រឿង ខ្មោចម្ដាយ និង កូន

អ្នកទស្សនា: Views

រឿង ខ្មោចម្ដាយ និង កូន

ការរីកចំរើនលូតលាស់ ធ្វើឲ្យកើតមាន​ភាពងាយហើយភាពងាយស្រួល ក៏​ធ្វើ​ឲ្យ​មនុស្ស​ទៅ​មក​រក​គ្នា​​បាន​យ៉ាង​លឿន​ដែរ ។ កាលពីមុន មនុស្សយើងធ្វើដំណើរ ទៅណាមកណាដោយជើងទទេ ឬ​ដោយ​រទេះ​តែប៉ុណ្ណោះ ។ រឿងដែលខ្ញុំនឹងនិយាយ​ចែកជូនប្រិយមិត្តអ្នកអានមួយរឿងនេះ គឺ​ជា​រឿង​ដែល​ជីតា​របស់​ខ្ញុំ​បាននិយាយឲ្យស្ដាប់ ។ គាត់បាន​និយាយថា កាលពី ៧០ ឆ្នាំ​មុន គមនាគមន៍​នៅ​ក្នុង​ភូមិ​​របស់​ខ្ញុំ មិន​ងាយ​ដូចសព្វថ្ងៃឡើយ ។ ការទៅមករកគ្នា ត្រូវអាស្រ័យការដើរអស់ រយ:​ពេល​ជា​ច្រើន​​ម៉ោង ច្រើនថ្ងៃ ច្រើន​ខែ ទំរាំនឹងដល់គោលដៅ ។ ការធ្វើដំណើរទៀតសោត ត្រូវ​ដើរ​កាត់​ព្រៃ​ជ្រៅ ។ ពេលខ្លះ ជា​ព្រៃ​ដែល​ពោរ​ពេញទៅដោយ​គ្រោះថ្នាក់ជាច្រើនយ៉ាង ដូចជា ខ្លា ពស់ គ្រុនចាញ់​ ជាដើម ។ ពេលខ្លះទៀត ត្រូវ​ដើរ​ឆ្លង​កាត់ជ្រោះជ្រលង ដង​អូរ ស្ទឹងព្រែក និងពេលខ្លះទៀត ត្រូវ​ដើរ​ឆ្លង​ភ្នំផងក៏មាន ។ ការធ្វើដំណើរម្ដងៗ ត្រូវតែមានមិត្តភ័ក្តិ​គ្នី​គ្នា​ទៅ​ជា​មួយ​ជា​ច្រើន​នាក់ ​ស្រណុក​ពេល​មាន​ហេតុការណ៍​អ្វីកើតឡើងក្នុងព្រៃ ។ ពេល​ធ្វើដំណើរទៀតសោត ត្រូវ​ប្រយត្ន័​ពាក្យ​សំដី​ឲ្យ​មែន​ទែន មិន​អាច​និយាយ​លេង​ផ្ដេសផ្ដាស ដូច​នៅ​ស្រុក​ភូមិ​បានឡើយ ។

មានសម័យថ្ងៃមួយនោះ លោកតារបស់ខ្ញុំ គាត់នាំបងប្អូនកូនក្មួយមួយចំនួន ទៅ​លេង​ស្រុក​ឪពុក​គាត់ ដែល​នៅ​ឆ្ងាយ​ពី​គ្នា ឆ្លងខេត្ត ឆ្លង​ឃុំជាច្រើនយប់ទើបទៅដល់ ។ ក្រោយ​មាន​គំរោង​ត្រឹម​ត្រូវ​ហើយ គាត់​ក៏​បបួល​គ្នាបានចំនួន ៥ នាក់ ដែល​ជា​បង​ប្អូន កូនក្មួយរបស់គាត់ រួមមាន: អ៊ំ​ដេត អ៊ំដាំ អ៊ំស្រី រំដួល និងអា​ទោល​ក្មួយគាត់ ។ អាទោល ជាក្មេងវយ័ជំទង់ អាយុ ១៨ ឈាន​ចូល ១៩ ឆ្នាំ ជា​វ័យ​ដែល​កំពុង​តែ​ចង់​សាក​ល្បង​នឹង​គ្រោះភ័យស្រាប់ ។

