រឿង មុនីឥសុីមាត់ទិព្វ

អ្នកទស្សនា: Views

 

រឿងមុនីឥសុីមាត់ទិព្វ

កាល​ពី​ព្រេង​នាយ​មាន​ឥសី​មួយ​អង្គ​នៅ​ព្រៃ​ហេម​ពាន្ត ចេះ​សិល្ប៍​ពូកែ​ចំណាន​លើស​ឥសី​ទាំង​ពួង ជា​អ្នក​កាន់​សច្ចៈ​ទៀង​ទាត់​ទើប​មាត់​របស់​លោក​ក្លាយ​ជា​មាត់​ទិព្វ​និយាយ​ថា​យ៉ាង​ណា​បាន​យ៉ាង​នោះ ។

ប្លង់ទី១៖

សម័យ​មួយ​ព្រះ​រាជា​ក្នុង​ដែន​ព្រះនគរ នាំ​ព្រះ​អគ្គមហេសី និង​ព្រះ​រាជ​ធីតា​ព្រម​ទាំង​បរិវារ​ទៅ​ក្រសាល​ឳទ្យាន បាន​ជួប​នឹង​ឥសី​នោះ​នៅ​ក្នុង​ព្រៃ​ពាក់​កណ្តាល​ផ្លូវ ។

 ព្រះ​រាជា​គង់​លើ​រាជ​យាន​ស្រែក​សួរ​ចំពោះ​ឥសី​ថា ៖ លោក​មក​អង្គុយ​ធ្វើ​អ្វី​? 

ក្នុង​អាណា​ខេត្ត​របស់​យើង​នេះ​  លោក​ឈ្មោះ​អ្វី?នៅ​ក្នុង​ទី​ណា? ។


ឥសី​កំពុង​ចូល​ឈាន ឥត​បាន​ឮ​ព្រះ​សូរ​សីហនាទ​របស់​ព្រះ​រាជា​អង្គ​នេះ​ឡើយ ។ ព្រះ​រាជា​ទ្រង់​​ខ្ញាល់​ជា​ខ្លាំង ចុះ​ចាក​រាជ​យាន​យាង​សំដៅ​ទៅ​រក​ឥសី​ត្រាស់​សួរ​ខ្លាំង​ៗ ឥសី​នៅ​តែ​គង់​ពែន​ភ្នែន​ដដែល​ព្រោះ

​ចិត្ត​លោក​នៅ​ក្នុង​ឈាន ។ 

ព្រះ​រាជា​ខ្ញាល់​ខ្លាំង​ណាស់​ថា​ឥសី​នេះ​កោង អប្បាល​យើង​ជា​មហា​ក្សត្រ​ម្ចាស់​ផែនដី​សួរ​មិន​ឆ្លើយ ទើប​យក​ព្រះ​បាទ​ធាក់​ឥសី​ដួល​ដេក​លើ​ដី ហើយ​ត្រាស់​ប្រើ​រាជ​អាមាត្យ​ឲ្យ​យក​ដុំ​ថ្ម​ធំៗ សង្កត់​ឥសី​នោះ ដរាប់​ដល់​មាន​កំពស់​ដូច​ដំបូក​ហើយ​យាង​ហួស​ទៅ ។

ប្លង់ទី២៖

ដល់​គ្រប់​៧​ថ្ងៃ​ឥសី​ចេញ​ចាក​ឈាន គឺ​មាន​សេចក្តី​ទុក្ខ​វេទនា​ដោយ​ដុំ​ថ្ម​សង្កត់​នោះ​យ៉ាង​ក្រៃ​លែង ទើប​លោក​និយាយ​ថា ដុំ​ថ្ម​នេះ​ចូរ​ក្លាយ​ទៅ​ជា​រូប​អ្នក​ព្យាបាទ​យើង​ចុះ ថា​តែ​ប៉ុណ្ណោះ​ដុំ​ថ្ម​ទាំង​នោះ​បាត់​អស់​ទៅ​ ពួក​ព្រះ​រាជា​ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា ទាំង​រាជ​បរិវារ​ទាំង​អស់​ ក្លាយ​ជា​ថ្ម។ 

ប្លង់ទី៣៖

ពួក​អ្នក​នគរ​ផ្អើល​ជ្រួល​ជ្រើម​ព្រោះ​គ្មាន​ដឹង​ហេតុ​អ្វី​សោះ​ស្រាប់​តែ​ជន​ទាំង​នោះ​ក្លាយ​ទៅ​ជា​ថ្ម ក៏​ខំ​បន់​ស្រន់​រៀង​ខ្លួន ទោះ​បី​ខំ​បន់​ស្រន់​បួង​សួង​ឲ្យ​វត្ថុ​ស័ក្ត​សិទ្ធិ​ជួយ​យ៉ាង​ណា ក៏​មិន​អាច​ធ្វើ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​ដូច​ដើម​បាន ។


ចំណែ​ក​ឥសី​មាត់​ទិព្វ​លោក​និមន្ត​ទៅ​អាស្រម​លោក​វិញ មាន​អាពាធ​ជា​ទម្ងន់​ដោយ​រូប​កាយ​លោក​បាក់​បែក​ខ្ទេច​ខ្ទី​អស់ ។

ឯ​ពួក​ទេវតា​ដែល​រក្សា​នគរ រក្សា​ស្វេត​ឆត្រ​ព្រះ​រាជា​នោះ កើត​ទុក្ខ​ក្រៀម​ក្រំ​គ្រប់​ៗ​គ្នា ដោយ​បាន​ដឹង​ថា​ជន​ទាំង​នេះ ត្រូវ​បណ្តា​សា​ឥសី​មិន​អាច​អ្នក​ណា​ជួ​យឲ្យ​ក្លាយ​ជា​មនុស្ស​វិញ​បាន ។ ​ ទើប​នាំង​គ្នា​ទៅ​កាន់​សំណាក់​ឥសី​ដើម្បី​សុំ​ឲ្យ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​វិញ ។

ប្លង់ទី៤៖

ឥសី​ប្រាប់​ទេវតា​ថា​កំហុស​របស់​អ្នក​ណា​ ទាល់​តែ​អ្នក​នោះ​មក​សុំ​ទោស​ទើប​បាន ព្រោះ​អំពើ​ល្អ​អាក្រក់​របស់​អ្នក​ណា ត្រូវ​តែ​ខ្លួន​អ្នក​នោះ​ទទួល​ផល​អ្នក​ដទៃ​ជួស​មិន​បាន ។

ពួក​ទេវតា​ទាល់​គំនិត ក៏​ត្រឡប់​ទៅ​នគរ​វិញ​ ។ ពេល​បន្ទាប់​នោះ​ឥសី​ដឹង​ខ្លួន​ថា​នឹង​អស់​ព្រះ​ជន្ម​ថ្ងៃ​នោះ​ហើយ ទើប​លោក​ហៅ​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​របស់​លោក​មក​ប្រាប់​ថាៈ 

អាត្មា​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​នេះ ហើយ ឯង​ត្រូវ​កាន់​សច្ចះ​សុចរិត​ចុះ​ យើង​ឲ្យ​អ្នក​ឯង​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​នេះ 

ឯ​គូ​ព្រេង​របស់​ឯង គឺ​នាង​ចន្ទ​រស្មី ជា​ព្រះ​រាជ​ធីតា​របស់​ព្រះ​រាជា​ដែន​មគធៈ​ ឥឡូវ​ក្លាយ​ទៅ​ជា​ថ្ម​ហើយ នៅ​១​ពាន់​ឆ្នាំ​ទៀត​ទើប​រួច​ទោស​ក្លាយ​ជា​មនុស្ស​វិញ ។


ឯង​ត្រូវ​ស្វែង​រក​ផ្លែ​ស្វាយ​ទិព្វ​នៅ​ក្នុង​ព្រៃ​ហេមពាន្ត​យក​មក​ស៊ី​ឲ្យ​បាន ទើប​ខ្លួន​ឯង​នៅ​ក្មេង​ដដែល​ បើ​រក​មិន​បាន​ទេ មុខ​ជា​អស់​បាន​ជួប​គូព្រេង​​​  ឯង​ហើយ ព្រោះ​ឯង​មិន​អាច​រស់​នៅ​បាន ១ ពាន់​ឆ្នាំ​ទេ ។ ឥសី​ប្រាប់​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​តែ​ប៉ុណ្ណោះ ក៏​ឲ្យ​ថ្នាំ​១​ដុំ​ប្រាប់​ថា ដល់​គ្រប់​១ ពាន់​ឆ្នាំ ឯង​យក​ថ្នាំ​នេះ​លាយ​នឹង​ទឹក​ស្រោច​លើ​រូប​ថ្ម​ចុះ នឹង​ក្លាយ​ជា​មនុស្ស​បាន​ដូច​បំណង​ហើយ​លោក​ក៏​សុគត​ទៅ​។

