រឿង ១០០១យប់

អ្នកទស្សនា: Views

រឿង ១០០១​ យប់

កាលពីយូរលង់ណាស់មកហើយ មានស្តេចមួយអង្គ ដែល​ជា​ស្តេច​នៃ​ស្តេច​​ទាំង​ឡាយ គ្រប់គ្រងដែន​ដី​លាត​សន្ធឹង​ពី​ឥណ្ឌារហូត​ដល់​ស្រុក​ចិន។ ព្រះ​អង្គ​មាន​ទាហាន​និង​បំរើ​រាប់​ម៉ឺន​នាក់​។ គាត់​មាន​បុត្រាពីរ​អង្គ​។ រាជ​បុត្រច្បង​ធំពេញវ័យកំលោះ រាជ​បុត្រពៅនៅ​ជំទង់​​នៅ​ឡើយ។​ រាជបុត្រ​ទាំង២អង្គ​សុទ្ធ តែ​មាន​សេចក្តី​អង់អាច​ក្លាហាន​ក្នុង​សឹក​សង្គ្រាម​។

 តែរាជ​បុត្រ​​ច្បងមាន​កំលាំង​​ខ្លាំងពូកែ​​​ជាង​​ប្អូន។ ដូច្នេះ​កូន​បង​ជាអ្នក​គ្រងរាជ្យបន្ត។​ ក្សត្រា​អង្គនេះ​គ្រប់​គ្រង​អំនាច​ប្រកប​ដោយ​យុត្តិធម៌ ដែល​ធ្វើ​ឱយ​បណ្តា​ប្រជានុរាស្ត្រ​ទាំងអស់​នៃ​ប្រទេស​នេះ​ស្រលាញ់​ពេញ​ចិត្ត​ស្តេច​អង្គនេះ និង​រាជា​ណាចក្រ​នេះណាស់។ ស្តេចអង្គ​នេះ​មានព្រះនាម​ហៅ​​ថា ស្តេច ឆារីយ៉ា ហើយ​ទ្រង់​បាន​​តែងតាំងព្រះ​អនុជ ដែល​មាន​ព្រះ​នាម​ហៅ​ថា ​ ឆាសាម៉ាន់​ ជា​ស្តេច​ គ្រងរាជ្យ​នៅនគរបារបារ។ ក្សត្រាអង្គនិមួយៗ​គ្របគ្រង​ប្រទេស​របស់ខ្លួនប្រកប​ដោយសមធម៌​និង​​យុត្តិធម៌​​ចំពោះ​រាជានុរាស្ត្រក្រោម​បង្គាប់​របស់​ខ្លួន ផ្តល់​នូវ​សេចក្តីសុខ និង​រីករាយ​អស់​រយៈពេល​ជា​ច្រើនឆ្នាំ។

អស់រយៈកាល​២០ឆ្នាំ​កន្លងទៅ ស្តេច​ទាំង២អង្គ​​មិន​ដែល​បាន​ជួប​គ្នា​បន្តិច​ឡើយ រហូត​ដល់​សម័យ​ថ្ងៃ​មួយ ស្តេចបងបាន​និយាយ​ត្អូញត្អែរ​​ប្រាប់គេ​ឯង​ពី​សេចក្តី​នឹក​រលឹក​​ចំពោះ​ប្អូន​ប្រុសរបស់​គាត់​ ហើយ​ថា​គាត់ត្រូវ​តែ​ទៅសួរសុខទុក្ខ​ប្អូន​ម្តង​ទៀត។ គាត់​បាន​ប្រឹក្សា​ជាមួយ​មន្ត្រី​ជំនិត​របស់គាត់​អំពី​ការ​ទៅសួរសុខទុក្ខនេះ ប៉ុន្តែ​មន្ត្រី​រូប​នេះ​ យល់​ថា មិន​គួរ​ធ្វើ​បែប​នេះ​ទេ ហើយ​ឱយ​​​យោបល់ថា គួរ​តែ​សរសេរ​សំបុត្រ​ ហើយ​បញ្ជូន​អំនោយ​តាមរយៈគាត់​ទៅ​ស្តេច​ប្អូន ដោយមាន​​សេចក្តី​អញ្ជើញស្តេច​ប្អូន​មក​សួរ​សុខទុក្ខ​វិញ។

ព្រះ​អង្គ​ក៏​​យល់​ស្រប​នឹង​យោបល់​នេះ រួច​ហើយឱយ​​គេ​រៀប​ចំ​អំនោយ​សមរម្យ មាន​ដូច​ជា​ សេះ​ដែល​​មាន​បង្ហៀរ​អំពី​មាស ទាសករ​ ស្រី​បំរើ និង ស្រីក្រមុំ​ស្អាតៗ របស់​របរ​ល្អៗ​និង​ថ្លៃៗ។ បន្ទាប់​មក​ទៀត​គាត់​សរសេរ​សំបុត្រ​មួយ​ទៅកាន់ ឆាសាម៉ាន់ សំដែង​អំពី​សេចក្តី​ស្រលាញ់​ដ៏​ជ្រាល​ជ្រៅរបស់​គាត់​ចំពោះ​ប្អូន ដោយ​ភ្ជាប់​មក​ជា​មួយ​​នូវ​សេចក្តី​ប្រាថ្នា​ចង់​ឃើញ​មុខប្អូន ហើយ​បញ្ចប់​សេចក្តី​សំបុត្រដោយពាក្យ​ថាៈ

“ដូច្នេះបងមាន​សេចក្តី​សង្ឃឹមលើសេចក្តី​អនុ​គ្រោះ និង សេចក្តី​ស្រលាញ់​របស់​ប្អូន ដែល​នឹងបន្ទាបខ្លួន ហើយ​បែរ​មុខ​មក​រកបង​ ។ ជាង​នេះ​ទៅទៀត បងបាន​បញ្ជូនលោក​មន្ត្រីជំនិត​របស់​បង​​ឱយទៅ​រៀប​ចំ​បទបញ្ញត្តិសំរាប់ការធ្វើ​ដំនើរ ​ហើយសេចក្តី​ប្រាថ្នា​តែ​មួយ​គត់​របស់​បង​គឺ ឃើញ​មុខប្អូន មុន​នឹង​យើងស្លាប់។ តែ​បើ​ប្អូន​ពន្យារ​ពេល​ រឺ​ធ្វើ​ឱយ​បងអស់​សង្ឃឹម បង​នឹង​មិន​អាចរស់បានទៀត​ឡើយ​សូម្បី​តែ​មួយ​ដង្ហើម។ សូម​ឱយ​សេចក្តី​សុខកើត​មាន​ដល់​ប្អូន”។

បន្ទាប់​មកទៀត​ស្តេច​ឆារីយ៉ា ប្រគល់សំបុត្រទៅ​លោក​មន្ត្រី​ រួច​បញ្ជា​គាត់​ឱយ​ប្រឹង​អស់​កំលាំង​​កាយ​ចិត្ត​សំរេច​​កាងារ​នេះ​ឱយបានឆាប់។ មន្ត្រី​រូប​នេះ ដោយ​មិន​បង្អង់​យូរ​បានចាប់​ផ្តើម​​រៀប​ចំ​របស់​របរ​ចាំ​បាច់​ទាំងអស់​ដែល​ត្រូវ​យក​ទៅ​ជាមួយ។ គាត់​រៀច​ចំ​អស់​៣ថ្ងៃ ហើយ​នៅ​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​ទី៤ គាត់​ចាប់​ចាកចេញ​ដំនើរ​ពី​នគរ ដោយ​ឆ្លងកាត់​វាល​ខ្សាច់ ជន​បទ ជ្រលង​ភ្នំ វាល​ស្មៅ ដោយ​គ្មាន​ឈប់​សំរាក​មួយ​យប់​ឡើយ។

 ប៉ុន្តែ​ពេល​គាត់​ទៅដល់ទីក្រុង​ណាមួយ​ដែល​ស្ថិត​នៅ​ក្រោម​អំនាច​នៃ​ស្តេច​របស់​គាត់ គាត់​ត្រូវ​បាន​គេ​ទទួល​ដោយ​អំនោយ​ដ៏ថ្លៃ​ថ្លា មាន​ជា​មាស ជា​ប្រាក់ និង​ទាំង​របស់​របរ​គ្រប់​យ៉ាង​ដែល​មាន​តំលៃ និង​កំរ ហើយ​គាត់​ស្នាក់​នៅ​ទីនោះ ចំនួន​៣​ថ្ងៃ​ សំរាប់​ជា​ការ​គួរ​សម​ ដែល​ជា​សុជីវធម៌​​របស់​ភ្ញៀវនា​សម័យ​នោះ។ ហើយ​គាត់​ចាកចេញ​នៅ​ថ្ងៃ​ទី​៤ ដោយ​មាន​ក្បួន​ជូន​ដំនើរ​យ៉ាង​ឱឡារឹក​ផង។

នៅពេល​ដែល លោកមន្ត្រី​ទៅ​ជិត​ដល់​រាជ​វាំង​របស់​ស្តេច ឆា​សាម៉ាន់ ក្នុង​ទឹកដី បារបារ គាត់​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​របស់​គាត់​មួយ​រូប​ទៅ​គាល់​ស្តេច ក្រាបទូល​អំពី​ដំនឹងនៃ​ការ​មក​ដល់​​របស់​គាត់។ ស្តេច​ក៏​បញ្ជា​ឱយពួក​អភិជន​ និង​មន្ត្រី​ទាំងឡាយរៀប​ចំ​ទទួល​លោកមន្ត្រី​ជំនិត​របស់​ស្តេច​ឆា​រីយ៉ា​ដែលនឹង​មកដល់​ក្នុង​ថ្ងៃ​បន្ទាប់​មក​ទៀត។

