រឿង ស្រីចិត្តមិនត្រង់នឹងប្ដី

អ្នកទស្សនា: Views

កាលនោះ នៅ​កោះសីឡង់ (Ceylan ) មាន​បុរស​ម្នាក់​ជា​កូន​មហា​សេដ្ឋី កាល​វ័យ​ចំរើន​ធំ​ឡើង ក៏​ចាប់​ចិត្ត​ស្រឡាញ់​រូប​នារី​ម្នាក់ ដែល​ត្រូវ​ជា​កូន​មហា​សេដ្ឋី​មួយ​ទៀត នៅ​ក្នុង​ភូមិ​នោះ​ដែរ ។ ឯ​មាតា​បិតា​ទាំង​សង​ខាង​បាន​ស្រុះស្រួល​គ្នា ហើយ​រៀប​មង្គល​ការ​បុត្រា​បុត្រី​ទាំង​ពីរ​ប្រាណ​យ៉ាង​អឹកធឹក ។


          លុះ​ដល់​រៀប​ការ​រួច បុរស​ជា​ស្វាមី​ត្រឡប់​ជា​មិន​សប្បាយ​ចិត្ត​ដូច​ប្រាថ្នា​សោះ ទើប​និយាយ​នឹង​ភរិយា​ថា 

<< ឱ ! អូន​សំឡាញ់ ! ឪពុក​ម្ដាយ​របស់​បង នឹង​ឪពុក​ម្ដាយ​របស់​អូន ជា​អ្នក​មាន​ធនធាន​សំបើម​ណាស់ ប៉ុន្តែ​យើង​ទាំង​ពីរ​នេះ គ្មាន​របស់​អ្វី​ដែល​ជា​របស់​យើង​ទេ , 

ហេតុ​ដូច្នេះ បង​គិត​សូម​លា​អូន​មួយ​គ្រា​សិន នឹង​ជិះ​កប៉ាល់​ទៅ​ស្រុក​ភ្លុក​នឹង​ស្រុក​ពេជ្រ ដើម្បី​រក​ធនធាន​តាម​កំឡាំង​របស់​បង >> ។

​​​​​           នាង​ជា​ភរិយា​លុះ​ឮ​ដូច្នោះ ក៏​ព្រួយ​ចិត្ត​ជា​ខ្លាំង និយាយ​ទៅ​កាន់​ស្វាមី​វិញ​ថា << ឱ គូ​ជីវិត​របស់​ប្អូន ! មាន​តែ​ពួក​អ្នក​ក្រ​ដែល​រស់​នៅ​ម្នាក់​ឯង​វេទនា​ជា​និច្ច គ្មាន​ជាប់​ចំណង​អ្វី​នៅ​នា​លោក​នេះ​ទេ ទើប​គេ​ទៅ​តាម​មហា​សមុទ្រ​ឆ្លង​កាត់​ព្យុះ​ខ្យល់ នឹង​គ្រោះ​ថ្នាក់​ផ្សេង​ៗ ដើម្បី​ស្វែង​រក​ធនធាន,

 ឯ​រូប​អ្នក​បង​វិញ​ឆ្ងាយ​អំពី​ឋានៈ​នោះ​ជា​អនេក តោង​អ្នក​បង​គិត​ថា << បើ​ប្អូន​អត់​អំពី​បង​ទៅ ប្អូន​គ្មាន​បង្អែក​ឯណា​ទៀត​ទេ, 

ដូច្នេះ​សូម​បង​គិត​ទៀត​ថា : ប្អូន​ស្រឡាញ់​បង​ណាស់ , ឪពុក​ម្ដាយ​របស់​យើង​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន, លោក​ក៏​គង់​ចែក​ទ្រព្យ​សម្បត្តិ​របស់​លោក​មក​ឲ្យ​យើង​ខ្លះ​ដែរ ទោះ​បី​លោក​នៅ​រស់​ក្ដី លោក​មិន​ធ្មេច​ភ្នែក​ទេ ព្រោះ​លោក​ស្រឡាញ់​យើង​ណាស់>>។

          ពិត​មែន​ហើយ​អូន, ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ទ្រព្យ​ណា​មិន​មែន​ជា​ទ្រព្យ​កើត​ឡើង​អំពី​សេចក្ដី​ជ្រះ​ថ្លា​សទ្ធា​របស់​លោក,

 យើង​ត្រូវ​តែ​មាន​ទ្រព្យ​ណា​ដែល​កើត​ឡើង​អំពី​កិច្ចការ​របស់​យើង​ធ្វើ, 

បើ​សិន​ណា​បង​ស្លាប់​កណ្ដាល​ផ្លូវ ឈ្មោះ​ថា បង​ស្លាប់​ដោយ​កិត្តិយស រួច​គេ​នឹង​គោរព​ដល់​បង​មិន​ខាន, មនុស្ស​ណា​ដែល​មិន​ចេះ​រក​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង មនុស្ស​នោះ​ជា​សត្វ​ធុន​អន់​ជា​បំផុត,

 ជួនកាល​គេ​មើល​ងាយ​ផង, មួយ​ទៀត​យើង​មិន​ត្រូវ​រស់​នៅ​ដោយ​គ្រាន់​តែ​ស៊ី​ផឹក ដេក​ដោយ​ឥត​កម្រើក​ម្រាម​ដៃ​ទាំង​១០​នោះ​ទេ , អ្នក​ប្រាជ្ញ​បាន​ចារ​ក្នុង​សៀវភៅ​ធម៌​ថា 

<< ជន​ណា​មិន​ខ្លាច​ស្លាប់​ដើរ​តាម​សមុទ្រ​រលក​គគ្រឹក​គគ្រែង​ដើម្បី​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ជន​នោះ ទើប​សម​ជា​មនុស្ស​គួរ​ឲ្យ​គេ​រាល់​គ្នា​សរសើរ​បាន ទោះ​បី​មិន​បាន​ទ្រព្យ​នោះ​ដូច​បំណង​ក៏​ដោយ ហេតុ​ដូច្នេះ កុំ​ឲ្យ​អូន​គិត​ដដែល​ៗ​ឲ្យ​សោះ ព្រោះ​បង​ប្រាកដ​ជា​ទៅ​ហើយ ។

          លុះ​កាលណា​បុរស​បាន​ឱប​ថ្នាក់​ថ្នម​ភរិយា​ដោយ​ស្នេហា យ៉ាង​ស្និទ្ធ​ស្នាល​ហើយ ក៏​ចេញ​ដំណើរ​ទៅ ដូច​ពាក្យ​ដែល​បាន​ពោល​មែន ។

