រឿង​ បុរសស្មៅ កន្រ្តើយ

អ្នកទស្សនា: Views

 


រឿង​ បុរសស្មៅ កន្រ្តើយ

កាលពីព្រេងនាយ មានក្មេងប្រុសពីរនាក់ ម្នាក់ឈ្មោះ សុខ និងម្នាក់ ទៀតឈ្មោះ សៅ ជាកូនអ្នកស្រុកភូមិជាមួយគ្នា។ សៅ ជាមនុស្សចិត្ត អាក្រក់ណាស់ បើបានទៅលេងជាមួយនរណាហើយ គេតែងតែរករឿង ឈ្លោះប្រកែកគ្នាមិនដែលខាន។ ម្តាយឪពុករបស់ សៅ ចូលចិត្ត និយាយកាន់ជើងកូនណាស់ បណ្តាជនក្នុងភូមិខឹងហើយស្អប់នឹង សៅ ពន់ពេក។

 ចំណែក សុខ ជាក្មេងកំព្រាស្លូតត្រង់រស់នៅជាមួយជីដូនចាស់ ជរាក្រលំបាកក្រៃពេក។ បើ សុខ ទៅលេងជាមួយក្មេងៗក្នុងភូមិ ពុំដែល ឈ្លោះប្រកែកគ្នាម្តងណាឡើយ។ បណ្តាជនក្នុងភូមិ អាណិតស្រលាញ់ សុទ ហើយគេតែងតែឱ្យនំចំណីមិនដែលខាន។ ម៉្លោះហើយ សៅ ក៏កើត ចិត្តច្រណែន ហើយខឹងមួម៉ៅក្តៅចិត្តកាន់តែកាចឡើងៗ គេចេះតែដើរ ជេរវាយកូនគេឥតញញើតដៃ ចាស់ៗឈ្លោះប្រកែកគ្នាព្រោះតែកាន់ជើង កូនរៀងខ្លួន។

លុះ សុខ និង សៅ ចំរើនវ័យធំឡើង។ សៅ ក៏ទៅបបួល សុខ ថា "វើយ! យើងនាំគ្នាទៅកាប់ដើមឫស្សីធ្វើរនាប ត្បិតផ្ទះរបស់ឯងបាក់ពុក អស់ទៅហើយ។ សុខ ឆ្លើយថា “ខ្ញុំគ្មានកាំបិតមុតមាំទេ ហើយក៏គ្មាន អង្ករត្រីសាច់ផងដែរ”។

 សៅ ប្រាប់ សុខ ថា “មិនបាច់យកអ្វីទេ ខ្ញុំធានា យកទាំងអស់ ឯងមានតែខ្លួនទៅបានហើយ” សុខ ក៏និយាយប្រាប់ជីដូនថា "លោកយាយ! បងសៅ គាត់បបួលខ្ញុំទៅកាប់ឫស្សីលួសរនាបមកជួស ជុលផ្ទះយើង ចំណែកបាយទឹកនៅលើគាត់ទាំងអស់”។

 ជីដូនឃាត់ចៅថា "ចៅកុំទៅព្រៃឫស្សីនោះអី ព្រោះទីនោះស្ងាត់ណាស់”។ ចៅឆ្លើយថា “មិនអីទេលោកយាយ! ផ្ទះយើងពុកបាក់អស់ទៅហើយ បើបានរនាបមក គ្រាន់នឹងជួសជុលកុំឱ្យយាយផុងជើងណាយាយ"។ យាយក៏ផ្តាំ សៅ ថា "ចៅទៅក៏ទៅចុះ តែ ចៅសៅ ឯងមើលថែទាំប្អូន ផង” ហើយពួកគេក៏លាលោកយាយចេញទៅ។

