រឿង គោ និង លា
កាលនោះមានឈ្មួញអ្នកមានម្នាក់ មានសត្វពាហនៈជាច្រើនក្បាល។ គាត់រស់នៅស្រុកស្រែចំការនិងចូលចិត្តរបរកសិកម្ម។ ទេវតាបានជួយអោយគាត់អាចយល់ដឹងអំពីភាសារបស់សត្វគ្រប់យ៉ាងបានតែហាមគាត់មិនអោយប្រាប់អាថ៌កំបាំងនេះដល់នរណាម្នាក់ឡើយ បើមិនអញ្ចឹងទេនឹងសំលាប់គាត់ចោល។ ដូច្នេះហើយគ្មាននរណាដឹងថាគាត់ចេះភាសាសត្វឡើយ។ ក្នុងក្រោលមួយរបស់គាត់ មានមេគោមួយ និងសត្វលាមួយក្បាលរស់នៅជាមួយគ្នា។ នៅថ្ងៃមួយពេលដែលឈ្មួញនោះអង្គុយលេងជាមួយអ្នកបំរើនិងកូនៗរបស់គាត់នៅក្បែរក្រោលនោះ គាត់លឺគោនិយាយទៅកាន់លាថាៈ
“ណែអាលា យើងឃើញឯងដូចជាទំនេរច្រើនណាស់ គេអោយឯងធ្វើការអីក៏តិចម្ល៉េះ? មនុស្សគេបញ្ចុកចំនីឯង គេអោយទឹកស្អាតឯងផឹក តែអញវិញ ភាវៈដ៏កំសត់ គេប្រើទាំងកណ្តាលយប់ ពេលគេដាក់ នង្គ័ល និងស្អីដែលគេហៅថានឹមនោះ នៅលើករបស់អញ។ អញនឿយហត់នឹងព្យួរដីតាំងពីព្រលឹមរហូតដល់ព្រលប់នេះណាស់។ អញត្រូវគេបង្ខំអោយធ្វើកាងារធ្ងន់ៗ ដែលហួសពីកំលាំងរបស់អញទៅទៀត។ គេមើលថែអញមិនបានដិតដល់ទៀត។
បន្ទាប់មកពេលគេនាំអញមកវិញ ខ្លួនអញឃ្លេងឃ្លោងអស់ហើយ កអញរួយស្ទើរបាក់ ជើងអញរមាស់ស្ទើរស្លាប់ ហើយភ្នែកអញជោគជាំដោយទឹកភ្នែក។ បន្ទាប់មកគេយកអញមកឃុំក្នុងខ្ទម ហើយបោះសណ្តែក និងចំបើងស្ងួតៗ លាយឡំនឹងធូលីកខ្វក់។ អញត្រូវដេកលើលាមកដ៏មានក្លិនស្អុយជារៀងរាល់យប់។ តែឯងវិញ គេអោយឯងនៅកន្លែងដ៏ស្អាត។ កាងារដ៏លំបាករបស់ឯងគឺលីសែងអីវ៉ាន់របស់លោកម្ចាស់ម្តងម្កាល ទៅទីក្រុង ហើយត្រលប់មកវិញ។ ក្រៅពីនេះឯងដេកស្រួលរហូត។ ដូច្នេះ ពេលអញធ្វើការលំបាក ជាពេលដែលឯងដេកស្រួល។ ឯងដេកយ៉ាងស្រួលតែអញវិញដេកមិនលក់។ អញឃ្លាន ពេលឯងស៊ីយ៉ាងឆ្អែត។”
ពេលគោឈប់និយាយ លាបែរមុខទៅគោរួចនិយាយថា “ឱលោកបងគោអើយ គេហៅបងថាល្ងង់ដូចគោវាសមហើយ បងដូចជាគិតងាយណាស់ បងទុកអោយគេធ្វើអីស្រេចតែនឹងចិត្ត បងមិនចេះរកដំនោះស្រាយទេ។ បងគ្មានចេះស្អីបន្តិចសោះពាក្យប្រៀនប្រដៅល្អៗ។ តើបងមិនដែលលឺពាក្យបណ្ឌិតគេនិយាយទេរឺ?