          ដល់​យូរ​បន្តិច​មក នាង​ភរិយា​នៅ​ម្នាក់​ឯង​កើត​ទុក្ខ​ក្រៀមក្រំ​ជា​ខ្លាំង ប៉ុន្តែ​ធម្មតា​ស្រី​ដែល​ក្រាស់​ដោយ​តណ្ហា​តែង​មិន​ស្កប់​នឹង​ប្ដី​របស់​ខ្លួន​ទេ ។

 ឯ​នាង​នេះ​ក៏​ជា​ស្រី​តណ្ហា​ក្រាស់​ផង មាន​វ័យ​នៅ​ក្មេង​ផង នាង​ឆាប់​ភ្លេច​ប្ដី នាង​បាន​ទៅ​មក​ធ្វើ​អន្ធករ​ជា​មួយ​បុរស​អ្នក​បំរើ​របស់​ឪពុក​ម្ដាយ​នាង​ម្នាក់ ឈ្មោះ (Payta) ប៉ាយតា​នេះ​មាន​វ័យ​នៅ​ក្មេង មាន​រូប​ល្អ អាយុ​ប្រមាណ​ស្មើ​នឹង​អាយុ​នាង ។

          ថ្ងែ​មួយ​ប្រុស​សង្សារ​នាង បាន​និយាយ​នឹង​នាង​ថា << អូន ! យើង​រស់​នៅ​ជា​មួយ​គ្នា​បាន​សុខ​សប្បាយ​ណាស់ , ប៉ុន្តែ​បើ​សិន​ណា​ប្ដី​ដើម​របស់​អូន​មក​វិញ តើ​យើង​គិត​យ៉ាង​ណា ? យើង​គិត​បែក​គ្នា​ឬ​អ្វី ? ។ 

នារី​គន់​គិត​ក្នុង​ចិត្ត​ជា​យូរ​បន្តិច ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ដែល​មើល​ទៅ​ហាក់​គ្មាន​ផ្លូវ​សោះ រួច​នាង​ងើប​មុខ​ឡើង​និយាយ​ថា << ឱ បង ! ប្អូន​នឹក​ឃើញ​ហើយ យប់​នេះ​បង​ទៅ​ឯ​ម៉ុង​ខ្មោច ហើយ​បង​យក​រូប​ខ្មោច​ស្រី​ម្នាក់​ដែល​គេ​ទើប​កប់​យក​មក​ឲ្យ​ខ្ញុំ, យើង​យក​ខ្មោច​នេះ​ទៅ​ដាក់​លើ​ដំបូល​ផ្ទះ ហើយ​យើង​ដុត​ផ្ទះ​របស់​យើង​ទៅ ,

 លុះ​កាលណា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ឃើញ​រូប​ខ្មោច​ដែល​ឆេះ​រោល​ខ្មៅ​នោះ លោក​នឹង​នឹក​ស្មាន​ថា : ខ្ញុំ​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ ដូច្នេះ​មិន​ខាន រួច​យើង​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ​ទៀត ដែល​គ្មាន​អ្នកណា​មក​ជំទាស់​ដល់​សេចក្ដី​ស្នេហា​របស់​យើង >> ។

          ប៉ាយតា​យល់​ឃើញ​ត្រូវ​ផង ក៏​ធ្វើ​តាម​បង្គាប់​របស់​នាង ។ ក្នុង​វេលា​ដែល​ភ្លើង​កំពុង​ឆេះ​ខ្លាំង ប៉ាយតា​ទៅ​ជា​មួយ​ស្រី​សង្សារ​តាម​ផ្លូវ​បត់​បែន​លុះ​ត្រា​ដល់​ភូមិ​មួយ ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ស្រុក​កំណើត​នាង ។

          រី​ឯ​ឪពុក​ម្ដាយ​របស់​នាង បាន​នឹក​ស្មាន​ថា : កូន​ស្រី​របស់​ខ្លួន​ស្លាប់​ក្នុង​ភ្លើង ក៏​យំ​សោក​បោក​ប្រាណ​ ហើយ​បាន​ធ្វើ​បុណ្យ​បញ្ជូន​ឲ្យ​នាង​យ៉ាង​បរិបូណ៌ យក​ខ្មោច​នោះ​ទៅ​ដុត​នឹង​ឈើ​ខ្លឹមច័ន្ទន៍​វាយ​ឃ្មោះ​គង​យ៉ាង​គគ្រឹក​គគ្រេង ។

          សុភាសិត​ថា << សេចក្ដី​ស្នេហា​នាំ​ឲ្យ​មនុស្ស​ទៅ​ជា​ខ្វាក់​មិន​ចេះ​គិត​វែង​ឆ្ងាយ >> ។ ហេតុនោះ បាន​ជា​ប៉ាយតា​នឹង​នាង​ស្រឡាញ់​គ្នា​ណាស់​គ្មាន​ខ្លាច​អ្វី គ្មាន​ខ្លាច​អ្នក​ណា​បន្ទោស គ្មាន​នឹក​ភិត​ភ័យ​អ្វី​ឡើយ ។

          ក្នុង​ពេល​ដែល​រត់​ទៅ​នោះ ជន​ទាំង​ពីរ​នាក់​មាន​សេចក្ដី​ធ្វេស​ប្រហែស​ឥត​បាន​យក​អ្វី​ជាប់​ជា​មួយ​ទៅ​ផង​ទេ មាន​តែ​មាស​ពេជ្រ​បន្តិច​បន្តួច,ដល់​យូរ​បន្តិច​ទៅ​ក៏​ចាយ​វាយ​អស់​គ្មាន​សល់​អ្វី​សោះ។

          សេចក្ដី​ពិត កាលណា​សេចក្ដី​ស្រេក​ឃ្លាន​គាប​ក្រពះ សេចក្ដី​ស្នេហា​យ៉ាង​ខ្លាំង​ត្រឡប់​ជា​អន់​ថយ​វិញ ។ នេះ​ជា​ពាក្យ​ចាស់​ទុំ​ជាន់​បុរាណ ។ 

ហេតុ​តែ​ជន​ទាំង​ពីរ​នាក់​ធ្លាក់​ក្នុង​ស្លោក​សុភាសិត​នេះ​ហើយ បាន​ជា​ក្នុង​ថ្ងៃ​មួយ ស្វាមី​ភរិយា ឱប​ក្រសោប​គ្នា​រួច​ហើយ ស្រី​សង្សារ​និយាយ​ថា

          << បង ! ប្អូន​ឃើញ​ថា​បង​ស្រឡាញ់​ប្អូន​ខ្លាំង​ណាស់ ឯ​ប្អូន​ក៏​ស្រឡាញ់​បង​ណាស់​ដែរ,

