រឿង៖កុល ធីតា

អ្នកទស្សនា: Views

        

រឿង៖កុល ធីតា

ក្នុងសម័យពុទ្ធកាល មានកុដុម្ពិក:ម្នាក់ជាអ្នកមានស្ដុកស្ដម ប៉ុន្តែពួកគាត់គ្មានកូនម្នាក់សោះ។ មាតារបស់កុដុម្ពិក:ត្រិះរិះក៏យល់ថា ''បើអញគ្មានចៅ តើបាននរណាតវង្សត្រកូល និងរក្សាទ្រព្យសម្បត្ថិតទៅទៀត'' ។

 ភរិយានោះគិតថា ''បើប្ដីអញមានប្រពន្ធចុងហើយនាងនោះមានកូនគេមុខជាបានគ្រប់គ្រងទ្រព្យសម្បត្ដិធ្វើជាធំក្នុងផ្ទះនេះពុំខាន ឯខ្លួនអញប្រាកដជាបាត់មុខមាត់ពុំមានអ្នកណារាប់អានឡើយ ។

 បើដូច្នោះអញគួរចេញមុខទៅស្ដីដណ្តឹងប្រពន្ធជំនួសម្ដាយក្មេកដើម្បីអោយនាងប្រពន្ធចុងនោះគេគោរពកោតខ្លាចអញ'' ៕

      បន្ទាប់មកនាងនោះក៏ចូលទៅនិយាយនឹង ម្ដាយក្មេកដើម្បីធានាទៅដណ្ដឹងប្រពន្ធអោយប្តី៕ ម្ដាយក្មេកក៏យល់ព្រម ។ លុះមានប្រពន្ធថ្មីមកមិនយូរប៉ុន្នាននាងប្រពន្ធចុងនោះក៏មានគភ៍មែន ។ 

នាងប្រពន្ធដើមដឹងដូច្នោះក៏ផ្សំថ្នាំលាយនិឹងចំណីអោយនាងនោះបរិភោគ ។ កូនដែលទើបតែនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនាងនោះក៏រលូតចេញមកមួយលើកជាពីរលើក ។

 លុះលើកទីបីឪសថដែលនាងប្រពន្ធដើមផ្សំអោយនោះមិនត្រឹមតែធ្វើអោយអន្ដរាយដល់ទារកទេ ថែមទាំងបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតម្ដាយទៀតផង ។


 តែមុននឹងនាង​ប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរមិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ នាងមានគំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា ‘នាងនេះចិត្តអាក្រក់ណាស់ ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះស្លាប់ ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ សូមអោយខ្ញុំកើតជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន’ ។ 

ថាតែប៉ុណ្ណេះនាងនោះក៏ទទួលមរណភាពបាត់ទៅហើយអន្ទោលយកកំណើតជាសត្វឆ្មា ។ រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើតជាសត្វមាន់ ។ មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាលណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង ។ បន្ទាប់មកមេមាន់ក៏ចងពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា ‘កើតជាតិក្រោយសូមអោយបានស៊ីកូនឆ្មាវិញកុំបីខាន ’ ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ ។

លុះជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ ។ ឯមេមាន់ចាប់កំណើតជាខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះតែងទៅខាំស៊ីកូនអស់គម្រប់បីលើកដូចន័យមុនទៀត ។

ជាតិបន្តមកទៀតខ្លានោះទៅកើតជាមនុស្សឈ្មោះនាងកុលធីតា ឯមេម្រឹគទៅកើតជាយក្ខិនី ។ ក្នុងពេលដែលនាងកុលធីតាមានកូនស្រាប់តែនាងយក្ខិនីនោះសុំធ្វើជាមិត្តមកសួរសុខទុក្ខ ហើយបន្លំចាប់កូននោះស៊ី ។ 

លុះគម្រប់លើកទីបីនាងកុលធីតានាំប្ដីនិងកូនទៅងូតទឹកស្រះ ។ នៅពេលដែលនាងងូតទឹករួចហើយ នាងក៏បីកូនអង្គុយចាំប្ដី នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចម្ងាយក៏យល់ថា ‘ច្បាស់ជាជួបនូវអន្តរាយភាពមិនខាន ក៏ស្ទុះបីកូនរត់គេចរហូតទៅដល់វត្តជេតពន់ ។ គាប់ជួនជាពេលនោះ ព្រះពុទ្ធកំពុងប្រទានព្រះធម៍ទេសនានៅកណ្ដាលជំនុំបរិស័ទ ។ 

កុលធីតាភ័យណាស់យកកូនទៅដាក់ទៀបព្រះបាទព្រះអង្គហើយស្រែកយំអង្វរទ្រង់ថា ‘សូមព្រះអង្គជួយខ្ញុំព្រះករុណាផងនាងយក្ខិនីតាមខ្ញុំព្រះករុណាមកដល់កំពែងវត្តហើយ’ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រើអានន្ទអោយទៅហៅនាងយក្ខិនីនោះចូលមក ។

កាលបើនាងយក្ខិនីនោះចូលមកថ្វាយបង្គំព្រះអង្គ ទើបទ្រង់នាំអតីតនិទានអំពីការចងពៀរដែលមិនអាចរម្ងាប់ដោយពៀរមកសម្ដែងប្រាប់ រួចទ្រង់ផ្សះផ្សានាងទាំងពីរនាក់អោយលែងកាន់ចិត្តគំនិតគុំគួននឹងគ្នាហើយអោយរាប់អានគ្នាជាបងប្អូនតទៅ ។

 នាងយក្ខិនីទូលសួរព្រះអង្គថា ‘តើអោយខ្ញុំព្រះករុណារស់នៅរបៀបណា?បើខ្ញុំព្រះករុណាធ្លាប់តែរស់ដោយចាប់មនុស្សសត្វស៊ីជាអាហារយ៉ាងហ្នឹងទៅហើយនោះ’ ។ កាលណោះព្រះពុទ្ធអង្គទ្រង់ត្រាស់បង្គាប់អោយនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម ព្រោះនាងយក្ខិនីនេះចេះមើលដំណើរទឹកភ្លៀងហេតុនេះ បើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងយក្ខិនីបង្គាប់អោយនាងកុលធីតាធ្វើស្រែជ្រៅ ហើយបើឆ្នាំណាមានភ្លៀងច្រើន នាងយក្ខិនីបង្គាប់នាងកុលធីតាអោយធ្វើស្រែដីខ្ពស់ ។

 មិនយូប៉ុន្មាននាងកុលធីតាក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែធ្វើស្រែបានផលស្រូវច្រើន ។ អ្នកជិតខាងឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះក៏នាំគ្នាទៅសួរនាងកុលធីតាហើយនាងក៏ប្រាប់តាមដំណើររឿង ។

ក្រោយមកអោយតែជិតដល់រដូវធ្វើស្រែ​ អ្នកជិតខាងតែងតែនាំគ្នាយកនំចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណើរទឹកភ្លៀង ។ នាងយក្ខិនីដែលធ្លាប់នៅក្នុងព្រៃកើតក្ដីអផ្សុកមិនចេះនៅក្នុងស្រុកដែលលឺសូរតែសម្លេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតាទៅនៅឯក្រៅស្រុក ។ អ្នកស្រុកអ្នកភូមិក៏នាំគ្នាយកអីវ៉ាន់ទៅតាមបូជានាងយក្ខិនីឯស្រុកឆ្ងាយនោះទៀត ។

រឿងនេះយូរទៅ លុះអស់អំពីនាងយក្ខិនីទៅក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិដើម្បីអោយបានផលស្រូវទៅវិញ ។ ចប់

0 comments:

Post a Comment