ថ្លឹង​នឹង​ជញ្ជីង​ព្រោះ​ព្រះអង្គ​ទ្រង់​ជ្រាប​ថា បើ​នារី​ណា​មាន​បុរស​មក​នៅ​រួម នារី​នោះ​និង​ឡើង​ទម្ងន់​ជា​មិន​ខាន ។ ពេល​ថ្លឹង ព្រះអង្គ​ទ្រង់​បាន​ទត​ទៅ​យល់​ថា ព្រះរាជ​ធីតា​ព្រះអង្គ​មាន​ទម្ងន់​លើស ២ លីត្រ (១ លីត្រ​តាម​ធម្មតា​កន្លះ​គីឡូក្រាម ១ លីត្រ​អង់គ្លេស​មាន ០ គ.ក. ៤៥៣) ។ ព្រះមហាក្សត្រ​ទ្រង់​បើក​ព្រះនេត្រ​ធំ ហើយ​មាន​ព្រះកាយ​ញ័រ​ចំប្រប់ ទ្រង់​ព្រះពិរោធ​យ៉ាង​ខ្លាំង រួច​ទ្រង់​ព្រះ​តម្រិះ​ថា “ប្រហែល​ជា​មាន​ហេតុ​អ្វី​ហើយ” ហើយ​ស្ដេច​យាង​វិល​ត្រឡប់​ទៅ​កាន់​ព្រះបរមរាជវាំង​វិញ ដោយ​ប្រញាប់​ប្រញាល់​យ៉ាង​ក្រៃ​លែង ។ ពួក​រដ្ឋមន្ត្រី​បាន​យល់​ព្រះមហាក្សត្រិយ​ទ្រង់​មិន​សប្បាយ​ព្រះរាជហឫទ័យ ក៏​ក្រាប​បង្គំ​ទូល​សួរ​ព្រះអង្គ​ចំពោះ​រឿង​នេះ ។ ព្រះអង្គ​ទ្រង់​ប្រាប់​រដ្ឋមន្ត្រី​ឲ្យ​ដឹង​នូវ​ពត៌មាន​សព្វ​គ្រប់ ។

          ព្រះរាជា​ទ្រង់​មាន​ព្រះរាជ​បន្ទូល​សូរ​សីហនាទ​ថាៈ “តើ​មាន​បុរស​ណា​អាច​ហ៊ាន​ឡើង​មក​កាន់​មហាប្រាសាទ​នេះ​ក្រៅ​ពី​អញ ! ចូរ​លោក​រដ្ឋមន្ត្រី​ទាំងឡាយ​ជួយ​រិះ​រក​នូវ​មធ្យោបាយ ដើម្បី​នឹង​ចាប់​នូវ​បុរស​ក្លាហាន​នេះ​ឲ្យ​បាន” ។

          គ្រា​នោះ មាន​រដ្ឋមន្ត្រី​ម្នាក់ បាន​ក្រាប​បង្គំ​ទូល​ថាៈ “នៅ​ក្នុង​ព្រះរាជ​អាណា​ចក្រ​យើង​នេះ មាន​យោធា ៤ នាក់​ធ្លាប់​មាន​ថ្វី​ដៃ បើ​តាម​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ថា គួរ​ល្អង​ធូលី​ព្រះបាទ ត្រាស់​បង្គាប់​ឲ្យ​យោធា ៤ នាក់​នោះ​ទៅ​យាម​គ្រប់​ទិស​ទាំង​បួន​នៃ​មហាប្រាសាទ​ព្រះនាង បើ​ឃើញ​បុរស​ណា​មួយ​ចូល​មក ត្រូវ​ចាប់​បុរស​នោះ​យក​មក​ថ្វាយ​ព្រះអង្គ” ។

          ព្រះមហាក្សត្រិយ​ទ្រង់​មាន​ព្រះយោបល់​ស្រប​តាម​ថាៈ “យោបល់​លោក​រដ្ឋមន្ត្រី​នេះ​សមរម្យ​ណាស់, គួរ​យក​មក​អនុវត្ត​ក្នុង​ពេល​នេះ” ។ លុះ​ដល់​សាយណ្ហសម័យ ព្រះមហាក្សត្រិយ​ស្ដេច​នាំ​ពួក​យោធា​ទាំង ៤ នាក់ យាង​ទៅ​កាន់​មហាប្រាសាទ​ព្រះរាជ​បុត្រី ហើយ​ទ្រង់​ដាក់​ឲ្យ​យាម​មហាប្រាសាទ​នោះ​គ្រប់​ទិស​ទាំង​បួន ហើយ​ស្ដេច​យាង​ត្រឡប់​មក​កាន់​ព្រះបរមរាជវាំង​វិញ ។ ឯ​ពួក​យោធា​ទាំង ៤ នាក់​ជា​អ្នក​ល្មោភ​ខាង​ដេក ដល់​ពេល​ព្រះអង្គ​ម្ចាស់​យាង​ចូល​មក​ផ្ទំ​និង​ព្រះនាង ពួក​យោធា​នោះ​ក៏​ដេក​លក់​ឥត​ដឹង​អ្វី​ទេ ។ ព្រះអង្គ​ម្ចាស់​ទ្រង់​យាង​ចូល​ទៅ​ក្នុង​មហាប្រាសាទ​ផ្ទំ​ជា​មួយ​ព្រះនាង​រហូត​ដល់​បច្ចូស​សម័យ លុះ​ព្រះមហាក្សត្រ​ស្ដេច​យាង​មក​កាន់​មហា​ប្រាសាទ​ព្រះនាង ទ្រង់​មាន​ព្រះរាជ-ហឫទ័យ​ក្រេវ​ក្រោធ​ជា​ខ្លាំង ដោយ​ទ្រង់​យក​ព្រះអង្គ​ទៅ​ថ្លឹង ស្រាប់​តែ​ព្រះនាង​មាន​ទម្ងន់​ដល់​ទៅ​ប្រាំបី​លីត្រ លើស​ពី​កាល​ម្សិល​មិញ​ទៅ​ទៀត ។ ដំណឹង​អកុសល​នេះ បាន​ឮ​ទៅ​ពាស​ពេញ មាន​អ្នក​នគរ​ពោល​ពាក្យ​ខ្សឹប​ខ្សៀវ​គ្នា​អំពី​រឿង​នេះ ។ ព្រះរាជា​ទ្រង់​មាន​ព្រះរាជហឫទ័យ​អៀន​អន់​ឥត​អប្បមា ហើយ​ទ្រង់​ស្ទើរ​មិន​ហ៊ាន​ចេញ​ពី​ព្រះបរម​រាជវាំង ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​អញ្ជើញ​លោក​រដ្ឋមន្ត្រី​មួយ​រូប​ទៀត​មក​ប្រឹក្សា​នឹង​ព្រះអង្គ ។

          លោក​រដ្ឋមន្ត្រី​នេះ​ក្រាប​បង្គំ​ទូល​ថាៈ “សូម​ល្អងធូលី​ព្រះបាទ​ត្រាស់​បង្គាប់​ឲ្យ​លាប​ព្រះទែន​សយនា ព្រះសុវណ្ណកោច្ឆៈ​ព្រះនាង នូវ​ប្រេង​ស្អិត​ពណ៌​ខ្មៅ ។ ដល់​ពេល​ស្អែក ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​ឆែក​ឆែ​ពិនិត្យ​ឲ្យ​ហ្មត់​ចត់​នូវ​មនុស្ស​ទាំងឡាយ​ក្នុង​រាជធានី ។ បើ​ខោ អាវ​មនុស្ស​ណា​មាន​ប្រឡាក់​ដោយ​ប្រេង​ស្អិត​ខ្មៅ​នេះ, មនុស្ស​នោះ​គឺ​ជា​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ហើយ ។

          ព្រះមហាក្សត្រ​ទ្រង់​ក៏​ធ្វើ​តាម​លោក​រដ្ឋមន្ត្រី​នេះ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​យក​ប្រេង​ខ្មៅ​ស្អិត​ទៅ​លាប​ក្រឡា​ព្រះបន្ទំ ព្រះ​សុវណ្ណកោច្ឆៈ…. ។ល។ ព្រះនាង ។ ឯ​ព្រះអង្គ​ម្ចាស់​ទ្រង់​ស្ដេច​យាង​ទៅ​កាន់​មហាប្រាសាទ​ព្រះនាង​ទៀត ។ ដល់​ព្រះអង្គ​ម្ចាស់​ទ្រង់​ចេញ​ពី​មហាប្រាសាទ​ពេល​ព្រឹក​ទ្រង់​បាន​ទត​យល់​ថា ព្រះពស្ត្រ​របស់​ព្រះអង្គ​មាន​ប្រឡាក់​ដោយ​ប្រេង​ស្អិត​ខ្មៅ ។ ទ្រង់​ក៏​ផ្លាស់​គ្រឿង​ទ្រង់​នោះ ដែល​មាន​ដាំ​គុជ​ខ្យង​នឹង​ត្បូង​ជា​ច្រើន គ្រវែង​ចោល​តាម​បង្អួច​នោះ​ទៅ ។