 ពួក​ទាំងនោះ​បាន​ទទួល​គាត់​ដោយ​សេចក្តី​គោរព​យ៉ាង​ខ្ពង់​ខ្ពស់​បំផុត ដោយ​មាន​ក្បួន​ដង្ហែរ​យ៉ាង​អធិកអធម​ផង។​ ពេល​គាត់ទៅដល់រាជ​ធានី​​ គាត់​ទៅ​ចូលគាល់​​ស្តេច​ភ្លាម ដោយ​គាត់​បង្ហាញ​ខ្លួន​ចំពោះ​មុខស្តេច ហើយ​បន្ទាប់​ពី​ក្រាបបង្គំ​សំដែង​ការ​គួរសម​ និង​ថ្វាយ​ពរ​ស្តេច​ឱយមាន​ព្រះ​ជន្ម​ាយុ​យឺន​យូរ មានសុភមង្គល និង ឈ្នះ​គ្រប់​មារ​សត្រូវ តាម​បវេណី​រួច​រាល់​មក គាត់​ថ្វាយ​ដំនឹង​ស្តេច​អំពី​សេចក្តី​ត្អូញ​ត្អែរ​របស់​ស្តេច​បង ដែល​ចង់​ឃើញ​មុខ​ប្អូន ហើយ​សំនូម​ពរ​សេចក្តី​អនុគ្រោះ​របស់​ស្តេច​ឱយ​យាងទៅ​សួរ​សុខទុក្ខ​ស្តេច​បង។ បន្ទាប់​មក​គាត់​ក៏​ថ្វាយ​សំបុត្រ​ ដល់​ដៃ​​ស្តេចឆា​សាម៉ាន់ ហើយ​ស្តេចឆា​សាម៉ាន់ ​ទទួល​យក​ពី​ដៃ​របស់​គាត់ យក​ទៅ​អាន​។

សំបុត្រ​ពោរពេញ​ទៅ​សេចក្តី​បញ្ឈិត​បញ្ឆៀង ដែល​ទាម​ទារ​ការ​គិត​ពិចារណា​បន្តិច ប៉ុន្តែ​ពេល​ដែល​ស្តេច​បាន​យល់​អស់​នូវ​ន័យ​សេចក្តី​ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​​ថាៈ

“ខ្ញុំ​​យល់ ហើយ​ខ្ញុំ​​ស្តាប់​តាម​បង្គាប់​របស់​បងប្រុស​ជា​ទីស្រលាញ់​របស់​ខ្ញុំ​”

ហើយ​និយាយ​ទៅ​កាន់ លោក​មន្ត្រី ថា “តែខ្ញុំ​​នឹង​មិន​ទាន់​ចាក​ចេញ​ដំនើរ​ទៅទេ រហូត​ទាល់​តែ​លោក​សំរាក​​នៅទី​នេះ​ឱយ​បាន​៣​ថ្ងៃ​សិន”។

គាត់​បញ្ជាឱយ លោក​មន្ត្រី ​រៀបចំ​បោះ​ជំរំ​នៅក្នុង​បរិវេណ​រាជ​វាំង​សំរាប់បរិវារ​របស់​គាត់ ហើយ​ឧបត្ថម្ភ​ពួក​គេ​ ​រាល់​សេចក្តី​ត្រូវ​ការ​ទាំង​អស់​ដោយ​គ្មាន​ខ្វះ​ចន្លោះ មាន​ទាំង​ម្ហូប​អាហារ និងភេសជ្ជៈ។

នៅថ្ងៃទី៤​ ស្តេច​រៀបចំស្រេច​បាច់​សំរាប់​ការយាង​ចេញ ដោយ​មិន​ភ្លេច​អំនោយ​​សំរាប់​ស្តេច​បងនោះ​ទេ  ហើយ​ទ្រង់​បាន​តែងតាំង​​មន្ត្រី​ជំនិត​របស់​ទ្រង់​ឱយ​មើល​ការ​ខុសត្រូវ​​ពេល​ដែល​ទ្រង់​អវត្តមាន។

ទ្រង់​បាន​ចេញ​រាជ​បញ្ជាឱយគេ​រៀប​ចំ​យក​សំពត់​តង់​សំរាប់​ការ​បោះ​ជំរំ  សត្វអូដ្ឋ និង សេះដឹក​របស់របរ​ផ្សេងៗ មាន​ទាំង​នាយទាហាន​ និង​កង​អង្គរក្សផង។ ទ្រង់​បាន​បញ្ជា​ឱយ​គេ​​បោះ​ជំរំនៅជិតរាជ​ធានី​ ដើម្បី​រៀប​ចំឱយ​បាន​​ស្រេច​បាច់​មុន​នឹង​ព្រឹកឡើង​ចេញ​ដំនើរទៅ​រាជវាំង​របស់​បង​ប្រុស​ទ្រង់។

ប៉ុន្តែនៅពាក់​កណ្តាល​យប់​នោះ ទ្រង់​បាន​នឹក​ឃើញ​ថា ទ្រង់​បាន​ភ្លេច​របស់​សំខាន់​ម៉្យាងនៅ​ឯរាជ​វាំង ​ដែលទ្រង់​ចាំបាច់​ត្រូវ​តែ​យក​ទៅ​ជាមួយ។ ដូច្នេះ​ព្រះ​អង្គ​ក៏​ត្រលប់​មក​រាជ​វាំង​វិញ ដោយ​សំងាត់ហើយចូល​ទៅក្នុង​បន្ទប់​របស់​ទ្រង់។ ពេល​នោះ​ព្រះ​អង្គ​បាន​ឃើញ ព្រះ​អគ្គ​មហេសី​ កំពុង​តែ​ដេក​លង់លក់​លើ​គ្រែ​​ ដោយ​ដៃ​ទាំង២ឱបចុងភៅ​ខ្មៅ​ម្នាក់ ក្នុង​រូប​ភាព​គួរ​ឱយ​ស្អប់​ខ្ពើម និងស្មោគរោគ​ ដោយ​ខ្លួន​ប្រាណ​ប្រលាក់​សុទ្ធ​តែ​ប្រេង​ខ្លាញ់​នៃ​ចង្ក្រាន​ និង​ក្អែល។

ពេលព្រះ​អង្គឃើញ​ទិដ្ឋភាព​បែប​នេះ ពិភព​លោក​ប្រែត្រលប់​ទៅ​ជា​ខ្មៅងងិត​ ហើយ​ទ្រង់​ក៏​គិត​ក្នុង​ចិត្ត​​ថា

“បើ​ករណី​បែប​នេះ​កើត​មាន​តាំង​ពី​អញ​នៅកៀក​បង្កើយ​នៅ​ឡើយ​ទៅ​ហើយ​ តើ​ទំរាំ​តែ​អញ​ស្នាក់​នៅ​យូរ​កាល​នៅ​ក្នុង​រាជ​វាំង​របស់​បងអញ​ទៀត នោះ​ស្រី​នេះ​នឹង​ធ្វើ​អ្វី​ខ្លះ​ទៀត?”។

ដូច្នេះ ព្រះ​អង្គក៏ហូត​​ដាវ​ចេញ​មក​​ហើយ​កាប់​អ្នក​ទាំង២​ដាច់​ជា​២កង់​​ រួច​ទុក​ខ្មោចទាំង២​ចោល ហើយ​ត្រលប់​មក​ជំរំ​វិញ​ដោយ​គ្មាន​ប្រាប់​នរណា ម្នាក់ ឱយដឹង​ឡើយ។

បន្ទាប់​មក ព្រះ​អង្គបា​នចេញបញ្ជា​ឱយចេញ​ដំនើរ​ជា​បន្ទាន់ ប៉ុន្តែព្រះ​អង្គនៅ​តែ​មិន​អាច​បំភ្លេច​អំពី​ផិតក្បត់​របស់​អគ្គមេហសី​បាន​ឡើយ ហើយ​នៅតែ​ទន្ទេញ​ក្នុង​ចិត្ត​ថា “តើហេតុអី​នាង​ហ៊ាន​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ? ហេតុអីក៏នាង​ហ៊ាន​ធ្វើ​ទង្វើ​ដែល​គ្រោះ​ថ្នាក់ដល់​ជីវិត​បែប​នេះ?”។

ស្តេចទ្រង់​​គិត​ខ្លាំង​ពេករហូត​ដល់​សេចក្តី​សោក​សៅ​គ្របដណ្តប់​លើ​រូប​រាង​កាយ​ ខ្លួន​ប្រាណ​ប្រែក្លាយ​ជា​ស្លេកស្លាំង ​ចុះទន់​ខ្សោយ ។ ព្រះ​អង្គប្រៀប​បាន​ដូច​ជា​អ្នក​ជំងឺម្នាក់​ដែល​រៀប​នឹង​ស្លាប់។

ដូច្នេះ​លោក​មន្ត្រី​ក៏​ខិតខំ​ប្រឹងប្រែង​​ឱយការ​ធ្វើ​ដំនើរ​បាន​លឿន​ ហើយ​ឈប់​សំរាក​​នៅ​កន្លែង​មាន​ទឹក​ឱយបាន​យូរ ហើយ​ប្រឹង​អស់​ពីកាយ​ចិត្ត​ដើម្បី​ផ្តល់​នូវ​សេចក្តី​សុខ​ស្រួល​ដល់​ព្រះរាជា។

ពេល​នេះ​ស្តេច​ឆាសាម៉ាន់ បាន​យាង​មកកៀក​នឹង​​រាជធានី​របស់​បង​ប្រុសព្រះ​អង្គហើយ ព្រះ​អង្គក៏​ចាត់​អ្នក​នាំសារ​ទៅ​ប្រកាស​ពី​ដំនើរ​យាង​មក​ដល់​របស់ទ្រង់​ ហើយ​ស្តេចឆារីយ៉ា​បាន​ចេញ​មក​ទទួលព្រះ​អនុជ រួម​ជាមួយនឹង​លោក​អគ្គ​មហាសេនាបតី​ និង​បណ្តា​មន្ត្រី​ ពួក​អភិជន​ទាំង​ឡាយ​នៃ​រាជាណាចក្រ ហើយ​បាន​សំដែង​​សេចក្តី​គួរសម​ និង​សេចក្តី​រីករាយ​ក្រៃលែង។ រី​ឯ​ទី​ក្រុង​ទាំង​មូល​ ត្រូវ​បាន​តែង​​លំអ​ឡើង ដើម្បី​ឱយ​សម​នឹង​​កិត្តិយស​របស់​ទ្រង់។