 ប៉ុន្តែ​ឥឡូវ​នេះ យើង​ក្រ​លំបាក​ខ្លាំង , ហតុ​ដូច្នេះ យើង​មុខ​ជា​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន​កណ្ដាល​តណ្ហា​របស់​យើង​ពុំ​បាន, ប្អូន​សុំ​ចិត្ត​បង​ចុះ យើង​ត្រូវ​នាំ​គ្នា​ទៅ​ផ្ទះ​របស់​ឪពុក​ម្ដាយ​ប្អូន​វិញ, គាត់​ចំណាំ​បង​មិន​បាន​ទេ ប្រហែល​គាត់​ភ្លេច​មុខ​បង​ហើយ ដោយ​គាត់​មិន​បាន​ចាប់​ភ្លឹក​នឹក​នា​ដល់​រូប​បង ,

 ចំណែក​ខាង​ប្អូន​វិញ​គាត់​មុខ​ជា​ស្មាន​ថា រូប​ប្អូន​នេះ​គ្រាន់​តែ​ដូច​រូប​កូន​របស់​គាត់, ប្អូន​ហ៊ាន​ថា មុខ​ជា​គាត់​ឲ្យ​លុយ​កាក់​ប្រាក់​កាស​មក​ប្អូន​នឹង​បង​សម្រាប់​ទិញ​ម្ហូប​អាហារ នឹង​សំលៀក​បំពាក់​ផ្សេង​ៗ បើ​និយាយ​សរុប​ទៅ គឺ​ថា​គាត់​មុខ​ជា​របស់​ដែល​យើង​ត្រូវ​ការ​ទាំង​ប៉ុន្មាន​មិន​ខាន ។

          ប៉ាយតា​ដែល​មាន​បំណង​ស្រប​គ្នា​នឹង​ភរិយា​ដែរ ក៏​ព្រម​ធ្វើ​តាម​នាង ។ លុះ​កាលណា​បរិភោគ​អាហារ​ស្រស់​ស្រូប​ពេល​ព្រឹក​បន្តិច​បន្តួច​រួច​ហើយ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​ម្ដាយ​វិញ, 

ដល់​ពេល​ល្ងាច ក៏​បាន​មក​ដល់​មាត់​ទ្វារ​សួន​ច្បារ​ដែល​លាត​សន្ធឹង​បី​មុខ​គេហដ្ឋាន ហើយ​បាន​នាំ​គ្នា​អង្គុយ​សំរាក​នៅ​ក្រោម​ម្លប់​ដើម​ឈើ​មួយ​ធំ ដែល​មាន​ផ្កា​រីក​ពោរពាស ហើយ​ដែល​បក់​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់​ដូច​ផ្កា​ក្រូច ។

          ក្នុង​ពេល​នោះ ពួក​ខ្ញុំ​អ្នក​បំរើ​ដែល​ធ្លាបើ​តែ​ចុះ​ពី​លើ​ផ្ទះ​តាម​ធម្មតា ដើម្បី យក​ទឹក​ទៅ​ជ្រួច​សែន​ខ្មោច​នាង​ដែល​ស្លាប់​ក្នុង​អគ្គី​នោះ បាន​ឃើញ​ស្វាមី​ភរិយា​ទាំង​គូរ​នៅ​អង្គុយ​លើ​ស្មៅ ក៏​ឈប់​ឈរ​សំឡឹង​មើល ហើយ​និយាយ​គ្នា​ថា :

 << យី​អើ​បើ​សិន​ណា​ជា​នាង​នេះ​គ្មាន​ប្ដី គេ​ទៀង​តែ​ថា​ចៅហ្វាយ​ស្រី​របស់​យើង​ពុំ​ខាន >> ។ រួច​អ្នក​បំរើ​ទាំង​នោះ​យក​ជើង​ពាន​មាស​ត្រឡប់​ទៅ​វិញ ដោយ​ឥត​បាន​សែន​ព្រេន​អ្វី​ទេ ហើយ​និយាយ​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ស្រី​ដែល​ជា​ម្ដាយ​របស់​នាង​គ្រប់​ប្រការ ។

          ឯ​អ្នក​ស្រី​នេះ​ក៏​ចុះ​អំពី​ផ្ទះ​យ៉ាង​ប្រញាប់ ដើរ​ទៅ​ក្នុង​សួន​ច្បារ​តម្រង់​ទៅ​គល់​ឈើ​ធំ ដែល​អ្នក​ដំណើរ​ទាំង​ពីរ​អង្គុយ​នៅ ក៏​បាន​ឃើញ​កូន​ស្រី​របស់​គាត់ ។ គាត់​ស្រក់​ទឹក​ភ្នែក​នៅ​ស្ងៀម​មួយ​កន្លែង ឈរ​មើល​ភាំង​ស្មារតី ប៉ុន្តែ​ឥត​ហ៊ាន​និយាយ​ទៅ​រក​នាង​ទេ ។ 

ក្រោយ​មក​ដោយ​សារ​ចិត្ត​ខ្មួលខ្មាញ់​ខ្លាំង​ពេក គាត់​សង្រ្គប់​ចិត្ត​គាត់​បាន ហើយ​ទៅ​អង្គុយ​ជិត​នាង​សាក​សួរ​នាង​ដោយ​មាន​សំឡេង​យ៉ាង​ទន់​ថា : តើ​នាង​កូន​ចៅ​អ្នក​ណា ? កូន​ស្រី​ឆ្លើយ​ថា << ជំរាប​ប្រសាសន៍​អ្នក​មីង !

 យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្នក​ដំណើរ, យើង​មក​ឈប់​សម្រាក​ក្នុង​ទី​នេះ​ក្រោម​ម្លប់​ឈើ ដែល​មាន​ផ្កា​ក្រអូប​នេះ​បន្តិច ឥឡូវ​យើង​ធ្វើ​ដំណើរ​ទៅ​ទៀត​ហើយ ។

 ទេ​នាង ! កុំ​ទៅ , នាង​នៅ​ទី​នេះ​ហើយ , ខ្ញុំ​ធានា​ចិញ្ចឹម​នាង​ដូច​កូន​ខ្ញុំ​បង្កើត, ព្រោះ​មុខ​របស់​នាង​នាំ​ឲ្យ​ខ្ញុំ​នឹក​ដល់​កូន​ស្រី​សំឡាញ់​របស់​ខ្ញុំ ដែល​អនិច្ច​កម្ម​ក្នុង​ភ្នក់​ភ្លើង​បាត់​ទៅ​នោះ ហើយ​ដែល​ខ្ញុំ​នៅ​តែ​នឹក​គ្មាន​ភ្លេច​ឡើយ, នាង​នៅ​នេះ​ចុះ ខ្ញុំ​សុំ​ចិត្ត​នាង​ឲ្យ​អាណិត​មីង ។

