រឿង ស្រ្តីពិត ម្តាយពិត ឪពុកពិត

អ្នកទស្សនា: Views

 


រឿង ស្រ្តីពិត ម្តាយពិត ឪពុកពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។

 ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។ ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។ ឯ​ស្ទឹង​នោះ មាន​ស្ពាន​ឆ្លងកាត់។ 

នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ ។ 

ឯ​បុរស​នោះ ឮ​ថា​ស្ដេច​ធ្វើ​បុណ្យ​ដូច្នោះ ក៏​មាន​សេចក្ដី​ត្រក​អរ ដោយ​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត ឬ​ទេ? » ហើយ​បុរស​នោះ​ដើរ​ទៅ​នៅ​ក្រោម​ស្ពាន ធ្វើ​ជា​អង្គុយ​ស្ទូច​ត្រី ។ 

ស្ដេច​ទ្រង់​យាង​ទៅ​ឯ​សាលា​បុណ្យ​មុន​គេ នៅ​តែ​អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច ។ 

ដល់​វេលា​រសៀល ​ព្រះ​រាជបុត្រី​ស្ដេច​នោះ ក៏​រៀប​ខ្លួន​នឹង​ទៅ​ចូល​រោង​បុណ្យ ។ ឯ​ព្រះ​រាជបុត្រី​ស្ដេច​នោះ កំព្រា ពុំ​មាន​ព្រះ​មាតា ៗ ក្ស័យ​ព្រះជន្ម​ចោល​នាង តាំង​អំពី​តូច​ម្ល៉េះ 

លុះ​​ពួក​ស្រី​ស្នំ​ក្រម​ការ​ឆ្លង​ស្ពាន​ហួស​អស់​ទៅ នៅ​តែ​ព្រះ​រាជបុត្រី​  ​ជា​ក្រោយ​គេ ដល់​នាង​យាង​ទៅ​ដល់​ស្ពាន នាង​ទត​ទៅ ឃើញ​ !!! 

បុរស​កម្សត់​អង្គុយ​ស្ទូច​ត្រី​នៅ​ក្រោម​ស្ពាន​នាង​ឈប់ ពុំ​ហ៊ាន​យាង​ហួស​ទៅ  អស់​ពួក​ស្រី​បរិវារ​សួរ​ថា «

ម្ចាស់ ដូចម្ដេច​បាន​ជា​ឈប់?» ។ ទើប​នាង​មាន​ព្រះ​បន្ទូល​ ​ប្រាប់​ទៅ​អស់​ពួក​ស្រីៗ​ថា «បាន​ជា​ខ្ញុំ​ឈប់​ត្បិត​មាន​បុរស​ម្នាក់​នៅ​អង្គុយ​ក្រោម​ស្ពាន ទៅ​ដូចម្ដេច​នឹង​បាន!» ។ 

អស់​ស្រី​បរិវារ​ថា «ម្ចាស់​យាង​ទៅ! មិន​អី​ទេ! ខ្លាច​ថ្វី! មនុស្ស​កម្សត់​ដូច​មនុស្ស​ឆ្កួត» ។ 

នាង​ឆ្លើយ​ឡើង​ថា «កុំ​ស្រដី​ដូច្នោះ មិន​ត្រូវ​ទេ ធម្មតា​គេ​ជា​ប្រុស ទុក​ជា​គេ​ឆ្កួត​ព្រើល​ល្ងង់​ខ្លៅ​ដូចម្ដេច ក៏​យើង​ជា​ស្រី​មិន​ត្រូវ​ដើរ​រំលង​ក្បាល​គេ​ទេ!» ។ 

អស់​ពួក​ស្រីៗ​បរិវា​ស្ដី​ឲ្យ​ថា

 «នែ​អ្នក​កំឡោះ​អង្គុយ​ស្ទូច​ត្រី​ក្រោម​ស្ពាន! ដើរ​ចេញ! ម្ចាស់​យើង​យាង​ទៅ​ធ្វើ​បុណ្យ» ។ 

បុរស​នោះ ឮ​ស្រីៗ​ស្រដី​ថា​ដូចម្ដេច ក៏​មិន​ដើរ​ចេញ ធ្វើ​ជា​មិន​ឮ ។ 

ឯ​នាង​ជា​បុត្រី ស្ដេច​ក៏​ស្រដី​ទៅ​បុរស​នោះ​ថា 

«នៃ​អ្នក​ស្ទូច​ត្រី​អញ្ជើញ​ចេញ​ពី​ក្រោម​ស្ពាន​ទៅ ឲ្យ​ខ្ញុំ​សុំ​ផ្លូវ​ទៅ​ផង»! ។

 បុរស​នោះ ឮ​នាង​ជា​បុត្រី​ស្ដេច​និយាយ​ដូច្នោះ ក៏​ក្រោក​ដើរ​ចេញ​ទៅ​ផ្ទះ​អាត្មា​វិញ ។ 

ឯ​នាង​បុត្រី​ស្ដេច​ឃើញ​ចៅ​បុរស​នោះ​ដើរ​ហួស​ទៅ ទើប​នាង​ហ៊ាន​ឆ្លង​ទៅ​ធ្វើ​បុណ្យ​ជា​មួយ​នឹង​ស្ដេច​ជា​ឪពុក ដល់​ពេល​ធ្វើ​បុណ្យ​រួច​ស្រេច​បរិបូណ៌ ស្ដេច​ក៏​វិល​មក​ព្រះ​ដំណាក់​វិញ ។

លុះ​ថ្ងៃ​ក្រោយ បុរស​នោះ គិត​ក្នុង​ចិត្ត​នឹក​ចង់​ចូល​ទៅ​គាល់​ស្ដេច ក៏​រៀប​ខ្លួន​ជា​អ្នក​កម្សត់​ក្រលំបាក រៀប​រួច​ចេញ​ដើរ​ពី​ផ្ទះ​អាត្មា​ទៅ ដល់​មាត់​ទ្វារ​វាំង ក៏​ចូល​ទៅ​ដោយ​បំណង​នឹង​គាល់​ស្ដេច ។ ឯ​ពួក​ទាហាន​ចាំ​ទ្វារ​វាំង ឃាត់​មិន​ឲ្យ​ចូល​ថា «ចៅ​បុរស​ឯង រូប​ក៏​អាក្រក់ សំពត់​ក៏​ចាស់​ដាច់​ដាច មិន​គួរ​នឹង​ចូល​ក្នុង​ទី​វាំង​ស្ដេច​ទេ!» ។

 បុរស​នោះ គិត​ក្នុង​ចិត្ត​ថា «អញ​គិត​ធ្វើ​ដូចម្ដេច ឲ្យ​បាន​ជ្រាប​ដល់​ស្ដេច ៗ នឹង​ឲ្យ​ហៅ​អញ​ចូល» ហើយ​និយាយ​ទៅ​នឹង​ពួក​ទាហាន​ចាំ​ទ្វារ​ថា «អ្នក​កុំ​ឃាត់​ខ្ញុំ ត្បិត​ខ្ញុំ​ឃើញ​ក្នុង​នគរ​ស្ដេច ឥត​មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត​ទេ» ។ 

ចៅ​បុរស​និយាយ​តែ​ប៉ុណ្ណោះ ក៏​អង្គុយ​ស្ងៀម​នៅ​នឹង​មាត់​ទ្វារ​នោះ​ទៅ ពុំ​និយាយ​ស្ដី​នឹង​អ្នក​ឯណា​ទៀត​ឡើយ ។ 

លុះ​ស្ដេច​ចេញ​កាន់​ចុង​ព្រះ​រាជរោង អស់​នាហ្មឺន​ធំ​តូច​ក៏​មក​ជួប​ជុំ​គ្នា​គាល់​ស្ដេច ។ នាយ​ទាហាន​ចាំ​ទ្វារ​សង្ស័យ​ណាស់ ក៏​ចូល​ទៅ​ក្រាប​ទូល​ស្ដេច​ថា «មាន​ចៅ​បុរស​កម្សត់​ម្នាក់ មិន​ដឹង​មក​ពី​ណា ចង់​ចូល​មក​គាល់​តែ​ទូល​បង្គំ​ជា​ខ្ញុំ​ឃាត់​មិន​ឲ្យ ចូល​ត្បិត​បុរស​នោះ​ស្លៀក​សំពត់​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ។

តែ​ចៅ​បុរស​នោះ និយាយ​នឹង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​«អ្នក​ឯង​មិន​ត្រូវ​ឃាត់​ខ្ញុំ​ទេ ត្បិត​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​នគរ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត» ចៅ​បុរស​នោះ និយាយ​តែ​ប៉ុណ្ណេះ​ក៏​នៅ​ស្ងៀម​ទៅ ។ 

ស្ដេច​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​សួរ​ទៅ​នាយ​ទាហាន​ថា  ៖

«ចុះ​ឥឡូវ​ចៅ​បុរស​នោះ នៅ​ឯណា?» ។ 

នាយ​ទាហាន​ទូល​ថា: «នៅ​ឯ​មាត់​ទ្វារ​វាំង» ។ ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ​អាមាត្យ​ឯង ទៅ​ហៅ​វា​មក​មើល!» ។ អមាត្យ​រត់​ទៅ​ហៅ​បុរស​អង្គុយ​នៅ​មាត់​ទ្វារ​ប្រាប់​ថា «នៃ​ចៅ​បុរស ស្ដេច​មាន​ព្រះ​បន្ទូល​ឲ្យ​ចៅ​បុរស​ឯង​ចូល​ទៅ» ។ 

ចៅ​បុរស​នោះ ក៏​ដើរ​ទៅ​ជា​មួយ​នឹង​អមាត្យ​ទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ស្ដេច​ហើយ​អង្គុយ​គាល់​ក្នុង​ទី​ដ៏​សម​គួរ​ទៅ ។ ស្ដេច​ទត​ឃើញ​អមាត្យ​នាំ​ចៅ​បុរស​នោះ មក​ដល់​ទ្រង់​មាន​បន្ទូល​ថា «ចៅ​បុរស​ឯង​និយាយ​ថា​ក្នុង​នគរ​អញ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, តើ​ចៅ​បុរស​ឯង​ថា​ដូច្នោះ​មែន​ឬ​ដូចម្ដេច? » ។ 

ចៅ​បុរស​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ក្នុង​ទី​ព្រះ​នគរ​របស់​ល្អង​ធូលី​ព្រះ​បាទ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ក្នុង​ទី​ព្រះ​រាជវាំង​មាន​តែ​ញី ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ម្ដាយ​ពិត-ឪពុក​ពិត​

គ្មាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន» ហើយ​ចៅ​បុរស​ទូល​តប​ទៅ​នឹង​ស្ដេច​ទៀត​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ឯ​ស្រី​ពិត មាន​តែ​មួយ​គឺ​ជា​ព្រះ​រាជបុត្រី​ពៅ​ព្រះ​ករុណា​ពិសេស​នេះ ទើប​ហៅ​ ស្ត្រី​គ្រប់ល័ក្ខណ៍ ជាក់​ជា​ស្ត្រី​ពិត​មែន» ។

 ស្ដេច​ទ្រង់​យល់​ដូច​ចៅ​បុរស​នោះ ថា​មែន ទើប​មាន​ព្រះ​បន្ទូល​សួរ​ថា «នៃ​ចៅ​បុរស/ ដូចម្ដេច​ហៅ​ថា​ស្ត្រី​ពិត? ដូចម្ដេច​ហៅ​ថា​ម្ដាយ​ពិត ឪពុក​ពិត? ម្ដាយ​ពិត ឪពុក​ពិត​នោះ មាន​តែ​ល្អង​ធូលី​ព្រះ​បាទ​យាង​ចេញ​ពី​ព្រះ​នគរ​ទៅ​ស៊ើប​រក​ផ្ទាល់​ព្រះ​អង្គ​ទើប​បាន បើ​ល្អង​ធូលី​ព្រះ​បាទ រក​បាន​នៅ​ទី​

ណា ស្រុក​ណា ភូមិ​ណា សូម​ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ធ្វើ​តាម​សព្វ​ព្រះ​រាជ​ហឫទ័យ ដែល​ទ្រង់​គិត​ឃើញ​ដូចម្ដេច លុះ​ទ្រង់​ពិសោធ​គ្រប់​ជំពូក​ទៅ​ហើយ ពុំ​មាន​ថា​អ្វី ទើប​ហៅ​ពេញ​ជា​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត » ។

 ស្ដេច​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ ហើយ​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ចៅ​បុរស​នេះ និយាយ​ត្រូវ​ប្រាកដ​ហើយ ទ្រង់​ព្រះរាជទាន​នូវ​មាស​ប្រាក់​សំពត់​អាវ​ ឲ្យ​ចៅ​បុរស​នោះ ទ្រង់​ផ្ដាំ​ថា «ចៅ​បុរស​ឯង​កុំ​ទៅ​ណា​ឆ្ងាយ នៅ​ចាំ​អញ​បើ​អញ​រក​ស្ត្រី​ពិត-​ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ អញ​វិល​មក​វិញ​ថ្ងៃ​ណា អញ​នឹង​ឲ្យ​ចៅ​បុរស​ឯង​ធ្វើ​ជា​ធំ​លើស​គេ​ទាំង​ពួង» ហើយ​ស្ដេច​ទ្រង់​បង្គាប់​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ធ្វើ​ផ្ទះ​មួយ​ឲ្យ​ចៅ​បុរស​នោះ​នៅ ទ្រង់​ផ្ដាំ​នាហ្មឺន​នោះ ឲ្យ​ជប់លៀង​ចិញ្ចឹម​ចៅ​បុរស​នោះ​រៀង​ទៅ ។

 ក្នុង​ពេល​ដែល​ស្ដេច​ទ្រង់​យាង​ចេញ​ចាក​ព្រះនគរ ទៅ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​នោះ ស្ដេច​មាន​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ដែល​ជា​អ្នក​សម្រេច​រាជការ​ក្នុង​ព្រះ​នគរ ឲ្យ​មើល​រក្សា​ព្រះរាជវាំង ត្បិត​ទ្រង់​នឹង​យាង​ចេញ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ហើយ​ទ្រង់​រៀប​ដំណើរ​ភៀស​ព្រះ​អង្គ​ជា​បុរស​កម្សត់​ម្នាក់ យាង​ចេញ​ទៅ​ក្នុង​វេលា​យប់​ស្ងាត់ ពុំ​ឲ្យ​នរណា​មួយ​ដឹង​ឡើយ ឲ្យ​ដឹង​តែ​បុត្រី​ដែល​ជា​ធំ​និង​ចៅ​បុរស​នោះ​ប៉ុណ្ណោះ ហើយ​ស្ដេច​យាង​ទៅ​ធ្វើ​ជា​អ្នក​កម្សត់​លំបាក ពុំ​ឲ្យ​អ្នក​ណា​ស្គាល់​ជា​ស្ដេច​ឡើយ ។

 ស្ដេច​យាង​ទៅ​ដល់​ស្រុក​មួយ​ជា​ព្រំ​ព្រះនគរ ឃើញ​តា​ចាស់​យាយ​ចាស់​ប្ដី​និង​ប្រពន្ធ ស្ដេច​ក៏​ចូល​ទៅ​សុំ​ស្នាក់​នៅ​ផង ។ ដូន​តា​នោះ ក៏​ព្រម​ឲ្យ​នៅ​ដល់​នៅ​យូរ​បន្តិច​ទៅ ឃើញ​កូន​គេ​ក្នុង​ស្រុក​នោះ មាន​រូប​ឆោម​លោម​ពណ៌​ល្អ ក៏​មាន​ចិត្ត​នឹក​ចង់​បាន ទើប​និយាយ​នឹង​តា​យាយ​ថា «តា​យាយ​អើយ! ឥឡូវ ចៅ​ឃើញ​កូន​គេ​មួយ​រូប​ឆោម​លោម​ពណ៌​ល្អ​សម​ជា​ប្រពន្ធ​ខ្ញុំ ដូច្នោះ សូម​តា​យាយ​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ» ។ 

តា​យាយ​ឆ្លើយ​ថា «ឱ​ចៅ​អើយ! ខ្លួន​តា​យាយ​សព្វ​ថ្ងៃ​នេះ ជា​អ្នក​កម្សត់​អត់​ឃ្លាន​ក្រ​លំបាក​ណាស់ នឹង​ទៅ​ដណ្ដឹង​កូន​គេ តើន​រណា​គេ​នឹង​ឲ្យ!» ។ ស្ដេច​ប្រាប់​ថា «តា​យាយ​ទៅ​ដណ្ដឹង​គេ​ចុះ ប្រាប់​ថា​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង គេ​មិន​ថា​អី​ទេ! » ។ តា​យាយ​នោះ ក៏​ទៅ​ដណ្ដឹង​កូន​ក្រមុំ​គេ តាម​ពាក្យ​ចៅ​ប្រើ ។ 

តា​យាយ ទៅ​ដល់​ផ្ទះ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ ។ អ្នក​នោះ​សួរ​ថា «តា​យាយ​មក​រក​អ្វី? » ។ តា​យាយ​ឆ្លើយ​ថា «ខ្ញុំ​មក​សូម​ជម្រាប​អ្នក, លាក់​បាំង​អី​នឹង​អ្នក ចៅ​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង​កូន​ក្រមុំ» ។ 


ឯ​ម្ដាយ​ឪពុក​នាង​ក្រមុំ​នោះ នឹក​ក្នុង​ចិត្ត​ថា «តា​យាយ​នេះ​ម្ដេច​ក៏​គាត់​ហ៊ាន​ដណ្ដឹង​កូន​អញ​ឲ្យ​ចៅ​គាត់?» ហើយ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ និយាយ​ទៅ​នឹង​តា​យាយ​នោះ ថា «តា​យាយ! ខ្ញុំ​ឲ្យ ! ប៉ុន្តែ​តា​យាយ​ឯង​នាំ​ចៅ​កំឡោះ​មក​ឲ្យ​យើង​មើល​សិន បើ​ល្អ​សម​នឹង​កូន​យើង ៗ ឲ្យ​មិន​ថា​អ្វី​ទេ» ។

 តា​យាយ លា​គេ​វិល​មក​ផ្ទះ​វិញ និយាយ​ប្រាប់​ចៅ​ថា «បើ​ចៅ​ឯង​ល្អ​សម​នឹង​កូន​គេ ៗ ឲ្យ​ប៉ុន្តែ គេ​ឲ្យ​ចៅ​ឯង​ទៅ​ឲ្យ​គេ​មើល​រូប​សិន បើ​សម​នឹង​កូន​គេ ៗ​មិន​ថា​អី​ទេ? ។ ឯ​ស្ដេច ឮ​តា​យាយ​ប្រាប់​ដូច្នោះ ក៏​មាន​ព្រះទ័យ​ត្រេក​អរ សួរ​ទៅ​វិញ​ថា «ចុះ​ឲ្យ​ទៅ​ថ្ងៃ​ណា? » ។ តា​យាយ​ឆ្លើយ​ថា «ព្រឹក​ស្អែក​ យើង​នឹង​ទៅ» ។ 

លុះ​ព្រឹក​ឡើង​តា​យាយ​នឹង​ស្ដេច​ចៅ នាំ​គ្នា​ទៅ​ផ្ទះ​អ្នក​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​សំពះ​គេ ហើយ​ថយ​មក​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ អ្នក​ផ្ទះ​នោះ ក៏​មាន​ចិត្ត​ស្រឡាញ់​កូន​ប្រសា ប៉ុន្តែ មិន​ដឹង​ជា​ស្ដេច​ក្លែង​ភេទ​ទេ គិត​ស្មាន​ថា ជា​មនុស្ស​ទាំង​ផ្ដាស ។ ស្ដេច​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​រៀង​រាល់​ថ្ងៃ​ទៅ ។ 

វេលា​ចូល​ដេក ម្ដាយ​ក្មេក​តែង​ប្រាប់​កូន​ស្រី​ក្រមុំ​នោះ​ថា «អ្នក​មាស​ម្ដាយ! ចូរ​ឯង​សិត​ទឹក​ដាក់​ចុង​ជើង​ប្ដី​រៀប​ស្លា​៥ មាត់​ដាក់​ឲ្យ​ប្ដី ក្រែង​ជួន​យប់ ប្ដី​ក្រោក​ឡើង​រក​ស្លា​ស៊ី ទឹក​ផឹក ឲ្យ​មាន​ស្រាប់» ។ កូន​នោះ ក៏​ព្រម​ធ្វើ​តាម​ពាក្យ​ម្ដាយ​ប្រើ ជួន​ក៏​ពុំ​ធ្វើ​តាម ។ ដល់​ថ្ងៃ​មួយ​ស្ដេច​ធ្វើ​ជា​ទៅ​ងូត​ទឹក ។ ម្ដាយ​ក៏​ប្រាប់​កូន​ថា «នាង! ម្ដេច​មិន​យក​ផ្តិល​ទៅ​តាម​ប្ដី​ងូត​ទឹក?» ។ 

នាង​ជា​កូន​ក្រមុំ​នោះ ក៏​ពុំ​ទៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ។ ស្ដេច​នោះ​ទៅ​យូរ​បន្តិច ក៏​វិល​មក​វិញ ។ ដល់​វេលា​ល្ងាច ស្ដេច​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ពុំ​ដឹង​ខ្លួន ក្អួត​ក្អែ​ប្រែ​ប្រះ​ខ្លួន ននៀល​ពាស​ពាស​ល្វែង​ផ្ទះ ។ ឯ​ម្ដាយ​ក្មេក ឃើញ​កូន​ប្រសា​ស្រវឹង ក៏​ស្គី​ប្រាប់​ទៅ​កូន​ក្រមុំ​ថា «នាង​ឯង ម្ដេច​មិន​យក​ទឹក​ទៅ​លាង​កម្អួត? » ។ 

