រឿង​ សត្វតាវ៉ៅ

អ្នកទស្សនា: Views

 រឿង​ សត្វតាវ៉ៅ

កាលពីព្រេងនាយ មានបងប្អូនកំព្រាពីរនាក់រស់នៅក្បែរជើងភ្នំ។ ចាប់តាំងពីឪពុកម្តាយរបស់ពួកគេស្លាប់ចោលទៅ បងប្អូនទាំងពីរនាក់នេះ រស់នៅយ៉ាងលំបាក។ បងប្រុសមានចិត្តសន្តោសប្រណីចំពោះប្អូនស្រី និងថែទាំនាងគ្រប់បែបយ៉ាងទាំងអស់។ រាល់ថ្ងៃបងប្រុសតែងតែដើរជីក មើមដំឡូងថ្លឹងមកស្ងោរធ្វើជាអាហារ។

ជាធម្មតានៅពេលស្ងោរដំឡូងឆ្អិន បងកាត់ខាងក្បាល

និងខាងចុងមើមមកញ៉ាំខ្លួនឯង ហើយយកសាច់កណ្តាលហុចឱ្យប្អូនស្រី ញ៉ាំទាំងអស់។ មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏និយាយទៅកាន់បង ថា “នែបង ! ឱ្យខ្ញុំញ៉ាំខាងក្បាលនិងខាងចុងមើមម្តងមក”។ បងប្រាប់ ប្អូនថា "ទេប្អូនស្រីខាងហ្នឹងអត់ឆ្ងាញ់ទេ”។ ពេលនោះនាងគិតក្នុងចិត្ត ថា “បងនេះចិត្តអាក្រក់ណាស់ មានរបស់ឆ្ងាញ់ញ៉ាំតែម្នាក់ឯង”។

ស្អែកឡើងបងក៏រៀបចំខ្លួនទៅជីក ដំឡូងដូចសព្វដង ស្រាប់តែប្អូនយំខ្សឹកខ្សួលពីខាងក្រោយត្អូញត្អែរថា “បងប្រុស ! ខ្ញុំអត់ចង់នៅផ្ទះទេ ខ្ញុំសុំទៅជាមួយបងដែរ”។

ទោះបីបងខំអង្វរប្អូនយ៉ាងណាក៏ដោយ ក៏នាងនៅតែយំចង់ ទៅដដែល បងក៏លួងប្អូនថា “ប្អូនស្រីឈប់យំទៅ បងមិនចង់ ឃើញឯងយំតទៅទៀតទេ។ ណ្ហើយចុះ ! បងយកឯងទៅ ជាមួយបងម្តង ឯងឈប់យំទៅណាំ !”

បងកាន់ដៃប្អូនកាត់វាលចូលព្រៃដ៏សែនឆ្ងាយក្រោមពន្លឺថ្ងៃដ៏សែនក្តៅ។ មិនយូរប៉ុន្មានក៏បានទៅដល់ព្រៃមួយ បងងាកមករកប្អូនហើយនិយាយថា “ថ្ងៃនេះចម្លែកណាស់ យើងដើរមួយព្រឹកធំទៅហើយរកដំឡូងមួយមើម ក៏មិនបានដែរ”។ ទាំងពីរនាក់បងប្អូនចេះតែដើរយូរៗទៅ ក៏ក្រឡេកឃើញ ដើមដំឡូងមួយគុម្ព។

បន្ទាប់មកបងក៏ចាប់ផ្តើមជីកក្រឡឹងមើមដំឡូង។ ពេលប្អូនឃើញមើម ដំឡូងធំក៏គិតក្នុងចិត្តថា “មើមដំឡូងនេះធំណាស់ ដល់ពេលស្ងោរឆ្អិន មិនដឹងជាឆ្ងាញ់យ៉ាងណានោះទេ”។ កំពុងតែស្រមើស្រមៃ ស្រាប់តែបង ប្រុសជីករូងដីជ្រៅទៅៗរហូតដល់ចុងមើម។

