រឿង ខ្មោចតាចេង
តាចេងជាមនុស្សដែលមិនចូលចិត្តធ្វើបុណ្យដាក់ទានចំពោះអ្នកណា ឡើយ។ កាលពីគាត់នៅក្មេង គាត់ប្រកបរបរកាប់គោលក់សាច់។
លុះគាត់មានវ័យចំណាស់ លេងល្បែងស៊ីសង ចូលផ្ទះឡើយ។ គាត់ចូលចិត្តផឹកស្រា ជេរស្តីដេញប្រពន្ធកូនមិនឱ្យ
ហេតុដូច្នេះ ប្រពន្ធកូនរបស់គាត់ក៏ចាកចេញអំពីគាត់ទៅរស់នៅ ឯស្រុកឆ្ងាយជាមួយនឹងបងប្អូនសាច់ញាតិរបស់គាត់។ លុះពេល តាចេងចាស់ជរា គាត់ក៏មានជំងឺឈឺយ៉ាងធ្ងន់ គ្មានកូនចៅណាម្នាក់ នៅជិតគាត់ឡើយ។ ក្នុងកំឡុងពេលគាត់ឈឺ គាត់ចេះតែស្រែក ឮសូរសម្លេងដូចគោរោទ៍អ៊ីចឹង គាត់ស្រែកទាំងយប់ទាំងថ្ងៃបណ្តាល ឱ្យរំខានដល់អ្នកភូមិផងរបងជាមួយសម្រាន្តមិនបានសោះ។
នៅជិតផ្ទះគាត់ មានប្តីប្រពន្ធពីរនាក់ពេលពួកគាត់ឃើញតាចេងស្រែកដូច្នេះ ពួកគាត់តែងតែយកបាយសម្លមកជូនគាត់ពិសារាល់ថ្ងៃ។តែចម្លែកណាស់ ពេលដែលគាត់
ទទួលទានអាហាររួចហើយ គាត់នៅតែស្រែកដោយការឈឺចាប់ដដែល គាត់ចេះតែទារកស្រាផឹក។ អ្នកជិតខាងឃើញដូច្នេះ ក៏ទៅទិញស្រាមកឱ្យគាត់ៗក៏ឈប់ស្រែក។ដូច្នេះពេលដែលគាត់បរិភោគបាយរួច គាត់ត្រូវពិសាស្រាបន្ថែមទៀតជារៀងរាល់ថ្ងៃ។
តាចេងគាត់ស្រឡាញ់អ្នកជិតខាងពីរនាក់ប្តីប្រពន្ធនោះណាស់ គាត់ និយាយទាំងទឹកភ្នែកថា “ចៅទាំងពីរ ! តាអរគុណចៅហើយ ដែលបានមកមើលថែតា។ បាយសម្លទាំងអស់នេះ តាសូមឧទ្ទិស កុសលផលបុណ្យឱ្យចៅកើតជាតិណាៗ សូមឱ្យចៅកុំស្គាល់ភាព អត់ឃ្លានឱ្យសោះ”។ អ្នកទាំងពីរក៏ទទួលពរសាធុៗហើយនាំគ្នា ត្រឡប់ទៅផ្ទះវិញ។
ច្រើនថ្ងៃក្រោយមក តាចេងក៏ទទួលមរណភាពបាត់ទៅ។ ចំណែក ប្តីប្រពន្ធទាំងពីរនាក់ក៏ធ្វើបុណ្យឱ្យគាត់តាមប្រពៃណី ដោយយក គាត់ទៅដុតរំលាយសពនៅលើភ្លឺស្រែមួយក្បែរភូមិរបស់គាត់។
ក្រោយមកមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកដក់គ្រប់ទីកន្លែង។ បុរសជាប្តីឃើញដូច្នេះក៏ស្តាយទ្រុងទៅឆ្លុះកង្កែបដើម្បីយកមកធ្វើ ម្ហូប។ រាល់លើកនៅពេលដែលមានភ្លៀងធ្លាក់គាត់តែងទៅរក កង្កែបបានច្រើនណាស់ តែនៅថ្ងៃនេះគាត់រកកង្កែបបានតែពីរគត់ បុរសនោះក៏ធ្វើដំណើរទៅមុខទៀតរហូតដល់កន្លែងដុតខ្មោច តាចេង។ ពេលនោះគាត់ក៏ឃើញកង្កែបមួយយ៉ាងធំកំពុងលោតសំដៅ មករកគាត់។ បុរសនោះសប្បាយចិត្តណាស់ក៏ចាប់កង្កែបនោះ ដាក់ក្នុងទ្រុងរបស់គាត់ហើយត្រឡប់ទៅផ្ទះវិញ។
