រឿង ធនញ្ជ័យ
កាលដើមឡើយមានប្តីប្រពន្ធពីរនាក់។ នៅរាត្រីមួយ នាងជាប្រពន្ធបានយល់សប្តិ ឃើញថា “បេះដូង បេះបានទាំងផ្លែ យល់សប្តិឃើញខែៗរះពេញបូណ៌មី"។ លុះនាង ភ្ញាក់ឡើងចាំជាក់ក្នុងសុបិន នាងក៏ដើរទៅផ្ទះតាហោរ តែអ្នកហោរមិននៅៗ តែប្រពន្ធ នាងប្រាប់ប្រពន្ធតាហោរនូវសុបិនរបស់ខ្លួន។
ប្រពន្ធតាហោរយល់ឃើញថា “នាងនិង កើតបានកូនប្រុសមួយ ហើយកូននោះនឹងក្លាយជាលោកធំ” តែប្រពន្ធតាហោរមិនប្រាប់ ដូច្នេះទេ បែរជាប្រាប់នាងថា "កូននេះកើតមកនឹងទៅជាខ្ញុំគេ” នាងស្តាប់ហើយក៏ត្រលប់ទៅ ផ្ទះវិញ។
លុះនាងគ្រប់ខែ នាងសម្រាលបានកូនប្រុសមួយគួរជាទីស្រឡាញ់ ហើយដាក់ ឈ្មោះថា ធនញ្ជ័យ។ ដល់ពេល ធនញ្ជ័យ មានអាយុ៧ឆ្នាំ គេតែងតែដើរលេងនៅ មុខផ្ទះសេដ្ឋីរាល់ថ្ងៃ។ ឯប្រពន្ធសេដ្ឋីកំពុងត្បាញនៅលើផ្ទះក៏ធ្លាក់គ្រាប់ត្រល់ទៅលើដី ហើយស្រែកប្រើ ធនញ្ជ័យ ថា "អាជ័យហ្គាំ! រើសត្រល់ឱ្យអញបន្តិច ធនញ្ជ័យ សួរ ថា "បើខ្ញុំរើសឱ្យ តើមានអ្វីឱ្យមកខ្ញុំ” ប្រពន្ធសេដ្ឋីប្រាប់ថា “អញឱ្យអំបុកឯងចុះ”។
ទើប ធនញ្ជ័យ រើសត្រល់ឱ្យគាត់ ហើយ ធនញ្ជ័យ អង្គុយចាំយកអំបុកពីប្រពន្ធ សេដ្ឋី។ ប្រពន្ធសេដ្ឋីឱ្យអំបុកមួយកញ្ជើទៅធនញ្ជ័យ។ តែ ធនញ្ជ័យប្រកែកថា "អំបុកប៉ុណ្ណឹងខ្ញុំមិនយកទេ” ប្រពន្ធសេដ្ឋីលួង ធនញ្ជ័យ ថា "អាជ័យហ្គាំ! អំបុក នេះច្រើន ណាស់ណាំ”។ ធនញ្ជ័យ កាន់តែខឹងយំទារអំបុកថែមទៀត។
សេដ្ឋីឃើញ ធនញ្ជ័យ យំដូច្នេះ ក៏ដើរចូលមកមើលសួរថា "អាជ័យ! ហេតុអ្វី បានជាឯងយំ” ប្រពន្ធប្រាប់ប្តីថា “ខ្ញុំប្រើវាឱ្យរើសត្រល់ ខ្ញុំថានឹងឱ្យអំបុកទៅវា ឥឡូវខ្ញុំឱ្យអំបុកវាមួយកញ្ជើហើយ វានៅតែមិនព្រមយកទៀត"។