ប៉ុន្តែ​ពេល​ដែល​ព្រះ​ជេដ្ឋា​​ជួបព្រះ​អនុជ​ ទ្រង់​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅលើ​ប្អូន​ប្រុស ហើយ​ទ្រង់​​សួរអំពី​មូលហេតុ ដែល​ពេល​នោះ​ព្រះ​អនុជ​​បាន​តប​មក​វិញ​ថា “នេះ​បណ្តាល​មក​ពីការ​ធ្វើ​ដំនើរ​រយៈ​ចំងាយ​​ឆ្ងាយ ហើយ​មក​ពី​ខ្ញុំ​ចាញ់​នូវ​ការផ្លាស់​ប្តូរ​នៃ​ទឹក​ដី​និង​អកាសធាតុ​ផង! ប៉ុន្តែ​ព្រះ​អាឡាហ៍​បាន​ឱយ​ពរ​យើង​ឱយបាន​ជួប​គ្នា​រវាង​បងនិង​ប្អូន។”

ទ្រង់​មាន​ព្រះ​បន្ទូល​​ដោយ​ប្រយ័ត្នប្រយែង ដើម្បី​​លាក់​ការ​សំងាត់​របស់​ទ្រង់​។

បន្ទាប់មកអ្នកទាំង២យាង​ទៅក្នុងរាជធានី​ ហើយ​ស្តេចបង​ផ្តល់​កន្លែង​ស្នាក់នៅ​មួយ​ដល់​ប្អូន​នៅក្នុង​រាជវាំង ដែល​មាន​លំអ​ដោយ​សួន​កំសាន្តផង។ មួយរយៈ​ក្រោយមក​ ដោយ​ឃើញ​ស្តេចប្អូន​នៅតែ​មាន​អាការៈ​ដូច​មុន​ដដែល ព្រះ​អង្គ​គិតក្នុងចិត្ត​ថា​នេះ បណ្តាល​មក​ពី​ប្អូន​ខ្វាយខ្វល់​ដល់​ស្រុក​ទេស​ដែល​ឃ្លាត​ឆ្ងាយ​។

ដូច្នេះ​ហើយ​ព្រះ​អង្គ​ក៏​បណ្តោយ​ប្អូន​ទៅតាម​ដំនើរ ដោយមិន​សួរ​ដេញ​ដោល​អ្វីឡើយ រហូត​ដល់​ថ្ងៃមួយ​ទ្រង់​និយាយ​ម្តងទៀតថា “ឱ ប្អូន​ប្រុស​ បងឃើញ​ប្អូន​ចេះ​ខ្សោយ​ទៅៗ ហើយ​រាងកាយ​ចេះ​តែ​ស្លេកស្លាំង​ទៅៗ។”

ស្តេច​ឆាសាម៉ាន់​តប​ថា “ឱបង​អ៊ើយ ខ្ញុំមានរបួស​ក្នុងខ្លួន”។

ទ្រង់​​នៅ​តែមិនប្រាប់ការពិត​ពី​អំពើ​ផិត​ក្បត់​របស់​ព្រះ​អគ្គ​មហេសី​របស់​ទ្រង់​ឱយ​បាន​ដឹង​ដល់​ព្រះ​ជេដ្ឋា​ឡើយ។

បន្ទាប់មក​ស្តេច​ឆារីយ៉ាបាន​កោះ​ហៅ​អស់​ពួក​គ្រូ​ពេទ្យពូកែ​ៗ​ទាំង​ឡាយ​មក​ពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អស់​រយៈ​ពេល​ពេញ​មួយ​ខែ តែ​នៅ​តែ​មិន​បាន​ប្រយោជន៍​អ្វី​បន្តិច​ឡើយ។

ថ្ងៃមួយស្តេចឆារីយ៉ា បាន​មាន​ព្រះ​បន្ទូល​ទៅកាន់ស្តេចឆា​សាម៉ាន់​ថា

“ថ្ងៃ​នេះ​បងចេញ​ទៅ​ប្រពាត​ព្រៃ។ តើ​ប្អូន​ចង់​ចេញ​ទៅ​លេង​ ដើម្បី​លំហែ​អារម្មណ៍​ ទេ?។

តែ​ឆាសាម៉ាន់បាន​បដិសេធ​ថា “ ចិត្ត​ខ្ញុំ​គ្មាន​ចង់​ពី​រឿង​នេះ​សូម្បី​តែ​បន្តិច ហើយ​ខ្ញុំ​សុំ​ស្នាក់​នៅ​ដោយ​ស្ងៀម​ស្ងាត់​នៅ​ក្នុង​រាជ​វាំង​នេះ​វិញ​ល្អ​ជាង ដើម្បី​នឹង​ជា​​ពី​ជំងឺ​នេះ​ឆាប់ៗ។”

ដូច្នេះ​ហើយ​ស្តេច​ឆារីយ៉ា​​ក៏​ស្នាក់​នៅក្នុង​ព្រះ​រាជ​វាំង​ អស់​ពេញ​មួយ​រាត្រី ហើយ​ព្រឹក​ឡើង នៅ​ពេល​ដែល​ព្រះ​ជេដ្ឋា​​បានយាង​​ចេញ​ទៅ​បាត់​ហើយ​នោះ ​ ទ្រង់​បា​ន​ដើរ​ចេញ​ពី​បន្ទប់​ ហើយ​អង្គុយ​នៅ​មាត់​បង្អួច​មើល​ទៅ​កាន់​សួន​ច្បារ​ក្បែរ​នោះតែ​ម្នាក់​ឯង។

ព្រះ​អង្គ​គិត​ខ្វាយ​ខ្វល់​ដល់​អំពើ​ផិត​ក្បត់​របស់​រាជិនី ហើយ​ក៏​ចាប់​មាន​កំហឹង​ឆាប​ឆេះ​ពេញ​ដើម​ទ្រូងឡើង​។

ពេល​កំពុង​តែ​គិត​ដល់​រឿង​នេះ​ ស្រាប់​តែ​ទ្វារ​ក្រោយ​នៃ​រាជ​វាំង បាន​របើក​ឡើង ហើយ មាន​ស្រីស្នំ​​ ​២០​នាក់និង អ្នក​បំរើស្បែក​ខ្មៅ​ ២០នាក់​ ដែល​នៅក្នុង​ចំនោម​នោះ​ មាន​ព្រះ​អគ្គមហេសី​របស់​ព្រះ​ជេដ្ឋា​ដែល​ជា​នារី​ដ៏​ស្រស់​ស្អាត​បំផុត ផង​នោះ បាន​ដើរ​ចេញ​មក​។

ពួកគេ​ដើ​រសំដៅ​​ទៅកាន់​អាងបាញ់​ទឹកមួយ​នៅ​ក្នុង​សួន​ រួច​ហើយ​ដោះ​សំលៀក​បំពាក់​ចេញ បន្ទាប់​​សារសង​គ្នា​ជាគូៗ។

ព្រះ​រាជិនី​បាន​ហៅ​អ្នក​បំរើ​​ជា​បុរស​អាព្រិច​ម្នាក់​ឱយ​ចូល​មកគាល់។ បុរស​នោះ​ក៏​រួម​រ័ក​ស្នេហា​ជា​មួយ​ព្រះ​រាជិនី។ ស្រី​ស្នំ​ផ្សេង​ទៀត​និង​អ្នក​បំរើ​ផ្សេងទៀត​ក៏​ដូច្នេះ​ដែរ។ ពួក​គេ​បំពេញ​ចំនង់​តណ្ហា​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​រសៀល។

នៅ​ពេល​ដែល​ឆា​សាម៉ាន់​​ឃើញ​អត្តចរឹក​បងថ្លៃ​របស់​ទ្រង់​បែបនេះ ព្រះ​អង្គ​គិត​ក្នុង​ចិត្ត​ថា

“ឱ​ព្រះ​អាឡា​ហ៍អើយ សេចក្តី​ទុក​ព្រួយ​របស់​ខ្ញុំ​មិន​ធ្ងន់​ដូច​នេះ​ទេ ! បងប្រុស​ខ្ញុំ​ជា​ស្តេច​ដ៏​មាន​អំនាច​ជាង​ខ្ញុំ និង​​ស្តេច​ទាំងឡាយ ក៏​គង់​តែ​អំពើ​ថោក​ទាប​បែប​នេះ​កើត​មាន​ឡើង​ហើយ​​នៅ​ហ្នឹង​​រាជ​វាំង​របស់​គាត់​ទៅ​ទៀត ហើយ​ភរិយា​ដែល​គាត់​ស្រលាញ់​បំផុត​ក៏​គង់​តែ​សហាយ​ស្មន់​ជា​មួយ​កញ្ជះ។ តែ​នេះ​គ្រាន់​តែអាច​​សបញ្ជាក់​ថា ស្រី​ទាំងអស់​គឺ​ដូច​តែ​គ្នា ហើយ​គ្មាន​ស្រី​ណា​ដែល​ស្មោះ​នឹង​ស្វាមី​ទេ។”

ដូច្នេះ ហើយ​ស្តេច​ឆាសាម៉ាន់​​ក៏បាន​រសាយ​ចិត្ត​ពី​សេចក្តី​​ទុក​ព្រួយ​នេះ​ដែរ។ ស្តេច ឆាសាម៉ាន់ គិត​ក្នុង​ចិត្ត​ថា

“គ្មាន​បុរស​ណា​ម្នាក់​លើលោក​នេះ អាច​ផុត​ទុក្ខ​​ពី​អំពើ​ផិត​ក្បត់​របស់​ភរិយា​ខ្លួន​ទេ”។ ដល់​ពេល​ទទួល​ទាន​​អាហារពេល​ល្ងាច ស្តេចឆាសាម៉ាន់​សោយ​ម្ហូប​អាហារ​យ៉ាង​ច្រើន​ដូច​មនុស្សអត់​​ស៊ី​ច្រើន​ថ្ងៃ​មក​ហើយ។ ម្ហូប​អ្វី​ក៏​មាន​រសជាតិ​ទាំងអស់។