កូន​ក្រមុំ​ឆ្លើយ​ថា​ «ទេ! មនុស្ស​អី​ប្រមឹក​ស្រា​ដូច្នោះ» ។ ស្ដេច​ឮ​ដូច្នោះ ព្រឹក​ឡើង ស្ដេច​លា​ម្ដាយ​ក្មេក​ឪពុក​ក្មេក​ទៅ​ផ្ទះ​យាយ​ចាស់​តា​ចាស់ ប្រាប់​យាយ​តា​អំពី​ដំណើរ​កូន​ក្រមុំ​គេ ដែល​យាយ​ទៅ​ដណ្ដឹង​ឲ្យ​នោះ​ថា តា​យាយ​អើយ! នាង​នោះ​និង​ខ្ញុំ​មិន​បាន​ជា​គូព្រេង​សំណាង​នឹង​គ្នា​ទេ, សូម​តាម​យាយ​ប្រគល់​កូន​នោះ ទៅ​គេ​វិញ​ចុះ! » ។ 

តា​យាយ​ក៏​ទៅ​ជូន​ព្រេង​សំណាង​កូន​គេ តាម​ពាក្យ​ចៅ​ប្រើ ទៅដល់​លើ​ផ្ទះ​និយាយ​ថា «ខ្ញុំ​សុំ​ជូន​ព្រេង​សំណាង​កូន​អ្នកផង ត្បិត​ចៅ​ខ្ញុំ​ថា «ពុំ​មាន​ព្រេង​នឹង​កូន​អ្នក​ទេ!» រួច​តា​យាយ​ក៏​លា​គេ​មក​ផ្ទះ​អាត្មា​វិញ ។ លុះ​ព្រឹក​ឡើង ស្ដេច​លា​តា​យាយ ដើរ​ទៅ​ទៀត ដល់​ស្រុក​មួយ​ជា​ចុង​ស្រុក​ខេត្ត​ក្រៅ ទៅ​សុំ​សម្នាក់​នឹង​ផ្ទះ​ដូន​ចាស់​តា​ចាស់ៗ ក៏​យល់​ព្រម, ស្ដេច​ក៏​នៅ​ធ្វើ​ការ​រក​ស៊ី​នឹង​តា​យាយ​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

 ថ្ងៃ​មួយ ស្ដេច​ដើរ​ទៅ​លេង បាន​ឃើញ​កូន​ក្រមុំ​អ្នក​ស្រុក ដែល​ជា​អ្នក​មាន​ធំ​ក្នុង​ស្រុក​នោះ ពុំ​មាន​អ្នក​ឯណា​មាន​ស្មើ​ឡើង អ្នក​នោះ​មាន​កូន​ស្រី​មួយ​កូន​ប្រុស​មួយ ទាំង​ពីរ​នាក់ មិន​ទាន់​មាន​ប្ដី​ប្រពន្ធ​ទេ, ស្ដេច​ដើរ​ទៅ​លេង​បាន​ឃើញ​មាន​ចិត្ត​គិត​ចង់​បាន លុះ​វិល​មក​ផ្ទះ​អាត្មា​វិញ និយាយ​ប្រាប់​តា​យាយ​ថា «តា! យាយ​ខ្ញុំ​ចង់​បាន​កូន​គេ​ដែល​មាន​កូន​ប្រុស​មួយ​ស្រី​មួយ សូម​តា​យាយ​ទៅ​ដណ្ដឹង​កូន​គេ​នោះ​ឲ្យ​ខ្ញុំ​ផង» ។ 

តា​យាយ​ឆ្លើយ​ថា «ចៅ​អើយ​បើ​យាយ​ក្រ​ម្ល៉េះ! តើ​នរណា​គេ​នឹង​ឲ្យ​កូន​គេ​មក​ចៅ! » ។ ឯ​ស្ដេច​ឮ​តា​យាយ​និយាយ​ដូច្នោះ ក៏​មាន​បន្ទូល​ទៅ​នឹង​តា​យាយ​ថា «សូម​តា​យាយ​អញ្ជើញ​ទៅ​ដណ្ដឹង​កូន​គេ​ចុះ ថា​ខ្ញុំ​មក​ដណ្ដឹង គេ​មិន​ថា​អី​ទេ! ។ តា​យាយ​នោះ ក៏​ព្រម​តាម​ពាក្យ​ចៅ​ប្រើ ប៉ុន្តែ​យាយ​និង​តា​ពុំ​ដឹង​ថា​ចៅ​នោះ​ជា​ស្ដេច​ឡើង គិត​ស្មាន​ថា​ជា​មនុស្ស​ទាំង​ផ្ដាស​ដទៃ ក៏​ទៅ​ដណ្ដឹង​កូន​គេ ៗ​ក៏​ព្រម​ឲ្យ ។

 ស្ដេច​ក៏​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ ឯ​នាង​ជា​ប្រពន្ធ​នោះ ក៏​បដិបត្តិ​ប្ដី ល្ងាច​ដាក់​ទឹក​ចុង​ជើង បៀក​ស្លា ៥ ម៉ាត់​ដាក់​ក្បែរ​ដំណេក​ប្ដី តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ វេលា​ស្ដេច​យាង​ទៅ​ងូត​ទឹក នាង​កាន់​ផ្តិល​និង​សំពត់​ងូត​តាម​ទៅ​ផង ។ ពេល​ស្ដេច​ងូត​ទឹក នាង​នោះ​ដុះ​ក្អែល​ឲ្យ​ប្ដី ។

 ផ្លាស់​សំពត់​ងូត នាង​ទទួល​យក​សំពត់​ពូត រួច​ដង​ទឹក​ដាក់​ផ្តិល​កាន់​ដើរ​តាម​ប្ដី​ទ, ដល់​ផ្ទះ​លាង​ជើង​ឲ្យ​ប្ដី ។ ថ្ងៃ​មួយ ស្ដេច​ធ្វើ​ជា​ឈឺ ម្ដាយ​ក្មេក​ឪពុក​ក្មេក ឃើញ​កូន​ប្រសា​ឈឺ ក៏​មាន​ចិត្ត​ភិត​ភ័យ ប្រាប់​ទៅ​កូន​ក្រមុំ​ថា «កូន​! មក​មើល​គក់​ច្របាច់​ឲ្យ​ប្ដី​ផង » នាង​នោះ​ ក៏​គក់​ច្របាច់​ឲ្យ​ប្ដី ប៉ុន្តែ ស្ដេច​នឹង​នាង​ពុំ​ទាន់​រៀប​ការ​នៅ​ឡើយ​ទេ ។ 

ឯ​ឪពុក​ក្មេក​នឹង​ម្ដាយ​ក្មេក ក៏​ពុំ​ដឹង​ជា​ស្ដេច គិត​ស្មាន​ថា​ជា​មនុស្ស​រាស្ត្រ​ទាំង​ផ្ដាស ។ នៅ​យូរ​បន្តិច​ទៅ បាន​ពេលា​ល្អ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​នោះ ក៏​ចេញ​ប្រាក់​របស់​ខ្លួន​រៀប​ការ​កូន​ក្រមុំ​នឹង​ស្ដេច ហៅ​អស់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​រៀប​ការ ស៊ី​ផឹក​ជា​សូរេច, ស្ដេច​និង​នាង​ក៏​រួម​សុខ​ទុក្ខ​នៅ​ជា​មួយ​គ្នា តាំង​អំពី​នោះ​រៀង​មក ។ 

លុះ​នៅ​យូរ​បន្តិច​ទៅ ស្ដេច​ចង់​ពិសោធ​ចិត្ត​ប្រពន្ធ និង​ចិត្ត​ម្ដាយ​ក្មេក​ឪពុក​-ក្មេក​ឲ្យ​ឃើញ​ពិត ឬ​ពុំ​ពិត ស្ដេច​ក៏​ធ្វើ​ជា​ផឹក​ស្រា លៀង​បៀ​ចាញ់​គេ ៗ មក​ទារ​ប្រាក់​នឹង​រក​ប្រាក់​ឲ្យ​គេ​គ្មាន ។ ម្ដាយ​ក្មេក ឪពុក​ក្មេក ក៏​ចេញ​ប្រាក់​ឲ្យ​គេ​តែ​សព្វ​ថ្ងៃ ទាល់​តែ​អស់​ប្រាក់ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ ។ 

ម្ដាយ​ក្មេក ឪពុក​ក្មេក និង​ប្រពន្ធ​នោះ ពុំ​មាន​ស្ដី​ថា​អ្វី ។ អស់​ញាតិ​សន្តាន​ជិត​ខាង គេ​ស្រដី​ថា «ឲ្យ​ផ្ដាច់​ទៅ កុំ​ឲ្យ​កូន​ទៅ​អា​ចង្រៃ​នេះ វា​មិន​គិត​ធ្វើ​ការ​រក​ស៊ី​ដូច​គេ​ទាំង​ពួង វា​គិត​តែ​លេង​បៀ ផឹក​ស្រា​ដូច្នេះ តើ​នឹង​ទុក​វា​ធ្វើ​អ្វី» គេ​ស្ដី​ប៉ុន​គេ​ផ្ទប់ ម្ដាយ​ឪពុក​នោះ ក៏​មិន​អឹះ ។

 ឯ​ស្ដេច​នោះ យល់​ឃើញ​ថា ម្ដាយ​ក្មេក ឪពុក​ក្មេក​ក្រលំបាក​សម្បត្តិ មាន​តែ​ខ្លួន​ហើយ ក៏​ឈប់​លេង​ល្បែង ចេះ​តែ​ដេក មិន​មាន​គិត​រក​ស៊ី​អ្វី ប្រើ​តែ​ប្រពន្ធ​ឲ្យ​ធ្វើ​នំ​លក់ គ្រាន់​តែ​ឆ្អែត​ពោះ ។ ឯ​ម្ដាយ​ក្មេក ឪពុក​ក្មេក ព្រម​ទាំង​ប្រពន្ធ នឹង​មាន​ស្រដី​អ្វី​ឲ្យ​ធ្ងន់​ពាក្យ​ឲ្យ​កូន​ប្រសា​តូច​ចិត្ត​ក៏​គ្មាន ។ ស្ដេច​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ឱ ចៅ​បុរស មាន​ប្រាជ្ញា​យល់​ការ​ជ្រៅ​ជ្រះ ថា​ឲ្យ​អញ​រក​ម្ដាយ​ពិត-ឪពុក​ពិត​ប្រពន្ធ​ជា​ស្ត្រី​ពិត នេះ​ហៅ​ពេញ​ជា​ត្រូវ ឥឡូវ​អញ​រក​បាន​ហើយ ល្មម​អញ​តែង​ព្រះបន្ទូល​ប្រាប់​ទៅ​សេនាបតី​ឲ្យ​រៀប​រាជ​យាន នូវ​ពល​ថ្មើរ​ជើង តាម​មុខ​ងារ​ដំរី​សេះ រាជ​រថ​មក​ទទួល​អញ​ចុះ!» ។

 ទ្រង់​ក៏​តែង​ព្រះ​បន្ទូល​ប្រាប់​ទៅ​សេនាបតី មាន​សេចក្ដី​ថា «ឲ្យ​រៀប​ដំរី សេះ​រទេះ រាជ​យាន ពល​ថ្មើរ​ជើង ទៅ​ទទួល​ស្ដេច ត្បិត​ស្ដេច​រក​ប្រពន្ធ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ ឲ្យ​យក​គ្រឿង​ឥស្សរិយយស​ទៅ​ថ្វាយ​ជា​ឆាប់ៗ ។ មួយ​ទៀត​បើ​បម្រើ​នាំ​ព្រះ​បន្ទូល​មក​ដល់ ឲ្យ​រៀប​ទទួល​ជប់លៀង​តាម​ឋានៈ​ជា​បង​ថ្លៃ​ស្ដេច ។ 

» ស្ដេច​តែង​រួច​ស្រេច​ទ្រង់​ដាក់​ក្នុង​បំពង់ បិទ​មាត់​បំពង់​ជិត​ពុំ​ឲ្យ​បង​ថ្លៃ​នោះ​ដឹង​សេចក្ដី ហើយ​ស្ដេច​ប្រាប់​ទៅ​បង​ថ្លៃ​ថា «អ្នក​បង​អើយ! អញ្ជើញ​មក​អាយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​នាំ​សំបុត្រ​ទៅ​ឲ្យ​នាហ្មឺន ដែល​ជា​ធំ​នៅ​ក្នុង​វាំង​ហ្លួង​នោះ, តើ​អ្នក​បង​ហ៊ាន​ទៅ​ឬ​ទេ? » ។ បង​ថ្លៃ ឮ​ប្អូន​ប្រើ​ដូច្នោះ ក៏​ព្រម​ទៅ​តាម​ហើយ​ចេញ​ដំណើរ​ទៅ សួរ​គេ​ចាប់​តែ​តាម​ផ្លូវ ទៅ​ដល់​ស្រុក​មួយ សួរ​គេ​ថា «អ្នក​អើយ​! ផ្លូវ​ណា​ទៅ​វាំង​ស្ដេច? » ។ 

អ្នក​ស្រុក​នោះ​ប្រាប់​ថា «ផ្លូវ​នេះ​ហើយ! ទៅ​វាំង​ស្ដេច» ។ បង​ថ្លៃ​ស្ដេច​នោះ ក៏​ចេះ​តែ​ដើរ​សួរ​គេ​តែ​រៀង​ៗ​ទៅ ។ លុះ​ដល់​ទៅ​មាត់​ទ្វារ​វាំង ក៏​សួរ​នាយ​ទាហាន​យាម​ទ្វារ​ថា «អ្នក ! ហ្នឹង​ហើយ​ឬ ដែល​គេ​ហៅ​ថា​វាំង​ហ្លួង? »។ នាយ​ទាហាន​សង្ស័យ ក៏​សួរ​ថា «អ្នក​ឯង​មក​ពី​ណា បាន​ជា​មក​សួរ​រក​វាំង​ហ្លួង?» ។ បង​ថ្លៃ​ស្ដេច​ឆ្លើយ​ថា «ខ្ញុំ​នាំ​សំបុត្រ​ប្អូន​ខ្ញុំ មក​ឲ្យ​នាហ្មឺន​ធំ​ដែល​នៅ​ក្នុង​វាំង​នេះ» ។ នាយ​ទាហាន​ឮ​ដូច្នោះ ក៏​នាំ​ចូល​ទោ​ដល់​នាហ្មឺន​ដែល​នៅ​ចាំ​វាំង ។ 

នាហ្មឺន​ធំ ក៏​ទទួល​យក​សំបុត្រ​បើក​មាត់​បំពង់​ឡើង អាន​ដឹង​សេចក្ដី​នៃ​ព្រះបន្ទូល​ថា «យើង​រក​មហេសី​ជា​ស្ត្រី​ពិត​បាន​ហើយ ឲ្យ​នាំ​គ្នា​រៀប​ចំ​ទៅ​ទទួល​យើង ឯ​បម្រើ​ដែល​នាំ​ព្រះ​បន្ទូល​នេះ ត្រូវ​ជា​បង​ថ្លៃ​យើង បើ​បាន​មក​ដល់​ឲ្យ​អ្នក​ទទួល​រៀប​ជប់លៀង​តាម​ភាព​ជា​ព្រះ​ញាតិ​ស្ដេច» ។ 

នាហ្មឺន​ធំ​នោះ ក៏​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​ដំរី សេះ រទេះ រាជ​យាន​ពល​ថ្មើរ​ជើង តែង​ដោយ​មុខ​ងារ-មុខក្រសួង​ផ្សេងៗ ។ ឯ​បង​ថ្លៃ​ស្ដេច គេ​រៀប​ទទួល តាម​ដោយ​បែប​យ៉ាង​ជា​ព្រះ​ញាតិ មាន​ពូក​ព្រែ​ព្រំ​ចៀម​ចំ​ខ្នើយ​ខ្នល់​តម្កល់​តម្កើង​រុង​រឿង​ក្រៃ​ពេក ហើយ​គេ​រៀប​ភោជនាហារ​សុទ្ធ​សឹង​ល្អ​ស្អាង​ស្អាត ដាក់​នឹង​ភាជន៍មាស លើក​យក​មក​ជូន​អ្នក​ជា​បង​ថ្លៃ​ស្ដេច ដែល​នាំ​សំបុត្រ​ស្ដេច​នោះ​មក ។ 

ឯ​អ្នក​ជា​បង​ថ្លៃ​ស្ដេច​នោះ ហេតុ​តែ​ខ្លួន​ជា​អ្នក​នៅ​ស្រុក​ក្រៅ​ឆ្ងាយ ពុំ​ដែល​ស្គាល់​ស្ដេច ស្ទើរ​តែ​ពុំ​ហ៊ាន​បរិភោគ​ភោជនាហារ ដែល​ជា​របស់​ល្អ​ថ្លៃ​នោះ​ឡើយ លុះ​តែ​នាហ្មឺន​ធំ​គេ​បង្ខំ​ឲ្យ​បរិភោគ ទើប​ហ៊ាន​បរិភោគ តែ​ចាំ​គន់​មើល បើ​គេ​បែរ​មុខ​ចេញ ដៃ​លូក​បន្លំ​យក​នំ​ចំណី លាក់​ទុក​ផ្ញើ​ប្អូន ត្បិត​ខ្លួន​មិន​ដែល​បាន​ចំណី​ល្អ​បរិភោគ គិត​ក្រែង​ស្ដេច​ប្អូន​ថ្លៃ​នោះ មិន​ដែល​បាន​ដូច​ខ្លួន​ដែរ ។ 

លុះ​បរិភោគ​រួច​ នាហ្មឺន​នោះ​តឿន​ថា «អ្នក​នឿយ​ព្រួយ សូម​អញ្ជើញ​សម្រាន្ត​ទៅ!» ។ អ្នក​បង​ថ្លៃ​ស្ដេច ក៏​ស្ទើរ​ពុំ​ហ៊ាន​ដេក ។ លុះ​ព្រឹក​ឡើង និយាយ​នឹង​នាហ្មឺន​ថា «ខ្ញុំ​ចង់​លា​ទៅវិញ ត្បិត​ប្អូន​ខ្ញុំ​ផ្ដាំ​ថា បើ​ដល់ ឲ្យ​ឆាប់​វិល​ទៅ» ។ នាហ្មឺន​នោះ ក៏​ចាត់​ចែង​ឲ្យ​រៀប​ភោជនាហារ​ឲ្យ ។ បរិភោគ​រួច ក៏​លា​នាហ្មឺន​ដែល​ជា​ធំ​នោះ ត្រឡប់​មក​ផ្ទះ​វិញ ។ 


លុះ​មក​ដល់ ស្ដេច​ជា​ប្អូន​ថ្លៃ​សួរ​ថា «ម៉េច​អ្នក​បង! អញ្ជើញ​ទៅ​ជួប​នឹង​នាហ្មឺន​គេ​ទេ?» ។ ឯ​បង​ថ្លៃ ប្រាប់​ស្ដេច​ជា​ប្អូន​ថ្លៃ​ថា «ជួប!» ។ ស្ដេច​ថា «ចុះ​គេ​រាប់​អាន​ឬ​ទេ?» ។ បង​ថ្លៃ​ថា «គេ​រាប់​អាន​បង​ណាស់! » ។ 

ស្ដេច​ឮ​ថា​នាហ្មឺន​គេ​រាប់​អាន​ណាស់ ក៏​ទ្រង់​ញឹមៗ ។ ហើយ​បង​ថ្លៃ​នោះ យក​នំ​ចំណី​ដែល​លាក់​យក​មក​នោះ ឲ្យ​ស្ដេច​ជា​ប្អូន​ថ្លៃ ដោយ​វាចា​ថា «នៃ​ប្អូន! បង​លាក់​នំ​គេ​ពី​វាំង​ស្ដេច​យក​មក​ផ្ញើ​ប្អូន, ប្អូន​ឯង​ពិសា​មើល ឆ្ងាញ់​ណាស់!» ។ ស្ដេច​ថា «បង​ពិសា​ចុះ!» ។ 

បង​ថ្លៃ​ថា «ទេ! ប្អូន​ពិសា​មើល!» ។ ឯ​ស្ដេច ទ្រង់​ព្រះ​តម្រិះ​ថា «បើ​មិន​សោយ ក្រែង​បង​ថ្លៃ​នោះ ដឹង​ថា​ខ្លួន​ជា​ស្ដេច» ទ្រង់​សោយ​តែ​បន្តិច ទ្រង់​លែង​ទៅ ទ្រង់​ញញឹម​ថា «ឆ្ងាញ់​មែន​ហើយ អ្នក​បង!» លុះ​ដល់​កំណត់ ៧ ថ្ងៃ អស់​សេនាបតី​មន្ត្រី​តូច​ធំ ភ្ជុំ​ជួប​ជុំ​ទៅ​ទទួល​ស្ដេច រៀប​ជា​ក្បួន​ហែ​មក​ដល់​ទី​ស្ដេច​គង់​នោះ ។ 

អស់​អ្នក​ស្រុក​ក៏​ផ្អើល​ចលាចល​រវល់​ភិត​ភ័យ​នាំ​កូន​ជញ្ជូន​ចៅ​រត់​ទី​ពឹង​ពួន ដោយ​គិត​ស្មាន​ថា​ទ័ព ពុំ​ដឹង​ជា​គេ​មក​ទទួល​ស្ដេច​សោះ ។ លុះ​នាហ្មឺន​គេ​ចូល​មក​ជិត​ផ្ទះ​ដែល​ស្ដេច​គង់​នៅ​នោះ ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ភិត​ភ័យ​រត់​ចូល​ទៅ​ប្រាប់​កូន​ប្រសា​ឯ​ក្នុង​ផ្ទះ​ថា «កូន​អើយ! ទ័ព​មក​ពី​ណា​ច្រើន​ណាស់! ឬ​គេ​មក​ចាប់​កូន ត្បិត​កូន​លេង​បៀ​ចំពាក់​គេ​ទេ​ដឹង​អើយ?»។ ស្ដេច​ឮ​ម្ដាយ​ក្មេក​ប្រាប់​ដូច្នោះ ក៏​ទ្រង់​ម្នីម្នា​ចេញ​ទៅ​រាន​ហាល​មុខ​ផ្ទះ ។ 

