រឿង ខ្មោចព្រាយនៅអាមេរិច

អ្នកទស្សនា: Views

 

រឿង ខ្មោចព្រាយនៅអាមេរិច

មានហេតុការណ៍ចម្លែកមួយ​កើត​ឡើង​នៅ​គេហដ្ឋាន​ចាស់​ៗ ដែល​កសាង​ឡើង​កាល​ពី​ជាង ១០០ ឆ្នាំមុន នៅពេលដែលជាងសំណង់ កំពុងទទួលម៉ៅការ ជួស​ជុល​ឡើង​វិញ ។ នៅថ្ងៃដំបូង ត្រូវ​ខ្មោច​របស់​ម្ចាស់​អាគារ​​កាលពី​អតីត: បានបង្ហាញខ្លួនចេញមក រា​រាំង​ការងារ​ជួស​ជុល​​របស់ជាង ។

គេហដ្ឋាននោះ បច្ចុប្បន្នបានធ្លាក់ជាសម្បិត្តរបស់​ទាយាទឈ្មោះ ចូអែនវើរេ ជាស្រីមេម៉ាយ អាយុ ៥០ឆ្នាំ ត្រូវជាចៅទួត​របស់​ម្ចាស់អាគារនេះ ។ គេហដ្ឋាននោះ ស្ថិតនៅជិតក្រុងអូសស្ទីន រដ្ឋ​ថេចសាស សហរដ្ឋអាមេរិក ។ អាគារនោះ​មាន​បន្ទប់​ទាំង​អស់​ចំនួន ១៥ ។ ក្រោយពីកសាង អស់​រយ:​ពេលជាង ១០០ ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ ក៏មានបន្ទប់ខ្លះ ពុក​ផុយ​បាក់​បែក​ទៅ​តាម​កាល​វេលា​របស់វា ។ ដើម្បី​ឲ្យ​អាគារ​នោះ មានសោភណ័ភាពឡើងវិញ ចូអែន ត្រូវចំណាយប្រាក់ ចំនួន ៥០០០០​ដុល្លា សម្រាប់​ការ​ជួស​ជុល​​ឡើង​វិញ ។ ប៉ុន្តែ រឿង​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ក៏​បាន​កើត​ឡើង​​នៅពេលដែលជាង​ចូល​ទៅ​ជួស​ជុល​ថ្ងៃ​ដំបូង​ម៉្លេះ ។ បិសាចនៅ​ក្នុង​អាគារ​នោះ​បាន​បង្ហាញ​រូប​រាង​ជាយាយចាស់សក់ស មាឌធំខ្ពស់ ឈរ​ធ្មឹង​ហាក់​ដូចជាកំពុងតែខឹង​នឹង​រឿង​អ្វីមួយ ។ ចូអែន​និយាយ​​ថា នោះគឺជារូបរាងដើមរបស់យាយទួត ចេរេមៀ​របស់​គាត់​នោះឯង ។

ដំបូងពួកជាងទាំងអស់​ បបួលគ្នាសើច​ នឹកស្មានថាជាការលលេង​របស់ជាងគ្នាឯង ។ ហេតុ​ការណ៍​ដំបូង ដែល​ពួក​ជាង​បាន​ឮគឺ ៖

មានសម្លេងថ្ងូររហ៊ឺសៗ ស្រដៀងមនុស្សយំ តែពួកជាងស្មានថា ជាសំលេងខ្យល់ឬថា សម្លេង​សត្វ​ព្រាប​ដែលវានៅតាម​មុំផ្សេងៗរបស់អាគារ ។ ក្រោយមកទៀត​មានជាងម្នាក់ ព្យាយាម​ដំដែកគោល​តភ្ជាប់កំណាត់ឈើពីមួយទៅមួយ ។ ប៉ុន្តែ​ដែកគោល គាត់​ដំ​ចេះ​តែ​ផ្លាត​ខ្ទាត​ចេញ​​ពីមួយទៅមួយ ។ ដំបូង ពួកគេគិតថា​អាគារនោះនៅមាំល្អណាស់ ទើប​បាន​​ជា​មិនអាច​ដំដែកគោល​ចូលបាន ។ បន្ទាប់​មកទៀត អ្នកដំដែកគោលនោះ ដំខុសដែកគោល ត្រូវ​តែ​ដៃ​ខ្លួន​ឯង​ជា​រហូត ។ គេគិតថា ប្រហែល​ជា​កាល​ពីល្ងាចគេផឹក​ស្រាច្រើន ទើប​ពេល​នេះ​មិន​ទាន់​ស្វាង ។

