រឿងខ្មោចនឹក ប្រពន្ធកូន

អ្នកទស្សនា: Views

 


រឿងខ្មោចទឹក ប្រពន្ធកូន

យកគំនិតតាមលោកគ្រូជូត ខៃ (ខ្មោចព្រាយអសុរកាយ)

នៅឆ្នាំ១៩៥៤ ខ្មែរយើងមិនទាន់ជឿក្បួនពេទ្យប៉ុន្មានទេ។ គេច្រើន ជឿទៅលើខ្មោចព្រាយ

អ្នកតាបង់បត់ មេមត់ កន្ទោងខៀវជាដើម ។ កាលណារដូវទឹកឡើង អ្នកស្រុកកោះសំរោងតែងទៅកាប់អុស តាមទន្លេ រហូតដល់ខេត្តក្រចេះ ។ ឪពុកលោកខែ និងបួនគាត់ឈ្មោះវ៉ាន់ ក៏បានទៅកាប់នឹងគេដែរ។ មួយខែក្រោយមក ទាំងពីរនាក់នាំ ក្បួនអុសបណ្តែតតាមទឹកជាច្រើនមកផ្ទះ ។

មកដល់ផ្ទះ៖ ឪពុកលោក ខែ ក៏ចាប់ឈឺគ្រុនក្តៅប្រពន្ធកូនមិនសូវជាគិតគូរ ប៉ុន្មានទេ ព្រោះគេ យល់ថាជាគ្រុនធម្មតា។ ប៉ុន្តែបីថ្ងៃក្រោយមក គាត់ក៏ស្លាប់ទៅ។ ប្រពន្ធកូនមានកាសោកស្តាយ ជាខ្លាំង ព្រោះមិនបានព្យាបាលគាត់អោយអស់ចិត្ត ជាពិសេសប្រពន្ធគាត់មានការសោកសង្រេង ស្តាយស្រណោះ៖ ខ្លាំងណាស់។ ពេល ស្លាប់ ភ្នែកគាត់បិទមិនជិតទេ គេថាគាត់នឹកប្រពន្ធកូនខ្លាំងពេក ។


តាមទំលាប់កូនចៅចិន គេនិយមយកសព ទៅបញ្ចុះ៖(កប់) តាមទីកន្លែង ដែលរកបាន ។ គេក៏ យក សពគាត់ទៅបញ្ចុះនៅឯទីព្រៃក្រោយផ្ទះ៖ ។

នៅយប់នោះឯងប្រហែលជាពាក់កណ្តាលអាធ្រាត្រទៅហើយ។ ស្រាប់តែប្រពន្ធរបស់សពស្រែក យ៉ាងខ្លាំងថា ប៉ាវាអើយ បើស្លាប់ទៅហើយកុំមកធ្វើបាបខ្ញុំ។

ដោយសារសម្រែកនេះ ធ្វើអោយភ្ញាក់កូនប្រុសស្រីទាំងអស់ ហើយក្រោកមក ចោមរោមម្តាយ។ គេឃើញម្តាយភ័យញ័រចំប្រប់បែកញើសជោគអាវបបូរមាត់ឡើងស្វាយមុខឡើងស្លាំងសគ្មានឈាម ។ កូនស្រីច្បងសួរថា ម៉ែឯងស្រែកអីក៏ខ្លាំងម្លេះ? ។

ម្តាយនិយាយប្រាប់ថា អញឃើញប៉ាឯងមកដាស់អញៗ មិនក្រោក គាត់ក៏យកដៃ ទះខ្នងអញ យ៉ាងស្រាលតែដៃគាត់ត្រជាក់ដូចទឹកកក ។ និយាយបានប៉ុណ្ណេះ គាក់ក៏ភ័យញ័រទៀត។ កូនប្រុស ស្រីនាំ គ្នាកោសរឹតច្របាច់ដៃជើងអោយគាត់។