អស់​នាហ្មឺន​ទាំង​ពួង មាន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង​ជា​ដើម ឃើញ​ស្ដេច​ទ្រង់​ឈរ​នៅ​រាន​ហាល ក៏​សុទ្ធ​តែ​ដើរ​ឱន​តោ ៗ ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​រាល់​គ្នា ។ ស្តេត​មាន​ព្រះ​បន្ទូល​ថា «អើ! អស់​អស់​នាហ្មឺន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង សុខ​សប្បាយ​រាល់​គ្នា​ទេ​ឬ? » ។ 

អស់​នាហ្មឺន​ឆ្លើយ​ព្រម​គ្នា​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស! សុខ​សប្បាយ​ជា​ទេ» ។ ឯ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​លោ​តែ​ភ្ញាក់​ខ្លួន​ព្រើត និយាយ​គ្នា​ខ្សឹបៗ ថា «កូន​ប្រសា​យើង ស្ដេច​ទេ​តើ! » ។ ឯ​ពួក​បង​ប្អូន​ញាតិ​សន្តាន ដែល​នៅ​ជិត​ខាង​ក៏​ភ្ញាក់​ខ្លួន​រាល់​គ្នា​លាន់​មាត់​ថា «យី វ៉ើយ! លេង​មិន​បាន​ទេ ស្ដេច​ទេ​តើ!» ហើយ​មាន​ចិត្ត​គិត​បារម្ភ​ភ័យ​តែ​រៀង​ខ្លួន ៗ ក្រែង​ស្ដេច​យក​ទោស ត្បិត​ខ្លួន​យល់​ទាស់​មិន​ចូល​ចិត្ត​និង​ស្ដេច​ថា ស្ដេច​ចេះ​តែ​លេង​បៀ​ផឹក​ស្រា​មិន​រក​ស៊ី ដល់​ដឹង​ជា​ស្ដេច ក៏​ភ័យ​ក្រោយ​រាល់​គ្នា ។  

អស់​នាហ្មឺន​ក្រាប​ទូល​សួរ​ស្ដេច​ថា «សូម​ទ្រង់​ព្រះ​មេត្តាប្រោស! ព្រះ​រាជទេពី​ដែល​ល្អង​ធូលី​ព្រះ​បាទ​ថា​រក​បាន​ហើយ​នោះ តើ​នៅ​ឯណា? ។ ទើប​ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា «ឲ្យ​ទៅ​លក់​នំ​លត​ទៅ​ហើយ!» ។ អស់​នាហ្មឺន​ឮ​ស្ដេច​ថា ប្រើ​ទៅ​ឲ្យ​លក់​នំ​លត ក៏​ញញឹម​រាល់​គ្នា ហើយ​ក្រាប​ទូល​ថា «ទ្រង់​ប្រើ​ឲ្យ​ទៅ​លក់​នំ​លត​ឯណា?» ។ 

ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ទៅ​លក់​នំ​លត​នៅ​ភូមិ​គេ​ខាង​ជើង» ។ អស់​នាហ្មឺន​បាន​ដឹង​ដូច្នោះ ក៏​រៀប​យាន​ទៅ​តាម ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «បើ​ទៅ​តាម ត្រូវ​មើល​តែ​អ្នក​ណា​ពាក់​អាច​កំបុត​ដៃ ទូល​ល្អី​ចាស់ យួរ​ឆ្នាំង​ស្ករ​រេច​មាត់ ហ្នឹង​ហើយ ប្រពន្ធ​យើង» ។ នាហ្មឺន​ទាំង​នោះ ក៏​ចាត់​នាហ្មឺន​មួយ​ពួក​ឲ្យ​នាំ​ព្រះ​រាជយាន​ទៅ​តាម ជួប​នឹង​នាង​មក​ពី​លក់​នំលត ក៏​ស្រែក​ហៅ​ថា «នាង​ម្ចាស់ ឈប់​សិន!» ។

 នាង​ឮ​នាហ្មឺន​ដែល​ទៅ​ទទួល​នាង​ស្រែក​ហៅ​ដូច្នោះ គិត​ស្មាន​ថា​ជា​គេ​មក​ចាប់​ខ្លួន ហើយ​នាង​ក៏​រត់​ចូល​ព្រៃ​កាត់​តម្រង់​មក​រក​ផ្ទះ ប្រាក់​កាស​ដែល​លក់​នំ​លត​នោះ ក៏​ជ្រុះ​បាត់​ខ្លះ​ក្នុង​ព្រៃ​ទៅ នៅ​សល់​តែ​បន្តិច​បន្តួច ដល់​មក​ផ្ទះ​មើល​ទៅ​មុខ​ផ្ទះ ឃើញ​មនុស្ស​ច្រើន​ត្រៀប​ត្រា គិត​ថា​គេ​មក​ចាប់​ប្ដី​ទារ​ថ្លៃ​បៀ​គេ​ហើយ នាង​ក៏​រលះ​រលាំង​ឡើង​ទៅ​សួរ​ប្ដី​ថា «គេ​មក​ពី​ណា​ច្រើន​ម្ល៉េះ?» ។ 

ស្ដេច​ប្ដី​ទ្រង់​ប្រាប់​នាង​ថា «គេ​មក​ទទួល​បង​ទេ! នាង» ។ ម្ដាយ​ហៅ​កូន​ទៅ​ខ្សឹប​ប្រាប់​ថា «ប្ដី​នាង​ជា​ស្ដេច​ទេ​តើ!» ។ នាង​កូន​ឮ​ម្ដាយ​ប្រាប់​ទើប​ដឹង​ប្ដី​ជា​ស្ដេច ។ ឯ​មន្ត្រី​ដែល​ទៅ​តាម​នាង វិល​មក​គាល់​ស្ដេច ៗ ទ្រង់​សួរ​ថា «មិន​ឃើញ​ទេ​ឬ?» ។ មន្ត្រី​ទូល​ថា «ឃើញ! ប៉ុន្តែ ក្រែង​មិន​មែន ទូល​ព្រះ​បង្គំ​ហៅ​មិន​ឈប់​សោះ ចេះ​តែ​រត់» ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «មក​ដល់​ហើយ!» ។ 

មន្ត្រី​ទាំង​នោះ យក​គ្រឿង​ប្រដាប់​សម្រាប់​ទ្រង់​តម្កល់​លើ​ជើង​ពាន​មាស លើក​យក​ទៅ​ថ្វាយ​ទាំង​ទឹក​អប់​ចួង​ចន្ទន៍​ពិដោរ​ឈ្ងុយ​ឈ្ងប់ ។ ស្ដេច​នឹង​នាង ទ្រង់​ស្រង់​ជម្រះ​ព្រះអង្គ​រួច ទ្រង់​ព្រះ​ពស្ត្រ​ស្រេច​សង្វារ​កង​ករ​ល្អ​ល្អះ​ក្រៃ​ពេក ។ រួច​ស្រេច​ស្ដេច​នឹង​នាង អញ្ជើញ​ម្ដាយ​ឪពុក​និង​បង​ប្រុស ឲ្យ​ឡើង​ជិះ​ដំរី​សេះ​ទៅ ។ 

អស់​នាហ្មឺន ក៏​ហែ​ស្ដេច​ទៅ​ចូល​ព្រះ​រាជ​វាំង ដល់​ហើយ» ទ្រង់​គង់​នៅ​ចុង​ព្រះរាជ​រោង​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ប្រាប់​ថា «ចៅ​បុរស​ឯង​មើល? នេះ​ហៅ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត មែន​ឬ​មិន​មែន​ទេ?» ។ ចៅ​បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «នេះ​ហើយ​ហៅ​ពេញ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត សូម​ទ្រង់​ជ្រាប ។ 

ទើប​ស្ដេច​ឲ្យ​រៀប​អភិសេក​នាង​ឡើង​ជា​អគ្គមហេសី ឯ​បង​ប្រុស​នោះ ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​អគ្គមហាសេនា ម្ដាយ​ទ្រង់​តាំង​ជា​សម្ដេច​វររាជ​ជននី ឪពុក​ទ្រង់​តាំង​ជា​ព្រះ​វររាជ​ជនក រួច​ជា​សូរេច ស្ដេច​ឲ្យ​ទៅ​យក​យាយ​ចាស់​តា​ចាស់ ដែល​ដណ្ដឹង​នាង​ថ្វាយ​ស្ដេច​នោះ មក​ធ្វើ​ផ្ទះ​ឲ្យ​នៅ ហើយ​ទ្រង់​ឲ្យ​ចិញ្ចឹម​ថែរក្សា​ត​ទៅ ។ 

យូរ​បន្តិច​ទៅ ស្ដេច​ទ្រង់​នឹក​ភ្នក​ថា ចៅ​បុរស​នេះ មាន​គុណ​នឹង​អញ ហើយ​មាន​ប្រាជ្ញា​យល់​ការ​រាក់​ជ្រៅ ស្គាល់​លក្ខណៈ​ស្រី-​ប្រុស ហើយ​ទ្រង់​ឲ្យ​ហៅ​មន្ត្រី​មក​ទ្រង់​បង្គាប់​ឲ្យ​សង់​រោង​ការ​អាពាហ៍ពិពាហ៍ សម្រេច​មង្គល​ការ​ផ្សំ​ផ្គុំ​ព្រះ​រាជ​បុត្រី​និង​ចៅ​បុរស​នោះ ។ 

រៀប​ចំ​រួច​ស្រេច ស្ដេច​ទ្រង់​អភិសេក​បុរស​នោះ​និង​ព្រះ​រាជបុត្រី ឲ្យ​ជា​មហា​ឧបរាជ ក៏​នៅ​ជា​សុខ​សប្បាយ​តទៅ ។ ដល់​ស្ដេច​ទ្រង់​ព្រះ​ជរា ទ្រង់​ដាក់​រាជ្យ ឲ្យ​មហា​ឧបរាជ​ជា​ព្រះរាជបុត្រ​សោយ​រាជ្យ​ស្នង​ព្រះអង្គ រក្សា​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​ត​ទៅ​ហោង ។ចប់

ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍

សូមអរគុណសម្រាប់ការស្តាប់របស់លោកអ្នក!

  

រឿង ចៅជ្រូកដើររកប្រពន្ធ

អ្នកទស្សនា: Views


រឿង ចៅជ្រូកដើររកប្រពន្ធ

រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីក្តុម្ពី ម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយមានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ 

ឪពុកម្ដាយអន់ចិត្ត ពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្សឧស្សាហ៍ ព្យាយាមមិនមានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ ។ 

លុះខ្លួនកាន់តែធំចេះជួយរក្សាការពារ ទ្រព្យសម្បត្តិ ឪពុក-ម្ដាយប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះ។

តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួនលុះជ្រូកនេះមានវ័យ កាន់តែចម្រើនធំឡើង ៗ ឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។

 ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់ មាតាបិតាថាៈ 

សូមជួយដណ្តឹងប្រពន្ធអោយខ្ញុំ ម៉ែ ពុក ។ 

ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា 

ហើយឆ្លើយថាៈ 

កូនអើយ! ឲ្យម្ដាយ​ និង-ឪពុក ទៅ​និយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ ។

សព្វថ្ងៃឪពុក​ម្ដាយ មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិឥតទាល់ក្រទេយើងមានឥតខ្វះ តែត្រង់រឿងដែលកូនអោយឪពុក ម្ដាយទៅរកស្ដីដណ្ដឹង កូនគេនោះ ឪពុក-ម្ដាយទាល់ហើយទ្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។ 

បើគេនិយាយថាម៉េចអោយមកវិញ ម្តាយ​ ឯង និង​ឪពុក-ម្ដាយខ្មាសគេណាស់ ។ 

បើកូនយកប្រព័ន្ធជ្រូកដូចគ្នានោះ មិនពិបាកទេ។

ជ្រូកឆ្លើយថា ៖

ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! 

បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយណាម៉ែ  ពុក !

មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ 

ក្តុម្ពី ប្ដីប្រពន្ធស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។​

 ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅ ក៏ឈរស្មឹងស្មាត ឧទ្ទិសក្នុងចិត្តថា ៖ បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតាជួយនាំចិត្តអោយខ្ញុំដើរទៅត្រង់ទិសនោះ ។ 

ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាប អស់ជាច្រើនថ្ងៃ ទើបបានជួបយាយចាស់ម្នាក់ ដើរជីកដំឡូងតែម្នាក់ឯង ក្នុងព្រៃស្ងាត់ ជ្រូកឃើញក៏ដើរចូលទៅជិតសួរថា ៖

លោកយាយ ដើររកអ្វី ?បានឬទេ?

យាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអាណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៖
យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ!

ជ្រូកសួរទៀតថា ៖​ យាយនៅដល់ណា តើលោកតាគាត់នៅទេ? 

ហើយយាយមានកូនប៉ុន្មាននាក់?​

យាយឆ្លើយ​ប្រាប់ជ្រូកថាៈ



ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូនស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ។

ជ្រូកឮយាយប្រាប់ថាមានកូនក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួន អោយយាយស្ដាប់សព្វគ្រប់ ហើយសុំទៅជាមួយយាយផង។យាយនឹកក្នុងចិត្តថា ជ្រូកនេះនិយាយដឹងខុស-ត្រូវសព្វចេះភាសា​មនុស្ស​ពីរោះល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង។

បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវាព្រម អញគួរតែផ្សំផ្គុំវាហើយ​​ ។ 

ទើបគាត់ប្រាប់ជ្រូកវិញថាៈ 

ចៅឯងជួយរក​ដំឡូងបន្តិចទៅ ។ ជ្រូកចូលព្រៃភ្លាម ហើយឈស្មឹងស្មាតបូងសួង តន្រ្តមជើង៣ដង។

 មិនយូរប៉ុន្មានដីក៏ក្លាយ បានមើមដំឡូងគរជាច្រើនគំនររួចហើយទៅហៅ យាយមកយកដំឡូង រើសដាក់កញ្ជើ រ មានទាំងដំឡូងខ្មុង  អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើរទាំងពីរ ។ 

ជ្រូកប្រាប់ យាយ ថាទុកឲ្យ ចៅរែក ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ។

ឯកូនក្រមុំទាំងពីរនាក់បានឃើញម្ដា យមកពីព្រៃ ក៏នាំគ្នាចេញទៅទទួល ។ យាយក៏បង្ហាញអោយជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើខ្នងជ្រូក 

ឯកូនទៅជិតម្ដាយ ក៏លួចខ្សឹបសួរថាៈ ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ?។

 ម្ដាយក៏ប្រាប់សព្វគ្រប់។ លុះនៅបន្តិចទៅនោះ កូនស្រីយាយនេះ និងចៅជ្រូក ក៏ដឹងចិត្តគ្នា ស្និទ្ធស្នាលពេលទៅរកដំឡូង ក៏ទៅជាមួយគ្នា ។ យាយម្ដាយដឹងថាកូនគាត់ហើយនិងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាង បងនាងប្រកែក លុះសួរទៅនាងប្អូន នាងឆ្លើយថាៈ-ស្រេចតែម៉ែ ម៉ែអោយខ្ញុំទៅនរណា ខ្ញុំចេះតែតាម ។ 

យាយបានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏អោយដំណឹងទៅចៅជ្រូកដឹង ពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូរជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។ យាយក៏ចាត់ចែងអោយបានជាលំនៅឋានឲ្យកូននៅដោយខ្លួនជា ដរាបទៅ ។ 

បានប្រមាណជាកន្លះខែ នៅ​ស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំ គ្នាស្រស់ស្រូប បាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរឆរ ។ 

នាងពៅ ប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែចៅជ្រូកថា” ឲ្យប្អូនឯងមើលចុះ បងចាំនៅផ្ទះ” ។ នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញ ដឹងថា នាងភរិយាចេញ ទៅឆ្ងាយហើយ ក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូតរូតអោយលឿន ទៅដល់ទីនោះមុននាងពៅ ។

 ដល់ហើយ ក៏ចូលទៅលេងភ្លេង ជាមួយគេ ចេះបទបែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លេងនោះដែរ។

លុះអស់ពេលហើយ ដឹងថាពួកអ្នកស្រុក និង នាងពៅត្រឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរ ទៅអោយដល់ ផ្ទះមុនប្រពន្ធហើយក៏ប្រែក្រឡាចូលក្នុងស្រោមវិញដូចដើម ។

 លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា ” អូនទៅមើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ?” ។ នាងពៅក៏រាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាងប្រាប់ថា ” មានអ្នកភ្លេងម្នាក់ រូបរាងស្អាតល្អណាស់ ច្រៀងក៏ពីរោះ ហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះ គ្រប់គ្នា”។



ជ្រូកសួរបញ្ជាក់ថា” អ្នកនោះស្លៀកខោព៌ណ ខ្លឹមខ្នោរ ពាក់អាវព៌ណរាងលឿង មែនឬទេ? ” ប្រពន្ធឆ្លើយថា ” ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនឹងគេដែរ ?ចៅជ្រូកនៅស្ងៀមមិនចេញស្ដី។តាមពិត ចៅជ្រូក និង នាងពៅ​ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសំដីនឹងសំដីប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ 

លុះដល់ល្ងាចមួយទៀត អ្នកស្រុកផ្អើលអ៊ូអរ ទៅមើលភ្លេងរបាំនោះទៀត នាងភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ រួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់ភ្លេងនោះ ដូចកាលពីយប់មុនទៀត ។ 

កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ អោយបានមុនប្រពន្ធមកដល់ផ្ទះ។ 

លុះប្រពន្ធមកដល់ ក៏សួរប្រពន្ធទៀតថា ៖​ ម៉េច អូនទៅមើលល្ងាចនេះ ល្អមើលទៀតទេ?-ថ្ងៃនេះ ល្អប្លែកពីថ្ងៃមុនទៅទៀត។ចៅជ្រូកសើច រួចតបបែបដូចព្រងើយទៅ វិញថា ៖​អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកពាក់សំពត់ខៀវ

ពាក់អាវលឿង មែនទេ? នាងនោះឆ្ងល់ណាស់ ក៏សួរទៅប្ដីថា៖​​ ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត​ ។ ចំណែកនាងភរិយានាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះប្ដីនេះណាស់ នាងបានទៅតែបន្តិច ក៏

វិលមកលបចាំឃ្លាំមើល ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងភ្លេង ដែលនាងសរសើរថាល្អនោះ ។ នាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្ដី មិនឲ្យចូលទៅក្នុងស្រោម វិញឡើយ ហើយនាងអង្វរប្ដី កុំឲ្យចូលទៅក្នុងស្រោមវិញ ។ 

ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែសុំអោយនាងរក្សាទុកស្រោមនោះ ឲ្យបានស្រួលបួល ។ នាងពៅយកស្រោមនោះទៅទុក ដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដីហើយក៏នៅសុខសាន្តជាមួយគ្នារៀងរហូតមក ។ 


ពេលមួយនៅប្រទេសនោះឥតមានស្ដេចពួកសេនាសេវកាមាត្យក៏នាំគ្នា ធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រង់រាជ្យ។តែពេននោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺ សុសសាយទៅគ្រប់ទិសទីពពួកសេវកាមាត្យក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះអោយឡើងគ្រងរាជ្យ គ្រប់គ្រងប្រទេសតទៅ។

លុះបានគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ។កុដុម្ពិករំភើបស្លុត ក្នុងចិត្ត ហើយតាំងរៀបចំទទួលព្រះរាជា ស្ដេចសួរអំពីដំណើររឿងដើម មានកូនប្រុស-ស្រីប៉ុន្មាននាក់។ 

សេដ្ឋីក្រាបទូលថាៈ ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់។ ពេលមួយ កូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកពុំបានទេ កូននោះក៏ស្រាប់តែដើរបាត់រហូត មិនដឹងជាទៅណាមកណាយូរមកហើយ ”  ។

 ស្ដេចជ្រាប ព័ត៌មាននេះហើយ ក៏ត្រាស់អំពីរឿងពិតអោយកុដុម្ពិកដឹងសព្វគ្រប់។កុដុម្ពិកត្រេកអរ ណាស់ ក៏នាំគ្នាឪបព្រះរាជា សរសើរបុណ្យបារមី ។ ព្រះរាជាត្រាស់បញ្ជាអោយកុដុម្ពិកទាំងភរិយាស្វាមីទៅ រស់នៅឯរាជ វាំង ។

ឯយាយចាស់ ជាម្ដាយនាងពៅវិញ ក៏ ព្រះអង្គទ្រង់អនុញ្ញាតអោយមកនៅវាំងដែរ។ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោសដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាអោយក្រុមហោរា យកនាមសត្វជ្រូក ទៅដាក់ឈ្មោះឆ្នាំមួយ ជាឆ្នាំទី១២ ឲ្យសំគាល់ថា ឆ្នាំកុរនោះជានាមសត្វជ្រូក។ចប់

សូមអរគុណសម្រាប់ការស្តាប់របស់លោកអ្នក!

