រឿង គុណបុណ្យខ្មោចពោធិ៍ជ្រៃ
នៅក្នុងភូមិជនបទដាច់ស្រយាលមួយ មានកំលោះម្នាក់ឈ្មោះ ស៊ីម បានលង់ស្នេហ៍ជាមួយនឹងក្រមុំម្នាក់ឈ្មោះ ដួង នៅឯចុងភូមិ ។ កំលោះស្រុកស្រែម្នាក់នេះ តែងតែទៅមករកក្រមុំ ដួង ជានិច្ច មិនថាពេលយប់ឬពេលថ្ងៃទេ ឲ្យតែនឹកចង់ទៅគេទៅភ្លាម ។
យប់មួយ ជាយប់ថ្ងៃ ១៥ កើត ដែលចាស់បុរណលោកតែងតែនិយាយតៗគ្នាថា «យប់លែងខ្មោច» ប៉ុន្តែទោះជាលែងខ្មោចលែងព្រាយអីក៏ដោយ ក៏កំលោះ ស៊ីម មិនចាប់អារម្មណ៍ដែរ ។ រឿងដែលគេចាប់អារម្មណ៍ គឺជានាង ដួង សង្សារបណ្ដូលចិត្តស្រស់ស្អាតតែម្នាក់គត់ ។
យប់នោះ ក្រោយពីងូតទឹកងូតភក់ហូបបាយហូបទឹករួចហើយ នាយកំលោះ ស៊ីម រៀបចំខ្លួនចេញពីផ្ទះតំរង់ទៅកាន់ផ្ទះស្រីស្រស់បណ្ដូលចិត្តនៅចុងភូមិ ចំងាយប្រហែលជាជាងពីរគីឡូម៉ែត្រ បង្កប់ដោយក្ដីរំភើបថានឹងបានជួបនាង ក្នុងរាត្រីខែភ្លឺដ៏ត្រកាលនេះជាមិនខាន ។ មុនពេលចេញដំណើរ ស៊ីម បានយកអាវុធតាមរបៀបអ្នកស្រែចំការទៅជាប់ខ្លួនផងដែរនោះគឺដាវ ។
ដួងចន្ទពណ៌ស្លាទុំកំពុងចរគ្រឿងៗ នៅលើចុងឈើទិសខាងកើត ចែងចាំងពន្លឺគ្របដណ្ដប់ផ្ទៃដីស្រែ ដែលទើបនឹងច្រូតកាត់រួចថ្មី នៅសល់តែគល់ជញ្ជ្រាំង មើលទៅឃើញរាបស្មើ ដូចកម្រាលព្រំ ។
នាយ ស៊ីម ដើរស្ទុងៗតាមផ្លូវរទេះកាត់វាលស្រែដៃឆ្វេងកាន់ដាវ ដៃស្ដាំត្បៀតបារីជក់ចោលពន្លឺក្រហមព្រាកៗ ផ្សែងភុលៗយ៉ាងមានសេចក្ដីសុខ ។ ដើរទៅបានពាក់កណ្ដាលផ្លូវ គេអាចមើលឃើញដំបូលផ្ទះរបស់នាងក្រមុំដួងស្ទុងៗដោយសារពន្លឺព្រះចន្ទ ។
ភ្លាមនោះ ស្រាប់តែសម្លេងឆ្កែលូដោយគ្មានហេតុផល ។ សម្លេងឆ្កែមិនមែនចេញពីក្នុងភូមិទេ ប៉ុន្តែជាសម្លេងលូនៅកណ្ដាលវាលស្រែទៅវិញ ។ នាយ ស៊ីម ខំប្រឹងងាករកមើលតាមរយ:សម្លេងនោះ តែមិនឃើញរូបរាងរបស់ឆ្កែសោះ ។ គេគិតក្នុងចិត្តម្នាក់ឯងថា កណ្ដាលវាលស្រែ គ្មានផ្ទះមួយខ្នងផង ឆ្កែហ្នឹងវាមកពីណា ?