          ក្នុង​ពេល​នោះ នៅ​ក្នុង​រាជធានី មាន​តា​ចាស់​ម្នាក់​ជា​អ្នក​ក្រីក្រ​លំបាក​តោក​យ៉ាក​ពន់​ពេក ។ ពេល​ព្រឹក​ព្រហាម តា​ចាស់​នោះ​ក្រោក​ពី​ដំណេក ទៅ​ពី​ទ្វារ​ផ្ទះ​មួយ​ទៅ​ទ្វារ​ផ្ទះ​មួយ ដើម្បី​ដាស់​មនុស្ស​ប្រុស​ស្រី​ទាំងឡាយ​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះវិហារ​សូត្រ​ធម៌ តាចាស់​កំពុង​ដើរ​តាម​វិថី​រាជធានី​ក៏​ស្រាប់​តែ​មាន​វត្ថុ​អ្វី​មួយ​ជ្រុះ​ពី​លើ​មេឃ​ចុះ​មក​ដល់​ដី គាត់​បាន​រើស​នូវ​វត្ថុ​នោះ​យក​មក គឺ​គ្រឿង​ប្រកប​ដោយ​លំអរ​អស្ចារ្យ ។ តាចាស់​នោះ​ក៏​នឹក​ក្នុង​ចិត្ត​ថា “គ្រឿង​ទ្រង់​នេះ គឺ​ជា​អំណោ្យ​ព្រះអាទិទេព​ដែល​លោក​បរិច្ចាគ​ចំពោះ​ខ្ញុំ​ជា​ផល​កុសល ដែល​ខ្ញុំ​បាន​បំពេញ​ជា​ច្រើន​ឆ្នាំ​នោះ​ឯង” តាចាស់​ក៏​យក​គ្រឿង​ទ្រង់​នោះ​មក​កាន់​គេហដ្ឋាន​របស់​គាត់ ដោយ​សេចក្ដី​សោមនស្ស​ជា​ខ្លាំង ។

          តាម​ទំនៀម​ក្នុង​ពេល​ល្ងាច ពួក​មហាជន​តែង​ចូល​ទៅ​ក្នុង​ព្រះវិហារ​ដើម្បី​សូត្រ​ធម៌ ។ ពេល​នោះ​ពួក​រាជ​អាមាត្យ​ក៏​ចូល​ទៅ​ពិនិត្យ​ដោយ​ស្ងៀម​ស្ងាត់​នូវ​សំលៀក​បំពាក់​មនុស្ស​ទាំង​នោះ ក៏​ស្រាប់​តែ​ឃើញ​តាចាស់​ម្នាក់​មាន​សំលៀក​បំពាក់​ដ៏​ប្រណិត តែ​មាន​ប្រឡាក់​ដោយ​ប្រេង​ខ្មៅ​ស្អិត ។ ពួក​រាជ​អាមាត្យ​ចាប់​ខ្លួន​តាចាស់​នោះ​យក​មក​ថ្វាយ​ព្រះមហាក្សត្រ ។ ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​សួរ​ថា “ម្ដេច​តា​ឯង​មាន​ខោអាវ​ប្រឡាក់​សុទ្ធ​តែ​ប្រេង​ស្អិត​ខ្មៅ​ដូច្នេះ ?” ។

          តាចាស់​ក្រាប​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះករុណា​ប្រោស សំលៀក​បំពាក់​នេះ​ប្រឡាក់​ដោយ​ប្រេង​ស្អិត​ខ្មៅ​តាំង​ពី​មុន ទូល​ព្រះបង្គំ​ជា​ខ្ញុំ​បាន​រើស​នៅ​វិថី​រាជធានី សូម​ល្អង​ធូលី​ព្រះបាទ​ជ្រាប ។

          ព្រះមហាក្សត្រ ទ្រង់​មិន​ជឿ​នូវ​ពាក្យ​ចាស់​នោះ​សោះ​ឡើយ ទ្រង់​បង្គាប់​រាជអាមាត្យ​ឲ្យ​ចាប់​ខ្លួន​តាចាស់​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ ។ ក្រោយ​ដែល​គេ​បាន​ធ្វើ​ទារុណកម្ម​ដល់​តាចាស់​តាម​ដង​វិថី​នានា ដើម្បី​នាំ​តាចាស់​ទៅ​កាន់​ទី​សម្លាប់ ដំណឹង​នេះ​ក៏​លាន់​ឮ​រន្ទឺ​ពាស​ពេញ​ប្រទេស ។ មហាជន​ក៏​រត់​អ៊ូអរ​ណែន​ណាន់​តាន់​តាប់​ទៅ​កាន់​ទី​នោះ ព្រោះ​មាន​បំណង​ចង់​ឃើញ​បុរស​ក្លាហាន​ដែល​ហោះ​ទៅ​លើ​អាកាស បាន​ទៅ​រួម​រស​ជា​មួយ​ព្រះអង្គ​ម្ចាស់​ក្សត្រី ។ លុះ​មហាជន​ក្រឡេក​ឃើញ​តាចាស់​ទៅ​វិញ, ក៏ ពុំ​ជឿ​ថា តាចាស់​នេះ ជា​វីរ​បុរស​អាច​ហោះ​ឡើង​ទៅ​លើ​អាកាស​បាន​សោះ​ឡើយ ហើយ​តាចាស់​នេះ គឺ​គេ​ចាប់​ដោយ​ភ័ន្ត​ច្រឡំ​ពុំ​ខាន ។ ព្រះអង្គ​ម្ចាស់​ក្រោយ​ដែល​ទ្រង់​ព្រះ​សណ្ដាប់​នូវ​វាចា​មហាជន​ពោល​គ្រប់ ៗ គ្នា ទ្រង់​ក៏​គង់​លើ​សេះ​ឈើ​ហោះ​ចុះ​ុមក​កាន់​ទី​ដែល​គេ​បម្រុង​នឹង​ប្រហារ​ជីវិត​តាចាស់​នោះ ដោយ​ទ្រង់​មិន​ចង់​ឲ្យ​អ្នក​ស្លូត​ត្រង់​ស្លាប់​ជួស​ព្រះអង្គ​សោះ​ឡើយ លុះ​យាង​ដល់​ទី​នោះ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ

          កុំ​ធ្វើ​ទណ្ឌកម្ម​តាចាស់​នេះ គាត់​គ្មាន​កំហុស​អ្វី​ទេ កំ​ហុស​នេះ​ធ្លាក់​មក​លើ​ខ្លួន​ខ្ញុំ ខ្ញុំ​នេះ​ឯង​បាន​ទៅ​កាន់​មហាប្រាសាទ​ព្រះនាង​ដែល​ស្ថិត​នៅ​លើ​អាកាស ! គឺ​ខ្ញុំ​នេះ​ឯង​បាន​ទៅ​រួម​រស់​ជា​មួយ​ព្រះអង្គ​ម្ចាស់​ក្សត្រី ! គឺ​ខ្ញុំ​នេះ​ហើយ ដែល​មាន​គ្រឿង​ទ្រង់​ប្រឡាក់​សុទ្ធ​តែ​ប្រេង​ស្អិត​ខ្មៅ ចូរ​លោក​ដាក់​ទណ្ឌកម្ម​មក​លើ​ខ្ញុំ​វិញ ! ហើយ​លែង​តាចាស់​ស្លូត​ត្រង់​នោះ​ចុះ ។

          នាយ​ពេជ្ឈឃាត​ក៏​បង្អង់​ធ្វើ​ទារុណកម្ម​ផ្សេង ៗ បាន​ចាត់​អ្នក​បម្រើ​ម្នាក់​ទៅ​ក្រាប​បង្គំ​ទូល​ព្រះរាជា​ថាៈ

          “មាន​បុរស​ក្លា​ហាន​ម្នាក់​បាន​មក​សុំ​ឲ្យ​គេ​ធ្វើ​ទណ្ឌកម្ម​ជំនួស​តាចាស់​ដែល​វា​បាន​និយាយ​ឲ្យ​ការ​ថា កំហុស​នោះ​ខ្លួន​វា​បាន​ប្រព្រឹត្ត មិន​មែន​តាចាស់​នោះ​ទេ តើ​ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​បញ្ជា​ឲ្យ​ធ្វើ​ទណ្ឌកម្ម​បុរស​ឬ​តាចាស់ ?” ។

          ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​ឱង្ការ​ថា “ធ្វើ​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ទទួល​ថា ខ្លួន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ​ចុះ” ។

          នាយពេជ្ឈ​ឃាត​លែង​តាចាស់​ហើយ​ក៏​យក​ខ្សែ​មក​ចង​ព្រះសូរ៉ង​ព្រះអង្គ​ម្ចាស់​វិញ ។ តែ​ព្រះអង្គ​ម្ចាស់​ទ្រង់​លោត​ទៅ​លើ​ព្រះទីនាំង​សេះ​ឈើ​ហោះ​ទៅ​លើ​អាកាស​បាត់ ​នាយ​ពេជ្ឈឃាត​យក​ខ្សែ​ចង​ទទេ ឥត​ជាប់​សោះ​ឡើយ ។ ព្រះមហាក្សត្រ​ដោយ​ទ្រង់​យល់​ថា ទ្រង់​មាន​កងទ័ព​មាន​មហិទ្ធិរិទ្ធិ៍ មាន​រាជ​អាមាត្យ​ជា​ច្រើន ម្ដេច​ក៏​ចាញ់​បោក​មនុស្ស​ម្នាក់​ដូច្នេះ ទ្រង់​ព្រះតម្រេះ​យ៉ាង​នេះ បាន​ជា​ទ្រង់​ព្រះពិរោធ​ជា​ខ្លាំង ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​ប្រថាប់​លើ​សេះ​ហោះ​ទៅ​ដល់​មហាប្រាសាទ​ព្រះនាង​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “ឱ​ប្អូន​សំឡាញ់​បង​អើយ សេចក្ដី​ស្នេហា​នៃ​យើង​ទាំង​ពីរ​នាក់​ក៏​កាន់​តែ​ទ្វេ​មួយ​ជា​ពីរ​រាល់​ទិវារាត្រី យើង​មិន​អាច​រស់​នៅ​ដោយ​ឡែក​ពី​គ្នា​បាន​ទេ តែ​ព្រះ​វរ​បិតា​អូន​បាន​ជ្រាប​សព្វ​គ្រប់​ហើយ អំពើ​អាក្រក់​របស់​យើង​មិន​អាច​នឹង​ឲ្យ​ព្រះមហាក្សត្រ​ជា​ព្រះ​វរបិតា​អូន​អត់​ទោស ប្រោស​ប្រណី​បាន​ឡើយ អនុញ្ញាត​ឲ្យ​បង​ជូន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ពេល​នេះ គឺ​បង​ត្រូវ​តែ​នាំ​អូន​ទៅ​នៅ​ឯ​ប្រទេស​ព្រះវរ​បិតា​បង, បង​យល់​ថា ព្រះវរបិតា​បង​មុខ​ជា​ព្រះអង្គ​ទទួល​អូន​ដោយ​សោមនស្ស​យ៉ាង​ក្រៃ​លែង” ។