រឿង ដើមកំណើតសត្វផ្សោត

អ្នកទស្សនា: Views

 


រឿង ដើមកំណើតសត្វផ្សោត

កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជនទូទៅនៅភូមិជិតខាងគេរាប់​អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ 


គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មក​ចាប់​បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ 

លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។

 រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបាន​ក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បាន​សាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខ​ទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅ​ឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។

           មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរ​ដែល​​គេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តង​ប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា៖ «ឥឡូវនឹងទៅថ្វាយបង្គំលាព្រះ​ឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់​មិន​ដូចទេវតាទេ»។


 ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខ​លុះត្រា​តែ​សូន្យសង្ខារ​រៀងខ្លួន។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធ​ឲ្យដឹង​ខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយ​ជាតិ​នេះហើយ»។ 

គិតស្រេចពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ ចូលទៅឱបរឹតនាង។ នាងភ្ញាក់ឡើងបម្រះពុំរួច ពស់ថ្លាន់និយាយ​លួង​លោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ។ រុក្ខទេវតាជាប្តីថា »បើនាងមិនជឿបង បងនឹងប្រែរូបឲ្យ​នាងមើល»។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រេឡកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្ស​ណានិងឲ្យល្អដូចពុំបាន។ 


រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយ​ត្រូវតែ​និម្មិត​រូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិត​ខ្លួនជា​ពស់ថ្លាន់វិញ។ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់​ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុក​ម្តាយ​​​ចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រេឡាតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រី​មក​សួរ​​កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។

ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់​ទើបមក។ នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តី​មេត្រី​សេ្ន​ហា។ លឺមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតា​ដឹង​ថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ។


ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមក​ដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាប​ដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនា​អ្វីគេក៏ល្អមេ្លះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះ​ថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ 


បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្អើមធំ ចេះតែ​ទនេ្ទញទាំង យប់ទាំងថៃ្ង។ ប្រពន្ឋឃើញប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូច​ពស់​ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ធពេននៅ ទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។ ប្តីថា «បើដូចេ្នះព្រឹក​សែ្អក​​ឯង​​ដាំបាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជា​ប្តីកូន​យើង »។


 ប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។ បុរស​នោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន​ក៏បានប្រទះដំបូក​មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់ព័ន្ធលើគ្នា។ បុរសចូលទៅអើត​ឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអងែ្វងណាស់មកហើយ វាមិន​ដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ។ 

ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កម្រើក​ខ្លួនមិនរួច។ បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង។ បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់​ហើយបានជាស្លូតម៉េ្លះ ក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ 

             ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល។ ប្រពន្ធ​និងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា «ពស់នេះ​ស្លូត​​ណាស់ត្រូវចិត្តបងហើយ។


 បើភានឯងមិនជឿទៅចាប់ស្ទាប អងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។ ប្រពន្ធលូកដៃទៅពាល់​មើលឃើញមិនកំរើកមែន ក៏ចេះតែបបោសអងែ្អលសរសើរថា «កូនអើយ! ពណ៌‌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជា​ហូល​​​​ដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ ពស់ថ្លាន់ដោយជាប់ចំណងផង​ហើយហេវអស់កំលាំង​និងអត់អាហារយូរថៃ្ង​ផង ក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។ 

ប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិន​ដួស​ដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ។ គេ​លាន់​មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបាន​ស៊ីផឹក​សប្បាយ ។

                    លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់​អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែន​ចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹង​ជើងសែ្នងឲ្យស៊ី ព្រោះជីដូន​ជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។

 នាងនោះប្រហែលជាខ្លាច​ពស់ដែរ ប៉ុនែ្តនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយនាំញាតិ​មិត្តស៊ី​មាន់ផឹកស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស​នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។

                     លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេប​នាង​នោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ​នាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ ប្រញ្ចកជើងនាងទាំង​ពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ។ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិង​ក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា «ពស់ថ្លាន់វាលេបហើយ»។

 ម្តាយលឺមាត់កូន​ស្រែក​ហៅ ក៏ស្រែកសន្ធាប់ទៅវិញថា «ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ លុះពស់​លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូន​អីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយ​ជួយកូនផង ពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា «លេបដល់កហើយ»។

           ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា «បើឪម៉ែមិន​ជួយ​កូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់ឮ​មាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ 

នាងម្តាយ​នោះក៏ស្រែកទួញងោង ផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើង​ហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិល​ពស់​ពេញទាំងខ្លួនទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗ​លាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ។


 មើលឃើញបងប្អូនមាមីងជួបជុំតៀ្របត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើងកន្រ្តាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល​ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេ្តច​ក៏មិនជ្រះរំអិលពោះនោះគិតថា ឱ​ខ្លួន​អញអើយម៉េ្លះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់​ច្រាំងអន្លង់ជ្រៅនឹកប៉ង​ក្នុងចិត្តថា «អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល»។ 


គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែល​ចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់​រឿងផេ្សងៗ​នៅ​មាត់ទឹក។ 

លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរ​ទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។ លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់។

 យូរៗ​ទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និង​សត្វគ្មាន​រោមក៏ជាទំនៀមទំលាប់​ពីត្រឹមនោះមករហូតដល់ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជា របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ ប្រដាប់កេរខ្មាស និងសរី​រាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ។ចប់

ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ 

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក

រឿងដើមកំណើតសត្វកូនលោក

អ្នកទស្សនា: Views

 


មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វ គ្រលេងគ្រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែមានមាឌធំជាងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹងសត្វនេះចាស់ៗ​​​​ខែ្មរយើងបាននិយាយតៗ មកថាមានដើមកំណើតមកពីមនុស្ស ដូចដែលមានរឿងដំណាលត​ទៅនេះ ៖

             កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក​ មានកូនស្រីតូចៗ៣​នាក់​ ។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។​ក្រោយពីពេល​  ដែល​ប្តី​ស្លាប់ចោលទៅ​  នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់  តែងទៅកាប់អុស បេះ​បនែ្ល​ទូលទៅលក់ឯផ្សាររាល់ថៃ្ង។ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់​ដែលតែងតែដើរលួចឆក់​អ្នកដំណើរឆ្ងាយជិត  បានលុយកាក់  យកមកស៊ីផឹកហ៊ឺហា ។ 

អ្នកលេងនោះកាលបើក្រឡេក ឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា?ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់​ថា «​ ខ្ញុំជាស្រីមេម៉ាយ  ប្តីស្លាប់ចោលទៅ  សព្វថៃ្ងក្រលំបាកណាស់  ប្រឹងកាប់អុសបេះ បនែ្លលក់គ្រាន់​បាន​ប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ»។ 

លឺដូច្នោះអ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់​ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា «នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូន ១០កហាបណៈសម្រាប់ទិញឥវ៉ាន់ផ្ញើកូន»។នាងមេម៉ាយក៏ទទួលយកភ្លាមដោយ​សេច​​​​​​​​

ក្តីត្រេកអរ។ លុះលក់អុស និងបនែ្លអស់ហើយ នាងត្រឡប់មកផ្ទះវិញ ​ ឯអ្នកលេងក៏លប​ដើរមក​តាមក្រោយ ដើម្បីគន់មើលផ្ទះ។ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយ​ក៏​យកគ្នា​ជាប្តីប្រពន្ធតទៅ។

  ចាប់តាំងពីថៃ្ងនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ពីរបីថៃ្ងមកផ្ទះម្តងក៏មាន កន្លះខែមកម្តងក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាធំ​ចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង៣នាក់។ 

ពេលដាំស្ល ឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់កែ្បរជើងក្រាន ខ្លះដេកលក់នៅលែ្វងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។  ពេលព្រឹកៗ  នាងនោះតាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារ​ជាមួយប្តីរាល់ថៃ្ង។ 

 ថៃ្ងមួយប្តីបាននិយាយរំលឹកថា «​ បងមានសេចក្តីអៀនខ្មាស់មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅ ស៊ីផឹកឯផ្សារ ដូចេ្នះបងសូមអង្វរចិត្តអូន​សូមនៅផ្ទះថែទាំ​កូនស្រីទាំង៣នាក់ចុះ»។ឮប្តីនិយាយយ៉ាងនេះ នាងនោះគិតថា «ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់។ 

បើអញបណ្តោយតទៅថៃ្ងមុខ គាត់នឹងបោះបង់អញពុំខាន។ គួរអញរកឧបាយ​សំលាប់កូនស្រីទាំង៣នាក់ចោល កុំឲ្យគាត់មានពាក្យចាក់ដោតថា ឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ»។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កូនអើយ!កាលឪពុកឯងរស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹក​ក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ​សែ្អកនេះម្តាយនឹង​យកស្រូវពូជទៅសាបព្រោះ ចូរកូន​ទៅដេកចាំចាបព្រាបលលក កុំឲ្យស៊ីស្រូវ»​។

 លុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោ​ឋាន​ជិត​ជើង​ភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា «នែហងរាល់គ្នា ត្រូវនៅចាំស្រូវទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសំលាប់»។ 

ផ្តាំហើយនាងនោះទុកបាយឲ្យ១ចំអែតម្នាក់អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ​និងអំបិលប្រហុក​បន្តិចបន្តួចដោយគិតថា «យប់​នេះ​ខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន»។ លុះផ្តាំកូន​ស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ី លុះប្តី មកដល់ក៏សួរថា «កូនស្រី៣​នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?» ប្រពន្ធប្រាប់ថា «ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំជា​ច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ»។

           ចំណែកកុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំងពេលយប់នាំគ្នាឡើងទៅដេក លើខ្ទម លឺសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន។ នាងបង​មានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ  ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួងប្អូនៗ  កុំឲ្យយំខ្លាចសត្វសាហាវ ទាំងនោះ វាមកខាំសម្លាប់។ គ្រានោះ អារក្ខទេវតាដែល​ឋិតនៅក្នុងព្រៃ​ស្មសានគិតថា «នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រាស ចោលក្នុងព្រៃដូចេ្នះ បើអញមិនជួយកុមារទាំង​បី​នេះផងទេ មុខជាម្រឹគពាលយង់ឃ្នងស៊ីពុំខាន។

 គួរអញ សង្គ្រោះកុមារទាំងនេះ​ទម្រាំផុត​ពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសមេ្តចឥន្រ្ទាធិរាជ»។ គិតស្រេចហើយ អារក្ខទេវតាសមែ្តងឫទ្ធិ ស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះព្រឹកឡើងក៏ចូល ទៅកាន់សំណាក់​ទេវរាជឈ្មោះ វរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្រ្ទាធិរាជ។វរុណទេវរាជរំពឹងឃើញថា «ការនេះមិនចាំបាច់ទៅក្រាបទូលព្រះ

ឥន្រ្ទាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី» ហើយបង្គាប់ថា ​«ត្រូវអ្នកឯងជួយការពារកុមារីទាំង៣​ឲ្យមធ្យ័តកុំឲ្យសត្វសាហាវបៀតបៀនបានទម្រាំវាក្លាយខ្លួនទៅជាសត្វ​ ។  បើវាឃ្លានអាហារត្រូវ​និមិ្មតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅ»។ អារក្ខទេវតាត្រលប់មកវិញ​ក៏ធ្វើតាមបង្គាប់វរុណទេវរាជ។ 

 ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថៃ្ង  ក៏អស់អង្ករបី ចានដែលម្តាយទុកឲ្យស៊ី   ប្អូនយំរកបាយស៊ី។  បងបានដើរទៅបេះស្លឹកថ្នឹង  ចូលទៅក្នុងថ្លុក​ក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី។ប្អូនបង្អស់ចេះតែស្រែកយំ។ បងក៏នាំគ្នាចុះ ទៅចាប់ត្រីក្រឹមទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែល ម្តាយបង្កាត់ទុកឲ្យរលត់​អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កនេ្ទញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង2ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ។


               ឯម្តាយកាលបើឃើញ​កូនស្រី​បណ្តើរគ្នាមកដូចេ្នះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា«មេកូនចង្រៃ!អញថា យកវាទៅប្រោសចោលឲ្យស្លាប់ព្រាត់ប្រាស់អស់ទៅ។ ឥឡូវមិនស្លាប់បែរ​ជានាំគ្នាត្រលប់​មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឲ្យហងឡើងផ្ទះសំបែងទេ»។នាងបងអង្វរថា«សូមអ្នកម្តាយ អាណិតកូន ផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយអត់ពីរបីថៃ្ងមកហើយ ស៊ីតែ​ស្លឹកឈើ​ជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឲ្យកូននៅ កូនសូមតែអង្ករ និងភើ្លងត្រឡប់ទៅវិញ សូម​ម្តាយកុំធ្វើបាបកូន កូនសូមទោស»។ 

ឯកូនប្អូននិយាយប្រាប់ម្តាយថា «ម៉ែ ! បងចាប់​បានសាយ​ស៊ីអែត»។ ម្តាយលឺកូនប្រាប់ថា «ចាប់បាន ទន្សាយស៊ីឆែ្អត» ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោរថា «មេកូនចង្រៃ ! វាបាទន្សាយចែកគ្នា ស៊ី មេ្តចមិនយកឲ្យអញស៊ីផង»។ និយាយ​តែប៉ុណេ្ណះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណេ្តញឲ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះ ប៉ងឲ្យតែស្លាប់បាត់បង់ទៅ។

 គួរឲ្យអាសូរកុមារីទាំង3នាក់នោះពន់ពេក ម្តាយវាយបែក​ឈាមហូរ សស្រាក់ក៏នៅតែមិនបាត់វាចាថា «ម៉ែៗ!» ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោល​សោះ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា «បានសាយស៊ីអែតៗ» ។ ម្តាយលឺដូចេ្នះ​រឹតតែវាយ​ខ្លាំងថែម​ ទៀត នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថាបើទ្រាំនៅមុខតែម្តាយ​សម្លាប់​​​​​​​​​​​​​​​​ មិនខានហើយ​   នាំគ្នាទៅនៅក្នុងខ្ទមដដែល   ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់​បាត់​ស្មារតីទាំងបីនាក់។


             អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រាះព្រំកុមារីទាំង៣នាក់ឲ្យមានស្មារតីឡើងវិញ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះ​ទៅចាប់​ត្រីក្រឹមទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថៃ្ង។ ត្រីនិងខ្ចង ខ្ចៅចេះតែមានមិនអស់   ព្រោះទេវតានិម្មិតអោយ កាលណាថៃ្ងក្តៅល្អ  ស្រង់មកហាលថៃ្ងឲ្យតែកៀ្រមៗ វាយបំបែកហែកចែកគ្នាស៊ីទៅ។ 

នាងបងនិយាយកៀកកប្អូនលួងលោមថា «អូនអើយ!យើងទាំង៣នាក់នេះ​  ពុំបានជួបមុខម៉ែទៀតទេ  ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយ​រករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំ ពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់អស់ហើយ។ តទៅមុខយើងនឹងរងារអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន»។


             អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផែ្លចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វាកំប្រុក ពុំហ៊ាន ទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹមទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់​ស្រាប់តែដុះរោម​ចេញពេញខ្លួនដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផែ្លឈើបានទាំងអស់គ្នា។ 

 តែហើរទៅឆ្ងាយពុំរួច  បបូរមាត់ដុំចេញទៅជាចំពុះ។  រីឯមាត់និយាយភាសា​មនុស្សពុំកើត គ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្ស តែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបានឆ្ងាយបន្តិចម្តងៗ  ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ   មិនដែល​និយាយ​ភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន។


               ឯប្តីចុងរបស់នាងជាម្តាយនៃកុមារីទាំងនោះ  តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ថៃ្ងមួយអ្នកជិតខាងគេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ​។ ពេលនោះនាងជាម្តាយដេក​ព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកមេ្នញ ហើយ

ដើរទៅក្នុង ព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា ​​ «កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញម្តាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយ»។ 

កូនទាំងបីនាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា «ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង»។គិតដូច្នោះក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់មួយដើម ស្រែកប្រាប់មកម្តាយដោយ​​បំណងនិយាយថា «យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំ​មកជិតយើង»។​ 

ប៉ុនែ្តសំដីដែលស្រែកប្រាប់មកម្តាយនោះ មិន​ច្បាស់លាស់​ជាសំដីមនុស្សទេ ទៅ​ជាស្រែកថា «កូនលោកៗ» ម្តាយចេះតែដើរស្រែកហៅកូនទាំងតែអស់កំលាំងដើរពុំរួច ណាមួយ​អស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ។

              នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ កែ្បរជើងភ្នំ ឬព្រៃ​ស្រោង កាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំលឺថា កូនលោកកូនលោក!លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឲ្យស្រណោះពន់ពេក។ចប់

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

សូមអរគុណសម្រាប់កាស្តាប់របស់លោកអ្នក!​​​​


រឿង ប្រាសាទនាងខ្មៅ

អ្នកទស្សនា: Views

 

     រឿង ប្រាសាទនាងខ្មៅ    

ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្ដេចមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទ សុរិយាទេវង្ស គង់នៅលើភ្នំជីសូរ ជាស្ដេចមានមហិទ្ធិឫទ្ធិមានបុណ្យច្រើន ទ្រង់បានសាងប្រាសាទ ៥ និងទ្រង់ឲ្យជីកស្រះ ៤ នៅលើភ្នំនោះ គ្រប់ជ្រុងប្រាសាទ ទ្រង់មានព្រះរាជបុត្រី ១ ព្រះអង្គព្រះនាម នាងខ្មៅ ។

       ភ្នំជីសូរអំពីកំពូលចុះមកដល់ដីជម្រាលជើងភ្នំខាងក្រោម ប្រហែល ៧០០ ម៉ែត្រ មានទន្លេ ៤ គឺទន្លេអុំ ១ ទន្លេស្លួត ១ ទន្លេស្តុក ១ ទន្លេប្រទ្រុន ១ ។ ទន្លេទាំង ៤ នោះជាកន្លែងសម្រាប់ក្រសាលរបស់ស្ដេចអង្គនោះ ។ លុះព្រះរាជបុត្រីមានវ័យវឌ្ឍនាការចម្រើនឡើងបានព្រះជន្ម ១៦ ឆ្នាំ ព្រះនាងមានរូបឆោមលោមពណ៌ល្អដាច់ស្រីក្នុងព្រះនគរ ។ 

ថ្ងៃមួយ ព្រះនាងនឹកភ្នកចង់ទៅលេងទន្លេប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតា សុំទៅលេងទន្លេនោះ ។ ព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាត ហើយទ្រង់ចាត់មនុស្សបម្រើឲ្យរៀបចំហែហមព្រះដំណើរព្រះនាង ទៅក្រសាលក្នុងវេលាថ្ងៃរសៀល ។

    គ្រានោះ មានបុរសម្នាក់ឈ្មោះ បណ្ឌិតស្រី ទើបនឹងសឹកពីសាមណេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀត ចេះមន្តអាគមវិជ្ជាការ ។ បណ្ឌិតនោះ ទីលំនៅៗ ភូមិមួយខាងលិចភ្នំជីសូរជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន ។ ថ្ងៃនេះ បណ្ឌិត ស្រី មានសេចក្ដីអផ្សុកចេញទៅលេងជិតផ្លូវនោះ បានឃើញព្រះនាងខ្មៅ ចុះពីលើភ្នំ ជាមួយនឹងស្រីបរិវារ ក៏មានសេចក្ដីប្រតិព័ទ្ធជាប់ចិត្តនឹងព្រះនាងក្រៃពេក ។

 បណ្ឌិតនោះពិចារណាថា "ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ដោយបានជួបប្រទះនឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្ត្រអ្នកកម្សត់ ធ្វើម្ដេចនឹងបាននាងនោះហ្ន! នាងនេះមិនមែនជាស្រីសាមញ្ញទេ គឺជាព្រះរាជបុត្រីរបស់ស្ដេច អាត្មាអញនឹងនាងនេះពុំសមស័ក្ដិគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?" ។ 

បណ្ឌិតចេះតែស្រឡាញ់ខ្លាំងឡើងៗ គិតថា "នឹងចូលទៅដណ្ដឹងតាមច្បាប់ក៏ពុំសម នឹងប្រព្រឹត្តខុសក៏មុខជាស្ដេចយកទោសដល់ស្លាប់" ។ លុះសេចក្ដីស្រឡាញ់កាន់តែទ្វេឡើងៗ ក៏ស៊ូប្ដូរស្លាប់ថា "ទុកជាស្ដេចយកទោសយ៉ាងណា ក៏សុខចិត្តតែស្លាប់" ទើបបាននឹកដល់មន្តវិជ្ជាការ ដែលចេះទាំងប៉ុន្មាន ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្តវិជ្ជាការនោះ ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង ។ 

ឯសូរសម្លេងស្លឹកដែលបណ្ឌិតផ្លុំនោះទៅចុចចំបេះដូងព្រះនាងនោះ  ព្រះនាងក៏ភ័ន្តភាំងស្មារតី, លុះផ្ងារឡើងគិតថា "អាត្មាអញជាកូនស្ដេច ធ្លាប់ស្ដាប់ភ្លេងដូរ្យតន្ត្រីសព្វថ្ងៃតែពុំមានភ្លេងអ្វីធ្វើចិត្តឲ្យអញស្លុត ដូចសំឡេងស្លឹកនេះសោះ"ព្រះនាងសម្លឹងគិតយូរៗទៅ សំឡេងរឹតតែពីរោះឡើងៗ ព្រះនាងអត់ទ្រាំពុំបាន : 

- ក៏លាន់ព្រះឱស្ឋថា "យីអើហ្ន! សំឡេងនេះជាសំឡេងប្លែកណាស់ គួរតែអញទៅតាមស្ដាប់មើលឲ្យឃើញច្បាស់ តើអ្នកនោះដូចម្ដេចបានជាចេះផ្លុំពីរោះដល់ម្ល៉ឹង? " ។ 

ព្រះនាងក៏ទៅរកមើលឲ្យឃើញដោយព្រះអង្គឯង ។ លុះព្រះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះៗ ក៏រឹតតែមានសេចក្ដីប្រតិព័ទ្ធខ្លាំងឡើង បានសាកសួរសន្ទនាគ្នាទៅវិញទៅមក :

 A  - ព្រះនាង ម្ចាស់អាចអនុញាត ឲ្យខ្ញុំបាទ ពិភាក្សា

       ជាមួយព្រះនាង បន្តិចបានទេព្រះនាង ?