ប្លង់ទី៥៖

ដោយ​អំណាច​មាត់​ទិព្វ​របស់​ឥសី នាយ​ទិព្វ​វង្ស ក៏​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​មែន សូម្បី​ព្រះ​អាទិត្យ​ក៏​មិន​ហ៊ាន​បញ្ចាំង​កំដៅ​ឲ្យ​ត្រូវ​ដែរ គឺ​បើ​នាយ​ទិព្វ​វង្ស​ទៅ​ក្នុង​ទីណា​មេឃ​ស្រទំ​ក្នុង​ទី​នោះ​ជា​ដរាប ។

ក្រោយ​ដែល​នាយ​ទិព្វ​វង្ស​បូជា​សព​ឥសី​ជា​គ្រូ​ហើយ នាយ​ដើរ សំដៅ​ទៅ​នគរ​ ដើម្បី​ឲ្យ​ឃើញ​មុខ​គូព្រេង​របស់​នាយ ។ គួរ​អសា្ចរ្យ​នឹង​អំណាច​របស់​នាយ​ទិព្វ​វង្ស​ណាស់ គឺ​រូប​ព្រះ​រាជា​ ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា​ដែល​ក្លាយ​ទៅ​ជា​ថ្ម​នោះ​ពួក​មហាជន​បាន​ធ្វើ​ចេតិយ​ដាក់​បិទ​សន្ធប់​យ៉ាង​ជិត​ហើយ​មាំ​មួន​ណាស់ មាន​អ្នក​ថែ​រក្សា​ច្រើន​ជាន់​ច្រើន​សង្កាត់ ព្រោះ​ខ្លាច​រូប​ថ្ម​នេះ​បាក់​បែក​ខូច ។

ប្លង់ទី៦៖

នាយ​ធ្វើ​ដំណើរ​ទៅ​ដល់​នគរ បាន​សួរ​អ្នក​យាម​នគរ​ថា ព្រះ​រូប​ថ្ម​នៅ​ក្នុង​ទីណា​គេ​ចង្អុល​ប្រាប់​ចេតិយ​ដែល​មើល​ឃើញ​ច្បាស់ ។ នាយ​ត្រេក​អរ​ណាស់​ដើរ​សំដៅ​ទៅ​រក​ តែ​ពួក​អ្នក​យាម​ទ្វារ​មិន​ឲ្យ​ចូល​ទៅ​ជិត ទើប​នាយ​បួង​សួង​ថា​បើ​ព្រះ​រាជ​ធីតា​នោះ​ត្រូវ​ជា​គូ​ព្រេង​ដូច​ឥសី​ថា​មែន !

សូម​ឲ្យ​ចេតិយ​បាក់​បែក​អស់ ហើយ​រូប​ថ្ម​ទាំង​បី​អណ្តែត​ឡើង គ្រាន់​តែ​បួង​សួង​ចប់​ចេតិយ​ក៏​បាក់​បែក​ខ្ទេច កំរើក​ញាប់​ញ័រ​ពេញ​នគរ រូប​ទាំង​បី​ក៏​អណ្តែត​ឡើង ឯ​រូប​នាង​ចន្ទរស្មី​ធ្លាក់​មក​ជិត នាយ​ស្ទុះ​ទៅ​ឳប​រូប​នោះ​បបោស​អង្អែល​ហើយ​និយាយ​ថា ឳ​គូ​ព្រេង​កំសត់​នៅ ១​ពាន់​ឆ្នាំ​ទៀត​ទើប​យើង​បាន​ជួប​គ្នា ឥឡូវ​បង​ត្រូវ​ចូល​ទៅ​ព្រៃ​ហេមពាន្ត ដើរ​រក​ផ្លែ​ស្វាយ​ទិព្វ​បរិភោគ​ដើម្បី​បន្ត​ជីវិត​បង​ឲ្យ​រស់​នៅ​ស្មើ​នឹង​ជីវិត​ប្អូន សូម​ប្អូន​នៅ​ចាំ​បង​ក្នុង​ចេតិយ​នេះ​វិញ​ចុះ ថា​តែ​ប៉ុណ្ណោះ​ចេតិយ​កើត​ឡើង​ភ្លាម​រូប​ទៅ​នៅ​ចេតិយ​នោះ​ដូច​ដើម ។

ប្លង់ទី៧៖

ពួក​អ្នកយាម​នគរ​បាន​ឃើញ​ បាន​ដឹង​ហេតុ​អស្ចារ្យ​ដូច្នោះ នាំ​គ្នា​ចូល​ទៅ​រក​នាយ​ទិព្វវង្ស អញ្ជើញ​ឲ្យ​សោយ​រាជ្យ តែ​នាយ​មិន​ព្រម​ទទួល​ព្រោះ​មិន​ទាន់​រក​ផ្លែ​ស្វាយ​ទិព្វ​បាន ។

ផ្លែ​ស្វាយ​ទិព្វ​មាន​ឳជារស​ឆ្ងាញ់​យ៉ាង​ក្រៃ​លែង ដុះ​នៅ​ក្នុង​ទី​កំបាំង​មិន​អាច​មនុស្ស​លោក​ទៅ​រក​ឃើញ​ឡើយ ទាល់​តែ​អ្នក​មាន​បុណ្យ​ទើប​ទៅ​ដល់ ។ ផ្លែ​ស្វាយ​ទិព្វ​នោះ​ក្នុង​១​រយ​ឆ្នាំ ផ្លែ​ម្តង បើ​អ្នក​ណា​បាន​ស៊ី​ហើយ មាន​សាច់​ឈាម​ល្អ​ដូច​ទេវតា បើ​ចាស់​ក្លាយ​ទៅ​ជា​ក្មេង​ ស៊ី​ម្តង​បន្ត​អាយុ​១​រយ​ឆ្នាំ ។


នាយ​ទិព្វវង្ស​ដើរ​រក​ក្នុង​ព្រៃ​ហេពាន្ត​យូរ​ខែ​ឆ្នាំ​ណាស់​ទើប​បាន​ជួប​ផ្លែ​ស្វាយ​ទិព្វ​នោះ​តែ​ពុំ​អាច​ចូល​ទៅ​ជិត​បាន ព្រោះ​មាន​យក្ស​កំណាច​ៗ​នៅ​ថែរក្សា​ជា​ច្រើន ។ 

ប្លង់ទី៨៖

ពួក​យក្ស​បាន​ធ្វើ​បាប​នាយ​ទិព្វ​វង្ស​ជា​ច្រើន​ប្រការ មាន​ធ្វើ​ជា​ខ្យល់​ព្យុះ ធ្វើ​ជា​ភ្លើង​ឆេះ​ធ្វើ​ជា​ទឹក​ភ្លៀង​ជោរជន់ នឹង​ចោល​ដុំ​ថ្ម​ធំៗ​ជា​ដើម តែ​មិន​អាច​ប៉ះ​ពាល់​ត្រូវ​ដល់​រូប​កាយ​នាយ​ទិព្វ​វង្ស​ឡើយ ។ ពេល​ក្រោយ​យក្ស​ដឹង​ថា​ទិព្វវង្ស​ពូកែ​មាន​អំណាច ទើប​និម្មិត​ខ្លួន​ជា​ស្រីរូប​ល្អ​ស្អាត​ចូល​ទៅ​ប្រលោម​តែ​នាយ​មិន​រវល់ កាន់​តែ​សច្ចៈ​សុចរិត​តាម​បណ្តាំ​ឥសី​យ៉ាង​មាំ​មួន​ពួក​យក្ស​ទាល់​គំនិត​ក៏​ព្រម​បេះ​ផ្លែ​ស្វាយ​ទិព្វ​ឲ្យ ។

ប្លង់ទី៩៖

នាយ​ទិព្វវង្ស​តាំង​ទី​សំណាក់​នៅ​ក្បែរ​ដើម​ស្វាយ​ទិព្វនោះ ដល់​១​រយ​ឆ្នាំ​បេះ​ស៊ី​ម្តងៗ គ្រប់​១​ពាន់​ឆ្នាំ ទើប​ត្រឡប់​ទៅ​នគរវិញ ដើម្បី​ប្រស់​គូព្រេង​របស់​គេ​ឲ្យ​ក្លាយ​ពី​ថ្ម​ជា​មនុស្ស​វិញ ។ គួរ​ឲ្យ​អាណិត​នាយ​ទិព្វវង្ស​ណាស់ ឥត​ដឹង​ថា​ពួក​យក្ស​លួច​យក​ថ្នាំ​ដែល​ឥសី​ប្រគល់​ឲ្យ​សំរាប់​ធ្វើ​ឲ្យ​ថ្ម​ក្លាយ​ជា​មនុស្ស​សោះ ស្រាប់​តែ​ទៅ​ជិត​ដល់​នគរ​​ ទើប​ដឹង​ថា​បាត់​ថ្នាំ​ដែល​ខ្លួន​បាន​រុំ​ដោយ​អំបោះ​ច្រើន​ជាន់​ហើយ​ចង​ភ្ជាប់​នឹង​ចង្កេះ ។ 