លុះទៅដល់ព្រៃឫស្សី បន្ទាប់ពីកាប់បានឫស្សីល្មមគ្រប់គ្រាន់ហើយ ពួកគេក៏នាំគ្នាលួសជារនាប។ បន្ទាប់មក ពួកគេក៏ឈប់សម្រាកបរិភោគ បាយទាំងពីរនាក់ដោយអង្គុយទល់មុខគ្នា។ សៅ គិតថា "ជីវិត អាសុខ ឯង មុខជាស្លាប់ឥឡូវនេះ” គិតហើយ សៅ ក៏ហូតកាំបិតបន្ទោះចាក់ភ្នែក សុខ ដែលកំពុងហូបបាយ។ សុខ ស្រែកយំឈឺចាប់ជាខ្លាំង "ហេតុអ្វីក៏ បងចាក់ភ្នែកខ្ញុំ?” សៅ ប្រាប់ថា "ឯងស៊ីបាយអញហើយ ចង់យករនាប អញទៀត"។

 សុខ ឆ្លើយថា “កាលបងបបួលខ្ញុំ ខ្ញុំបានប្រកែកថា ខ្ញុំគ្មាន អ្វីទេ តែបងធានាថាមានគ្រប់ទាំងអស់បានជាខ្ញុំមក់ ឥឡូវបើបងចង់បាន រនាបនេះ សូមបងយកទៅចុះ តែបងកុំសម្លាប់ខ្ញុំអី”។

 សៅ សំឡុតថា "ឯងនេះមាត់រឹងណាស់ ឆាប់ភាវនាធម៌ទៅ” ថាហើយ សៅ លើកកាំបិត បន្លោះចាក់ភ្នែក សុខ ម្ខាងទៀតឈាមស្រក់ពេញមុខ។ ធ្វើឱ្យភ្នែក សុខ ងងឹតទាំងសងខាង ណាស្ដាយជីវិត ណាអាណិតជីដូននៅឯផ្ទះ។ សៅ និយាយថា “អញទម្លាក់ឯងទៅឱ្យត្រីស៊ីចុះ”។ ថាហើយ សៅ ធាក់ សុខ ទម្លាក់ចូលទៅក្នុងទឹកស្ទឹងដែលកំពុងតែហូរខ្មួលខ្មាញ់។

សៅ គិតថា សុខ ស្លាប់បាត់ហើយ ក៏ប្រមូលរនាបទាំងអស់ចងបាច់ ត្រលប់ទៅផ្ទះវិញ។ ហើយហួសទៅកុហកដូនចាស់ថា “លោកយាយ! ខ្លាខាំ អាសុទ ស្លាប់បាត់ទៅហើយ”។

 សៅ សប្បាយចិត្តណាស់ដើរ លេងជិតៗផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរឿងឈ្លោះគេដដែល។ ចំណែកដូនចាស់ពេលព្ទ សៅ និយាយដូច្នេះ ក៏យំសោកបោកខ្លួនបៀប នឹងក្ស័យជីវិត "ចៅជីដូនស្ងួននៅឯណា? យាយសែនខ្លោចផ្សាំពេលមិន ឃើញចៅមក”។

និយាយពី សុខ ហែលបណ្តែតខ្លួនតាមខ្សែទឹកហូរ ហើយភាវនារក តែពុទ្ធោៗមិនដាច់ពីមាត់។ លុះហែលទៅដល់អាស្រមឥសីមួយនៅមាត់ស្ទឹង ឥសីនោះមានមហិទ្ធិរិទ្ធិខ្លាំងពូកែណាស់ ជាមួយនឹងក្រពើដែលកំពុងដេក នៅក្រោមអាស្រមឥសី វាអាចតំណែងខ្លួនជាមនុស្សបានទៀតផង។

ពេលក្រពើឃ្លានអាហារ វាស្ទុះចុះទៅក្នុងទឹកស្ទឹងក៏ប្រទះឃើញមនុស្ស កំពុងហែលបណ្តែតខ្លួនតាមខ្សែទឹកហូរ ។ ក្រពើគិតថា “ថ្ងៃនេះមានលាភ ធំណាស់បានសាច់មនុស្សស៊ីម្តងហើយ” ក្រពើហែលទៅជិតឮសម្លេងពុទ្ធោៗ ក៏សង្ស័យក្នុងចិត្ត ហើយមើលទៅភ្នែក សុខ ទាំងពីរឆ្លុះរកប្រស្រីគ្មាន។