“សំរាប់អ្នកផ្សេង ការងារនិងសេចក្តីលំបាកដែលខ្ញុំរ៉ាបរងទាំងនេះ
ជាសេចក្តីរីករាយរបស់ពួកគេ តែចំពោះខ្ញុំជាសេចក្តីកង្វល់
ដូចជាអ្នកបោកខោអាវ នៅហាលថ្ងៃខ្មៅមុខ
ដើម្បីអោយសំលៀកបំពាក់អ្នកផ្សេងបានសស្អាត”
តែបងវិញ ឱលោកបងគោដ៏ល្ងង់អើយ សួរថា តើបានប្រយោជន៍អី អោយបងទ្រាំនឹងការលំបាកទាំងអស់នេះ ដើម្បីចៅហ្វាយនាយ? តើបានប្រយោជន៍អី អោយបងហូរទឹកភ្នែក ឈឺចាប់ខ្លួនឯងដើម្បីអោយអ្នកផ្សេងស្រួលខ្លួនទៅវិញ? ។ បងគោឯងត្រូវគេហៅទៅប្រើតាំងពីព្រឹកព្រហាម ហើយត្រលប់មកវិញទាល់តែពេលព្រលប់។ ពេញមួយថ្ងៃ បងរងការលំបាកសព្វបែបយ៉ាង ៖ គេចង គេវាយ គេប្រើធ្វើការធ្ងន់ គេប្រើពាក្យអសុរស។
ឥលូវស្តាប់តាមខ្ញុំ បងគោ! ពេលគេចងបងនឹងស្នូកចំនី បងយកជើងទន្ទ្រាំដី វ័ធកន្ទុយ និងស្នែងអោយខ្លាំង រួចស្រែករោទិ៍អោយលឺៗ ដើម្បីអោយគេដឹងថាបងឯងមិនព្រម។
បើបងស្តាប់តាមយោបល់ខ្ញុំ បងនឹងបានស្រួលខ្លួនជាងនេះ ហើយប្រហែលជាស្រួលខ្លួនជាងខ្ញុំទៅទៀត។
ពេលគេដឹកបងទៅស្រែ ហើយទឹមលើ ក បងដោយស្អីដែលគេហៅថានឹមនោះ បងត្រូវដេកនឹងដី ហើយកុំក្រោក បើទោះជាគេអូសអោយក្រោកក៏ដោយ។ ហើយបើបងឯងក្រោក បងឯងត្រូវដេកនឹងដីវិញម្តងទៀត។ ហើយពេលគេយកបងឯងមកផ្ទះវិញ ពេលគេអោយចំនីបង បងឯងត្រូវធ្វើហិតៗបានហើយ កុំស៊ី។ ហើយដោយធ្វើពុតត្បុតជាឈឺបែបនេះ មិនដល់មួយថ្ងៃ រឺពីរថ្ងៃ រឺយ៉ាងច្រើនបីថ្ងៃ បងឯងនឹងបានសំរាកពីការលំបាកហើយ។ ពេលគោលឺលានិយាយបែបនេះ វាទទួលស្គាល់ថា លាជាមិត្តរបស់វា ហើយនិយាយអរគុណលា ហើយនិយាយថា “ឱបងលា ខ្ញុំនឹងធ្វើតាមពាក្យទូន្មានរបស់បងទាំងអស់”។
ចំនែកឯនាយឈ្មួញវិញ ស្តាប់បានសំដីរបស់ពួកគេសព្វគ្រប់។
នៅថ្ងៃបន្ទាប់ នាយបម្រើរបស់ឈ្មួញនោះដឹកគោនោះចេញទៅ ហើយចាប់ផ្តើមទឹមនង្គ័លលើ ក គោ ដើម្បីភ្ជួររាស់ដូចសព្វដង។ តែពេលនោះគោចាប់ផ្តើមចចេសមិនព្រមធ្វើការទៅតាមសម្តីរបស់លា ដូច្នេះហើយអ្នកភ្ជួរក៏កើតសេចក្តីហ្មួរម៉ៅ ក៏វាយគោនោះរហូតដល់ដាច់កន្លុះ រួចគោក៏រត់បោលចេញទៅ។ តែបុរសនោះក៏ចាប់គោជាប់ ហើយក៏វាយគោរហូតដល់គោខ្លបខ្លាច។ តែគោនៅតែឈរស្ងៀម រួចក្រាបដេកនឹងដីរហូតដល់ល្ងាច។
បន្ទាប់មក គេក៏ដឹកគោមកផ្ទះវិញ ហើយចងវាទុកនៅក្រោល តែពេលនោះគោថយចេញពីស្នូកចំនី ហើយមិនសម្តែងសេចក្តីរីករាយដូចសព្វដងទៀតទេ ធ្វើអោយបុរសនោះមានសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំង។ គាត់យកសណ្តែកនិងចំបើងអោយគោ តែគោគ្រាន់តែហិតៗ រួចថយចេញ ហើយដេកយ៉ាងឆ្ងាយបំផុតពីចំនីនោះ អស់ពេញមួយយប់។ អ្នកបម្រើមកដល់ពេលព្រឹកឡើង ក៏ឃើញស្នូកនោះមានសណ្តែកនិងចំបើងនៅពេញដដែល ហើយឃើញគោដេកស្ប៉ាប។ គាត់ក៏មានក្តីព្រួយបារម្ភខ្លាចគោនោះឈឺ។