បន្ទាប់មកបងក៏ទាញមើមដំឡូងចេញមក។ រំពេចនោះដីដែលនៅមាត់ រណ្តៅក៏បាក់ធ្លាក់ស្រុតចុះធ្វើឱ្យបងប្រុសដាំក្បាលចូលទៅក្នុងរណ្តៅនោះ បាត់ទៅ។ គ្រានោះដែរ ប្អូនមិនបានឃើញបងធ្លាក់រណ្តៅនោះទេ ស្មានតែ បងធ្វើលេងសើច ក៏លីមើមដំឡូងរត់ទៅមុនបងមិនងាកក្រោយឡើយ។

នៅតាមផ្លូវនាងរត់បណ្តើរឈប់បណ្តើរទម្រាំមកដល់ផ្ទះវិញ នាងក៏ ប្រញាប់យកមើមដំឡូងទៅលាងទឹកស្ងោរ។ លុះដល់ពេលឆ្អិន នាងក៏កាត់ ខាងក្បាលនិងខាងចុងមើមមកញ៉ាំ។ គ្រាន់តែនាងញាំបានបន្តិច នាងក៏ ខ្ជាក់ដំឡូងចេញមកវិញនិយាយទាំងទឹកភ្នែកថា "អីយ៉ា ! អាមួយនេះមិន ឆ្ងាញ់សោះ រសជាតិល្វីងចត់ហើយទ្រុបៗទៀតផង វាមិនផុសល្អដូចសាច់ កណ្តាលនោះសោះ ពិតជាដូចបងប្រុសនិយាយមិនខុសមែន”។

ពេលនោះនាងក៏ភ្ញាក់ខ្លួនព្រើតដែលគិតមិនល្អទៅលើបងប្រុស។ ឥឡូវ នាងចាប់ផ្តើមតាំងចិត្តយ៉ាងច្បាស់ថា នៅពេលបងត្រឡប់មកវិញត្រូវតែ ស្តាប់បង្គាប់ និងគោរពតាមបងទាំងអស់។ នាងគិតហើយក៏អង្គុយសំកុក មុខផ្ទះចាំមើលផ្លូវបងត្រឡប់មកវិញ។ នាងរង់ចាំបងអស់ពេញមួយ ថ្ងៃពិតជាពិបាកចិត្តខ្លាំងណាស់។

យប់ឡើងនាងអង្គុយក្បែរភ្នក់ភ្លើងក្តៅគគុកដើម្បីបំបាត់នូវភាពភ័យខ្លាច នាងចាំបាត់ៗរហូតពេញមួយយប់នៅតែមិនឃើញបងត្រឡប់មកវិញ។ នាងអង្គុយសម្រក់ទឹកភ្នែកអស់សង្ឃឹមយ៉ាងខ្លាំង នាងខំសំឡឹងមើលអ្វីៗ ដែលនៅជុំវិញខ្លួនពោរពេញទៅដោយភាពស្ងាត់ជ្រងំ។ នាងទ្រាំតទៅ ទៀតមិនបានទេ ព្រោះកន្លងមកមិនដែលបាត់បងយូរដូច្នេះឡើយ។

នាងទ្រាំនឹងភាពភ័យខ្លាចពុំបានក៏ចេញដំណើរទៅរកបងទាំងទុក្ខព្រួយ។ ដូច្នេះនាងខំស្វែងរកបងពេញអស់ទាំងព្រៃព្រឹក្សា នាងយំផងស្រែកផង "បងប្រុស ! បងនៅឯណា? បងឮខ្ញុំហៅបងទេ? បងគឺជាជីវិតរបស់ខ្ញុំ ខ្ញុំអត់បងមិនបានទេ បងត្រូវតែត្រឡប់មករកខ្ញុំវិញ”។ នាងរត់ចុះរត់ ឡើងរកបងចេញពីព្រៃមួយចូលព្រៃមួយ អត់បាយអត់ទឹកវង្វេងក្នុងព្រៃ តែម្នាក់ឯងគ្មានគោលដៅ។