          ព្រះនាង​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ម្ចាស់ សូម​ប្រគល់​កាយ​ថ្វាយ​ជីវិត​ចំពោះ​ព្រះបង ព្រះ​បង​នាំ​អូន​ទៅ​ណា អូន​សុខ​ចិត្ត​តែ​តាម​ព្រះបង​ជា​ដាច់​ខាត” ។

          ព្រះអង្គ​ម្ចាស់​នឹង​ព្រះនាង​ទ្រង់​គង់​លើ​ពាជី​ឈើ​យាង​ចេញ​ពី​មហាប្រាសាទ​ជា​ប្រញាប់ ។ ការ​ហោះ​ហើរ​ទៅ​នោះ​បាន​ប្រព្រឹត្ត​ទៅ​អស់​កាល​ដ៏​យូរ ស្រាប់​តែ​ព្រះនាង​មាន​ព្រះបន្ទូល​ថាៈ “ព្រះបង ! ខ្ញុំ​ម្ចាស់​ភ្លេច​ត្បូង​ទាំង​គ្រាប់​ពីរ ដែល​ព្រះវរ​បិតា​ព្រះរាជទាន​ចំពោះ​ខ្ញុំ​ម្ចាស់ ដើម្បី​ទុក​ឲ្យ​ខ្ញុំ​ម្ចាស់​ធ្វើ​ដង្វាយ​ថ្វាយ​ព្រះវរ​បិតា​មាតា​ក្មេក នៅ​ថ្ងៃ​ធ្វើ​ពិធី​ព្រះរាជ​សមរស ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “យើង​មក​ឆ្ងាយ​ហើយ ទុក​ត្បូង​នៅ​នោះ​ចុះ កុំ​អូន​រវល់​អ្វី

          ព្រះនាង​ទ្រង់​មាន​បន្ទូល​តប​ទៅ​វិញ​ថាៈ មិន​បាន​ទេ​ព្រះអង្គ ! ខ្ញុំ​ម្ចាស់​ត្រូវ​តែ​ថ្វាយ​ព្រះវរ​បិតា​មាតា​ក្មេក នូវ​ដង្វាយ​មួយ​ដ៏​ប្រសើរ​ក្នុង​ពេល​ដែល​ខ្ញុំ​ម្ចាស់​ចូល​ទៅ​ក្នុង​ព្រះបរមរជវាំង​ជា​លើក​ដំបូង ។ គេ​អាច​រិះ​គន់​ថា ខ្ញុំ​ម្ចាស់​គ្មាន​សុជីវធម៌ ឥត​សណ្ដាប់​ធ្នាប់” ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​បណ្ដោយ​តាម​ព្រះហឫទ័យ​ព្រះនាង ទ្រង់​មួល​កូន​សោ​ជា​ច្រើន ហើយ​ព្រះទីនាំង​នោះ​ចុះ​មក​ដល់​ដី ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​បន្ទូល​ថា “បង​ចាំ​អូន​នៅ​ទី​នេះ ចូរ​អូន​ប្រញាប់​ទៅ​យក​ត្បូង​នោះ ដោយ​គង់​លើ​ពាជី​នេះ​យ៉ាង​ប្រញាប់​ប្រញាល់” ។

          ក្រោយ​ដែល​បាន​ពោល​ដូច្នេះ ព្រះអង្គ​ម្ចាស់​ក្សត្រី ក៏​គង់​លើ​អស្សតរ​ហោះ​ទៅ​លើ​អាកាស​បាត់

          ក្រោយ​ដែល​ព្រះអង្គ​ម្ចាស់​យាង​ចេញ​អំពី​មហាប្រាសាទ​ជា​មួយ​នឹង​ព្រះនាង​បាត់ ពួក​រដ្ឋមន្ត្រី​បាន​ចូល​មក​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រិយ៍​ដែល​កំពុង​ពិរោធ​ជា​យ៉ាង​ខ្លាំង ទាល់​តែ​បាត់​បង់​ស្មារតី ។ ពួក​រដ្ឋមន្ត្រី​ក៏​ធ្វើ​ព្រះមហាក្សត្រ​ឲ្យ​ដឹង​ព្រះអង្គ​ឡើង​វិញ ។ ព្រះអង្គ​ទ្រង់​នឹក​ទៅ​ព្រះរាជបុត្រី​ភ្លាម​មួយ​រំពេច ។ ទ្រង់​យាង​ទៅ​កាន់​មហាប្រាសាទ​ដែល​ស្ថិត​នៅ​ឰដ៏​អាកាស មិន​ឃើញ​ព្រះនាង​គង់​នៅ​ទី​នោះ​សោះ ។ ស្រាប់​តែ​ក្រោយ​បន្តិច​មក​ឃើញ​ព្រះនាង​ទ្រង់​គង់​លើ​ពាជី​ហោះ​វិល​ត្រឡប់​មក​មហាប្រាសាទ​វិញ ។ ក្នុង​ពេល​នោះ ព្រះអង្គ​ទ្រង់​គង់​ពួន​នៅ​ម្ខាង​ព្រះទែន​រង់​ចាំ​ព្រះនាង​យាង​ទៅ​កាន់​ក្រឡា​ព្រះបន្ទំ ។ បន្តិច​មក​ស្រាប់​តែ​ព្រះ​នាង​យាង​ទៅ​ដល់ ព្រះមហាក្សត្រ​ក៏​ចាប់​ព្រះនាង​នាំ​យក​ទៅ​ព្រះបរម​រាជវាំង ហើយ​ឃុំ​ព្រះនាង​ក្នុង​បន្ទប់​មួយ​នៃ​មហាប្រាសាទ ។ ព្រះអង្គ​ទ្រង់​បាន​ឲ្យ​គេ​យក​សេះ​ឈើ​នោះ​មក​ដែរ តែ​ដោយ​ព្រះអង្គ​មិន​ចេះ​ប្រើ​ទ្រង់​ក៏​យក​សេះ​ឈើ​នោះ​ទៅ​ទុក​ក្នុង​បន្ទប់​មួយ​ទៀត ។

          មុន​ពេល​ដែល​មាន​ព្រឹត្តិការណ៍​នេះ មាន​ព្រះមោហាក្សត្រ​ប្រទេស​ដទៃ​មួយ​ព្រះអង្គ​ទ្រង់​បាន​ជ្រាប​ថា ព្រះមហាក្សត្រ​ប្រទេស​នេះ មាន​ព្រះរាជបុត្រី​មួយ​ព្រះអង្គ​ប្រកប​ដោយ​ព្រះរូប​ដ៏​ល្អ​អស្ចារ្យ ។ ព្រះមហាក្សត្រ​អង្គ​នោះ ទ្រង់​បាន​ចាត់​អាមាត្យ​ឲ្យ​មក​ដណ្ដឹង​ព្រះនាង​ឲ្យ​ជា​ព្រះទេពី​ព្រះរាជ​បុត្រ​ព្រះអង្គ ។ ព្រះមហាក្សត្រ​អង្គ​នេះ ទ្រង់​មាន​ព្រះរាជ​ឱង្ការ​តប​ទៅ​វិញ​ថា ទ្រង់​មិន​ព្រម​ចង​ស្ពាន​មេត្រី​នឹង​ព្រះមហាក្សត្រ​ដទៃ​ទេ ។

          តែ​ដោយ​មាន​ព្រឹត្តិការណ៍​ដូច្នោះ ព្រះអង្គ​មិន​អាច​នឹង​ធ្វើ​ព្រះរាជ​សមរស​ព្រះនាង នឹង​ព្រះរាជ​បុត្រ​ស្ដេច​ប្រទេស​ជិត ៗ បាន​ឡើយ ។ ទ្រង់​យល់​ថា គួរ​តែ​ធ្វើ​ព្រះរាជ​សមរស​ព្រះនាង នឹង​ព្រះរាជ​ឱរស​ព្រះមហាក្សត្រ​ប្រទេស​ឆ្ងាយ ៗ ទើប​បាន ទ្រង់​ចាត់​អាមាត្យ​ឲ្យ​ធ្វើ​ព្រះរាជ​សារ​តប​ទៅ​វិញ​ថា “បុត្រី​យើង​ពេញ​ក្រមុំ​ហើយ យើង​អាចត​ឲ្យ​បុត្រី​យើង​ទៅ​ជា​ទេពី​ព្រះរាជ​បុត្រ​ព្រះអង្គ​បាន យើង​នឹង​ត្រូវ​ជា​ដន្លង​នឹង​គ្នា ប្រទេស​យើង​ទាំង​ពីរ នឹង​បាន​ជា​មិត្ត​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ័្ធ សូម​ស្ដេច​យាង​មក​យក​បុត្រី​ខ្ញុំ​ចុះ ។