ក៏​វិល​ត្រឡប់​ទៅ​រក​ក្បែរ​ដើម​ស្វាយ​ទិព្វ​វិញ ។ ឥត​អំពើ​សោះ​ថ្នាំ​នោះ​យក្ស​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ​ជិត​៥​រយ​ឆ្នាំ​មក​ហើយ ។ ក្នុង​ពេល​ដែល​ចោល​នោះ ស្តេច​ក្រពើ​បាន​លេប​ចូល ទៅ​ក្នុង​ពោះ​ក៏​កើត​ក្តៅ​ក្រហាយ​នៅ​ក្នុង​ទឹក​ពុំ​បាន ឡើង​ទៅ​ក្រាំង​នៅ ក្នុង​ព្រៃ​យូរ​ៗ​ទើប​ក្រពើ​នោះ​ក៏​ក្លាយ​ជា​សត្វ​រមាស ។

វគ្គឺ១០៖

មាន​ឥសី​មួយ​រូប​ឈ្មោះ​អគ្គីនេត្រ តាំង​អាស្រម​នៅ​ក្បែរ​មាត់សមុទ្រ បើ​លោក​ខ្ញាល់​នឹង​អ្នក​ណា​បើក​ភ្នែក​ឡើង​ឆេះ​អ្នក​នោះ​ខ្ទេច​ខ្ទី។ សត្វ​រមាស​ជា​យាន​ជំនិះ​របស់​លោក និងដើម្បី​ថែរក្សា​ថ្នាំ​ទុក​ឲ្យ​ម្ចាស់​គេ​វិញ​ ដែល​លោក​ដឹង​បាន​យ៉ាង​នេះ ​ព្រោះ​ក្នុង​ពេល​ដែល​យក្ស​យក​ទៅ​ចោល​ បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​ដល់​ទេវតា​រក្សា​សមុទ្រ​ៗ​បាន​មក​ប្រាប់​ដល់​លោក ។

ចំណែក​នាយ​ទិព្វវង្ស​កាល​បើ​ទៅ​ដល់​ដើម​ស្វាយ​ទិព្វ ហើយ​រក​មិន​ឃើញ​បាន​ចោទ​ប្រកាន់​ពួក​យក្ស បណ្តាល​កើត​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា​ជា​ខ្លាំង ពួក​យក្ស​ចាញ់​ដៃ ក៏​ចេះ​តែ​រត់​ថយ​ក្រោយ ទៅ​ដល់​អាស្រម​ឥសី​អគ្គីនេត្រ ឥសី​ភ្ញាក់​នឹង​សន្ធឹក​ជើង​យក្ស​បើក​ភ្នែក​ឡើង​ប្រកប​ដោយ​កំហឹង ក៏​ឆេះ​ពួក​យក្ស​ខ្ទេច​ខ្ទីអស់ នៅ​សល់​តែ​នាយ​ទិព្វវង្ស​មិន​ឆេះ ព្រោះ​បាន​អំណាច​ដែល​ឥសី​មាត់ទិព្វ​ប្រទាន​ឲ្យ ។


ឥសី​អគ្គី​នេត្រ​បាន​ឃើញ​នាយ​ទិព្វវង្ស​មិន​ឆេះ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ថា​បុរស​នេះ​ពូកែ​ណាស់​តាំង​ពី​ដើម​មក​មិន​ឃើញ​ដូច្នេះ​សោះ ទើប​លោក​សួរ​ដឹង​សព្វ​គ្រប់​ហើយ​ប្រាប់​ថាៈ ថ្នាំ​របស់​អ្នក​នោះ​ពួក​យក្ស​វា​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ ស្តេច​ក្រពើ​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ​កើត​ក្តៅ​ក្រហាយ​ឡើង​ទៅ​ក្រាំង​ក្នុង​ព្រៃ​ក៏​ក្លាយ​ទៅ​ជា​សត្វ​រមាស ឥឡូវ​យើង​យក​សត្វ​រមាស​នោះ​មក​ចិញ្ចឹម​ទុក​ឲ្យ​ចូរ​អ្នក​យក​រមាស​នេះ​ធ្វើ​ជា​យាន​ជំនិះ​ញទៅ​ចុះ ឯ​ថ្នាំ​នោះ​រលាយ​រលួយ​ក្នុង​ពោះ​រមាស​អស់​ទៅ​ហើយ បើ​អ្នក​ត្រូវ​ការ​ប្រស់​រូប​ថ្ម​គ្រាន់​តែ​យក​ទឹក​មាត់​រមាស​ទៅ​លាប​លើ​ថ្ម​បាន​ហើយ ។


នាយ​ទិព្វវង្ស​លា​ឥសី​អគ្គី​នេត្រ ជិះរមាស​សំដៅ​ទៅ​នគរ​មគធៈ​ទៅ​ដល់​រក​ចេតិយ​ស្ទើរ​តែ​មិន​ឃើញ មាន​ព្រៃ​ដុះ​ជុំ​ជិត ព្រោះ​មនុស្ស​លែង​នៅ​ក្នុង​នោះ​ជិត​១ ពាន់​ឆ្នាំ​មក​ហើយ ។

នាយ​ទិព្វវង្ស​ចេះ​តែ​ជិះ​រមាស​រុក​រក​ព្រៃ​ទៅ ក៏​មិនបាន​ជួប​ប្រទះ​ឃើញ​ចេតិយ​នោះ​ហាក់​ដូច​ជា​អស់​សង្ឃឹម ប៉ុន្តែ​នាយ​នឹក​ដល់​អានុភាព​របស់​ឥសី​ជា​គ្រូ​ថា មាត់​របស់​លោក​ជា​មាត់​ទិព្វ ពុំ​ដែល​ប្រែប្រួល​ខុស​សំដី​របស់​លោក​ទេ ទើប​នាយ​លើ​ដៃ​ប្រណម្យ ហើយ​បួង​សួង​ថា ដោយ​អានុភាព​នៃ​គ្រូ​របស់​ខ្ញុំ សូម​ឲ្យ​ព្រៃ​នេះ​វិនាស​អស់​ទៅ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ញទេសភាព​គ្រប់​យ៉ាង​របស់ព្រះ​នគរក្នុង​សម័យ​មុន​នេះ ១​ពាន់​ឆ្នាំ​កើត​ឡើង​ដូច​ដើម​វិញ ថា​តែ​ប៉ុណ្ណោះ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ទេសភាព​គ្រប់​យ៉ាង​កើត​ប្រាកដ​ដូច​ដើម​វិញ​ទាំង​អស់ ទើប​នាយ​នាំ​រមាស​ចូល​ទៅ​ក្នុង​ចេតិយ៍ ​យក​ទឹក​មាត់​លាប​រូប​ព្រះ​រាជា ជា​ដំបូង​ក៏​ក្លាយ​ជា​មនុស្ស​ដូច​ដើម​ ។


ព្រះ​រាជា​ស្ទុះ​ឳប​នាយ​ទិព្វវង្ស​ដោយ​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង សួរ​ដឹង​រឿង​ហេតុ​សព្វ​គ្រប់​ទើប​អង្វរនាយ​ឲ្យ​ប្រស់​ព្រះអគ្គមហេសី ព្រះ​រាជ​ធីតា ព្រម​ទាំង​ពួក​រាជ​បរិវារ​ទាំង​អស់​ឲ្យ​ក្លាយ​ជា​មនុស្ស​វិញ ។ នាយ​ក៏​ប្រស់​បាន​ដូច​បំណង ។

លំដាប់​មក​ព្រះ​រាជា​រៀប​អភិសេក​នាយ​ទិព្វវង្ស ជា​មួយ​នាង​ចន្ទរស្មី​ជា​ព្រះ​រាជធីតា ឲ្យ​សោយ​រាជ្យ​ក្នុង​ព្រះនគរនោះ ដោយ​ពិធី​រាជា​សេក​យ៉ាង​ធំ​អស្ចារ្យ​តាម​រាជ​ប្បវេណី​ពី​បុរាណ​កាល​មក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ប្រជុំជាតក                



រឿង កុលាបប៉ៃលិន

អ្នកទស្សនា: Views

 

នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្ត​បាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹង​ព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគា​ថា​មួយបទថា "អត្តាហិ អត្តនោ នាថោ"។

         ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃ​លិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាត​ហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយ​ធ្វើ​ជាកម្មករត្បូង។

         តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជា​ហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មាន​ការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។

 យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុង​ខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះ​ផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់​គេរៀងៗខ្លួន។

          លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់​របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើ​ឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រម​ឲ្យ​ចៅចិត្រជំនួសតាសុន។

         ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយ​ឃុននារីទៅផ្សារទិញឥវ៉ាន់......។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏​ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់​ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះ​ម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។

        ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់​ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំង​ប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រ​ក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។

 ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពី​ថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិត​ឆ្មើង​ឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។

        ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រ​ឲ្យ​កាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។

        ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំ​ទិញ​ត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូង​ជីក​ត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែន​លោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់​វាយលោកបាឡត់ដួល...។

 លោក​រតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់​ទីនេះទៀត។

         ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ​ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះ​ប្រទះ​មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែក​លោក​បាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។

        ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ​ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះ​មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។

 ចំណែកលោកបា​ឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី​ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។

         គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាង​ដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏​រៀប​ចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅ​យ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយ​សុខ​ក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។

ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារ​គ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការ​មានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។

មូលបញ្ហារឿង៖ បញ្ហាទី១ ជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្រ, បញ្ហាទី២ ជីវិតជាកម្ម​ករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៣ ទំនាក់ទំនងស្នេហារវាងចៅចិត្រ និងនាង​ឃុននារី, បញ្ហាទី៤ ជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួ​សារលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៥ ភាពជោគជ័យរបស់ចៅចិត្រ។

រឿង ផ្កាស្រពោន

អ្នកទស្សនា: Views


 ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយ​មកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាម​ទូក​ប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។

          យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះ​ត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀត​ឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និង​នាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់​ដើរលេងតាមអំពើចិត្ត។

         ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់​ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រ​កែកនឹងបំនងម្តាយ។

         ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខ​ស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយ​សប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ 

ក្រោយមកនាងវិធាវីមាន​​ជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយ​នួន​វិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តង​បញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។

         ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏​កើត​ទុក្ខ​ទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បី​បន្លប់នូវសេចក្តីទុក្ខព្រួយ។

         ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់​ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។

ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូប​បណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។

មូលបញ្ហារឿង៖ បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, ស្នេហា​ក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យ​សម្បត្តិរបស់យាយនួន។

រឿង សព្វសិទ្ធិ

អ្នកទស្សនា: Views


រឿង សព្វសិទ្ធិ

នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។

 ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ​ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ 

កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា "ចៅសព្វសិទ្ធិ"។ កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។

 ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា "សុវណ្ណកេសរ" នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹងដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។

 ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។ ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ 

ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។

     ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជាសក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។

     សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។

 ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យ​ទៅកើតនៅឋានតុសិត។ 

សព្វសិទ្ធិសរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរីមហាមាយា។

រឿង មរណមាតា

អ្នកទស្សនា: Views

 

រឿង មរណមាតា

កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា "ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន" ហើយទ្រង់នាំអតីតនិ​ទានថា៖

     ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។

 អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។

     កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមក​ប្រលោមកុលកោដិកុដុម្ពីក៍។

     កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាង​កុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។

     លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។

 រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។ គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ 

គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។

     វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។

     ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។ 

មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។

     ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។

 លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។

     ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់​ហើយនៅក្នុងព្រៃនោះទៅ។

     ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។

     ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។

 បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។

     ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹម​ឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។ លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។

 កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។


រឿងសត្វឥន្ទី្ររបស់ព្រះឥសូរ

អ្នកទស្សនា: Views

 


រឿងសត្វឥន្ទី្ររបស់ព្រះឥសូរ

មាន​សត្វ​ឥន្ទ្រី ១ ជាទី​គាប់​ព្រះទ័យ​នៃ​ព្រះ​ឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់បាន​អ្វី ៗ ក្ដី ឬ​ចង់ស៊ី​សាច់សត្វ​ណា​ក្ដី វា​ទូល​ព្រះ​ឥសូ​រថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់សត្វ​នោះ ព្រះ​ឥសូរ​ក៏​ចេះតែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿ​យៗ ។ សត្វ​ទាំងឡាយ មាន​គោ ក្របី​ជាដើម កើត​ក្ដៅក្រហាយ​និង​សត្វ​ឥន្ទ្រី​នេះ​មហិមា តែ​ពុំ​ហ៊ាន​ថា​អ្វី ព្រោះ​ខ្លាច​អំណាច​ព្រះ​ឥ​សូរ ជា​ម្ចាស់​លើ​សត្វលោក​នោះ ។​


​​ថ្ងៃ ១ សត្វ​ឥន្ទ្រី​នេះ វា​ចង់​ស៊ីសាច់​ស្ដេច​ដំរី ទើប​វា​ទូល​ព្រះ​ឥសូ​រថា វា​យល់​សុបិន​ត្រូវ​ស៊ីសាច់​ស្ដេច​ដំរី​ស ។ ព្រះ​ឥសូរ​ក៏​ជឿ​តាម​ទើប​ឱ្យ​បម្រើ​ទៅប្រាប់​ដំរី​ស​ម្ដាយ​និង​កូន​ថា ឱ្យទៅ​លាងខ្លួន​ឱ្យ​ស្អាត​ហើយ​ឱ្យ​ចូលមក​ក្នុង​វេលា​ព្រឹក​នេះ ឱ្យ​សត្វ​ឥន្ទ្រី​គេ​ស៊ី ត្បិត​គេ​យល់​សុបិន​ត្រូវ​ត្រង់​រូប​ខ្លួន​ហើយ ។ 

ឯ​ដំរី​ស​ម្ដាយ​និង​កូន កាលណា​បើ​ឮថា ព្រះ​ឥសូរ​ឱ្យ​ហៅ​ខ្លួន​ខ្លួន​ទៅឱ្យ​សត្វ​ឥន្ទ្រី​ស៊ី​ដូច្នោះ ក៏​ភិតភ័យ​នឹង​សេចក្ដីស្លាប់​នោះ​មហិមា នាំគ្នា​យំសោក​វិយោគ​ទៅ​ផ្សេង ៗ ពុំ​ដឹង​បើ​និង​រក លោក​អ្នក​ណា​មេត្តាជួយ​ដោះ​ជីវិត​នៃ​អាត្មា​បាន ហើយ​ក៏​នាំគ្នា​ដើរ​ចុះ​ទៅ​ក្នុង​ស្រះ ដើម្បី​នឹង​ងូតទឹក​ដុសលាង​កាយ ។​


​​ ​គ្រា​នោះ​មាន​សត្វ​ទី​ទុយ ១ ទំ​នៅលើ​មែកឈើ បានឃើញ​ដំរី​ស​ម្ដាយ​និង​កូន ដើរ​យំសោក​ដូច្នោះ ក៏​សួរ​ទៅ​ថា "​នែ​ដំរី​ស ! អ្នក​មាន​ទុក្ខទោមនស្ស​ព្រោះ​ហេតុអ្វី ?" ។ ដំរី​ស​ម្ដាយ​និង​កូន ក៏​ថ្លែងសេចក្ដី​ទុក្ខ​ប្រាប់​ទីទុយ​តាំងពីដើម ដល់​ចប់​សព្វ​គ្រប់​ប្រការ ទីទុយ​ឮ​ដូច្នោះ​ក៏​ថា "​ឱ​ព្រះ​ឥសូរ​លោក​ម្ដេចក៏​ប្រកប​ដោយ​ឆន្ទាគតិ គឺ​លំអៀង​ច្បាប់ លំអៀងសេចក្ដី​ទៅតាម​សេចក្ដីស្រឡាញ់ ទៅ​ជឿ​ស្ដាប់ តែ​ពាក្យ​សត្វ​ឥន្ទ្រី​ឱ្យ​យាយី​គេ​ឯ​ទៀត​ដូច្នោះ​" ។ 

ដំរី​ស​តប​ថា " ឱ្យ​អ្នក​ទីទុយ​អើយ​! ខ្ញុំ​នេះ​ឥត​ទីពឹង​ពំនាក់​សោះឡើយ សូម​អ្នក​មេត្តា​ជួយ​សង្គ្រោះ​ដោះដូរ​ជីវិត​ខ្ញុំ​ឱ្យ​រួច ពី​ភ័យ​ម្ដង​នេះ​ទៅ​លោក​ម្ចាស់ ខ្ញុំ​ម្ដាយ​និង​កូន​នៅ​ជា​ខ្ញុំបម្រើ​អ្នក​" ។ ឯ​ទីទុយ​កើត​ចិត្ត​មេត្តា​ករុណា ក៏​ឆ្លើយ​ទទួល​ថា "​អើបើ​ដូច្នោះ​អ្នកឯង​ឆ្លើយ​ទទួល​សារភាព​ថា​ជា​បាវ​ខ្ញុំ​ចុះ ខ្ញុំ​ឯង​នឹង​ទៅ​និយាយ​កែ​តាម​កលឧបាយ​ត​និង​ព្រះ​ឥសូរ​មើល​ម្ដង " ។

