រឿង ខ្មោចព្រាយនៅអាមេរិច
មានហេតុការណ៍ចម្លែកមួយកើតឡើងនៅគេហដ្ឋានចាស់ៗ ដែលកសាងឡើងកាលពីជាង ១០០ ឆ្នាំមុន នៅពេលដែលជាងសំណង់ កំពុងទទួលម៉ៅការ ជួសជុលឡើងវិញ ។ នៅថ្ងៃដំបូង ត្រូវខ្មោចរបស់ម្ចាស់អាគារកាលពីអតីត: បានបង្ហាញខ្លួនចេញមក រារាំងការងារជួសជុលរបស់ជាង ។
គេហដ្ឋាននោះ បច្ចុប្បន្នបានធ្លាក់ជាសម្បិត្តរបស់ទាយាទឈ្មោះ ចូអែនវើរេ ជាស្រីមេម៉ាយ អាយុ ៥០ឆ្នាំ ត្រូវជាចៅទួតរបស់ម្ចាស់អាគារនេះ ។ គេហដ្ឋាននោះ ស្ថិតនៅជិតក្រុងអូសស្ទីន រដ្ឋថេចសាស សហរដ្ឋអាមេរិក ។ អាគារនោះមានបន្ទប់ទាំងអស់ចំនួន ១៥ ។ ក្រោយពីកសាង អស់រយ:ពេលជាង ១០០ ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ ក៏មានបន្ទប់ខ្លះ ពុកផុយបាក់បែកទៅតាមកាលវេលារបស់វា ។ ដើម្បីឲ្យអាគារនោះ មានសោភណ័ភាពឡើងវិញ ចូអែន ត្រូវចំណាយប្រាក់ ចំនួន ៥០០០០ដុល្លា សម្រាប់ការជួសជុលឡើងវិញ ។ ប៉ុន្តែ រឿងដែលនឹកស្មានមិនដល់នោះក៏បានកើតឡើងនៅពេលដែលជាងចូលទៅជួសជុលថ្ងៃដំបូងម៉្លេះ ។ បិសាចនៅក្នុងអាគារនោះបានបង្ហាញរូបរាងជាយាយចាស់សក់ស មាឌធំខ្ពស់ ឈរធ្មឹងហាក់ដូចជាកំពុងតែខឹងនឹងរឿងអ្វីមួយ ។ ចូអែននិយាយថា នោះគឺជារូបរាងដើមរបស់យាយទួត ចេរេមៀរបស់គាត់នោះឯង ។
ដំបូងពួកជាងទាំងអស់ បបួលគ្នាសើច នឹកស្មានថាជាការលលេងរបស់ជាងគ្នាឯង ។ ហេតុការណ៍ដំបូង ដែលពួកជាងបានឮគឺ ៖
មានសម្លេងថ្ងូររហ៊ឺសៗ ស្រដៀងមនុស្សយំ តែពួកជាងស្មានថា ជាសំលេងខ្យល់ឬថា សម្លេងសត្វព្រាបដែលវានៅតាមមុំផ្សេងៗរបស់អាគារ ។ ក្រោយមកទៀតមានជាងម្នាក់ ព្យាយាមដំដែកគោលតភ្ជាប់កំណាត់ឈើពីមួយទៅមួយ ។ ប៉ុន្តែដែកគោល គាត់ដំចេះតែផ្លាតខ្ទាតចេញពីមួយទៅមួយ ។ ដំបូង ពួកគេគិតថាអាគារនោះនៅមាំល្អណាស់ ទើបបានជាមិនអាចដំដែកគោលចូលបាន ។ បន្ទាប់មកទៀត អ្នកដំដែកគោលនោះ ដំខុសដែកគោល ត្រូវតែដៃខ្លួនឯងជារហូត ។ គេគិតថា ប្រហែលជាកាលពីល្ងាចគេផឹកស្រាច្រើន ទើបពេលនេះមិនទាន់ស្វាង ។
មានឥទ្ធិពលអាថ៌កំបាំងមករារាំងការជញ្ជូនគ្រឿងតុទូចាស់ៗចេញក្រៅបន្ទប់ ដូចជាបិទទ្វារយ៉ាងជិតមិនឲ្យជាងជញ្ជូនឥវ៉ាន់ចេញបាន ។
ក្នុងចំណោមជាងទាំងអស់ មានជាងពីរនាក់ក្បាលទំពែក ។ កំពុងតែធ្វើការស្រាប់តែមានអ្វីម៉្យាងមកប៉ះនឹងមួកជាងទំពែកទាំងពីរនាក់នោះ ធ្លាក់ចេញពីក្បាល រួចថែមទាំងមានវត្ថុអ្វីម៉្យាង ស្រដៀងនឹងម្រាមដៃ មកត្បកត្រង់ក្បាលទំពែករបស់គាត់ទាំងពីរនាក់ ជាច្រើនក្រញ៉ និងរហូតធ្វើឲ្យពួកគាត់ឈ្លោះប្រកែកគ្នាឯង ដោយម្ខាងៗចោទប្រកាន់គ្នាថាលេងជ្រុលពេក ! ប៉ុន្តែ គាត់ទាំងពីរនាក់ ក៏ប្រកែកផងដែរថា: សុទ្ធតែឥតដឹងរឿងអ្វីទាំងអស់ដូចៗគ្នា ។ ការយល់ច្រឡំតែរៀងៗខ្លួននេះ បានទាស់សម្ដីគ្នារហូតដល់មេជាង បំបែកឲ្យអ្នកទាំងពីរធ្វើការបន្ទប់ផ្សេងៗពីគ្នា ។