          រឿង​ព្រះមហាក្សត្រ​ចង់​ធ្វើ​ព្រះរាជ​សមរស​នោះ សូម​ស្លែះ​តែ​ប៉ុណ្ណេះ​សិន ។ លំដាប់​ត​ទៅ សូម​ពណ៌នា​អំពី​ព្រះអង្គ​ម្ចាស់​ដែល​ទ្រង់​រង់​ចាំ​ព្រះនាង​តែ​មួយ​ព្រះ​អង្គ​នៅ​ទី​នោះ មិន​ឃើញ​ព្រះ​នាង​និវត្ត​មក​សោះ ទ្រង់​បាន​ពិនិត្យ​ទី​កន្លែង​ដែល​ទ្រង់​ប្រថាប់ គឺ​ជា​វាល​ខ្សាច់​រហោ​ឋាន​ធំធេង​លន្លង់​លន្លោច មាន​ផ្នូរ​ខ្សាច់​ជា​ច្រើន​ពាស​ពេញ ឯ​ព្រះអាទិត្យ​បញ្ចេញ​នូវ​ចំហាយ​ខ្លាំង​ពន់​ពេក ហើយ​នៅ​ទី​នោះ គ្មាន​ស្មៅ ឬ​តិណ​ជាតិ ដុះ​មួយ​សសៃ​សោះ​ឡើយ ។ ព្រះ​អង្គ​ម្ចាស់​ទ្រង់​ស្រេក​ឃ្លាន​ជា​អនេក ទ្រង់​យាង​ទៅ​រក​ទឹក ដើម្បី​នឹង​សោយ តែ​ទី​នោះ​គ្មាន​សោះ ។ ទ្រង់​បាន​ឡើង​ទៅ​លើ​ភ្នំ​ខ្សាច់​មួយ​ខ្ពស់ ហើយ​ចុះ​ទៅ​ម្ខាង​ស្មាន​ថា មាន​ដង្គុំ​ព្រៃ​វាល​ខ្សាច់ ដែល​ក្រឡេក​មើល​ពិ​ឆ្ងាយ​នៅ​មាន​ពណ៌​ស្រស់​ខៀវ​ខ្ចី…. ប៉ុន្តែ លុះ​យាង​ដល់​កំពូល​លើ ស្រាប់​តែ​រអិល​ផ្លាត​ព្រះ​បាទ​ដួល​រសាត់​ចុះ​មក​ក្រោម ។ ខ្សាច់​នោះ​ហូរ​ដូច​ជា​ទឹក​កក​ហូរ​ក្នុង​និទាឃ​រដូវ​ដូច្នោះ ។ កាល​បើ​ព្រះ​អង្គ​ងើប​ឡើង ទ្រង់​បាន​ទត​ទៅ​ឃើញ​ឧទ្យាន​មួយ មាន​ផលានុផល​បរិបូណ៌​គ្រប់​យ៉ាង ។ ផលានុផល​នោះ មាន​ពណ៌​ក្រហម​ច្រាល​ឆ្អៅ​គួរ​ឲ្យ​ចង់​សោយ​ពន់​ពេក ទ្រង់​បាន​បេះ​ផ្លែ​ប៉ែស​មួយ​សោយ​ទ្រង់​យាង​ទៅ​ផ្ទំ​ក្រោម​ដើម​ឈើ​នោះ​ហើយ​លក់​ទៅ ដល់​ទ្រង់​តើន​ចាក​សយនា យក​ព្រះ​ហត្ថា​ស្ទាប​ព្រះ​ភ័ក្ត្រ ទ្រង់​យល់​ថា ព្រះ​ភ័ក្ត្រ​សុទ្ធ​តែ​រោម ។ ព្រះ​អង្គ​ឆ្ងល់​ពន់​ពេក ទ្រង់​ព្រះ​តម្រិះ​ថា មុន​អញ​ដេក អញ​គ្មាន​រោម​ទេ ម្ដេច​មក​មាន​រោម​ដុច្នេះ ? ហើយ​ទ្រង់​យល់​ថា “ហេតុ​ដែល​មាន​រោម​នេះ ប្រហែល​ជា​មក​ពី​ផ្លែ​ប៉ែស​នេះ​ទេ​ដឹង ! “ ។ ដល់​បន្តិច​ទៅ​ទ្រង់​ឃ្លាន​ទៀត ទ្រង់​មិន​ហ៊ាន​សោយ​ផ្លែ​ប៉ែស​ទេ ទ្រង់​ខំ​ព្យាយាម​ត្រេច​ទៅ​កាន់​ថើម​ព័រ​មួយ ទ្រង់​ក៏​ចាប់​មែក​នោះ​ទាញ​បន្ទា​ប​ចុះ​បេះ​ផ្លែ​ព័រ​នោះ សោយ​ហើយ​ទ្រង់​ក៏​ផ្ទំ​លក់​ទៅ ។ ដល់​តើន​ពី​ក្រឡា​ព្រះ​បន្ទំ​ស្រាប់​តែ​មាន​ស្នែង​ដុះ​ចំ​ព្រះ​សិរ​នឹង​រោម​ដុះ​ជុំ​វិញ​រង្វង់​ព្រះ​ឱស្ឋ មាន​ពុក​ចង្កា​ស​វែង ។ ទ្រង់​មាន​ព្រះ​បន្ទូល​ក្នុង​ព្រះ​ហឫទ័យ​ថាៈ “ឱ​រូប​អញ​អាក្រក់​ណាស់ បើ​ព្រះ​នាង​យាង​វិល​ត្រឡប់​មក​ប្រាកដ​ជា​ព្រះ​នាង​លែង​ស្គាល់​អញ ! ព្រះ​នាង​អស់​សេចក្ដី​ស្នេហា​មក​លើ​ខ្លួន​អញ អញ​អស់​សង្ឃឹម​ហើយ ឱ​ចំ​ជា​សំណាង​អាក្រក់​ណាស់​តើ ! ក៏​ទ្រង់​ព្រះ​កន្សែង​ហូរ​ទឹក​ព្រះ​នេត្រ​ស្រោច​ស្រប់​ព្រះ​ភ័ក្ត្រ ហើយ​ទ្រង់​ផ្ទំ​លក់​ទៅ ស្រាប់​តែ​ទ្រង់​ព្រះ​សុបិន​និមិត្ត​ឃើញ​តា​ចាស់​ម្នាក់​យក​ដៃ​មក​ប​បោស​អង្អែល​ព្រះ​សិរ ហើយ​ក្រាប​បង្គំ​ទូល​ថា “ឱ​ព្រះ​អង្គ ម្ដេច​ក៏​ទ្រង់​ព្រួយ​ព្រះ​ហឬទ័យ​ខ្លាំង​ម្ល៉េះ ? ។

          ព្រលឹង​នៃ​ព្រះ​អង្គ​ម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​តា​ចាស់​អំពី​ព្រឹត្តិការណ៍​ដែល​មាន​មក​ចំពោះ​ព្រះ​រូប​ព្រះ​អង្គ ។ តា​ចាស់​ក៏​ក្រាប​បង្គំ​ទូល​ថាៈ “សូម​ព្រះ​អង្គ​កុំ​ព្រួយ​ព្រះ​ហឬទ័យ​សោះ​ឡើយ សូម​ទ្រង់​រើស​ផ្លែ​ព័រ​នឹង​ផ្លែ​ប៉ែស​ដែល​មាន​សភាព​ក្រៀម ដែល​ធ្លាក់​ក្រោម​រុក្ខ​ជាតិ​ទាំង​នោះ សូម​ទ្រង់​សោយ​ផ្លែ​ឈើ​ទាំង​នោះ ពុក​ចង្កា​នឹង​ស្នែង​ដែល​ដុះ​នោះ​នឹង​រលត់​រលាយ​ជ្រុះ​បាត់ សូម​ទ្រង់​កុំ​គង់​ប្រថាប់​នៅ​ទី​នេះ សូម​ស្ដេច​យាង​ឲ្យ​ឆាប់ ពី​ព្រោះ​ព្រះ​អង្គ​គង់​នៅ​ក្នុង​ឱទ្យាន​នៃ​អ្នក​តា​យក្ស​ទាំង​ឡាយ​ពេល​នេះ​ព្រះ​អង្គ​ទ្រង់​កំពុង​ផ្ទំ ដល់ ទ្រង់​តើន​ព្រះ​សយនា ហើយ​គង់​នៅ​ត​ទៅ​ទៀត នឹង​សោយ​ទិវង្គត​មិន​ខាន ! “ ។

          ព្រលឹង​នៃ​ព្រះ​អង្គ​ម្ចាស់ លុះ​ទ្រង់​ព្រះ​សណ្ដាប់​នូវ​រឿង​នេះ​ហើយ​មាន​ព្រះ​ហឫទ័យ​តក់​ស្លុត​ជា​ខ្លាំង ទ្រង់​ភ្ញាក់​ពី​និន្ទ្រា​ឡើង ទ្រង់​គង់​នៅ​តែ​មួយ​ព្រះ​អង្គ​ឯង​ក្នុង​ទី​នោះ ។ ព្រះ​ចន្ទ​ចោល​រស្មី​ភ្លឺ​ត្រចះ​ត្រចង់​កណ្ដាល​មេឃា ព្រះ​ពាយ​ផាយ​ផាត់​បក់​មក​យ៉ាង​ត្រជាក់ វាល​ខ្សាច់​រហោឋាន​ក៏​គ្មាន​ចំហាយ​ក្ដៅ​នឹង​ធូលី​ហុយ​សោះ​ឡើយ ។ ក្នុង​ពេល​នោះ ព្រះ​អង្ិគ​ម្ចាស់ ទ្រង់​ប្រញាប់​ប្រញាល់​យាង​ចេញ​ពី​កន្លែង​អពមង្គល​នោះ ​តាម​ពាក្យ​ដំបូន្មាន​នៃ​តា​ចាស់ ។ ទ្រង់​ឱន​រើស​ផ្លែ​ប៉ែស​នឹង​ផ្លែ​ពីរ​ដែល​ជ្រុះ​រាត់​រាយ​ក្រោម​រុក្ខជាតិ ដែល​មាន​សភាព​ក្រៀម​ស្ងួត​ហើយ ទ្រង់​សោយ​នូវ​ផ្លែ​ឈើ​ទាំង​នោះ ​។ ក្នុង​មួយ​រំពេច ពុក​ចង្កា​នឹង​ស្នែង​ក៏​ជ្រុះ​ធ្លាក់​បាត់​អស់​គ្មាន​សល់ ។ ព្រះ​អង្គ​ម្ចាស់​ទ្រង់​ព្រះ​តម្រិះ​មួយ​ស្របក់​រួច​ទ្រង់​កាច់​មែក​ឈើ​សូល (ស្រល់) ក្រង​ជា​ល្អី​មួយ ហើយ​ទ្រង់​ប្រមូល​ផ្លូវ​ប៉ែស​នឹង​ផ្លែ​ពីរ​ដែល​មាន​សភាព​ក្រៀម នឹង​ផ្លែ​ដែល​កំពុង​មាន​ទឹក​ដម​ផ្អែម​ឆ្ងាញ់​ដាក់​ក្នុង​ល្អី​នោះ ។ រួច​ទ្រង់​ចាក​ចេញ​ពី​ឧទ្យាន​នោះ​ទៅ​ដោយ​ប្រញាប់​ប្រញាល់​ជា​ខ្លាំង ។ ទ្រង់​មាន​បំណង​ចង់​និវត្ត​ទៅ​កាន់​មាតុភូមិ​វិញ តែ​វង្វែង​មិន​ជ្រាប​ផ្លូវ​សោះ ទ្រង់​ចេះ​តែ​យាង​ទៅ​ជា​លំដាប់ ។ ទ្រង់​បាន​ឆ្លើយ​ព្រះ​ដំណើរ​ប្រាំពីរ​ថ្ងៃ​ប្រាំពីរ​យប់ នៅ​ក្នុង​វាល​ខ្សាច់​រហោឋាន​ទ្រង់​មិន​បាន​ជួប​ប្រទះ​នឹង​មនុស្ស​សត្វ​អ្វី​សោះ​ឡើយ ។ ត​មក​ទ្រង់​មាន​សេចក្ដី​ស្រេក​ឃ្លាន​ជា​ខ្លាំង បាន​សោយ​ផ្លែ​ព័រ​នឹង​ផ្លែ​ប៉ែស​ក្រៀម​នោះ​ទៅ ។  លុះ​នឿយ​ព្រះ​កាយពល ក៏​ផ្ទំ​នៅ​លើ​ផ្នូក​ខ្សាច់​លក់​ទៀត លុះ​តើន​ឡើង​ចាប់​បន្ត​ព្រះ​ដំណើរ​ត​ទៅ​ទៀត បាន​យាង​ទៅ​ដល់​ថ្នល់​ធំ​មួយ​ផុត​ពី​គ្រោះ​ថ្នាក់​នោះ ហើយ​គង់​នៅ​លើ​ចិញ្ចើម​ថ្នល់ ដើម្បី​សម្រាក​ព្រះ​កាយ ។