 ដំរី​ស​ក៏​ព្រម​តាម ហើយ​ឱ្យ​ទីទុយ​ជិះ​ទំ​លើ​ក្បាល​កូនដំរី​សចរ​ទៅ កាន់​ដំណាក់​ព្រះ​ឥសូរ​ឰដ៏​ភ្នំ​កៃលាស​មហា​ស្ថាន​ដល់​ហើយ​ទីទុយ​ក៏​ចុះ​ចាក​ក្បាលដំរី​ស ចូល​ទៅ​ទៀប​បល្ល័ង្ក​ទីន័ង​ព្រះ​ឥសូរ​ហើយ​ទូល​ថា "​បពិត្រ​ព្រះអង្គ​ជា​កំពូល​លោក ព្រះអង្គ​មាន​ការ​អ្វី​បានជា​ទ្រង់​ហៅ​ដំរី​ស​ជា​បាវ​ខ្ញុំ​ទូលព្រះបង្គំ​មកនេះ មាន​ហេតុភេទ​យ៉ាងណា​ព្រះករុណា ? ព្រះ​ឥសូរ​ឆ្លើយថា "​អើ​ទីទុយ ! បាវ​ឯង​នេះ​ត្រូវ​ដល់​សេចក្ដី ស្លាប់​ហើយ​ក្នុងថ្ងៃនេះ ត្បិត​សត្វ​ឥ​ន្ទ្រី គេ​យល់​សុបិន​ថា ត្រូវ​បរិភោគ​សាច់​ដំរី ហេតុ​ទើប​យើង​ឱ្យ​ហៅ​ដំរី​ស​ជា​បាវ​ឯង​មក​ឱ្យ​គេ​ស៊ី​" ។


​​ ​ទីទុយ​តប​ថា "​សូម​ទាន ឯ​កិរិយា​យល់​សុបិន​របស់​សត្វ​ឥន្ទ្រី​នោះ​ជា​ទៀង​ពិតប្រាកដ ព្រះអង្គ​យក​ជា​ប្រមាណ​ណាស់​ទៅ​ឬ​យ៉ាងណា​ដូចម្ដេច ។​

​រឿង សត្វឥន្ទ្រីរបស់ព្រះឥសូរ


​​ ​"​អើ​ទីទុយ សត្វ​ឥន្ទ្រី​នោះ​គេ​យល់​សុបិន​ហើយ សុបិន​នោះ​និមិត្ត​ទៀង​ពិតណាស់ ហើយ​យក​ជា​ប្រមាណ​បាន​" ។ "​ក្រាប​ទូល ទូលព្រះបង្គំជាខ្ញុំ​ជឿ​តាម​ព្រះបន្ទូល ដែល​ទ្រង់​ជឿ​សុបិន​សត្វ​ឥន្ទ្រី​នោះ ដំរី​ស​បាវ​ខ្ញុំ​ព្រះករុណា​វិសេស​ក៏​គួរ​ស្លាប់ ហើយ​ខ្ញុំម្ចាស់​នាំ​មក​ថ្វាយ​ឱ្យ​ទ្រង់​ប្រទាន​ដំរី​ស​ឱ្យ​សត្វ​ឥន្ទ្រី​គេ​បរិភោគ​ចុះ តែ​ខ្ញុំ​ល្អងធូលីព្រះបាទ​យប់មិញ​នេះ​មានធុរៈ​ដើរ​ចាប់​ក្ដាម​បរិភោគ ពុំ​បាន​ទទួលទានដំណេក​សោះ បើ​

ដូច្នេះ​សូមមេត្តា​អត់​ទោស សូម​ទទួលទានដំណេក​បាន​មួយស្រឡេត​សិន ហើយ​សឹម​ខ្ញុំ​នាំ​បាវ​ទៅឱ្យ​សត្វ​ឥន្ទ្រី​នោះ​ស៊ី​" ថា​ហើយ​ទីទុយ​ក៏​ធ្វើ​ជា​ធ្មេចភ្នែក​សម្ងំ​ដេក​បន្តិច ទីទុយ​ក៏​ធ្វើ​ជា​ភ្ញាក់ឡើង ហើយ​ពត់​ខ្លួន​ពត់​ប្រាណ​សិត​ស្លាប ធ្វើ​កិរិយា​រីករាយ ហើយ​ទូល​ព្រះ​ឥសូ​រថា "​សូម​ទ្រង់​ព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំ​ទទួលទានដំណេក​អម្បាញ់មិញ​នេះ​ទៅ​យល់​សុបិន​ល្អ​ណាស់ ជា​សុបិន​មង្គល​ហៅ សុភ​និមិត្ត​" ។ 

ព្រះ​ឥសូរ​ក៏​សួរ​ថា "​បា​ឯង​យល់​សុបិន​នោះ​ដូចម្ដេច​ចូរ​និយាយ​ទៅ​មើល ?” ។ ទីទុយ​ក៏​ទូល​ថា "​សុបិន​ទូលព្រះបង្គំជាខ្ញុំ​នេះ​មាន​សេចក្ដី​ប្លែក​ណាស់​ស្ទើរតែ​មិន​ហ៊ាន​និយាយ​" ។ "​មើល​ឯង​និយាយ​ទៅ​មើល សុបិន​ឯង​នោះ​យ៉ាងណា​? " ។ "​សូមទាន​សុបិន​នោះ​ឃើញ​ថា សម្ដេច​នាង​ឧមា​ភគវតី​ជា​ព្រះ​រាជមហេសី​ល្អងធូលីព្រះបាទ​នេះ ស្រឡាញ់​ខ្លួន​ខ្ញុំ​ព្រះករុណា​វិសេស ល្អងធូលី ព្រះបាទ​ក៏​ប្រោស​ប្រទាន​ឱ្យ​មក​ជា​ភរិយា​ខ្ញុំ សុបិន​ខ្ញុំ​នេះ​ទៀង​ពិត​ប្រាកដ​ណាស់ យក​ជា​ប្រមាណ​បាន បើដូច្នោះ​សូម​ល្អងធូលីព្រះបាទ​ហៅ​ព្រះ​នាង​ឧមា​ភគវតី​នោះ​ព្រះរាជទាន​ឱ្យ​ទូលព្រះបង្គំជាខ្ញុំ ទុក​ជា​ព្រះ​កេរ្តិ៍​របស់​ព្រះករុណា​វិសេស​" ។ 

ព្រះ​ឥសូរ​ឮ​ដូច្នោះ​ក៏​តូច​ព្រះរាជហឫទ័យ ទើប​ត្រាស់​ថា "​អាឯង​យល់​សុបិន​នេះ​តែ​ផ្ដាស​ទេ យើង​នឹង​យក​ជា​ប្រមាណ​ពុំ​បាន នឹង​ជឿ​ស្ដាប់​ពុំ​បាន​ទេ អា​ទីទុយ​អើយ​! " ។ ទីទុយ​តប​ថា "​ការយល់​សុបិន​ខាង​ទូលព្រះបង្គំជាខ្ញុំ ! ព្រះអង្គ​យល់​ជា​ប្រមាណ​ពុំបាន នឹង​ជឿ​ស្ដាប់​ពុំបាន ចុះ​ខាង​សត្វ​ឥន្ទ្រី​នោះ​ម្ដេច​ក៏​ព្រះអង្គ​ជឿ​ស្ដាប់​យក​ជា​ប្រមាណ​បាន ! អើបើ​សុបិន​ទូលព្រះបង្គំជាខ្ញុំ​មិន​ពិត សុបិន​សត្វ​ឥន្ទ្រី​នោះ​ក៏​មិន​ពិត​ដូចគ្នា ព្រោះ​ជា​វិស័យ​សកុណជាតិ​ដូចគ្នា សូម​ព្រះអង្គ​កាត់សេចក្ដី​នេះ​ឱ្យបាន​ប្រកបដោយ​យុត្តិធម៌​ទាំងសងខាង​ឱ្យទាន​" ។ ព្រះ​ឥសូរ​ឮ​ទីទុយ​ស្ដី​ដូច្នោះ​ចូរ​ឯង​នាំយក​ដំរី​ស​ជា​បាវ​ឯង វិល​ទៅ​កាន់​ទីលំនៅ​ឯង​វិញ​ចុះ ការ​នេះ​យើង​លើកលែង​គ្នា​តែ​ប៉ុណ្ណេះ " ។​


​​ ​ទីទុយ​ក្រាបថ្វាយបង្គំ​លា​នាំ​ដំរី​ស​ម្ដាយ​និង​កូន​ទៅ​កាន់​លំនៅ​វិញ ដំរី​ទាំង​ម្ដាយ​ទាំង​កូន​ក៏​បាន​រួច​ជីវិត​នៅ​ជា​សុខ​សប្បាយ​តទៅ ព្រោះ​បាន​ជួប​នឹង​ទីទុយ​ជា​កល្យាណ​មិត្រ​ជា​អ្នកប្រាជ្ញ អាច​ជួយ​ដោះ​ទុក្ខ​បាន​ដោយ​ប្រពៃ ។​ ​


