រឿង មេខ្មោចអស្ចារ្យ

អ្នកទស្សនា: Views

 


រឿង មេខ្មោចអស្ចារ្យ  

ជាយូរលង់ណាស់មកហើយ មានស្ទឹងមួយមានភាពស្ងាត់ជ្រងំប្រជាជន ដែលរស់នៅទីនោះមានការភិតភ័យជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ មាន មនុស្សជាច្រើនត្រូវខ្មោចលង ហើយលោះព្រលឹងឈឺស្លាប់ជាបន្តបន្ទាប់។

ថ្ងៃមួយ មានស្ត្រីម្នាក់បានត្រឡប់មកពីធ្វើស្រែវិញនាពេលព្រលប់បន្តិច ក៏ដើរមកដល់មាត់ស្ទឹង ស្រាប់តែឃើញក្មេងស្រីម្នាក់រូបរាងស្អាតបាតដើរ តម្រង់មកជិតគាត់និយាយថា "អ្នកមីងឈប់សិន ! ខ្ញុំសុំឆ្លងទៅជាមួយ នឹងមីងដែរ”។

មីងក៏ឆ្លើយថា “ហេតុអីក៏នាងមិនឆ្លងទៅដោយខ្លួនឯងទៅ” នាង បន្ថែមទៀតថា “អត់ទេ ! ខ្ញុំខ្លាចលង់ទឹកណាស់ សូមអ្នកមីងជួយ ចម្លងខ្ញុំផង"។ មីងក៏ព្រមអៀវនាងឆ្លងទឹកស្ទឹងតាមការអង្វររបស់នាង។

លុះដល់ពាក់កណ្តាលស្ទឹង នាងក៏បញ្ចេញសកម្មភាពប្រែរូបរាងជា អាក្រក់ ដកកយ៉ាងវែង សក់បះកន្លែងកទ្រើង ភ្នែកលានដូចក្តាមហូរ ចេញសុទ្ធតែឈាមក្រហមច្រាល ធ្លាក់អណ្តាតភ្លឹបភ្លែតៗ។ មីងឃើញ ភ្លាមក៏ភ័យរន្ធត់ព្រឺរោមបណ្តាលឱ្យគាត់បាត់ស្មារតីស្ទើរគាំងបេះដូងស្លាប់។

មីងខំរត់ទាំងត្រដាបត្រដួសទើបមកដល់ផ្ទះវិញ គាត់ហត់ដង្ហក់បាត់ វិញ្ញាណធ្លាក់ខ្លួនឈឺរវើរវាយ ដាច់បាយដាច់ទឹកជ្រុះសក់ស្គមស្គាំងរីងរៃ រហូតដល់បាត់បង់ជីវិត។

នៅពេលថ្ងៃរៀបអស្តង្គត ទិដ្ឋភាពមាត់ស្ទឹងពោរពេញទៅដោយ ភាពស្ងាត់ជ្រងំ គ្មានមនុស្សណាហ៊ានមកក្បែរទីនោះឡើយ ព្រោះស្ទឹង នោះមានខ្មោចជាច្រើនចាំយកព្រលឹងមនុស្សដែលមកឆ្លងទឹកទីនេះ។

នៅរសៀលថ្ងៃមួយ មានបុរសមួយក្រុមនាំគ្នាផឹកស្រាតាំងពីថ្ងៃត្រង់ រហូតដល់ពេលព្រលប់។ បុរសម្នាក់ដាស់តឿនពូឆើតថា “នែលោក បងឆើត ! បងល្មមត្រឡប់ទៅផ្ទះវិញហើយ ព្រោះពេលយប់មានខ្មោច ច្រើនណាស់”។ ពូឆើតឆ្លើយយ៉ាងព្រងើយថា “កុំនិយាយពីរឿងខ្មោច រកតែខ្មោចមកធ្វើថ្នាំក៏មិនបានផង”។

លុះយប់បន្តិចទើបពូឆើតត្រឡប់ទៅផ្ទះវិញ នៅតាមផ្លូវទឹកសន្សើម ក៏ធ្លាក់ ខ្យល់ក៏បក់មករំភើយៗមកប៉ះខ្លួនត្រជាក់ស្រីបដូចទឹកអម្រិត ឆ្កែ លូយ៉ាងគ្រលួចឮសម្លេងល្វើយៗនាពេលរាត្រីស្ងាត់ ។ ពូឆើតដើរ មកដល់មាត់ស្ទឹងស្រាប់តែឃើញស្រីម្នាក់រូបរាងស្រស់ស្អាតដូចទេពធីតា។

ពូឆើតឃើញដូច្នេះក៏និយាយនឹងនាងថា "នែនាង! ហេតុអ្វីក៏នាង មកអង្គុយនៅទីនេះ?” នាងឆ្លើយដោយទឹកមុខស្រពាប់ស្រពោនវិញថា "ខ្ញុំចង់ឆ្លងទឹកទៅត្រើយម្ខាង ប៉ុន្តែខ្ញុំមិនហ៊ានឆ្លងសោះ ព្រោះខ្ញុំខ្លាច ទទឹកសំលៀកបំពាក់ថ្មីរបស់ខ្ញុំ” ។