ពេលនោះសេដ្ឋី និយាយថា "ឯងមិនដឹងចិត្តអាជ័យទេហ្គីទុកឱ្យខ្ញុំវិញ"។ សេដ្ឋីចាក់អំបុកចូលចង្អេរកៀរ ឱ្យពេញ និងចាក់អំបុកពេញក្នុងកញ្ជើ ទើបហៅ ធនញ្ជ័យ មកជិតសួរថា "អាជ័យ មកណេះ! អំបុកពីរហ្នឹងឯងយកមួយណា?” ធនញ្ជ័យ ចង្អុលយកអំបុកក្នុងចង្អេរ ព្រោះមានអំបុកពេញហើយធំទៀតផង។ ពេលនោះ ធនញ្ជ័យ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលវាចាក់អំបុកដាក់ក្នុងបង្វេច វាក៏គិតក្នុងចិត្តថា “អញចាញ់បោកសេដ្ឋីនេះ ហើយ អញនឹងផ្ចាញ់ប្រាជ្ញាគាត់ឱ្យបាន ទើបអញសុខចិត្ត”។
ធនញ្ជ័យ ដើរទៅដល់ផ្ទះ និយាយជាមួយនឹងពុកម្តាយថា "លោកពុក អ្នកម៉ែ ខ្ញុំចង់ទៅ នៅបម្រើលោកសេដ្ឋី” ម្តាយ ស្តាប់កូនហើយក៏និយាយនឹង កូនថា "កូនមាសម្តាយ ម្តាយ មិនមានជំពាក់បំណុលសេដ្ឋី នោះទេ ឱ្យម្តាយយកកូនទៅ នៅជាខ្ញុំគេម្តេចនឹងកើតទៅ" ធនញ្ជ័យ ប្រាប់ម្តាយថា "ខ្ញុំ ទៅនៅគ្រាន់តែចង់ផ្ចាញ់ប្រាជ្ញា គាត់តែប៉ុណ្ណោះទេណាម៉ែ!" ម្តាយក៏ឱ្យកូនទៅនៅជាខ្ញុំសេដ្ឋី ចាប់ពីថ្ងៃនោះឯង។ រាល់ ព្រឹកសេដ្ឋីប្រើ ធនញ្ជ័យ កាន់ថង់ស្លាដើរតាមក្រោយធ្វើដំណើរទៅរាជរោង។
ឯធនញ្ជ័យ ដើរក្រដល់ត្បិតសេដ្ឋី ជិះសេះដើរមិនទាន់ឡើយ។ សេដ្ឋីស្រដីថា "អាជ័យ! ឯងដើរដូចម្តេចបានជាមិនទាន់ អញអ៊ីចឹង?" ធនញ្ជ័យ ថា "ត្បិតខ្ញុំខ្លាចជ្រុះប្រអប់ស្លា” ទើបសេដ្ឋីថា "ឯងដើរឱ្យទាន់ អញមកមិនបាច់ខ្លាចជ្រុះទេ” ធនញ្ជ័យ ស្ដាប់ហើយឆ្លើយថា បាទ។ លុះថ្ងៃក្រោយ មកទៀត សេដ្ឋីឡើងជិះសេះដូចសព្វដង ធនញ្ជ័យ ក៏ធ្វើជាជ្រុះប្រអប់ស្លាអស់ពីថង់។ ពេលទៅដល់សាលា សេដ្ឋី ចុះពីលើខ្នងសេះឡើងទៅជួបជុំអស់នាហ្មឺនតូចធំ ហើយ ហៅ ធនញ្ជ័យ យកប្រអប់ស្លាមកហូប។ ឯ ធនញ្ជ័យ យកថង់ស្លាជូនសេដ្ឋីហើយ ក៏ថយមកអង្គុយនៅកន្លែងមួយដ៏សមគួរ។ សេដ្ឋីឃើញតែថង់ទទេក៏ខ្មាសគេមិនហ៊ាន និយាយស្តី។
លុះដល់ពេលត្រលប់ទៅផ្ទះវិញ ហៅ ធនញ្ជ័យ មកជិតសួរថា "អាជ័យ! ម៉េចក៏ធ្លាក់ប្រអប់ស្លាអស់អ៊ីចឹង" ធនញ្ជ័យ ជម្រាបថា "ខ្ញុំខ្លាចដើរមិនទាន់លោកតា បានជាខ្ញុំមិនហ៊ានឈប់រើស ត្បិតលោកតាផ្ដាំខ្ញុំថា ត្រូវតែរត់ឱ្យទាន់នោះអី”។ សេដ្ឋី បង្គាប់ទៀតថា “លើកក្រោយបើមានអីជ្រុះត្រូវរើសកុំឱ្យសល់”។ លុះព្រឹកឡើង សេដ្ឋី ជិះសេះទៅគាល់ស្ដេចដូចធម្មតា។
