កាលនោះ នៅកោះសីឡង់ (Ceylan ) មានបុរសម្នាក់ជាកូនមហាសេដ្ឋី កាលវ័យចំរើនធំឡើង ក៏ចាប់ចិត្តស្រឡាញ់រូបនារីម្នាក់ ដែលត្រូវជាកូនមហាសេដ្ឋីមួយទៀត នៅក្នុងភូមិនោះដែរ ។ ឯមាតាបិតាទាំងសងខាងបានស្រុះស្រួលគ្នា ហើយរៀបមង្គលការបុត្រាបុត្រីទាំងពីរប្រាណយ៉ាងអឹកធឹក ។
លុះដល់រៀបការរួច បុរសជាស្វាមីត្រឡប់ជាមិនសប្បាយចិត្តដូចប្រាថ្នាសោះ ទើបនិយាយនឹងភរិយាថា
<< ឱ ! អូនសំឡាញ់ ! ឪពុកម្ដាយរបស់បង នឹងឪពុកម្ដាយរបស់អូន ជាអ្នកមានធនធានសំបើមណាស់ ប៉ុន្តែយើងទាំងពីរនេះ គ្មានរបស់អ្វីដែលជារបស់យើងទេ ,
ហេតុដូច្នេះ បងគិតសូមលាអូនមួយគ្រាសិន នឹងជិះកប៉ាល់ទៅស្រុកភ្លុកនឹងស្រុកពេជ្រ ដើម្បីរកធនធានតាមកំឡាំងរបស់បង >> ។
នាងជាភរិយាលុះឮដូច្នោះ ក៏ព្រួយចិត្តជាខ្លាំង និយាយទៅកាន់ស្វាមីវិញថា << ឱ គូជីវិតរបស់ប្អូន ! មានតែពួកអ្នកក្រដែលរស់នៅម្នាក់ឯងវេទនាជានិច្ច គ្មានជាប់ចំណងអ្វីនៅនាលោកនេះទេ ទើបគេទៅតាមមហាសមុទ្រឆ្លងកាត់ព្យុះខ្យល់ នឹងគ្រោះថ្នាក់ផ្សេងៗ ដើម្បីស្វែងរកធនធាន,
ឯរូបអ្នកបងវិញឆ្ងាយអំពីឋានៈនោះជាអនេក តោងអ្នកបងគិតថា << បើប្អូនអត់អំពីបងទៅ ប្អូនគ្មានបង្អែកឯណាទៀតទេ,
ដូច្នេះសូមបងគិតទៀតថា : ប្អូនស្រឡាញ់បងណាស់ , ឪពុកម្ដាយរបស់យើងជាអ្នកមានទ្រព្យសម្បត្តិច្រើន, លោកក៏គង់ចែកទ្រព្យសម្បត្តិរបស់លោកមកឲ្យយើងខ្លះដែរ ទោះបីលោកនៅរស់ក្ដី លោកមិនធ្មេចភ្នែកទេ ព្រោះលោកស្រឡាញ់យើងណាស់>>។
ពិតមែនហើយអូន, ប៉ុន្តែយើងត្រូវតែមានទ្រព្យណាមិនមែនជាទ្រព្យកើតឡើងអំពីសេចក្ដីជ្រះថ្លាសទ្ធារបស់លោក,
យើងត្រូវតែមានទ្រព្យណាដែលកើតឡើងអំពីកិច្ចការរបស់យើងធ្វើ,
បើសិនណាបងស្លាប់កណ្ដាលផ្លូវ ឈ្មោះថា បងស្លាប់ដោយកិត្តិយស រួចគេនឹងគោរពដល់បងមិនខាន, មនុស្សណាដែលមិនចេះរកចិញ្ចឹមជីវិតខ្លួនឯង មនុស្សនោះជាសត្វធុនអន់ជាបំផុត,
ជួនកាលគេមើលងាយផង, មួយទៀតយើងមិនត្រូវរស់នៅដោយគ្រាន់តែស៊ីផឹក ដេកដោយឥតកម្រើកម្រាមដៃទាំង១០នោះទេ , អ្នកប្រាជ្ញបានចារក្នុងសៀវភៅធម៌ថា
<< ជនណាមិនខ្លាចស្លាប់ដើរតាមសមុទ្ររលកគគ្រឹកគគ្រែងដើម្បីស្វែងរកទ្រព្យសម្បត្តិជននោះ ទើបសមជាមនុស្សគួរឲ្យគេរាល់គ្នាសរសើរបាន ទោះបីមិនបានទ្រព្យនោះដូចបំណងក៏ដោយ ហេតុដូច្នេះ កុំឲ្យអូនគិតដដែលៗឲ្យសោះ ព្រោះបងប្រាកដជាទៅហើយ ។