 ក្រពើគិតថា “អញគួរតែយកគេទៅថ្វាយលោកតា អញមិនគួរស៊ីមនុស្ស កំសត់នេះទេ”។ ហើយក៏មុជទឹកកៀង សុខ មកដល់លើគោគ។ ក្រពើ តំណែងខ្លួនជាមនុស្សដឹកដៃ សុខ ទៅថ្វាយលោកតា។ ឥសីសួរ សុខ អំពី រឿងដែលបានមកដល់អាស្រម។

សុខ ថ្វាយបង្គំឥសីតាមរឿងពិតគ្រប់ប្រការ លោកតាមានចិត្តមេត្តា ដល់ សុខ ពន់ពេក។ ឥសីមានពុទ្ធដីការថា "ឱ ចៅសៅ អើយ! ហេតុអ្វី ក៏ចៅចិត្តអាក្រក់ម្ល៉េះ? ណ្ហើយចុះចៅកុំព្រួយ សឹមតាជួយចៅឱ្យមានភ្នែក ភ្លឺដូចដើម និងបានទៅជួបជីដូនវិញ”។

 តាឥសីក៏ផ្សំថ្នាំដាក់ភ្នែកសូត្រមន្ត ទិព្វភ្នែក ចៅសុខ រហូតភ្នែកភ្លឺដូចដើម ហើយលោកបានក្ដាប់ដីខ្សាច់មួយ ដៃសែកមន្តទិព្វ៨ដីខ្សាច់ដាក់បាតដៃផ្ដាំ ចៅសុខ ថា "ចៅក្ដាប់ដីខ្សាច់ ឱ្យជាប់កុំលាដៃឱ្យសោះ។ ចាំទៅដល់ផ្ទះ ចៅប្រាប់ជីដូនក្រាលកន្ទេលក្នុង ផ្ទះ សឹមចៅលាដៃដាក់ដីខ្សាច់នេះទៅលើកន្ទេល”។

ឥសីផ្ដាំរួចហើយ ក៏ប្រើក្រពើជូន ចៅសុខ ទៅដល់កន្លែងដែលកាប់ ឫស្សី។ សុខ ត្រឡប់ទៅដល់ផ្ទះវិញ ហើយចូលទៅយំសំពះជីដូនៗឃើញ ចៅ ក៏ស្ទុះមកឱបចៅយំខ្សឹកខ្សួលលួងលោមចៅ “គេប្រាប់យាយថា ខ្លា ខាំចៅស្លាប់ទៅហើយ។

 ម្ចាស់ជីដូនអើយ ជីដូនយំសោកបោកខ្លួនអាសូរ ចៅហៀបនឹងក្ស័យជីវិត ឥឡូវចៅមិនស្លាប់ ជីដូនអរណាស់រកអ្វីប្រៀបផ្ទឹម ពុំបានឡើយ”។ ចៅសុខ និយាយប្រាប់ជីដូនថា “ពេលចៅទៅកាប់ឫស្សី លួសរនាប បងសៅ បានចាក់ភ្នែកចៅធាក់ទម្លាក់ទឹក តែបានក្រពើនាំចៅ ទៅថ្វាយលោកតាឥសី” ជីដូនឮបែបនេះរឹតតែអាណិតចៅខ្លាំងឡើង។

បន្ទាប់មក សុខ ប្រាប់ជីដូនឱ្យក្រាលកន្ទេលក្នុងផ្ទះ។ សុខ លាដៃ ចាក់ដីខ្សាច់លើកន្ទេល។ រំពេចនោះ ក៏កើតជាមាសប្រាក់គរនៅលើ កន្ទេល។ ពីរនាក់ជីដូន និងចៅត្រេកអរជាអនេក បានចាត់ចែងទិញ សំភារសំលៀកបំពាក់ និងសង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិ។