ឯ ធនញ្ជ័យ យូរថង់ស្លាដើរតាមក្រោយដោយយកចិត្តទុកដាក់។ រំពេចនោះ សេះ ជុះអាចម៍នៅតាមផ្លូវ ធនញ្ជ័យ រើសអាចម៍សេះដាក់ថង់ស្លាមិនឱ្យសល់។ លុះទៅ ដល់ទីជំនុំ សេដ្ឋីទាញថង់ស្លាពី ធនញ្ជ័យ ស្រាប់តែឃើញអាចម៍សេះពេញថង់ក៏ខ្មាស អស់នាម៉ឺនពេញព្រះរាជរោង។
លុះទៅដល់ផ្ទះវិញ សេដ្ឋីប្រាប់ ធនញ្ជ័យ ថា "អាជ័យ! ឯងមិនបាច់ដើរតាមអញ ទៀតទេ ឯងទៅចាំចំការវិញចុះ”។ នៅពេល ធនញ្ជ័យ ចាំចំការ មានគោក្របីជា ច្រើនចូលស៊ីដំណាំ ធនញ្ជ័យ មិនដេញសត្វទាំងអស់នោះទេ ធ្វើឱ្យដំណាំខ្ទេចខ្ទីគ្មាន សល់។ សេដ្ឋីឃើញដូច្នេះក៏ស្តីបន្ទោស ធនញ្ជ័យ ថា "អាជ័យ! ឯងរវល់ធ្វើអីបានជា បណ្តោយ ឱ្យគោស៊ីដំណាំអស់យ៉ាងនេះ"។ ធនញ្ជ័យ ថា "បានជាខ្ញុំមិនដេញវា ត្បិត លោកតាគ្រាន់តែប្រើខ្ញុំឱ្យចាំចំការតែប៉ុណ្ណោះ"។
សេដ្ឋីថា "ឯងចាំចំការមិនបានទេ ឯងទៅ ឃ្វាលគោវិញ”។ ធនញ្ជ័យ ថា "ខ្ញុំឃ្វាលគោក៏បាន ដែរ តែគោញីទាំងអស់នោះជាប្រពន្ធរបស់ខ្ញុំ” រួច ហើយ ធនញ្ជ័យ ក៏ចេញទៅឃ្វាលគោ។ នៅកន្លែង ឃ្វាលគោ មានគោឈ្មោលមកពាក់គោញី ធនញ្ជ័យ បានចាប់គោឈ្មោលទាំងអស់នោះចងទុក។
ម្ចាស់គោឈ្មោលមកសុំយកទៅវិញ ធនញ្ជ័យ ប្រាប់ថា “គោអ្នកឯងបានលួច ប្រពន្ធខ្ញុំ បើចង់បានគោទៅវិញទាល់តែយកប្រាក់មកលោះ។ កាលបើម្ចាស់គោបានឮ ធនញ្ជ័យ ថាដូច្នោះហើយ ក៏ទៅជម្រាបសេដ្ឋីអំពីរឿងនេះ។ សេដ្ឋីគិតថា "អញប្រើ អាជ័យនេះនឹងកើតរឿងច្រើនទៀត” ក៏ហៅ ធនញ្ជ័យ មកសួរថា "មើល៍អាជ័យ! ដូចម្តេចបានជាឯងទៅចាប់គោគេដូច្នេះ” ធនញ្ជ័យថា "ខ្ញុំបានជម្រាបលោកតាហើយ ថាមេគោទាំងនេះជាប្រពន្ធខ្ញុំ ឥឡូវគោឈ្មោលទាំងអស់នេះចង់ប្រពន្ធខ្ញុំ ហេតុដូច្នេះ បានជាខ្ញុំចាប់ទុកប្តឹងលោកតា”។ សេដ្ឋីស្ដាប់ ធនញ្ជ័យ និយាយដូច្នោះស្រដីថា "ឯង ឱ្យគោទៅម្ចាស់គេវិញចុះ ហើយមិនបាច់ទៅឃ្វាលគោទៀតទេ អញឱ្យឯងធ្វើការក្នុង ផ្ទះវិញ"។