លុះកាលណាបុរសបានឱបថ្នាក់ថ្នមភរិយាដោយស្នេហា យ៉ាងស្និទ្ធស្នាលហើយ ក៏ចេញដំណើរទៅ ដូចពាក្យដែលបានពោលមែន ។
ដល់យូរបន្តិចមក នាងភរិយានៅម្នាក់ឯងកើតទុក្ខក្រៀមក្រំជាខ្លាំង ប៉ុន្តែធម្មតាស្រីដែលក្រាស់ដោយតណ្ហាតែងមិនស្កប់នឹងប្ដីរបស់ខ្លួនទេ ។
ឯនាងនេះក៏ជាស្រីតណ្ហាក្រាស់ផង មានវ័យនៅក្មេងផង នាងឆាប់ភ្លេចប្ដី នាងបានទៅមកធ្វើអន្ធករជាមួយបុរសអ្នកបំរើរបស់ឪពុកម្ដាយនាងម្នាក់ ឈ្មោះ (Payta) ប៉ាយតានេះមានវ័យនៅក្មេង មានរូបល្អ អាយុប្រមាណស្មើនឹងអាយុនាង ។
ថ្ងែមួយប្រុសសង្សារនាង បាននិយាយនឹងនាងថា << អូន ! យើងរស់នៅជាមួយគ្នាបានសុខសប្បាយណាស់ , ប៉ុន្តែបើសិនណាប្ដីដើមរបស់អូនមកវិញ តើយើងគិតយ៉ាងណា ? យើងគិតបែកគ្នាឬអ្វី ? ។
នារីគន់គិតក្នុងចិត្តជាយូរបន្តិច ដើម្បីដោះស្រាយបញ្ហានេះ ដែលមើលទៅហាក់គ្មានផ្លូវសោះ រួចនាងងើបមុខឡើងនិយាយថា << ឱ បង ! ប្អូននឹកឃើញហើយ យប់នេះបងទៅឯម៉ុងខ្មោច ហើយបងយករូបខ្មោចស្រីម្នាក់ដែលគេទើបកប់យកមកឲ្យខ្ញុំ, យើងយកខ្មោចនេះទៅដាក់លើដំបូលផ្ទះ ហើយយើងដុតផ្ទះរបស់យើងទៅ ,
លុះកាលណាឪពុកម្ដាយរបស់ខ្ញុំឃើញរូបខ្មោចដែលឆេះរោលខ្មៅនោះ លោកនឹងនឹកស្មានថា : ខ្ញុំស្លាប់ក្នុងអគ្គិភ័យនេះ ដូច្នេះមិនខាន រួចយើងនាំគ្នាទៅនៅកន្លែងមួយទៀត ដែលគ្មានអ្នកណាមកជំទាស់ដល់សេចក្ដីស្នេហារបស់យើង >> ។
ប៉ាយតាយល់ឃើញត្រូវផង ក៏ធ្វើតាមបង្គាប់របស់នាង ។ ក្នុងវេលាដែលភ្លើងកំពុងឆេះខ្លាំង ប៉ាយតាទៅជាមួយស្រីសង្សារតាមផ្លូវបត់បែនលុះត្រាដល់ភូមិមួយ ដែលនៅឆ្ងាយដាច់ស្រយាលពីស្រុកកំណើតនាង ។
រីឯឪពុកម្ដាយរបស់នាង បាននឹកស្មានថា : កូនស្រីរបស់ខ្លួនស្លាប់ក្នុងភ្លើង ក៏យំសោកបោកប្រាណ ហើយបានធ្វើបុណ្យបញ្ជូនឲ្យនាងយ៉ាងបរិបូណ៌ យកខ្មោចនោះទៅដុតនឹងឈើខ្លឹមច័ន្ទន៍វាយឃ្មោះគងយ៉ាងគគ្រឹកគគ្រេង ។
សុភាសិតថា << សេចក្ដីស្នេហានាំឲ្យមនុស្សទៅជាខ្វាក់មិនចេះគិតវែងឆ្ងាយ >> ។ ហេតុនោះ បានជាប៉ាយតានឹងនាងស្រឡាញ់គ្នាណាស់គ្មានខ្លាចអ្វី គ្មានខ្លាចអ្នកណាបន្ទោស គ្មាននឹកភិតភ័យអ្វីឡើយ ។
ក្នុងពេលដែលរត់ទៅនោះ ជនទាំងពីរនាក់មានសេចក្ដីធ្វេសប្រហែសឥតបានយកអ្វីជាប់ជាមួយទៅផងទេ មានតែមាសពេជ្របន្តិចបន្តួច,ដល់យូរបន្តិចទៅក៏ចាយវាយអស់គ្មានសល់អ្វីសោះ។
សេចក្ដីពិត កាលណាសេចក្ដីស្រេកឃ្លានគាបក្រពះ សេចក្ដីស្នេហាយ៉ាងខ្លាំងត្រឡប់ជាអន់ថយវិញ ។ នេះជាពាក្យចាស់ទុំជាន់បុរាណ ។