ពូឆើតគិតថា “នាងនេះប្រហែលជាខ្មោចហើយ បានជាហ៊ានមក អង្គុយនៅទីនេះតែម្នាក់ឯងដូច្នេះ” ពូឆើតប្រាប់នាងថា “មិនអីទេ ! ចាំ ខ្ញុំជួយចម្លងនាងចុះ”។

ពេលនាងឮពូឆើតនិយាយដូច្នេះ ក៏សើចសប្បាយក្រៃលែង ព្រោះថា មានឱកាសល្អមកដល់ទៀតហើយ។ នាងអោបកពូឆើតថ្នមៗ។ ពេល នោះ ពូឆើតក៏យកក្រមាចងខ្លួននាងជាប់ជាមួយនឹងគាត់ជាប់។

ការចងបែបនេះហាក់បីដូចជាបានត្រៀមទុកជាមុន។ នាងឆ្ងល់ក៏សួរ ពូឆើតថា “បងប្រុស ! ហេតុអ្វីក៏បងចងដូច្នេះ?” ពូឆើតផ្តល់ចម្លើយថា “បាទអ្នកនាង ! ខ្ញុំចងឱ្យជាប់ព្រោះខ្លាចនាងធ្លាក់ទឹក”។ លុះពូឆើត ឆ្លងដល់កណ្តាលទឹកស្ទឹង ស្រីស្រស់ក៏ចាប់ផ្តើមបញ្ចេញសកម្មភាពដាក់ ពូឆើតភ្លាម។

នាងលានអណ្តាតយ៉ាងវែង ហើយធ្វើសក់កន្ទ្រីងកទ្រើង ក្នុងភ្នែក មើលទៅឃើញសុទ្ធតែឈាមកំពុងតែហូរចេញមក នាងស្រែកយ៉ាង គ្រលួច។ តែទោះជានាងខំធ្វើយ៉ាងនេះក៏ដោយ ក៏ពូឆើតមិនខ្លាចនាងដែរ នាងកាន់តែបន្លាច ពូឆើតកាន់តែសើចសប្បាយ ។

ពូឆើតអៀវនាងឆ្លងទៅឆ្លងមកជាច្រើនសា។ នាងមានការភិតភ័យ យ៉ាងខ្លាំងក៏សុំអង្វរពូឆើតថា "សូមមេត្តាលែងខ្ញុំទៅ ខ្ញុំឈប់លងគេ ទៀតហើយ”។ ទោះជានាងខំនិយាយយ៉ាងណាក៏ដោយ ក៏ពូឆើតមិន ព្រមស្ដាប់ពាក្យអង្វររបស់នាងដែរ។

នាងខំប្រើមធ្យោបាយគ្រប់វិធីទាំងអស់ នាងស្រែកលាន់ឮរំពងគួរឱ្យ

ខ្លាច។ តែបុរសនោះចិត្តរឹងដូចថ្ម គឺគិតតែដើរៗរហូតដល់មេឃជិតភ្លឺ

នៅតែមិនព្រមឈប់ទៀត។ គ្រាន់តែឃើញផ្ទៃមេឃក្រហមព្រៀងៗ នាង

រឹតតែភ័យ។ មិនដឹងធ្វើយ៉ាងណានាងក៏ប្រែកាឡាខ្លួនជាដុំឈើមួយកង់។

ពេលពូឆើតមកដល់ផ្ទះវិញ គាត់ក៏យកដុំឈើនោះមកស្មោះជាបន្ទះ ស្ដើងៗ។ រំពេចនោះស្រាប់តែមានហូរឈាមចេញពីសំបកឈើ។ ពេលនោះពូឆើតក៏យកបន្ទះឈើនោះមកត្រាំស្រាផឹក។

ពេលពូឆើតចេញដើរមកក្រៅម្តងៗ ពួកខ្មោចទាំងនោះនាំ គ្នាស្រែកថា "ពួកយើងនាំគ្នារត់មនុស្សស៊ីខ្មោចមកដល់ហើយ” ពួកខ្មោចក៏ចែកផ្លូវគ្នារត់បែកខ្ចាត់ខ្ចាយរកកន្លែងថ្មីរស់នៅរៀងៗ ខ្លួន។ ពួកខ្មោចទាំងអស់ដាក់ឈ្មោះឱ្យពូឆើតថា “មេខ្មោច”។

កាលណោះប្រជាជនដែលរស់នៅក្បែរដងស្ទឹងទាំងអស់នាំគ្នាមក អរគុណដល់ពូឆើត ព្រោះគាត់ជាបុរសក្លាហានដែលបានកំចាត់ក្រុម ខ្មោចឱ្យរត់ខ្ចាត់ខ្ចាយអស់។ មិនតែប៉ុណ្ណោះអ្នកស្រុកក៏នាំគ្នាធ្វើបុណ្យ ដាក់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណខ្មោចទាំងអស់ ឱ្យទៅចាប់ជាតិ និងទៅកាន់សុគតិភពរៀងៗខ្លួន។

ចាប់តាំងពីថ្ងៃនោះមក ប្រជាជនដែលរស់នៅទីនោះ ក៏បានឆ្លងស្ទឹង ទាំងយប់ទាំងថ្ងៃមិនមានខ្មោចណាមកលងម្តងទៀតឡើយ ។ ចឋ

បើគ្មានសេចក្តីក្លាហាន និងការតាំងចិត្ត ពិតជាគ្មានសេចក្ដីរុងរឿងឡើយ



























0 comments:

Post a Comment