សេដ្ឋីថា "ឯងទៅហៅអ្នកណាដែលធ្វើឱ្យភ្លើងឆេះមកជួបអញ” ធនញ្ជ័យ ដើរទៅ លើកជើងក្រានមកជូនសេដ្ឋីហើយជម្រាបថា “ជើងក្រាននេះហើយជាអ្នកដើមភ្លើង” សេដ្ឋីស្តាប់ហើយពិចារណាថា “អញប្រើអាជ័យនេះមិនបានទេ បើប្រើវាតទៅទៀត ឃើញថា នឹងបាត់បង់ទ្រព្យសម្បត្តិច្រើនជាងនេះទៅទៀត បើដូច្នេះ មានតែនាំវាទៅ ថ្វាយព្រះរាជាឱ្យស្រលះពីខ្លួនទើបល្អ”។
លុះព្រឹកឡើង សេដ្ឋីរៀបចំខ្លួនយក ធនញ្ជ័យ ទៅគាល់ស្តេច។ សេដ្ឋីក្រាបបង្គំទូល ស្តេចថា "សូមទានប្រោស ទូលព្រះបង្គំជាខ្ញុំមានក្មេ មានក្មេងម្នាក់មានប្រាជ្ញាណាស់ គេចេះកុហក ដេញប្រាជ្ញាមិនទាន់ឡើយ ឥឡូវនេះទូលបង្គំយកគេមកថ្វាយជាខ្ញុំល្អងធូលីព្រះបាទ”។ មហាក្សត្រស្តាប់ហើយសួ យសួរ ធនញ្ជ័យ ថា "មើលអាជ័យ! ឯងចេះកុហកមែនទេ” ធនញ្ជ័យ ថា "ចេះមែនក្រាបទូល"។ ស្តេចថា “ឥឡូវឯងកុហកយើងមកមើល” ធនញ្ជ័យ ថា “ក្បួនកុហកនៅក្នុងផ្ទះឯណោះក្រាបទូល”។ ទើបស្ដេចត្រាស់ប្រើមហា តលិកម្នាក់ទៅយកក្បួនកុហកអំពីផ្ទះ ធនញ្ជ័យ។ មហាតលិកទៅដល់ប្រាប់ម្តាយ ធនញ្ជ័យ ឱ្យយកក្បួនកុហកនោះចេញមក តែម្តាយ ធនញ្ជ័យ ថាគ្មានទេ។ មហា តលិកត្រឡប់មកវិញ ទូលព្រះអង្គតាមដំណើរ ទើបស្ដេចមានព្រះបន្ទូលសួរ ធនញ្ជ័យ ថា “អាជ័យ! ឯងថាក្បួនកុហកនៅឯផ្ទះ ឥឡូវនេះម្តាយឯងថាគ្មានទេ” ទើប ធនញ្ជ័យ ថា “នេះហើយហៅថាកុហក សូមទ្រង់ជ្រាប”។ ស្តេចទាល់តំរិះក៏នៅស្ងៀម ហើយ ព្រមទទួល ធនញ្ជ័យ អោយរស់នៅក្នុងរាជវាំង។
ស្តេចគិតថា “អញនឹងល្បងប្រាជ្ញាអាជ័យលមើល” ហើយស្ដេច យាងទៅកំពង់ទឹក ហៅអស់នាម៉ឺនតូចធំលាក់ពងមាន់ម្នាក់មួយចុះ ទៅក្នុងទឹកជាមួយ ធនញ្ជ័យ។ លុះពួកគេងើបឡើងស្រែកថា "តុក្កតត ពងមួយ...” ហើយយកពងមាន់មកថ្វាយស្ដេចគ្រប់ៗគ្នា។ ឯ ធនញ្ជ័យ នៅក្រោយគេរកពងមាន់មិនបាន ងើបឡើងស្រែកថា "ក៏គគិគលគក"។ ស្ដេចមានព្រះបន្ទូលសួរថា “អាជ័យ! ឯណាពងមាន់” ធនញ្ជ័យ ទូល ថា "ត្បិតទូលបង្គំនេះជាមាន់ឈ្មោលជាន់មាន់ញីទាំងអស់នេះទើប មានពង ក្រាបទូល” ស្តេចព្រះសណ្តាប់ហើយក៏កោតប្រាជ្ញា ធនញ្ជ័យ ណាស់ ហើយសួរ ធនញ្ជ័យ ថា "អាជ័យ! ឯងមានអាយុប៉ុន្មានឆ្នាំ ហើយ”។ ធនញ្ជ័យ ក្រាបទូលថា "ទូលបង្គំមានអាយុ១១ឆ្នាំហើយ។
ថ្ងៃមួយស្តេចយាងទៅប្រពាតព្រៃហើយបង្គាប់ ធនញ្ជ័យ ថា "អាជ័យ! អញឱ្យឯង ជិះដំរីដែលដាក់ក្រយាស្ងោយ បើជិះមិនទាន់អញទេឯងនឹងមានទោស។ ឯដំរីនោះ ទៀតសោតចាស់ដើរមិនទាន់គេឡើយ ធនញ្ជ័យ ធ្វើក្ដោងហើយយកថ្កោលដោលផង ព្រះមហាក្សត្រទៅដល់ព្រះពន្លារក ធនញ្ជ័យ មិនឃើញ ទ្រង់មានព្រះតំរិះយល់ឃើញ ថា អាជ័យនេះមុខជាខុសមិនខាន។ បន្តិចក្រោយមកទើប ធនញ្ជ័យ មកដល់ មហាក្សត្រ សួរ ធនញ្ជ័យ ថា "ឯងជិះដំរីដូចម្តេចបានជាមិនទាន់អញអ៊ីចឹង” ធនញ្ជ័យ ទូលថា "ត្បិតដំរីមិនដើរ ទូលព្រះបង្គំជាខ្ញុំធ្វើក្ដោងបើក ហើយយកថ្កោលដោលផង ទូលបង្គំ មិនបានប្រហែសទេ សូមទ្រង់ជ្រាប” ស្តេចព្រះសណ្តាប់ហើយក៏នៅស្ងៀម។
ស្តេចគិតក្នុងព្រះទ័យថា “អាជ័យនេះមានប្រាជ្ញាណាស់ តើគិតធ្វើដូចម្តេចដើម្បី ផ្ចាញ់ប្រាជ្ញាវាបាន” ស្តេចបញ្ជាអស់នាម៉ឺនសព្វមុខមន្ត្រីឱ្យរកសេះម្នាក់មួយហែព្រះអង្គ ទៅប្រពាធព្រៃ បើអ្នកណាគ្មានសេះជិះនឹងមានទោស។ មហាក្សត្របង្គាប់ ធនញ្ជ័យ ថា "អាជ័យ! ឯងហែអញទៅប្រពាធព្រៃហើយរកសេះជិះផង"។ ធនញ្ជ័យ រត់ទៅខ្ចី សេះគេ គ្មាននរណាម្នាក់ហ៊ានឱ្យសេះខ្ចីឡើយ។ ធនញ្ជ័យ ទាល់តំរិះក៏ទៅយកសេះ កូនអុកក្ដាប់នឹងដៃ ហែស្ដេចទៅនឹងគេដែរ។ ព្រះមហាក្សត្រទៅដល់ព្រះពន្លាទតឃើញ ធនញ្ជ័យ រត់ខ្លាញ់ក៏សួរថា "អាជ័យ! អញឱ្យឯងជិះសេះមក ឥឡូវសេះឯងនៅឯ ណា?” ធនញ្ជ័យ បង្ហាញកូនសេះអុកទូលព្រះអង្គថា "សេះនេះហើយដែលទូលបង្គំ ជិះមក” ស្តេចទាល់តំរិះក៏នៅស្ងៀមមិនយកទោសអ្វីឡើយ។