 និយាយពី សៅ ឃើញ សុខ ក៏នឹកឆ្ងល់ក្នុងចិត្តថា “អញចាក់ភ្នែកវាធ្លាក់ទម្លាក់ទឹក ស្មានថាវាស្លាប់ ឥឡូវវានៅរស់ភ្នែកក៏ភ្លឺដូចដើម ថែមទាំងមានទ្រព្យ សម្បត្តិច្រើនទៀត”។ លុះដល់វេលាស្ងាត់ សៅ ស្កាត់មកជួប សុខ និយាយថា “កាលឯង និងខ្ញុំទៅកាប់ប្ញស្សីនោះ បិសាចបានមកសណ្ឋិត រូបខ្ញុំទេ គេឱ្យខ្ញុំចាក់ភ្នែកឯងទាំងសងខាង ហើយធាក់ឯងទម្លាក់ទឹក ខ្ញុំស្មានថាឯងស្លាប់បាត់ទៅហើយ ហេតុ

ដូចម្តេចបានជាឯងនៅរស់ ហើយ មានទាំងទ្រព្យច្រើនជាងគេយ៉ាងនេះ?” សុទ ឆ្លើយថា "បានគុណបងកុំអីខ្ញុំ ក្រលំបាកវេទនារហូតហើយ ដូចបងឃើញស្រាប់ កាលដែលបងច្រានខ្ញុំ ធ្លាក់ចូលទឹកស្ទឹង ខ្ញុំបណ្តែតខ្លួនតាមបណ្តោយខ្សែទឹកហូរ ហើយស្រែក់ រកតែពុទ្ធោៗឥតមានឈប់។ សុខ ក៏បន្តការនិយាយនេះរហូតដល់ចប់។

សៅ ? សុខ ប្រាប់ដូច្នោះ ក៏មានចិត្តលោភលន់ ពន់ប្រមាណ ហើយគិតថា “អញនឹងធ្វើឱ្យបានដូច អាសុខ។ ក្រោយមក សៅ មកជួប សុខ និយាយ ថា “សម្លាញ់អើយ! ខ្ញុំចង់ទៅកាប់ប្ញស្សីនៅព្រៃកន្លែង មុនទៀត ឯបាយទឹកនិងសម្ភារនៅលើខ្ញុំ ឯងទៅតែខ្លួនបាន ហើយ”។

 សុខ ឆ្លើយថា “ទេ! ខ្លាចបងសម្លាប់ខ្ញុំទៀត។ សៅ ប្រាប់ សុខ ថា "មុននោះខ្មោចកម្រោលចូលរូបខ្ញុំទេ ខ្ញុំមិនដឹងខ្លួនទាល់តែសោះ ឯងកុំប្រកាន់ខឹងនឹងខ្ញុំអី”។ សុខ ឆ្លើយថា "ចាំខ្ញុំជូនបង់ទៅ! ត្បិតបង ធ្លាប់មានគុណលើខ្ញុំ ខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះតែបង”។ លុះព្រឹកឡើង សៅ ស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុន ហើយបណ្តើរគ្នាទៅ ដល់ព្រៃឫស្សី។ លុះកាប់បានច្រើនហើយក៏ពុះលួសជារនាប។ បន្ទាប់មក ក៏នាំគ្នាអង្គុយបរិភោគបាយ។ ហេតុតែ សៅ មានចិត្តលោភលន់ចង់បាន ទ្រព្យសម្បត្តិ ក៏ប្រញាប់ហុចកាំបិតបន្ទោះទៅឱ្យ សុខ ប្រាប់ថា "ឯងចាក់ ភ្នែកខ្ញុំទាំងពីរមក!” សុខ ប្រកែកពុំព្រមចាក់ សៅ ចេះតែបង្ខំដដែលៗ "ចាក់មកៗកុំខ្លាចអី” សៅ បង្ខំ សុខ ជាច្រើនដង។

សុខ ក៏ចាក់ភ្នែក សៅ ខ្វាក់ទាំងសងខាង។ សៅ ឈឺពើតខ្លាំងណាស់ តែព្រោះចង់បានប្រាក់ ក៏ឱ្យ សុខ ច្រានខនទម្លាក់ទឹកស្ទឹងដែលកំពុងហរ។ សៅ ប្រឹងស្រែកពទោៗមិនដាច់ពីមាត់ ក្រែងបានជួបនឹងក្រពើ។ សៅ ឈឺភ្នែកជាខ្លាំង នៅតែខំហែលបណ្តែតខនទៅមុខទៀត។ យូរៗទៅ សៅ អសកម្លាំងឈូកទឹកសាបនៅក្នុងទឹកសឹងបាត់ទៅ។ ហើយសាច់ ស្អុយរលេះរលួយ មានត្រីជាច្រើនដណ្ដើមសាច់គ្នាសុំជាអាហារ សល់តែ លលាដ៏ក្បាលអណ្តែតតាមទឹកស្ទឹង។