          ក្រោយ​មក​បន្តិច មាន​មនុស្ស​ម្នាក់​ដឹក​លា​មួយ​ដើរ​មក​ដល់​ទី​នោះ ។ ព្រះ​អង្គ​ម្ចាស់​ទ្រង់​មាន​បន្ទូល​សួរ​ពត៌មាន​ផម្សេង ៗ ពី​អ្នក​ដឹក​លា ៗ ក៏​ក្រាប​បង្គំ​ទូល​ថា បើ​ព្រះ​អង្គ​ចង់​ធ្វើ​ព្រះ​ដំណើរ​ទៅ​កាន់​មាតុភូមិ សូម​ស្ដេច​យាង​ទៅ​កាន់​ទិស​ខាង​កើត ។ បើ​មាន​ព្រះ​រាជ​បំណង​ចង់​ជួប​នឹង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​សូម​ស្ដេច​យាង​ទៅ​ទិស​ខាង​លិច ។ គ្រា​នោះ​ព្រះ​អង្គ​ម្ចាស់​ទ្រង​មាន​ព្រះ​តម្រិះ​ថា “អញ​ចង់​ឃើញ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​នឹង​សេះ​ឈើ អញ​មិន​ត្រូវ​ត្រឡប់​ទៅ​កាន់​ព្រះ​និវេសន៍​វិញ​ទេ គួរ​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ខាង​លិច ដើម្បី​ឲ្យ​បាន​ជួប​នឹង​ព្រះ​អង្គ​ម្ចាស់ក្សត្រី​នឹង​សេះ​ឈើ” ។

          លុះ​ទ្រង់​យាង​ទៅ​បន្តិច ទ្រង់​បាន​ឮ​សូរ​សព្ទ​ដូច​ជា​ជើង​សេះ​រណ្ដំ​លើ​ថ្លល់​ពី​ក្រោយ​ព្រះ​អង្គ លុះ​ទ្រង់​ឈ្មៀង​ព្រះ​នេត្រ​ទៅ បាន​យល់​ពួក​យោធា​មួយ​ក្រុម​ជិះ​សេះ​ពាក់​គ្រឿង​ដែក ហើយ​ស្រែក​យ៉ាង​ខ្លាំង​ព្រម​ទាំង​មាន​ឫក​ពា​ដ៏​ខែង​រ៉ែង​ផង ។

          នៅ​ចំកណ្ដាល​ពួក​ទ័ព​សេះ​នេះ មាន​រាជរថ​មួយ​ទឹម​ដោយ​សេះ​បួន​ប្រដាប់​ដោយ​ក្បាច់​រចនា​ដ៏​មាន​ពណ៌​ដូច​មាស​ភ្លឺ​ក្រហម​ច្រាល​ឆ្អៅ ហើយ​មាន​ទ្វារ​នឹង​បង្អួច​រចនា​ដោយ​កញ្ចក់ ។ ព្រះអង្គ​ម្ចាស់​ទ្រង់​ភៀស​ព្រះអង្គ​ឆ្ងាយ ដើម្បី​ឲ្យ​រាជរថ​នេះ​បរ​ដោយ​សេរី​តាម​ថ្នល់​ធំ​នោះ ។ លុះ​រាជរថ​នោះ​មក​ដល់ ស្រាប់​តែ​មាន​បុរស​ម្នាក់​ចេញ​ពី​ពួក​ដង្ហែ មក​ក្រាប​បង្គំ​ទូល​សួរ​ព្រះអង្គ​ម្ចាស់​ថា តើ​អ្នក​ឯង​លក់​អ្វី ? បុរស​នេះ​មិន​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះរាជ​បុត្រ​ព្រះមហាក្សត្រ​ទេ ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ខ្ញុំ​គ្មាន​លក់​អ្វី​ទេ ! ។

          បុរស​ក៏​សួរ​ត​ទៅ​ទៀត​ថា “តើ​អ្វី​នៅ​ក្នុង​កន្ត្រក​នោះ ? មិន​គឺ​ផ្លែ​ប៉ែស​ឬ​ផ្លែ​ប៉ោម​ឬ ? ព្រះអង្គ​ម្ចាស់​យើង​ទ្រង់​ធ្វើ​ព្រះរាជ​ដំណើរ​មក​តាំង​ពី​ព្រឹក​ទល់​ល្ងាច ទ្រង់​មាន​បំណង​ចង់​សោយ​ដែរ ចូរ​លក់​ផ្លែ​នោះ​មក​ឲ្យ​យើង​ខ្លះ ! ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ផ្លែ​ឈើ​​នេះ​សម្រាប់​តែ​យើង​ប៉ុណ្ណេះ យើង​មិន​អាច​លក់​បាន​ទេ ! ដូច​អ្នក​ឯង​ជ្រាប​ស្រាប់​ហើយ នៅ​ទី​នេះ​គ្មាន​ស្មៅ​មួយ​ទង​សោះ បើ​ខ្ញុំ​ឃ្លាន តើ​ខ្ញុំ​មាន​អ្វី​បំបាត់​ការ​ស្រេក​ឃ្លាន​បាន ! ” ។

          ចំណែក​ព្រះអង្គ​ម្ចាស់​ដែល​គនង់​នៅ​លើ​រាជរថ ក៏​ឲ្យ​យក​ប្រាក់ ១ កហាបណៈ​ទៅ​ទិញ​ផ្លែ​ឈើ​នោះ ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​សួរ​បុរស​ថាៈ

          “តើ​អ្នក​ឯង​ទៅ​ណា ?”

          បុរស​ក្រាប​បង្គំ​ទូល​ព្រះអង្គ​ម្ចាស់​ថា

          “ព្រះអង្គ​ម្ចាស់​យើង​ទ្រង់​យាង​ទៅ​កាន់​សំណាក់​ព្រះអង្គ​ម្ចាស់​ក្សត្រី​ដែល​ទ្រង់​ត្រូវ​បញ្ជាប់​ពាក្យ

          ឯ​ព្រះអង្គ​ម្ចាស់​មាន​ព្រះបន្ទូល​ដូច្នោះ ក៏​ទ្រង់​បាន​យក​ផ្លែ​ឈើ​ប្រទាន​ទៅ​បុរស​នោះ ។

          ព្រះអង្គ​ម្ចាស់​ដែល​គង់​លើ​រាជរថ ទ្រង់​សោយ​ផ្លែ​ព័រ​នឹង​ផ្លែ​ប៉ែស​ស្រស់​នោះ​ទៅ ។ ដោយ​រាជរថ​នោះ​ចេះ​តែ​បរ ៗ ទៅ ស្រាប់​តែ​ព្រះអង្គ​ម្ចាស់​បាន​បញ្ចេញ​ព្រះសូរ​សៀង​យ៉ាង​ខ្លាំង ដោយ​ភ័យ​តក់​ស្លុត​ឥត​ឧបមា​ដោយ​ទ្រង់​ទត​ព្រះ​រូប​ព្រះអង្គ​ទៅ​ឃើញ​ជា​រូប​អមនុស្ស​មាន​ព្រះភ័ក្ត្រ មាន​ពុក​ចង្ការ​ហើយ​ព្រះសិរ​មាន​ស្នែង​ពីរ​ដុះ​ទំពី​លើ​ថែម​ទៀត ។ ព្រះរាជបរិពារ​ដែល​ដង្ហែ​ព្រះអង្គ​ម្ចាស់ ក៏​ឈប់​នៅ​កណ្ដាល​ថ្នល់​រង់​ចាំ​អ្នក​លក់​ផ្លែឈើ ។ បន្តិច​ទៀត​ព្រះអង្គ​ម្ចាស់​ដែល​លក់​ផ្លែឈើ ទ្រង់​យាង​មក​ដល់​ទី​នេះ ។ ពួក​រដ្ឋមន្ត្រី​ក៏​ឃាំង​ផ្លូវ​មិន​ឲ្យ​ទ្រង់​ស្ដេច​យាង​បាន ។