គាត់និយាយម្នាក់ឯងថា “ឱព្រះអើយ មកពីវាឈឺហើយមើលទៅ បានជាវាមិនព្រមភ្ជួរដីកាលពីម្សិលមិញ”។
AAA
គាត់ក៏ទៅរាយការណ៍ដល់នាយឈ្មួញ ថា “លោកម្ចាស់ គោនោះឈឺហើយ។ វាមិនព្រមស៊ីទេយប់មិញ ហើយជាងនេះទៅទៀត ព្រឹកមិញនេះក៏វាមិនស៊ីដែរសូម្បីតែបន្តិច”។
នាយឈ្មួញនោះដោយយល់អស់ហេតុការណ៍ព្រោះបានស្តាប់សន្ទនារវាងគោនិងលា ក៏ប្រាប់ទៅនាយបម្រើថា “ចូរឯងយកអាលាពាលនោះទៅទឹមភ្ជួរដីជំនួសគោទៅ!”។
ដូច្នេះអ្នកបម្រើក៏យកលាទៅភ្ចួរដីពេញមួយថ្ងៃជំនួសគោ។ អ្នកបម្រើបានវាយលារហូតដល់ស្បែករបស់វា និងឆ្អឹងជំនី ពោរពេញដោយក្តីឈឺចាប់ ហើយករបស់លា ឡើងកន្ទួលរលាកដោយសារនឹម។ ពេលត្រលប់មកដល់ផ្ទះវិញនៅពេលល្ងាច លាស្ទើរតែមិនអាចលើកជើងរួច ទាំងជើងមុខ និង ជើងក្រោយ។ ចំនែកឯគោវិញ វាដេកស្រួលពេញមួយថ្ងៃ ហើយវាបានស៊ីចំនីរបស់វាយ៉ាងឆ្ងាញ់ ហើយនឹកស្ងើចដល់ពាក្យទូន្មានរបស់លាយ៉ាងខ្លាំង ដោយមិនដឹងថាលាយ៉ាងម៉េចហើយផង។
នៅពេលយប់ និងពេលលាត្រលប់មកក្រោលវិញ គោក្រោកឡើងគោរពលា ហើយនិយាយថា “ ឱមិត្តជាស្រលាញ់និងគោរពអើយ ដោយសារឯង ខ្ញុំបានសំរាកពេញមួយថ្ងៃ ហើយខ្ញុំបានស៊ីយ៉ាងឆ្ងាញ់”។
ប៉ុន្តែសត្វលាមិនមានតបអ្វីមួយម៉ាត់ ព្រោះតែកំហឹងកំហល់ និងសេចក្តីនឿយហត់ ហើយស្នាមរំពាត់ដែលវារងនៅថ្ងៃនេះផង។ លាស្តាយក្រោយយ៉ាងខ្លាំង ហើយគិតតែម្នាក់ឯងថា “នេះគឺកើតមកតែអំពីភាពល្ងង់ខ្លៅរបស់អញដោយសារតែចេះប្រដៅគេ។ ដូចគេចំនាំតែនិយាយថា សុខៗយកទុក្ខមកដាក់ខ្លួន។ដូច្នេះអញត្រូវតែគិតរកល្បិចអោយអាគោនេះត្រលប់ទៅកន្លែងដើមវាវិញ បើមិនអញ្ចឹងទេអញនឹងងាប់”។
លាក៏ដើរទីកន្លែងរបស់វា ដោយនៅពេលនោះគោនិយាយអរគុណលា ដោយអោយពរលាផង។
លោកមន្ត្រីនិយាយថា “ដូច្នេះហើយ កូនស្រីអើយ កូនឯងនឹងស្លាប់ដោយសារអន់ប្រាជ្ញា។ ដូច្នេះកូនឯងអង្គុយអោយស្ងៀម កុំនិយាយអ្វីទាំងអស់ ហើយកុំយកជីវិតកូនទៅលលេងនឹងកិច្ចអំពល់អស់នេះ។ តាមពិតទៅគឺពុកប្រដៅកូនអោយល្អទេ ”។
នាងឆេហរ៉ាសាតក៏តបថា “សូមលោកឪពុកមេត្តាផង កូនត្រូវតែទៅរៀបការជាមួយព្រះរាជា”។
លោកមន្រ្តីនិយាយកាត់ “កុំអីកូន”។
នាងតបថា “កូនត្រូវតែទៅ”។
លោកមន្ត្រីតថា “បើកូននៅតែមិនស្តាប់ពុក ហើយនៅតែចចេស ពុកនឹងធ្វើដាក់កូន ដូចនាយឈ្មួញនោះធ្វើដាក់ប្រពន្ធគាត់អញ្ចឹង”។
“គាត់ធ្វើយ៉ាងម៉េច?” នាងសួរ។
លោកមន្ត្រីឆ្លើយថា កូនដឹងទេ បន្ទាប់ពីលានោះត្រលប់មកក្រោលវិញ នាយឈ្មួញក៏ចេញមកក្រៅជាមួយភរិយានិងកូនៗ ព្រោះថ្ងៃនោះចំពេលខែភ្លឺ ហើយព្រះចន្ទក៏ពេញវង់។