រឿង៖កុល ធីតា

អ្នកទស្សនា: Views

        

រឿង៖កុល ធីតា

ក្នុងសម័យពុទ្ធកាល មានកុដុម្ពិក:ម្នាក់ជាអ្នកមានស្ដុកស្ដម ប៉ុន្តែពួកគាត់គ្មានកូនម្នាក់សោះ។ មាតារបស់កុដុម្ពិក:ត្រិះរិះក៏យល់ថា ''បើអញគ្មានចៅ តើបាននរណាតវង្សត្រកូល និងរក្សាទ្រព្យសម្បត្ថិតទៅទៀត'' ។

 ភរិយានោះគិតថា ''បើប្ដីអញមានប្រពន្ធចុងហើយនាងនោះមានកូនគេមុខជាបានគ្រប់គ្រងទ្រព្យសម្បត្ដិធ្វើជាធំក្នុងផ្ទះនេះពុំខាន ឯខ្លួនអញប្រាកដជាបាត់មុខមាត់ពុំមានអ្នកណារាប់អានឡើយ ។

 បើដូច្នោះអញគួរចេញមុខទៅស្ដីដណ្តឹងប្រពន្ធជំនួសម្ដាយក្មេកដើម្បីអោយនាងប្រពន្ធចុងនោះគេគោរពកោតខ្លាចអញ'' ៕

      បន្ទាប់មកនាងនោះក៏ចូលទៅនិយាយនឹង ម្ដាយក្មេកដើម្បីធានាទៅដណ្ដឹងប្រពន្ធអោយប្តី៕ ម្ដាយក្មេកក៏យល់ព្រម ។ លុះមានប្រពន្ធថ្មីមកមិនយូរប៉ុន្នាននាងប្រពន្ធចុងនោះក៏មានគភ៍មែន ។ 

នាងប្រពន្ធដើមដឹងដូច្នោះក៏ផ្សំថ្នាំលាយនិឹងចំណីអោយនាងនោះបរិភោគ ។ កូនដែលទើបតែនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនាងនោះក៏រលូតចេញមកមួយលើកជាពីរលើក ។

 លុះលើកទីបីឪសថដែលនាងប្រពន្ធដើមផ្សំអោយនោះមិនត្រឹមតែធ្វើអោយអន្ដរាយដល់ទារកទេ ថែមទាំងបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតម្ដាយទៀតផង ។


 តែមុននឹងនាង​ប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរមិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ នាងមានគំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា ‘នាងនេះចិត្តអាក្រក់ណាស់ ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះស្លាប់ ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ សូមអោយខ្ញុំកើតជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន’ ។ 

ថាតែប៉ុណ្ណេះនាងនោះក៏ទទួលមរណភាពបាត់ទៅហើយអន្ទោលយកកំណើតជាសត្វឆ្មា ។ រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើតជាសត្វមាន់ ។ មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាលណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង ។ បន្ទាប់មកមេមាន់ក៏ចងពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា ‘កើតជាតិក្រោយសូមអោយបានស៊ីកូនឆ្មាវិញកុំបីខាន ’ ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ ។

លុះជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ ។ ឯមេមាន់ចាប់កំណើតជាខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះតែងទៅខាំស៊ីកូនអស់គម្រប់បីលើកដូចន័យមុនទៀត ។

ជាតិបន្តមកទៀតខ្លានោះទៅកើតជាមនុស្សឈ្មោះនាងកុលធីតា ឯមេម្រឹគទៅកើតជាយក្ខិនី ។ ក្នុងពេលដែលនាងកុលធីតាមានកូនស្រាប់តែនាងយក្ខិនីនោះសុំធ្វើជាមិត្តមកសួរសុខទុក្ខ ហើយបន្លំចាប់កូននោះស៊ី ។ 

លុះគម្រប់លើកទីបីនាងកុលធីតានាំប្ដីនិងកូនទៅងូតទឹកស្រះ ។ នៅពេលដែលនាងងូតទឹករួចហើយ នាងក៏បីកូនអង្គុយចាំប្ដី នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចម្ងាយក៏យល់ថា ‘ច្បាស់ជាជួបនូវអន្តរាយភាពមិនខាន ក៏ស្ទុះបីកូនរត់គេចរហូតទៅដល់វត្តជេតពន់ ។ គាប់ជួនជាពេលនោះ ព្រះពុទ្ធកំពុងប្រទានព្រះធម៍ទេសនានៅកណ្ដាលជំនុំបរិស័ទ ។ 

កុលធីតាភ័យណាស់យកកូនទៅដាក់ទៀបព្រះបាទព្រះអង្គហើយស្រែកយំអង្វរទ្រង់ថា ‘សូមព្រះអង្គជួយខ្ញុំព្រះករុណាផងនាងយក្ខិនីតាមខ្ញុំព្រះករុណាមកដល់កំពែងវត្តហើយ’ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រើអានន្ទអោយទៅហៅនាងយក្ខិនីនោះចូលមក ។

កាលបើនាងយក្ខិនីនោះចូលមកថ្វាយបង្គំព្រះអង្គ ទើបទ្រង់នាំអតីតនិទានអំពីការចងពៀរដែលមិនអាចរម្ងាប់ដោយពៀរមកសម្ដែងប្រាប់ រួចទ្រង់ផ្សះផ្សានាងទាំងពីរនាក់អោយលែងកាន់ចិត្តគំនិតគុំគួននឹងគ្នាហើយអោយរាប់អានគ្នាជាបងប្អូនតទៅ ។

 នាងយក្ខិនីទូលសួរព្រះអង្គថា ‘តើអោយខ្ញុំព្រះករុណារស់នៅរបៀបណា?បើខ្ញុំព្រះករុណាធ្លាប់តែរស់ដោយចាប់មនុស្សសត្វស៊ីជាអាហារយ៉ាងហ្នឹងទៅហើយនោះ’ ។ កាលណោះព្រះពុទ្ធអង្គទ្រង់ត្រាស់បង្គាប់អោយនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម ព្រោះនាងយក្ខិនីនេះចេះមើលដំណើរទឹកភ្លៀងហេតុនេះ បើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងយក្ខិនីបង្គាប់អោយនាងកុលធីតាធ្វើស្រែជ្រៅ ហើយបើឆ្នាំណាមានភ្លៀងច្រើន នាងយក្ខិនីបង្គាប់នាងកុលធីតាអោយធ្វើស្រែដីខ្ពស់ ។

 មិនយូប៉ុន្មាននាងកុលធីតាក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែធ្វើស្រែបានផលស្រូវច្រើន ។ អ្នកជិតខាងឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះក៏នាំគ្នាទៅសួរនាងកុលធីតាហើយនាងក៏ប្រាប់តាមដំណើររឿង ។

ក្រោយមកអោយតែជិតដល់រដូវធ្វើស្រែ​ អ្នកជិតខាងតែងតែនាំគ្នាយកនំចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណើរទឹកភ្លៀង ។ នាងយក្ខិនីដែលធ្លាប់នៅក្នុងព្រៃកើតក្ដីអផ្សុកមិនចេះនៅក្នុងស្រុកដែលលឺសូរតែសម្លេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតាទៅនៅឯក្រៅស្រុក ។ អ្នកស្រុកអ្នកភូមិក៏នាំគ្នាយកអីវ៉ាន់ទៅតាមបូជានាងយក្ខិនីឯស្រុកឆ្ងាយនោះទៀត ។

រឿងនេះយូរទៅ លុះអស់អំពីនាងយក្ខិនីទៅក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិដើម្បីអោយបានផលស្រូវទៅវិញ ។ ចប់

រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

អ្នកទស្សនា: Views


រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

មាននិទានមួយថា ៖មានដូនចាស់ម្នាក់ដាំឃ្លោកសាដៀវដុះឡើង ទើបនឹងបែកសន្លឹក ២ ស្រាប់តែមានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ ១ កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ 

ដូនចាស់រក្សាឃ្លោកនោះ លុះឃ្លោកផ្លែ មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា “ឃ្លោកនេះគេទិញអស់ហើយ អញលក់ឲ្យចៅម្ដេចបាន” ។

 បុរសនោះថា “គេទិញពីកាលណា ? ” ។ ដូនចាស់ថា “កាលដុះបែកសន្លឹក ២” ។ បុរសនោះសួរទៀតថា “គេទិញដូននោះតើឲ្យថ្លៃប៉ុន្មាន ? ” ។