ហេតុតែជនទាំងពីរនាក់ធ្លាក់ក្នុងស្លោកសុភាសិតនេះហើយ បានជាក្នុងថ្ងៃមួយ ស្វាមីភរិយា ឱបក្រសោបគ្នារួចហើយ ស្រីសង្សារនិយាយថា
<< បង ! ប្អូនឃើញថាបងស្រឡាញ់ប្អូនខ្លាំងណាស់ ឯប្អូនក៏ស្រឡាញ់បងណាស់ដែរ,
ប៉ុន្តែឥឡូវនេះ យើងក្រលំបាកខ្លាំង , ហតុដូច្នេះ យើងមុខជានឹងស្លាប់ដោយអត់ឃ្លានកណ្ដាលតណ្ហារបស់យើងពុំបាន, ប្អូនសុំចិត្តបងចុះ យើងត្រូវនាំគ្នាទៅផ្ទះរបស់ឪពុកម្ដាយប្អូនវិញ, គាត់ចំណាំបងមិនបានទេ ប្រហែលគាត់ភ្លេចមុខបងហើយ ដោយគាត់មិនបានចាប់ភ្លឹកនឹកនាដល់រូបបង ,
ចំណែកខាងប្អូនវិញគាត់មុខជាស្មានថា រូបប្អូននេះគ្រាន់តែដូចរូបកូនរបស់គាត់, ប្អូនហ៊ានថា មុខជាគាត់ឲ្យលុយកាក់ប្រាក់កាសមកប្អូននឹងបងសម្រាប់ទិញម្ហូបអាហារ នឹងសំលៀកបំពាក់ផ្សេងៗ បើនិយាយសរុបទៅ គឺថាគាត់មុខជារបស់ដែលយើងត្រូវការទាំងប៉ុន្មានមិនខាន ។
ប៉ាយតាដែលមានបំណងស្របគ្នានឹងភរិយាដែរ ក៏ព្រមធ្វើតាមនាង ។ លុះកាលណាបរិភោគអាហារស្រស់ស្រូបពេលព្រឹកបន្តិចបន្តួចរួចហើយ ប្ដីប្រពន្ធទាំងពីរនាក់នាំគ្នាត្រឡប់មកផ្ទះរបស់ឪពុកម្ដាយវិញ,
ដល់ពេលល្ងាច ក៏បានមកដល់មាត់ទ្វារសួនច្បារដែលលាតសន្ធឹងបីមុខគេហដ្ឋាន ហើយបាននាំគ្នាអង្គុយសំរាកនៅក្រោមម្លប់ដើមឈើមួយធំ ដែលមានផ្ការីកពោរពាស ហើយដែលបក់ក្លិនក្រអូបឈ្ងុយឈ្ងប់ដូចផ្កាក្រូច ។
ក្នុងពេលនោះ ពួកខ្ញុំអ្នកបំរើដែលធ្លាបើតែចុះពីលើផ្ទះតាមធម្មតា ដើម្បី យកទឹកទៅជ្រួចសែនខ្មោចនាងដែលស្លាប់ក្នុងអគ្គីនោះ បានឃើញស្វាមីភរិយាទាំងគូរនៅអង្គុយលើស្មៅ ក៏ឈប់ឈរសំឡឹងមើល ហើយនិយាយគ្នាថា :
<< យីអើបើសិនណាជានាងនេះគ្មានប្ដី គេទៀងតែថាចៅហ្វាយស្រីរបស់យើងពុំខាន >> ។ រួចអ្នកបំរើទាំងនោះយកជើងពានមាសត្រឡប់ទៅវិញ ដោយឥតបានសែនព្រេនអ្វីទេ ហើយនិយាយរ៉ាយរ៉ាប់ប្រាប់អ្នកស្រីដែលជាម្ដាយរបស់នាងគ្រប់ប្រការ ។
ឯអ្នកស្រីនេះក៏ចុះអំពីផ្ទះយ៉ាងប្រញាប់ ដើរទៅក្នុងសួនច្បារតម្រង់ទៅគល់ឈើធំ ដែលអ្នកដំណើរទាំងពីរអង្គុយនៅ ក៏បានឃើញកូនស្រីរបស់គាត់ ។ គាត់ស្រក់ទឹកភ្នែកនៅស្ងៀមមួយកន្លែង ឈរមើលភាំងស្មារតី ប៉ុន្តែឥតហ៊ាននិយាយទៅរកនាងទេ ។
ក្រោយមកដោយសារចិត្តខ្មួលខ្មាញ់ខ្លាំងពេក គាត់សង្រ្គប់ចិត្តគាត់បាន ហើយទៅអង្គុយជិតនាងសាកសួរនាងដោយមានសំឡេងយ៉ាងទន់ថា : តើនាងកូនចៅអ្នកណា ? កូនស្រីឆ្លើយថា << ជំរាបប្រសាសន៍អ្នកមីង !
