រឿង វិញ្ញាណ ស្នេហ

អ្នកទស្សនា: Views

 រឿង វិញ្ញាណ ស្នេហ

កាលពីព្រេងនាយ កូនអ្នកទីក្រុង ឪពុកម្ដាយជាអ្នកលក់ដូរ ។ ពេលរៀនបានចេះដឹងល្មមៗ ក៏​ឈប់ រួច​ងាក​មក​ជួយ​ម៉ែ​លក់​ដូរ​រហូត​មក ។ ពេលនោះ នាងបានស្គាល់   

លោកចម ជាស្វាមីដែលស្លាប់ទៅ។ 

នាង​បាន​ស្គាល់​​គ្នា​ជាច្រើនឆ្នាំមកហើយ​តាំង​ពី​នៅ​រៀន​ម៉្លេះ ។

 លោកចម ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ឲ្យ​ក្រុម​ហ៊ុន​មួយ ។ ទំនិញនាងលក់មួយចំនួន ក៏​ទទួល​មក​ពី​ក្រុមហ៊ុន​របស់​លោក ចម ធ្វើការ​នោះដែរ ។ 

លោកចម តែងតែដឹក​យក​មក​បោះឲ្យនាងដល់ៗហាង ។ គាត់ជាបុរស​តែ​ម្នាក់​គត់​ចូល​ចិត្ត​មក​ជជែក​លេង​​ជា​​មួយ​នឹងនាង  កាល​ណោះ លោកចមមិនទាន់ជាស្វាមីនាងទេ។

អស់រយ:​ពេលប្រហែលជាមួយឆ្នាំឯណោះ ទើបនាងបានទទួលសំបុត្រសុំស្នេហ៍ពី​លោកចម ។ នាង​មិន​ហ៊ាន​តប​ទៅ​វិញ​ទេ ខ្លាចពុកដឹង​ច្បាស់ជាវ៉ៃខ្លោចខ្នងមិនខាន រឿង​មានស្នេហា លួច​លាក់​កំបាំង​មុខ​ម៉ែឪនេះ ។ 

គាត់​ចង់​ឲ្យ​កូន​ស្រី​របស់​គាត់ បាន​រៀប​ការ​ជា​មួយ​អ្នក​មាន​ឋាន:​គ្រាន់​បើ​បន្តិច ។ កូន​ប្រសារ​មាន​ស្ថានភាពទន់ខ្សោយជាង​គាត់ គាត់នឹងមិនឲ្យទេ ។ 

នាង​គិត​ថា លោកចម ប្រហែល​ជាគ្មានវាសនា​បាន​នាង​ធ្វើជាភរិយាទេ ព្រោះគាត់​មានឋាន:តូចទាប (ក្រ) ​ជាង​គ្រួសារ​របស់​នាង​។ 

ប៉ុន្តែ​​គាត់​ឧស្សាហ៍​រក​ពេល​មក​ជួប​នាងជាញឹកញាប់ណាស់ ។ នាងក៏ស្រឡាញ់ អាណិត​គាត់​ណាស់ដែរ និងមិនដឹងជា​ធ្វើ​យ៉ាង​​ម៉េច​បើ​ខ្លួន​ជា​ស្រី ។ 

លោក ចម ប្រាប់នាងជាញឹកញាប់ថា ទោះ​ជា​ឪពុកម្ដាយ​នាងបង្គាប់ប៉ុន្មាន ក៏​គាត់​រក​ឲ្យ​ទាល់​តែ​បាន ឲ្យ​តែលោកទាំងពីរបង្គាប់ក្នុងភាពត្រឹម​ត្រូវ។ 

ប៉ុន្តែ កាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅ ក្ដី​សង្ឃឹម​នៃ​ថ្ងៃ​រៀបការរបស់អ្នកទាំងពីរ ក៏​កាន់​​តែ​​ឃ្លាត​ឆ្ងាយ​ទៅ ។ ព្រោះនាងបានទទួលដំណឹងរសឹប ព្រម​ទាំង​បាន​ឃើញ​​ផ្ទាល់​នឹង​ភ្នែក​ពួក​កំលោះៗ​​ជាច្រើននាក់​ដែលមានមុខតំណែងខ្ពស់

