រឿង ក្រុងសុភមិត្រ

អ្នកទស្សនា: Views


រឿង ក្រុងសុភមិត្រ

ជាយូរអង្វែងណាស់មកហើយ មានព្រះមហាក្សត្រមួយអង្គព្រះនាម ព្រះបាទ ក្រុងសុភមិត្រ សោយរាជ្យនៅចម្បាកនគរ។ ទ្រង់មានព្រះមហេសី ព្រះនាម កេសិនី មានព្រះរាជបុត្រពីរព្រះអង្គ។ ព្រះរាជបុត្រច្បងព្រះនាម ជ័យសែនកុមារ ព្រះរាជបុត្រប្អូនព្រះនាម ជ័យទក្ខកុមារ។ កាលណោះ ព្រះបាទ ក្រុងសុភមិត្រ មានព្រះអនុជមួយអង្គព្រះនាម អសុភមិត្រ មាន តំណែងជាឧបរាជ។ ចំណេរកាលក្រោយមក អសុភមិត្រ មានគំនិតក្បត់ចង់ដណ្តើមរាជ សម្បត្តិពីព្រះរាម ហើយ

លើកទ័ពទៅព័ទ្ធក្រុងចម្បាកនគរ។

កាលណោះ មានអាមាត្យម្នាក់ឡើងមកក្រាបទូលព្រះបាទ ក្រុងសុភមិត្រ ឱ្យទ្រង់បានជ្រាបអំពីដំណើរជ្រែករាជ្យនៃ អសុភមិត្រ ជាព្រះអនុជគ្រប់ ប្រការ។ ព្រះបាទ ក្រុងសុភមិត្រ ទ្រង់ព្រះចិន្តាថា "ប្រសិនបើអង្គអញ ចេញទៅច្បាំងតទល់នឹងព្រះអនុជ មុខជាព្រះញាតិវង្សព្រមទាំងអាណា ប្រជានុរាស្ត្រ និងសេនាទាហានវិនាសអន្តរាយអស់ច្រើនជាក់ជាពុំខាន បើដូច្នេះអញគួរតែដោះខ្លួនគេចចេញអំពីព្រះរាជវាំងក្នុងរាត្រីនេះ”។

 ទើបស្ដេចត្រាស់លាព្រះអគ្គមហេសីព្រមទាំងព្រះរាជបុត្រទាំងពីរ។ ឯព្រះនាង កេសិនី ជាស្ត្រីស្មោះភក្តីចំពោះព្រះរាជស្វាមីមិនព្រមនៅក្នុង ព្រះរាជវាំងឡើយ ទើបព្រះនាងទូលព្រះស្វាមីថា “ខ្ញុំម្ចាស់សុខចិត្តស្លាប់ ជាមួយនឹងព្រះអង្គទោះជាលំបាកវេទនាយ៉ាងណាក៏ដោយ តែខ្ញុំម្ចាស់ ពុំព្រមរស់នៅឃ្លាតឆ្ងាយព្រាត់ប្រាសអំពីព្រះអង្គឡើយ ខ្ញុំម្ចាស់សុំនាំកូន ទាំងពីរទៅតាមព្រះស្វាមីដែរហើយ”។

ព្រះមាតាទ្រង់ព ជ័យទត្តកុមារ ព្រះបិតាទ្រង់ព ជ័យសែនកុមារ ។ ទ្រង់ស្ដាយស្បៀងភៀសព្រះកាយចាកចេញអំពីព្រះនគរក្នុងរាត្រីនោះ ដោយសេចក្តីក្តុកក្តួលក្នុងព្រះឱរា។ ស្ដេចត្រាច់ចរទៅដោយលំដាប់ដរាប ទៅដល់ឆ្នេរទន្លេមួយអន្លើ ទើបទ្រង់ឈប់សម្រាកក្រោមដើមទន្លាប់មួយ ដើម។ ព្រះអង្គមានព្រះឱង្ការថា “យើងឆ្លងទន្លេនេះទៅទាំងបួននាក់ពុំ បានទេ ព្រោះទឹកមានជម្រៅជ្រៅ។ ដូច្នេះបងនឹងចម្លងអូនទៅមុន សឹម វិលមកចម្លងបុត្រជាក្រោយ"។ ហើយទ្រង់ហែលចម្លងព្រះមហេសីទៅ ដាក់នៅឯត្រើយម្ខាង។

ក្នុងពេលខណៈដែល ក្រុងសុភមិត្រ កំពុងចម្លង ព្រះរាជទេវីនោះ ក៏មានព្រានមច្ឆាពីរនាក់អុំទូក នេសាទមកតាមឆ្នេរទន្លេបានឃើញ កុមារតូចៗក៏នាំគ្នាពក្មេងៗទាំង ពីរនាក់នោះយកទៅដាក់ក្នុង ទូកនាំទៅផ្ទះរបស់ខ្លួន។