          ដូច​យើង​ដឹង​ស្រាប់​ហើយ, ដែល​នាង​នេះ​ធ្វើ​ឲ្យ​ម្ដាយ​អង្វរ​ខ្លួន​យ៉ាង​នេះ គឺ​ធ្វើ​តែ​ក្រៅ​ទេ ចំណែក​ចិត្ត​ឥត​ប្រកែក​សោះ ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​សុខ​ចិត្ត​ព្រម​នៅ​តាម​អង្វរ ។

 ឯ​អ្នក​ស្រី​ជា​មាតា​មាន​ចិត្ត​ត្រេកអរ​ជា​ពន់​ពេក​ណាស់ ហើយ​នាំ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ប្រាណ​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​សង់​អំពី​ឈើ​ម៉ៃសាក់​លាប​ពណ៌​យ៉ាង​ល្អ​ឆើតឆាយ មាន​ដំបូល​ច្រើន​ជាន់​នៅ​ក្នុង​សួន​ច្បារ​នោះ ។

          អស់​កាល​ចំនួន​ជា​ច្រើន​ថ្ងៃ​ខែ​មក ជន​ទាំង​ពីរ​នាក់​គ្មាន​រឿង​ហេតុ​អ្វី​ទេ សឹង​នៅ​ជា​សុខ​សប្បាយ​ដោយ​សម្បូណ៌​គ្រឿង​បរិភោគ ឧបភោគ​គ្រប់​ប្រការ ។

 ឯ​អ្នក​ស្រី​មិន​ចេះ​អស់​ចិត្ត​នឹង​មើល​មុខ​នាង​នោះ​សោះ ព្រោះ​កាល​ឃើញ​នាង​ជា​ហេតុ​នាំ​ឲ្យ​នឹក​ឃើញ​ដល់​កូន​ស្រី​សំឡាញ់​របស់​គាត់។

          ប៉ុន្តែ​ថ្ងៃ​មួយ មាន​គេ​នាំ​សំបុត្រ​មក​ប្រាប់​ថា ប្ដី​ដើម​របស់​នាង​ត្រឡប់​មក​ពី​ការ​ដើរ​ផ្សេង​ព្រេង​វិញ​ហើយ បាន​ទាំង​នាំ​ធនធាន​ជា​ច្រើន​មក​ផង

          ក្នុង​ពេល​យប់​នោះ បុរស​ផ្សេង​ព្រេង​ក៏​មក​ដល់​មែន ហើយ​សាក​សួរ​គេ​អំពី​សុខ​ទុក្ខ​ភរិយា​ខ្លួន​មុន​គេ​បង្អស់ ។

 គេ​ក៏​ប្រាប់​យ៉ាង​ច្បាស់​វិញ​អំពី​អគ្គិភ័យ នឹង​អំពី​មរណភាព​យ៉ាង​អស្ចារ្យ របស់​ភរិយា​ដែល​ជួប​ប្រទះ​ក្នុង​អណ្ដាត​ភ្លើង ឃើញ​តែ​រូប​ដែល​ត្រូវ​ឆេះ​ផ្សែង​រោល​មើល​មិន​ស្គាល់​ព្រម​ទាំង​ប្រាប់​ពិធី​បុណ្យ​យ៉ាង​អិកធិក​ដែល​គេ​បាន​ធ្វើ​នៅ​ផ្នូរ​ខ្មោច​នាង ។

          បុរស​ផ្សង​ព្រេង​ខំ​ទប់​ទឹក​ភ្នែក​ដែល​ហៀប​នឹង​ហូរ​ចេញ​មក ក្នុង​ចិត្ត​ខ្លោច​ផ្សា​អនេក ទើប​ដើរ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ម្ដាយ​ដែល​បាន​សង់​ហើយ​ចែក​មួយ​បន្ទប់​ដល់​ខ្លួន​នោះ ។

 ក្នុង​ពេល​នោះ ខ្លួន​អ្នក​បាន​អង្គុយ​នៅ​លើ​រាន​ហាល លើ​កន្ទេល​ពណ៌​មួយ​មាន​ស្រី​ស្នំ​អម​ជុំវិញ ស្រាប់​តែ​ក្រឡេក​ភ្នែក​ទៅ​ឃើញ​ភរិយា​ខ្លួន​ឈរ​មើល​អ្នក​ពី​មុខ ។ 

ដំបូង​អ្នក​ភាំង​នៅ​ស្ងៀម បើក​ភ្នែក​ធំ​ដូច​មនុស្ស​គ្មាន​វិញ្ញាណ​រួច​អ្នក​និយាយ​យ៉ាង​ខ្សឹកខ្សួល​ថា : តើ​ហេតុ​អ្វី​ក៏​ដូច្នេះ ? អញ​មមើ​ទេ​ឬ ? ឬ​មួយ​គេ​កុហក​អញ ? អ្នក​រាល់​គ្នា​ថា​ប្រពន្ធ​អញ​ស្លាប់ ឥឡូវ​ម្ដេច​ឡើយ​ក៏​អញ​ឃើញ​នាង​ទាំង​សាច់​ទាំង​ឆ្អឹង​យ៉ាង​នេះ ? ។

            បុរស​ផ្សង​ព្រេង​ខ្វល់​គំនិត​ពេក ឥត​បាន​សាក​សួរ​គេ​ទេ ក៏​ដើរ​ចុះ​ពី​ផ្ទះ​រត់​តម្រង់​ទៅ​ប្ដឹង​លោក សុភា​នៅ​ក្នុង​ភូមិ សុំ​ឲ្យ​លោក​ជួយ​ឲ្យ​បាន​ប្រពន្ធ​មក​ខ្លួន​វិញ ។

 ឯ​អ្នក​ស្រី​ជា​ម្ដាយ​ក្មេក​បុរស​នេះ ព្រម​ទាំង​ជនានុជន​ច្រើន​រូប​ទៀត ត្រូវ​គេ​ហៅ​ទៅ​ធ្វើ​ជា​សាក្សី ។

 – ទេ ! រឿង​នេះ​គ្មាន​នាំ​ឲ្យ​យើង​ងៀង​ឆ្ងល់​អ្វី​សោះ ព្រោះ​ភរិយា​របស់​អ្នក​ស្លាប់​បង់​ជីវិត​ក្នុង​កណ្ដាល​អណ្ដាត​ភ្លើង​ទៅ​ហើយ​តើ,