បើព្រះនាងអនុញាត ខ្ញុំបាទសូមទូលថ្វាយព្រះនាង?

បើមានពាក្យពេជខុសឆ្គងត្រង់ណាសូមព្រះនាងអភ័យទោសខ្ញុំបាទផង?

តើលោកបងមានឈ្មោះអ្វីដែរ ?

ខ្ញុំបាទ !  មាននាម ហៅថា បណ្ឌិតស្រីព្រះនាង!

លោកបង មានឈោ្មះអី ចំឡែកម្លេះលោកបង!

     ហាស !  ហាស !  ហា !  ប្រុស តែឈ្មោះស្រី

    នាងខ្ញុំនិយាយលេងទេលោកបង! 

      តើលោកបងចង់មានវាចារអ្វី ? មានវាចារមក         លោកបង?


ខ្ញុំបាទ ចាប់តាំងពីឃើញព្រះភ័ក្តព្រះនាងពេលណា !

ចាប់ចិត្តលើព្រះនាង ព្រះនាងពិតជាទេពធិតាក្នុងសុបុិនរបស់ទូលបង្គំ ដំណើររវតរវន់ គួរឲ្យគយគន់ ៗហើយចង់គយគន់ទៀត ពេលធ្មេចភ្នែកពេលណា ឃើញតែវង់ភ័ក្ត្រាព្រះនាងជាប់ ក្នុងកែវភ្នែករបស់ទូលបង្គុំព្រះ នាង ?

មានពាក្យពេជអ្វីលើសលាស់ សូមព្រះនាងអភ័យទោសដល់ទូលបង្គុំផងព្រះនាង!


ព្រះនាងខ្មៅ មានចិត្តពោរពេញទៅដោយសេចក្តីស្នេហាទៅលើ បណ្ឌិតស្រី តែនាងមិនបញ្ចេញវាចារអ្វី !។ 

អ្នកទាំងពីររូបបាននិយាយសន្មត់គ្នាថា "ថ្ងៃក្រោយ យើងនឹងមកជួបគ្នាទៀត" ហើយលាបែកគ្នារៀងខ្លួន ។ 

ចំណែកព្រះនាង ចាប់តាំងពីបែកបណ្ឌិតនោះទៅ មានទឹកព្រះភក្ត្រប្លែកពីប្រក្រតី ចេះតែក្រៀមក្រំលែងរួសរាយរកពួកបរិវារ ពួកបរិវារក៏មានសន្ទិះសង្ស័យ ។ ថ្ងៃក្រោយមក ព្រះនាងចូលលាព្រះរាជាម្ដងទៀត ។ ព្រះរាជាក៏ទ្រង់អនុញ្ញាតឲ្យព្រះនាងទៅ ទ្រង់ចាត់មនុស្សឲ្យហែហមជូនព្រះដំណើរព្រះនាងដូចថ្ងៃមុន លុះទៅដល់កន្លែងនោះ ព្រះនាងនិយាយប្រាប់បរិវារថា " អ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំ ខ្ញុំមានកិច្ចឯនោះបន្តិច " ។ 

និយាយប្រាប់ហើយ ព្រះនាងដើរសំដៅទៅកន្លែងដែលបណ្ឌិតស្រីមកជួប លុះបានជួបគ្នាហើយ ទាំងពីររូបក៏សម្រេចសេចក្ដីប្រាថ្នារបស់ខ្លួន ។ ពួកបរិវារសង្ស័យទៅលបមើលឃើញកិរិយាមិនល្អ មានសេចក្ដីភិតភ័យ ខ្លាចក្រែងស្ដេចយកទោសដល់ជីវិត ក៏ជំនុំពិគ្រោះគ្នាថា ៖

C-យើងគួរតែក្រាបទូលស្ដេចកុំខាន" ។ លុះត្រឡប់ទៅវិញ ពួកបរិវារក៏ចូលទៅគាល់សព្វគ្រប់តាមដំណើរ ។ ស្ដេចទ្រង់ខ្ញាល់ជាខ្លាំងក៏ទ្រង់ហៅពួកពេជ្ឈឃាដមកប្រាប់ថា "ត្រូវយកកូនអញទៅសម្លាប់ឲ្យឆាប់ " ។

      ព្រះមហេសីជាព្រះមាតា ក្រាបទូលសុំទោសព្រះស្វាមីថា ៖ 

D-សូមព្រះករុណាទ្រង់ព្រះមេត្តាប្រោស ព្រះរាជទានទោសដល់កូនរបស់យើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំសម្លាប់ គ្រាន់តែបំបរបង់ចេញអំពីទីនេះចុះ សូមទ្រង់អនុញ្ញាតឲ្យទាន" ។

 ស្ដេចក៏ទ្រង់អនុញ្ញាតតាមសេចក្ដីសុំរបស់ព្រះនាងជាព្រះមាតា ទើបទ្រង់បង្គាប់ទៅសេនាបតីឲ្យធ្វើប្រាសាទ ២ ចម្ងាយអំពីព្រះដំណាក់ទៅ ៣ យោជន៍ ។ 

ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចហើយស្ដេចទ្រង់បង្គាប់ឲ្យនាំព្រះនាងខ្មៅ ទៅនៅទីនោះ ប្រាសាទនោះនៅខាងលិចភ្នំជីសូរ ។ តាំងពីថ្ងៃនោះទៅ ព្រះនាងកើតទុក្ខជាទម្ងន់ ណាមួយព្រះបិតាបំបរបង់ចោលឲ្យនៅតែម្នាក់ឯង ណាមួយបែកពីរសង្សារ លែងបានមកជួបគ្នាសោះ ដោយមិនជ្រាបជានៅទីណា ។

      គ្រានោះ មានភិក្ខុ ១ រូបឈ្មោះ កែវ លោកនិមន្តចេញពីស្រុកលោក ទៅរៀនមន្តវិជ្ជាការឯស្រុកក្រៅ លោករៀនបានចេះពូកែណាស់ លោកត្រឡប់មកស្រុកវិញគង់នៅទីមួយ (ក្នុងខេត្តតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយប្រគេនលោក ។ ដោយស្រះនោះជារបស់លោកគ្រូកែវ ទើបមានឈ្មោះថា ស្រះ កែវ ៗ រហូតដល់សព្វថ្ងៃ ។

      លោកគ្រូអង្គនេះ គង់នៅយូរបន្តិចទៅ មានកិត្តិសព្ទទួទៅគ្រប់ស្រុកភូមិ ។ ព្រះនាងបានឮដំណឹងថា លោកគ្រូនោះទើបតែនិមន្តមកពីស្រុកក្រៅ ចេះមន្តវិជ្ជាការល្បីល្បាញដូច្នោះ មានព្រះបំណងចង់ជួបនឹងលោក ដើម្បីចង់ដឹងអំពីសេចក្ដីទុក្ខរបស់ព្រះនាងថា "តើថ្ងៃណានឹងស្រាកស្រាន្តស្បើយល្ហើយ " ព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យរៀបព្រះទីន័ងដំរី  ដើម្បីទៅថ្វាយបង្គំលោកគ្រូ កែវ ។ 

លុះធ្វើព្រះដំណើរទៅដល់ទីកន្លែងលោកគ្រូនោះហើយ ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសព្វគ្រប់ ក៏បែកចិត្តចេញពីសង្សារចាស់ មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះ មានរូបស្អាតជាងបណ្ឌិតស្រី ពេញលក្ខណៈជាប្រុសគួរឲ្យស្រឡាញ់ ព្រះនាងដំណាលពីសេចក្ដីទុក្ខរបស់ព្រះនាងទូលលោកគ្រូសព្វគ្រប់ហើយ ក៏សំដែងអាការស្និទ្ធស្នាលហាក់ដូចជាទុកចិត្តគ្នាយូរមកហើយ ។ 

អាការដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ព្រះនាងនោះនាំឲ្យលោកគ្រូកែវ ស្គាល់បានថា ព្រះនាងជាប់ជំពាក់នឹងលោក ។ លោកគ្រូ កែវ អត់ទ្រាំពុំបានក៏មានចិត្តទោរទន់ទៅរកព្រះនាង ហើយមានពុទ្ធដីកាទន់ភ្លន់ទៅរក ។

 កាលបើព្រះនាងបានឮពុទ្ធដីកាលោកផ្អែមល្ហែមទន់ភ្លន់មករកដូច្នេះ ក៏សង្ឃឹមថា "តទៅមុខអញនឹងមានអាង លែងកើតទុកតាំងពីថ្ងៃនេះតទៅហើយ... ។ 

ចាប់តាំងពីថ្ងៃនោះមក ព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្រីទេពអប្សរ ។ ចំណែកឯលោកគ្រូកែវវិញ លោកខំប្រឹងពិចារណាធម៌ដើម្បីដកចិត្តពីព្រះនាងនោះខ្លាំងណាស់ដែរ តែលោកដកពុំរួចសោះ ។

 ពេលក្រោយមក ព្រះនាងត្រឡប់ទៅថ្វាយបង្គំសុំឲ្យលោកគ្រូស្រោចទឹក ដើម្បីឲ្យមានសិរីសួស្ដី ។ ពេលទៅស្រោចទឹកនោះ ព្រះនាងក៏រឹតតែសំដែងអាការរាក់ទាក់ទៅរកលោកគ្រូ កែវ ខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលថា "សូមឲ្យលោកម្ចាស់គង់នៅសប្បាយចុះ" ។ 

កាលបើឮពាក្យនោះ លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោនមុខកើតទុក្ខដោយសំដីព្រះនាង ។ អាការរបស់លោក ជាអាការប្រាប់ព្រះនាងឲ្យជ្រាបច្បាស់ថា "លោកកើតទុក្ខពីព្រោះព្រះនាង" ។ ព្រះនាងក៏រឹតតែមានសេចក្ដីស្រឡាញ់ខ្លាំងឡើងទៀត ដល់ព្រះនាងត្រឡប់ទៅព្រះដំណាក់វិញ កើតទុក្ខផ្ទំពុំលក់ សោយក្រយាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏ឲ្យ អ្នកបម្រើរៀបចំព្រះទីន័ងដំរី ទៅនិមន្តលោកមកឯព្រះដំណាក់ព្រះនាង ។ 

ឯលោកគ្រូ កែវ កាលបើបានឃើញអ្នកបម្រើទៅនិមន្ត ក៏សប្បាយព្រះទ័យណាស់ បានរៀបចំដំណើរនិមន្តមកជាប្រញាប់ ។ ព្រះនាងក៏ទំនុកបម្រុង សុទ្ធតែរបស់ប្លែកៗ ។ លុះលោកនិមន្តទៅដល់ ព្រះនាងលើក មកប្រគេនលោកផ្ទាល់ព្រះអង្គ ។ លោកគ្រូ កែវ ឆាន់ពុំបាន ។

 អាការដែលលោកឆាន់មិនបាននោះ ជាអាការប្រាប់ព្រះនាងឲ្យជ្រាបរឹតតែច្បាស់ ព្រះនាងក៏កើតទុក្ខខ្លាំងឡើងៗ អត់ទ្រាំកេរ្តិ៍ខ្មាសពុំបានក៏ចូលទៅទូលលោកថា " សូមលោកម្ចាស់សឹកចាកសិក្ខាបទមកចុះ " ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ព្រមទាំងប្រដាប់ប្រដាសព្វគ្រប់ ។

      លោកទទួលព្រមតាមសំដីព្រះនាងនិមន្ត ហើយក៏សឹកចាកសិក្ខាបទជាឃរាវាសនៅរួមសុខជាមួយព្រះនាងខ្មៅ នៅក្នុងប្រាសាទនោះ ។

      ដោយមានរឿងដំណាលដូច្នេះ បានជាប្រាសាទនោះ គេហៅថា " ប្រាសាទនាងខ្មៅ " តាំងពីនោះរហូតមក ។ចំណេរកាលមកខាងក្រោយ មានពុទ្ធបរិស័ទជ្រះថ្លា ស្ថាបនាវត្តនៅទីនោះឡើង វត្តក៏មានឈ្មោះថា " វត្តប្រាសាទនាងខ្មៅ " រហូតមកដល់សព្វថ្ងៃ ។ចប់

 ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់លេខ ២៧.០៣២ រៀបរៀងដោយ ចឹក-ប្រាក់ នៅពុទ្ធសាសនបណ្ឌិត្យ ។


រឿង តាដក់ជាន់កូនក្រួច

អ្នកទស្សនា: Views



រឿង តាដក់ជាន់កូនក្រួច 

សត្វតាដក់បានជាមានក្បាលតម្ពែក ព្រោះហេតុត្រូវសត្វដទៃទៀត ខោក-ថង ទាល់តែរបើករុះសក់អស់ ដូចមានសេចក្ដីនិទានតទៅនេះ ៖

រឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថាន ដោយសារខ្លួនជរាបន្តិចទៅផង ម្ល៉ោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវ ឬសត្វតូចតាច ក៏ពុំសូវឃើញ ។តាដក់ដើរទៅ ៗ ស្ទើរដាច់សង្វែង ក៏ទៅជាន់លើកូនក្រូច ដែលពួនជ្រកនៅក្នុងគុម្ពត្រែង ស្លាប់បង់ជីវិតទៅ ។ មេក្រួចក្ដៅចិត្តខ្លាំងណាស់ តែមិនដឹងធ្វើដូចម្ដេច ព្រោះខ្លួនតូចតាច ពុំ​ហ៊ាន​តវ៉ា​ជា​មួយនឹង​​តា​ដក់​ដែល​មាន​មាឌ​ធំ​ជង្គ្រោង​នោះឡើយ ។

មេក្រួចដើរស្វែងរកសត្វណាដែលស្លូតបូត មានគតិទៀងត្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបាន ខ្លួននឹងនាំយករឿងទៅប្ដឹងសត្វនោះឲ្យជួយជម្រះ ក្ដីសម្រាលទុក្ខខ្លួន ។

គ្រានោះ ក្រួចដើរទៅជួបនឹងសត្វគីង្គក់ គីង្គក់ស្រែកសួរថា ៖

- អើ ! បងក្រួចទៅណាមកណា ?

ក្រួចឮគីង្គក់សួរគួរសមក៏ត្រេកអរណាស់ ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្ត ប្រាប់គីង្គក់សព្វគ្រប់ ។ គីង្គក់ក៏កោះហៅតាដក់មកសួរថា ៖

- តាដក់ ! ហេតុម៉េចបានជាទៅជាន់កូនក្រួចឲ្យស្លាប់បង់ជីវិតដូច្នេះ ?

តាដក់ឆ្លើយថា ៖ បានជាខ្ញុំជាន់កូនក្រួចព្រោះខ្ញុំភ័យ ដោយមកពីខ្ញុំឃើញសត្វក្រសារវាហូតដាវខ្វាក ៗ ខ្ញុំនឹកថាប្រហែលជាមានសត្រូវមកដល់ទើបបានជាខ្ញុំស្ទុះម្នីម្នា មិនឃើញ ទៅជាន់កូនក្រូចដូច្នេះ !

គីង្គក់ក៏កោះហៅសត្វក្រសារមកទៀត ហើយសួរថា ៖

- ចុះហេតុអីបានជាក្រសារឯងហូតដាវ នាំឲ្យតាដក់ភ័យស្ទុះជាន់កូនក្រួចស្លាប់អស់យ៉ាងហ្នឹង ?

ក្រសារក៏ឆ្លើយភ្លាមថា ៖

- បានជាខ្ញុំហូតដាវប្រញាប់ណាស់ ព្រោះពេលនោះខ្ញុំឃើញក្អែកទឹកលើកទ័ពសម្បើមណាស់ ទើបខ្ញុំភ័យ !

គីង្គក់កោះហៅក្អែកទឹក មកសួរចម្លើយទៀត ។

ក្អែកទឹកឆ្លើយថា ៖

- បានជាខ្ញុំនាំគ្នាលើកទ័ព ព្រោះខ្ញុំឮសូរត្លុមវាវាយស្គរ ខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមកដល់ហើយ បានខំនាំគ្នាលើកពលរេហ៍ទៅរង់ចាំការពារនឹងសត្រូវនោះ ។

គីង្គក់ក៏កោះហៅសត្វត្លុមមកដល់ទៀតហើយសួរថា ៖

- ចុះមានហេតុអ្វី បានត្លុមឯងវាយស្គរឲ្យផ្អើលគេឯងយ៉ាងនេះ ?

ត្លុមឆ្លើយថា ៖

- បានជាខ្ញុំវាយស្គរ ពីព្រោះខ្ញុំឃើញសត្វទុងវាលយសំពៅ ខ្ញុំស្មានតែកើតហេតុអ្វីមួយបានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះ ។

គីង្គក់កោះហៅសត្វទុងមកសួរទៀត ។ ទុងឆ្លើយថា ៖

ធម្មតា ខ្ញុំក៏រកស៊ីលើគោកដែរ ប៉ុន្តែពេលនេះបានជាខ្ញុំម្នីម្នានាំគ្នាលយសំពៅ ប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះ ពីព្រោះឃើញតាដក់ វាស្ពាយយាមហើយក៏ស្មានថាមានអាសន្នមកដល់ហើយ !

អ្នកទាំងអស់ក៏ហ៊ោគឹលឡើង ស្រែកព្រមគ្នា ៖

- ទោសនេះ មកពីតាដក់ខ្លួនឯងនេះតើ !

គីង្គក់សួរយោបល់សត្វទាំងអស់តបថា “ត្រូវនាំគ្នា ខោក ថងក្បាលវាឲ្យវារាងចាល ! ” ថាហើយ សត្វទាំងអស់ក៏ព្រួតគ្នាថងក្បាលតាដក់គ្រប់ ៗ គ្នា ទីបំផុត គីង្គក់ក៏ខំលោតធាក់ក្បាលតាដក់ដែរ ទាល់តែរោមក្បាលតាដក់រុះអស់ តម្ពែករហូតសព្វថ្ងៃ ។

ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ ភាគ២

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!

រឿង អាប៉ាង នាងតី

អ្នកទស្សនា: Views

 


រឿង អាប៉ាង នាងតី

ក្នុង​សម័យ​មួយ​នោះ ជា​រដូវ​ស្រូវ​ទុំ អាប៉ាង​ទៅ​ដេក​ចាំ​ស្រូវ​វា ទាំង​យប់​ទាំង​ថ្ងៃ មាន​ទាំង​ចាប៉ី​មួយ​ទៅ​ផង, វេលា​ថ្ងៃ​ឡើង ថែ​ទាំ​ស្រូវ ដល់​ពេល​យប់​ទំនេរ តែង​ដេញ​ចាប៉ី ហើយ​ស្រែក​ច្រៀង​ផង។​ 

លុះ​ច្រៀង​រាប់​យប់​ទៅ មាន​ខ្មោច​ស្រី​ក្រ​​​​  មុំ​ម្នាក់​ ឮ​សូរ​ចម្រៀង​ច្រៀង​ចាប៉ី​ពីរោះ​ពេក​ក៏​ដើរ​ ទៅ​ស្តាប់ ទៅ​អង្គុយ​អាំង​ភ្លើង​ក្រោម​ខ្ទម​អាប៉ាង យូរ​បន្តិច​ទៅ អាប៉ាង​ក្រឡេក​ទៅ​ក្រោម​ផ្ទះ ឃើញ​ខ្មោច​ដែល​តំណែង​ខ្លួន​នោះ​អង្គុយ​អាំង​ភ្លើង អាប៉ាង​សួរ​ទៅ​ថា « អាណា​អង្គុយ​ក្រោម​ខ្ទម​នេះ?» ។ មេ​ខ្មោច​ប្រាប់​ថា «ខ្ញុំ» ។ 

អាប៉ាង​ថា «ប្រហែល​ជា​ខ្មោច​ទេ» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្មោច​ថា​មិន​ខ្មោច»។ អាប៉ាង​សួរ​ថា «ហ​ងឯង​ឈ្មោះ​អី? មក​រក​អី?» ។ មេ​ខ្មោច​ឆ្លើយ​ថា «ខ្ញុំ​ឈ្មោះ​តី, ខ្ញុំ​មក​ស្តាប់​ថា​ប៉ី»។ អាប៉ាង​ថា «ឡើង​មក! បើ​មក​ស្តាប់​ចាប៉ី » ។ មេ​ខ្មោច​ឡើង​ទៅ​អង្គុយ​ជិត​អាប៉ាងៗ ក៏​ស្រឡាញ់​គ្នា​យក​ជា​ប្តី​ប្រពន្ធ​ទៅ ។ 

ដល់​រួច​ស្រូវ មេ​ខ្មោច​នោះសួរ​ទៅ​អាប៉ាង​ថា «ឥឡូវ​រួច​ស្រូវ​ហើយ​ តើ​ឯង​ព្រម​យក​អញ​ឬ​ទេ? បើ​ឯង​មិន​យក​អញៗ នឹង​កាច់​យក​ឯង» ។ អញ​ព្រម​យក ប៉ុន្តែ​ចាំ​អញ​ដឹក​ស្រូវ​ទៅ​ទុក​ផ្ទះ​សិន» ។ លុះ​អាប៉ាង​ដឹក​ស្រូវ​យក​ទៅ​ទុក​រួច​ហើយ ក៏​ត្រឡប់​មក​យក​មេ​កន្តី​នោះ​វិញ ។ មេ​កន្តី ក៏​នាំ​អាប៉ាង​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​ខ្មោច​ទាំង​ប៉ុន្មាន រួច​ក៏​នៅ​ជា​មួយ​គ្នា​ទៅ ។ 