កូនក្រមុំមហាសេដ្ឋី ឱ្យខ្ញុំប្រុសកាន់លលាដ៏ខ្មោចមកផ្ទះជម្រាបឪពុកថា "លោកពុកៗ! កូនរើសបានលលាដ៏ក្បាលខ្មោចមួយអណ្តែតទឹកស្រែករក តែពុទ្ធោៗ”។ សេដ្ឋីជាឪពុកស្ដាប់ហើយ ក៏ស្ទុះមកមើលឃើញមែន ក៏ឱ្យ គេលាងដុសខាត់ដាក់លើតោក។ លលាដ៏ក្បាលនោះនៅតែរកពុទ្ធោៗ គ្មានឈប់។ រាល់ព្រឹក សេដ្ឋីម្នាក់នេះតែងតែទៅគាល់ព្រះមហាក្សត្រនៅ ព្រះរាជរោងជួបជុំអស់លោកមន្ត្រីពុំដែលខាន។ សេដ្ឋីជំរាបអស់លោក នោះថា "ខ្ញុំមានលលាដ៏ក្បាលខ្មោចមួយ ចេះតែស្រែករកពុទ្ធោៗជាប់ជា និច្ច” អស់លោកស្ដាប់ហើយឆ្លើយថា "លោកកុហក មិនដែលមានក្បាល ខ្មោចឯណាចេះនិយាយទេ ខ្ញុំមិនជឿទេ”។ សេដ្ឋីបញ្ជាក់ទៀតថា “ពិត ប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំទេ យើងភ្នាល់ដាក់មាស១០០តម្លឹង ទៅ”។ មន្ត្រីក៏យល់ព្រមភ្នាល់ជាមួយសេដ្ឋីម្នាក់នោះមែន។

សេដ្ឋីទៅដល់ផ្ទះ ឮលលាដ៏ក្បាលស្រែកពុទ្ធោកោកៗគិតថា "មន្ត្រីទាំងនោះមុខជាចាញ់យើងហើយ”។ សេដ្ឋីយកមាស១០០ តម្លឹង ហើយប្រើកូនក្មួយកាន់តោកដែលដាក់លលាដ៏ក្បាលខ្មោច នោះប្រញាប់ទៅយ៉ាងរហ័ស។ លុះចូលទៅដល់ក្លោងទ្វារកំផែង លលាដ៏ក្បាលខ្មោចបាត់សម្លេងឈឹង។ ពេលចូលទៅដល់ក្នុង ព្រះរាជរោង សេដ្ឋីក៏ដាក់លលាដ៏ក្បាលចំពោះមុខមន្ត្រីទាំងបួននាក់ នោះ ហើយបង្គាប់ថា “ចាំអីទៀត ម្តេចក៏មិនស្រែករកពុទ្ធោៗ ទៀតទៅ” លលាដ៏ក្បាលខ្មោចបាត់សូន្យឈឹង មិនឮរកពុទ្ធោ សោះឡើយ។ បន្ទាប់មក សេដ្ឋីក៏ចាញ់មាស១០០តម្លឹង។ អស់ លោកនោះសើចចំអកថា "អ៊ូយផ្ចង់ណាស់! ថ្លង់នឹងសម្លេងក្បាល ខ្មោច” ហើយទះដៃសើចពេញព្រះរាជរោង។