យើងទាំងពីរនាក់នេះជាអ្នកដំណើរ, យើងមកឈប់សម្រាកក្នុងទីនេះក្រោមម្លប់ឈើ ដែលមានផ្កាក្រអូបនេះបន្តិច ឥឡូវយើងធ្វើដំណើរទៅទៀតហើយ ។
ទេនាង ! កុំទៅ , នាងនៅទីនេះហើយ , ខ្ញុំធានាចិញ្ចឹមនាងដូចកូនខ្ញុំបង្កើត, ព្រោះមុខរបស់នាងនាំឲ្យខ្ញុំនឹកដល់កូនស្រីសំឡាញ់របស់ខ្ញុំ ដែលអនិច្ចកម្មក្នុងភ្នក់ភ្លើងបាត់ទៅនោះ ហើយដែលខ្ញុំនៅតែនឹកគ្មានភ្លេចឡើយ, នាងនៅនេះចុះ ខ្ញុំសុំចិត្តនាងឲ្យអាណិតមីង ។
ដូចយើងដឹងស្រាប់ហើយ, ដែលនាងនេះធ្វើឲ្យម្ដាយអង្វរខ្លួនយ៉ាងនេះ គឺធ្វើតែក្រៅទេ ចំណែកចិត្តឥតប្រកែកសោះ ហេតុដូច្នេះហើយទើបនាងសុខចិត្តព្រមនៅតាមអង្វរ ។
ឯអ្នកស្រីជាមាតាមានចិត្តត្រេកអរជាពន់ពេកណាស់ ហើយនាំប្ដីប្រពន្ធទាំងពីរប្រាណចូលទៅក្នុងផ្ទះមួយសង់អំពីឈើម៉ៃសាក់លាបពណ៌យ៉ាងល្អឆើតឆាយ មានដំបូលច្រើនជាន់នៅក្នុងសួនច្បារនោះ ។
អស់កាលចំនួនជាច្រើនថ្ងៃខែមក ជនទាំងពីរនាក់គ្មានរឿងហេតុអ្វីទេ សឹងនៅជាសុខសប្បាយដោយសម្បូណ៌គ្រឿងបរិភោគ ឧបភោគគ្រប់ប្រការ ។
ឯអ្នកស្រីមិនចេះអស់ចិត្តនឹងមើលមុខនាងនោះសោះ ព្រោះកាលឃើញនាងជាហេតុនាំឲ្យនឹកឃើញដល់កូនស្រីសំឡាញ់របស់គាត់។
ប៉ុន្តែថ្ងៃមួយ មានគេនាំសំបុត្រមកប្រាប់ថា ប្ដីដើមរបស់នាងត្រឡប់មកពីការដើរផ្សេងព្រេងវិញហើយ បានទាំងនាំធនធានជាច្រើនមកផង
ក្នុងពេលយប់នោះ បុរសផ្សេងព្រេងក៏មកដល់មែន ហើយសាកសួរគេអំពីសុខទុក្ខភរិយាខ្លួនមុនគេបង្អស់ ។
គេក៏ប្រាប់យ៉ាងច្បាស់វិញអំពីអគ្គិភ័យ នឹងអំពីមរណភាពយ៉ាងអស្ចារ្យ របស់ភរិយាដែលជួបប្រទះក្នុងអណ្ដាតភ្លើង ឃើញតែរូបដែលត្រូវឆេះផ្សែងរោលមើលមិនស្គាល់ព្រមទាំងប្រាប់ពិធីបុណ្យយ៉ាងអិកធិកដែលគេបានធ្វើនៅផ្នូរខ្មោចនាង ។
បុរសផ្សងព្រេងខំទប់ទឹកភ្នែកដែលហៀបនឹងហូរចេញមក ក្នុងចិត្តខ្លោចផ្សាអនេក ទើបដើរឆ្ពោះទៅកាន់ផ្ទះម្ដាយដែលបានសង់ហើយចែកមួយបន្ទប់ដល់ខ្លួននោះ ។
ក្នុងពេលនោះ ខ្លួនអ្នកបានអង្គុយនៅលើរានហាល លើកន្ទេលពណ៌មួយមានស្រីស្នំអមជុំវិញ ស្រាប់តែក្រឡេកភ្នែកទៅឃើញភរិយាខ្លួនឈរមើលអ្នកពីមុខ ។
ដំបូងអ្នកភាំងនៅស្ងៀម បើកភ្នែកធំដូចមនុស្សគ្មានវិញ្ញាណរួចអ្នកនិយាយយ៉ាងខ្សឹកខ្សួលថា : តើហេតុអ្វីក៏ដូច្នេះ ? អញមមើទេឬ ? ឬមួយគេកុហកអញ ? អ្នករាល់គ្នាថាប្រពន្ធអញស្លាប់ ឥឡូវម្ដេចឡើយក៏អញឃើញនាងទាំងសាច់ទាំងឆ្អឹងយ៉ាងនេះ ? ។
បុរសផ្សងព្រេងខ្វល់គំនិតពេក ឥតបានសាកសួរគេទេ ក៏ដើរចុះពីផ្ទះរត់តម្រង់ទៅប្ដឹងលោក សុភានៅក្នុងភូមិ សុំឲ្យលោកជួយឲ្យបានប្រពន្ធមកខ្លួនវិញ ។