ប្រហែល​ជាង​មួយ​ខែ ពួក​ខ្មោច​ទាំង​ប៉ុន្មាន​បបួល​គ្នា ព្រម​ទាំង​អាប៉ាង​ឲ្យ​ទៅ​រក​បាញ់​សត្វ​មក​ធ្វើ​ជា​អាហារ ។ អាប៉ាង​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ខ្មោច​នោះ លុះ​ទៅ​ដល់​កណ្តាល​ព្រៃ​ដើម​ត្រថុក ដែល​ខ្មោច​ទាំង​ពួង​សម្គាល់​ថា ដើម​ឈើ​ទាល បាន​ប្រទេះ​នឹង​កង្កែប​មួយ ខ្មោច​ទាំង​នោះ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​កន​យើង! ដំរី​ធំ​ណាស់ ទៅ​ហើយ! »។

 អាប៉ាង​ឮ​គេ​ស្រែក​ថា​ដំរី ក៏​ប្រឹង​រក​មើល មិន​ឃើញ​ដំរី​សោះ ឃើញ​តែ​កង្កែប​លោត​មក​ត្រង់​មុខ​អាប៉ាងៗ ក៏​ចាប់​ដាក់​ក្នុង​ថ្នក់​សំពត់​ទៅ ។ ខ្មោច​អស់​នោះ ចេះ​តែ​ស្រែក​ថា «ប្រយ័ត្ន​វ៉ី​ ដំរី​ស្ត​មួយ​ធំ​ណាស់» ហើយ​ស្រែក​សួរ​អាប៉ាង​ថា «ឃើញ​ដំរី​ឬ​ទេ?» ។ អាប៉ាង​ស្រែក​ថា​ «មិន​ឃើញ​ទេ!» ។ 

ពួក​ខ្មោច​ក៏​នាំ​គ្នា​ដើរ​មក​ដល់​ជិត​អាប៉ាង​ហើយ​ថា «ទៅ​អាប៉ាង​ទៅ​ផ្ទះ​យើង រក​សត្វ​មិន​បាន​ទេ» ។ អាប៉ាង​ថា «អញ​បាន​កង្កែប​មួយ»។ ខ្មោច​ទាំង​នោះ សួរ​ទៅ​អាប៉ាង​ថា «យ៉ាង​ដូច​ម្តេច​អាប៉ាង​កង្កែប​នោះ? ឯង​ចែក​ឲ្យ​យើង​រាល់​គ្នា​ស៊ី​ផង» ។ អាប៉ាង​យក​កង្កែប​ចេញ​ពី​ថ្នក់ ហើយ​បង្ហាញ​ទៅ​ពួក​ខ្មោច​នោះ ។ 

ខ្មោច​អស់​នោះ​ឃើញ ក៏​នាំ​គ្នា​រត់​ព្រោង​ព្រាត​អស់​ទៅ​ហើយ​វា​មាន​វា​ចា​ថា «ទុក​ប្តី​មី​កន្តី​ឲ្យ​នៅ​មិន​បាន​ទេ ព្រោះ​វា​ខ្លាំង​ពូកែ​ណាស់ វា​ហ៊ាន​ចាប់​ដំរី​យក​ទៅ​ដាក់​ក្នុង​ថ្នក់​វា, បើ​ដូច្នោះ យើង​ឲ្យ​អាប៉ាង​នេះ​នៅ​មិន​បាន​ទេ​ ឲ្យ​វា​ទៅ​វិញ​ទៅ!» អាប៉ាង​ក៏​បាន​រួច​ខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ ភាគ២

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


រឿងដើមភ្លៅនាង

អ្នកទស្សនា: Views




រឿងដើមភ្លៅនាង
កាលនោះ មានព្រះរាជាមួយព្រះអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើន សតវត្សមកហើយ ព្រះរាជាអង្កនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន ។ លុះយូរបន្តិចមកព្រះរាជអង្គនេះ ទ្រង់សព្វព្រះរាជហឫទ័យនឹងនាង មួយឈ្មោះ នាងចាន់ ព្រះអង្គត្រង់យក​នាងនោះធ្វើជាស្នំពៅបង្អស់ ។

 នាងនោះមានរូបឆោម លោមពណ៌យ៉ាងឆើតជាងស្នំមហេសីទាំងអស់ តែនាងនោះ ឥតមានព្រះរាជបុត្រទេម្ល៉ោះហើយ ព្រះអង្គក៏សព្វព្រះរាជហឫទ័យជាជាងស្នំមហេសី ទាំងអស់ ដែរព្រោះនាងចេះប្រកបកិច្ចការ ដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ។​ព្រះរាជាក៏លើកតម្កើងនាងចាន់ ធ្វើជា ព្រះអគ្គមហេសី ធំលើសគេឯង ។

 និយាយពីនាងចាន់នេះ​នាងមាន​ក្រ​ចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់ បីដូចជាស្លាបព្រា បើធ្វើក្រយាស្ងោយថ្វាយស្ដេចនាង​យកក្រចកដងទឹក ឬដួសដសគ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់អោយដឹងប្រមាណ មិនអោយប្រៃ ពេកឬ សាបពេកអោយតែល្មម សូម្បីនាងបង់ប្រហុក អំបិល ស្លឹកគ្រៃ ឬគ្រឿងអ្វីក្នុងសំលក្ដី​​ នាងក៏ យកក្រចកម្រាមដៃធ្វើជាស្លាបព្រា ម៉្លោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សំលនោះ មានឪជារសឆ្ងាញ់ណាស់ នាំអោយព្រះស្វាមីសព្វព្រះរាជហឫទ័យរាល់ពេលវេលា ។

 លុះចំណេរយូរ ទៅ ព្រះមហេសីដើមទាំងអស់ ក៏មានការក្ដៅក្រហាយច្រណែននិន្ទាថា ហេតុអ្វីក៏ព្រះអង្គ តាំងពីបាន នាងចាន់ ដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំ ហើយលើកតម្កើងជាអគ្គមហេសី លើសយើងរាល់គ្នា យ៉ាងនេះ ? ហាក់ដូចជាព្រះអង្គបង់ ស្នេហាអំពីយើងគ្រប់គ្នាហើយ ។ ដូច្នេះ យើងរាល់គ្នា មិនត្រូវ នៅក្រអេះព្រងើយកន្តើយឡើយ ត្រូវតែរកឧបាយណាមួយ ដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើង ឃ្លាត ចាកសេចក្ដីស្នេហាអំពីនាង ចាន់ចេញ ទើបយើងរាល់គ្នានឹងបានសេចក្ដីសុខ ។

គិតដូច្នោះហើយក៏នាំ គ្នាឡើងគាល់ព្រះរាជា ក្រាបទូលដោយសេចក្ដីពិតថា៖បពិត្រព្រះអង្គជាស្វាមី សូមព្រះអង្គជ្រាប ខ្ញុំ ម្ចាស់ទាំងអស់គ្នាបាន ឃើញហេតុច្បាស់ អំពីនាងចាន់ ។ ព្រះអង្គហាក់ដូចជាពុំបានជ្រាបការណ៍អ្វី សោះ ។នាងនេះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់ សព្វថ្ងៃនេះ បើនាងធ្វើក្រយាស្ងោយថ្វាយ ព្រះអង្គខ្ញុំម្ចាស់បានឃើញច្បាស់នាងយកក្រចកម្រាមដៃនាងដួស ដងគ្រឿង ដាក់ក្នុងសំលនោះ។ ប៉ុន្តែបើព្រះអង្គមិនជឿរឿងនេះ ដូចជាខ្ញុំម្ចាស់បានក្រាបទូលទេ សូមព្រះអង្គចាត់រាជបម្រើណាមួយ លបមើលក្នុងពេលដែលនាងកំពុងធ្វើក្រយាស្ងោយថ្វាយព្រះអង្គចុះទើបជ្រាបនូវហេតុពិតនោះជាពុំ ខាន។ 

 ព្រះរាជា កាលទ្រង់បានព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយ ក៏ព្រះអង្គ ទ្រង់ក្រោធ ទ្រង់ចាត់រាជបម្រើមួយ អោយទៅតាមសង្កេតនូវហេតុនោះ តើពិតឬពុំពិត ។ លុះរាជ បម្រើបានសង្កេតទៅឃើញពិតដូច្នោះមែនទើបព្រះមហាក្សត្រទ្រង់ចាត់នាយពេជ្ឈឃាដ អោយយក នាងចាន់ ទៅសំលាប់ចោល ។​ ឯនាងចាន់កាលបើនាងបានដឹងនូវហេតុដែលព្រះអង្គ ខ្ញាល់នឹង​ អំពើដែលនាងបានធ្វើដូច្នោះ នាងក៏មានសេចក្ដីតក់ស្លុត នាងបានភៀសខ្លួនរត់ចេញ ពីព្រះរាជបរមរាជវាំងដើម្បីអោយរួចពីសេចក្ដីស្លាប់ ។

 ឯពេជ្ឈឃាដក៏ទៅរកចាប់នាងតាម ព្រះរាជតម្រាស់ តែរក​នាងពុំឃើញក្នុងប្រាសាទ ក៏ឡើងក្រាបបង្គំទូលព្រះរាជា ។ ព្រះរាជាទ្រង់ អោយលើកទ័ពពលរេហ៍ ទៅតាមចាប់នាងអោយបាន យកមកសំលាប់ចោល ។កាលនោះ ពួកពលសេនាលើកទ័ពតាមរក​ នាង អស់ពេលជាយូរថ្ងៃយូរខែ ពុំបានជួបនាងសោះ ។ 

ឯនាងក៏ខំរត់ អោយរួចពីព្រះអាជ្ញាដែរតែ ចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិ ក៏អោយពួកពលសេនាទាហាន តាមនាងទាន់នៅកន្លែងមួយ ចាប់យកនាងបានហើយ ជាអកុសលអ្វីមកបណ្ដាលអោយព្រះរាជាទ្រង់ក្រោធ យកទោសដល់ជីវិត ។ ម៉្លោះហើយ នាងក៏តាំងសច្ចាចំពោះទេវតា ដែលស្ថិតនៅដើមព្រឹក្សាលតាវល្លិ សូមអោយលោក ធ្វើជាសាក្សីថា៖ឪ! ជីវិតសង្ខាររបស់ខ្ញុំ ពេលនេះមច្ចុរាជ គឺសេចក្ដីស្លាប់ តាមមកទាន់ហើយ នឹងបណ្ដាច់សេចក្ដីស្នេហារបស់ខ្ញុំ អំពីអង្គ ព្រះស្វាមីឥឡូវហើយដោយព្រះស្វាមី ក្រោធចំពោះរូប ខ្ញុំ ដែលទ្រង់ពុំបានពិចារណារកហេតុផលជាមុន ឬមួយព្រះអង្គ ពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះ ទេ ។

 នោះខ្ញុំសូមសច្ចាផ្សងថា” អាការទាំង ៣២ របស់ខ្ញុំ ឲ្យបានទៅជាឈ្មោះរុក្ខាលតាវល្លិទាំង នេះ ហើយអោយព្រះអង្គបានជួបនិងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះ កុំបីអោយរំលង រួចឡើយ ។ឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រិស្នា ដែលមានក្លិនក្រអូប​ហើយជាទីសព្វព្រះ​រាជ​ហឫទ័យរបស់ព្រះអង្គផង ”។​ សច្ចាបួងសួងចប់ហើយ ពេជ្ឈឃាដក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ចំណែកនាមឈ្មោះរបស់នាង ក៏បានទៅប្រតិស្ឋជាប់នឹងក្រិស្នាទៅជា”ចន្ទន៍ក្រិស្នា”ឯអាយតនៈ ដទៃទៀត ក៏ទៅប្រតិស្ឋរូបភាពនៅនឹងរុក្ខជាតិផ្សេង ៗ ដូចជា៖ • -កេសា បានទៅជាប់នឹងផ្លែពោត ហៅថាសក់ពោត។

 លោមា គឺរោម បាននៅជាប់នឹងម្អម ។ 
មំសំ គឺសាច់នាងផ្ញើនឹងដើមចាក ។
 ឯសាច់ភ្លៅដែលសទ្រលុកត្រលន់នោះ បានផ្ញើនឹងដើមឈើមួយបែបដែលមានដើមតូចល្មម គេ ហៅជាប់ថាដើម ”ភ្លៅនាង” រហូតដល់សព្វថ្ងៃនេះ ៕ចប់ 


 ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

 

    


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!

រឿង​ អាសំគមបាញ់លលក

អ្នកទស្សនា: Views

 រឿង​ អាសំគមបាញ់លលក


  រឿង​ អាសំគមបាញ់លលក

 មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សត្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា “អាសំគមបាញ់លលក” ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។

            ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ 

អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ 

កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ 

ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។

 ម្តាយនិយាយនឹងកូនថា “នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?” អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា “ម៉ែ! បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ “ ។

  ម្តាយដែលមានចិត្តអាណិតកូណ ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា “ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត” សំដីប៉ុណ្ណេះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ 

ម្តាយអាសំគមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ 

នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖“ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយងស់សង្ឃឹម” ។

- អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។

- ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ 

ចូនជាពេលមួយ បុរសនោះក៏ទៅអាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសំគមបាញ់លលកសួរថា “អ្នកឯងទៅណា?” ។ បុរសនោះឆ្លើយថា “ខ្ញុំមកលបមើលកូនសេដ្ឋី “ ឆ្លើយហើយសួរថា “ចុះឯងមកធ្វើអ្វីដែរ? “ ។ អាសំគមបាញ់លលកថា “ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ” ។ បុរសនោះថា “យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ” ។ អាសំគមបាញ់លលកថា “បងឯងចាំមើល ខ្ញុំយកទាល់តែបាន” ។

- ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយតំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ជើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។

 លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា “អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? “ ថាហើយក៏រើសលលកទៅ ។ អាសំគមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា “នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាន “ ។ 

នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា “លលកបងឯងខ្ញុំយកមកនេះហើយ “ ។ អាសំគមបាញ់លលកស្តីគំរាមថា “ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ “ កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។ អាសំគមបាញ់លលកថា “ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ 

“នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា “នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត” ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ 

ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា “បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង “គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសំគមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា “មូសខាំណាស់ “ ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ 

អាសំគមបាញ់លលកស្រែកទៀតថា “សង្កើចខាំណាស់ “ ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសំគមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។ចប់

ចេះដប់មិនស្មើប្រសប់មួយ

សូមអរគុណសម្រាប់ការស្តាប់របស់លោកអ្នក!

រឿង​កំណើត​សត្វ​ឆ្មា

អ្នកទស្សនា: Views

 


           ក្នុង​កាល​នោះ​មាន​មហា​ឥសី​មួយ​អង្គ គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ វុឌ្ឍីបព៌ត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជា​អង្វែង​ឆ្នាំ​មក ។ នៅ​កន្លែង​នោះ មាន​ស្រះ​បួន​គឺ​ទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និង​ឧត្តរ ១ ។ ស្រះ​នោះ​មាន​ទឹក​រង​ថ្លា មាន​ដុះ​ឈូក​ក្រហម​ឈូក​ស និង​បុប្ផា​ផង​ទាំង​ពួង ជា​ទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប ឯ​មាត់​ច្រាំង​ក៏​ជ្រាល មុខ​គួរ​ឲ្យ​សប្បាយ​ពេក​ណាស់ ។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍ ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។ 

មាន​សម័យ​ថ្ងៃ​មួយ ព្រះ​ឥសី​គង់​ចម្រើន​មេត្តា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ សព្វ​គ្រប់​ទៅ​ឃើញ​ថា: ឱ ! មាន​ទេព​ធីតា​មក​ចាប់​កំណើត ក្នុង​ផ្កា​ឧត្បល ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្តរ បាន​អាយុ ៩ ថ្ងៃ​ហើយ តើ​អា​ត្មា​អញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ ៩ ថ្ងៃ​ហើយ​ដែរ ។ 

ព្រះ​ឥសី​ក៏​ដាក់​ស្មឹង​ស្មាធិ៍​គិត​ថា អា​ត្មា​អញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ចុះ គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ តម្រង់​ទៅ​ទិស​ឧត្តរ ដល់​ស្រះ​ហើយ ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឃើញ​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់ ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក ហើយ​និមន្ត​ត្រឡប់​មក​កាន់​អាស្រម​វិញ ចិញ្ចឹម​ថែ​រក្សា​ជា​សុខ​សប្បាយ ។

 លុះ​ដល់​នាង​ធំ ក៏​ឲ្យ​ឈ្មោះ​ថា “ ឧត្តរ​បុប្ផា ” លុះ​បាន​អាយុ ១៥ វស្សា លោក​តា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក អាណិត​ចៅ​ស្រី ព្រោះ​ពេញ​រូប​រាង​ទៅ​ហើយ នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង ឯក​ឯង​អផ្សុក​វិតក្ក​ចិត្ត ដូច្នេះ​គួរ​អញ​យក​បុប្ផា​មួយ​ទៀត​មក​ជប​ឲ្យ​កើត​ជា​គ្នា គ្រាន់​បាន​ជា​ពីរ​នាក់ ។

 ព្រះ​ឥសី​គិត​ហើយ ឈ្វេង​យល់​ថា ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប​ជា​មនុស្ស​ទៅ ឃើញ​ថា​ជា​ជាតិ​ផ្កា​ដូច​គ្នា ដូច្នេះ​ចាំ​យក​ជាតិ​ពី​នាង​ផ្ទាល់​វិញ ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង ឧត្តរ​បុប្ផា​មក​ផ្ដាំ​ថា បើ​កាល​ណា​នាង​ធំ​ពេញ​រាង​ហើយ មាន​រដូវ ចូរ​នាង​ផ្ដិត​សំឡី​ឲ្យ​ទុក​ឲ្យ​តា ៗ នឹង​ជប​ឲ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់ ។ 

នាង​ឧត្តរ​បុប្ផា បាន​ឮ​លោក​តា​មាន​ពុទ្ធដីកា​ហើយ ក៏​ត្រេក​អរ​ពន់​ពេក លុះ​ដល់​គម្រប់​ពេល​មាន​រដូវ​កាល​ណា​ហើយ នាង​ក៏​យក​ទៅ​ថ្វាយ​លោក​តា​តាម​បណ្ដាំ ។លោក​តា​ប្រាប់​ទៅ​នាង​ថា៖ អើ​ចៅ ! ថ្ងៃ​ស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់ គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ ។ វេលា​យប់​នោះ នាង​ដេក​ពុំ​លក់​សោះ ទន្ទឹង​ចាំ​តែ​ព្រឹក​ឆាប់ នឹង​អាល​បាន​គ្នា​ជា​ពីរ​នាក់ ។ 

លុះ​ព្រឹក​ឡើង លោក​តា​ក៏​បិទ​ទ្វារ​កុដិ តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ត​ជប​បាន​ឆ្មា​ញី​មួយ​សម្បុរ​បី អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឲ្យ​ទៅ​នោះ ។ រួច​ស្រេច​ហើយ ឥសី​ហៅ​នាង​ឧត្តរ​បុប្ផា​មក ហើយ​លើក​ឆ្មា​ហុច​មក​ឲ្យ​នាង ប្រាប់​នាង​ថា “ នេះ​ជា​គ្នា​របស់​នាង​ហើយ សត្វ​នេះ​ឈ្មោះ​ថា ឆាម៉ា ” ។ 

សត្វ​នោះ​ចេះ​និយាយ​គួរ​សម​ជាមួយ​នាង នាង​ក៏​ទទួល​យក​មក​ថែ​រក្សា​ដោយ​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត ទុក​ដូច​ជា​កូន ឬ​ប្អូន​ឱប​ដល់​ឱរា​បី​យក​ទៅ​ក្នុង​បន្ទប់ ទៅ​ណា​មក​ណា តែង​យក​ទៅ​តាម និយាយ​គ្នា​បី​ដូច​មនុស្ស​ដូច្នោះ ។ 

លុះ​ដល់​នាង​អាយុ​បាន ១៧ ឆ្នាំ ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា ឲ្យ​នាង​កាន់​កុំ​ឲ្យ​ភាន់​ច្រឡំ សម្រាប់​ជា​ច្បាប់​ត​ទៅ​កូន​ចៅ​ស្រី ៗ ឯ​ក្រោយ​ទៀត គឺ​ថា​ជាតិ​ជា​ស្រី​ទាំង​អម្បាល​ម៉ាន មិន​ត្រូវ​ទាត់​សត្វ​ឆាម៉ា​នេះ​នឹង​ជើង ឬ​វាយ​នឹង​អម្បោស ឬ​មួយ​នឹង​ត្របុត​ត្រី​អាំង ។ 

កុំ​ថា​តែ​ទាត់​ធាក់ សូម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ ត្បិត​សត្វ​នេះ​កើត​ឡើង​ដោយ​លក្ខណ៍​ស្រី ។ បើ​ស្រី​ណា​ទាត់​ធាក់ ឬ​ដើរ​កន្លង​សត្វ​នេះ ហៅ​ថា​ស្រី​ហីន​លក្ខណ៍ ហើយ​បើ​ប្រព្រឹត្តិ​ច្រើន​ដង​ទៅ ហៅ​ថា​ស្រី​ខាត​លក្ខណ៍ ។ ត​មក​ប្រមាណ ១៤ ខែ សត្វ​ឆាម៉ា​ក៏​កើត​បាន​កូន​ឈ្មោល​មួយ​ឡើង​ទៀត ។ គឺ​ជា​ឆាម៉ា​ទាំង​ពីរ​នេះ​ហើយ ជា​កំណើត​ឆ្មា​ទាំង​អស់ ។

និយាយ​ពី​ស្ដេច​មួយ​អង្គ​នាម​សោទត្ត ព្រះ​រាជ​បិតា​លើក​រាជ​សម្បត្តិ ឲ្យ​កូន​នេះ​សោយ​រាជ្យ​សម្បត្តិ​ឲ្យ​កូន​នេះ​សោយរាជ្យ ពី​ព្រះ​ជន្ម​បាន ២១ ព្រះ​វស្សា នៅ​នគរ​ឈ្មោះ​តក្ក​សីលា ។ ស្ដេច​ថ្មី​នោះ​សោយ​រាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ ត្រអាល​ក្រសាល​តែ​នឹង​ស្រី​ស្នំ​បរិពារ ។ 