យប់ទីពីរមកដល់ហើយ អ៊ុឡេងគាត់ហៅកូនប្រុសស្រីមកដេកកំដរគាត់ក្នុងមុង ជាមួយគ្នា។ ម្នាក់ៗមានអារម្មណ៏មិនសូវល្អសោះ ព្រោះភ័យផងខ្លាចផង។ ប៉ុន្តែកូនស្រីច្បង ម្នាក់មិនចេះខ្លាច ខ្មោចបិសាចអីទេ។ ពេលគេដឹងថា ខ្មោចឪពុកមកដូច្នេះ គេបែរជាអរទៅវិញ។ ព្រោះគេចង់ឃើញ មុខឪពុក ។ ពេលយប់នោះ៖ គេអុជចង្កៀងប្រេងកាតមួយទុក ជាស្រេច ដើម្បីរង់ចាំមើលមុខឪពុក ។

យប់ជ្រៅណាស់ទៅហើយ នៅខាងក្រៅផ្ទះឮសូរតែស្លឹកចេកបក់បោកលើគ្នា។ ឯសំលេងឆ្កែលូ ក៏លាន់ឮយ៉ាងគ្រលួចអូសបន្លាយយ៉ាងវែងគួរអោយព្រឺខ្នង។ ដោយអត់ទ្រាំ នឹងការងោគងុយពុំបាន អ៊ុឡេងនិងកូនស្រីច្បងក៏លក់មួយភាំងទាំងអស់គ្នាទៅ។ នៅពេល លក់នោះ៖ ស្រាប់តែគេលឺសំលេង ស្រែកហៅពីក្រៅថា ម៉ែវាអើយបើកទ្វារ ម៉ែវាអើយបើកទ្វារដល់ពេលទៅកាប់អុសហើយ អាវ៉ាន់ នៅចាំ ក្រោមផ្ទះ៖ លឿនឡើងៗ។ រួចមកគេឮសូរ សំឡេងច្រវាក់រូៗ គឺច្រវាក់សំរាប់យកទៅចងទូក ឬចងអុស ។

កូនស្រីច្បងដឹងដូច្នេះ ក៏ស្ទុះចេញពីមុងទៅបើកទ្វារភ្លាម ហើយស្រែកហៅថា ប៉ា។ តែឥតលី សូរអ្វីឡើយ ក្រៅពីសំលេងមនុស្សចុះជណ្តើរស្រីប-ស្រីប។ កូនស្រីច្បងក៏ចុះតាមភ្លាម។ គេលឺសូរ សំលេងមនុស្ស និយាយគ្នារអ៊ូរៗ រកស្តាប់ថាម៉េចមិនបានរួចដើរទៅក្រោយ ផ្ទះ៖បាត់ទៅ។

កូនស្រីច្បងក៏កាន់ចង្កៀងឡើងមកលើផ្ទះវិញ។ ចំណែកអឺឡេងភ័យឡើងញ័រ ចំប្រប់ដូចកូនសត្វ ។ កូនៗនាំគ្នាកោសខ្យល់ និងច្របាច់ជើងច្របាច់ដៃ អោយគាត់ទៀត។ យប់នេះគ្មានអ្នកណាម្នាក់ដេកលក់ ទៀតទេ។ ព្រោះកូនៗភ័យព្រួយនឹង សុខភាពអឺឡេង។

ព្រឹកឡើង អ៊ុឡេង និងកូនស្រីច្បងទៅនិមន្តលោក និងអញ្ជើញអាចារ្យអោយមក នៅលើផ្នូរខ្មោចប្តីគាត់ និងនៅផ្ទះគាត់។ នៅយប់ទីបី គេពុំឃើញមានហេតុភេទអ្វីកើតឡើង តាំងពីពេលនោះមក គេលែងឃើញខ្មោចប្តីគាត់មកទៀតហើយ ។