នៅថ្ងៃបន្ទាប់ ស្ដេចបញ្ជាឱ្យ ធនញ្ជ័យ បោសសំអាតនៅក្រោម ដំណាក់។ ធនញ្ជ័យ ក៏រៀបចំខ្លួនចូលទៅបោសសំអាតនៅទីនោះ អស់អ្នកម្ខាងឃើញ ធនញ្ជ័យ នៅពីក្រោមក៏នាំគ្នាដើរទទ្រាំជើងលើ ក្បាល ធនញ្ជ័យ។ គិតថា "អស់អ្នកម្ខាងនេះចូលចិត្តដើរទទ្រាំលើ ក្បាលអញណាស់ បើដូច្នេះអញធ្វើយ៉ាងណាកុំឱ្យស្ដេចប្រើអញមក បោសទីនេះទៀត"។ បន្ទាប់មក ធនញ្ជ័យ ក៏ស្រែកជេរខ្លាំងៗថា "មេចោរដកទង បានស៊ីក៏ដោយសារគូទ មិនបានស៊ីក៏ដោយសារ គូទ” អ្នកម្ខាងទាំងអស់ខឹងណាស់ក៏បបួលគ្នាទៅទូលពិតស្ដេច។ ស្តេច ក្រេវក្រោធជាខ្លាំងហើយបន្ទោស ធនញ្ជ័យ ថា "អាជ័យ! ហេតុអ្វី បានជាឯងជេរបញ្ចោរអស់ប្រពន្ធអញ"។ ធនញ្ជ័យ ថា "ទូលព្រះបង្គំ ជាខ្ញុំមិនបានជេរបញ្ចោរអស់អ្នកម្ខាងនោះទេ កាលដែលទូលបង្គំ ចូលទៅបោសសំអាត មានសំបុកពីងពាងជាច្រើនជាប់ក្បាលទូលបង្គំ ទើបទូលបង្គំជេរពីងពាងយ៉ាងនេះ សូមទ្រង់ជ្រាប"។ តាំងពីថ្ងៃ នោះមក មហាក្សត្រមិនដែលប្រើ ធនញ្ជ័យ ឱ្យទៅបោសក្រោម ដំណាក់ទៀតឡើយ។
ព្រះអង្គមានព្រះតំរិះយល់ឃើញថា “អញដេញប្រាជ្ញាអាជ័យមិនទាន់ សោះ បើដូច្នោះ អញនឹងលេងជល់មាន់ម្តង” ហើយហាមប្រាមមនុស្សទាំង អស់ មិនឱ្យអាជ័យខ្ចីមាន់ឬលក់មាន់ឱ្យឡើយ។ លុះព្រឹកឡើង ស្ដេចយក មាន់មកដល់នៅមុខព្រះលាន ហើយមានបន្ទូលនឹង ធនញ្ជ័យ ថា "អាជ័យ! ឯងទៅរកមាន់មកជល់នឹងមាន់អញឥឡូវនេះ"។ ធនញ្ជ័យ រកមាន់មិនបាន គិតថា "ព្រះមហាក្សត្រចង់ផ្ចាញ់ប្រាជ្ញាអញទៀតហើយ” ទើប ធនញ្ជ័យ ចាប់កូនមាន់មកជល់នឹងមាន់ស្តេច"។ លុះមកដល់ទ្រង់មានព្រះបន្ទូលថា "អាជ័យ! ឆាប់យកមាន់ឯងចេញមក ធនញ្ជ័យ លីបន្ទូលតឿនដូច្នោះ ក៏ចាប់កូនមាន់ដែលគ្របនឹងក្រណាត់សមកជល់នឹងមាន់ព្រះរាជា។ ឯកូន មាន់ឃើញមាន់ធំនោះស្មានថាជាមេរបស់វា ក៏រត់ទៅសសុលក្រោមពោះ មាន់ជល់។ ចំណែកមានព្រះរាជារសើបខ្លាំងពេកក៏រត់ចេញយ៉ាងលឿន។ ធនញ្ជ័យ ទះដៃស្រែកថា "ឈ្នះហើយៗ” ព្រះមហាក្សត្រទតឃើញដូច្នោះ ក៏អៀនព្រះទ័យពន់ពេកហើយប្រកាសមិនឱ្យ ធនញ្ជ័យ ចូលក្នុងរាជវាំង រយៈពេល១០ឆ្នាំ។ ឯ ធនញ្ជ័យ ស្តាប់ហើយក៏ទៅនៅឯផ្ទះរបស់ខ្លួនវិញ។