ចំណែកព្រះនាង កេសិនី វិញ រង់ចាំព្រះស្វាមីតាំងពីយប់រហូតដល់ភ្លឺ។ ជួនជាពេលនោះមានសំពៅមួយបើកមកតាមទន្លេធំ។ នាយសំពៅបាន ឃើញព្រះនាងនៅតែអង្គឯង ក៏ចូលសំពៅទៅនិយាយបង្ខំឱ្យព្រះនាង ទៅជាមួយនឹងពួកគេ។ គ្រានោះព្រះនាងទ្រង់ព្រះកន្សែងសោកបោក ប្រាណស្ទើរបែកព្រះកាយ។ ព្រះឱរាស្ទើរតែបែកសញែកចេញជាប្រាំពីរ ភាគ ដោយព្រះនាងទ្រង់នឹករលឹកដល់ព្រះរាជបុត្រសម្លាញ់ទាំងពីរ និង ព្រះស្វាមីឥតល្ហែល្ហើយ។

លុះព្រះបាទ ក្រុងសុភមិត្រ ភ្ញាក់ស្មារតីឡើងវិញ ទ្រង់កាត់ព្រះទ័យសោក ស្តាយព្រះរាជបុត្រ ហើយត្រឡប់ទៅរកព្រះមហេសីវិញមានសេចក្តីសង្ឃឹម ថា នឹងបានជួបមហេសីដើម្បីថ្លែងប្រាប់អំពីដំណឹងដ៏សែនអាក្រក់នេះ។ ព្រះអង្គហែលទឹកឆ្លងទន្លេដោយព្រះទ័យអស់សង្ឃឹម។ លុះឡើងពីទឹកស្ទុះ សំដៅទៅរកមើលក្រោមដើមឈើដែលព្រះនាងគង់ចាំ តែមិនបានឃើញ ព្រះនាងសោះ ទ្រង់ស្ទុះរត់រកព្រះនាងសព្វទីកន្លែង តែមិនបានជួបប្រទះ នឹងនាងឡើយ។ ទ្រង់រឹតតែអស់សង្ឃឹមជាខ្លាំង។ បន្ទាប់ពីបាត់កូនហើយ បែរជាមកព្រាត់ប្រពន្ធថែមទៀត។ ទ្រង់សោយសោកសង្រេងសង្រែកាន់ តែខ្លាំងឡើង ក៏ទ្រង់ដួលសន្លប់នៅទីនោះម្តងទៀត។

សេះត្រឹមនេះ និយាយពីព្រានមច្ឆាពីរនាក់ដែលចាប់ក្មេងៗនោះទៅ ក៏ ខំចិញ្ចឹមបីបាច់ថែរក្សាពួកគេរហូតដល់ធំពេញវ័យ។ ព្រានមច្ឆាក៏នាំពួក គេទៅថ្វាយស្ដេចតក្កសិលាធ្វើជាមហាតលិក។ ព្រះចៅក៏ទ្រង់ប្រោស ប្រណីចំពោះអ្នកទាំងពីរនេះណាស់ ប៉ុន្តែទ្រង់ពុំបានដឹងថា ពួកគេជា ព្រះរាជបុត្ររបស់ទ្រង់ឡើយ។ ចំណែក ជ័យសែន វិញ ស្គាល់ព្រះបិតា ច្បាស់ណាស់ តែគេមិនធ្វើជាស្គាល់ទ្រង់ឡើយ។

ចំណែកឯនាយសំពៅដែលនាំព្រះនាង កេសិនី ទៅនោះ មានបំណង ចង់រួមវាសនានឹងព្រះនាងណាស់ ប៉ុន្តែដោយតេជៈសច្ចៈនឹងក្តីស្វាមីភក្តិ ចំពោះព្រះស្វាមី ព្រមទាំងចេស្តាបារមីនៃព្រះបាទ ក្រុងសុភមិត្រ ធ្វើឱ្យ នាយសំពៅមិនអាចចូលជិតព្រះនាងបានឡើយ ថែមទាំងមានសេចក្តីគោរព កោតខ្លាចចំពោះព្រះនាងទៀតផង។