 បើ​មិន​មែន​ដូច្នេះ​ទេ ម្ដាយ​ប្រពន្ធ​អ្នក​មិន​មែន​មក​ប្ដឹង​បញ្ជាក់​ពី​ថ្ងៃ​មុន​ឡើយ នាង​នេះ​គ្រាន់​តែ​មាន​រូប​កាយ​ប្រហែល​ភរិយា​របស់​អ្នក​តើ ឯ​ម្ដាយ​ក្មេក​របស់​អ្នក​បាន​ឆ្លៀត​មើល​មុខ​នាង​នេះ មក​យូរ​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ពេក​ប៉ុណ្ណោះ​ទេ ។ 

ប៉ុន្តែ​ទោះ​បី​បុរស​នោះ​ខំ​ជជែក​យ៉ាង​ណា​ក៏​ដោយ លោក​សុភា​ក៏​មិន​ព្រម​ស្ដាប់​សោះ ។ ក្រោយ​មក​លោក ចៅហ្វាយ​ខែត្រ​ក៏​បាន​កាត់​សេចក្ដី​ដូច​លោក​សុភា​នេះ​ទៀត ។

            លុះ​ធ្វើ​សង្រ្គាម​ដែល​អស់​សង្ឃឹម​នេះ​ហើយ, បុរស​ផ្សង​ព្រេង​បាន​ទៅ​ទូល​ដល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ។ ព្រះ​ករុណា​ម្ចាស់​ជីវិត​ទ្រង់​ខំ​ស្ដាប់​ពាក្យ​បណ្ដឹង​យ៉ាង​ម៉ត់ចត់, ប៉ុន្តែ​ទ្រង់​មិន​សូវ​ប្រសប់​ខាង​ផ្លូវ​ច្បាប់ ហើយ​ដោយ​ទ្រង់​មាន​ព្រះ​ហ្ឫទ័យ​ចង្អៀត​ចង្អល់​ជា​ពន់​ពេក ។

 ក្នុង​ពេល​នោះ ទេវតា​ដែល​រក្សា​ស្វេតច្ឆ័ត្រ​បាន​ខ្សឹប​នឹង​ព្រះ​កាណ៌​ព្រះ​អង្គ​ថា : <<សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ! រឿង​នេះ​ធំ​ណាស់ ហើយ​ពិបាក​ផង, ជន​ណា​ដែល​ល្ងង់ខ្លៅ​ជន​នោះ​មិន​ត្រូវ​មក​ច្របល់​ក្នុង​រឿង​នេះ​ទេ, ឯ​លោក​នាយក​អភិជន​របស់​ព្រះ​អង្គ​ជា​ចៅក្រម​មួយ​យ៉ាង​ប៉ិន​ប្រសប់, លោក​នេះ​អាច​នឹក​រក​ការណ៍​ពិត​ឃើញ​បាន >> ។

            ព្រះ​រាជា​ក៏​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​លោក​ដ៏​ចំណាប់​នេះ មក​ជិត​ព្រះ​អង្គ ហើយ​ទ្រង់​បង្គាប់​ឲ្យ​រូប​នេះ​បំភ្លឺ​រឿង​នុះ​ឡើង ។

            មិន​មែន​ជា​ការ​ស្រួល​ទេ ដែល​គេ​ប្រគល់​រឿង​នេះ​ឲ្យ​លោក​រដ្ឋមន្រ្តី​ដ៏​វិសេស​នេះ, លោក​ជា​អ្នក​ប្រាជ្ញ​មែន​ពិត ប៉ុន្តែ​លោក​មិន​ដឹង​ធ្វើ​យ៉ាង​ណា ឬ​គិត​យ៉ាង​ណា​សោះ ។ ឯ​បុត្រី​របស់​លោក​ឈ្មោះ​នាង​ធូដាម្ន៉ាសារី ម៉ង់សាមី (Thoudamna sari menzamie, 

បាន​សង្កេត​ឃើញ​កង្វល់​របស់​លោក​ដោយ​ឥត​យូរ​ឡើយ ហើយ​សួរ​រក​ហេតុ​នេះ​ភ្លាម ។ ឪពុក​ដែល​ទុក​ចិត្ត​តែ​លើ​រូប​កូន​ស្រី​១​នេះ គ្រាន់​តែ​និយាយ​ត្រង់​កន្លែង​ពិបាក ដែល​ព្រះ​ករុណា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លោក​សម្រេច ។

  នាង​ឆ្លើយ​ថា: << សូម​លោក​ឪពុក​កុំ​ព្រួយ​ឲ្យ​សោះ​ខ្ញុំ​ធានា​ទាំងអស់ ខ្ញុំ​គ្រាន់​តែ​សូម​លោក​ឪពុក​ឲ្យ​សង់​ខ្ទម​មួយ​ផ្សេង​ក្នុង​សួនច្បារ​របស់​យើង ហើយ​ឲ្យ​ជន​ទាំង​អស់​ដែល​មាន​រឿង​មក​រក​ខ្ញុំ,

 ជន​ម្នាក់​ៗ​ឈរ​នៅ​ជ្រុង​មួយ​ៗ, ឯ​ខ្ញុំ​នៅ​កណ្ដាល​ជា​មួយ​នឹង​ស្មៀន​របស់​ខ្ញុំ​ម្នាក់, រួច​ខ្ញុំ​សាកសួរ​ជន​ទាំង​នោះ​ម្នាក់​ម្ដង​ៗ, ខ្ញុំ​ហ៊ាន​សន្យា​ថា​ខ្ញុំ​រក​សេចក្ដី​ពិត​ឲ្យ​ឃើញ​ពុំ​ខាន >> ។

            លុះ​កាល​ណា​ធ្វើ​បាន​សព្វ​គ្រប់​ដូច​បំណង​នាង​ហើយ នាង​ហៅ​ប្ដី​ដើម​មក​ហើយ​ពោល​ពាក្យ​ដូច​មាន​តទៅ​នេះ << ឱ ! អ្នក​ដ៏​ថ្លៃថ្លា !

