រឿង ខ្មោចតាយហោងនៅវត្តថ្មី
នៅក្នុងភូមិរបស់ខ្ញុំ មានវត្តមួយមានឈ្មោះថា វត្តថ្មី ។ តាំងពីដើមមក វត្តនេះមានភាពសុខសាន្តណាស់ មិនដែលមានឮសូរមានខ្មោច មានព្រាយអីមកពីណាទេ ។ ប៉ុន្តែក្រោយមក វត្តនេះក៏ល្បីថា មានខ្មោចសាហាវ ធ្វើឲ្យអ្នកភូមិខ្លាចរអាគ្រប់ៗគ្នា ។
ខ្មោចសាហាវនោះ ជាខ្មោចរបស់ក្មេងស្រីសិស្សសាលាម្នាក់ដែលស្លាប់នៅពេលធ្វើពលកម្មសំអាតសាលារៀន ។ ការធ្វើពលកម្មនោះ មានប្រើចបកាប់ បង្គី និងកាំបិត ។
ដោយសារគ្មានការប្រុងប្រយ័ត្ន តាមនិស្ស័យក្មេងប្រុស វាឆ្ការព្រៃវាសកាំបិតខ្លាំងៗពេក ធ្វើឲ្យជ្រុលដៃ វិលមួយជុំខ្លួន ។ ចៃដន្យ កុមារីម្នាក់ កំពុងតែសែងស្មៅមួយបង្អី ជាមួយមិត្តភ័ក្តិម្នាក់ទៀត មកដល់ចំកន្លែងកាំបិតដែលវាសទៅនោះ ជាហេតុបណ្ដាលឲ្យចំករបស់នាង ដាច់ថ្លាក់ដល់ដី ។
ចំណែកដងខ្ញួនរបស់នាង រត់ក្រឡឹងវិលវល់ម្ដុំនោះ មុននឹងទៅជំពប់ជើងដួល នៅចំងាយប្រហែល ១០ ម៉ែត្រពីក្បាល ។ វត្តថ្មី ក្លាយទៅជាទីកប់ខ្មោចម្នាក់ទៀត ក្នុងចំណោមសពរាប់រយដែលមានទាំងស្លាប់ធម្មតា និងស្លាប់តាយហោង ដូចជាខ្មោចកុមារីម្នាក់នេះ ជាដើម ។ ប៉ុន្តែពីមុនមក មិនធ្លាប់កើតមានរឿងរ៉ាវចំឡែកអ្វីទេ ទើបតែក្រោយពេលយកខ្មោចកុមារីនេះទៅកប់ស្រាប់តែបង្កឲ្យមានភាពខ្លាចរអាពេញភូមិ ជាពិសេសអ្នកនៅក្បែរវត្ត ។
ក្រោយពីធ្វើពិធីបំពេញកុសលគំរប់ ៧ ថ្ងៃរួចហើយ អាចារ្យនៅវត្តបានឃើញផ្នូររបស់កុមារីនោះ ប្រេះបែករហូតមើលឃើញមឈូស ។ អាចារ្យប្រញាប់ទៅហៅសេកលោកមកជួសជុលវិញយ៉ាងប្រញាប់ ។ ប៉ុន្តែមិនបានប៉ុន្មានផង ក៏មានអ្នកភូមិមកឃើញស្នាមប្រេះបែកនោះដដែល រួចក៏នាំទៅនិយាយពីមាត់មួយទៅមាត់មួយថា : ខ្មោចតាយហោងរបស់កុមារីនេះ សាហាវណាស់ ! សាហាវរហូតប្រេះផ្នូរ !