ទូស្រាលមួយ នៅក្នុងបន្ទប់សៀវភៅ តែជាទូចាស់ពីដើម ។ ជាងបីនាក់បានមករំកិលចេញ ប៉ុន្តែនៅតែមិនអាចធ្វើឲ្យទូនោះកម្រើករួច ។ ពួកគេក៏ជីកដីពីក្រោមទូនោះមើល ពុំមានឃើញជាប់អ្វីទាំងអស់ ប៉ុន្តែនៅតែរំកិលទូនោះមិនរួច ។ ពេលនោះ ជាងម្នាក់ៗសុទ្ធតែកើតចម្លែកក្នុងចិត្តយ៉ាងខ្លាំង ។
ហេតុការណ៍ចុងក្រោយ នៅពេលដែលអ្នកម៉ៅការ និងក្រុមកម្មករ ចូលមកធ្វើការមិនទាន់បានកន្លះថ្ងៃផង ក៏ស្រាប់តែលេចរូបរាងដូចជា ស្រមោលមួយបានបង្ហាញខ្លួន នៅក្នុងបន្ទប់ទទួលភ្ញៀវ ។ ស្រមោលនោះ ជាបុរសខ្ពស់ស្រឡះ កែវភ្នែកឡើងក្រហម មាត់ហាម្លបៗ តែគ្មានឮសម្លេង ។ អេ វែន ហ៊ីវ ជាជាងឈើអាយុ ២៦ ឆ្នាំ និយាយ:
មីបិសាចកញ្ចាស់នោះ មិនត្រឹមតែបង្ហាញខ្លួន ចាត់ការពួកយើងឲ្យលោះព្រលឹង រត់បាតជើងសព្រាតតែប៉ុណ្ណោះទេ ! វាថែមទាំងចាប់ខ្ញុំ បោះចេញមកក្រៅថ្នល់ទៀតផង !… ខ្ញុំស្បថថា ខ្ញុំនឹងមិនទៅធ្វើការនៅផ្ទះបិសាចនោះទៀតឡើយ ! ជាងម្នាក់ទៀតត្រូវខ្មោចញ៉ឹងកអាវ លើកឡើងដល់ពិដាន ។ គេគិតថាពេលនោះប្រាកដជាត្រូវធ្លាក់នរកហើយ ! ប៉ុន្តែគេបានរួច ដោយគ្រាន់តែត្រូវគ្រវែងទៅផ្ទប់នឹងជញ្ជាំងប៉ុណ្ណោះ ។
Advertisements
REPORT THIS AD
ចំណែកឯ ចូអែន ជាចៅទួតវិញគាត់និយាយប្រាប់ទៅកាន់អ្នកកាសែតថា: គាត់ដឹងច្បាស់ ប្រកដជាមានអ្វីនៅក្នុងផ្ទះមួយខ្នងនេះ ប៉ុន្តែកន្លងមករឿងទាំងអស់នេះ មិនដែលធ្វើឲ្យ អ្នកក្នុងផ្ទះមានការភ្ញាក់ផ្អើលឡើយ ។ ចូអែន និយាយទាំងខឹងថា :
តែឥឡូវនេះយ៉ាប់បន្តិច !… នាងខ្ញុំមិននឹកមស្មានថា យាយទួតរបស់នាងខ្ញុំ ជាអ្នកអភិរក្សនិយមដូច្នេះសោះ ។ ដំបូងនាងខ្ញុំ ខំតែត្រេកអរ ដោយគិតថា នាងខ្ញុំមានសំណាងល្អណាស់ ដែលបានអាគារមួយខ្នងនេះជាកម្មសិទ្ធ ! ពេលនេះ ទើបដឹងថានាងខ្ញុំស៊យខ្លាំងណាស់ !
ចូអែន និយាយបន្ថែម:
នាងខ្ញុំដឹងតាំងពីយូរមកហើយថា វិញញ្ញាណយាយតាទួតនៅទីនេះ ព្រោះនាងខ្ញុំ ធ្លាប់ឃើញរឿងចម្លែកៗនៅក្នុងផ្ទះនេះ ! គ្រាន់តែលោកមិនដែលរំខានអ្នកណា ឬធ្វើឲ្យអ្នកណាភិតភ័យឡើយ ។ មុខនឹងឲ្យជាងមកជួសជុល នាងខ្ញុំក៏បាននិយាយដែរថា… លោកតា លោកយាយ ! ចៅសុំជួសជុលអាគារនេះជាថ្មីហើយព្រោះមានកន្លែងខ្លះខូចខាតបាក់បែកច្រើន និងកន្លែងខ្លះទៀត ក៏ត្រូវធ្វើឲ្យទាន់សម័យផងដែរ ! តែពួកគាត់នៅតែស្ដាប់ការអង្វរក របស់នាងខ្ញុំមិនបានទៀត !
ចូអែន និយាយនៅទីបំផុតថា:
តទៅនាងខ្ញុំមិនដឹងថា ទៅរកជាងឯណាមកជួសជុលផ្ទះនេះបានទៀតទេ ។ ម្ដងនេះ កុំថាឡើយ ៥០០០០ ដុល្លា ទោះបីជា ៧០០០០ ដុល្លា ក៏គ្មានអ្នកណា គេមកទទួលម៉ៅការធ្វើដែរ !…