ឯអ្នកស្រីជាម្ដាយក្មេកបុរសនេះ ព្រមទាំងជនានុជនច្រើនរូបទៀត ត្រូវគេហៅទៅធ្វើជាសាក្សី ។
– ទេ ! រឿងនេះគ្មាននាំឲ្យយើងងៀងឆ្ងល់អ្វីសោះ ព្រោះភរិយារបស់អ្នកស្លាប់បង់ជីវិតក្នុងកណ្ដាលអណ្ដាតភ្លើងទៅហើយតើ,
បើមិនមែនដូច្នេះទេ ម្ដាយប្រពន្ធអ្នកមិនមែនមកប្ដឹងបញ្ជាក់ពីថ្ងៃមុនឡើយ នាងនេះគ្រាន់តែមានរូបកាយប្រហែលភរិយារបស់អ្នកតើ ឯម្ដាយក្មេករបស់អ្នកបានឆ្លៀតមើលមុខនាងនេះ មកយូរថ្ងៃដើម្បីកុំឲ្យមានទុក្ខព្រួយពេកប៉ុណ្ណោះទេ ។
ប៉ុន្តែទោះបីបុរសនោះខំជជែកយ៉ាងណាក៏ដោយ លោកសុភាក៏មិនព្រមស្ដាប់សោះ ។ ក្រោយមកលោក ចៅហ្វាយខែត្រក៏បានកាត់សេចក្ដីដូចលោកសុភានេះទៀត ។
លុះធ្វើសង្រ្គាមដែលអស់សង្ឃឹមនេះហើយ, បុរសផ្សងព្រេងបានទៅទូលដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ។ ព្រះករុណាម្ចាស់ជីវិតទ្រង់ខំស្ដាប់ពាក្យបណ្ដឹងយ៉ាងម៉ត់ចត់, ប៉ុន្តែទ្រង់មិនសូវប្រសប់ខាងផ្លូវច្បាប់ ហើយដោយទ្រង់មានព្រះហ្ឫទ័យចង្អៀតចង្អល់ជាពន់ពេក ។
ក្នុងពេលនោះ ទេវតាដែលរក្សាស្វេតច្ឆ័ត្របានខ្សឹបនឹងព្រះកាណ៌ព្រះអង្គថា : <<សូមទ្រង់ព្រះមេត្តាប្រោស ! រឿងនេះធំណាស់ ហើយពិបាកផង, ជនណាដែលល្ងង់ខ្លៅជននោះមិនត្រូវមកច្របល់ក្នុងរឿងនេះទេ, ឯលោកនាយកអភិជនរបស់ព្រះអង្គជាចៅក្រមមួយយ៉ាងប៉ិនប្រសប់, លោកនេះអាចនឹករកការណ៍ពិតឃើញបាន >> ។
ព្រះរាជាក៏ទ្រង់មានព្រះបន្ទូលហៅលោកដ៏ចំណាប់នេះ មកជិតព្រះអង្គ ហើយទ្រង់បង្គាប់ឲ្យរូបនេះបំភ្លឺរឿងនុះឡើង ។
មិនមែនជាការស្រួលទេ ដែលគេប្រគល់រឿងនេះឲ្យលោករដ្ឋមន្រ្តីដ៏វិសេសនេះ, លោកជាអ្នកប្រាជ្ញមែនពិត ប៉ុន្តែលោកមិនដឹងធ្វើយ៉ាងណា ឬគិតយ៉ាងណាសោះ ។ ឯបុត្រីរបស់លោកឈ្មោះនាងធូដាម្ន៉ាសារី ម៉ង់សាមី (Thoudamna sari menzamie,
បានសង្កេតឃើញកង្វល់របស់លោកដោយឥតយូរឡើយ ហើយសួររកហេតុនេះភ្លាម ។ ឪពុកដែលទុកចិត្តតែលើរូបកូនស្រី១នេះ គ្រាន់តែនិយាយត្រង់កន្លែងពិបាក ដែលព្រះករុណាទ្រង់ត្រាស់បង្គាប់ឲ្យលោកសម្រេច ។
នាងឆ្លើយថា: << សូមលោកឪពុកកុំព្រួយឲ្យសោះខ្ញុំធានាទាំងអស់ ខ្ញុំគ្រាន់តែសូមលោកឪពុកឲ្យសង់ខ្ទមមួយផ្សេងក្នុងសួនច្បាររបស់យើង ហើយឲ្យជនទាំងអស់ដែលមានរឿងមករកខ្ញុំ,
ជនម្នាក់ៗឈរនៅជ្រុងមួយៗ, ឯខ្ញុំនៅកណ្ដាលជាមួយនឹងស្មៀនរបស់ខ្ញុំម្នាក់, រួចខ្ញុំសាកសួរជនទាំងនោះម្នាក់ម្ដងៗ, ខ្ញុំហ៊ានសន្យាថាខ្ញុំរកសេចក្ដីពិតឲ្យឃើញពុំខាន >> ។
លុះកាលណាធ្វើបានសព្វគ្រប់ដូចបំណងនាងហើយ នាងហៅប្ដីដើមមកហើយពោលពាក្យដូចមានតទៅនេះ << ឱ ! អ្នកដ៏ថ្លៃថ្លា !