ការធ្វើដំណើរបានចាប់ផ្ដើមឡើង នៅពេលដែលព្រលឹមងងឹត ក្រោយ​ពី​គ្រប់​គ្នា​បាន​លា​បង​ប្អូន ប្រពន្ធ​កូនរួចជាស្រេច ។ គ្រប់ៗគ្នា ដាស់តឿនមុនជាស្រេចថា ពេលកំពុងធ្វើដំណើរកាត់ព្រៃ ហាម​និយាយ​បោកបញ្ឆោតគ្នាលេងផ្ដេសផ្ដាសជាដាច់ខាត ។

ការធ្វើដំណើរកាន់តែឆ្ងាយទៅៗ រាប់សិបគីឡូម៉ែត្រ រហូតអស់រយ:ពេល ៣ ថ្ងៃ ទើប​បាន​មក​ដល់​ភ្នំមួយ ។ មុន​នឹង​ធ្វើ​ដំណើរ​ឆ្លង​ភ្នំនោះ ក៏ដល់ពេលជិតយប់ទៀតទៅហើយ ។ គ្រប់​គ្នា​ក៏​រក​កន្លែង​សំរាក​ទី​នោះ​សិន រៀបចំដាំស្លរ ញាំបាយ​ញាំទឹក​រួច ក៏នាំគ្នាសំរាក​ទៅ ។ ដោយសារអស់​កំឡាំង​ពីការធ្វើដំណើរ​ពេញៗ​មួយថ្ងៃ ម្នាក់ៗគេងលក់ស្រួលណាស់ ។

ពេលយប់ជ្រៅ អាកាសធាតុចាប់ផ្ដើមត្រជាក់ ។ អ៊ំស្រី រំដួល គាត់ភ្ញាក់ឡើង យក​គល់​អុស​ទៅ​គ​នៅ​ក្នុង​ភ្នក់ភ្លើងបន្ថែម ដើម្បីទប់​ទល់នឹងអាកាសធាតុត្រជាក់ ។ នៅពេលដែលអ៊ំ រំដួល​កំពុង​យក​អុស​គរ​ដាក់​ក្នុង​គំនរ​ភ្លើងនោះ គាត់​បាន​សំឡឹង​ទៅ​ឃើញ ដើមឈើ​មួយដើមធំ ដែលនៅមិនឆ្ងាយ ពី​កន្លែង​សំរាក​ប៉ុន្មាន ។ បានជាគាត់សំឡឹងមើលទៅដើមឈើមួយដើមនោះ ក៏​ព្រោះ​​តែ​គាត់​បាន​ឮ​សំលេងម្ដាយ និង​កូន​ពីរ​នាក់ រត់លេងនៅជុំវិញដើមឈើមធំនោះ ។ អ៊ំស្រីគ្រវីក្បាល ព្រោះ​តែ​មិន​ចង់​ជឿ​នឹង​ភ្នែក​ខ្លួន ឯង ។ ប៉ុន្តែ​នៅ​ពេលដែលគាត់ងាកទៅមើលម្ដងទៀត ស្រាប់តែបាត់មនុស្សអស់ នៅ​សល់​តែ​ដើម​ឈើ​ស្ងាត់​ជ្រៀប ។ អ៊ំស្រី រំដួល គាត់មិនបានគិតអ្វីច្រើនទៀតទេ គិតត្រឹមតែថា អ្វី​ដែល​គាត់បានឃើញបានឮនោះ គឺ​ជា​រឿង​មិន​ដែល​កើត​ឡើង​ដល់​​មនុស្សធ្វើដំណើរក្នុងព្រៃ គឺ​ជា​រឿង​ធម្មតា ។ ក្រោយ​ពី​បំពក់​ភ្លើង​រួច​រាល់​ហើយ អ៊ំ​ស្រី រំដួល ក៏ចូលទៅគេងកន្លែងដើមវិញ ។