លុះ​អង្វែង​ទៅ ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ លោក​នឹក​ភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ ។ លុះ​ភ្លឺ​ស្វាង​កាល​ណា ស្ដេច​ក៏​ចេញ​ចុង​ព្រះ​រាជ​រោង ឲ្យ​នាម៉ឺន​មុខ​មន្ត្រី​គាល់​ដូច​សព្វ​ដង ។ លុះ​ជួប​ជុំ​មន្ត្រី​អស់​ហើយ ស្ដេច​ក៏​មាន​បន្ទូល​ប្រាប់​ថា “ យើង​ចង់​ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខាន​ស្អែក ចូរ​រៀប​ចំ​ពល​ថ្មើរ​ជើង​និង​សេះ​ដំរី រៀបចំ​ស្បៀង​អាហារ​ក្រយា​ស្ងោយ​គ្រាន់​គ្រប់​គ្នា​កុំ​ឲ្យ​ខ្វះ” ។ 

នាម៉ឺន​ទទួល​ព្រះ​រាជ​ឱង្ការ​កាល​ណា ក៏​រៀប​ចំ​ប្រដាប់​ឥត​មាន​ខ្វះ ពល​ថ្មើរ​ជើង ពល​សេះ​ដំរី រួច​ស្រេច​ហើយ ក៏​ចូល​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ​ជ្រាប ។ លុះ​ដល់​កំណត់​ថ្ងៃ​ហើយ វេលា​ព្រឹក​ស្ដេច​ក៏​យាង​ចេញ​ទៅ ដោយ​មាន​នាម៉ឺន​សេនា​ទាហាន​ហែ​តាម លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់ ព្រៃ​ហេមវន ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឲ្យ​បោះ ព្រះ​ពន្លា​មួយ​នៅ​ទី​នោះ ។


 អស់​ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់ ៗ តាម​មុខ​របស់​ខ្លួន​ស្រេច ហើយ​ស្ដេច​មាន​បន្ទូល​បើក​អំណាច​ឲ្យ​អស់​សេនា​លេង​ល្បែង-ភ្លេង​ច្រៀង​រាំ​តាម ចិត្ត​ឲ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ ។ 

នៅ​ពេល​យប់​ស្ដេច​ក៏​ចូល​ផ្ទំ ក្នុង​ព្រះ​ពន្លា​ជ័យ លុះ​អាធ្រាត្រ​ស្ងាត់​ឮ​សូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ មុខ​គួរ​ឲ្យ​ស្រងេះស្រងោច លន្លង់​លន្លោច​ក្នុង​ព្រះ​ទ័យ​មមៃ​នឹក​គិត​គ្រប់​សព្វ លុះ​ភ្លឺ​ស្វាង​ព្រះ​សុរិយា​កាល​ណា ស្ដេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ បង្គាប់​ទៅ​រាជ​អាមាត្យ ឲ្យ​រៀប​ទីន័ង​អស្សតរ​ថ្វាយ ព្រះ​អង្គ​នឹង​ត្រេច​មើល​ព្រៃ​

កម្សាន្ត​ព្រះ​ទ័យ​ជា​មួយ​នឹង​អាមាត្យ​ពីរ​នាក់ បី​នឹង​ស្ដេច ។ រួច​ហើយ​ចេញ​ទៅ ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លា​ជ័យ​វិញ ។ គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក ១ ស្ដេច​ក៏​បរ​ទីន័ង​ទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្តរ​បុប្ផា ទ្រង់​ទត​ទៅ​ឃើញ ទឹក​ក៏​រង​ថ្លា ឃើញ​បុប្ផា​និង​មច្ឆា​គ្រប់​បែប ហែប​ហែល​ជ្រួល ច្រវាត់​មុខ​គួរ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ចុះ​ស្រង់ ។ 

ទើប​ស្ដេច​មាន​បន្ទូល ទៅ​រាជ​អាមាត្យ​ទាំង ២ ថា យើង​ងូត​ទឹក​ស្រះ​នេះ​ឲ្យ​ត្រជាក់​កាយ​សប្បាយ​ចិត្ត​សឹម​បន្ត​ដំណើរ​ទៅ ទើប​ឈប់​លែង​ពាជី​ឲ្យ​ស៊ី​ស្មៅ រួច​ផ្លាស់​ព្រះ​ពស្ត្រ​ស្រង់​ទៀត ព្រម​ទាំង​រាជ​អាមាត្យ ទឹក​ក៏​ត្រជាក់​ធ្វើ​ឲ្យ​មាន​កម្លាំង​មែន ។ រួច​ហើយ​ឡើង​ផ្លាស់​ព្រះ​ពស្ត្រ​ស្រេច ស្ដេច​ក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ ឃើញ​មាន​ផ្លូវ​ទក់​ៗ ព្រះ​អង្គ​នឹក​ថា “យី ! ព្រៃ​នេះ​សម​សាន្ត​ឋាន​ស្ងាត់​ណាស់ ម្ដេច​ឡើយ​ក៏​

មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នោះ” ។ រួច​ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នឹង​អាមាត្យ​ថា នៅ​ចាំ​យើង​ទី​នេះ​ចុះ យើង​ដើរ​ទៅ​មើល​ត្រង់​នោះ​បន្តិច ។ ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ​ទៅ ៗ បន្តិច​បាន​ក្រឡេក​ឃើញ​អាស្រម ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា រោង​នេះ​ជា​រោង​អី ? ជា​ផ្ទះ​ព្រាន​ព្រៃ​ទេ ឬ​អ្វី ? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ ឯ​ព្រះ​ឥសី​កំពុង​ឆាន់ នាង​ឧត្តរ​បុប្ផា​អង្គុយ​គាល់​លោក​តា ។ 

លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញ នាង​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ។ ព្រះ​ឥសី​សួរ​ទៅ​នាង​ថា ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង? នាង​និយាយ​តិច ៗ ទូល​ឥសី​ថា “មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក”។ ព្រះ​ឥសី​ក៏​បែរ​ព្រះ​ភក្ត្រ​ទត​យល់​ដូច​នាង​ទូល​មែន។

 ឯ​ព្រះ​រាជា លុះ​យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ឥសី, ឥសី​ក៏​ឈប់​ឆាន់ សួរ​ទៅ​ស្ដេច​ថា នែ​ចៅ​មក​ពី​ណា បាន​ជា​ចូល​មក​ដល់​ទី​នេះ ? ” ទើប​ស្ដេច​ទូល​ឥសី​ថា “ ខ្ញុំ​ព្រះ​ករុណា​មក​ពី​នគរ​តក្ក​សីលា ” ឥសី​ឈ្វេង​យល់​មួយ​រំពេច​ថា នេះ​ជា​ស្ដេច ទើប​ព្រះ​អង្គ​សួរ​ទៅ​ទៀត​ថា “ ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី ” ។ 

ព្រះ​បាទ​សោទត្ត ទូល​ឥសី​តាម​ដំណើរ ឯ​ឥសី​ឈ្វេង​យល់​ថា ស្ដេច​អង្គ​នេះ​ត្រូវ​ជា​គូរ​នាង​ឧត្តរ​បុប្ផា លោក​ក៏​ហៅ​ចៅ​ស្រី​ឲ្យ​ចេញ​មក​ថ្វាយ​បង្គំ​ព្រះ​រាជា ។ ហេតុ​តែ​នាង​ជា​ស្រី​មាន​លក្ខណ៍ ក៏​ចេញ​មក​ថ្វាយ​បង្គំ​ព្រះ​រាជា​តាម​ពុទ្ធ​ដីកា ។ ព្រះ​អង្គ​ក្រឡេក​យល់​នាង នាង​ក៏​យល់​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ច្បាស់ ហើយ​ចាប់​ចិត្ត​ទៅ​វិញ​

ទៅ​មក ទើប​ព្រះ​ឥសី​មាន​ពុទ្ធ​ដីកា​ថា “ ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូ​នឹង​នាង តាំង​តែ​អំពី​អតីត​ជាតិ​មក​ម្ល៉េះ ” ។ គ្រា​នោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល ព្រះ​បាទ​សោទត្ត​ក៏​ទូល​ថា ព្រះ​អង្គ​យក​តែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ ឥឡូវ​ឲ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិស​ឧត្តរ​ឯ​ណោះ ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវ​ជា​គូ​ស្រករ​នឹង​នាង​នេះ ក៏​ស្រេច​តែ​លោក​តា បើ​សព្វ​ព្រះ​ទ័យ​យ៉ាង​ណា ខ្ញុំ​ព្រះ​ករុណា​ទទួល​ធ្វើ​តាម​ទាំង​អស់ ។ 

ឥសី​បញ្ជា​ទៅ​វិញ​ថា “ បើ​ដូច្នេះ សូម​ស្ដេច​ចៅ​ថយ ទៅ​រៀប​ចំ​សង់​រោង​បី​ល្វែង ហើយ​រក​ផ្កា​ឲ្យ​បាន ៧ ពណ៌​យក​មក​ចង​ផ្គុំ​ជា​បី​បាច់ ទុក​ឲ្យ​តា​ទៅ​ប្រសិទ្ធី​ពរ​ជ័យ​ឲ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​សុខ​សប្បាយ​ត​ទៅ ” ។

ស្ដេច​ស្ដាប់​ព្រះ​ពុទ្ធ​ដីកា​ហើយ ក៏​រួស​រាន់​ថ្វាយ​បង្គំ​លា យាង​មក​ដល់​ទី​កន្លែង​ស្រះ​ដែល​ឲ្យ​អាមាត្យ​ចាំ ហើយ​បបួល​អាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លា​ជ័យ​វិញ ដល់​ហើយ​បញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម ឲ្យ​រៀប​ចំ​សង់​រោង​បី​ល្វែង តាម​បង្គាប់​ឥសី ។ បាន​រួច​ស្រេច ក៏​ឲ្យ​ក្បួន​ទ័ព​ព្រម​ទាំង​ភ្លេង​ដូរ្យតន្ត្រី​ពីរោះ​ល្វឹង​ល្វើយ ទៅ​ដង្ហែ​នាង​ឧត្តរ​បុប្ផា​ពី​អាស្រម​ឥសី និមន្ត​ទាំង​ព្រះ​ឥសី​ឡើង​គង់​ព្រះ​វរ​សលៀង​ដង្ហែ​មក​កាន់​ព្រះ​ពន្លា ។ 

ដល់​ហើយ​ព្រះ​តាបស​តាំង​សូត្រ​ទិព្យ​មន្ត ព្រះ​ឥសី​ក៏​បាច​ផ្កា​ទាំង ៧ ពណ៌​នោះ​ថ្វាយ​ពរ​ជ័យ​ដល់​គូ​ស្រករ​ថ្មី ។ បី​ថ្ងៃ​ត​មក ទើប​ព្រះ​អង្គ​និង​នាង​ជាយា​ថ្វាយ​បង្គំ​លា​លោក​តា នាង​ក៏​ស្រក់​ទឹក​ភ្នែក​នឹក​អាល័យ​លោក​តា ព្រោះ​តាំង​ពី​កើត​មក ពុំ​ដែល​បែក​ទៅ​ណា​សោះ ឥឡូវ​មិន​ដឹង​ជា​កាល​ណា​នឹង​បាន​មក​ថ្វាយ​បង្គំ​វិញ​ទេ ។

គ្រា​នោះ ឥសី​បាន​ផ្ដាំ​នាង​ថា៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ នាង​ត្រូវ​ឱប​សត្វ​ឆាម៉ា ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទ ៣ ជុំ រួច​សឹម​ឡើង​ទៅ​នៅ​ក្នុង​ប្រាសាទ​នោះ ទើប​នាង​បាន​សុខ មាន​សិរី​សួស្ដី ។ នាង​ស្ដាប់​សព្វ​គ្រប់​ហើយ ក៏​លា​ចេញ​ទៅ លុះ​ទៅ​ដល់​ព្រះ​រាជ​វាំង​ហើយ មុន​នឹង​ចូល​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឲ្យ​ឆ្គង ក៏​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន​រហូត​ទៅ ។

ទំនង​ជា​ដោយ​សារ​រឿង​នេះ​ទេ​ដឹង បាន​ជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ ក្នុង​ពេល​ធ្វើ​ពិធី​ឡើង​ផ្ទះ​ថ្មី គឺ​គេ​និយម​ឱប​ឆ្មា​មួយ ហើយ​ដើរ​ប្រទក្សិណ​ផ្ទះ​បី​ជុំ ហើយ​ស្រេច ទើប​គេ​ឡើង​នៅ ។ ចប់ដោយបរិបូរ

ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ ភាគ២

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!


រឿង បក្សីលៀងអារក្ស

អ្នកទស្សនា: Views

 


នេះនឹងថ្លាថ្លែងពីរឿងសត្វទាំងឡាយកើតចលាចលដោយសារសត្វផងគ្នាមានជំងឺហើរដើរស្វែងរក មេមត់មកជួយមើល ។ កេរកាលនោះមានសត្វព្រាបមួយមានទុក្ខដោយឆ្លងទន្លេមិនរួច ម្ល៉ោះហើយ ព្រាបចេះត្រូវថ្ងូររហ៊ឹះសុំអោយគេជួយ ។ ត្រង់នេះហើយដែលនាំអោយព្រាបជាប់យំថ្ងូររហូត ដល់សព្វថ្ងៃនេះ ។ ព្រាបយំថ្ងូរខ្លាំងយ៉ាងនេះ ក៏ផ្អើលទៅដល់សត្វដទៃទៀត មកជួយមើលឈូរឆរ ។ ក្នុងបណ្ដាអ្នកដែលមកជួយនោះ មានសត្វខ្លះក៏ជួយឈឺឆ្អាល តែមានសត្វខ្លះទៀត ត្រឡប់ជាបញ្ជោះបន្សោក បន់ផ្ដន្ទា អោយព្រាបទៅវិញ ហេតុនេះបានជាមានសម្រែកសត្វប្លែក ៗ គ្នាតាមភាសាវា គឺខ្លះស្រេកជួយឈឺឆ្អាល និងខ្លះទៀតស្រែកផ្ដន្ទា៖មាន់ ទា ក្អែក ស្រែកផ្ដន្ទា

• ក្អែកស្រែកថា ៖ ” ងាប់ឥឡូវ ! ងាប់ឥឡូវ ! ងាប់ឥឡូវ! “

• (ត្រង់នេះហើយ បានជាក្អែកនៅជាប់ស្រែកថា ៖ឡូវ ៗ នៅដល់សព្វថ្ងៃ)

• មាន់ស្រែកថា ៖ ” ចប ! ចប ! “បានន័យថាអោយរកចបមកបម្រុងចាំ់គប់ខ្មោចព្រាបតែ

ម្ដងទៅព្រោះព្រាបនេះ វានឹងស្លាប់ឥឡូវហើយ។នេះជាពាក្យបញ្ជោះ ព្រោះមាន់ចង់អោយ ព្រាបស្លាប់ចុះ ។

• ទាស្រែកបន្ថែមតាមក្រោយមាន់ថា ” កាប់ ! កាប់! កាប់! “ព្រោះថាបើព្រាបស្លាប់ហើយ មាន់ឲ្យគេរកចបហើយនោះ ត្រូវកាប់ដីកប់វាតែម្ដងទៅ។ក្រៅពីសត្វដែលផ្ដន្ទាឲ្យព្រាបស្លាប់ នៅមានសត្វដែលជួយសង្គ្រោះព្រាបច្រើនទៀត ។ នៅពេលនោះ សត្វរលកស្រែកថា ” រ៉កគ្រូ ! រ៉កគ្រូ ! ” តែសត្វដទៃទៀតជំនុំគ្នាថា ត្រូវទៅរកមេមត់ អោយជួយសង្គ្រោះជីវិតសត្វព្រាបវិញប៉ុន្តែ រូបមេមត់នោះនៅឆ្ងាយណាស់ ហើយពេលនេះជារដូវវស្សាមានទឹកជោរជន់លិចវាលល្ហល្ហាច ផង។បើនឹងធ្វើដំណើរទៅ តោងតែរកទូកក្ដារច្រវាចែវទើបបាន ម្ល៉ោះហើយពួកសង្គ្រោះទាំងនោះ ម្នីម្នាស្រេកកកោកកកាករកប្រដាប់ទាំងនេះលាន់ទ្រហឹង៖អាអូត ស្រែកថា ៖”ទូក ! ទូក ! ទូក ”មាន់ទឹកស្រែកថា ៖” ច្រវា ! ច្រវា ! ច្រវា !”ប្រវឹក និង ស្មោញ នាំគ្នាបាចទឹកចេញពីទូកឮសូរខ្វក់! ខ្វក់ ! ខ្វក់ !រួចហើយគេក៏ចេញទូក ដឹកនាំទាំងព្រាប ដែលជាអ្នកជំងឺនោះឆ្ពោះទៅលំ នៅមៀមជារូបមេមត់។ ទំរាំទៅដល់ ជាពេលពន់ព្រលប់សត្វមៀមរូបមេមត់យកសត្វទីទុយជាស្នំគឺ ជាអ្នកនិយាយលួងលោមរូបមេមត់។បណ្ដាសត្វដែលមានសំរែកផ្សេងៗ គ្នា ក៏ប្រជុំគ្នាធ្វើជាវង់ ភ្លេងអារក្សមួយវង់ ដើម្បីបញ្ជាន់រូបមេមត់នោះ គឺ ៖

សត្វត្លុមធ្វើស្គរ សារិកាកែវធ្វើទ្រ ល្វាចេកធ្វើប៉ី ត្រសេះវាយក្រាប និងទន្ទេបជាអ្នកច្រៀង ។ លុះនាំគ្នាធ្វើត្រាប់បទភ្លេង បានមួយចប់ហើយ ទីទុយជាស្នំ ចាប់ផ្ដើមសួរឡើងថា ៖ទីទុយពើតពើងកូនយើងជាទេ ? ទីទុយពើតពើង! កូនយើងជាទេ? មៀមដែលជារូបមេមត់ពុំមាន​ស្ដីថាអ្វីសោះ រឹតតែបើកភ្នែកធំឡើង ៗ លុះទីទុយនៅតែសួរដដែលៗ ពេកក៏ឆ្លើយតែមួយម៉ាត់ថា៖លៀងលៀង ! ឮដូចនេះ គ្រលីងគ្រលោងក៏ស្រែកឡើងថា៖“ជាក៏លៀង មិនជាក៏លៀង !” ជាក៏ លៀងមិនជាក៏លៀង”លុះចាប់ពិធីបញ្ជាន់រូបមេមត់រួចហើយ សត្វទាំងអស់ក៏នាំគ្នាវិលមកកាន់ កំពង់ ដើម្បីឆ្លងត្រឡប់មកកន្លែងខ្លួនវិញ ។ មកដល់កំពង់រកទូកពុំឃើញ ក៏បង្កូកហៅរកគ្នា ក្រែងមានអ្នកណាយកទូកទៅអុំលេង ស្រាប់តែមានសត្វមួយស្រែកឆ្លើយពីត្រើយម្ខាងមក ថា” គូក ៗ ! ។ “គេក៏នាំគ្នាដាក់ឈ្មោះ សត្វនោះថា សត្វគូក ៗ រហូតដល់សព្វថ្ងៃ។ចំណែក សត្វក្អែកដែលជាសត្វផ្ដន្ទាអោយព្រាបស្លាប់តែត្រឡប់ជាមិនស្លាប់វិញ ដោយបានទីទុយ មៀម គូក ជួយយកអាសានោះ ក៏ប្រកាន់ស្អប់សត្វទាំងនោះ តែកាលណាឃើញសត្វទាំងនេះហើយ តែងតែព្រួតគ្នាដេញចឹកព្យាបាទ ជាប់រហូតដល់សព្វថ្ងៃនេះ ៕



ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ


សូមអរគុណសម្រាប់ការអានរបស់លោកអ្នក

រឿងអាខ្វាក់អាខ្វិន

អ្នកទស្សនា: Views

 

រឿងអាខ្វាក់អាខ្វិន

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់ ម្នាក់​ខ្វាក់ ម្នាក់​ខ្វិន នៅ​ខ្ញុំ​ចិន​ទាំង​ពីរ​នាក់ អស់​អ្នក​ស្រុក​គេ​ហៅ​អាខ្វាក់​អាខ្វិន ប៉ុន្តែ​នៅ​ម្ចាស់​ដោយ​ខ្លួន អាខ្វាក់​នៅ​នឹង​ចិន​ផ្ទះ​មួយ អាខ្វិន​នៅ​នឹង​ចិន​ផ្ទះ​មួយ​ទៀត​ជិត​គ្នា ។ អាខ្វាក់​អាខ្វិន​យក​គ្នា​ជា​សំឡាញ់ ។ 

ឯអាខ្វាក់ៗ ភ្នែក​ទាំង​ពីរ មើល​មិន​ឃើញ​អាខ្វិនៗ​ជើង​ទាំង​ពីរ ដើរ​មិន​រួច បើ​នឹង​ទៅ​ណា​បាន​តែ​កិល​នឹង​គូថ ។ ចិន​ជា​ម្ចាស់​ប្រើ​អាខ្វាក់​អាខ្វិន គ្មាន​ប្រណី​អាណិត​ថា​ខ្វាក់​ថា​ខ្វិន​សោះ ។ អាខ្វាក់​អាខ្វិន​នឿយ​លំបាក់​ណាស់ ក៏​គិត​គ្នា​ថា « យើង​នឿយ​ហត់​លំបាក់​ណាស់ នឹង​ទ្រាំ​នៅ​ជា​ខ្ញុំ​ចិន​នេះ​មិន​បាន​ទេ មាន​តែ​យើង​គិត​រត់​​» ហើយ​អាខ្វាក់​សួរ​អាខ្វិន​​ថា « បើ​ដូច្នោះ យើង​នឹង​គិត​ដូច​ម្តេច? » ។ 