អស់រយៈពេលពីរ-បីថ្ងៃទៅហើយ ដែលនាងខំស្វែងរកបងរបស់នាង ប៉ុន្តែអ្វីៗដែលកន្លងផុតទៅ វាមិនអាចវិលត្រឡប់ក្រោយវិញបានឡើយ។ បងរបស់នាងមិនបានឮសំឡេងស្រែកហៅរបស់ប្អូនទេ បងបានថប់ដង្ហើម ក្នុងដីស្លាប់បាត់ទៅហើយ បងលែងបានចិញ្ចឹមបីបាច់ថែរក្សាប្អូនស្រីជាទី ស្រឡាញ់របស់គេទៀតហើយ។ ដោយសារតែនាងអត់អាហារច្រើនថ្ងៃ នាងក៏អស់កម្លាំងខ្សោយទៅៗ ក៏ដួលសន្លប់ក្នុងព្រៃភ្នំនោះបាត់ទៅ។

ដោយសារតែនាងមានកម្មពៀរ គ្រាន់តែដួលសន្លប់ភ្លាម ព្រលឹងរបស់ នាងក៏ចាប់កំណើតជា សត្វតាម៉ៅ ជារៀងរហូត។ ដូច្នេះឱ្យតែដល់ខែ ប្រាំងរដូវជីកមើមដំឡូងខឹង សត្វតាម៉ៅ នេះតែងតែស្រែកយំ “តូហូ...” ជារៀងរាល់ថ្ងៃ គឺគេស្រែកហៅរកបងប្រុសរបស់គេ។ ដូច្នេះហើយ បានជាគេឮសំឡេង សត្វតាម៉ៅ យំកាន់តែខ្លាំងឡើងៗនៅរដូវប្រាំង រហូតមកដល់សព្វថ្ងៃនេះ។ ចប់

ខឹងខូច ខឹងខាត ខឹងខុស





























រឿង ប្រពន្ធខ្ញុំ ខ្មោច

អ្នកទស្សនា: Views

 

រឿង ប្រពន្ធខ្ញុំ ខ្មោច

ជាយូរណាស់មកហើយ មានប្តីប្រពន្ធពីរនាក់ទើបនឹងរៀបការហើយថ្មីៗ រស់នៅតាមជនបទដាច់ស្រយាលពីគេ។ ក្រោយមកឮដំណឹងថា នៅឯ រាជធានីមានគេជ្រើសរើសមនុស្សបំរើការងារ។ ប្រពន្ធក៏មានគំនិតចង់ ឱ្យប្តីមានការងារធ្វើនឹងគេដែរ។ នាងបានប្រមូលរបស់របរដែលខ្លួនមាន ទាំងប៉ុន្មានឱ្យទៅប្តី តែប្រាក់នោះមិនគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរ និងការហូបចុកបណ្តោះអាសន្នឡើយ។ ហេតុនេះហើយទើបប្រពន្ធយក ដីស្រែទៅបញ្ចាំឱ្យអ្នកមានម្នាក់ដោយអះអាងថា ខ្ចីប្រាក់តែក្នុងរយៈពេល មួយឆ្នាំតែប៉ុណ្ណោះ។

បន្ទាប់ពីមានប្រាក់សមល្មមហើយ ប្តីក៏ចាកចេញអំពីភូមិស្រុកទៅស្វែង រកការងារធ្វើ។ បុរសជាប្តីបានធ្វើដំណើរអស់រយៈពេលពីរ-បីថ្ងៃក៏បាន ទៅដល់ខេត្តមួយ។ នៅទីនោះមានហាងមួយមានកន្លែងរាំកំសាន្ត និង មានស្រីស្អាតៗដែលជាកន្លែងសម្រាប់បោកបញ្ឆោតមនុស្សមកពីស្រុកឆ្ងាយ លុះពេលព្រលប់ទើបបុរសនោះចូលទៅក្នុងហាងដើម្បីរកអាហារពេលល្ងាច និងរកកន្លែងស្នាក់នៅមួយយប់។ នៅទីនោះមានមនុស្សមួយក្រុមកំពុង ប្រកាសថា "មានអ្នកណាអាចធ្វើឱ្យនាងម្នាក់នេះសើចបានទេ?”