ព្រឹកឡើង គ្រប់គ្នាលុបមុខមាត់ ញ៉ាំអាហារពេលព្រឹក ដោយមានម្ហូបមាន់ព្រៃដុត ដែលអា ទោល រក​មក​បាន ដោយ​ប្រើ​ជំពាម​​កៅស៊ូ ព្រោះកាលពីជំនាន់នោះ សត្វព្រៃគ្រប់មុខ នៅ​សំបូរ​ក្រាស់​ក្រែល​ណាស់ ។

ក្រោយពីញ៉ាំបាយរួច ក៏នាំគ្នាធ្វើដំណើរបន្តទៅទៀត ។ នៅពេលកំពុងធ្វើដំណើរ អ៊ំស្រី រំដួល ជា​អ្នក​នៅ​ពី​ក្រោយ​គេបំផុត ។ គាត់ តែងតែបានឮសម្លេងមនុស្សដើរ តាមពីក្រោយខ្នងជានិច្ច បន្ទាប់​ពី​បាន​ឃើញ​ម្ដាយ និងកូនកាលពីយប់មិញ ។

ពេលជិតដល់ភូមិ មេឃក៏ងងឹតល្មម ម្នាក់ៗក៏រូតរះ​ដើម្បីឲ្យដល់ភូមិឆាប់ ។ នៅ​ពេល​នោះ​ដែរ រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ក៏​កើត​ឡើង ។ គ្រប់ៗគ្នាបានឃើញស្ត្រី និងកូនតូច អង្គុយ​នៅ​នឹង​កណ្ដាល​ផ្លូវ​បែរ​ខ្នងមកឲ្យ ព្រម​ទាំង​មាន​ក្លិន​ស្អុយ​គគ្រុក​នៅ​បរិវេណនោះផង ។ ភ្លាមនោះ ស្ត្រី​ម្នាក់​នោះ ក៏សន្សឹមៗ​ងាក​មុខ​មក ។ ព្រះជាម្ចាស់អើយ ! មុខមាត់របស់ស្ត្រី និង​ក្មេង​នោះ​មាន​ទឹក​លឿង និងខ្ទុះហូរចេញមក​តាម​ផ្ទៃ​មុខ​គួរ​ឲ្យខ្លាច និងគួរឲ្យខ្ពើមជាទីបំផុត ។ គ្រប់គ្នា​មិនបានគិតច្រើន ក៏​ដាក់​មេ​ប្រូច​ចេញ​ពីកន្លេងនោះ តាម​វិធី​ក្បាល​អ្នកណា​សក់អ្នកនោះ អត់មានអ្នកណាជួយអ្នកណា​ឡើយ ។ រត់​អស់​មួយសន្ទុះធំ ក៏​បាន​ទៅ​ដល់​​វត្ត​មួយ​ក្នុងភូមិ ។

ក្រោយពីសំរាកបាត់ហត់ហើយ ព្រះសង្ឃបាននិយាយឲ្យស្ដាប់ថា ស្ត្រី និងកូននោះ គឺ​ជា​ខ្មោច​ដែល​ត្រូវ​​គេ​សម្លាប់​បន្ទាប់​ពី​ការចាប់​រំលោភរួចកាលពីអាទិត្យមុននេះ ។ ក្រោយមកពួកគាត់ ក៏​ថ្វាយ​បង្គំ​លា​ព្រះ​សង្ឃ ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ផ្ទះ​ញាតិ​មិត្ត​បងប្អូន​ដែលបែក​គ្នាអស់រយ:ពេលរាប់សិបឆ្នាំ​ ដោយ​ក្ដី​នឹក​រលឹក ៕

0 comments:

Post a Comment