បន្ទាប់​មកទ្រង់​​ក៏​សំរាក​យ៉ាង​មាន​សេចក្តី​សុខ​បំផុត​អស់​ពេញ​មួយ​យប់។ ថ្ងៃ​បន្ទាប់​ទ្រង់​ចាប់​ផ្តើម​មាន​កំលាំង​ពលំ​ដូច​ធម្មតា​ និង​មាន​មុខមាត់​ស្រស់​បស់​ឡើង​វិញ។

ពេល​ស្តេចឆារីយ៉ា​​ត្រលប់​មក​វិញ ឃើញ​ស្តេច ឆាសាម៉ាន់ ទៅទទួល​ដោយ​​មាន​ទឹក​មុខ​ស្រស់បស់​បែប​នេះ​ក៏កើត​មាន​សេចក្តី​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។

បន្ទាប់​ស្តេច​ទាំង២​អង្គ ជិះសេះ​ត្រលប់​ចូល​មក​ក្នុង​រាជធានី ហើយអង្គុយ​ក្នុង​កន្លែង​សមស្រប​មួយ​ក្នុង​រាជវាំង។ គេ​រៀប​ចំ​ម្ហូប​អាហារ​សំរាប់​ស្តេច​ទាំង​២អង្គ។ ស្តេច​ទាំង​ពីរ អង្គសោយ​យ៉ាង​ស្កប់​ស្កល់។

ក្រោយ​ពី​អ្នក​បំរើ​លើក​ម្ហូប​អាហារ​ចេញ​ និង ស្តេច​ទាំង​ពីរ​អង្គ​បាន​លាង​ដៃ​រួច​រាល់​ហើយ ស្តេច​ឆារីយ៉ា​ក៏​សួរ​ទៅ​ស្តេច​ឆាសាម៉ាន់​​ថា

“ បង​មាន​ចំងល់​យ៉ាង​ខ្លាំង អំពី​អាការៈ​របស់​ប្អូន។ បង​ចង់​នាំ​ប្អូន​ចេញ​ទៅ​បរបាញ់​ជា​មួយ​គ្នា។ តែ​ប្អូន​មាន​សុខភាព​មិន​ល្អ មិន​អាច​ចាក​ចេញ​ទៅ​បាន។ តែ​ឥលូវ​នេះ ឱ​ព្រះ​អើយ ប្អូន​ឯង​បាន​ធូរ​ស្បើយ​យ៉ាង​ឆាប់​រហ័ស។ បងជឿ​ថា ជំងឺ​របស់​ប្អូន​គឺ​បណ្តាល​មក​ពី ការ​ឃ្លាត​ចាក​ចេញ​ពី​គ្រួសារ​និង មិត្ត​ភក្តិ និង​សេចក្តី​ព្រួយ​បារម្ភ​ពី​នគរ​ដែល​នៅ​ឆ្ងាយ។ ដូច្នេះ​ហើយ​បង​ក៏​មិនហ៊ាន​​សួរ​ដេញ​ដោល​ប្អូន​ច្រើន​ដែរ។ តែ​ឥលូវ​នេះ​បង​ចង់​ដឹង​ខ្លាំង​ណាស់​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឱយ​ប្អូន​បាន​ធូរ​ស្បើយ​លឿន​ម្ល៉េះ។ ដូច្នេះ​ចូរ​និយាយ​ប្រាប់​បង​ឱយអស់​មក កុំ​លាក់​បាំង​អី!”។

ពេល​ដែល​ឆាសាម៉ាន់​​លឺ​បែប​នេះ ទ្រង់​​ក៏​ឱន​មុខចុះមួយ​ស្របក់ ហើយ​ងើប​មុខ​មក​វិញ រួច​និយាយ​ថា“ខ្ញុំ​នឹង​ប្រាប់​បង​ពី​មូល​ហេតុ​ដែល​ធ្វើ​ឱយ​ខ្ញុំ​មាន​ទុក្ខ​បែប​នេះ។ ប៉ុន្តែ​​សូម​បង​មេត្តា​អភ័យ​ទោ​សដល់​ខ្ញុំ​នូវ​មូល​ហេតុ​ដែល​បណ្តាល​ឱយ​ខ្ញុំ​ធូរ​ស្បើយ​បែប​នេះវិញ​ផង​។ តាម​ពិត​ទៅ​ខ្ញុំ​បាន​បន់​ព្រះ​សុំកុំ​​ឱយ​បង​សួរ​ដេញ​ដោល​ខ្ញុំ​អំពី​មូល​ហេតុ​អស់​នេះទេ”។

ស្តេចឆារីយ៉ា​​មាន​សេចក្តី​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រួច​និយាយ​ថា “អញ្ចឹង​ជា​ដំបូង​សូម​ប្អូន​ប្រាប់​បងពី​មូល​ហេតុ​ដែល​បណ្តាល​ឱយ​ប្អូន​មាន​ជំងឺ​សិន”។

ស្តេច​ឆាសាម៉ាន់​​តប​ថា

“បង​ដឹង​ទេពេល​ដែល​បងបញ្ជូន​លោក​មន្ត្រី​របស់​បង​ទៅ​អញ្ជើញ​ខ្ញុំ​មក​ជួប​បង ខ្ញុំ​បាន​រៀប​ចំយ៉ាង​​ស្រេចបាច់រៀប​នឹង​ចេញ​ដំនើរ​មក។ តែពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ថា ខ្ញុំ​បាន​ភ្លេច​អលង្ការ​ដែល​ខ្ញុំ​គ្រោង​នឹង​យក​មក​ជូន​បង នៅ​ក្នុង​រាជ​វាំង។ ខ្ញុំ​ក៏​ត្រលប់​ទៅយក​វា តែ​ម្នាក់​ឯង ហើយ​ខ្ញុំ​ក៏​ឃើញ​ភរិយា​របស់​ខ្ញុំដេក​ឱប​អា​ចុងភៅ​ខ្មៅ​ម្នាក់​នៅលើ​គ្រែ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​កាប់​វា​ទាំងពីរ​ដាច់​ជា​២​កង់ រួច​ចេញ​ដំនើរ​មក​ជួប​បង។ តែ​ចិត្ត​របស់​ខ្ញុំ​នៅតែ​ខ្វល់​ខ្វាយ​អំពី​រឿង​នេះ រហូត​ធ្វើឱយ​ខ្ញុំចុះ​ខ្សោយទៅៗបែបនេះ។ តែ​សូម​បង​មេត្តា​អភ័យ​ទោស​បើ​ខ្ញុំ​នៅ​តែ​ចចេស​មិន​ចង់​ប្រាប់​អំពី​មូល​ហេតុ​ដែល​ធ្វើ​ឱយខ្ញុំ​ធូរ​ស្បើយ​បែប​នេះ”។

ស្តេច​ឆារីយ៉ា​គ្រវីក្បាល ហួស​ចិត្តនឹង​​រឿង​បែប​នេះ ហើយ​មាន​ភ្លើង​កំហឹង​ឆាប​ឆេះ​ពេញ​ដើមទ្រូង។ ទ្រង់​ក៏​ស្រែក​ថា “ការ​ផិតក្បត់​របស់​ស្រ្តី​ជា​ទង្វើ​ដ៏ថោកទាប​បំផុត”។

រួច​ហើយ ទ្រង់ សំរួល​ចិត្ត​មកវិញ ហើយ​និយាយ​ថា “ប្អូន​បាន​រួច​ផុត​ពី​បិសាច​មួយ​ក្បាល​ដោយ​បាន​សំលាប់​ប្រពន្ធ​ប្អូន​ចោល ដើម្បី​រំងាប់​​កំហឹង​និង​សេចក្តី​ទុក្ខព្រួយ​របស់​ប្អូនចំពោះ​គ្រោះ​អកុសល​បែប​នេះ ដែល​មិន​គួរ​កើត​ចំពោះ​ស្តេច​ដែល​គេ​អភិសេក បើ​ករណី​នេះ​កើត​មាន​ចំពោះ​បង​វិញ បង​នឹង​មិន​សុខ​ចិត្ត​ទេ បើ​មិន​បាន​សំលាប់​ស្ត្រី​រាប់​ពាន់​នាក់ ហើយ​នឹង​មិន​ស្កប់​ស្កល់​នឹង​អំពើ​ឆ្កួត​បែប​នេះ​ជា​ដាច់​ខាត។ ប៉ុន្តែ​សូម​ប្អូន​ប្រាប់​បង​ផង​ថា តើអ្វី​ដែល​ជា​មូល​ហេតុ​បណ្តាល​ឱយ​ប្អូន​បាន​ធូរ​ស្បើយ​លឿន​ឆាប់​រហ័ស​បែប​នេះ”។

“ម្ចាស់​បង​អើយ សូម​អភ័យ​ទោស​ដល់​ប្អូន​ផង​ចំពោះ​មូល​ហេតុ​នេះ”។

“មិន​អី​ទេ តែ​ប្អូន​ត្រូវ​តែ​ប្រាប់​បង”។

”ឱបង​អើយ ខ្ញុំ​ខ្លាច​ក្រែងថា សេចក្តី​រៀបរាប់់​របស់​ខ្ញុំ​ បណ្តាល​ឱយ​បង​មាន​កំហឹង​ជាង​នេះ​ទៅ​ទៀត ហើយ​មាន​សេចក្តីទុក្ខ​ព្រួយ ជាង​ខ្ញុំទៅ​ទៀត”។