 គេ​និយាយ​អ្នក​អភ័ព្វ​ប្រពន្ធ​ស្លាប់​ក្នុង​អគ្គិភ័យ ដែល​ឆេះ​ផ្ទះ​របស់​អ្នក កាល​ដែល​អ្នក​ចេញ​ផុត​ទៅ​ធ្វើ​ដំណើរ​តាម​សមុទ្រ ដោយ​ក្លាហាន​ដើម្បី​ទៅ​រក​ធនធាន,

 ឥឡូវ​នេះ អ្នក​បាន​ត្រឡប់​មក​វិញ​ពេញ​ចិត្ត​ដោយ​សារ​រក​ធនធាន​នោះ​បាន ដូច​បំណង​របស់​អ្នក, ឯ​ឪពុក​ម្ដាយ​របស់​អ្នក​ទៀត ក៏​សុទ្ធ​តែ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​សម្បើម​ណាស់​ណាស់​ដែរ,

 ចំណែក​ខាង​មតិ​ពិត​ប្រាកដ​ត្រង់​របស់​ខ្ញុំ​យល់​ថា មនុស្ស​ឈ្លាស​វាងវៃ នឹង​ថ្កុំថ្កើង​ដូច​អ្នក​នេះ មិន​សម​ឡើយ​មក​ប្ដឹង​ផ្ដល់​ដណ្ដើម​ប្រពន្ធ​ដូច្នេះ​ទេ,

 ឯ​រូប​ស្រី​បាន​ប្រកាស​ថា គេ​ជា​ប្រពន្ធ​ពិត​របស់​គូ​សត្រូវ​របស់​អ្នក, ឯ​គូ​សត្រូវ​នេះ គេ​ក៏​ប្រកាស​ដូច្នេះ​ដែរ, មួយ​ទៀត​តាំង​ពី​ស្ដេច​ផែនដី​រហូត​ដល់​កំទេច​សុភា​ក្នុង​ប្រទេស គេ​ថា​អ្នក​ខុស​ទាំង​អស់,

 ឥឡូវ​នេះ សូម​អ្នក​និយាយ​ប្រាប់​ខ្ញុំ​ឲ្យ​ពិត​ត្រង់​មើល តើ​នាង​នោះ​ប្រាកដ​ជា​ប្រពន្ធ​របស់​អ្នក​មែន​ឬ​ទេ ?  ហើយ​តើ​ហេតុ​យ៉ាង​ណា​បាន​ជា​គេ​ស្អប់​អ្នក ? គួរ​ណាស់​តែ​អ្នក​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដែល​ជំរាប​អ្នក​ដូច​មាន​តទៅ​នេះ គួរ​ណាស់​តែ​អ្នក​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដែល​ជំរាប​អ្នក​ដូច​មាន​តទៅ​នេះ,

 ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ជា​អ្នក​សុខ​ចិត្ត​ធ្វើ​តាម​ខ្ញុំ​ឬ​យ៉ាង​ណា​ទេ ឯ​ចំណែក​ខាង​ខ្ញុំ​ៗ សឹង​តែ​មិន​ហ៊ាន​ហា​មាត់​និយាយ​ផង >> ។ លុះ​និយាយ​ដូច្នេះ​ហើយ នាង​អៀនខ្មាស​យក​ដៃ​បិទ​មុខ​ដ៏​ល្អ​ឆើតឆាយ​របស់​នាង ។ ក្នុង​ពេល​នោះ បុរស​អង្វរ​ឲ្យ​នាង​និយាយ​តទៅ​ទៀត ។

 នាង​ងើប​មុខ​ឡើង​ដាច់​ចិត្ត​មិន​ខ្មាសអៀន ហើយ​និយាយ​ថា : ឯ​ដំបូន្មាន​របស់​ខ្ញុំ​មាន​ដូច​តទៅ​នេះ រូប​អ្នក​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ រូប​ខ្ញុំ​ជា​កូន​របស់​លោក នាយករដ្ឋមន្រ្តី នៃ​ព្រះ​មហាក្សត្រ បើ​សិន​ណា​

យើង​ស្រឡាញ់​គ្នា ហើយ​ព្រមព្រៀង​រៀប​ការ​នឹង​គ្នា យើង​មុខ​ជា​គ្មាន​ទុក្ខ​ភ័យ​អ្វី​ទេ លុះ​អស់​ជីវិត​រៀង​ខ្លួន, អ្នក​មាន​ឫកពា​គួរ​ឲ្យ​ខ្ញុំ​សរសើរ​ណាស់ តើ​អ្នក​យល់​ព្រម​តាម​ខ្ញុំ​ទេ ? ហើយ​ចូរ​អ្នក​ឆ្លើយ​ឲ្យ​ត្រង់​ដូច​ចិត្ត​ខ្ញុំ ដែល​បង្ហាញ​អ្នក​អម្បាញ់មិញ​នេះ >> ។ 

បុរស​ឆ្លើយ​បែប​ព្រួយ​បន្តិច​ថា : << ឯ​ពាក្យ​ឆ្លើយ​របស់​ខ្ញុំ​ងាយ​ទេ, ឱ នាង ! ខ្ញុំ​ចាប់​ចិត្ត​ចាប់​គំនិត​នឹង​ពាក្យ​របស់​អ្នក​នាង​ជា​ពន់ពេក, 

ប៉ុន្តែ​តើ​ឲ្យ​ខ្ញុំ​លះបង់​ចោល​ភរិយា ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ដាក់​ទុក​ឲ្យ​ម្ដេច​បាន ? ខ្ញុំ​បាន​សន្មត​ក្នុង​ចិត្ត​ថា នាង​នេះ​ជា​គូ​ជីវិត​របស់​ខ្ញុំ ពី​ព្រោះ​យើង​ស្គាល់​គ្នា​តាំង​ពី​តូច​មក, នាង​ស្រាត​រត់​លេង​យ៉ាង​សប្បាយ​ក្នុង​ផ្ទះ​របស់​យើង, 

មនុស្ស​ប្រុស​មិន​ត្រូវ​ដាច់​ចិត្ត​ធ្វើ​អំពើ​កំណាច​បំបាត់​កិច្ច​ព្រមព្រៀង ដែល​បាន​ធ្វើ​យ៉ាង​ឧឡារិក​ដូច្នោះ​ទេ >> ។ នាង​លុះ​កាលណា​បាន​ឮ​សំដី​ដ៏​ប្រពៃ​នេះ​ហើយ នាង​ញញឹម​ទៅ​រក​បុរស​រួច​បើក​ទ្វារ​ឲ្យ​ចេញ​ទៅ, នាង​បាន​គិត​ឃើញ​រួច​ជា​ស្រេច ។

            ក្រោយ​មក នាង​បាន​ហៅ​ប៉ាយតា​ទៅ​ឯ​បន្ទប់​នាង, នាង​នឹក​ថា​ប៉ាយតា​នេះ​ជា​មនុស្ស​អាក្រក់ ប៉ុន្តែ​នាង​ខំ​លាក់​ពុត ហើយ​សួរ​ដោយ​ខ្ជីខ្ជា​បន្តិច​ថា : << បុរស​ក្មេង​ៗ ទាំង​ពីរ​នាក់​នេះ​ឈ្លោះ​គ្នា​ព្រោះ​ស្រ្តី​ម្នាក់​យ៉ាង​នេះ​មិន​ត្រូវ​ទេ,