ប្រសិនបើអ្នកខ្លះវិញ ប្រហែលជាត្រូវព្រឺរោម បះសក់ព្រាតទៅហើយព្រោះគេតែងតែនិយាយថា ឆ្កែវាលូព្រោះឃើញខ្មោច ។ ប៉ុន្តែ នេះជានាយ ស៊ីម គេជាកំលោះមិនមែនចេះខ្លាចមនុស្ស ឬខ្មោចព្រាយបិសាចអីទេ ។ ជើងពីររបស់គេ នៅតែបន្តបោះជំហានទៅជារឿយៗ នៅមិនប៉ុន្មានទៀតទេ នឹងដល់ផ្ទះនាងដួងហើយ ។ ឆ្កែចង់លូឲ្យវាលូ ស្រេចតែវាទៅ ។ ដើរទៅទៀតមិនទាន់បានប៉ុន្មានជំហានផង នាយស៊ីម ក៏បានឃើញរាងស្ទុងៗរបស់នរណាម្នាក់ អង្គុយបែរខ្នងឲ្យនៅលើដង្គត់ឈើក្បែរផ្លូវរទេះ ។ នាយទាញដាវចេញពីស្រោមយ៉ាងរហ័ស តាមសញ្ជតិញាណក្នុងការប្រយ័ត្នខ្លួន ដោយគិតក្នុងចិត្តថា នរណាគេ មកអង្គុយហាលខ្យល់ហាលសន្សើម ទស្សនាដួងចន្ទអីកណ្ដាលវាលស្រែយ៉ាងនេះ ?
លុះដើរទៅជិតដល់ ទើបដឹងថា ជាស្រីព្រោះសក់វែងស្មើចង្កេះ ។ នាងអង្គុយធ្មឹងបែរខ្នងដូចរូបចម្លាក់ ។ នាយស៊ីម ចោលកន្ទុយបារីក្បែរផ្លូវរទេះ យកកែងជើងជាន់ពន្លត់កំទេចភ្លើង ហើយបញ្ចេញសម្លេងគ្រហែមមុននឹងសួរថា :
- នែ៎ ! ប្អូនស្រីមកអង្គុយធ្វើអ្វីនៅទីនេះ ? នាងម្នាក់នោះ បែរមកឆ្លើយដោយសម្លេងវែងៗថា:
- មកចាំជួបបងហ្នឹងឯង !
ឆ្លើយហើយ ក៏ក្រោកពីដង្គត់ឈើ មកឈរលើផ្លូវរទេះស្ទាក់មុខនាយ ស៊ីម ។ នាយ ស៊ីម និងស្រីចម្លែកម្នាក់នោះ ឈរទល់មុខគ្នាចំងាយមួយហត្ថប៉ុណ្ណោះ ។ នាយកំលោះហាក់ដូចជាស្លុតវិញ្ញាណបន្តិច នៅពេលដែលឃើញស្រីស្រស់ដូចទេពកញ្ញាឈរស្ទាក់មុខយ៉ាងព្រហើននាកណ្ដាលព្រៃយ៉ាងដូច្នេះ ។ នាយខំតាំងចិត្តជាថ្មីរួចសួរបន្តថា:
- នែ៎ ! ប្អូនស្រី នាងប្រាប់ថា នាងមករង់ចាំជួបខ្ញុំ តើចាំជួបខ្ញុំធ្វើអ្វី ? នាងជានរណា មកពីណា ខ្ញុំមិនដែលស្គាល់នាងទេ ? ក្រមុំយាមវិកាល បោះដៃមកចំពីមុខនាយ ស៊ីម ហើយថា:
- សុំបារីមួយដើមសិន សឹមយើងប្រាប់ !
នាយស៊ីម គិតក្នុងចិត្ត ស្រីនេះជាស្អីមកពីណាដែរ ? នាយមើលមុខនាងបណ្ដើរដៃរាវលូកយកកញ្ចប់បារីចេញពីហោប៉ៅបណ្ដើរ រួចដកមួយដើមហុចទៅឲ្យ ។ នាងទទួលយកដាក់បៀមក្នុងមាត់ រួចហើយបក់ដៃធ្វើជាសញ្ញាឲ្យនាយកម្លោះអុជបារីឲ្យ ។
នាងបឺតផ្សែងចូលទៅក្នុងមាត់យ៉ាងវែង ទើបបង្ហុយចេញមកផ្សែងទ្រុប ដូចផ្សែងភ្លើងគប់ ។ នាយស៊ីម សួរបន្តថា:
- នាងនៅក្រមុំអីចឹង ចេះជក់បារីដែរ ?
នាងសើចកាច់កមុននឹងឆ្លើយថា:
- កាលពីមុន មិនចេះជក់ទេ ប៉ុន្តែដោយសារមានមនុស្សចេះតែយកមកសែនញឹកញាប់ពេក យូរៗខ្ញុំក៏ញៀនទៅ !