កាលណោះនាយសំពៅបានទៅធ្វើជំនួញនៅក្រុងតក្កសិលា។ ព្រះរាជា ទ្រង់មានព្រះបន្ទូលនឹងនាយសំពៅឱ្យនៅមើលល្ខោនក្នុងមហោស្រព មួយយប់សិន ហើយទ្រង់មានព្រះរាជបញ្ជាឱ្យមហាតលឹកទាំងពីរនាក់ នៅយាមសំពៅក្នុងរាត្រីនោះ។ យប់នោះព្រះនាង កេសិនី ផ្គុំក្នុង សំពៅ។ ទ្រង់ព្រះសុបិនថា ព្រះនាងបានជួបជុំព្រះស្វាមី និងព្រះរាជបុត្រ ដោយសេចក្តីរីករាយ។ ហើយមានបុរសពីរនាក់យកផ្កាឈូកមកថ្វាយព្រះ ស្វាមីៗប្រទានមកឱ្យព្រះនាងៗសៀតលើព្រះកាណ៏ ហើយទ្រង់សោយ លំអងផ្កាឈូកនោះ។

លុះព្រះនាងតើនឡើងទ្រង់ព្រះកន្សែងរំពឹងគិតក្នុងព្រះទ័យថា "ស្អែកនេះ ខ្ញុំប្រហែលជាបានជួបជុំព្រះស្វាមី និងកូនទាំងពីររបស់ខ្ញុំវិញហើយ”។ លុះ ដល់ពេលអាធ្រាត្រ ជ័យទត្ត ក៏លង់លក់ទាំងអង្គុយ ជ័យសែន ក៏ដាស ប្អូនជារឿយៗ។ ជ័យទត្ត មិនចង់ឱ្យការងងុយគ្របសង្កត់ពេកទេ ក៏បាន និយាយនឹងបងថា “សូមបងនិយាយរឿងព្រេងអ្វីមួយឱ្យខ្ញុំស្តាប់បន្តិចមក" បងប្រាប់ប្អូនថា "បងមិនចេះនិយាយរឿងព្រេងទេ តែបងដឹងរឿងខ្លះៗ ដែលយើងព្រាត់ប្រាសអំពីឪពុកម្តាយរបស់យើង"។

ជ័យទត្ត សួរបងទៀតថា "ចុះឪពុកម្តាយយើងសព្វថ្ងៃនេះ?” ជ័យសែន ឆ្លើយថា “ពួកគាត់មិនមែនជាឪពុក ម្តាយបង្កើតរបស់យើងទេ ចាំបង និយាយឱ្យឯងស្តាប់។

ដើមឡើយឪពុកម្តាយយើង ជាស្តេចសោយរាជ្យនៅចម្បាក នគរ។ ព្រះអនុជរបស់ទ្រង់ ព្រះនាម អសុភមិត្រ ជាឧប រាជបានដណ្តើមរាជបល័ង្ក ពីព្រះបិតាយើង។

ព្រះបិតាក៏នាំពួកយើងតូចៗរំដោះខ្លួនរត់ចោលព្រះនគរទាំងយប់លេច វាលចូលព្រៃដរាបដល់ទន្លេមួយ ព្រះវរបិតានាំព្រះមាតាហែលឆ្លងទន្លេ ទៅទុកនៅត្រើយម្ខាង។ បន្តិចមកមានព្រានមច្ឆាអុំទូកចូលមកចាប់យើង ទាំងពីរនាក់យកទៅចិញ្ចឹមរហូតដល់ធំ។ ហើយនាំពួកយើងមកថ្វាយ ព្រះចៅក្រុងតក្កសិលានេះឯង"។ 

ជ័យទត្ត សួរទៀតថា "តើព្រះបិតាមាតា យើងមានព្រះនាមអ្វីទៅ?” ជ័យសែន ផ្តល់ចម្លើយថា “ព្រះមាតាយើង ព្រះនាម កេសិនីទេវី ឯព្រះបិតាបងមិនហ៊ានចេញព្រះនាមព្រះអង្គទេ”។ ព្រោះតែប្អូនទទួចសួរខ្លាំងពេក បងក៏មិនលាក់ប្អូនតទៅទៀតដែរ បង បានប្រាប់ប្អូនថា “សូមឯងកុំនិយាយចេញឈ្មោះព្រះអង្គឱ្យសោះ ព្រះបិតា យើងព្រះនាមព្រះបាទ ក្រុងសុភមិត្រ គឺជាស្តេចក្រុងតក្កសិលានេះឯង”។