 ឯ​ខ្ញុំ​ជា​ស្រី​គ្មាន​ប្ដី បើ​អ្នក​សុខ​ចិត្ត ខ្ញុំ​ព្រម​យក​អ្នក ខ្ញុំ​ជា​កូន​របស់​លោក​នាយករដ្ឋមន្រ្តី មាន​ទ្រព្យ​សម្បត្តិ​សម្បើម​ណាស់, ខ្ញុំ​មាន​មាស​ពេជ្រ​ក្នុង​លោក​នេះ គ្មាន​អ្នកណា​ស្មើ បើ​យើង​បាន​គ្នា​មុខ​ជា​សប្បាយ​ដោយ​ទ្រព្យ នឹង​យស​ស័ក្តិ​របស់​យើង​មិន​ខាន >> ។

            ប៉ាយតា ឥត​បាន​សង្កេត​ថា នាង​និយាយ​អំពី​តណ្ហា​សោះ ឃើញ​ថា​នាង​និយាយ​តែ​អំពី​ទ្រព្យ ហើយ​ក៏​ឆ្លើយ​ភ្លាម​ថា​សុខ​ចិត្ត ។ នាង​ខំ​លាក់​ពុត​របស់​នាង ហើយ​ឆ្លើយ​ថា :

 << បើ​អ្នក​យល់​តាម​គ្រោង​ការ​នេះ យើង​ត្រូវ​នាំ​គ្នា​រត់​ទៅ​នៅ​ឯ​ទីណា​មួយ​ឆ្ងាយ​ពី​ទី​នេះ លុះ​តែ​ធ្វើ​យ៉ាង​នេះ​ទើប​ខ្ញុំ​ជឿ​ថា​អ្នក​ស្ម័គ្រ​ស្មោះ​នឹង​ខ្ញុំ …. ។ 

ប៉ាយតា​ឥត​ប្រកែក​អ្វី​មួយ​ម៉ាត់​សោះ ធ្វើ​មុខ​ស្មើ​ដូច​ធម្មតា ។ ឯ​នាង​ក្ដៅ​ក្រហាយ​លើក​ដៃ​គ្រវាស​ចង្អុល​ទ្វារ​ឲ្យ​ប៉ាយតា​ចេញ​ទៅ ។ ប៉ាយតា​នៅ​តែ​គ្មាន​ចាប់​ភ្លឹក​នឹង​អាការ​របស់​នាង ហើយ​ថយ​ខ្លួន​យ៉ាង​ស្រួល​បួល​ទៅ ភ្នែក​រំពៃ​មើល​នាង​ទៀត ។ ឯ​នាង​គ្មាន​មើល​វិញ​ទេ ។

            ក្រោយ​មក​ទៀត នាង​ហៅ​នាង​ភរិយា​មក ហើយ​និយាយ​ថា << អ្នក​បង ! ប្ដី​របស់​អ្នក​បង​សព្វ​ថ្ងៃ​ក្រ​ខ្សត់ខ្សោយ,

 គាត់​គ្មាន​អ្វី​សោះ ហើយ​គាត់​មាន​គំនិត​ហាក់​ដូច​ជា​អន់​ថយ​ជាង​បុរស​កូន​អ្នក​មាន​ជា​ពន់​ពេក ឯ​រូប​គេ​នេះ​ពេញ​លេញ​ប្រសើរ​ណាស់ គេ​មាន​ទ្រព្យ​សម្បត្តិ​ក៏​ច្រើន គេ​អាច​នាំ​អ្នក​បង​ឲ្យ​បាន​សប្បាយ,

 បើ​អ្នក​បង​រួម​រស់​នឹង​គេ អ្នក​បង​មុខ​ជា​លែង​ស្គាល់​សេចក្ដី​ក្រលំបាក​ទៀត​ហើយ រៀង​រហូត​ដល់​ស្លាប់​ទៅ​វិញ ខ្ញុំ​សូម​ឲ្យ​អ្នក​បង​ប្រាប់​ខ្ញុំ តើ​ហេតុ​ដូម្ដេច​បាន​ជា​អ្នក​បង​មិន​ព្រម​យក​គេ ? ។

            នាង​ភរិយា​ឆ្លើយ​ថា << ជំរាប​ប្រសាសន៍​អ្នក​នាង ! អ្នក​នាង​ក៏​ស្រី ខ្ញុំ​ក៏​ជា​ស្រី​ដែរ អាស្រ័យ​ហេតុ​នេះ អ្នក​នាង​មុខ​ជា​យល់​តាម​ខ្ញុំ​មិន​ខាន,

 មនុស្ស​ស្រី​គឺ​ជា​ផ្លែ​ឈើ​មួយ​ដែល​ជាប់​នឹង​មែក, ឯ​ប្ដី​ទុក​ដូច​ជា​ដើម​ឈើ​ដែល​ទ្រ​មែក​នោះ, អ្នក​នាង​ជ្រាប​ស្រាប់​ហើយ តើ​ធម្មជាតិ​ធ្វើ​យ៉ាង​ណា​ៗ​ខ្លះ ?

 គឺ​ដំបូង​នៅ​លើ​ដើម​ឈើ​មាន​តែ​ត្រួយ​មួយ​ទេ, ត្រួយ​នេះ​បង្កើត​ជា​សន្លឹក​មួយ ឬ ពីរ​ប៉ុណ្ណោះ សន្លឹក​នេះ​ក្លាយ​បាន​ទៅ​ជា​មែក ,

 នៅ​លើ​មែក​នោះ​ផ្លាស់​រូប​បាន​ទៅ​ជា​ផ្កា ឯ​ផ្កា​បាន​ជា​ផ្លែ រួច​ផ្លែ​នេះ​ទុំ​ជ្រុះ​ពី​លើ​ដើម​ឈើ,

 ជួនកាល​គេ​រើស​ផ្លែ​នេះ​យក​ទៅ​បរិភោគ ជួនកាល​ទៀត​ផ្លែ​នេះ​នៅ​រលួយ​លើ​ធរណី, 

ហេតុ​ដូច្នោះ ខ្ញុំ​សូម​សួរ​អ្នក​នាង តើ​ផ្លែ​ដែល​ជ្រុះ​ពី​លើ​ដើម​ឈើ អាច​ភ្ជាប់​ទៅ​កន្លែង​ដែល​ជ្រុះ​នោះ​វិញ​បាន​ឬ​ទេ ? ឯ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​មាតា​មក អាច​ចូល​នៅ​ក្នុង​ផ្ទៃ​នោះ​វិញ​បាន​ឬ​ទេ? ។