 ដូនថា “ កាលគេមកទិញនោះគេឲ្យថ្លៃ ១ កហាបណៈ ” ។ បុរសនោះថា “ គេទិញតែដើមទេ ឥឡូវខ្ញុំយកថ្លៃឃ្លោកជូន ព្រោះបានទិញហើយ ”។ 

ដូនចាស់ថា “ចៅអើយ ! អ្នកទិញមុនគេយកផ្លែនោះឯង” ។ ចៅនោះថា “លែងតែលក់ឲ្យខ្ញុំចុះ ខ្ញុំឲ្យថ្លៃជូន ២ កហាបណៈ” ។ ដូនចាស់អរនឹងប្រាក់នោះ ក៏លក់ឃ្លោកនោះទៅ ។ 

បុរសនោះទិញបានផ្លែឃ្លោកហើយ ក៏នៅចាំរក្សាឃ្លោកនោះ លុះដល់ធំក៏បេះយកទៅធ្វើសាដៀវ ហើយដេញលេងនៅលំនៅអាត្មាឯង ។ 

ឯបុរសទិញដើមឃ្លោកអំពីមុន ដើរទៅឮបុរសនោះដេញសាដៀវពីរោះ ក៏ចូលទៅដណ្ដឹងថា “បានឃ្លោកសាដៀវនេះពីណា ?” ។ បុរសដេញសាដៀវថា “អញទិញគេ” ។ ចៅមួយដណ្ដឹងទៀតថា “ចៅទិញពីណា? ”។ 

ចៅម្ចាស់សាដៀវថា “ទិញអំពីដូនចាស់ ”។ ចៅទិញដើមឃ្លោកមុនថា “ ម្ដេចក៏ចៅលួចផ្លែឃ្លោកអញ ? ” ។ ឯចៅម្ចាស់សាដៀវថា “ អញទិញពីដូនចាស់នោះ ត្រឹមត្រូវតាមច្បាប់ ម្ដេចក៏ចៅថា “អញលួចឃ្លោកចៅឯង ? បើដូច្នេះយើងនឹងគ្នាទៅដណ្ដឹងដូនចាស់ម្ចាស់ឃ្លោកនោះ ” ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ដូនចាស់នោះ ហើយសួរថា “ ដូនលក់ផ្លែឃ្លោកឲ្យចៅនេះមែនឬ ? ” ។

 ដូនចាស់ថា “ លក់មែន ” ។ ចៅម្ចាស់ឃ្លោកដែលទិញពីមុននោះថា ម្ដេចក៏ដូនលក់ផ្លែឃ្លោកខ្ញុំ ? ។ កាលបើដូច្នេះចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ សូមទ្រង់កាត់សេចក្ដីនោះ ។ ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយមានព្រះបន្ទូលថា “ព្រះស្ដែងទិញមុនគេនោះ ទិញតែដើមទេ ហើយដើរទៅបាត់ទៅពុំនៅរក្សាផ្លែ

ឃ្លោកនោះ ត្រូវបានទៅព្រះស្ដែងដែលទិញក្រោយនោះឯង ” ។ ទ្រង់ព្រះវិនិច្ឆ័យដូច្នេះ ហៅសុគតិគមនំហោង ។ បុរសទាំង ២ សុខចិត្តក៏ក្រាបបង្គំលាទៅកាន់ផ្ទះអាត្មាទីទៃ ៗ ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរ



រឿងព្រេងនិទានខ្មែរ-រឿង ព្រះគោ ព្រះកែវ

អ្នកទស្សនា: Views

  


រឿង ព្រះគោ ព្រះកែវ 

នៅស្រុកលង្វែក មានគ្រួសារមួយរស់នៅពីរនាក់ប្ដីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការ ។ នាងប្រពន្ធមានផ្ទៃពោះ លុះដល់យប់មួយបានយល់សប្ដិឃើញថានាងបានចិញ្ចៀនពេជ្របីវង់មកពាក់ ហើយក៏បាត់ទៅវិញ ។ នាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្ដីទៅរកគ្រូទាយ ។ មាណពជាប្ដីបានទៅរកគ្រូទាយតាមដំណើរសប្ដិរបស់ប្រពន្ធ ។

គ្រូទាយក៏គន់គូរមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាណពថា “បើតាមសប្ដិនេះល្អណាស់! គឺមានអ្នកមានបុណ្យមកចាប់កំណើត តែត្រូវឲ្យនាងតមកុំបរិភោគផ្លែស្វាយខ្ចី បើមិនដូច្នោះនឹងមានគ្រោះថ្នាក់។ សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះ” ។

 មាណពត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយ ព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចី ។ លុះពរពោះបានគ្រប់ខែហើយ នាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំង។ ពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្ដីឡើងបេះ តែមាណពមិនព្រមឡើងបេះឲ្យ ដោយធ្វើជាទៅចម្ការបាត់ ។

 ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបាន ក៏ដើរទៅរកបេះដោយខ្លួនឯង ។ នាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯង ពេលទៅដល់លើនាងតោងចំមែកពុកមួយ ស្រាប់តែបាក់ធ្លាក់ចុះមកដល់ដី ស្លាប់មួយរំពេច ។ ពេលនោះធ្លាយពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាង ។

 កូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេច ឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយ ។ កូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះ ។ 

មាណពឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេក ។ ព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមក មាណពបានយកកូននោះទៅផ្ទះ ។


លុះព្រឹកឡើងមាណពបីកូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅ អ្នកស្រុកបានសាកសួរមាណពថា៖

– នេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូច្នេះ?

– នេះជាកូនរបស់ខ្ញុំ ។

– ចុះម្ដាយវាទៅណាបានជាមិនឲ្យវាបៅ?

– ប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយ ក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯង ។

ឮដូច្នេះអ្នកស្រុកផ្អើលចោមរោមមើល ។ ពេលអ្នកស្រុកមកមើលឃើញមាណពបីកូនមួយមានទាំងកូនគោនៅក្បែរផង គេនាំគ្នាឆ្ងល់យ៉ាងខ្លាំង ហើយដឹងថាមានកូនកើតមកជាសត្វគោ ឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះ អ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុក ក៏នាំគ្នាជេរស្ដី តាមវាយបណ្ដេញមាណព និងកូនលែងឲ្យមកក្បែរភូមិ ។

 មាណពនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯង ដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយ ។ មាណពនាំកូនទៅជ្រកតែក្រោមដើមឈើធំៗ ហើយដើរបេះផ្លែឈើបរិភោគជាអាហារ ។

ក្រោយមក ព្រះគោ ព្រះកែវ រាងធំល្មមដឹងក្ដីខ្លះៗ ថ្ងៃមួយពីរនាក់បងប្អូនចេញមកវាលមួយបានឃើញពួកក្មេងឃ្វាលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយ ។ ព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរ ដោយបោចវល្លិធ្វើជាខ្សែចងព្រះគោដឹកចេញទៅ ។ លុះដល់ពេលបាយ ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នា ឯព្រះកែវគ្មានបាយ ក៏ដើរទៅសុំគេ៖

– ខ្ញុំសុំស៊ីផង!

– ទេ! អញមិនឲ្យទេ ។ យី! អានេះមកពីណាបានជាមកសុំបាយគេស៊ី?

ពេលគេស៊ីបាយរូច ព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេក ក៏សុំគេទៀត តែពួកក្មេងៗគង្វាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោល រួចដេញវាយជេរព្រះកែវចេញទៅ ។ ព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពូកគេដែលវាយជេរមកលើខ្លួន ។

 ព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំង ។ ព្រះគោឃើញប្អូនឃ្លានបាយ ហើយត្រូវគេដេញវាយ ធ្វើបាបព្រមទាំងត្មះតេះដៀលដូច្នេះ ក៏តាំងរោទិ៍បីដងស្រាប់តែក្អែចេញជាម្ហូបអាហារទិព្វដែលមានចាន ពែង ថូ ស្លាបព្រា ។ល។ សុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯង ។

– ហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផង?