          ពួក​រដ្ឋមន្ត្រី​ក្រាប​បង្គំ​សួរ​ថា តើ​ផ្លែឈើ​ដែល​ទ្រង់​បាន​លក់​ថ្វាយ​ព្រះអង្គ​ម្ចាស់​យើង យក​ពី​ណា​មក” ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថាៈ ផ្លែឈើ​នេះ​គឺ ខ្ញុំ​បេះ​ពី​ដើម​វា​ពិត ៗ” ។

          ពួក​រដ្ឋមន្ត្រី​ក្រាប​បង្គំ​ទូល​ថាៈ សូម​ទ្រង់​ទត ! ក្រោយ​ដែល​ព្រះអង្គ​ម្ចាស់​ទូល​ព្រះបង្គំ​សោយ​ផ្លែ​ឈើ​ទ្រង់ ៗ មេត្តា​ទត​មើល​ចុះ ម្ដេច​ក៏​លើ​ព្រះភ័ក្ត្រ​ព្រះអង្គ​មាន​ដុះ​រោម​វែង ៗ ហើយ​នៅ​លើ​ព្រះសិរ​មាន​ស្នែង​ដូច្នេះ ! “ ។

          ព្រះអង្គ​ម្ចាស់​លុះ​យាង​ទៅ​កាន់​រាជរថ​ហើយ ក៏​ទ្រង់​ទត​ទៅ​ឃើញ​មនុស្ស​ម្នាក់​អង្គុយ​ក្នុង​រាជរថ​មាន​សភាព​ប្លែក​អស្ចារ្យ ទ្រង់​មាន​ព្រះហឬទ័យ​សប្បាយ​ឥត​បមា” ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​តប​ទៅ​វិញ​ថា ខ្ញុំ​បាន​សោយ​ផ្លែ​ឈើ​នោះ​ដែរ ម្ដេច​ក៏​ខ្ញុំ​គ្មាន​រោម គ្មាន​ស្នែង ! “ ។

          ពួក​រដ្ឋមន្ត្រី ក៏​មិន​អាច​នឹង​ឆ្លើយ​តប​ទ្រង់​បាន​ឡើយ ។

          ក្រោយ​ដែល​ព្រះអង្គ​ម្ចាស់​ទ្រង់​ព្រះតម្រិះ ទ្រង់​ក៏​បាន​ឈ្វេង​យល់​មួយ​រំពេច​ហើយ​ទ្រង់​មាន​បន្ទូល​ថាៈ

          តើ​ព្រះអង្គ​ម្ចាស់​អ្នក​ឯង​សោយ​ផ្លែឈើ​នោះ​ហើយ​ទ្រង់​ផ្ទុំ​ឬ ? ។

          ពួក​រដ្ឋមន្ត្រី​ក៏​ក្រាប​បង្គំ​ទូល​តប​ថាៈ ទ្រង់​ផ្ទុំ ។

          ព្រះអង្គ​ម្ចាស់​ទ្រង់​តប​វិញ​ថា ឥឡូវ​នេះ​ខ្ញុំ​ឥត​មាន​សង្ស័យ​ទេ ! អ្នក​ឯង​ជា​ជន​បរទេស អ្នក​ឯង​មិន​ដឹង​ទំនៀមទម្លាប់​ប្រទេស​នេះ ដែល​គេ​ហាម​មិន​ឲ្យ​ដេក ក្រោយ​ដែល​បាន​បរិភោគ​ម្ហូប​អាហារ​ហើយ ។ បើ​យើង​ដេក​មុខ​ជា​មាន​រោម​និង​ស្នែង​ហើយ” ។

          ពួក​រដ្ឋមន្ត្រី​មើល​មុខ​គ្នា​ទៅ​វិញ​មក​ហើយ​ថា តើ​យើង​ធ្វើ​យ៉ាង​ណា ! ការណ៍​នេះ​គឺ​មក​ពី​ស្រែក​ឃ្លាន​ហួស​ប្រមាណ នឹង​ការ​ងងុយ​ងោក​ងក់​នៃ​ព្រះអង្គ​ម្ចាស់​យើង តើ​ព្រះអង្គ​ម្ចាស់​យើង​ទៅ​ធ្វើ​ព្រះរាជ​សមរស​ជា​មួយ​ព្រះអង្គ​ម្ចាស់​ក្សត្រី​ដូច​ម្ដេច​កើត បើ​ព្រះរូប​ព្រះអង្គ​អាក្រក់​ដូច្នេះ ! ។

          មាន​រដ្ឋមន្ត្រី​ម្នាក់​ពោល​ថា “បើ​យើង​នេះ​ត្រូវ​តែ​យើង​វិល​ទៅ​កាន់​ព្រះរាជធានី​វិញ” ។

          តែ​ព្រះអង្គ​ម្ចាស់​ទ្រង់​មិន​យល់​ព្រម​តាម ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថាៈ “យើង​រង់​ព្រះអង្គ​ម្ចាស់​ក្សត្រី​ជា​ច្រើន​ឆ្នាំ​មក​ហើយ យើង​មិន​អាច​នឹង​ដក​ឃ្លា​ថយ ខាន​ធ្វើ​សមរស​នឹង​ព្រះ​នាង​នោះ​សោះ​ឡើយ ។

          ដល់​អវសាន មាន​រដ្ឋមន្ត្រី​ម្នាក់​ទៀត ដែល​ស្ថិត​នៅ​ជិត​ព្រះអង្គ​បាន​ស្នើ​សុំ​ប្រើ​ឧបាយកល​មួយ​ថាៈ “យើង​ត្រូវ​រក​យុវបុរស​ម្នាក់ មាន​សភាព​ស្អាត​ស្អំ​ប្រកប​ដោយ​សោកណភាព ដែល​យើង​ទុក​ជា​ព្រះអង្គ​ម្ចាស់​យើង​សុទ្ធ​សាធ ហើយ​យើង​នាំ​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង​ថ្វាយ​បង្គំ​ព្រះបិតា​ក្មេក, គង់​ជិត​ព្រះអង្គ​ម្ចាស់​ក្សត្រី ។ លុះ​ដល់​ព្រះនាង​យាង​ទៅ​កាន់​ព្រះនគរ ព្រះបិតា​ក្មេក​វិញ ព្រះនាង​នឹង​ត្រូវ​ទទួល​ព្រះអង្គ​ម្ចាស់​ជា​ព្រះស្វាមី​ពុំ​ខាន” ។

          ឧបាយកល​នេះ​បាន​ទទួល​យល់​ព្រម​ពី​ពួក​រដ្ឋមន្ត្រី​ទាំងឡាយ ពួក​រដ្ឋមន្ត្រី​ទាំងឡាយ ក៏​ខំព្យាយាម​ស្វែង​រក​យុវបុរស​ម្នាក់ មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ប្រិម​ប្រិយ ។ ក្រោយ​ដែល​បាន​ពិនិត្យ​បុរស​កំឡោះ​ដែល​ស្ថិត​នៅ​ទី​នោះ រដ្ឋមន្ត្រី​ទាំងឡាយ​ក៏​យល់​ថា “អ្នក​លក់​ផ្លែ​ឈើ​នេះ​ជា​យុវបុរស​មាន​រូប​កាយ​ប្រកប​ដោយ​លំអរ​គ្រប់​យ៉ាង ក៏​មូល​មតិ​គ្នា​ឲ្យ​អ្នក​លក់​ផ្លែ​ឈើ​នោះ ឡើង​ជិះ​លើ​រាជរថ​ជំនួស​ព្រះអង្គ​ម្ចាស់​ខ្លួន ។ ប៉ុន្តែ​អ្នក​លក់​ផ្លែ​ឈើ​ធ្វើ​ឫក​ពា​ដូច​មិន​ព្រម​ធ្វើ​សហការ​ជា​មួយ​សោះ ក៏​មាន​វាចា​ថា ខ្ញុំ​ប្រញាប់​ណាស់ ខ្ញុំ​មិន​អាច​បំពេញ​បេសកកម្ម​នោះ​បាន​ឡើយ ។

          ពួក​រដ្ឋមន្ត្រី​ក៏​បាន​ទទូច​អង្វរ​ករ​អ្នក​លក់​ផ្លែឈើ ឲ្យ​ទទួល​ធ្វើ​មុខ​ដំណែង​នោះ​ជួស​ព្រះអង្គ​ម្ចាស់ ៗ នឹង​ប្រទាន​ប្រាក់​ប្រាំ​កហាបណៈ ។

          អ្នក​លក់​ផ្លែឈើ​តប​ថា ប្រាំ​កហាបណៈ ! មិន​សម​នឹង​ទៅ​កាន់​មុខ​ដំណែង​នោះ​បាន​ទេ” ។

          ពួក​រដ្ឋមន្ត្រី​តប​មក​វិញ​ថា សូម​ជូន ៧ កហាបណៈ​ចុះ ។

          អ្នក​លក់​ផ្លែឈើ ក៏​យល់​ព្រម​ហើយ​ឡើង​ទៅ​អង្គុយ​នៅ​លើ​រាជរថ ។ ឯ​ព្រះអង្គ​ម្ចាស់​ដែល​មាន​ពុក​មាត់​ពុក​ចង្កា​នឹង​ស្នែង ក៏​គង់​លើ​ពាជី​មួយ​ចូល​ទៅ​កាន់​រាជធានី​នោះ​ដែរ ។ អ្នក​លក់​ផ្លែឈើ​គេ​តុប​តែង​ឲ្យ​ជួត​ក្បាល​នឹង​កន្សែង​ធំ​មាន​ស្បៃ​បិទ​មុខ​ជិត ។ ពួក​រដ្ឋមន្ត្រី​បាន​គិត​គ្នា​ថា លុះ​ទៅ​ដល់​ព្រះបរមរាជវាំង​ត្រូវ​ឲ្យ​ព្រះអង្គ​ម្ចាស់​យើង ស្ថិត​លាក់​ពួន​ខ្លួន​នៅ​បន្ទប់​មួយ ហើយ​កុំ​ឲ្យ​អ្នក​ណា​ឃើញ​សោះ​ឡើយ ។ ការ​ប្រយ័ត្ន​នេះ​រួច​ហើយ​រាជរថ​ក៏​ធ្វើ​ដំណើរ​ត​ទៅ​ទៀត ។