លុះព្រឹកឡើងប្រពន្ធក៏ចាប់កង្កែបទាំងនោះមកធ្វើម្ហូប។ រីឯកង្កែប ធំគ្រាន់តែឃើញនាងនោះភ្លាមក៏លោតហក់មិនចេះឈប់។ ចំណែក នាងវិញក៏ចាប់កង្កែបទាំងបីមកធ្វើម្ហូបដោយមិនបានចាប់អារម្មណ៍ ពីអ្វីទាំងអស់។
នៅរាត្រីថ្ងៃនោះ នាងក៏យល់សប្តិឃើញថា តាចេងមកឈរយំនៅ មុខផ្ទះរបស់គាត់។ ក្នុងសុបិននោះនាងបានសួរតាចេងថា “លោក តា ! ហេតុអីក៏តាយំខ្លាំងៗម៉្លេះ”។ តាចេងកាន់តែយំខ្លាំងឡើង ហើយប្រាប់នាងថា “ចៅស្រី ! ក្នុងចិត្តតាៗស្រឡាញ់ចៅទាំងពីរ ស្មើនឹងកែវភ្នែករបស់តា ពេលតាឃើញចៅប្រុសទៅដល់កន្លែង របស់តាៗក៏ប្រឹងស្ទុះលោតទៅរកគេដោយការនឹករលឹក ព្រោះតា គិតថា នឹងបានមកជួបចៅ ហើយបានមករស់នៅជិតពួកចៅ តែឥឡូវ ពួកឯងបានសម្លាប់យើងបាត់ទៅហើយ”។
ពេលនោះនាងក៏ដឹងខ្លួនឡើងរហ័សដាស់ប្តីហើយសួរទាំងយប់ថា “នែបង ! កង្កែបធំមួយនោះ តើបងចាប់មកពីកន្លែងណា?”។ ប្តីប្រាប់ថា "បងចាប់ពីកន្លែងដុតតាចេង”។ ប្រពន្ធប្រាប់ថា "បងដឹងទេ ! កង្កែបនោះគឺជាព្រលឹងរបស់តាចេងណាបង។ ព្រោះគាត់បានមកពន្យល់សប្តិខ្ញុំអម្បាញ់ម៉ិញនេះ”។
ប្តីឮដូច្នេះក៏ភ្ញាក់ខ្លួនព្រើតដែលឃើញតាចេងចាប់ជាតិជាសត្វកង្កែប គាត់មានការអាណិត និងតក់ស្លុតចំពោះតាចេងយ៉ាងខ្លាំង។ រីឯប្រពន្ធក៏ភិតភ័យណាស់ដែលនាំគ្នាបរិភោគសាច់កង្កែបនោះ ទោះជានាងចង់ក្អួតក៏ក្អួតមិនចេញ ទោះចង់យំក៏យំមិនកើត។ នាង ចេះតែមានអារម្មណ៍ភ័យខ្លាច ទ្រូងញ័រចំប្រប់ជារៀងរាល់ថ្ងៃ បណ្តាលឱ្យសុខភាពរបស់នាងមានការទ្រុឌទ្រោមជាលំដាប់។
ក្រោយមកប្តីក៏នាំប្រពន្ធទៅពិគ្រោះជាមួយនឹង ព្រះសង្ឃអំពីខ្មោចតាចេង។ ព្រះសង្ឃមាន សង្ឃដីកាថា “សូមឱ្យញោមទាំងពីរធ្វើបុណ្យ ឧទ្ទិសកុសលឱ្យព្រលឹងតាចេងដែលបានស្លាប់ ទៅ”។
បន្ទាប់មកពីរនាក់ប្តីប្រពន្ធក៏ត្រឡប់មកដល់ផ្ទះវិញ ពួកគាត់បាន ប្រារព្ធធ្វើពិធីបុណ្យដោយអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួម ហើយនិមន្តព្រះសង្ឃវេចង្ហាន់រំលឹកដល់វិញ្ញាណខ័នតាចេងដែល បានស្លាប់ទៅ ឱ្យទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ចប់
ការទទួលទានស្រាច្រើនពេក បណ្តាលឱ្យមនុស្សខូចប្រព័ន្ធសរសៃ ប្រសាទ ខាតបង់ប្រាក់កាក់ ខាតទាំងពេលវេលា ធ្វើឱ្យគ្រួសារ បាត់បង់នូវសុភមង្គល និងធ្វើឱ្យមនុស្សខូចសុខភាពទៀតផង។
សូមឱ្យជួបប្រទះតែសេចក្តីសុខ
0 comments:
Post a Comment