– មិនបានទេ ! អាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះ ។

ពួកក្មេងឃ្វាលគោលបមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះ ក៏លបចាំមើលដល់ព្រះគោលេបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញ ។ ក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួន ធ្វើឲ្យចាស់ៗក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះ ។

 អ្នកភូមិបាននាំគ្នាផ្អើលឆោឡោ កាន់ពូថៅ កាំបិត ដំបង ទៅព័ទ្ធចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះ ។ លុំចាប់បានព្រះគោហើយ គេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយ និងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្ដីងឿងឆ្ងល់ និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោ ។ 

ពេលអ្នកស្រុកចូលបម្រុងនឹងធ្វើបាបព្រះគោ ភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ ហើយក៏ហោះឡើងសណ្ដកដើមកណ្ដោលរលំបាក់លើពួកអ្នកស្រុកទាំងអស់នោះ ធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃ បាក់ជើង បែកក្បាលស្ទើរគ្រប់ៗគ្នា ហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយ ។

 ពេលឮដូច្នោះ អ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួន ស្រាប់តែជាសះស្បើយយ៉ាងសក្ដិសិទ្ធិមែន ក៏នាំគ្នានឹកដល់ព្រះគោដែលមានឬទ្ធិបារមីខ្លាំងពូកែ និងលែងហ៊ានបៀតបៀនព្រះគោទៀត ។ ព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានា ហើយរស់នៅតែពីរនាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អ ។

និយាយពីឪពុករបស់ព្រះគោ ព្រះកែវ បាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញ ក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះ ។ មាណពនឹកកូនឥតឧបមា បានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀត មាណពធ្វើដំណើរចេញពីទីនោះ ដើរស្វែងរកកូនដោយក្ដីវិលវល់បំផុត ។ មិនយូរប៉ុន្មាន ឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅ ។

ថ្លែងពីបុត្រីប្រាំពីរអង្គរបស់ស្ដេច ។ នាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេ ។ ថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំង ក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅ ។

 លុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅ បុត្រីស្ដេចទាំងអស់ និងពួកហែហមទាំងឡាយនាំគ្នាឈប់សម្រាក និងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះ ។ ព្រះកែវឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកលបមើល ឃើញបុត្រីស្ដេចទាំងប្រាំពីរអង្គ ព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅ តែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវ បានរត់មកនិយាយប្រាប់បង ។

 ព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់ និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅ។ បុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាម នាំគ្នាលួចស្រឡាញ់ ហើយហៅចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាសអណ្ដែតទឹក ។

 ពេលព្រះកែវចាប់បាន ដេញជួសតែនាងពៅ ហើយពេលនាងពៅចាប់បានវិញ ក៏ដេញជួសតែព្រះកែវដែរ។ លុះលេងបានបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ទឡើងៗ ធ្វើឲ្យបងៗនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញ ព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតា។

ពេលត្រឡប់ទៅដល់វាំងវិញ បងៗរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតា ។ ដោយពុំឃើញនាងពៅចូលគាល់ ស្ដេចក៏សួររក៖

– នាងពៅទៅណា បានជាមិនឃើញមកដូច្នេះ?

– ព្រះបិតា! នាងមិនហ៊ានចូលគាល់ព្រះអង្គទេ។

– តើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមក?

– ព្រះបិតា! ពេលទៅស្រង់ទឹកលេងនោះ នាងពៅបានប្រឡែងលេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយ ។

ស្ដេចស្ដាប់កូនបងៗទូលដូច្នេះ ក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតខ្លាចក្រែងព្រះអង្គ ។ ព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃ ។ នាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវ ។ ព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅ រួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នា ។

និយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារមកទូលថ្វាយស្ដេចខ្មែរបបួលប្រជល់មាន់ដាក់ប្រជារាស្ដ្រ ពលទាហាននិងទ្រព្យសម្បត្តិ ។ ការជល់នេះស្ដេចសៀមជាអ្នកឈ្នះ តែស្ដេចខ្មែរបានសុំជល់ម្ដងទៀត ។ លើកក្រោយនេះ ស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំង ព្រោះមិនដឹងជារកមាន់ឯណាមកជល់ឈ្នះមាន់ស្ដេចសៀម។ 

ព្រះអង្គបានឲ្យពួកសេនាស្វែងរកមាន់ខ្លាំងពូកែគ្រប់កន្លែង ។ លុះពួកគេដើរៗទៅបានជួបនឹងនាងពៅ ហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេច ។ ពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវ ដោះស្រាយរឿងនេះ ។

 ព្រះកែវយករឿងនេះទៅប្រាប់បង ពេលនោះព្រះគោសុខចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូល ។ ពេលជល់លើកនេះមាន់ស្ដេចខ្មែរ ឈ្នះខាងស្ដេចសៀម ធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថា៖ “ហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មានគកដ៏ធំរបស់យើងដូច្នេះ? នេះប្រហែលមានឬទ្ធិបារមីអ្វីហើយមើលទៅ?” ។

 ស្ដេចសៀមមិនអស់ចិត្ត ក៏បបួលប្រជល់ដំរីម្ដង ។ ពេលនេះព្រះគោត្រូវប្រែកាឡាជាដំរី ដើម្បីប្រជល់ម្ដងទៀត ។ លើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែល ធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀត ។ លើកក្រោយសៀមបានរៀបចំគោយន្ដធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ទៀត ។

 លើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ន នាំនាងពៅមកក្បែរទីលានប្រយុទ្ធ ហើយត្រៀមតោងកន្ទុយដើម្បីហោះរត់ចេញ ។ លុះដល់ពេលជល់ ព្រះគោបានព្យាយាមជល់ជាមួយគោយន្ដយ៉ាងខ្លាំង ព្រះគោបានបោលបុកគោយន្ដរបស់សៀមបីដង ដឹងថាមិនអាចយកឈ្នះបានក៏រត់មករកប្អូនភ្លាម ។

 ព្រះកែវនាំនាងពៅតោងកន្ទុយបង ហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើល ហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំង ក៏នាំពលទាហានដេញតាមចាប់ ។ 

ចំណែកឯនាងពៅតោងកន្ទុយព្រះគោយូរៗទៅ ក៏ធ្លាក់ចុះមកដី ព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពៅ ។ ពេលធ្លាក់ចុះមកដល់ នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយ ហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេច ។ ព្រះកែវរត់ចេញទៅ ឯព្រះគោដឹងថាប្អូនធ្លាក់ចុះ​មក ក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ច ។

និយាយពីព្រះឥន្ទ្រក្ដៅក្រហាយនៅមិនបានក៏ប្រមើលមើលមកក្រោមឃើញនាងពៅដេកស្លាប់កណ្ដាលព្រៃដូច្នេះ ក៏យកទឹកកន្ទីរ មកស្រោចពីលើសពនាងឲ្យក្លាយជាថ្មនិងនាំព្រលឹងនាងទៅគង់នៅឋានសួគ៌ ។

ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះ ។ ចាប់ពីព្រះគោទៅនៅត្រង់នោះមក ធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រសបំព្រង សត្វផងទាំងពួង ក៏ដូចអ្នកភូមិក្បែរៗនោះបានសម្បូណ៌សប្បាយប្លែកខុសពីធម្មតា ។

 ដំណឹងនេះបានលេចឮទៅដល់ស្ដេចសៀម គេបានឲ្យហោរាទាយដឹងថា មានព្រះគោទៅនៅត្រង់នោះ ក៏នាំទាហានដេញតាមចាប់បន្តទៀត ។ ដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេក ក៏ចេះតែតាមចាប់គ្រប់ពេលវេលា ។ ព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែក មានព្រៃឫស្សីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញ ក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះ ។

 ស្ដេចសៀមបានឲ្យហោរាទាយដឹងថាព្រះគោនៅទីនោះ ក៏លើកគ្នាមកតាមចាប់ តែចូលមិនរួចដោយមានព្រៃឫស្សីច្រើនពេក ក៏រកល្បិចបាញ់ប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឫស្សីនោះហើយត្រឡប់ទៅវិញ ។ ពេលក្មេងឃ្វាលគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុម្ពឫស្សី ក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយ ធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់នោះ ។ 

មិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់ ។ សៀមបានលើកទ័ពមកម្ដងទៀត ពេលនោះព្រគោព្រះកែវប្រែកាឡាជាសត្វក្របី ហើយដើរចូលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀម ។ ស្ដេចសៀមបានយកព្រ័ត្រស្បែកក្របីព័ទ្ធជាសីមា ជុំវិញហ្វូងក្របីដើម្បីចាំមើល ។

 ក្របីទាំងនោះលោតរំលងព្រ័ត្ររត់បាត់អស់នៅពេលពួកសៀមដេញវាយ តែព្រះគោ និង ព្រះកែវមិនព្រមលោតរំលងព្រ័ត្រក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិល្ប៍មន្ដវិជ្ជាផ្សេងៗ ។ ពួកសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរ ហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅ។

វេលាយប់មួយ ព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញ ។ ពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែង រហូតដល់ចាប់បានម្ដងទៀត លែងហ៊ានជេរវាយ តែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅ ហើយមានជញ្ជាំងខ័ណ្ឌប្រាំពីរជាន់ និង មានអ្នកយាមយ៉ាងត្រឹមត្រូវ ដោយខ្លាចព្រះគោលួចរត់ទៀត ។ ពួកសៀមយល់ថា កាលណាបានព្រះគោគង់នៅទីណា ទីនោះនឹងបានសុខក្សេមក្សាន្ដ ។ 

ដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំ ហើយចាប់តាំងពីពេលនោះមក ព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ ៕ ចប់