          លុះ​បុរស​លក់​ផ្លែឈើ​មក​ដល់​រាជធានី ព្រះមហាក្សត្រ​នគរ​នោះ​ទ្រង​បាន​យាង​ទៅ​ទទួល​នៅ​ខ្លោង​ទ្វារ​ធំ​យ៉ាង​ឧឡារឹក ។ ទ្រង់​បាន​ទត​ទៅ​យល់​ព្រះសុនិសា​មាន​រូប​ឆោម​ល្អ​ស្រស់​ជា​អនេក​កប្បការ ហើយ​មាន​ព្រះជំនូន​ច្រើន​ផង ទ្រង់​មាន​ព្រះរាហឬទ័យ​ខ្លាច​ក្រែង​ព្រះសុនិសា​ទ្រង់​បាន​ជ្រាប​នូវ​ព្រឹត្តិការណ៍​នៃ​ព្រះអង្គ​ម្ចាស់​ក្សត្រី ទ្រង់​ក៏​ប្រញាប់​ប្រញាល់​ចាត់​ឲ្យ​រៀប​ចំ​ពិធី​សមរស​ក្នុង​រវាង ៤ ថ្ងៃ ៤ យប់​យ៉ាង​អធិកអធ៌ម ។ ពួក​ចាស់​ទុំ​ត្រូវ​ជប់​លៀង​នៅ​ខាង​ក្រៅ​ព្រះបរមរាជវាំង ។ ពួក​ក្មេង​អាច​​​​​​​​​​​​​​​​​​​ចូល​មក​ជប់​លៀង​នៅ​ក្នុង​ព្រះបរមរាជវាំង ដើម្បី​នឹង​កំដរ​ព្រះអង្គ​ម្ចាស់​នឹង​ព្រះនាង​បាន ។ ពិធី​នឹង​កិច្ច​ការ​កំសាន្ត​សប្បាយ​ត្រូវ​លៃ​លក​បំពេញ​ដោយ​ស្ង​ប់​ស្ងាត់​ព្រម​ទាំង​ប្រយ័ត្ន​ប្រយែង​យ៉ាង​ខ្លាំង​ក្រែង​ដំណឹង​អាក្រក់​ពី​ព្រះនាង​លេច​ឮ​ខ្ចរ​ខ្ចាយ​ទៅ​បាន ។

          ពិធី​សមរស​កន្លង​មក ៣ ថ្ងៃ ព្រះនាង​មិន​ដែល​បាន​ទត​ទៅ​កាន់​ព្រះអង្គ​ម្ចាស់​ដល់​ម្ដង​សោះ​ឡើកយ ។ ទ្រង់​ព្រះកន្សែង​សោយ​សោក​នឹក​រលឹក​ដល់​ព្រះអង្គ​ម្ចាស់ ដែល​ទ្រង់​ស្នេហា​ពេញ​ព្រះហឫទ័យ លុះ​ដល់​ថ្ងៃ​ទី ៤ ព្រះមហាក្សត្រ​ទ្រង់​ព្រួយ​ព្រះរាជហឫទ័យ​ជា​ខ្លាំង ក៏​មាន​ព្រះរាជ​បញ្ជា​ឲ្យ​យាយ​អករ៍​ម្នាក់​ជា​ទី​ទុក​ព្រះរាជហឫទ័យ​ទៅ​ជំរាប់​ព្រះនាង​ថា ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះរាជហឫទ័យ​ស្នេហា​ចំពោះ​ព្រះនាង​ជា​ខ្លាំង ។

          នៅ​ពេល​លៀង​ព្រះក្រយា​ស្ងោយ​មួយ​នៅ​សាយណ្ហសម័យ ព្រះអង្គ​ម្ចាស់​ទ្រង់​គង់​នៅ​ជិត​ព្រះអង្គ​ម្ចាស់​ក្សត្រី ទ្រង់​ឆ្លៀត​ឱកាស​ក្នុង​ពេល​ដែល​ពួក​សមន្តរាជ​ទាំង​ឡាយ​មិន​បាន​អើ​ពើ​នឹង​ទ្រង់ ទ្រង់​ខ្សឹប​ដាក់​ព្រះកាណ៌​ព្រះនាង​ថា ទ្រង់​បាន​វិល​ត្រឡប់​មក​វិញ​ហើយ ព្រះនាង​ទ្រង់​បាន​ជ្រាប​ច្បាស់​នូវ​ព្រះសូរ​សៀង​នៃ​ព្រះអង្គ​ម្ចាស់​ហើយ ទ្រង់​បើក​ស្បៃ​បាំង​ព្រះភ័ក្ត្រ ហើយ​ទ្រង់​បាន​ក្រឡេក​ទៅ​ឃើញ​ច្បាប់​ដូច​ជា​ទ្រង់​សុបិន​និម្មិត​ដូច្នោះ ។

          ព្រះអង្គ​ម្ចាស់​ក្សត្រី​ទ្រង់​ជូត​ព្រះភ័ក្ត្រ ដែល​ជោរ​ជន់​ដោយ​ទឹក​ព្រះនេត្រ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​តប​ហើយ​ទ្រង់​ព្រះសំរួល ទ្រង់​បាន​រាំ​ជា​មួយ​ព្រះអង្គ​ម្ចាស់​ជា​ច្រើន​ផង ។ ព្រះអង្គ​ម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ចំពោះ​ព្រះនាង​ថា យើង​នឹង​គិត​ធ្វើ​ដំណើរ​ទៅ​ពេល​ខាន​ស្អែក សូម​ព្រះនាង​សុំ​សេះ​ឈើ​ពី​ព្រះវរបិតា ហើយ​បើ​ព្រះវរបិតា​ពុំ​ព្រម​ព្រះរាជទាន​ទេ សូម​ព្រះនាង​ក្រាប​បង្គំ​ទូល​ថា ព្រះនាង​មិន​ព្រម​ទៅ​ជា​មួយ​ទូល​បង្គំ​ទេ បើ​ទុក​ជា​ព្រះវរបិតា​កំញើញ​គំរាម​យ៉ាង​ណា កុំ​ឲ្យ​ព្រះនាង​ទ្រង់​ភ័យ​តក់​ស្លុត​ឲ្យ​សោះ ត្រូវ​ទ្រង់​ទទូច​សុំ​ព្រះវរបិតា​នូវ​សេះ​ឈើ​នោះ​ឲ្យ​ទាល់​តែ​បាន ។

          ចំណែក​ខាង​ព្រះមហាក្សត្រ​វិញ ព្រះអង្គ​ទ្រង់​បាន​ចាត់​យាយ​អករ៍​ម្នាក់​ឃ្លាំ​មើល​ព្រះអង្គ​ម្ចាស់​ទាំង​ពីរ​ព្រះអង្គ ។ យាយ​អករ៍​ក៏​វិល​ត្រឡប់​ទៅ​វិញ​បាន​ក្រាប​បង្គំ​ទូល​មហារាជ​ថា ព្រះអង្គ​ម្ចាស់​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ដោយ​សុទ្ធចិត្ត ទ្រង់​បាន​រាំ​ច្រៀង​ទាំង​ពីរ​ព្រះអង្គ​យាង​សប្បាយ​រីក​រាយ ។ ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជហឫទ័យ​សោមនស្ស​ពន់​ពេក ដោយ​ទ្រង់​បាន​ដំណឹង​ល្អ​នេះ ។

          ព្រឹក​ឡើង​មាន​បុគ្គល​ជា​ភ្ញៀវ​កិត្តិយស​បាន​មក​រង់​ចាំ នៅ​មុខ​ខ្លោង​ទ្វារ​ព្រះបរមរាជវាំង​ដើម្បី​នឹង​ក្រាប​បង្គំ​ព្រះអង្គ​ម្ចាស់​ក្សត្រី ។ ព្រះអង្គ​ម្ចាស់​នឹង​ព្រះបរិពារ​បាន​រង់​ចាំ​ព្រះអង្គ​ម្ចាស់​ក្សត្រី​នៅ​ទី​នោះ​ដែរ តែ​ព្រះនាង​មិន​ឃើញ​យាង​ទៅ ។ ព្រះនាង​បាន​ទាម​ទារ​សេះ​ឈើ ពី​ព្រះវរបិតា​ទ្រង់​បាន​យក​ព្រះហស្ថ​ទាំង​ពីរ​ឱប​ព្រះបាទា​នៃ​ព្រះវរបិតា ទាម​ទារ​ដោយ​សោក​សង្រៀង​ជា​ខ្លាំង ។ ព្រះរាជា​ទ្រង់​ព្រះពិរោធ​ជា​ខ្លាំង​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ហៅ​នាយ​ពេជ្ឈឃាដ​មក តែ​ព្រះនាង​ទ្រង់​ឥត​មាន​តក់​ស្លុត​អ្វី​សោះ​ឡើយ ។

          ព្រះនាង​ទ្រង់​ក្រាប​បង្គំ​ទូល​ព្រះវរបិតា​ថាៈ សូម​បិតា​សម្លាប់​កូន​ចុះ, បើ​បិតា​ទ្រង់​មិន​ព្រម​ឲ្យ​សេះ​ឈើ​មក​កូន” ។

          ព្រះរាជា​ទ្រង់​ព្រះពិរោធ​ជា​ខ្លាំង តែ​បើ​ទុក​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ​នាង​ទ្រង់​គ្មាន​ព្រឺព្រួច​អ្វី​សោះ​ឡើយ ទ្រង់​មិន​លះ​បង់​ព្រះបំណង​គឺ​តាម​ទារ​យក​សេះ​ឈើ​នោះ​ទេ ។