បុរសនោះឆ្ងល់ណាស់ក៏ដើរចូលទៅមើល ឃើញស្រីម្នាក់អង្គុយធ្វើមុខ ក្រញ៉ូវ។ បុរសនោះដើរទៅជិតនិយាយថា “ខ្ញុំអាចធ្វើឱ្យនាងសើចបាន”។ បុរសនោះបាននិយាយលួងលោមដោយប្រការផ្សេងៗ តែនាងនៅតែមិន សប្បាយចិត្ត។ បន្ទាប់មកគាត់ក៏សាកល្បងដាក់ប្រាក់មួយណែននៅខាង មុខនាង តែនាងមិនព្រមញញឹមសោះ។ បុរសនោះក៏ចេះតែថែមប្រាក់ មួយណែនហើយមួយណែនទៀតរហូតដល់អស់ប្រាក់ពីខ្លួន ទើបស្រីនោះ ព្រមសើច។ មនុស្សទាំងអស់ស្រែកព្រមគ្នាថា "ពូកែមែន ឯងជាមនុស្ស អស្ចារ្យណាស់”។

មនុស្សទាំងអស់ក៏ដើរចេញសល់តែបុរសនោះអង្គុយឈឺចិត្តតែម្នាក់ឯង តែមួយពព្រិចភ្នែកសោះ ធ្វើឱ្យគាត់ចាញ់បោកគេអស់ប្រាក់រលីង គាត់ ពិបាកចិត្តណាស់មិនដឹងដោះស្រាយដោយវិធីណា គាត់ក៏រត់ចេញទៅ ក្រៅទាំងយប់សំដៅទៅមាត់ស្ទឹងលោតទឹកសម្លាប់ខ្លួនតែម្នាក់ឯង។

និយាយពីខ្មោចស្រីម្នាក់ចេញមកខាងក្រៅអង្គុយស្ទូចត្រីនៅមាត់ស្ទឹង។ ពេលនោះសន្ទួចក៏ជាប់បុរសនោះ។ នាងខ្មោចក៏រហ័សអូសទាញបុរស នោះឡើងមកលើគោក។ នាងមានការអាណិតចំពោះបុរសនេះណាស់ ក៏ជួយយកអាសាគាត់ ហើយរិះរកវិធីដើម្បីសង្គ្រោះឱ្យគេមានជីវិតរស់ ឡើងវិញ។

នាងខ្មោចក៏ជប់វិមានដ៏ស្រស់ស្អាតមួយ ហើយយកបុរសនោះទៅនៅជាមួយនាង។ បន្ទាប់ពីបុរសនោះដឹងខ្លួនឡើងវិញ គាត់ក៏ នៅក្នុងបន្ទប់មួយដែលមានស្រីស្អាតម្នាក់កំពុង ថែទាំគាត់ៗក៏ភ្លាត់មាត់ថា "យីស! ខ្ញុំនៅទីណា អីចេះ ហើយនាងជានរណា?” នាងក៏ប្រាប់ បុរសនោះថា “ខ្ញុំឃើញអ្នកលង់ទឹក ខ្ញុំក៏យក អ្នកមកសម្រាកនៅផ្ទះរបស់ខ្ញុំ ព្រោះខ្លាចអ្នក ជួបនឹងសត្វសាហាវ”។

បុរសនោះក៏លង់ស្នេហ៍ស្រីខ្មោចរស់នៅជាមួយនាងរហូតដល់ភ្លេច ប្រពន្ធដែលកំពុងតែអត់ឃ្លាននៅឯស្រុក។ បីខែក្រោយមកនាងក៏មានផ្ទៃ ពោះ។ នាងខ្មោចម្នាក់នេះស្រឡាញ់ប្តីណាស់ នាងផ្គាប់ចិត្តប្តីមិនដែល ឱ្យមានសៅហ្មងម្តងណាឡើយ ថែមទាំងជឿជាក់លើប្តីបានបង្ហាញមាស ប្រាក់ឱ្យប្តីបានដឹងទៀតផង។ មួយឆ្នាំក្រោយមកនាងក៏បង្កើតបានកូន ប្រុសមួយគួរឱ្យស្រឡាញ់។ ក្រោយមកប្តីក៏មានគំនិតក្បត់ប្រពន្ធចង់ ត្រឡប់ទៅស្រុកកំណើតវិញ ព្រោះគាត់យល់ថា នេះជាឱកាសល្អសម្រាប់ គាត់ហើយ ព្រោះបានទាំងកូនចំណេញទាំងទ្រព្យសម្បត្តិ។