គេនិយាយអ្នកអភ័ព្វប្រពន្ធស្លាប់ក្នុងអគ្គិភ័យ ដែលឆេះផ្ទះរបស់អ្នក កាលដែលអ្នកចេញផុតទៅធ្វើដំណើរតាមសមុទ្រ ដោយក្លាហានដើម្បីទៅរកធនធាន,
ឥឡូវនេះ អ្នកបានត្រឡប់មកវិញពេញចិត្តដោយសាររកធនធាននោះបាន ដូចបំណងរបស់អ្នក, ឯឪពុកម្ដាយរបស់អ្នកទៀត ក៏សុទ្ធតែអ្នកមានទ្រព្យសម្បត្តិសម្បើមណាស់ណាស់ដែរ,
ចំណែកខាងមតិពិតប្រាកដត្រង់របស់ខ្ញុំយល់ថា មនុស្សឈ្លាសវាងវៃ នឹងថ្កុំថ្កើងដូចអ្នកនេះ មិនសមឡើយមកប្ដឹងផ្ដល់ដណ្ដើមប្រពន្ធដូច្នេះទេ,
ឯរូបស្រីបានប្រកាសថា គេជាប្រពន្ធពិតរបស់គូសត្រូវរបស់អ្នក, ឯគូសត្រូវនេះ គេក៏ប្រកាសដូច្នេះដែរ, មួយទៀតតាំងពីស្ដេចផែនដីរហូតដល់កំទេចសុភាក្នុងប្រទេស គេថាអ្នកខុសទាំងអស់,
ឥឡូវនេះ សូមអ្នកនិយាយប្រាប់ខ្ញុំឲ្យពិតត្រង់មើល តើនាងនោះប្រាកដជាប្រពន្ធរបស់អ្នកមែនឬទេ ? ហើយតើហេតុយ៉ាងណាបានជាគេស្អប់អ្នក ? គួរណាស់តែអ្នកធ្វើតាមពាក្យខ្ញុំដែលជំរាបអ្នកដូចមានតទៅនេះ គួរណាស់តែអ្នកធ្វើតាមពាក្យខ្ញុំដែលជំរាបអ្នកដូចមានតទៅនេះ,
ប៉ុន្តែខ្ញុំមិនដឹងជាអ្នកសុខចិត្តធ្វើតាមខ្ញុំឬយ៉ាងណាទេ ឯចំណែកខាងខ្ញុំៗ សឹងតែមិនហ៊ានហាមាត់និយាយផង >> ។ លុះនិយាយដូច្នេះហើយ នាងអៀនខ្មាសយកដៃបិទមុខដ៏ល្អឆើតឆាយរបស់នាង ។ ក្នុងពេលនោះ បុរសអង្វរឲ្យនាងនិយាយតទៅទៀត ។
នាងងើបមុខឡើងដាច់ចិត្តមិនខ្មាសអៀន ហើយនិយាយថា : ឯដំបូន្មានរបស់ខ្ញុំមានដូចតទៅនេះ រូបអ្នកជាអ្នកមានទ្រព្យសម្បត្តិ រូបខ្ញុំជាកូនរបស់លោក នាយករដ្ឋមន្រ្តី នៃព្រះមហាក្សត្រ បើសិនណា
យើងស្រឡាញ់គ្នា ហើយព្រមព្រៀងរៀបការនឹងគ្នា យើងមុខជាគ្មានទុក្ខភ័យអ្វីទេ លុះអស់ជីវិតរៀងខ្លួន, អ្នកមានឫកពាគួរឲ្យខ្ញុំសរសើរណាស់ តើអ្នកយល់ព្រមតាមខ្ញុំទេ ? ហើយចូរអ្នកឆ្លើយឲ្យត្រង់ដូចចិត្តខ្ញុំ ដែលបង្ហាញអ្នកអម្បាញ់មិញនេះ >> ។
បុរសឆ្លើយបែបព្រួយបន្តិចថា : << ឯពាក្យឆ្លើយរបស់ខ្ញុំងាយទេ, ឱ នាង ! ខ្ញុំចាប់ចិត្តចាប់គំនិតនឹងពាក្យរបស់អ្នកនាងជាពន់ពេក,
ប៉ុន្តែតើឲ្យខ្ញុំលះបង់ចោលភរិយា ដែលឪពុកម្ដាយរបស់ខ្ញុំបានដាក់ទុកឲ្យម្ដេចបាន ? ខ្ញុំបានសន្មតក្នុងចិត្តថា នាងនេះជាគូជីវិតរបស់ខ្ញុំ ពីព្រោះយើងស្គាល់គ្នាតាំងពីតូចមក, នាងស្រាតរត់លេងយ៉ាងសប្បាយក្នុងផ្ទះរបស់យើង,