វត្តថ្មីក្លាយជាផែនដី នៃភាពអាថ៌កំបាំងធ្លាក់នៅក្រោមអំណាចនៃភាពសាហាវរបស់វិញ្ញាណខ្មោចតៃហោងដែលចាប់ផ្ដើមសម្ដែងឫទ្ធិដ៏គួរឲ្យរន្ធត់ រហូតគ្មានអ្នកណាម្នាក់ហ៊ានដើរកាត់ផ្នូរក្មេងស្រីនោះឡើយ សូម្បីតែកណ្ដាលថ្ងៃចែសក៏ដោយ ។ នៅពេលយប់ខ្លះ មានគេបានឮសូរមឈូសខ្មោចរបស់នាងរណ្ដំគុកគាក់ៗ ។ អ្នកខ្លះទៀតបានឃើញរូបកុមារីគ្មានក្បាលដើរទៅមកជុំវិញសាលា ។
ចំណែកអ្នកខ្លះ បានជួបធ្ងន់ធ្ងរជាងនេះទៅទៀត គឺឃើញនាងដើរញឹងក្បាលរបស់ខ្លួន នៅតាមផ្លូវក្បែរសាលារៀន ធ្វើឲ្យអ្នកភូមិលែងហ៊ានដើរតាមផ្លូវនោះអស់ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏ពួកគេមិនអាចគេចផុតពីការតាមបន្លាចរបស់ខ្មោចតាយហោងនោះបានដែរ ។ នាងទៅឈរបន្លាចពូម្នាក់ អាយុ ៥០ឆ្នាំ ដែលផ្ទះគាត់នៅក្បែរវត្តជាងគេ ។ ខ្មោចនាង បានទៅឈរយួរក្បាលរេរាៗ នៅនឹងរបងផ្ទះរបស់គាត់ ធ្វើឲ្យគាត់បិទទ្វារបិទបង្អួចចូលគេងទទូភួយទាំងក្ដៅស្អុះ ធ្លាក់ញើសជោគខ្លួនពេញមួយយប់ ។ ព្រឹកស្អែកឡើង គាត់ប្រវេប្រវាដើរនិយាយប្រាប់គេឯង ទាំងស្លេកមុខស្លេកមាត់ សម្លេងនៅញ័រៗថា :
កាលពីយប់មិញ ខ្ញុំត្រូវខ្មោចដាច់ក្បាល វាមកចាត់ការ…ដេកអត់លក់មួយយប់ !
ទៅជួបវានៅឯណា ?
គឺវាមករកខ្ញុំដល់ផ្ទះតែម្ដងហ្នឹងណា ! យប់មិញនេះ អាកាសធាតុក្ដៅអួរអាប់ណាស់ មិនអញ្ចឹង ? នៅវេលាប្រហែលជាម៉ោង ១១-១២ យប់ខ្ញុំក្ដៅស្អុះពេក រហូតទ្រាំមិនបាន ក៏ឡើងទៅបើកបង្អួចឲ្យខ្យល់វាចូល តែតាមការពិតនោះ ខ្ញុំមិនចង់បើកទេ ព្រោះដឹងស្រាប់ហើយ ថាខ្ញុំជាមនុស្សខ្លាចខ្មោចថ្នាក់ណា ។ គ្រាន់តែបើកបង្អួចខ្វាក ! ចោលភ្នែកចេញទៅក្រៅបន្តិច ក៏ស្រាប់តែឃើញវាយ៉ាងពេញភ្នែក !
តើឃើញវាធ្វើយ៉ាងម៉េច ?