នៅពេលគាត់កំពុងអង្គុយលេងជាមួយកូនៗគាត់នោះ គាត់លឺលានោះនិយាយទៅកាន់គោថា “នែលោកបងគោ តើស្អែកបងចង់ធ្វើអ្វី?”។
គោតបថា “អ្វីទៅក្រៅពីបន្តធ្វើតាមយោបល់របស់បងលាឯងនោះ? និយាយតាមត្រង់ទៅវាជាយោបល់ហៅថាមហាប្រសើរមែន វាធ្វើអោយខ្ញុំបានសំរាកពេញមួយថ្ងៃ។ ដូច្នេះខ្ញុំនឹងធ្វើអញ្ចឹងទៀត។ ដូច្នេះពេលគេអោយចំនីខ្ញុំ ខ្ញុំនឹងមិនព្រមស៊ី ហើយប្រឹងបំប៉ោងពោះអោយធំ ធ្វើពត់ជាឈឺ”។
លាក៏គ្រវីក្បាលរួចនិយាយថា “ពេលធ្វើបែបនេះ សូមបងប្រយ័ត្នផង”។
គោសួរថា “ហេតុអីទៅ?”។
ហើយលាតបថា “ដឹងទេខ្ញុំរៀបនឹងប្រាប់បងពីគំនិតល្អបំផុតទៅហើយ តែខ្ញុំលឺពីម្ចាស់យើងនិយាយនឹងអ្នកចិញ្ចឹមសត្វថា «បើគោនេះមិនព្រមធ្វើការព្រឹកនេះទៀត យកវាទៅអោយអ្នកកាប់សាច់ទៅ គេប្រហែលជាកាប់វាយកសាច់អោយអ្នកក្រ ហើយអាចយកស្បែកវាទៅធ្វើអោយអ្នកធ្វើស្បែកជើង។» លឺរឿងនេះ ខ្ញុំភ័យជួសឯង។ ដូច្នេះតាមខ្ញុំទៅ ពេលគេយកចំនីមកអោយបងឯង បងឯងស៊ីហើយក្រោកឡើងទៅតាមគេទៅ។ ពេលគេប្រើអោយព្យួរដី ព្រមតាមគេទៅ។ បើមិនអញ្ចឹងទេ លោកម្ចាស់ច្បាស់ជាយកបងឯងទៅកាប់សាច់ហើយ។ ហើយបងឯងនឹងបានទៅសុគតិភពហើយ”។
ពេលនោះគោភ្ញាក់ខ្លួនព្រឺត រួចស្រែកអរគុណលា ហើយនិយាយថា “ស្អែកខ្ញុំនឹងទៅធ្វើការវិញហើយ”។
ពេលនោះគោស៊ីចំនីទាំងអស់ដែលគេដាក់អោយ ហើយលិតទាំងស្នូកទៀតផង។ នាយឈ្មួញលឺរឿងរ៉ាវនេះពីដើមដល់ចប់។
នៅវេលាព្រឹកឡើង នាយឈ្មួញនឹងភរិយាដើរទៅកាន់ក្រោលគោទាំងពីរនាក់ រួចអង្គុយចុះ ហើយអ្នកបម្រើក៏មកដល់ រួចដើរទៅកាន់គោ ដែលពេលឃើញម្ចាស់វា ក៏បក់កន្ទុយរវិច លោតកញ្ឆក់កញ្ឆេងសម្តែងក្តីរីករាយ ធ្វើអោយនាយឈ្មួញអស់សំនើចយ៉ាងខ្លាំង ហើយសើចរហូតដល់ប្រពន្ធគាត់ឆ្ងល់ ហើយសួរគាត់ថា “តើបងឯងសើចស្អី?”។
នាយឈ្មួញតបថា “បងសើចនឹងរឿងកំបាំង ដែលបងបានដឹងនិងលឺ តែបងមិនអាចប្រាប់នរណាបានទេ បើមិនអញ្ចឹងនឹងស្លាប់”។
នាងជាភរិយាក៏សួរទៀតថា “បងឯងត្រូវតែប្រាប់រឿងនេះដល់អូន បើទោះជាស្លាប់ដោយសាររឿងនេះក៏ដោយ”។
តែនាយឈ្មួញតបថា “បងមិនអាចប្រាប់នរណាអោយដឹងពីសំដីរបស់សត្វទាំងឡាយបានទេ បើមិនអញ្ចឹងទេបងនឹងស្លាប់”។
នាងតបថា “ឱព្រះអើយ បងឯងកុហក! នេះគ្រាន់តែជាពាក្យដោះសារប៉ុណ្ណោះ។តាមពិតគឺបងឯងសើចចំអកអោយខ្ញុំទេ។ អញ្ចឹងមានន័យថា បងលាក់ស្អីមួយនឹងខ្ញុំហើយ។ ហើយបើបងមិនប្រាប់ការពិតទេ យើងលែងគ្នាទៅ”។
នាងក៏អង្គុយចុះរួចយំ។
នាយឈ្មួញក៏តបថា “តើហេតុអីក៏អូនយំ? បងខ្លាចព្រះយកជីវិតបង ព្រោះតែនិយាយពាក្យអស់នោះចេញមក”។
នាងតបថា “បងត្រូវតែនិយាយប្រាប់អូន ថាហេតុអីក៏បងសើច”។