នារាត្រីមួយនៅពេលដែលប្រពន្ធកំពុងតែលង់លក់ភ្លេចខ្លួន ប្តីក៏លប យកកូនហើយប្រមូលទ្រព្យសម្បត្តិទាំងអស់រត់ចោលប្រពន្ធទាំងកណ្តាល អាធ្រាត្រ ទុកឱ្យនាងរស់នៅក្នុងព្រៃកណ្តោចកណ្តែងតែម្នាក់ឯង ព្រោះ គាត់សង្ឃឹមថា គាត់នឹងបានជួបជុំប្រពន្ធជាទីស្រឡាញ់ថែមទាំងមានប្រាក់ ទៅសងបំណុលគេទៀតផង។ គាត់មានគំនិតរៀបចំអនាគតឱ្យ ល្អប្រសើរឡើងវិញ។

សេះត្រឹមណេះនិយាយពីប្រពន្ធនៅឯស្រុកវិញ ចាប់តាំងពីប្តីបានចាកចេញ ទៅបាត់ មិនដែលឮដំណឹងរហូតដល់មួយឆ្នាំ។ នាងរស់នៅតែម្នាក់ឯងយ៉ាង លំបាកវេទនាជាទីបំផុត ដីធ្លីផ្ទះសំបែងត្រូវគេរឹបអូសយកទាំងអស់ ណាឈឺ ចិត្ត ណាខ្លួនមានជំងឺដើរមិនរួច នាងក៏ក្អួតឈាមស្លាប់ក្នុងពេលនោះទៅ។

និយាយពីប្តីខំរត់ត្រហេបត្រហបមកដល់ផ្ទះវិញ ក៏ឃើញប្រពន្ធចេញ មកទទួលគាត់យ៉ាងរួសរាយរ៉ាក់ទាក់ គាត់បានប្រគល់ប្រាក់ឱ្យប្រពន្ធ គាត់ បានសុំទោសប្រពន្ធពីការដែលទៅធ្វើការអស់រយៈពេលយ៉ាងយូរ។ រីឯ នាងជាប្រពន្ធក៏មិនបានស្តីបន្ទោសឱ្យប្តីពីប្រការអ្វីដែរ បែរជាខំយកចិត្តទុក ដាក់ចំពោះប្តី ខំរៀបចំម្ហូបអាហារ និងរៀបចំកន្លែងដេកយ៉ាងសមរម្យ មិនឱ្យប្តីទាស់ចិត្តឡើយ។ នៅរាត្រីនោះនាងមានអារម្មណ៍កក់ក្តៅជាង ពេលណាៗទាំងអស់ នាងមិនចង់ឱ្យរាត្រីនេះបានកន្លងផុតទៅយ៉ាងឆាប់ រហ័សនោះទេ នាងបានដេកលក់យ៉ាងស្កប់ស្កល់។ រីឯប្តីវិញបន្ទាប់ពីបាន ជួបប្រពន្ធវិញហើយ ក៏គិតអាណិតប្រពន្ធនៅឯក្នុងព្រៃដេកមិនលក់សោះ។