“បង​សូម​អង្វរ​ប្អូន​កុំ​មាន​សេចក្តី​លាក់​បាំងអ្វី​អំពី​បង”។

ដូច្នេះ​ហើយ​ស្តេច​ឆាសាម៉ាន់​​ក៏​រៀប​រាប់​ប្រាប់​ស្តេច ឆារីយ៉ា អំពី​អ្វី​ដែល​ព្រះ​អង្គ​បានទត​ឃើញ​ពី​ដើម​ដល់​ចប់ ហើយ​ជា​ចុង​ក្រោយ​ទ្រង់​មាន​ព្រះ​បន្ទូល​​ថា “ពេល​ខ្ញុំ​ឃើញ​សេចក្តីទុក្ខ​ព្រួយរបស់​បង និង អំពើ​ផិត​ក្បត់​របស់​ភរិយា​បង ខ្ញុំ​គិត​ថា សេចក្តី​ប៉ិន​ប្រសប់​របស់​បងគ្រាន់​បើ​ជាង​ខ្ញុំ​សំបើម​ណាស់ កិត្តិយស​របស់​បង​ក៏​អស្ចារ្យ​ជា​ង​ខ្ញុំ​ សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​គឺ​តិចតួច​ណាស់​ធៀប​នឹង​បង ​ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ចិត្ត​ឡើង​វិញ​ដែរ។ ដូច្នេះ​ខ្ញុំ​ក៏​បាន​រួច​ផុត​ពី​សេចក្តី​ទុក្ខ​ព្រួយទាំង​នេះ រួច​ហើយ​ក៏​ចាប់​ផ្តើម​ទទួល​ទាន​ម្ហូប​អាហារ​និង​ភេសជ្ជៈ​បាន​ដូច​ដើម​វិញ ហើយ​ក៏​ចាប់​ផ្តើម​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ទាំង​អស់​នេះ​ជា​សេចក្តី​ពិត​ទាំងអស់​។”

ពេល​ដែល​ស្តេចឆារីយ៉ាបាន​លឺ​ដូច្នេះ ទ្រង់​ក៏​ចាប់​ផ្តើម​មាន​កំហឹង​ពុះ​កញ្ជ្រោល​ឡើង ហើយ​ភ្លើង​កំហឹង​ក៏​ចាប់​ផ្តើម​រួម​រិត​លើ​រូបទ្រង់ ។ តែ​ភ្លាម​ៗទ្រង់ ក៏​សំរួល​ចិត្ត​មក​វិញ​ រួច​ហើយ​និយាយ​ថា “ ­ឱប្អូន​អើយ បង​មិន​ថា​មិន​ជឿ​ប្អូន​ទេ តែ​បង​មិន​អាច​ទទួល​ស្គាល់ភ្លាម​បាន​ទេ បើ​​មិន​បាន​ឃើញ​រឿង​នេះ​ដោយ​ផ្ទាល់​ភ្នែក”។

ស្តេច​ឆាសាម៉ាន់​​តប​ថា “អញ្ចឹង​សូម​បង​ក្លែង​ធ្វើ​ជា​ទៅ​ប​របាញ់​សត្វ​ម្តង​ទៀត រួច​បង​មក​លាក់​ខ្លួន​ក្នុង​បន្ទប់​របស់​ប្អូន។ ដូច្នេះ​បង​នឹង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ខ្លួន​ឯង”។ 

ស្តេច​ឆារីយ៉ា​​តប​ថា “ពិត​ណាស់”។

បន្ទាប់​មក​ស្តេច ឆារីយ៉ាក៏​បញ្ជា​ឱយ​គេ​ចេញ​ប្រកាស​ថា​ព្រះ​អង្គ​ត្រូវ​យាង​ចេញ​ទៅ​បរបាញ់​សត្វ ហើយ​ឱយ​គេ​ទៅ​រៀប​ចំ​បោះ​បន្ទាយ​នៅ​ក្រៅ​ក្រុង។ ស្តេច ឆារីយ៉ាបាន​ចេញ​ដំនើរ​ទៅ​ជា​មួយ​ពួ​ក​បរិវា រួច​ស្នាក់​នៅក្នុង​កន្លែង​របស់​គាត់។ គាត់​មិន​ឱយ​អ្នក​បំរើ​ណា​ម្នាក់ទៅ​ជិត​គាត់​ឡើយ។

ពេល​យប់​មក​ដល់​គាត់​ហៅ​មន្ត្រី​ជំនិត​របស់​គាត់មកគាល់ រួច​និយាយ​ប្រាប់ថា “លោក​ត្រូវ​អង្គុយ​នៅ​កន្លែង​របស់​យើង​ មិន​ត្រូវ​អោយ​នរណា​ដឹង​ថា​យើង​មិន​នៅ​ជា​ដាច់​ខាត ជា​គំរប់​បី​ថ្ងៃយើង​នឹង​ត្រលប់​មក​វិញ”។

បន្ទាប់មក​ទៀត​ស្តេច​សហរ្យ​ក៏​បន្លំ​ខ្លួន​ត្រលប់​មក​រាជ​វាំង​វិញនា​ពេល​រាត្រី​ស្ងាត់​។ ហើយ​នៅ​ព្រឹក​ឡើង​ស្តេច​សហរ្យ​និង​ស្តេច​សហស្ម័ន​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​បង្អួច​រួច​មើល​ទៅ​សួន​កំសាន្ត​។ នៅ​ពេល​នោះ​ម្ចាស់​ក្សត្រីយ៍​និង​អ្នក​បំរើ​មាន​ដើរ​ចេញ​មក​ដូច​ពេល​មុន។ ពួក​គេ​ដើរ​សំដៅ​ទៅ​កាន់​អាង​បាញ់​ទឹក​រួច​ដោះ​សំលៀក​បំពាក់​ចេញ​។ ក្នុង​នោះ​មាន​បុរស​ដប់​នាក់​ចាប់គូ​នឹង​ស្រី​ដប់​នាក់​ ហើយ​ម្ចាស់​ក្សត្រីយ៍​ក៏​ស្រែក​ថា “អាខ្មៅ​ឯង​នៅ​ឯណា?”។

បុរស​ខ្មៅ​ម្នាក់​ដែល​លាក់​ខ្លួន​នៅ​លើ​ដើម​ឈើ​មួយ​ក្បែរ​នោះ ក៏​ដើរ​សំដៅ​មក​រក​ម្ចាស់​ក្សត្រីយ៍ រួច​និយាយ​ថា “ទូល​បង្គុំ​ឈ្មោះ សាអាត អាល់​ឌីន សាអ៊ូត”។

ម្ចាស់​ក្សត្រីយ៍​ពេញ​ចិត្ត​នឹង​បុរស​នេះ​ណាស់ ហើយ​គ្រប់​គ្នា​បាន​បំពេញ​តណ្ហា​របស់​ខ្លួនរៀងៗ​ខ្លួន ហើយ​បន្ត​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

ពេលស្តេច​សហរ្យ​ឃើញ​អំពើ​ថោកទាប​របស់​ភរិយា​គាត់ និង​ពួក​អ្នក​បំរើ​ គាត់​ក៏​ចាប់​ផ្តើម​មិន​សប្បាយ​ចិត្ត​ វិលវល់ រួច​និយាយ​ថា “មាន​តែ​សេចក្តី​ឯកោ​ប៉ុណ្ណោះ ដែល​អាច​ជួយ​អោយ​បុរស​លើ​លោក​រួច​ផុត​ពី​សេចក្តី​ថោកទាប​បែប​នេះ​បាន។ ឱព្រះ​អើយ ជីវិតជា​​វត្ថុដ៏​​សូន្យ​សុង តែ​ពោរពេញ​ទៅ​ដោយ​​កំហុស​”។

បន្ទាប់​មក​គាត់​បន្ថែម​ថា “សូម​ប្អូន​កុំ​ឃាត់​បង​អី នូវ​អ្វី​ដែល​បង​សុំ​ប្អូន”។

“​មិន​ឃាត់ទេ”។

“អីលូវ​នេះ​​យើង​ក្រោក​ឡើង​ដូច​ដែល​យើង​ធ្លាប់ ហើយ​ចេញ​ដំនើរត្រង់ទៅ​មុខ​ចាប់​ពី​នេះ​តទៅ មិន​ចាំ​បាច់​ខ្វល់​ពី​រឿង​នគរ ហើយ​យើង​ដើរ​ទៅ​គ្រប់​ច្រក​ល្ហក​នៃ​ទឹក​ដី​របស់​ព្រះ​អាឡា រហូត​ដល់​យើង​ជួប​នរណា​ម្នាក់​ដែល​ជួប​បញ្ហា​ដូច​យើង។ ហើយ​បើ​យើង​មិន​ជួប​នរណា​ម្នាក់​ទេ នោះ​ស្លាប់​ទៅ​វិញ​​ប្រសើរជាង​រស់​នៅ​តទៅទៀត​”។