គាត់តបថា “អូនដឹងទេ ពេលបងបន់ព្រះសុំអោយបងយល់ភាសាសត្វបាននោះ បងបានស្បថថា នឹងមិនប្រាប់អាថកំបាំងនេះដល់នរណាទាំងអស់ បើមិនអញ្ចឹងទេសូមអោយព្រះយកជីវិតបង”។
នាងជាភរិយាស្រែកយំ “ខ្ញុំមិនខ្វល់ទេ! ប្រាប់មកថាអាថកំបាំងនោះមក ហើយចង់ងាប់ស្មើណាក៏ងាប់ទៅ”។
ហើយនាងនៅតែយំរំអុកបង្ខំគាត់រហូតដល់នាយឈ្មួញធុញទ្រាន់ជាខ្លាំង។ ហើយជាចុងក្រោយគាត់និយាយថា “អូនទៅហៅឪពុក ម្តាយរបស់អូន កូនរបស់យើង និងអ្នកជិតខាងឯទៀតៗមក”។
នាងក៏ធ្វើតាម។ នាយឈ្មួញក៏អញ្ជើញមេភូមិ មេឃុំដើម្បីធ្វើបញ្ជីមរតក រួចប្រាប់ការសំងាត់ដល់ភរិយាគាត់ មុននឹងស្លាប់។ គាត់ស្រលាញ់ភរិយាគាត់ខ្លាំងណាស់។ នាងជាជីដូនមួយរបស់គាត់ ជាកូនស្រីរបស់ប្អូនប្រុសឪពុកគាត់ ហើយនាងក៏ជាម្តាយរបស់កូនគាត់ដែរ ហើយគាត់បានរស់នៅជាមួយនាងអស់មួយរយម្ភៃឆ្នាំហើយ។
BBB
បន្ទាប់មកក្រោយពីញាតិមិត្តមកជុំគ្នាអស់ហើយ គាត់និយាយទៅកាន់ពួកគេថា “ខ្ញុំមានរឿងគួរអោយចំលែកមួយលាក់ទុក ហើយរឿងនេះបើខ្ញុំនិយាយប្រាប់នរណាម្នាក់ ខ្ញុំនឹងស្លាប់ភ្លាម”។
ដូច្នេះហើយអ្នករាល់គ្នានិយាយទៅកាន់នារីជាភរិយាថា “ឱនាងអើយសូមនាងលះបង់គំនិតនេះចោលទៅ វាមិនបានការអីទេ ហើយព្រមជឿប្តីនាងទៅ បើមិនអញ្ចឹងទេ ប្តីនាង ហើយក៏ជាឪពុករបស់កូនៗនាងដែរ នឹងស្លាប់”។
នាងតបថា “ខ្ញុំមិនព្រមទេ គាត់ត្រូវតែប្រាប់ការពិតដល់ខ្ញុំ បើទោះជាគាត់ស្លាប់ក៏ដោយ”។
ដូច្នេះពួកគេក៏ឈប់បង្ខំនាង ហើយពួកគេក៏ចាប់ផ្តើមយំលឺសូរអឺងកងពេញទាំងផ្ទះ។ នាយឈ្មួញ ក៏ដើរចេញពីចំនោមមនុស្សទាំងអស់ ទៅស្មឹងស្មាធម្នាក់ឯងនៅជិតរោងសត្វរបស់គាត់មួយកន្លែង មុននឹងត្រលប់មកប្រាប់ការពិតរួចនឹងស្លាប់។
នៅក្នុងរោងសត្វនោះ មានមាន់គកមួយ និងមេមាន់ហាសិប។ មុននឹងនិយាយលា មិត្តភក្តិរបស់គាត់ គាត់លឺឆ្កែរបស់គាត់និយាយទៅកាន់មាន់គក ដែលកំពុងតែបក់ស្លាប ហើយស្រែករងាវលោតជាន់ពីមេមាន់មួយទៅមេមាន់មួយ ថា “នែអាមាន់គក ឯងអីក៏អន់ចរឹកម្ល៉េះ។ លោកចៅហ្វាយពិតជាស្តាយណាស់ដោយចិញ្ចឹមឯងអោយធំ។ ឯងគ្មានអៀនខ្មាស់ទេរឺ ដែលជាន់មេ នៅចំថ្ងៃបែបនេះ?” ។
មាន់គកតបថា “ហើយវាយ៉ាងម៉េច ថ្ងៃនេះកើតស្អី?”។
ឆ្កែតបថា “តើឯងមិនដឹងទេថា ម្ចាស់របស់យើងថ្ងៃនេះនឹងស្លាប់ហើយ។ ប្រពន្ធគាត់ទារអោយគាត់ប្រាប់ការពិតមួយ ដែលព្រះបានប្រាប់ដល់គាត់ ហើយពេលគាត់ប្រាប់ការពិតនោះ គាត់នឹងស្លាប់។ ពួកយើងជាឆ្កែ យើងទាំងអស់គ្នាមានទុក្ខណាស់វ៉ើយ តែឯងវិញ គិតតែពី ទទះស្លាបសប្បាយ នឹងជាន់មេ។ តើពេលហ្នឹងឯងសមនឹងត្រេកត្រអាលបែបនេះរឺ? ឯងមិនខ្មាស់ខ្លួនឯងទេរឺ?”