មានឥទ្ធិពលអាថ៌កំបាំង​មករារាំងការជញ្ជូន​គ្រឿងតុទូចាស់ៗចេញក្រៅបន្ទប់ ដូច​ជា​បិទ​ទ្វារ​យ៉ាង​ជិត​មិនឲ្យជាងជញ្ជូន​ឥវ៉ាន់ចេញបាន ។

ក្នុងចំណោមជាងទាំងអស់ មានជាងពីរនាក់ក្បាលទំពែក ។ កំពុង​តែ​ធ្វើ​ការ​ស្រាប់​តែ​មាន​អ្វី​ម៉្យាង​មក​ប៉ះ​នឹង​មួក​ជាង​ទំពែក​​ទាំងពីរនាក់នោះ ធ្លាក់ចេញពីក្បាល រួច​ថែម​ទាំង​មាន​វត្ថុ​អ្វី​ម៉្យាង ស្រដៀង​នឹង​ម្រាមដៃ មកត្បក​ត្រង់​ក្បាល​ទំពែក​របស់គាត់ទាំង​ពីរនាក់ ជាច្រើនក្រញ៉ និងរហូតធ្វើឲ្យពួកគាត់​ឈ្លោះ​ប្រកែកគ្នាឯង ដោយ​ម្ខាងៗ​ចោទ​ប្រកាន់​គ្នា​ថា​លេងជ្រុលពេក ! ប៉ុន្តែ គាត់ទាំងពីរ​នាក់ ក៏​ប្រកែក​ផងដែរថា​: សុទ្ធតែឥតដឹងរឿងអ្វីទាំងអស់​ដូចៗគ្នា ។ ការ​យល់​ច្រឡំ​តែរៀងៗខ្លួននេះ បាន​ទាស់​សម្ដី​គ្នា​រហូតដល់​មេជាង បំបែក​ឲ្យ​អ្នក​ទាំង​ពីរ​ធ្វើ​ការ​បន្ទប់​ផ្សេងៗពីគ្នា ។

ទូស្រាលមួយ នៅក្នុងបន្ទប់សៀវភៅ តែជាទូចាស់ពីដើម ។ ជាងបីនាក់បានមករំកិលចេញ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ទូ​នោះ​​កម្រើក​រួច ។ ពួកគេក៏ជីកដីពីក្រោមទូនោះមើល ពុំ​មាន​ឃើញ​ជាប់​អ្វី​ទាំង​​អស់ ប៉ុន្តែនៅតែរំកិលទូនោះមិនរួច ។ ពេល​នោះ ជាងម្នាក់ៗ​សុទ្ធ​តែ​កើត​ចម្លែក​ក្នុងចិត្តយ៉ាងខ្លាំង ។

ហេតុការណ៍ចុងក្រោយ នៅពេលដែលអ្នកម៉ៅការ និងក្រុមកម្មករ ចូល​មក​ធ្វើ​ការ​មិន​ទាន់​បាន​កន្លះ​ថ្ងៃ​ផង ក៏​ស្រាប់​តែ​លេច​​រូបរាងដូចជា ស្រមោលមួយបានបង្ហាញខ្លួន នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ ស្រមោល​នោះ ជាបុរសខ្ពស់ស្រឡះ កែវ​ភ្នែក​​ឡើងក្រហម មាត់ហាម្លបៗ តែ​គ្មាន​ឮសម្លេង ។ អេ វែន ហ៊ីវ ជាជាងឈើអាយុ ២៦ ឆ្នាំ និយាយ:

មីបិសាចកញ្ចាស់នោះ មិនត្រឹមតែបង្ហាញខ្លួន ចាត់ការពួកយើងឲ្យលោះព្រលឹង រត់​បាត​ជើង​ស​ព្រាត​តែ​ប៉ុណ្ណោះទេ ! វា​ថែមទាំងចាប់ខ្ញុំ បោះចេញមកក្រៅថ្នល់ទៀតផង !… ខ្ញុំស្បថថា ខ្ញុំ​នឹង​មិន​ទៅ​ធ្វើ​ការ​នៅផ្ទះបិសាចនោះទៀតឡើយ ! ជាងម្នាក់ទៀតត្រូវ​ខ្មោចញ៉ឹងកអាវ លើក​ឡើង​ដល់ពិដាន ។ គេ​គិត​ថាពេលនោះប្រាកដជាត្រូវធ្លាក់នរកហើយ ! ប៉ុន្តែ​គេ​បាន​រួច ដោយ​គ្រាន់តែត្រូវគ្រវែង​ទៅ​ផ្ទប់​នឹង​ជញ្ជាំងប៉ុណ្ណោះ ។

Advertisements

REPORT THIS AD

ចំណែកឯ ចូអែន ជាចៅទួតវិញគាត់និយាយប្រាប់ទៅកាន់អ្នកកាសែតថា: គាត់ដឹងច្បាស់ ប្រកដ​ជា​មាន​អ្វី​នៅ​ក្នុង​ផ្ទះ​មួយ​​ខ្នងនេះ ប៉ុន្តែកន្លងមករឿងទាំងអស់នេះ មិនដែលធ្វើឲ្យ អ្នក​ក្នុង​ផ្ទះ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ។ ចូអែន និយាយទាំងខឹងថា :

តែឥឡូវនេះ​យ៉ាប់បន្តិច !… នាងខ្ញុំ​មិននឹកមស្មានថា យាយទួតរបស់នាងខ្ញុំ ជា​អ្នក​អភិរក្ស​និយម​ដូច្នេះ​សោះ ។ ដំបូង​នាង​ខ្ញុំ ខំតែត្រេកអរ ដោយគិតថា នាងខ្ញុំមានសំណាងល្អណាស់ ដែល​បាន​អាគារ​មួយខ្នងនេះ​ជាកម្មសិទ្ធ ! ពេលនេះ ទើប​ដឹងថានាងខ្ញុំ​ស៊យខ្លាំងណាស់ !

ចូអែន និយាយបន្ថែម:

នាងខ្ញុំ​ដឹងតាំងពីយូរមកហើយថា វិញញ្ញាណយាយតាទួតនៅទីនេះ ព្រោះនាងខ្ញុំ ធ្លាប់​ឃើញ​រឿង​ចម្លែកៗ​​នៅ​ក្នុង​ផ្ទះ​នេះ ! គ្រាន់តែលោក​មិនដែលរំខានអ្នកណា ឬ​ធ្វើ​ឲ្យ​អ្នក​ណា​ភិត​ភ័យ​ឡើយ ។ មុខ​នឹង​ឲ្យជាងមកជួសជុល នាង​ខ្ញុំ​ក៏​បាន​និយាយដែរថា… លោកតា លោកយាយ ! ចៅ​សុំ​ជួស​ជុល​អាគារ​នេះ​​ជាថ្មី​ហើយព្រោះមានកន្លែងខ្លះ​ខូច​ខាត​បាក់​បែក​ច្រើន និង​កន្លែង​ខ្លះ​ទៀត ក៏ត្រូវ​ធ្វើ​ឲ្យ​ទាន់​សម័យ​ផង​ដែរ ! តែពួកគាត់​នៅតែស្ដាប់ការអង្វរក របស់​នាង​​ខ្ញុំ​មិន​បាន​ទៀត !

ចូអែន និយាយនៅទីបំផុតថា​:

តទៅ​នាងខ្ញុំមិនដឹងថា ទៅរកជាងឯណាមកជួសជុលផ្ទះនេះបានទៀតទេ ។ ម្ដងនេះ កុំ​ថា​ឡើយ ៥០០០០ ដុល្លា ទោះ​បី​ជា ៧០០០០​ ដុល្លា ក៏គ្មានអ្នកណា គេ​មក​ទទួល​ម៉ៅការ​ធ្វើ​ដែរ !…

 

 

0 comments:

Post a Comment