ចាប់តាំងពីឪពុកស្លាប់ទៅ កូនកំលោះទាំងពីរខំរកស៊ីផ្គត់ផ្គង់គ្រួសារសំបើមណាស់។ ថ្ងៃមួយ គេបានទៅ ម៉ៅចំការស្បូវនៅក្បែរវត្តកណ្តាល ចំងាយប្រហែល១៥គីឡូម៉ែត្រពីផ្ទះ៖ ។ ពេលទៅច្រូតស្បូវ មានគ្នា ៤នាក់ គឺកូនកំឡោះអីឡេងពីរនាក់ និងកូនពៅម្នាក់អាយុ ១០ឆ្នាំ និងក្មួយប្រុស គាត់ម្នាក់ ទៀត ។ រយៈពេលច្រូតប្រហែល១អាទិត្យ ពេលទៅគេបររទេះគោពីរ ទៅដល់ចំការ ស្បូវ ប្រហែល ម៉ោង ៤ល្ងាច ។

លុះពេលជិតព្រលប់ទៅហើយ ទើបដឹងថាមិនបានដាក់កណ្តៀវមក។ គេជំនុំគ្នាថា បើព្រឹក សឹមទៅយក ឃើញថាខាតការមួយកំណាត់ថ្ងៃ បើទៅទាំងយប់ តើអ្នកណាត្រូវទៅ។ ព្រោះអ្នកទាំងបី មានតែកូនប្រុសច្បងម្នាក់ទេ ដែលមិនខ្លាចខ្មោច។ ម្យ៉ាងទៀតដំណើរនេះ ត្រូវដើរកាត់វត្តកណ្តាលដែល ល្បីថាខ្មោចលងសំបើមណាស់។ ទីបំផុតអ្នកខ្លាចខ្មោចទាំងពីរជ្រើសយកការត្រលប់ទៅផ្ទះវិញ ព្រោះ យល់ថា ដើរកាត់វត្តកណ្តាលតែមួយភ្លេចផុតបាត់ទៅហើយ ។

គេដើរដល់ដើមពោធិកន្លែងខ្មោចលង ឥតមានឃើញអ្វីទាំងអស់ គេត្រេកអរណាស់។ លុះ ដើរដល់គុម្ពឫស្សី ស្រាប់តែមានខ្យល់បក់វ៉ូៗ រហើយសក់ក្បាល រួចមកឭសូរសំលេងគប់ដុំដីប្រាវ ប្រាវពី ខាងក្រោយ។ ទាំងពីរនាក់ព្រឹក្បាលសំពោង គេកាន់ដៃគ្នារត់យ៉ាងលឿន។ ចាំខ្ញុំផង! ចាំខ្ញុំផង! សំលេង ស្រែកពីក្រោយខ្នង។ ពីរនាក់រត់កាន់តែលឿន។

