រឿង បុរសកម្ជិលអាំងផេះ

អ្នកទស្សនា: Views

 រឿង បុរសកម្ជិលអាំងផេះ

មានរឿងព្រេងមួយ ដំណាលថា : មានបុរសកំជិលម្នាក់ មានប្រពន្ធគ្រប់លក្ខណ៍ មាន កិរិយាមារយាទល្អចេះគោរពប្រណិប័តន៍ប្ដី។ 


តាំងពីបានគ្នាជាប្ដីប្រពន្ធមក,បុរសកំជិល ចេះតែពីដេក ដល់ឃ្លានបាយទើបក្រោកឡើងស៊ីៗ រួចដេកទៅវិញសូម្បីថ្នាំជក់ក៏ប្រពន្ធ មូរឲ្យដែរ។

 ប្រពន្ធជាមនុស្សគោរពប្រណិប័តន៍ប្ដី មិនមានពាក្យអាក្រក់ ទៅលើប្ដីសោះ លើកបាយទឹក និងរបស់អ្វីឲ្យប្ដី សុទ្ធតែសំពះ 

 ដល់ទៅយូរទៅ មានសេចក្ដីក្រីក្រខ្លាំង ណាស់ នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយ

 ថ្ងៃមួយនាងរៀបស្លា៥ម៉ាត់ បារី៥ចូលទៅក្រាបសំពះប្ដី ហើយថា

 ខ្ញុំសុំទោសអ្នកប្ដី ត្បិតយើងសព្វថ្ងៃ ក្រណាស់ យើង មិនបានរកស៊ី គ្មានទទួលទានទេ សុំឲ្យអ្នកទៅកាប់ឈើ ធ្វើនង្គ័លរនាស់ធ្វើស្រែនឹងគេ ត្បិតដល់រដូវធ្វើស្រែហើយ ។ 

ប្ដីថាបើដូច្នោះ ឲ្យនាងដាំបាយ វេចជាសំណុំចុះប្ដីនឹង ទៅរកកាប់ឈើ ធ្វើនង្គ័ល រនាស់ ។ 

ប្រពន្ធក្រោកពីយប់ដាំបាយ វេចជាកញ្ចប់មាន ទាំងដឹងពូថៅទៅផង។

 បុរសកំជិល ដេកទាល់តែថ្ងៃរះ ប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោក ខ្លួនឯង

 ដល់ក្រោកហើយ ប្រពន្ធដងទឹក ទៅលប់មុខឲ្យ រួចស្រេច នាងក៏ហុចស្លាបារី នឹងបាយកញ្ចប់ ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្ដី។

 បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុង ព្រៃរកឈើ, បានឃើញឈើមួយដើម មានមែកសាខាម្លប់ត្រជាក់ ក៏ដាក់បាយសំណុំ ដឹងពូថៅ ហើយដេកគងអន្ទាក់ខ្លា មើលទៅលើ និយាយតែម្នាក់ឯងថា 

 មែកឈើ នេះត្រូវធ្វើជាភ្នៀងនង្គ័ល មែកនេះត្រូវធ្វើជាយាម មែកនេះត្រូវធ្វើជាដងមែកនេះត្រូវ ជានឹមមែកនេះ ត្រូវធ្វើជារនាស់ ។

 គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើង ស្រាយបាយសំណុំស៊ីៗរួច ដេកថាដូចមុនទៀត, ថ្ងៃរសៀលត្រឡប់មកផ្ទះវិញ។ប្រពន្ធ ឃើញរត់ទទួលយកគ្រឿងប្រដាប់នាំប្ដីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្ដីហើយ សួរថា 

 អ្នកទៅបានការដូចម្ដេចខ្លះ ប្ដីថាមិនទាន់បានទេនាង  ចាំស្អែកសឹម ទៅទៀតដល់ កន្លែងដើមឈើ

នោះហើយ , រុក្ខទេវតា ដែលអាស្រ័យ នៅទីនោះឮ បុរសកំជិលថាដូច្នោះ ក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងតាមទៅវាយសម្លាប់ បុរសកំជិលនោះ ឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះ កុំឲ្យវាមកកាប់ឈើនេះបាន ។ 

បុរស បុរសនោះក៏ត្រឡប់មកផ្ទះវិញ ។ រុក្ខទេវតា តាមមកដល់មាត់របង ឃើញប្រពន្ធរត់ ទៅទទួលប្ដី ដល់មាត់ជណ្ដើរ យកទឹកលាងជើងឲ្យប្ដី។ ដោយសិរីសួស្ដីប្រពន្ធនោះ ទេវតាចូលមិនចុះ មិនហ៊ានវាយ ។

 បុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធ សួរ និយាយដូចមុនទៀតថា << បានសព្វគ្រប់អស់ហើយ ព្រឹកនឹងទៅកាប់ >> ។ 

ទេវតាភ័យណាស់ថា << បុរសនោះ មុខជាកាប់ហើយព្រឹកនេះ >> ក៏នាំគ្នាមក និយាយអង្វរថា << សុំកុំកាប់ឈើនោះ>>។ បុរសថា<< អញមិនព្រមទេ ព្រឹកនេះ អញទៅកាប់ហើយ >> ។

 ទេវតាភ័យណាស់ ក៏នាំគ្នានិយាយសូក ដោយប្រាប់អំពី ទីកន្លែងកំណប់មាសប្រាក់ ឲ្យបុរសៗ សួរថា << ឲ្យកំណប់ប៉ុន្មានកន្លែង ? >> ។

 ទេវតាថាពីរកន្លែង បុរសថា << មិនព្រមទេ, បើ៤កន្លែង ទើបព្រម ហើយឲ្យដាក់ ឈើ សម្គាល់ឲ្យផង >> ។ ទេវតាក៏ព្រមធ្វើតាម កុំឲ្យតែកាប់ដើមឈើនោះ។

 បុរស ថា<< បើដូច្នោះ ខ្ញុំលែងកាប់ , តែថាព្រឹកនេះ ខ្ញុំទៅគាស់កំណប់នោះហើយ >> ។

 ទេវតាថា << ទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យ >> ។ ព្រឹកឡើងប្ដីប្រពន្ធ នាំគ្នា ទៅគាស់កំណប់ដែលទេវតាឲ្យ,

 ក្នុងកំណប់មួយៗ ទាំងពីរនាក់ប្ដីប្រពន្ធត្រូវជញ្ជូនបី ថ្ងៃបានសុទ្ធតែមាស និងប្រាក់ ចាក់គរពេញផ្ទះ ។

 នាងនោះ ក៏រៀបចំ ដាក់ហិបដាក់ ឡាំងមិនឲ្យអ្នកណាឃើញ ហើយក៏ជួលជាងឲ្យធ្វើគ្រឿងប្រដាប់ លក់ជាជំនួញរឹតតែ មានឡើងៗ​បានជាសេដ្ឋី​មានមនុស្ស​កុះករមូលមក​នៅពឹងពាក់ជាច្រើនរាប់មិនអស់។

0 comments:

Post a Comment