           ពួក​ឥស្សរជន ដែល​រង់​ចាំ​ព្រះនាង​នៅ​ខ្លោង​ទ្វារ​ព្រះបរម​រាជវាំង ក៏​នឹក​ឆ្ងល់​ថា​ហេតុ​ដូច​ម្ដេច​ក៏​បាត់​ព្រះនាង មិន​ឃើញ​យាង​មក ! ។ ពួក​នេះ​ក៏​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង ដើម្បី​នឹង​សួរ​ហេតុ​នោះ​ឲ្យ​ច្បាស់​លាស់ ។

          ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ថា “កូន​ខ្ញុំ​វា​ចង់​យក​សេះ​ឈើ​ទៅ​ជា​មួយ​នឹង​វា !” ។

           ពួក​ឥស្សរជន​ក៏​ក្រាប​បង្គំ​ទូល​តប​ថាៈ

          “សូម​ទ្រង់​ព្រះមេត្តា​ប្រោស សូម​ព្រះអង្គ​ទ្រង់​ព្រះរាជា​នុញ្ញាត​ឲ្យ​ព្រះនាង​យក​សេះ​ឈើ​ជា​ល្បែង​ក្មេង​ទៅ​ជា​មួយ​ព្រះនាង​ផង​ចុះ ។

          លុះ​ទ្រង់​ព្រះសណ្ដាប់​ដូច្នោះ ព្រះមហាក្សត្រ​ក៏​ប្រគល់​សេះ​ឈើ​ឲ្យ​ព្រះនាង​ភ្លាម​មួយ​រំពេច ។

          ព្រះអង្គ​ម្ចាស់ នឹង​ព្រះនាង​ក៏​ទ្រង់​គង់​លើ​រាជរថ​ធ្វើ​ព្រះ​ដំណើរ​ចេញ​ទៅ​ដោយ​មាន​ព្រះបរិពារ​ជា​ច្រើន​ពាន់​នាក់​ចោម​រោម​ទៅ​ជា​មួយ​ផង ។

          ព្រះដំណើរ​នោះ​មាន​សភាព​ឆ្ងាយ​ស្រយាល ។ ព្រះអង្គ​ម្ចាស់​នឹង​ព្រះនាង​មាន​មនុស្ស​ថែរក្សា​អម​ព្រះអង្គ​ជា​និច្ច បាន​ជា​គ្មាន​ឱកាស​នឹង​គេច​ព្រះអង្គ​ចេញ​ពី​ទី​នោះ​សោះ ។ ព្រះអង្គ​ទាំង​ពីរ​ស្ដេច​យាង​ជិត​ទៅ​ដល់​ប្រទេស​ព្រះមហាក្សត្រ​នៃ​ព្រះអង្គ​ម្ចាស់​ដែល​មាន​ស្នែង ទ្រង់​មាន​ព្រះហឫទ័យ​ព្រួយ​បារម្ភ​ជា​ខ្លាំង ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះនាង​ថាៈ “បើ​យើង​ទាំង​ពីរ​នាក់​ទៅ​ដល់​មុខ​ព្រះបរមរាជវាំង​នៃ​ព្រះរាជា​ប្រទេស​នោះ​សូម​ព្រះនាង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​ថា សូម​ទ្រង់​យក​ថាស​ប្រាំពីរ​សុទ្ធ​តែ​ពេញ​ទៅ​ដោយ​មាស ។ មាស​នោះ ព្រះនាង​និង​បាច​ទៅ​លើ​មហាជន ។ បើ​បើ​ ព្រះមហាក្សត្រ​ទ្រង់​មិន​ព្រម​ត្រាស់​បង្គាប់​ឲ្យ​យក​ថាស​ទាំង​ប្រាំពីរ​នោះ​ទេ ព្រះនាង​មិន​ត្រូវ​ចុះ​ពី​រាជរថ​ឡើយ ។

          លុះ​ព្រះអង្គ​ម្ចាស់​ទាំង​ពីរ​យាង​ទៅ​ដល់​មុខ​ព្រះរាជវាំង ព្រះនាង​ទ្រង់​នឹក​ឃើញ​បណ្ដាំ​ព្រះស្វាមី ទ្រង់​ធ្វើ​តាម​បណ្ដាំ​នោះ​យ៉ាង​ម៉ឺង​ម៉ាត់ ។ មហាជន​ទាំង​ប្រុស​ស្រី ក្មេង​ចាស់​រត់​ទៅ​ដណ្ដើម​មាស ដែល​ព្រះនាង​ទ្រង់​បាច​លើ​ផែន​ប្រថពី ។ ក្នុង​ពេល​នោះ ព្រះអង្គ​ម្ចាស់​ទ្រង់​ទាញ​ព្រះហស្ថ​ព្រះនាង​ហើយ​ទ្រង់​គង់​លើ​សេះ​ឈើ ទ្រង់​មួល​កូន​សោឥ សេះឈើ​នោះ​ហោះ​ទៅ​លើ​អាកាស ។ ព្រះ​ដំណើរ​នៃ​ព្រះអង្គ​ម្ចាស់​ទាំង​ពីរ​ព្រះអង្គ​ក៏​បាន​ទៅ​ដល់​រាជធានី​ដោយ​សុវត្ថិភាព ។

          តាំង​ពី​ព្រះអង្គ​ម្ចាស់​ស្ដេច​យាង​បាត់​ពីរាជធានី ព្រះវរបិតា​ព្រះអង្គ​ទ្រង់​ព្រួយ​បារម្ភ​ពន់​ពេក​ផ្ទំ​ពុំ​បាន​សោះ មាន​ព្រះរាជ​ឱង្ការ​ថា ការ​បាត់​​ព្រះឱរស​នេះ បុព្វ​ហេតុ​មក​ពី​ជាង​ឈើ​នោះ​ឯង ព្រោះ​ហេតុ​ដូច្នេះ ត្រូវ​ជាង​ឈើ​នេះ​ទទួល​ទណ្ឌកម្ម​ប្រហារ​ជីវិត​បង់ ក៏​ត្រាស់​បង្គាប់​ឲ្យ​យក​ជាង​ឈើ ទៅ​បោះ​ដែក​គោល​ភ្ជាប់​ត្រង់​កន្លែង​ដែល​ចូល​ទៅ​កាន់​ស្ពាន​អស់​រយៈ​វេលា ៣ ថ្ងៃ ៣ យប់​ហើយ ។ ប៉ុន្តែ​ក្នុង​ពេល​នោះ ទទួល​ព្រះអង្គ​ម្ចាស់​ស្ដេច​និវត្ត​មក​កាន់​រាជធានី​វិញ លុះ​យាង​មក​ដល់​ទ្រង់​នឹក​ដល់​ជាង​ឈើ​ភ្លាម ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះវរបិតា “បិតា សេះ​ឈើ​នេះ​មាន​ប្រយោជន៍​សំខាន់​ណាស់ ! បើ​គ្មាន​សេះ​ឈើ​នេះ​ទេ កូន​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ស្រួល​បាន កូន​មិន​អាច​នឹង​បាន​ព្រះនាង​ធ្វើ​ជា​មហេសី​ព្រម​ទាំង​មិន​អាច​វិល​ត្រឡប់​មក​កាន់​ព្រះរាជនិវេសន៍​បាន​ឡើយ” បិតា ! សូម​ព្រះអង្គ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ហៅ​ជាង​ឈើ ដែល​ធ្វើ​សេះ​ឈើ​នោះ​មក​សូម​ឲ្យ​បិតា ព្រះរាជទាន​នូវ​រង្វាន់​ដ៏​ប្រសើរ ។

          លុះ​ទ្រង់​ព្រះសណ្ដាប់​ដូច្នេះ​ហើយ ព្រះមហាក្សត្រ​ទ្រង់​ខ្មាស់​អៀន​ពន់​ពេក ក៏​ប្រាប់​ព្រះ​ឱរស​ថា ព្រះអង្គ​បាន​យក​ជាង​នោះ​ទៅ​បោះ​ដែក​គោល​ចំ​ពី​មុខ​ស្ពាន​ហើយ ។ ត​មក​បាន​ត្រាស់​បង្គាប់​អាមាត្យ​ទៅ​មើល​ជាង​ឈើ​នោះ ។ ឯ​ជាង​ឈើ​នៅ​រស់​រាន​មាន​ជីវិត​ត​នៅ​ឡើយ ។ គេ​បាន​នាំង​ជាង​ឈើ​នោះ​យក​មក​ថ្វាយ​ព្រះអង្គ​ម្ចាស់ ៗ ក៏​បាន​ចាត់​គ្រូ​ពេទ្យ​យ៉ាង​ជំនាញ​មក​ព្យាបាល​របួស​នោះ​ឲ្យ​ជា​សះ​ស្បើយ ។ ប្រះមហាក្សត្រ​ទ្រង់​បាន​ធ្វើ​ព្រះរាជ​អំណោយ​​នូវ​ថង់​មួយ​ពេញ​ទៅ​ដោយ​មាស ដើម្បី​នឹង​ឲ្យ​ជាង​ឈើ​នេះ​ព្យាយាម​ធ្វើ​សេះ​ឈើ​នេះ​ឲ្យ​វិសេស​វិសាល​ឡើង​ត​ទៅ​អនាគត ។

          បន្ទាប់​មក មាន​ការ​ជប់លៀង ហើយ​ប្រគំ​តូរ្យតន្ត្រី​គគ្រិក​គគ្រែង​ជា​ឱឡារឹក ដើម្បី​ជា​ព្រះកិត្តយស​ចំពោះ​ព្រះរាជ​សមរស រវាង​ព្រះអង្គ​ម្ចាស់​នឹង​ព្រះនាង ។

          ថ្ងៃ​ក្រោយ​មក ព្រះអង្គ​ម្ចាស់​ទាំង​ពីរ​ព្រះអង្គ ក៏​បាន​ឡើង​គ្រង​រាជសម្បត្តិ​ជា​ដំណ​ត​ពី​ព្រះវរបិតា​រហូត​មក ។

ដកស្រង់ពី: កម្ពុជសូរិយា

0 comments:

Post a Comment