បួនថ្ងៃក្រោយមក ស្ដេចនិមន្តលោកគ្រូសង្គ្រាជចូលទៅទេសនាក្នុងព្រះរាជវាំង។ ធនញ្ជ័យ ដឹងដូច្នោះហើយ ក៏ទៅអង្គុយក្នុងសាលាជួបអស់នាម៉ឺនតូចធំនិយាយយ៉ាង ព្រងើយថា "ថ្ងៃនេះស្តេចនឹងហៅខ្ញុំចូលវាំងហើយ ឯនាម៉ឺនឮ ធនញ្ជ័យ ថាដូច្នោះ ក៏សើចទាំងអស់គ្នា។ បន្ទាប់មកលោកគ្រូសង្គ្រាជក៏និមន្តមកដល់ ធនញ្ជ័យ ស្រដីថា "មើលសក់ក្បាលខ្ញុំដូចសក់ក្ងោក មើលទៅមុខលោកគ្រាន់ជាងគូទខ្ញុំ”។ លោកគ្រូ សង្គ្រាជស្តាប់ហើយខ្ញាល់នឹង ធនញ្ជ័យ ណាស់ក៏ទៅទូលព្រះមហាក្សត្រអំពីរឿងនេះ។ ស្ដេចត្រាស់ប្រើមហាតលិកម្នាក់ឱ្យទៅហៅ ធនញ្ជ័យ ចូលគាល់។ ធនញ្ជ័យ មកដល់ ក្រាបបង្គំដោយស្ងៀមស្ងាត់។ ឯព្រះមហាក្សត្រមានបន្ទូលសួរថា "អាជ័យ! ហេតុអ្វីបានជាឯងដៀលព្រះសង្ឃ?” ធនញ្ជ័យ ថា "ទូលព្រះបង្គំថាមែន តែមិនមែន ដៀលត្មះលោកទេ ពាក្យនេះជាឧបមាឱ្យខ្លួនទូលព្រះបង្គំទេតើ ត្បិតព្រះអង្គបានចូល វាំង ឯទូលបង្គំមិនបានចូលវាំង ទើបស្រដីដូច្នេះ”។ ព្រះមហាក្សត្រស្តាប់ហើយ ទើប មានព្រះបន្ទូលនឹងព្រះសង្ឃថា “សូមព្រះតេជគុណកុំខ្ញាល់នឹងអាជ័យអី វាឧបមា ឱ្យខ្លួនវាទេតើ”។
ក្រោយមក ស្ដេចបញ្ជាអស់ស្រីៗក្នុងរាជវាំងទៅជុះអាចម៍ដាក់ផ្ទះ ធនញ្ជ័យ។ អស់ ស្រីៗទៅដល់ប្រាប់ ធនញ្ជ័យ ថា "ត្បិតព្រះរាជាប្រើពួកយើងឱ្យមកជុះអាចម៍ដាក់ផ្ទះ ឯង" ធនញ្ជ័យ ថា "បើស្តេចមានបន្ទូលដូច្នេះហើយ ខ្ញុំមិនហ៊ានឃាត់ពួកនាងទេ ចង់ជុះក៏ជុះចុះ តែកុំនោមឱ្យសោះ បើនោមផងទុកជាល្មើសនឹងព្រះបន្ទូលហើយ”។ ធនញ្ជ័យ ដើរមើលឃើញស្រីណានោមហើយ ក៏វាយស្រីនោះមិនញញើតដៃ។ ពួក ស្រីៗខឹងណាស់ ក៏ទៅទូលស្ដេចតាមដំណើរ។ នៅមាន(ត)

























0 comments:
Post a Comment