ដូច្នេះ​ហើយ​ស្តេច​ទាំង​ពីរ​អង្គ​ក៏​ចាប់​ផ្តើម​ចាក​ចេញ​តាម​ទ្វារពិសេស​ទី​ពីរ​នៃ​រាជ​វាំង ហើយ​ពួក​គេ​ចេញ​ដំនើរ​ដោយ​មិន​ខ្វល់​ថា​យប់​រឺ​ថ្ងៃ រហូត​ទាល់​តែពួក​គេ​ទៅ​ដល់​ដើម​ឈើ​មួយ​នៅ​កណ្តាលវាល​ស្មៅ​មួយ ដុះ​នៅ​ក្បែរ​អូរ​មួយ​មាន​ទឹក​ថ្លា​ឆ្វង់ ស្ថិត​នៅ​ក្បែរ​ច្រាំង​សមុទ្រ។ អ្នក​ទាំង​ពីរ​ក្រេប​ទឹក​នោះ ហើយ​អង្គុយ​ចុះ​ដើម្បី​សំរាក។ មួយ​ម៉ោង​ក្រោយ​មក ពួក​គេ​លឺ​សំលេង​រោទិ៍​យ៉ាង​ខ្លាំង ហើយ​កាន់​តែ​ខ្លាំង​ឡើងៗ ពី​កណ្តាល​សមុទ្រ ដូច​ស្ថាន​សួគ៌​ធ្លាក់​ពី​លើ​មេឃ។ ទឹក​សមុទ្រ​ក៏​ចាប់​ផ្តើម​បោក​បក់​ជា​រលក​ធំៗ។ ស្តេច​ទាំង​ពីរ​ឃើញ​សសរខ្មៅ​ធំ​មួយ​ខ្ពស់​​ទៅ​លើ​មេឃ បោះ​ពួយ​សំដៅ​មក​រក​វាល​ស្មៅ​នេះ។ ស្តេច​ទាំង​ពីរ​ឃើញ​បែប​នេះ​ក៏​មាន​សេចក្តី​តក់ស្លុត រួចក៏​ឡើង​លើដើម​ឈើ​ក្បែរ​នោះ ។​ ស្តេច​ក្រលេក​មើក​ទៅ​ឃើញ យក្ស​​ម្នាក់​មាន​កំពស់​ខ្ពស់ មាន​មាឌ​ធំ​​មាំ ថ្ងាស​ទូលាយ ហើយ​មាន​ទូល​លើ​ក្បាល​នូវ​ប្រអប់​គ្រីស្តាល់​មួយ។ យក្ស​នោះ​ដើរលុយ​ទឹក​​មក​គោក ហើយ​សំដៅ​មក​ដើម​ឈើ​ដែល​ស្តេចទាំង​ពីរ​កំពុង​តែ​សំងំលាក់ខ្លួន។ យក្ស​​​​អង្គុយ​ជិត​ដើម​ឈើ​នោះ។ បន្ទាប់​មក​យក្ស​ក៏​ដាក់​ប្រអប់​នោះ​ចុះ។ ​ប្រអប់​នោះ​ជាប់​​សោ​រ​ដែក​ចំនួន​ប្រាំពីរ។ យក្ស​នោះ​បើ​ក​ប្រអប់​នោះ​ដោយ​កូន​សោរ​ចំនួន​ប្រាំ​ពីរ។ ​មាន​នារី​ក្មេង​ម្នាក់ ស្បែក​ស មាន​មុខមាត់​គួរ​អោយ​ស្រលាញ់ មាន​រាង​រាវស្តើង មាន​សំរស់​ដូច​ជា​ព្រះចន្ទ​ដប់​បួន​កើត លេច​ចេញ​ពី​ប្រអប់នោះ​មក​។

យក្ស​ដាក់​នាង​អោយ​អង្គុយ​ចុះ​ក្រោម​ដើម​ឈើ នៅ​ជិត​ខ្លួន​ ហើយ​មើល​ទៅ​នាង​រួច​និយាយ​ថា “ ឱម្ចាស់​ជីវិត​របស់​បង​ ឱ​កំពូល​នារី​ ដែល​មាន​មន្ត​ស្នេហ៍​បំផុត​ ឱនារី​ដែល​បង​បាន​ដណ្តើម​យក​មក​ពី​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​។អូន​​ជានារី​​តែ​ម្នាក់​គត់​ដែល​បង​ស្រលាញ់​គ្មាន​ថ្ងៃ​វៀច​វេរ​​។ ឱម្ចាស់ជីវិត​របស់​បង ពេល​នេះ​បង​សុំ​សំរាក​មួយ​ភ្លែត​សិន បន្ទាប់មកយក្ស​នេះ​ដេកកើយ​ក្បាលលើ​ភ្លៅ​នាង រួច​ដាក់​ជើង​រហូត​ដល់​មាត់សមុទ្រ រួច​ដេក​ស្រមុក លាន់លឺ​ដូច​រន្ទះ។ នាង​នោះ​បែរ​មុខ​មក​លើក៏​​ឃើញ​ស្តេច​ទាំងពីរអង្គ នៅ​ពួន​នៅ​ចុងឈើ។ នាង​ក៏​ដកភ្លៅ​ចេញ​ពីក្បាល​យក្ស​​ដោយថ្នមៗ ដោយ​ ពិបាក​ទ្រាំ​នឹង​ក្បាល​យក្ស​ដ៏​ធ្ងន់​នោះ​ផង ហើយ​ក៏​ដាក់​ក្បាលយក្ស​នៅ​ផ្ទាល់​នឹង​ដី។ 

រួច​នាង​ក្រោក​ឈរ​ឡើងក្រោម​ដើម​ឈើ អោយ​សញ្ញា​ទៅ​ស្តេច​ទាំង​ពីរ​ថា “ចូរអ្នក​ទាំងពីរ​ចុះ​មក​ក្រោម កុំ​ខ្លាច​អា​យក្ស​អសុរា​នេះអី”។ 

ស្តេចទាំងពីរមានសេចក្តីភ័យតក់ស្លុត​ជាខ្លាំង​ពេល​ដឹង​ថា នាង​ឃើញ​ពួក​គាត់ ហើយ​តប​មក​នាង​វិញដោយ​ភាសា​កាយវិការ​ ​ថា “សូមទោស​ផង​អ្នក​នាង​អើយ យើង​មិន​អាច​ចុះ​បានទេ”។ 

តែ​នាង​តប​ថា “អ្នក​ទាំង​ពីរ​ត្រូវ​តែ​ចុះ​មក។ បើ​មិន​ចុះ​ទេ យើង​នឹង​ទូល​ពិត​ប្តី​របស់​យើង​គឺយក្ស​អសុរា​នេះ ហើយ​គាត់​នឹង​សំលាប់​អ្នក​យ៉ាង​វេទនា​បំផុត”។ 

ដោយ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ក៏​ចុះ​មក​ដី មក​រក​នាង។ នាង​បង្ខំ​អោយ​ស្តេច​ទាំងពីរ​រួម​រ័ក ដោយ​គំរាម​ថា បើ​មិន​ព្រម​ទេ​នាង​នឹង​ដាស់​យក​អសុរា​ អោយ​ហែក​សំលាប់​អ្នក​ទាំង​ពីរ​ជា​ចំរៀក។ 

ស្តេចទាំង​ពីរ​តប​ថា “ឱអ្នក​នាង​ម្ចាស់​អើយ យើង​សូម​អង្វរ​នាង សូម​កុំ​អោយ​យើង​ធ្វើ​បែប​នេះ​អី ព្រោះ​យើង​ជា​អ្នក​កំពុង​រត់​គេច​ពី​អំពើ​បែប​នេះ​ផង ម្យ៉ាង​ទាំង​ភ័យ​ខ្លាច​ប្តី​របស់​នាង​ផង យើង​មិន​អាច​ធ្វើ​ទៅកើត​ទេ។ តើ​នាង​អាច​អោយ​ពួក​យើង​ធ្វើ​អ្វី​ផ្សេង​ដើម្បី​បំពេញ​ចំនង់​របស់​នាង​បាន​ទេ?”។ 

នាង​តប​ថា “កុំ​ចាំ​បាច់​និយាយ​ច្រើន​អី​ទៀត។ អ្នក​ឯង​ត្រូវ​តែ​ធ្វើ​តាម​យើង​បញ្ជា។ បើ​មិន​ធ្វើ​តាម​យើង​ទេ យើង​ស្បថ​ថា​នឹង​ដាស់​ប្តី​យើង​អោយ​​សំលាប់​ពួក​ឯង​រួច​បោះ​ចូល​ក្នុង​សមុទ្រ។” 

ដោយ​សេចក្តី​ភ័យ​ខ្លាច​ ស្តេច​សហរ្យ និយាយ​ទៅកាន់​ស្តេច​សហស្ម័ន​ថា “ឱ​ប្អូន​អើយ សូម​ប្អូន​ធ្វើ​ទៅតាម​អ្វី​ដែល​នាង​បញ្ជា​ទៅ”។ 

តែ​ស្តេច​សហស្ម័ន​តប​ថា “ខ្ញុំ​មិន​ធ្វើ​ទេ ទាល់​តែ​បង​ធ្វើ​មុន”។ ​

អ្នក​ទាំង​ពីរ​​ប្រកែក​គ្នា​ពីមិន​ដឹងថា​អ្នក​ណា​ត្រូវ​ចូល​ខ្លួន​ធ្វើ​រឿង​នេះ។ ភ្លាម​នោះ​នាង​និយាយ​ថា “ស្អី​គេ​ យើង​មិន​ត្រូវ​ការ​មើល​អ្នក​ឯង​ប្រកែក​គ្នា​ទេ។ បើ​អ្នក​ទាំង​ពីរ​មិន​ឈាន​ជើង​មក​រកយើង​ក្នុង​នាម​​ជា​កូន​ប្រុស​ទេ យើង​នឹង​អោយ​ប្តីយើង​សំលាប់​ឯង​ទាំងពីរ”។

នៅ​ត្រឹម​នេះ ដោយ​អ្នក​ទាំង​ពីរ​មាន​ការ​ភ័យ​ខ្លាច​ពី​សេចក្តី​ស្លាប់ អ្នក​ទាំង​ពីរ​ក៏​យល់​ព្រម​ធ្វើ​សេចក្តី​បង្ខំ​របស់​នាង។

ពេល​ដែល​​បានធ្វើ​ចប់​សព្វគ្រប់​តាម​សេចក្តី​ត្រូវ​ការ​របស់​នាង​ហើយ នាង​និយាយ​ថា “ល្អ​ណាស់ ពួក​ឯង​ធ្វើ​បាន​ល្អ​មែន”

 បន្ទាប់​មក​នាង​ដក​យក​កូន​កាបូប​មួយ​ចេញ​ពី​ហោ​ប៉ៅ​របស់​នាង ស្រាយ​ចំនង​ចេញ​ រួច​បង្ហាញ​ចិញ្ចៀន​ត្រា​ចំនួន ប្រាំ​រយ​ចិត​សិប។

នាង​សួរ​អ្នក​ទាំង​ពីរ​ថា “តើ​អ្នក​ដឹងទេ​ថា​នេះ​ជា​អ្វី?”