            នេះ​ហើយ​ជា​ភាវៈ​របស់​ស្រី​ដែល​ជ្រុល​ខ្លួន​ខុស ។ ឯ​ការ​ក្បត់​ចិត្ត​របស់​ស្រី​នេះ នាំ​ឲ្យ​ភ្លេច​សេចក្ដី​ស្នេហា នឹង​សេចក្ដី​គោរព​ចំពោះ​រូប​ស្វាមី ។ ហេតុ​ដូច្នេះ បើ​គ្មាន​របស់​អ្វី​មួយ​ប្លែក​អស្ចារ្យ​ទេ ស្រី​នេះ​គ្មាន​សង្ឃឹម​ឡើយ ទោះ​បី​ស្ដី​បន្ទោស​ខ្លួន​ឯង​យ៉ាង​ណា​ក៏​ដោយ ។

          ថា​ហើយ​នាង​នៅ​ស្ងៀម​ឱន​មុខ​កើត​ទុក្ខ​យ៉ាង​ខ្លាំង ។ លុះ​នាង​ធូដាម្ន៉ា​សារី​ជា​កូន​លោក រដ្ឋមន្រ្តី​ឮ​ដូច្នោះ​ហើយ ក៏​នឹក​ក្នុង​ចិត្ត​ថា :

 << ឱ​អញ​យល់​ហើយ ស្រី​នេះ​ក្បត់​ចិត្ត​ប្ដី​ទេ​តើ ប៉ុន្តែ​ស្រី​នេះ​ស្ដាយ​ក្រោយ​ពន់​ពេក >> ។ នាង​ទើប​ឲ្យ​ស្រី​នេះ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​បាន​ពោល​ពាក្យ​គួរសម​រក​ពីរ​បី​ម៉ាត់​ផង រួច​នាង​បង្គាប់​ឲ្យ​ស្មៀន​របស់​នាង​សរសេរ​សេចក្ដី ដែល​នាង​បាន​ពិភាក្សា​ជា​មួយ​ជន​ម្នាក់​ៗ ដែល​យើង​បាន​និទាន​មក​ហើយ​នេះ ។

 លុះ​កាលណា​ឪពុក​របស់​នាង​បាន​ស្ដាប់​សេចក្ដី​សព្វ​គ្រប់​ហើយ លោក​មាន​ចិត្ត​ត្រេកអរ​ជា​ពន្លឹក ហើយ​បាន​នាំ​កូន​ក្ដី​ទាំងអស់​ទៅ​គាល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដោយ​សារ​លោក​បាន​ជ្រាប​ការ​ពិត​អំពី​មាត់​អ្នក​ដែល​មាន​ទោស​ទាំង​ពីរ ។

          ព្រះ​ករុណា​ទ្រង់​ចេញ​ព្រះ​រាជ​ក្រិត្យ​មួយ​តាម​ពាក្យ​ដែល​នាង​ធូដាម្ន៉ាសារី បាន​រៀប​ចំ​ជា​មុន​នោះ​ដូច្នេះ​ថា << ប៉ាយតា​ដែល​មិន​មែន​ប្ដី​នោះ​ហើយ ដែល​រៀប​នឹង​ក្បត់​ចិត្ត​នាង​ជា​សហាយ ត្រូវ​ទោស​ដល់​ស្លាប់​ខ្លួន,

 ក៏​ប៉ុន្តែ​ដោយ​អញ​អាណិត អញ​លើក​ទោស​នេះ​ឲ្យ, ឲ្យ​វា​ចេញ​ពី​ព្រះ​រាជ​ធានី​កុំ​បង្អង់​ឡើយ, ឯ​កូន​ប្រុស​របស់​មហា​សេដ្ឋី​ដែល​ឥត​គិត​ដល់​ទ្រព្យ​សម្បត្តិ ហើយ​ដែល​មិន​ចេះ​ក្បត់​កិច្ច​សន្យា​នោះ គឺ​ជា​ប្ដី​របស់​នាង​ពិត, បុរស​រូប​នេះ​មាន​កិរិយា​គួរ​ឲ្យ​សរសើរ​គ្រប់​គ្នា ,

 ឯ​ចំណែក​ខាង​នាង​ភរិយា​ដែល​យំ​សោក​នៅ​មុខ​អញ​នេះ​ត្រូវ​ទោស​សំឡាប់​ដែរ ព្រោះ​បាន​ធ្វើ​ឲ្យ​ឈ្មោះ​ប្ដី​របស់​ខ្លួន​អាប់អោន​ជា​ពន់​ពេក,

 ប៉ុន្តែ​ប្ដី​នាង​នេះ​អភ័យ​ទោស​ឲ្យ, អញ​ក៏​អត់​ទោស​ឲ្យ​ដែរ ព្រោះ​នាង​នេះ​បាន​ប្រាប់​ការ​ពិត ដល់​បុត្រី​របស់​លោក​រដ្ឋមន្រ្តី ដោយ​បាន​និទាន​យ៉ាង​ក្បោះក្បាយ​អំពី​ផ្លែឈើ​ទុំ​ដែល​មិន​អាច​ភ្ជាប់​ទៅ​កន្លែង​ដែល​ជ្រុះ​វិញ នឹង​អំពី​កូន​ក្មេង​ដែល​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​មាតា​វិញ​បាន, នេះ​ជា​ដំបូន្មាន​របស់​វា​ទៅ​ថ្ងៃ​ក្រោយ​ទៀត ឥឡូវ​នេះ​អញ​ឲ្យ​រួច​ខ្លួន​ចុះ >> ។

          ក្នុង​ពេល​នោះ ទេវតា​ដែល​រក្សា​ស្វេតច្ឆ័ត្រ​ស្រែក​ជយោ​ឡើង ដោយ​ការ​បាន​ឮ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ដូច្នោះ ។ ឯ​ព្រះ​ករុណា​ក៏​ទ្រង់​លើក​កូន​ស្រី​នៃ​លោក​រដ្ឋមន្រ្តី​ជា​អគ្គ​មហេសី ដោយ​សារ​នាង​បាន​ប្រើ​ប្រាជ្ញា​យ៉ាង​អស្ចារ្យ​ក្នុង​រឿង​នេះ ។

          សុភាចារ​បុរស​ទាំងឡាយ ! អ្នក​តោង​ធ្វើ​អង្កេត​ឲ្យ​យ៉ាង​ម៉ត់ចត់​ដូច​នាង​ធូដាម្ន៉ាសារី ក្នុង​ការ​លួច​ប្លន់, ការ​បោកប្រាស់ ឬ ក្នុង​ការ​ក្បត់​ចិត្ត​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ដល់​សាលា​របស់​អ្នក, តោង​អ្នក​បំភ្លឺ​ឲ្យ​ច្បាស់​យ៉ាង​ប្រសប់​ដូច្នេះ​ហោង ។

ដកស្រង់ចេញពីសៀវភៅរឿងព្រេងភូមា

0 comments:

Post a Comment