មុននឹងចេញដំណើរមកគេទាំងពីរនាក់យកក្រមាជូតក្បាលយ៉ាងតឹងណែនចៀសវាងការព្រឹក្បាល។

គេរត់បានប្រហែល១០០ម៉ែត្រស្រាប់តែឃើញមនុស្សពីរនាក់កាន់ភ្លើងចង្កៀងប្រេងកាតកំពុងចាប់

កង្កែបព្រោះពេលនោះជារដូវភ្លៀង។ពេលនោះគាត់សប្បាយចិត្តខ្លាំងណាស់ព្រោះបានជួបមនុស្ស

គាត់ក៏លែងភ័យលែងរត់។លុះយកដៃស្លាបក្បាលស្រាប់តែបាត់ក្រមា។គាត់ឆ្ងល់ថាម៉េចក៏បាត់បើជូត

តឹងខ្លាំងណាស់។លុះគាត់ស្លាប់ផ្លាសស្រាប់តែឃើញឈាមប្រុយៗ ។

ទាំងពីរនាក់ដើរមកដល់ក្បែរអ្នកចាប់កង្កែប គេដកដង្ហើមបានស្រួល បេះដូងឈប់លោត ក្តុកក្តាក់ហើយ ។ អ្នកកាន់ភ្លើងសួរមកគាត់ថា យី! ម៉េចក៏ប្អូនឯងហ៊ានដើរ កាត់កន្លែងហ្នឹងទាំងយប់អីចឹង បួនឯងអត់ដឹងថា កន្លែងនេះមានខ្មោចលងសំបើមណាស់ ប្អូនឯងមានការអីសំខាន់ណាស់ទៅឬ? ។ បងអើយខ្ញុំដឹងដែរ មុននេះបន្តិចត្រង់គុម្ពឫស្សីខ្មោចបានយកដុំដីគប់ពួកខ្ញុំ។ ខ្ញុំនាំគ្នារត់ចង់ដាច់ខ្យល់ លុះដល់បានជួបនឹងបង ទើបបាត់ភ័យដកដង្ហើមបានស្រួល ។

ពេលនោះ អ្នកកាន់កន្ត្រកកង្កែប ចាប់កង្កែបពីរបីហុចមកអោយ រួចប្រាប់ថាយកទៅស៊ីទៅ ឆ្ងាញ់ណាស់ ។ អ្នកទាំងពីរឆ្លើយថា អរគុណហើយខ្ញុំមិនយកទេ ព្រោះផ្ទះខ្ញុំនៅឆ្ងាយណាស់ បើកុំតែបាន ជួបបង ឯងប្រហែលខ្មោចលងខ្ញុំស្លាប់បាត់ទៅហើយ ។ អ្នកកាន់កង្កែបថា បួនឯងមិនជឿថា កង្កែបឆ្ងាញ់ទេឬ? ថាហើយគេក៏យកកង្កែបកាន់នៅដៃពមឃ្នមៗ បាញ់ឈាមឆាចៗ ចេញតាមមាត់។ ឃើញដូច្នេះ អ្នកទាំងពីរស្រែកភ្លាត់សំឡេងថា " ខ្មោចលង ខ្មោចលង ទៀតហើយ ។

ម្ដងនេះ អ្នកទាំងពីររត់លឿនជាងមុន និងភ័យជាងមុនទៅទៀត។ គេលែងកាន់ដៃគ្នាហើយ គឺគេរត់ពេញទំហឹងរៀងៗខ្លួន។ ព្រោះដោយសារខ្លាច ខ្មោចលង ស្រាប់តែនាំគ្នាមកនិយាយជាមួយខ្មោច ។

នេះមកដល់ផ្ទះ៖ ចាស់ទុំជិតខាងនាំគ្នាផ្អើល ឈូឆរ និងឆ្ងល់ជាខ្លាំង ជាពិសេសគឺអ្វីឡេងតែ ម្ដង។ គេនាំគ្នាសួរនាំអ្នកទាំងពីរ។ អ្នកទាំងពីរនិយាយផុត ព្រោះហត់និងភ័យខ្លាំងពេក ។លុះបានដឹង រឿងសព្វគ្រប់ អ្នកខ្លះយកអំបិល.ខ្លះយកអង្ករមកគ្រវាស ពីលើក្បាលអ្នកទាំងពីរ ដោយពោលថាៈ មួយ. ពីរបី ចៀសទៅ....ហើយក៏បាចអង្ករទៅ ។

ចាប់តាំងពីថ្ងៃនោះមកអ្នកទាំងពីរដេកគ្រុនអស់កន្លះខែ។គេនាំគ្នាធ្វើពិធីជញ្ជាក់ព្រលឹង។ព្រោះគេជឿ

ថាកាលណាមនុស្សភ័យពេកព្រលឹងធំចេញបាត់ហើយនៅសល់តែព្រលឹងតូចចាំរូប ។ដូច្នេះគេ

ត្រូវធ្វើពិធីនេះហៅព្រលឹងធំមកវិញ ។


0 comments:

Post a Comment