មនុស្សប្រុសមិនត្រូវដាច់ចិត្តធ្វើអំពើកំណាចបំបាត់កិច្ចព្រមព្រៀង ដែលបានធ្វើយ៉ាងឧឡារិកដូច្នោះទេ >> ។ នាងលុះកាលណាបានឮសំដីដ៏ប្រពៃនេះហើយ នាងញញឹមទៅរកបុរសរួចបើកទ្វារឲ្យចេញទៅ, នាងបានគិតឃើញរួចជាស្រេច ។
ក្រោយមក នាងបានហៅប៉ាយតាទៅឯបន្ទប់នាង, នាងនឹកថាប៉ាយតានេះជាមនុស្សអាក្រក់ ប៉ុន្តែនាងខំលាក់ពុត ហើយសួរដោយខ្ជីខ្ជាបន្តិចថា : << បុរសក្មេងៗ ទាំងពីរនាក់នេះឈ្លោះគ្នាព្រោះស្រ្តីម្នាក់យ៉ាងនេះមិនត្រូវទេ,
ឯខ្ញុំជាស្រីគ្មានប្ដី បើអ្នកសុខចិត្ត ខ្ញុំព្រមយកអ្នក ខ្ញុំជាកូនរបស់លោកនាយករដ្ឋមន្រ្តី មានទ្រព្យសម្បត្តិសម្បើមណាស់, ខ្ញុំមានមាសពេជ្រក្នុងលោកនេះ គ្មានអ្នកណាស្មើ បើយើងបានគ្នាមុខជាសប្បាយដោយទ្រព្យ នឹងយសស័ក្តិរបស់យើងមិនខាន >> ។
ប៉ាយតា ឥតបានសង្កេតថា នាងនិយាយអំពីតណ្ហាសោះ ឃើញថានាងនិយាយតែអំពីទ្រព្យ ហើយក៏ឆ្លើយភ្លាមថាសុខចិត្ត ។ នាងខំលាក់ពុតរបស់នាង ហើយឆ្លើយថា :
<< បើអ្នកយល់តាមគ្រោងការនេះ យើងត្រូវនាំគ្នារត់ទៅនៅឯទីណាមួយឆ្ងាយពីទីនេះ លុះតែធ្វើយ៉ាងនេះទើបខ្ញុំជឿថាអ្នកស្ម័គ្រស្មោះនឹងខ្ញុំ …. ។
ប៉ាយតាឥតប្រកែកអ្វីមួយម៉ាត់សោះ ធ្វើមុខស្មើដូចធម្មតា ។ ឯនាងក្ដៅក្រហាយលើកដៃគ្រវាសចង្អុលទ្វារឲ្យប៉ាយតាចេញទៅ ។ ប៉ាយតានៅតែគ្មានចាប់ភ្លឹកនឹងអាការរបស់នាង ហើយថយខ្លួនយ៉ាងស្រួលបួលទៅ ភ្នែករំពៃមើលនាងទៀត ។ ឯនាងគ្មានមើលវិញទេ ។
ក្រោយមកទៀត នាងហៅនាងភរិយាមក ហើយនិយាយថា << អ្នកបង ! ប្ដីរបស់អ្នកបងសព្វថ្ងៃក្រខ្សត់ខ្សោយ,
គាត់គ្មានអ្វីសោះ ហើយគាត់មានគំនិតហាក់ដូចជាអន់ថយជាងបុរសកូនអ្នកមានជាពន់ពេក ឯរូបគេនេះពេញលេញប្រសើរណាស់ គេមានទ្រព្យសម្បត្តិក៏ច្រើន គេអាចនាំអ្នកបងឲ្យបានសប្បាយ,
បើអ្នកបងរួមរស់នឹងគេ អ្នកបងមុខជាលែងស្គាល់សេចក្ដីក្រលំបាកទៀតហើយ រៀងរហូតដល់ស្លាប់ទៅវិញ ខ្ញុំសូមឲ្យអ្នកបងប្រាប់ខ្ញុំ តើហេតុដូម្ដេចបានជាអ្នកបងមិនព្រមយកគេ ? ។
នាងភរិយាឆ្លើយថា << ជំរាបប្រសាសន៍អ្នកនាង ! អ្នកនាងក៏ស្រី ខ្ញុំក៏ជាស្រីដែរ អាស្រ័យហេតុនេះ អ្នកនាងមុខជាយល់តាមខ្ញុំមិនខាន,
មនុស្សស្រីគឺជាផ្លែឈើមួយដែលជាប់នឹងមែក, ឯប្ដីទុកដូចជាដើមឈើដែលទ្រមែកនោះ, អ្នកនាងជ្រាបស្រាប់ហើយ តើធម្មជាតិធ្វើយ៉ាងណាៗខ្លះ ?