ពួក​គាត់​ឆ្លើយ​ថា “យើង​មិន​ដឹង​ទេ”​។

នាង​តប​ថា “ នេះ​ជាគ្រឿង​សំគាល់បញ្ជាក់​ថា មាន​បុរស​ប្រាំ​រយ​ចិត​សិបនាក់​ដែល​បាន​រួម​រ័ក​ជា​មួយ​យើង នៅ​នឹង​ច្រមុះ​អាភ្លើ អា​ឡប់ គឺ​អា​យក្ស​អសុរា​ស្មោគគ្រោគ​មួយ​នេះ។ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​​តែ​ប្រគល់​ចិញ្ជៀន​ត្រា​របស់​អ្នក​ទាំងពីរ​មក​យើង ទាំង​បង​ទាំង​ប្អូន។”

នៅ​ពេល​ដែល​ពួក​គាត់​ដោះ​ចិញ្ចៀន​ពី​ដៃ​ប្រគល់​ទៅនាង​ នាង​និយាយ​ទៅកាន់​ពួក​គាត់​ថា “តាម​ពិត​ទៅអាយក្ស​មួយ​នេះ​បាន​ដណ្តើម​យើង​ពី​ប្តី​របស់​យើង​នៅ​យប់​ផ្សំ​ដំនេក ហើយ​ដាក់​យើង​ក្នុង​ហិប​មួយ ហើយ​ដាក់​ហិប​នេះ​ក្នុង​ហិប​មួយ​ទៀត រួច​ហើយ​ចាក់​សោរ​ដែក​ចំនួន​ប្រាំពីរ ហើយ​លាក់​ខ្ញុំ​ក្នុង​បាត​សមុទ្រ ដែល​មាន​ទឹក​រលក​បក់​បោក​យ៉ាង​ខ្លាំង ហើយ​ការពារ​ខ្ញុំ​មិន​អោយបុរស​ណា​ផ្សេង​ម​ក​ក្បែរ។ តើ​អ្នក​ដឹង​រឺ​មិន​ដឹង​ថា គ្មាន​អ្វី​អាច​ទប់​ស្ត្រី​ម្នាក់ជាប់​​ពេលដែលមាន​ចំនង់​​តណ្ហានោះ​។​ ដូច​ពាក្យ​ចាស់​និយាយ​ថា

កុំ​ជឿ​ស្ត្រី កុំទុក​ចិត្ត​ស្រ្តី ដែលសេចក្តី​​រីករាយ​ និង​សេចក្តីទុក្ខ គ្រាន់​តែជា​គ្រឿង​អលង្ការ។

ពេល​ស្រលាញ់​គ្នានាង​នឹង​ស្បថ​ជា​មួយ​អ្នក។ តែ​វា​គ្រាន់​តែ​ជា​ឧបាយកល​បោក​ប្រាស​ប៉ុណ្ណោះ។​​ សូម​មើល​គំរូ​យ៉ូសេស​ចុះ”។

 យ៉ូសេស ជាបុរស​ល្បីល្បាញ​ម្នាក់​ក្នុង​គម្ពីរ​តូរ៉ា។គាត់​មាន​ទេពកោសល្យ​ខាង​កាត់​សុបិន។ ដោយសេចក្តី​ច្រណែន​ បង​គាត់​បាន​លក់​គាត់​ជា​ទាសករ។ គាត់​ក្លាយ​ជា​អ្នក​បំរើ​របស់​មន្ត្រី​អេស៊ីប​ម្នាក់​ឈ្មោះ ពោទិផា។ ពោទិផា​បាន​លើក​គាត់​ជា​មេការ​ផ្ទះ។ ប្រពន្ធរបស់​ពោទិផា តាម​ចែចង់​យ៉ូសេស តែ​យ៉ូសេស​បដិសេធ។ នាង​ខឹង​ក៏​ប្តឹង​ពោទិផា​ថា​យ៉ូសេស​ចង់​ចាប់​រំលោភ​នាង។ ពោទិផា​ ក៏ចាប់​យ៉ូសេស​ដាក់គុគ។

ដោយ​លឺ​ពាក្យ​បែប​នេះ ស្តេច​ទាំង​ពីរ​មាន​សេចក្តី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ នារី​នោះ​ចេញ​ពី​បុរស​ទាំង​ពីរ​ដើរ​ទៅកាន់​យក្ស​អសុរា ហើយ​លើក​ក្បាល​យក្ស​មក​គង​លើ​ភ្លៅ​នាង​ដូច​ដើម​វិញ រួច​និយាយ​ទៅកាន់​ស្តេច​ទាំង​ពីរ​ថា “ឥលូវ​អ្នក​ចង់ទៅណា​ទៅ​ៗ ទៅអោយ​ផុត​ពី​មុខ​យក្ស​នេះ”។

ដូច្នេះ​ស្តេច​ទាំង​ពីរ​ក៏​ចាកចេញ​ទៅ​ដោយ​មិន​បង្អង់ និយាយគ្នាថា “ព្រះ​អើយ មាន​តែ​ព្រះ​ទេ​ទើប​អាច​ជួយ​យើង​អោយ​ផុត​ពី​សេចក្តី​ផិត​ក្បត់​របស់​ស្ត្រី​បាន។ ប្អូន​គិត​មើល​ ពី​លក្ខណៈ​របស់​នារី​ចំលែក​នេះ​ជា​មួយ​យក្ស​អសុរា ដែល​មាន​អំនាច​លើស​លុប​លើ​យើង​ទៅ​ទៀត ក៏​គង់​តែ​អំពើ​ថោកទាប​បែប​នេះ​កើត​មាន​ចំពោះ​វា​ដែរ។ ដូច្នេះ​យើង​គួរ​ត្រលប់​ទៅ​នគរ​របស់​យើង​វិញ យើង​មិន​គួរ​រៀប​ការ​នឹង​នារី​ណា​ម្នាក់ទៀត​ទេ ហើយ​បន្ទាប់​មក​ទៀត​យើង​ត្រូវ​បង្ហាញ​ពួក​គេ​អោយ​ដឹង​ពី​ប្រតិកម្ម​របស់​យើង”។

បន្ទាប់​មក​ពួក​គេ​ត្រលប់​ទៅ​ជំរុំ​ស្តេច​សហរ្យ​វិញ។ ពួក​គេ​ទៅដល់​នៅ​ព្រឹក​ឡើង​នា​ថ្ងៃ​ទីបី។ 

បន្ទាប់​ពី​បាន​កោះ​ហៅ​មន្ត្រី​ជំនិត​ និង​បណ្តា​មន្ត្រីក្រោម​បង្គាប់​ផ្សេងទៀត គាត់​ប្រទាន​អាវ​កិត្តិយស​មួយ​ដល់​មន្ត្រី​ជំនិត​រួច ចេញ​បញ្ជា​ត្រលប់ទៅ​រាជ​វាំង​វិញ។ នៅ​ពេល​ទៅ​ដល់​រាជវាំង លើ​រាជ​បល្ល័ង្ក​របស់​គាត់ គាត់​គាស់​ហៅ​មន្ត្រី​ជំនិត​រួច​ចេញ​បញ្ជា​អោយ​យក​ម្ចាស់​ក្សត្រីយ៍​ទៅ​សំលាប់​ចោល​ពី​បទ​ផិត​ក្បត់​ ប្រាស់ចាក​ប្រពៃណី។ ហើយ​លោក​មន្ត្រី​ក៏​ទទួល​បញ្ជា​រួច​យក​ម្ចាស់ក្សត្រីយ៍​ទៅ​ប្រហារជីវិត។ រី​ឯស្តេច​សហរ្យ​វិញ នៅពេល​នោះកាន់​ដាវ​នៅ​នឹង​ដៃ​ រួច​ទៅ​សំលាប់​ស្រី​ស្នំ​និង​សាហាយ​ទាំងអស់។ ហើយ​គាត់​សច្ចា​ថា ទោះ​ជា​ប្រពន្ធ​ដែល​គាត់​រៀប​ការ​ជា​មួយ​នោះ​បែប​ណា​ក៏​ដោយ គាត់​នឹង​រួម​មេត្រី​នឹង​នាង​នោះ​នៅ​ពេល​យប់ ហើ​យ​នៅ​ព្រឹក​ឡើង​គាត់​នឹង​កាត់​ក្បាល​នាង ដើម្បី​កុំ​អោយ​មាន​នរណា​ក្បត់​គាត់​ទៀត។

គាត់​និយាយថា “ដូច្នេះ​ហើយ​នឹង​គ្មាន​​ស្រី​ផិត​ក្បត់​ទៀត​ទេ​លើ​លោក​នេះ”។

បន្ទាប់មក​ស្តេច​សហស្ម័ន​ក៏​សុំការអនុញ្ញាត​ពី​ស្តេច​សហរ្យ​ ហើយ​រៀប​ចំកងពល​ត្រលប់ទៅ​នគរ​វិញ។ ក្នុង​គ្រា​ដដែល​នោះ ស្តេច​សហរ្យ​បញ្ជា​ទៅ​មន្ត្រី​ជំនិតអោយ​រក​ស្រី​ក្រមុំ​មក​ធ្វើ​ជា​ភរិយា​។ មន្ត្រី​ជំនិត​ក៏​រក​បាន​នារី​ដ៏​ស្អាត​បំផុត​ ដែល​ជា​កូន​របស់​ស្តេច​ត្រាញ់​ម្នាក់។ បន្ទាប់​ពី​បាន​រួម​ដំនេក​នឹង​នាង​ហើយ នៅ​ព្រឹក​ឡើង​ទៀប​ភ្លឺ​គាត់​ក៏​ចេញ​បញ្ជា​អោយ​លោក​​មន្ត្រីយក​ភរិយា​ទើប​នឹង​រៀប​ការ​នេះ​ទៅ​កាត់​ក្បាល​​ចោល​ ហើយ​លោកមន្ត្រី​នោះ​ក៏​យល់​ព្រម​ស្តាប់​តាម​បញ្ជា​ ដោយសេចក្តី​​ខ្លាច​ក្រែង​ដល់​អំនាចរបស់​ស្តេច​​​។​ ស្តេច​សហរ្យ​បន្ត​កិរិយា​បែប​នេះ​បាន​រហូត​ដល់​បីឆ្នាំ ដោយ​រៀប​ការ​នារី​ក្រមុំ​ម្នាក់​នៅ​ពេល​រាត្រី រួច​អោយ​គេ​សំលាប់​នាង​ចោល​នៅ​ពេល​ព្រលឹម រហូត​ដល់​អ្នក​ស្រុកស្រែក​ប្រឆាំង​នឹង​រូប​គាត់​ ដាក់​បណ្តាសារ​ស្តេច បន់​ព្រះ​អោយ​យក​​ជីវិត​​ស្តេច​ចង្រៃ​ជា​មួយ​របប​ព្រៃ​ផ្សៃ​បែប​នេះ។