មាន់គកតបថា “អើលោកម្ចាស់យើងអីក៏ល្ងង់ម្ល៉េះ ចំជាប្រុសអត់បានការមែន។ បើគាត់មិនអាចទាំងដឹកនាំភរិយាតែម្នាក់បានផង ជិវិតគាត់ក៏គ្មានន័យអីនឹងរស់តទៅទៀតដែរ។ មើលមកអញនែ អញមានមេមាន់ហាសិបត្រូវមើលខុសត្រូវ អញធ្វើអោយមីមួយនេះត្រូវចិត្ត ក៏បង្កអោយមីមួយទៀតទាស់ចិត្ត អញបង្អត់មួយ បញ្ចុកមួយ ហើយក្រោមការគ្រប់គ្រងដ៏ល្អរបស់អញ ពួកគេស្ថិតនៅក្រោមបញ្ជាអញបានល្អណាស់វ៉ើយ។ លោកម្ចាស់យើង ហៅចំជាល្ងង់មែនហើយ មានប្រពន្ធតែម្នាក់ នៅតែគ្រប់គ្រងមិនបាន”។
ឆ្កែក៏សួរថា “អញ្ចឹងតើ លោកម្ចាស់គួរធ្វើម៉េចទៅរឿងនេះ?”។
មាន់គកឆ្លើយថា “គាត់គួរដើរហេរទៅ កាច់មែកឈើមក ហើយវាយខ្នងនាងប្រពន្ធរហូតដល់នាងយំ រួចស្រែកថា អូយឈប់ទៅ អូនមិនចង់ដឹងរឿងនេះទៀតទេ មួយជីវិតនេះ។ ហើយគាត់ត្រូវវាយនាងមួយឆ្វាប់ទៀតអោយខ្លាំង ហើយអោយលឺ។ ហើយបើគាត់ធ្វើអញ្ចឹងបានហើយ គាត់នឹងដេកលក់ស្រួល មានគេថ្នាក់ថ្នមរហូត។ តែលោកម្ចាស់ល្ងង់ម្នាក់នេះ គ្មានចេះគិតអីវែងឆ្ងាយទេ”។
លោកមន្ត្រីបន្តថា “ពុកនឹងធ្វើដាក់កូន ដូចបុរសនេះធ្វើលើប្រពន្ធគាត់អញ្ចឹង ណាឆេហរ៉ាសាត!”។
នាងឆេហរ៉ាសាតសួរថា “តើបុរសនោះធ្វើយ៉ាងម៉េចដាក់ប្រពន្ធគាត់?”។
លោកមន្ត្រីតបថា ពេលនាយឈ្មួញបានស្តាប់សំដីរបស់មាន់គកនិយាយទៅកាន់ឆ្កែបែបនេះហើយ គាត់ក៏ងើបឡើងយ៉ាងប្រញាប់។
គាត់កាច់មែកឈើមួយ រួចយកទៅលាក់ទុកក្នុងបន្ទប់។ រួចហើយគាត់ស្រែកហៅនាង “អូនចូលមកនេះ បងនឹងប្រាប់ការពិតដល់អូន រួចអាលនឹងស្លាប់ទៅមិនអោយនរណាឃើញ”។
នាងក៏ចូលទៅក្នុងបន្ទប់ជាមួយគាត់ ហើយគាត់ក៏ចាក់សោរជាប់ ហើយដើរទៅជិតនាង ដោយនៅពេលនោះគេលឺសូរវាយខ្នង ស្មា ចង្កេះ ដៃ ជើង រួចនិយាយថា “អូនចង់ដឹងអាថកំបាំងនោះទៀតទេ?”។
នាងតបថា “អូនលែងចង់ដឹងទៀតហើយ អូនសូមអង្វរ អូនលែងចង់ដឹងមែន”។
បន្ទាប់នាងក៏ថើបដៃ និង ជើងរបស់ប្តីនាង ហើយគាត់ក៏នាំភរិយាគាត់ចេញមកក្រៅ។ នាងក៏ធ្វើចរឹករឹកពារសមជាភរិយាម្នាក់វិញ។ អ្នកទាំងអស់នៅក្នុងផ្ទះក៏ត្រលប់ជាមានសេចក្តីរីករាយឡើងវិញ។ ដូច្នេះមានសេចក្តីថា នាយឈ្មួញរូបនោះ បានរៀននូវវិជ្ជាគ្រួសារពីមាន់គក ហើយគាត់និងក្រុមគ្រួសាររស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល រហូតដល់ស្លាប់។