លុះដល់ពាក់កណ្តាលអាធ្រាត្រ គាត់ក៏ធំក្លិនស្អុយគំរុងភាយៗចេញមក ហើយចេះតែព្រឺរោមមិនឈប់ គាត់ក៏ងាកមករកប្រពន្ធដើម្បីដាស់សួរអំពី មូលហេតុនេះ។ ពេលនោះស្រាប់តែឃើញសាច់ឈាមប្រពន្ធស្អុយរលួយ ពេញទៅដោយដង្កូវរាប់រយរាប់ពាន់នៅលើរាងកាយរបស់នាង។ គាត់ក៏ ស្ទុះបីកូនដែលកំពុងតែដេកលក់រត់ចេញពីផ្ទះ រត់រហូតដល់ជិតភ្លឺបានទៅ ជួបនឹងតាយាយពីរនាក់កំពុងតែបរទេះទៅកាប់អុស។

គាត់ក៏សួរទៅតាយាយអំពីភរិយារបស់គាត់។ តាយាយប្រាប់បុរស នោះថា “ក្មួយឯងមិនដឹងទេហ្គី ប្រពន្ធឯងបានស្លាប់យូរណាស់ដែរហើយ តាំងពីនាងស្លាប់ទៅមិនដែលមានអ្នកណាហ៊ានទៅជិតផ្ទះនោះទេ”។ គ្រាន់តែឮថាប្រពន្ធស្លាប់ បុរសជាប្តីសែនតក់ស្លុតរន្ធត់ចំពោះការព្រាត់ ប្រាស់ដែលមិនបានសាងសុភមង្គលជាមួយគ្នា។ គាត់ក៏ពកូនត្រឡប់ទៅរក ប្រពន្ធនៅឯក្នុងព្រៃវិញ។

និយាយពីប្រពន្ធខ្មោចវិញ បន្ទាប់ពីបានដឹងថា ប្ដីនាំកូននិងលួចយក ទ្រព្យសម្បត្តិទៅអស់ហើយ ក៏យំសោកបោកខ្លួនមិនឈប់ ព្រោះបាត់ប្តី និងកូនជាទីស្រឡាញ់។ នាងស្រែកហៅប្ដីកាត់ភ្នំកាត់ព្រៃព្រឹក្សា តែមិន បានជួបប្រទះនឹងពួកគេឡើយ។ ហើយនាងក៏ដាច់ចិត្តដើរចេញអំពីផ្ទះមិន ត្រឡប់វិញឡើយ។ ចំណែកប្តីវិញក៏មកដល់ទីកន្លែងដែលធ្លាប់រស់នៅ ឃើញតែវាលស្មៅមិនមានផ្ទះសោះ មានតែអក្សរដែលចារនៅលើស្លឹក ចេកមានអត្ថន័យថា "ជាតិនេះបើចង់ជួបអូន ជួបមិនបានទៀតទេ”។

ពេលនោះ គាត់ក៏ពកូនដើររកប្រពន្ធកាត់ព្រៃកាត់ភ្នំរហូតបានជួបនឹង តាឥសីម្នាក់។ ឥសីសួរទៅគាត់ថា "តើចៅទៅណាមកណាបានជាមក ដល់ទីនេះ?” បុរសនោះនិយាយទាំងទឹកភ្នែកថា “លោកតា ចៅមិនដឹង ថាចៅកំពុងតែទៅកន្លែងណានោះទេ តែចៅកំពុងតែបាត់ប្រពន្ធរកមិន ឃើញសោះ សូមលោកតាជួយចៅផង”។ លោកតាក៏បិទភ្នែកមួយសន្ទុះ ក៏និយាយប្រាប់បុរសនោះថា “ចៅអើយ ! ចៅកំសត់ណាស់ ប្រពន្ធរបស់ ចៅនេះមិនមែនជាមនុស្សធម្មតាទេ នាងគឺជាមេខ្មោចដែលរស់នៅក្នុង ព្រៃនេះ ឥឡូវនាងអស់កម្មពៀរជាមួយនឹងចៅហើយ”។ គ្រាន់តែបុរស នោះឮថានាងជាខ្មោច គាត់ក៏ហួសចិត្តរកថ្លែងអ្វីពុំបាន។ គាត់ក៏សុំនៅ បម្រើលោកតាដើម្បីសាងអំពើល្អទៅជាតិក្រោយ។ ចប់

មានប្រាក់មិនប្រាកដថាមានសុភមង្គលឡើយ