គួរសម គេមកមើល​នាង ដោយ​មាន​​ការ​អនុញ្ញាត​ពី​សំណាក់​ឪពុក​ម្ដាយរបស់នាង ។ 

ដល់​ដំណាក់​កាល​​នេះ ទើបនាងមានអារម្មណ៍ថា នាង​​កាន់​តែ​អាណិត​ស្រឡាញ់​      លោក ចម កាន់តែខ្លាំង​ឡើង ។ ប្រសិនបើបើកដៃឲ្យគាត់​ចូល​មកប្រកួតប្រជែង​ប្រាកដ​ជា​គាត់​មិន​ឈ្នះគេ​ឡើយ ។

 ម៉្យាងវិញទៀត នាងគ្មានចិត្តស្រឡាញ់ពួកកំលោះៗ ដែល​ពុក​នាងបើក​ដៃ​​ឲ្យ​មក​មើល​នាង​នោះសោះ មើលទៅគ្មានត្រូវចិត្តនាងឡើយ ។

នៅទីបំផុត ដោយមិនអាចទ្រាំបាន លោក បានមកបបួលនាងរត់ ដោយប្រាប់ថា​នឹង​យក​នាង​ខ្ញុំ​ទៅ​នៅ​ខាង​ផ្ទះ​បង​ប្អូន​របស់គាត់ ។ គាត់ថាប្រសិនបើមិនដូច្នេះទេ នាង​ប្រាកដជាធ្លាក់ទៅលើ​ដៃ​ប្រុស​ផ្សេង​ជា​មិន​ខាន ។ 

គាត់អង្វរលន់តួថា ប្រសិន​បើនាង​អាណិតស្រឡាញ់គាត់ពិតមែន សុំ​ឲ្យ​នាង​​រត់​ទៅតាមគាត់ គាត់នឹងចិញ្ចឹមបីបាច់ថែ​រក្សានាងឲ្យល្អបំផុត រួច​ហើយ​​ចាំ​ត្រឡប់​មក​សុំ​ខមា​ទោស​ឪពុក​ម្ដាយ​របស់​នាង​​វិញ ។

 ដោយ​សេចក្ដី​ស្នេហា​និង​យល់​ថា​អាច​ទុក​ចិត្ត​បាន​ទើប​នាង​សំរេច​​ចិត្ត​រត់​ទៅអាស្រ័យ​នៅ​ជា​មួយ​នឹង​ញាតិ​មិត្តបងប្អូនរបស់គាត់ ។ 

មិនបានប៉ុន្មាន បងរបស់    លោកចម បាន​ចែកផ្ទះតូចមួយ​ឲ្យ​គូស្នេហ ទាំងពីរស្នាក់នៅ​​ជា​មួយ​គ្នា។ រស់នៅជាមួយគ្នា មាន​សេចក្ដី​សុខណាស់ ។

 គាត់ថ្នាក់ថ្នមនាងដូចពាក្យ​សន្យា​មែន ។ ពេលរៀបចេញទៅធ្វើការម្ដងៗ គាត់​ហាមនាងមិនឲ្យចេញទៅក្រៅ ឆ្ងាយ​ឡើយ​ខ្លាច​មាន​គេ​ឃើញនឹងយក​ទៅ​ប្រាប់​ឪពុក​ម្ដាយ​នាង​ ។

ប៉ុន្តែគួរឲ្យអនិច្ចា គូស្នេហ នៅរួមសុខជាមួយគ្នាមិនទាន់បានមួយឆ្នាំផង ក៏កើតមានឧប្បតិ​ហេតុ​ក្រឡាប់រថយន្ត ធ្វើឲ្យលោកចម របស់នាងត្រូវចាកចេញទៅ ដោយគ្មានថ្ងៃនឹងវិល​ត្រលប់​មក​វិញ​ទាំង​ពេល​នេះ​នាង​កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ជា​ម្ដាយ​របស់​គេ​ទៅ​ហើយ ។ 

លោកចម បើក​រថយន្ត​បុក​គ្នា​ជា​មួយ​​នឹងរថយន្តកង់ ១០ និងត្រូវស្លាប់ក្រោយពេលយក​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ផង ។

 វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ហួស​ពេក តាមពិត​ទៅថ្ងៃនោះ ត្រូវវេនគាត់សំរាកទៅហើយ ប៉ុន្តែចៃដន្យ អ្នក​បើក​​​បរ​វេន​នោះ​​ផឹក​ស្រា​ស្រវឹង​បើក​រថយន្តលែងកើត ទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិក​តាម​មក​ហៅ​គាត់ ដល់ផ្ទះ ឲ្យ​ទៅ​បើក​រថយន្ត​ជំនួស ។ 


ពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយ។ ពេល​ដឹងថានឹងត្រូវធ្វើការទៀត គាត់​ក៏​សុខ​ចិត្តទៅទាំងគ្រវីក្បាល ។ មុន​គាត់ចេញទៅ បាន​ផ្ដាំ​នាង​​ថា : «បងទៅហើយណា មើល​បិទ​ទ្វារ​បិទ​បង្អួច​ផង» ផ្ដាំរួច

គាត់ទាញអាវយឺត​ពាក់បណ្ដើរ ដើរ​ចេញ​​ទៅ​បណ្ដើរ​គួរ​ឲ្យ​អាណិត ។ នាង​​បិទ​ទ្វារ​បិទ​បង្អួច​ចូល​គេង​ទាំងលក់ភ្ញាក់ៗ ព្រោះនឹកបារម្ភដល់ប្ដី ។

មក​ភ្ញាក់​ដឹងខ្លួនម្ដងទៀត ស្រាប់ឃើញគាត់ មកដេកក្បែរនាងខ្ញុំ មិនដឹងតាំងពីថ្មើណា ។ នាង​​គិត​ថា  ប្រាកដ​ជាអស់កំឡាំង និងងុយគេងខ្លាំងណាស់ ទើបនាងមិន​ហ៊ានដាស់សួរ ។ 

នាង​​ក៏​សំងំ​គេង​​ម្ដងទៀតទៅ ។ ពេល​ភ្ញាក់​ដឹង​ខ្លួន​មក​ម្ដង​ទៀត ក៏កើតមានអ្វីខុសប្លែកពីធម្មតា ព្រោះ​​នៅ​ពេល​នាង​បោះ​ដៃរាវរកប្ដី ស្រាប់តែមិនមានប៉ះទាល់តែសោះ ។ 

ម៉ោង​ប្រហែលជា ៣ ឬ ៤ ទៀប​ភ្លឺ​ប៉ុណ្ណោះ ប្ដី​នាង​​មិន​ដែលក្រោកទៅណាទេ ។ នាងប្រញាប់ងើបឡើង តាមរកក៏មិន​ឃើញ ។

 ចំណែក​ទ្វារ​នៅខ្ទាស់​ពី​ខាង​ក្នុង​ដដែល បញ្ជាក់ថា គាត់មិនអាចចេញទៅក្រៅ​បានទេ ។ នាង​ឆ្ងល់​ណាស់ ហេតុ​អី​ក៏​រក​មិនឃើញ ? នាង​ស្រែកហៅ ក៏មិនឮឆ្លើយទៀត ។ 

ពេលនេះ នាង​លែង​ហ៊ាន​នៅ​ផ្ទះ​ម្នាក់​ឯង ព្រោះមានអារម្មណ៍ថា ស្វាមី​ប្រហែលជា​មិនស្រួលហើយ ។ នាង​បើក​ទ្វារ​រត់​សំដៅ​ទៅ​ផ្ទះមីងមារបស់​  លោកចម ដើម្បីសាកសួរ​មើល តើ​ឃើញ​គាត់​ដែរ​ឬ​អត់ ។

 ពេលទៅដល់​ឃើញ​ញាតិ​មិត្តរបស់  គាត់ ជាច្រើន​នាក់ កំពុង​មាន​អាការ​តក់ស្លុត ។ សម្លេងនរណា​ម្នាក់​បាន​សួរ​មក​នាង​​ថា :

បានដឹងរឿងអា ចម ហើយឬ​បានជារត់មកទាំងស្លន់ស្លោរដូច្នេះ ? នាង​​សួរ​បក​ទៅ​ពួក​គេ​វិញ​ថា :