​នារី​ទាំងឡាយ​មាន​សេចក្តី​ភិតភ័យតក់​ស្លុត​ជា​ពន់​ពេក។​អ្នក​ម្តាយ​មាន​តែ​សេចក្តី​យំ​យែក​។ ដូច្នេះ​ហើយ​ពួក​គាត់​ក៏​នាំ​កូន​ស្រី​ខ្លួន​រត់​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ដែន​ដី​របស់​ស្តេច​នេះ។ ពេល​នេះ​ស្តេច​សហរ្យ​ បញ្ជា​លោកមន្ត្រី​ជំនិត ដែល​ជា​អ្នក​ពេជ្ឈឃាត​ផង​ដែរ​នោះ អោយ​គាត់​នាំ​ស្រី​ក្រមុំ​មក​អោយ​គាត់ទៀត។ លោក​មន្ត្រី​ដើរ​រក​គ្រប់​ច្រកល្ហក នៅ​តែ​រក​មិន​បាន។ ដូច្នេះ​ហើយ​គាត់​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​សេចក្តី​ទុក្ខព្រួយ ខ្លាច​ស្តេច​យក​ទៅ​ប្រហារ​ជីវិត។

លោក​មន្ត្រី​ជំនិត​រូប​នេះ គាត់​មាន​កូន​ស្រី​ពីរនាក់ ម្នាក់​​ឈ្មោះ ឆេ​ហ​រ៉ាសាត និង ម្នាក់​ទៀត​ឈ្មោះ ឌុន្យ៉ា​សាត។

កូន​ស្រី​ច្បង​ធ្លាប់​បានអាន​សៀវ​ភៅ​ កំនត់​ត្រា​ប្រវត្តិសាស្រ្ត និង​រឿង​រ៉ាវ​​នៃ​ស្តេច​មុនៗ រឿង​និទាន​ រឿង​ក្តី និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​កន្លងទៅ​អំពី​បុរស​និង​វត្ថុនានា។ តាម​ពិត​ទៅ​មាន​គេនិយាយ​ពីនាង​ថា នាង​បាន​ប្រមូល​យក​សៀវ​ភៅ​ប្រវត្តិសាស្ត្រ​រាប់​ពាន់​ក្បាល ដែល​និយាយ​អំពីពូជ​អំបូរ​នៃ​ស្តេច​ដែល​បាន​ចាក​ស្ថាន​ទៅ។ នាង​បាន​អាន​កំនាព្យ​ជា​ច្រើន​ហើយទន្ទេញ​​ចាំរត់​មាត់ នាង​បាន​សិក្សា​ទស្សនវិជ្ជា សិល្បៈ និង ស្នាដៃ​ទាំងឡាយ។ នាង​មាន​សេចក្តីរីករាយ និង សុភាព​រាបសារ ចេះ​រិះ​គិត​ប្រកប​គតិបណ្ឌិត វៃ​ឆ្លាត ហើយ​ចង់ចេះ​ចង់​ដឹង​រឿង​រ៉ាវ​ផ្សេងៗ។

នៅ​ថ្ងៃ​នោះ​នាង​និយាយ​ទៅ​កាន់​ឪពុក​នាង​ថា “ហេតុ​អី​ក៏​ថ្ងៃ​នេះ​ លោក​ឪពុកមាន​ទឹក​មុខ​ស្រពោន​ម្ល៉េះ? សូម​ពុក​ប្រាប់​អំពី​មូល​ហេតុ​ដែល​ធ្វើ​អោយ​លោក​ពុក​ពិបាក​ចិត្ត​ ដល់​កូន​ផង។ គ្មាន​សេចក្តី​លំបាក​ណា​ដែល​មិន​អាច​រក​ផ្លូវ​ដោះ​ស្រាយ​ចេញ​នោះ​ទេ​”។ 

ក្រោយពេលលោកមន្ត្រី​បានស្តាប់សម្តី​កូនស្រីគាត់​ទាំងនេះ គាត់រ៉ាយរ៉ាប់​ប្រាប់នាង​ពី​រឿងរវាង​គាត់​និង​ស្តេច​ពី​ដើម​ដល់ចប់។

 បន្ទាប់មកនាង​និយាយ​ថា “ឱលោក​ឪពុក​អើយ តើពេលណាទើប​ការកាប់សំលាប់ស្ត្រី​បែប​នេះ​នឹងចប់? តើ​កូន​គួរ​ប្រាប់​លោកពុក​អំពី​អ្វី​ដែល​នៅក្នុង​ចិត្ត​កូន​ដែររឺទេ ដើម្បី​នឹង​សង្គ្រោះអ្នក​ទាំងសង្ខាង​អំពី​មហន្តរាយ​នេះ?”។​

ឳពុកតបថា​ “កូន​និយាយ​មក”។

នាងតប​ថា “ខ្ញុំសូមលោកឳពុក​ប្រគល់ខ្ញុំអោយ​ទៅ​រៀបការ​ជាមួយ​ស្តេចសហរ្យទៅ។ ចួនកាល​ខ្ញុំអាច​រស់រាន​មាន​ជីវិត​បាន រឺ​មិន​អញ្ចឹងទេយ៉ាង​ហោចណាស់​ ក៍​ខ្ញុំអាច​ជួយ​សង្គ្រោះ​ស្រីក្រមុំ​មូស្លីម​បាន​មួយ​រូប​​ដែរ”

មន្ត្រី​នោះ​ក៏​ស្រែកច្រលោត​ថា “ឱព្រះ​អាឡា​អើយ! ឱ​កូន​ល្ងង់អើយ កូន​មិន​ត្រូវ​យក​ជីវិត​កូន​មក​ល្បង​នឹង​គ្រោះ​ចង្រៃ​បែប​នេះ​ទេ។ ម៉េចក៏​កូន​និយាយ​អ្វី​ដែល​ឆ្កួត​ៗ​បែប​នេះ​មក​រក​ឪពុក? កូន​ដឹង​ទេ ស្តេច​សច្ចា​ហើយ​ថានឹង​ដេក​ជាមួយ​នារី​ម្នាក់​តែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​ព្រឹក​ឡើង​នឹង​សំលាប់​នាង​ចោល​ហើយ ហើយ​កូន​ចង់​អោយ​ពុក​យក​កូន​ទៅ​រៀប​ការ​ជាមួយ​ស្តេច​នេះ​រឺ? កូន​ច្បាស់​ហើយ​រឺ​នូវ​អ្វី​ដែល​កូន​ចង់​ធ្វើ​នេះ?”។

នាងតប​ថា “មែន​ហើយ​លោក​ឪពុក។ ខ្ញុំ​ដឹង​ពី​គ្រោះ​ថ្នាក់​ដែល​ខ្ញុំ​ចង់​ល្បង​ជាមួយ។ តែ​ខ្ញុំ​មិន​ខ្លាច​វា​ទេ។ បើ​ខ្ញុំ​ស្លាប់​នោះ មរណភាព​របស់​ខ្ញុំ​នឹង​ពោរ​ពេញ​ដោយ​កិត្តិយស ហើយ​បើ​ខ្ញុំ​ឈ្នះ នោះ ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​បំរើ​ជាតិ​ដ៏​សំខាន់​ម្នាក់”។

លោក​មន្ត្រី​តប​ថា “ទេ ទេ ទោះ​ជា​កូន​អូស​ទាញ​ពុក​យ៉ាងណា​ក៏​ដោយ ក៏​ពុក​មិន​អោយ​កូន​ទៅ​ប្រថុយប្រថាន​នឹង​គ្រោះ​ថ្នាក់​បែប​នេះ​ដែរ ហើយ​កូន​កុំ​ស្រម័យ​ថា​ពុក​នឹង​ទន់​ចិត្ត​នោះ។ បើ​ស្តេច​បញ្ជា​អោយ​ពុក​កាត់​ក្បាល​កូន​នោះ ពុ​កត្រូវតែស្តាប់​តាម​បញ្ជា​ស្តេច។ ​កូនគួរ​អាសូរ​ដល់​ពុក​ផង អាសូរ​ដល់​ឪពុក​ម្នាក់​ដែល​ត្រូវ​តែ​កាត់​ក្បាល​កូន​ខ្លួនឯង។ បើ​កូន​មិន​ខ្លាច​ស្លាប់​ទេ ក៏​គួរ​កូ​ន​អាណិត​ដល់​ចិត្តឪពុក​ដែរ”។

នាង​ឆេហរ៉ាសាត​តប​ថា “សូម​លោក​ឪពុក​មេត្តា​ដល់​សេចក្តី​អង្វរ​របស់​កូន​ផង”។

លោក​មន្ត្រី​និយាយ​កាត់ “ហេតុអី​ក៏​កូន​ចចេស​ខ្លាំង​ម្ល៉េះ? តាម​ពិត​ទៅ​ពុក​ខ្លាច​រឿង​នេះ​កើត​មាន​ចំពោះ​កូន​ ដូច​ក្នុង​រឿង​​គោ និង​​លា​ ”។

នាង​សួរថា “យ៉ាង​ម៉េច​ទៅ​រឿង​នោះ លោក​ពុក?”។

ដកស្រង់ចេញពីៈ កម្ពុជសូរិយា


0 comments:

Post a Comment