ឯព្រះនាង កេសិនី នៅក្នុងសំពៅបានឮសូរសព្ទសំដីនៃបុរសទាំងពីរ និយាយឆ្លើយឆ្លងគ្នាដូច្នោះ ព្រះនាងទ្រង់ជ្រាបច្បាស់ថា ពួកគេពិតជា បុត្រកំសត់របស់ទ្រង់ហើយៗព្រះនាងស្ទុះចេញមករកកំលោះទាំងពីរ ទ្រង់ ព្រះកន្សែងសោយសោក ទ្រង់ឱបព្រះរាជបុត្ររន្ធត់ក្នុងព្រះទ័យក្រៃលែង ព្រះនាងមានព្រះបន្ទូលថា "ជ័យសែន ជ័យទត្ត កូនមាសម្តាយៗនេះ ហើយឈ្មោះ កេសិនីទេវី ចូរកូនស្គាល់ម្តាយចុះ កូនកុំទៅណាចោល ម្តាយអី”។ 

ជ័យសែន ជ័យទត្ត បន្ទាប់ពីបានដឹងជាក់ច្បាស់ជាព្រះមាតា ពិតប្រាកដហើយ ក៏នាំគ្នាស្ទុះទៅឱបជើងព្រះមាតា ទ្រង់តក់ស្លុតរន្ធត់ក្រៃ លែង។ គ្រានោះម្ចាស់សំពៅមកទាន់ឃើញដូច្នេះ ក៏នាំសេចក្តីនេះក្រាប ទូលព្រះចៅក្រុងតក្កសិលាដោយចោទប្រកាន់ថា កំលោះទាំងពីរនាក់នេះ បានលួចមានសាហាយស្មន់នឹងប្រពន្ធរបស់ខ្លួន។

ព្រះចៅក្រុងតក្កសិលាទ្រង់ពិរោធជាខ្លាំង ក៏ត្រាស់ប្រើពេជ្ឈឃាតចាប់ ពួកគេយកទៅពិឃាតបង់។ ឯពេជ្ឈឃាតក៏ចាប់ចងពួកគេវាយដំឥតត្រា ប្រណី ហើយនាំចេញទៅពិឃាតតាមព្រះរាជអាជ្ញា។ ជួនជាកាលណោះ មានបុរោហិតម្នាក់ជាអ្នកមានប្រាជ្ញាឃើញពួកគេបណ្តើរអ្នកទោសទៅ សម្លាប់ដូច្នោះ ទើបចូលទៅក្រាបទូលស្តេចថា “តើព្រះអង្គបានជំនុំ ពិចារណាទោសរួចហើយឬនៅ?” ទ្រង់ត្រាស់ ថា “មិនទាន់ជំនុំជំរះទេ”។

ក៏ទ្រង់បញ្ជាពេជ្ឈឃាតឱ្យនាំពួកគេចូលមកជំនុំជំរះវិញសិន។ ព្រះអង្គបញ្ជាសេនាឱ្យទៅនាំប្រពន្ធនាយសំពៅមកទីជំនុំភ្លាម។ ហើយ គ្រាន់តែ ទ្រង់ទតឃើញព្រះមហេសីភ្លាម បេះដូងពោរពេញដោយក្ដីតក់ស្លុតរន្ធត់ រកថ្លែងអ្វីពុំកើត។

ព្រះអង្គស្ទុះទៅឱបព្រះមហេសី ទ្រង់ព្រះកន្សែងសោយ សោកមហិមា។ ទ្រង់អាណិតអាសូរចំពោះព្រះរាជបុត្រ កំសត់លើសលន់ពន់ប្រមាណ។ ហើយក្សត្រាក្សត្រីទាំងបួន អង្គក៏បានជួបជុំគ្នាយំសោកដោយការកំសត់កម្រ និងការ រាត់និរាសគ្នាអស់កាលដ៏យូរ។ ស្តេច ក្រុងសុភមិត្រ បាន ជួបជុំមហេសី និងព្រះរាជបុត្របណ្តូលព្រះរាជហឫទ័យ ប្រកបដោយព្រះទ័យសោមនស្សរីករាយពន់ពេក។

 នៅទី បំផុត អាមាត្យសព្វមុខមន្ត្រី និងសេនាយោធាគ្រប់លំដាប់ បានរៀបក្បួនដង្ហែក្សត្រាក្សត្រីទាំងបួនអង្គចូលមកក្នុង ព្រះរាជវាំង។ព្រះបាទ ក្រុងសុភមិត្រ ទ្រង់បានជួបជុំព្រះអគ្គមហេសី ហើយទ្រង់លើក ជ័យសែន ជាឧបរាជ ជ័យទត្ត ជាសេនាបតីនៅនគរតក្កសិលានេះ។ ក្សត្រាក្សត្រីទាំងបួនអង្គស្ថិតនៅក្នុងរាជសម្បត្តិអស់កាលជាអង្វែងតទៅ។ ចប់

ភាពស្មោះត្រង់ មានតម្លៃថាង លុយកាក់ទៅទៀត



























0 comments:

Post a Comment