គឺគ្មានក្បាល ឈរក្បែរបងផ្ទះ មានសំលៀកបំពាក់ជាសិស្សិសាលា ។ វាឈរយួរក្បាល ម្ដងកាន់នៅនឹងដៃឆ្វេងម្ដងកាន់នៅនឹងដៃស្ដាំធ្វើហាក់ដូចជាអ្នកមកពីចំងាយយករបស់មកផ្ញើរអ្នកផ្ទះអញ្ចឹង ។ គ្រាន់តែដឹងថា ខ្មោចកំបុតក្បាលភ្លាម ខ្ញុំតក់ស្លុតស្ទើរតែរកវិញ្ញាណដើរទៅរកបិទបង្អួចវិញមិនបាន ។ អាកាសធាតុក្ដៅស្អុះស្អាប់ ដូចនៅក្នុងឡ ប៉ុន្តែខ្ញុំដេកទទូភួយ ញាក់ដូចកណ្ដុរត្រូវទឹក ។ ពីថ្ងៃនេះតទៅ ទោះជាក្ដៅរហូតដល់ថ្នាក់ឆេះទៀត ក៏ខ្ញុំលែងបើកបង្អួចជាដាច់ខាត ! ។
ការនិយាយៗគ្នា ពីមាត់មួយទៅមាត់មួយ បានធ្វើឲ្យអំណាចខ្មោចតាយហោង របស់កុមារីនេះល្បីពេញភូមិ ។ នាងបានដើរបន្លាចគេ ពីផ្ទះមួយទៅផ្ទះមួយ មិនព្រមឈប់ អ្នកខ្លះខ្លាចដល់ថ្នាក់ឈឺស្លាប់ក៏មាន ។ ភាពភ័យខ្លាច បានធ្វើឲ្យទិដ្ឋភាពក្នុងភូមិ ជាពិសេស…គឺនៅពេលយប់ ។ ក្នុងចំណាមមនុស្សក្នុងភូមិទាំងអស់ អ្នកណាក៏ខ្លាចខ្មោចកំបុតករបស់កុមារីនោះដែរលើកលែង តែនាយកំលោះ ខែង ម្នាក់គត់ ដែលជាក្មេងនៅវត្តថ្មីនោះ តាំងពីតូចៗមកម៉្លេះ ។ នាយ ខែង មិនត្រឹមតែមិនខ្លាចទេ គេថែមទាំងចង់ប្រណាំងយកឈ្នះចាញ់ជាមួយនឹងឫទ្ធិខ្មោចតាយហោង របស់កុមារីនោះថែមទៀតផង ។
ថ្ងៃមួយ នាយខែងបានដើរទៅក្បែរផ្លូររបស់ខ្មោចតាយហោងព្រមទាំងនិយាយប្រមាថដោយសម្លេងខ្លាំងៗថា : ក្លាយជាខ្មោចគ្មានក្បាល មិនឃើញគួរឲ្យខ្លាចត្រង់ណាសោះសំរាប់រូបអញ ! និយាយចប់ នាយ ខែង កញ្ឆាក់យករូបថតរបស់កុមារី ដែលដាក់ពីមុខផ្នូរកាន់ដើរចេញទៅព្រងើយ ។
នាយ ខែង កាន់យកទៅអួតគេឯងពេញវត្ត មុននឹងយកទៅបង្ហាញអ្នកនៅក្នុងភូមិទៀត ។ ប្រជាជនក្នុងភូមិ នាំគ្នាដេញឲ្យនាយ ខែង យករូបថតនោះ ទៅទុកកន្លែងដើមវិញព្រោះគេកំពុងតែខ្លាចវិញ្ញាណរបស់នាងគ្រប់ៗគ្នា ។
គ្រាន់តែព្រលប់មកដល់នាយ ខែង អ្នកក្លាហាន ក៏មានអាការខុសពីធម្មតាដូចមនុស្សធ្លាក់ភក់រងាញ័រញាក់ ដូចមនុស្សឡប់សតិ ។ មួយរយ:កន្លងមកទៀត នាយ ខែង ចេញបាត់ពីវត្តថ្មីទៅដោយគ្មានអ្នកណាដឹងពីជតាកម្មរបស់គេ ស្លាប់ពិបាកស្លាប់ស្រួលយ៉ាងណានោះទេ ។ អស់រយ:ពេលជាងពីរឆ្នាំ ទើបខ្មោចតាយហោងរបស់កុមារីនោះសាបរលាប ។ នេះប្រហែលជាវិញ្ញាណរបស់នាង ទៅចាប់ជាតិចាប់កំណើតបាត់ទើបបានជាលែងមានអ្នកណាឃើញ ឬ ត្រូវខ្មោចកំបុតកនោះលងទៀត ៕
0 comments:
Post a Comment