គឺដំបូងនៅលើដើមឈើមានតែត្រួយមួយទេ, ត្រួយនេះបង្កើតជាសន្លឹកមួយ ឬ ពីរប៉ុណ្ណោះ សន្លឹកនេះក្លាយបានទៅជាមែក ,
នៅលើមែកនោះផ្លាស់រូបបានទៅជាផ្កា ឯផ្កាបានជាផ្លែ រួចផ្លែនេះទុំជ្រុះពីលើដើមឈើ,
ជួនកាលគេរើសផ្លែនេះយកទៅបរិភោគ ជួនកាលទៀតផ្លែនេះនៅរលួយលើធរណី,
ហេតុដូច្នោះ ខ្ញុំសូមសួរអ្នកនាង តើផ្លែដែលជ្រុះពីលើដើមឈើ អាចភ្ជាប់ទៅកន្លែងដែលជ្រុះនោះវិញបានឬទេ ? ឯកូនដែលកើតចេញពីផ្ទៃមាតាមក អាចចូលនៅក្នុងផ្ទៃនោះវិញបានឬទេ? ។
នេះហើយជាភាវៈរបស់ស្រីដែលជ្រុលខ្លួនខុស ។ ឯការក្បត់ចិត្តរបស់ស្រីនេះ នាំឲ្យភ្លេចសេចក្ដីស្នេហា នឹងសេចក្ដីគោរពចំពោះរូបស្វាមី ។ ហេតុដូច្នេះ បើគ្មានរបស់អ្វីមួយប្លែកអស្ចារ្យទេ ស្រីនេះគ្មានសង្ឃឹមឡើយ ទោះបីស្ដីបន្ទោសខ្លួនឯងយ៉ាងណាក៏ដោយ ។
ថាហើយនាងនៅស្ងៀមឱនមុខកើតទុក្ខយ៉ាងខ្លាំង ។ លុះនាងធូដាម្ន៉ាសារីជាកូនលោក រដ្ឋមន្រ្តីឮដូច្នោះហើយ ក៏នឹកក្នុងចិត្តថា :
<< ឱអញយល់ហើយ ស្រីនេះក្បត់ចិត្តប្ដីទេតើ ប៉ុន្តែស្រីនេះស្ដាយក្រោយពន់ពេក >> ។ នាងទើបឲ្យស្រីនេះចេញពីកន្លែងនោះទៅ ហើយបានពោលពាក្យគួរសមរកពីរបីម៉ាត់ផង រួចនាងបង្គាប់ឲ្យស្មៀនរបស់នាងសរសេរសេចក្ដី ដែលនាងបានពិភាក្សាជាមួយជនម្នាក់ៗ ដែលយើងបាននិទានមកហើយនេះ ។
លុះកាលណាឪពុករបស់នាងបានស្ដាប់សេចក្ដីសព្វគ្រប់ហើយ លោកមានចិត្តត្រេកអរជាពន្លឹក ហើយបាននាំកូនក្ដីទាំងអស់ទៅគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយសារលោកបានជ្រាបការពិតអំពីមាត់អ្នកដែលមានទោសទាំងពីរ ។
ព្រះករុណាទ្រង់ចេញព្រះរាជក្រិត្យមួយតាមពាក្យដែលនាងធូដាម្ន៉ាសារី បានរៀបចំជាមុននោះដូច្នេះថា << ប៉ាយតាដែលមិនមែនប្ដីនោះហើយ ដែលរៀបនឹងក្បត់ចិត្តនាងជាសហាយ ត្រូវទោសដល់ស្លាប់ខ្លួន,
ក៏ប៉ុន្តែដោយអញអាណិត អញលើកទោសនេះឲ្យ, ឲ្យវាចេញពីព្រះរាជធានីកុំបង្អង់ឡើយ, ឯកូនប្រុសរបស់មហាសេដ្ឋីដែលឥតគិតដល់ទ្រព្យសម្បត្តិ ហើយដែលមិនចេះក្បត់កិច្ចសន្យានោះ គឺជាប្ដីរបស់នាងពិត, បុរសរូបនេះមានកិរិយាគួរឲ្យសរសើរគ្រប់គ្នា ,
ឯចំណែកខាងនាងភរិយាដែលយំសោកនៅមុខអញនេះត្រូវទោសសំឡាប់ដែរ ព្រោះបានធ្វើឲ្យឈ្មោះប្ដីរបស់ខ្លួនអាប់អោនជាពន់ពេក,
ប៉ុន្តែប្ដីនាងនេះអភ័យទោសឲ្យ, អញក៏អត់ទោសឲ្យដែរ ព្រោះនាងនេះបានប្រាប់ការពិត ដល់បុត្រីរបស់លោករដ្ឋមន្រ្តី ដោយបាននិទានយ៉ាងក្បោះក្បាយអំពីផ្លែឈើទុំដែលមិនអាចភ្ជាប់ទៅកន្លែងដែលជ្រុះវិញ នឹងអំពីកូនក្មេងដែលមិនអាចចូលទៅក្នុងផ្ទៃមាតាវិញបាន, នេះជាដំបូន្មានរបស់វាទៅថ្ងៃក្រោយទៀត ឥឡូវនេះអញឲ្យរួចខ្លួនចុះ >> ។
ក្នុងពេលនោះ ទេវតាដែលរក្សាស្វេតច្ឆ័ត្រស្រែកជយោឡើង ដោយការបានឮព្រះអង្គមានព្រះបន្ទូលដូច្នោះ ។ ឯព្រះករុណាក៏ទ្រង់លើកកូនស្រីនៃលោករដ្ឋមន្រ្តីជាអគ្គមហេសី ដោយសារនាងបានប្រើប្រាជ្ញាយ៉ាងអស្ចារ្យក្នុងរឿងនេះ ។
សុភាចារបុរសទាំងឡាយ ! អ្នកតោងធ្វើអង្កេតឲ្យយ៉ាងម៉ត់ចត់ដូចនាងធូដាម្ន៉ាសារី ក្នុងការលួចប្លន់, ការបោកប្រាស់ ឬ ក្នុងការក្បត់ចិត្តដែលគេបញ្ជូនសំណុំរឿងដល់សាលារបស់អ្នក, តោងអ្នកបំភ្លឺឲ្យច្បាស់យ៉ាងប្រសប់ដូច្នេះហោង ។
ដកស្រង់ចេញពីសៀវភៅរឿងព្រេងភូមា