ដឹងរឿងអី មានឃើញគាត់ទេ  ទេ ? យប់មិញត្រឡប់មកពីបើកឡានវិញ បាន​ដេក​ក្បែរ​​​ខ្ញុំ​ទៀត​ផង ប៉ុន្តែ​ពេល​នេះ​មិន​​ដឹងជាបាត់ទៅណា ! ពួក​គេតបមកនាងខ្ញុំវិញថា :

យល់សប្តិទេដឹង   ​អាចម​ត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ​ត្រឡប់មកវិញធ្វើម្ដេច​នឹងកើត ? ពេល​បានឮដូច្នេះ នាង​​ស្រាល​ខ្លួនស្លេវស្លឹកត្រចៀកហ៊ឺងងងឹតៗ ទប់ខ្លួនលែងចង់​នឹង ។ ពួក​គេ​បន្ថែម​ទៀតថា :

ខាងក្រុមហ៊ុន គេមកប្រាប់អំបាញ់មិញនេះ ថាអា ចម បើកឡានបុកគ្នាស្លាប់បាត់​ទៅហើយ ។ ពេល​នេះ​សាកសពវា នៅ​មន្ទីពេទ្យឯណោះ ។ ពួកយើងរៀបទៅប្រាប់ ! ចៃដន្យ​ឯង​មក​ដល់​ល្មម !

នាងស្ដាប់ឮតែប៉ុណ្ណោះ ក៏សន្លប់បាត់ស្មារតីទៅ ។ ពេលភ្ញាក់ដឹងខ្លួនមកវិញ ភ្លឺចែស​ទៅ​ហើយ ។ នាង​នឹក​ដល់​ហេតុការណ៍ ដែលនាងបានឃើញកាលពីយប់មិញនោះ គឺ​ជា​វិញ្ញាណ​ស្វាមី​របស់​នាង​ពិត​ប្រាកដ ។ 

មុននឹងស្លាប់ គាត់​ប្រាកដ​ជាបារម្ភនឹងនាង​ខ្ញុំ​ណាស់​ទើប​ពេល​ដាច់​ខ្យល់​ទៅ​ វិញ្ញាណ​របស់​គាត់​មក​រក​នាងភ្លាម ។ រឿង លោកចម  ដែល​លូន​ចូល​ដេក​ជាមួយនឹងនាងនោះ ប្រាកដ​ជាមិនអាចទៅកើតទេ ព្រោះទ្វារ​សុទ្ធ​តែខ្ទាស់ពីខាងក្នុងទាំងអស់ ។ 

គ្មាន​អ្វី​សង្ស័យ​ឡើយ​ព្រោះ​មាន​តែ​ខ្មោច​ឬវិញ្ញាណ​ទេ ទើប​អាច​ចូល​មក​បាន… ទោះបីជាដឹងថា ជីវិត​មនុស្ស​យើង​មិន​ទៀង​ក៏​ដោយ នាង​នៅ​តែ​សោក​សៅ​ស្ដាយ​ស្រណោះ​ប្ដី​ណាស់​ ព្រោះ​កាត់​ជា​មនុស្ស​ល្អ និង​ជា​អ្នក​ផ្ដល់​កំណើត​​ឲ្យ​កូននៅក្នុងផ្ទៃរបស់​នាងផង ។ នា

ងអាណិត​កូន​ខ្លាំង​ណាស់​…​ពេល​វា​កើត​មក​គ្មាន​ឪពុក​នឹង​គេ ។ នាងសុំអនុញ្ញាត មិន​និយាយ​ពី​ការ​ធ្វើ​បុណ្យ​សព​ប្ដី​អី​នោះ​ទេ ។

 គ្រាន់​​តែបញ្ជាក់ថា ក្រោយ​ពី​បុណ្យ​ឲ្យស្វាមីហើយ ក៏លេចឮដំណឹងដល់ឪពុកម្ដាយរបស់នាងពួក​គាត់ក៏​តាម​មក​ទទួល​នាង​ខ្ញុំ​ឲ្យ​ទៅនៅជាមួយវិញ ។ តមក នាងប្រសូត្របានកូនប្រុស និង​នៅ​ជា​មេ​ម៉ាយ​កូន​​មួយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕ចប់ដោយបរិបូរណ៌

0 comments:

Post a Comment