លោកមន្ត្រីបន្តថា “ហើយកូនឯងក៏អញ្ចឹងដែរ បើកូនមិនព្រមស្តាប់ពុកទេ ពុកនឹងធ្វើដូចនាយឈ្មួញនោះធ្វើដាក់ភរិយាគាត់អញ្ចឹង”។
តែនាង ឆេហរ៉ាសាត តបឪពុកនាងវិញយ៉ាងម៉ឺងម៉ាត់ថា “ខ្ញុំនឹងមិនប្តូរចិត្តទេ លោកឪពុក ហើយរឿងនិទាននេះក៏មិនអាចមកប្តូរគំនិតរបស់ខ្ញុំបានដែរ។ ខ្ញុំនឹងមិនស្តាប់តាមបង្គាប់របស់ពុកទេ ហើយបើពុកមិនព្រមតាមខ្ញុំទេ ខ្ញុំនឹងទៅរៀបការខ្លួនខ្ញុំជាមួយស្តេច បើទោះជាពុកមិនព្រមក៏ដោយ។ តំបូងខ្ញុំនឹងទៅគាល់ស្តេចដោយខ្លួនឯង ហើយទៅតែម្នាក់ឯង។ ខ្ញុំនឹងទូលព្រះអង្គថា ខ្ញុំបានសុំឪពុករបស់ខ្ញុំរៀបការជាមួយព្រះអង្គ តែគាត់មិនព្រម ដូច្នេះពុកធ្វើបាបខ្ញុំយ៉ាងណា ព្រះអង្គក៏ធ្វើទុក្ខពុកបែបនោះដែរ”។
លោកមន្ត្រីសួរថា “តើចាំបាច់ដល់ថ្នាក់ហ្នឹងរឺ?”។
នាងតបថា “មែនហើយ”។
លោកមន្ត្រីក៏ទាល់ប្រាជ្ញា ហើយក៏ទៅក្រាបបង្គុំទូលស្តេចសហរ្យ បន្ទាប់ពីអោយពរស្តេច និងក្រាបបង្គំក្បាលដល់ដីមក គាត់ក៏រៀបរាប់រឿងរ៉ាវរវាងគាត់និងកូនស្រីពីដើមដល់ចប់ ហើយនឹងមូលហេតុដែលគាត់ត្រូវតែនាំកូនស្រីរបស់គាត់មកជូនស្តេចនៅយប់នោះ។
ស្តេចមានសេចក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគាត់យកជាករណីលើកលែងសំរាប់កូនរបស់មន្ត្រីជំនិតរបស់គាត់ ហើយនិយាយទៅកាន់គាត់ថា “ឱលោកមន្ត្រីដ៏កំពូលអើយ តើហេតុម៉េចក៏អញ្ចឹង? តើលោកមិនដឹងទេរឺថា យើងបានសច្ចានឹងស្ថានសួគ៌ហើយថា បន្ទាប់ពីយើងបានខ្លួននាងនៅយប់នេះហើយ យើងនឹងបញ្ជាទៅលោកនៅព្រឹកឡើង អោយយកនាងទៅសំលាប់ចោល។ ហើយបើលោកមិនសំលាប់នាងទេ យើងនឹងសំលាប់លោកមិនខាន”។
លោកមន្ត្រីតបថា “ឱព្រះជាម្ចាស់ដែលជួយព្រះអង្គអោយមានជ័យជំនះ និងអាយុយឺនយូរ ឱព្រះអង្គដ៏ចំរើន គឺនាងទេ ដែលជាអ្នកសំរេចចិត្ត។ ទាំងអស់នេះទូលបង្គំបានប្រាប់នាងអោយដឹងអស់ហើយ តែនាងមិនព្រមស្តាប់ទេ ហើយនាងនៅតែចចេសចង់មកគាល់ព្រះអង្គក្នុងរាត្រីនេះ”។
ដូច្នេះស្តេចសហរ្យមានសេចក្តីរីករាយជាខ្លាំង “ល្អណាស់។ លោកទៅរៀបចំនាងអោយមកគាល់យើងយប់នេះ”។
លោកមន្ត្រីក៏ត្រលប់មកជួបកូនស្រីគាត់វិញ ហើយប្រាប់នាងពីបញ្ជារបស់ព្រះរាជា ហើយនិយាយថា “សូមកុំអោយពុកអស់សង្ឃឹមដោយសារបរាជ័យកូនអី”។