នាយ ស៊ីម ថយក្រោយមួយជំហានភ្ញាក់នឹងសំដីមួយមាត់ដែលថា «មានមនុស្សយកមកសែន» ទើបសួរនាងថា:
- នាងនិយាយថា មានគេយកមកសែនយ៉ាងម៉េច ? តើនាងជាស្អី ? ហើយប្រាប់ខ្ញុំបានឬនៅ ថានាងមករង់ចាំខ្ញុំធ្វើអ្វី ?
នាងយាមវិកាល ចង្អុលទៅដើមជ្រៃធំកណ្ដាលវាស្រែហើយប្រាប់ថា:
- ខ្ញុំនៅទីនោះ ជាងពីររយឆ្នាំហើយ នរណាមានរឿងអ្វី តែងតែបន់ស្រន់ឲ្យខ្ញុំជួយ ពេលខ្ញុំជួយសំរេច គេក៏នាំយកសំណែនផ្សេងៗ មកលាបំណន់ ក្នុងនោះខ្ញុំចូលចិត្តបារីជាងគេបំផុត !
និយាយបានប៉ុណ្ណោះ នាងក៏បង្អង់បឺតថ្នាំមួយហឺតទៀត ចំណែកនាយ ស៊ីម វិញគេបានយល់ច្បាស់ថា នាងជាខ្មោចកាន់ដើមពោធិ៍ជ្រៃនោះឯង ។
- ខ្ញុំមករង់ចាំបង ក៏ដើម្បីប្រាប់ថា ថ្ងៃនេះបងកុំទៅរក ដួង អី ។
- ហេតុអ្វី ?
- ដួង ជាស្រីស្អាត បុរសដែលលង់ស្នេហ៍ជាមួយនាង មានច្រើននាក់ណាស់ មិនមែនតែបងម្នាក់ឯងទេ ។ ក្នុងនោះក៏មានកូនប្រធានភូមិម្នាក់ដែរ ដែលស្រឡាញ់នាង ដួង ។ ប៉ុន្តែនាង ដួង មានបេះដូងតែមួយ សំរាប់តែបងម្នាក់ប៉ុណ្ណោះ ។ យប់នេះអាអេង កូនប្រធានភូមិ នាំដៃជើងរបស់វា ទៅពួនស្ទាក់ចាំសម្លាប់បងត្រង់ច្រកផ្លូវចូលផ្ទះដួង ។ ប្រសិនបើបងទៅ អាអេង នឹងកូនចៅរបស់វា នឹងសម្លាប់បងយ៉ាងពិតប្រាកដ ។ ខ្ញុំដឹងថាបងមិនខ្លាច ប៉ុន្តែបងតែម្នាក់ឯង ទោះជាបងពូកែយ៉ាងណាក៏ដោយ បើម្ខាងណាច្រើនជាង ម្ខាងនោះជាអ្នកឈ្នះ បងជឿខ្ញុំចុះ ! កុំទៅអី នាំគ្រោះថ្នាក់ បង និងដួងជាគូនឹងគ្នាត្រូវតែបានរៀបការជាមួយគ្នាយ៉ាងពិតប្រាកដ ។ ខ្ញុំឃើញបងជាមនុស្សល្អ ទើបខ្ញុំមកប្រាប់ ខ្ញុំទៅហើយណា !
រាងកាយរបស់ស្រីយាមវិកាលបាត់ខ្លួនទៅវិញ ព្រមជាមួយនឹងសូរឆ្កែលូ ។ នាយស៊ីមបែរមុខទៅរកដើមពោធិ៍ជ្រៃ លើកដៃប្រណម្យ ពោលពាក្យអរគុណ ។ មិនគួរឲ្យជឿក៏ត្រូវតែជឿ ក្រោយមកនាយ ស៊ីម ក៏បានរៀបការជាមួយនឹងនាង ដួង យ៉ាងពេញចិត្ត ។ ពួកគេនឹកដល់គុណអ្នកថែរក្សាដើមពោធិ៍ ព្រមទាំងបានចំណាយធនធានធ្វើជាកូនខ្ទមមួយយ៉ាងសង្ហា ក្រោមដើមពោធិ៍ជ្រៃធំនោះ និងបានទិញរបស់របរមកសែនឲ្យជាប្រចាំ ជាពិសេសគឺបារី ៕
0 comments:
Post a Comment