សេដ្ឋីខឹងនឹងលលាដ៏ក្បាលខ្មោចនេះណាស់ លាអស់លោកចេញមក ដល់ក្រៅកំផែង ស្រាប់តែលលាដ៏ក្បាលខ្មោចនោះស្រែករកពុទ្ធោៗ សេដ្ឋី រឹតតែខឹងខ្លាំងឡើង។ លុះមកដល់ផ្ទះ ប្រើបាវឱ្យយកពូថៅសំពងលលាដ៏ ខ្មោចបោះទម្លាក់ទឹកវិញ។ ឯលលាដ៏ក្បាលខ្មោច ចៅសៅ នោះអណ្តែត តាមទឹកស្ទឹងហូររសាត់ទៅក្រោមរហូតទៅដល់កំពង់វត្ត។ វេលានោះព្រះសង្ឃ និមន្តទៅស្រង់ទឹក បានឃើញលលាដ៏ក្បាលខ្មោចលងរកពុទ្ធោៗ លោកក៏ ស្រង់យកទៅកុដិ រួចដុតលលាដ៍នោះឱ្យសុស ហើយព្រះសង្ឃពិចារណាថា “គួរតែយកកំទេចឆ្អឹងនេះ លាយនឹងម្រ័ក្សណ៍ខូកលាបសរសរព្រះវិហារ បញ្ជូនឱ្យបានមគ្គផលដល់ម្ចាស់លលាដ៏ដែលបានស្លាប់ទៅ ហើយលោក យកន្ទុកសល់បន្តិចបន្តួចយកទៅលាបលនរទេះ ហើយរង់ចាំរហូតដល់ ស្ងួត។

ថ្ងៃមួយ ព្រះអង្គនឹកភ្នកចង់ទៅសួរញាតិញោមក្នុងភូមិ លោកក៏ប្រើ សិស្សដឹកគោមកទឹម ហើយបរទេះចេញទៅ។ លុះបរទេះបានឆ្ងាយបន្តិច រទេះនោះក៏លាន់ភ្លៅ និងដុសជ្រៀតគ្នាដូចធម្មតា។ រហូតបានជួបឧបាសក ឧបាសិកា រទេះក៏ចាប់ផ្តើមឮសូរសម្លេងដូចលោកបញ្ចោរគេថា "មេចោរៗ” ញាប់សិញ។ ឧបាសក ឧបាសិកាពដូច្នេះ ខឹងនឹងព្រះសង្ឃជាខ្លាំង ក៏ស្ដីថា ឱ្យព្រះសង្ឃវិញមិនប្រណី។ ព្រះសង្ឃក៏បង្ខំសិស្សបរទេះទៅមុខទៀត យ៉ាងលឿន។

បន្ទាប់មកក៏បានទៅជួបនឹងនាម៉ឺនមួយក្រុម រទេះនោះក៏លាន់ម្តងទៀត ដូចជាជេរនាម៉ឺនថា "ចោរម្តាយនាម៉ឺនៗ” ពួកនាម៉ឺនទាំងអស់នោះខឹងនឹង ព្រះសង្ឃខ្លាំងណាស់ ក៏ដេញវាយលោកយ៉ាងញាប់ដៃ លោកភ័យកាន់តែ ខ្លាំង ខំបំបោលគោទៅមុខទៀតកាន់តែលឿន។ ព្រះសង្ឃគិតថា “រទេះ អាត្មាអញពីដើមមក មិនដែលឮសូរដូច្នេះទេ រឿងនេះមានតែកំទេចឆ្អឹង លលាដ៏ក្បាលខ្មោចនេះហើយ”។

លុះព្រះសង្ឃត្រលប់មកដល់វត្តវិញ លោកកាប់រទេះដុតនៅទីកន្លែង ដែលដុតលលាដ៏ក្បាលខ្មោចឱ្យឆេះទៅជាផេះទាំងអស់។ នាយសៅ ដែលកាលពីនៅរស់ គេចូលចិត្តឈ្លោះប្រកែកគ្នា និងចូលចិត្តឈ្នានីសគេ ណាស់។ ដូច្នេះហើយ បានជានៅកន្លែងកំទេចផេះនោះមានជាតិ ចៅសៅ ក៏ដុះកើតជា ស្លៀកត្រើយ ដែលចូលចិត្តជាប់សំពត់ខោមនុស្សសព្វ ថ្ងៃនេះ។

"ចិត្តមិនអប់រំ នាំខ្លួនវិនាស" ចប់






























0 comments:

Post a Comment