តែនាង ឆេហរ៉ាសាត មានសេចក្តីរីករាយយ៉ាងខ្លាំង ដោយបាននូវអ្វីដែលនាងចង់បាន ហើយនិយាយនឹងប្អូនស្រី ឌុន្យ៉ាសាត ថា “ចូរប្អូនចាំអោយបានច្បាស់នូវអ្វីដែលបងប្រាប់ប្អូន។ ពេលបងទៅគាល់ស្តេចរួចរាល់ហើយ បងនឹងអោយគេមករកប្អូន។ ពេលប្អូនបានមកជួបបង ហើយពេលប្អូនដឹងថាព្រះរាជាបានខ្លួនប្រាណបងរួចរាល់ហើយ ប្អូនត្រូវនិយាយមកបងថា ឱបងស្រីអើយ បើបងមិនទាន់ងងុយគេងទេ សូមបងនិទានប្រាប់ប្អូននូវរឿងនិទានថ្មី គួរអោយចង់ស្តាប់ និង គួរអោយរីករាយ ដើម្បីអោយវេលានៃយប់នេះកន្លងទៅបានលឿន។ ហើយបងនឹងរៀបរាប់ប្រាប់ប្អូននូវរឿងនិទានដែលអាចជួយជីវិតយើងបាន ហើយបើព្រះជួយ នោះរឿងនិទាននេះនឹងជួយកែប្រែទំលាប់ស្តេចស្រកឈាមនេះបាន”។
នាងឌុន្យ៉ាសាតតបថា “ប្អូននឹងខិតខំដោយសេចក្តីរីករាយបំផុត”។
នៅរាត្រីនោះ លោកមន្ត្រីក៏នាំនាងឆេហរ៉ាសាតទៅគាល់ស្តេច។ ស្តេចរីករាយពេលក្រលេកនាង ហើយសួរថា “តើលោករកបានអ្វីដែលយើងត្រូវការហើយរឺ?”។
គាត់តបថា “បានហើយ”។
តែនៅពេលដែលស្តេចនាំនាងឡើងលើគ្រែ ហើយចាប់ផ្តើមនឹងរួមមេត្រីនឹងនាង នាងក៏ស្រែកយំ។ ស្តេចឆ្ងល់ក៏សួរថា “ តើនាងកើតស្អី?”។
នាងតបថា “ឱព្រះអង្គអើយ ខ្ញុំមានប្អូនស្រីម្នាក់ សូមព្រះអង្គអនុញ្ញាតអោយនាងខ្ញុំបាននៅជាមួយនាងផង នាយប់នេះ មុននឹងពេលព្រឹកនេះមកដល់”។
ដូច្នេះស្តេចក៏អោយគេទៅហៅនាង ឌុន្យ៉ាសាតមក។ នាងមកដល់ក៏ក្រាបបង្គុំស្តេច ហើយស្តេចអោយនាងទៅអង្គុយក្បែរជើងគ្រែ។ បន្ទាប់មកស្តេចក៏រួមមេត្រីនឹងនាង ឆេហរ៉ាសាត រួចហើយអ្នកទាំងបីក៏លង់លក់អស់ទៅ។
តែនៅពេលពាក់កណ្តាលយប់នាង ឆេហរ៉ាសាតក៏ភ្ញាក់ឡើងរួចអោយសញ្ញាទៅប្អូនស្រី។ ប្អូនស្រីក៏ក្រោកអង្គុយឡើងរួចនិយាយថា “បងស្រីអើយ សូមបងមេត្តានិទានប្រាប់ប្អូននូវរឿងគួរអោយជក់ចិត្តនិងគួរអោយរីករាយផង ដើម្បីអោយរាត្រីនេះកន្លងទៅបានឆាប់”។
នាងឆេហរ៉ាសាតតបថា “បងនឹងនិទានប្រាប់ប្អូនដោយរីករាយ តែសូមអោយព្រះអង្គអនុញ្ញាតសិន”។
ស្តេចនិយាយ “និយាយទៅ” ដោយស្តេចក៏មិនសូវងងុយ សំរាកមិនបានដែរ ដូច្នេះហើយគាត់ក៏ចង់ស្តាប់រឿងនិទានដែរ។ ដូច្នេះហើយនាង ឆេហរ៉ាសាត ដោយមានសេចក្តីរីករាយយ៉ាងខ្លាំង នាងក៏ចាប់ផ្តើមនិទានរឿងរបស់នាង នៅយប់ទីមួយនៃមួយពាន់មួយយប់។
អានបន្ត រឿង ឈ្មួញ និង អារក្សព្រៃ
ដកស្រង់ចេញពីៈ កម្ពុជសូរិយា
0 comments:
Post a Comment