អាខ្វិន​ឆ្លើយ​ឡើង​ថា « អញ​ឃើញ​ទូក​គេ​នៅ​កំពង់​នោះ​មាន យើង​ត្រូវ​រត់​ទៅ​ដោយ​ទូក​នោះ ទើប​រួច» ។ អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​យប់​ក៏បបួល​គ្នា​ចុះ​ទៅ​កំពង់​ហើយ​ចេញ​ទូក​ពី​កំពង់​ទៅ ប៉ុន្តែ​អាខ្វាក់​អាខ្វិន ជា​មនុស្ស​មិន​ចេះ​អុំ​ទូក ក៏​អង្គុយ​ម្នាក់​ឯក្បាល ម្នាក់​ឯកន្សៃ ឈម​មុខ​ទល់​គ្នា ប្រឹង​អុំ​ទូក​ទៅ ។

 អាខ្វាក់​មើល​មិន​ឃើញ​អាខ្វិន​ជា​មនុស្ស​មិន​ដែល​អុំ​ទូក​សោះ ហើយ​យប់​ងងឹត​មើល​មិន​ឃើញ គិត​ស្មាន​ថា ទូក​លឿន​ទៅ​មុខ តែ​ទូក​ចេះ​តែ​វិល​នៅ​ត្រង់​កំពង់​នោះ​ឯង លុះ​អុំ​យូរ​ទៅ​ដល់​ពាក់​កណ្តាល​អាធ្រាត្រ ឮសំឡែង​សត្វ​អក​យំ អាខ្វាក់​អាខ្វិន​និយាយ​គ្នា​ថា «​យើង​ប្រឹង​អុំ​ទូក​ឡើង ដល់​កន្លែង​អន្លង់​អក​ហើយ» ។ អាខ្វាក់​អាខ្វិន ខំអុំ​ទៅ​ទៀត លុះ​ដល់​ពេល​មាន់​រងាវ ហើយ​និយាយ​គ្នា​ថា « យើង​ជិត​ដល់​ស្រុក​គេ​ហើយ ប្រឹង​អុំ​ឡើង​ក្រែង​គេ​តាម​ទាន់» ។ 

អាខ្វាក់​អាខ្វិន​ក៏​ប្រឹង​អុំ លុះ​ត្រា​តែ​មាន​រងាវ​កុះ ឮសម្លេង​តាវ៉ៅយំ ភ្លឺ​ព្រាង​ៗ​ពីឯកើត អាខ្វិន​ក៏​និយាយ​ប្រាប់​ទៅ​អាខ្វាក់​ថា « ដូច​ជា​កំពង់​ផ្ទះ​យើង» ។ លុះ​ភ្លឺ​បន្តិច​ឡើង​ម្ចាស់​ចុះ​មក​ដង​ទឹក ឃើញ​អាខ្វាក់​អាខ្វិន​អង្គុយ​អុំ​ទូក​ឈម​មុខ​ទល់​គ្នា ហើយ​គេ​ហៅ​ឲ្យ​អុំ​ទូក​ចូល​មក គេ​ដឹង​ថា « អាខ្វាក់​អាខ្វិន​រត់ ប៉ុន្តែ​គេ​គិត​ថា វា​នឹង​រត់​ទៅ​ឯណា បើ​វា​ខ្វាក់​ខ្វិន​ដូច្នេះ» គេ​ក៏​ឲ្យ​ឡើង​ទៅ​ផ្ទះ​វិញ គេ​មិន​បាន​ជេរ​វាយ​ទេ ។

 អាខ្វាក់​អាខ្វិន​ទៅ​នៅ​ដូច​ពី​ដើម​វិញ ។ លុះ​នៅ​យូរ​ទៅ អាខ្វាក់​អាខ្វិន​បបួល​គ្នា​រត់​ទៀត អាខ្វិន​និយាយ​នឹង​អាខ្វាក់​ថា « យើង​រត់​ម្តង​នេះ​ទៀត កុំ​ឲ្យ​ម្ចាស់​គេ​តាម​ទាន់ យើង​កុំ​ទៅ​ជើង​ទឹក ទៅ​ជើង​គោក​វិញ» ។ អាខ្វាក់​ឆ្លើយ​ថា «ទៅ​ដូច​ម្តេច​នឹង​បាន​ជើង​គោក​នោះ បើ​អញ​ខ្វាក់ ឯង​ខ្វិន​នឹង​រត់​ទៅ​ឯណា​រួច» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឯង​កុំ​ព្រួយ​ចិត្ត ឯង​ឲ្យ​អញ​ជិះ​លើ​ឯង ហើយ​អញ​បង្ហាញ​ផ្លូវ » ។

 អាខ្វាក់​អាខ្វិន​គិត​គ្នា​ព្រម​ហើយ លុះ​ដល់​យប់​ស្ងាត់​គេ​ដេក​លក់​អស់​ អាខ្វាក់​លើក​អាខ្វិន​ឲ្យ​ជិះ​លើ​ស្មា ដើម្បី​ឲ្យ​បង្ហាញ​ផ្លូវ​នឹង​ដើរ​ទៅ ។ ឯម្ចាស់​លុះ​ព្រឹក​ឡើង មិន​ឃើញ​អាខ្វាក់​អាខ្វិន ដឹង​ថា​អាខ្វាក់​អាខ្វិន​រត់​ ប៉ុន្តែ​គិត​ថា​« មនុស្ស​ខ្វាក់​ខ្វិន​វា​នឹង​រត់​ទៅ​ណា​រួច» គេ​ក៏​មិន​ទៅ​តាម ។ 

អាខ្វាក់​អាខ្វិន​ខំរត់​ទៅ​ពីរ​បី​ថ្ងៃ​បាន​ដល់​ស្រុក​មួយ ស្រុក​នោះ មាន​ខ្លា​សាហាវ​អ្នក​ស្រុក​គេ​ហាម​ប្រាម កូន​ចៅ​គេ​ថា « ព្រលប់​យប់​ងងឹត​ហើយ​កុំ​លេង​នៅ​ដី​ខ្លាច​ខ្លា» ។ អាខ្វាក់​អាខ្វិន​ទៅ​ដល់​ស្រុក​នោះ ជួន​ជា​ព្រលប់​យប់​ងងឹត​ហើយ​គិត​គ្នា​ថា « យើង​ដល់​ស្រុក​គេ​ហើយ បើ​ដូច្នេះ យើង​គិត​ធ្វើ​ស្រែ តើ​យើង​បាន​នង្គ័ល​រនាស់​ក្របី​គោ​ពី​ណា នឹង​ធ្វើ​ស្រែ​នឹង​គេ​មាន​តែ​យើង​គិត​លួច​គេ​ទើប​បាន » ។

 អាខ្វិន​បញ្ចេះ​អាខ្វាក់​ឲ្យ​ដើរ​ចូល​ទៅ​ភូមិ​គេ អស់​អ្នក​ស្រុក​គេ​ឃើញ គេ​ប្រាប់​ថា « ស្រុក​នេះ​មាន​ខ្លា​សាហាវ​ណាស់» ។ អាខ្វិន​ឆ្លើយ​ឡើង​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ។ ខ្លា​ក៏​ជួន​ជា​មក​លប​ខាំ​គោ​ពេល​នោះ​ដែរ ដល់​ឮ​អាខ្វាក់​ថា « ឃ្លេ​មិន​ខ្លាច​ទៅ​ខ្លាច​ខ្លា» ក៏​គិត​គ្នា​ថា « ពី​ដើម​គេ​ខ្លាច​តែ​អញ ឥឡូវ​មាន​ឃ្លេ​ផ្សេង គេ​ខ្លាច​ជាង​អញ​ទៅ​ទៀត អញ​មិន​ដែល​ឃើញ​មិន​ដែល​ឮសោះ​ទេ​ឃ្លេ​នោះ បើ​ដូច្នេះ​អញ​ចាំ​លប​មើល​ឲ្យ​ឃើញ​ច្បាស់​ប្រាកដ» ។ 

អាខ្វិន​ឃើញ​ក្រោល​គោ​គេ ហើយ​ប្រាប់​អាខ្វាក់​ថា « ឯង​ទៅ​លួច​គោ​ចុះ អញ​ចាំ​ឯង​នៅ​ក្រោយ​របង​នេះ » ។ អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដើរ​ស្ទាប! ចូល​ទៅ​ជួន​ជា​ជួប​នឹង​ខ្លា ។ ខ្លា​ឃើញ​អាខ្វាក់ គិត​ស្វាន​ថា​ជា​ឃ្លេ ក៏​ខ្លាច​មិន​ហ៊ាន​កំរើក​ខ្លួន​អាខ្វាក់​ស្ទាប់​អស់​ទាំង​ខ្លួន​ខ្លា​គិត​ស្មាន​ថា​គោ ហើយ​ស្ទាប​ទៅ​លើ​ក្បាល​ខ្លា មិន​ឃើញ​ស្នែង​នឹក​អរ​ថា «គោ​នេះ​ស្នែង​នប់​ធាត់​ល្អ​ណាស់ អញ​ទុក​ជា​អានប់​កូន​ក្រោល» អាខ្វាក់​ក៏​ចាប់​ទាញ​ខ្លា​ដឹក​យក​មក​នឹង​ខ្លុះ ។ 

ឯខ្លា​គិត​ខ្លាច​អាខ្វាក់​ដោយ​ស្មាន​ថា​ឃ្លេ អាខ្វាក់​ធ្វើ​ម្តេច​ក៏​ចេះ​តែ​ទៅ​តាម​អាខ្វាក់​ដឹក​មក​ដល់​ក្រៅ​របង ហើយ​ប្រាប់​ទៅ​អាខ្វិន ឲ្យ​យក​កន្លុះ​មក​នឹង​ខ្លុះ​អានប់​កូន​ក្រោល អាខ្វិន​ឃើញ​ហើយ​ប្រាប់​អាខ្វាក់​ថា «អាខ្វាក់​! ខ្លា​ទេ! » ។ អាខ្វាក់​ឆ្លើយ​ថា « បើ​ឯង​ខ្លាច ឯង​ឲ្យ​កន្លុះ​មក​អញៗ នឹង​ចាក់​ច្រមុះ​យក​ទៅ​ភ្ជួរ​ស្រែ» ។ អាខ្វិន​ក៏​ហុច​កន្លុះ​ទៅ​ឲ្យ​អាខ្វាក់ ។ បាន​កន្លុះ​ហើយ​ចាក់​ច្រមុះ​ខ្លា ។ ខ្លា​ឈឺ​ច្រមុះ​ទ្រាំ​មិន​បាន ក៏​ស្ទុះ​ច្រឡោត​ស្រែក​ឮ​តែ​រ៉ូមៗ ហើយ​រត់​ទៅ ។ 

ក្នុង​ពេល​នោះ អាខ្វិន​ខ្លាច​ស្ទើរ​នឹង​ស្លាប់ ប៉ុន្តែ​អាខ្វាក់​មិន​ព្រម ចេះ​តែ​ទន្ទេញ​ថា « ស្តាយ​អានប់​កូន​ក្រោល​អញ​ធាត់​ល្អ​ណាស់ » ហើយ​ក៏​ទៅ​តាម ។ លុះ​ទៅ​ដល់​កណ្តាល​ស្រែ បាន​ឃើញ​ខ្ទម​ស្រែ​គេ​មួយ​ មាន​ទាំង​រនាស់​ហើយ ឃើញ​អណ្តើក​មួយ អាខ្វិន​ឃើញ​ហើយ​និយាយ​ប្រាប់​អាខ្វាក់​ថា « វ៉ីយ​អាខ្វាក់​មាន​ខ្ទម​ស្រែ​គេ ហើយ​មាន​ខ្សែ​ពួរ និង​ចង្អេរ សន្ធឹក​ផង » ។ 

អាខ្វាក់​ថា « ចេះ​តែ​យក​ឲ្យ​អស់ » ។ អាខ្វិន​ប្រកែក​ថា « យក​ធ្វើ​អ្វី​ធ្ងន់​ឥត​អំពើ » ។ អាខ្វាក់​ថា « ធ្ងន់​អី​ឯង ធ្ងន់​តែ​អញ​ទេ ចេះ​តែ​យក​ទៅ » ។ ហើយ​អាខ្វាក់​អាខ្វិន​យក​របស់​ទាំង​អស់​មានបាយ​មួយ​ឆ្នាំ​ងដែល​គេ​ដាំ​ទុក​នៅ​ជើង​ក្រាន​ផង អាខ្វិន​លាល​កាន់​យក​របស់​សព្វ​គ្រប់​អស់​ហើយ ក៏​ឡើង​ជិះ​លើ​អាខ្វាក់​ទៀត ។

 អាខ្វាក់​ជាមនុស្ស​មាន​កម្លាំង​ខ្លាំង​ក៏​យក​របស់​ទាំង​អស់​ទៅ លុះ​ដើរ​ចូល​ព្រៃ​លេច​វាល​ទៅ​ត្រា​តែ​ភ្លឺ បាន​ជួប​មនុស្ស​ម្នាក់​គេ​មក​យក​ឃ្មុំ​ ។ អាខ្វិន​ឃើញ​ប្រាប់​អាខ្វាក់​ថា « នៃ​វ៉ីយ​មាន​គេ​មក​យក​ឃ្មុំ» អាខ្វាក់​ឮ​ហើយ​ស្រែក​ហៅ​ទៅ​អ្នក​យក​ឃ្មុំ​ថា « វ៉ីយ​ចែក​ឃ្មុំ​គ្នា​ស៊ីផង» អ្នក​យក​ឃ្មុំ​ឆ្លើយ​ថា «គ្នា​ស៊ី​តែ​ទឹក​ទេ ទុក​កាក​ឲ្យ​ឯង» ហើយ​អ្នក​យក​ឃ្មុំ​ដោះ​ទុក្ខ​សត្វ​ធំដាក់​បំពង់​ចុក​ជិត​យក​ទៅ​ឲ្យ​អាខ្វាក់​អាខ្វាក់​កាន់​យក​ទៅ​ លុះ​ដើរ​លេច​វាល​ចូល​ព្រៃ ថ្ងៃ​ណាស់​ហើយ​ឃ្លាន​បាយ ទើប​និយាយ​គ្នា​ថា «យើង​ស៊ី​បាយ​សិន ឲ្យ​មាន​កម្លាំង​សឹម​ទៅ​ទៀត» ។

 អាខ្វាក់​ដាក់​អាខ្វិន​ចុះ ហើយ​ដាក់​របស់​ចេញ​ពី​ខ្លួន​ យក​បំពង់​ឫស្សី​ដែល​អ្នក​យក​ឃ្មុំ​ឲ្យ​នោះ ដោយ​ស្មាន​ថា​ជា​សាច់​ឃ្មុំ​មក​ស៊ី​នឹង​បាយ​ ដល់​ដក​ឆ្នុក​ឡើង​ធំ​ស្អុយ​លាមក អាខ្វាក់​ថា កន្លែង​សំណាក់​នេះ​ស្អុយ​លាមក​ហើយ​យើង​ទៅ​រក​ដំណាក់​ឈប់​ឯមុខ​ទៀត​» ។ 

អាខ្វាក់​ចុក​បំពង់​លាមក​ហើយ ក៏​បបួល​អាខ្វិន​ទៅ​ឈប់​ឯមុខ​ទៀត​ដល់​បន្តិច​ទៅ​អាខ្វាក់​ថា « អស់​កម្លាំង​ឃ្លាន​បាយ​ណាស់ រក​កន្លែង​ឈប់​ស៊ី​បាយ» អាខ្វិន​ក៏​មើល​ឃើញ​ម្លប់​ល្អ ហើយ​មាន​ទឹក​ត្រពាំង​ល្មម​ស៊ី​បាយ​បាន​អាខ្វិន​ទះ​កំភ្លៀង​អាខ្វាក់​ឲ្យ​តម្រង់​ចូល​ទៅ​កន្លែង​ម្លប់​ឈើ​នោះ​ឯង​ ដល់​ហើយ​អាខ្វាក់​ដក​ឆ្នុក​បំពង់​នោះ​ឡើង ធុំ​ស្អុយ​ទៀត​ អាខ្វាក់​ប្រាប់​ទៅ​អាខ្វិន​ដូច​មុន អាខ្វាក់​អាខ្វិន​ចេះ​តែ​ស្អុយ​ដូច្នេះ​ឯង​ពីរ​បីដង ។

 ក្រោយ​ទៀត​អាខ្វាក់​ឃ្លាន​បាយ​ណាស់​បបួល​អាខ្វិន​ឈប់ ហើយ​ដក​ឆ្នុក​បំពង់​យក​ដៃ​លូក​ទៅ​ធុំ​ស្អុយ​លាមក​ដឹង​ថាលាមក​ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «វ៉ីយ​អាខ្វិន!​អាដែល​យក​ឃ្មុំ​នោះ​វា​បញ្ឆោត​យើង ជុះ​លាមក​ដាក់​បំពង់​ហើយ​ចុក​មាត់​បំពង់​ឲ្យ​មក​យើង» ។ 

អាខ្វាក់​ខឹង​ណាស់ លាង​ដៃ​រួច​ហើយ​ស៊ី​បាយ​ពីរ​នាក់​នឹង​អាខ្វិន​និយាយ​គ្នា​ថា» យើង​ស៊ី​បាយ​ឲ្យ​មាន​កម្លាំង រួច​ហើយ​យើង​ទៅ​តាម​សម្លាប់​អាចង្រៃ ដែល​វា​បញ្ឆោត​ឲ្យ​លាមក​យើង ឲ្យ​វា​ស្លាប់​កុំ​ឲ្យ​វា​ធ្លាប់ តែ​បញ្ឆោត​យើង​ដូច្នេះ» ។

 អាខ្វាក់​អាខ្វិន​ស៊ី​បាយ​ហើយ​ប្រញាប់​ទៅ​រក​អ្នក​យក​ឃ្មុំ​នោះ លុះ​ទៅ​វង្វេង​ផ្លូវ​មិន​ដឹង​ជា​ទៅ​ឯណា ។ អាខ្វាក់​ឮ​សត្វ​សសេះ​ចោះ​ដើម​ឈើ​យក​កណ្ឌៀ​ស៊ី គិត​ស្មាន​ថា​អ្នក​យក​ឃ្មុំ​ ក៏ស្រែក​ហៅ​ថា « ឯង​មាន​ចិត្ត ឯង​ចុះ​ពី​លើ​ដើម​ឈើ​មក​។ លុះ​ដើរ​ទៅ​ដល់​អាខ្វិន​ប្រាប់​ថា «សត្វ​សសេះ​ចោះ​ដើម​ឈើ​ទេ មិន​មែន​មនុស្ស​ទេ» ។

 អាខ្វាក់​អាខ្វិន​ដើរ​លេច​វាល​ចូល​ព្រៃ លេច​ព្រៃ​ចូល​វាល ទៅ​ឆ្ងាយ​ណាស់​ក៏​បាន​ដល់​ស្រុក​គេ​មួយ ស្រុក​នោះ​ឯង​ មាន​ស្តេច​គង់​នៅ​នោះ​ហើយ​មាន​យក្ស​តែង​មក​ស៊ី​មនុស្ស​នៅ​សាលា​។ ថ្ងៃ​ដែល​អាខ្វាក់​អាខ្វិន​ទៅ​ដល់​នោះ ស្តេច​ឲ្យ​យក​នាង​ពៅ​ជា​ព្រះ​រាជបុត្រី​ក្រមុំ​តែ​មួយ ជា​បុត្រី​សម្លាញ់ ប៉ុន្តែ​យក្ស​វា​ចង់​ស៊ី បើ​មិន​ឲ្យ​នាង​ពៅ​ទៅ​យក្ស​ស៊ី នោះ​យក្សវា​នឹង​ស៊ី​មនុស្ស​ក្នុង​នគរ ទាំង​នាហ្មឺន​ទាំង​ស្តេច ។ 

នាង​ពៅ​អាណិត​អស់​រាស្រ្ត នូវ​នាហ្មឺន​និង​ស្តេច បាន​ជា​មក​ឲ្យ​យក្ស​ស៊ី ។ ជួន​ជា​ថ្ងៃ​នោះ​ឯង​អាខ្វាក់អា​ខ្វិន​ទៅ​ដល់​សាលា​នោះ ហើយ​អាខ្វិន​ប្រាប់​អាខ្វាក់​ថា « យើង​ដល់​សាលា​សំណាក់​ដែល​គេ​ឈប់ យើង​ក៏​ល្មម​ពេល​នឹង​ឈប់» ហើយ​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​ចូល​ទៅ​ក្នុង​សាលា ។ 

ឯនាង​ពៅ​នៅ​ក្នុង​ស្គរ ឮមាត់​អាខ្វាក់​អាខ្វិន​និយាយ​ហើយ​សួរ​ទៅ​ថា «អ្នក​មក​ពីណា ត្បិត​សាលា​នេះ ស្តេច​ធ្វើ​សម្រាប់​ដាក់​មនុស្ស​ឲ្យ​យក្សវា​ស៊ី​សព្វ​ថ្ងៃ តែ​ដល់​ព្រលប់​យក្ស​វា​ហោះ​មក​ឮសន្ធឹក​ដូច​ជា​ផ្គរ វា​មក​ស៊ី​មនុស្ស​នៅ​សាលា​នេះ ឯខ្លួន​ខ្ញុំ​មក​ឲ្យ​ជា​ចំណី​យក្ស ដូច្នេះ​ចូរ​អ្នក​ចេញ​ទៅ​ជា​ឆាប់ ខំតែ​នៅ​មុខ​ជា​យក្ស​វា​ស៊ី​ជា​ចំណី​វា​មិន​ខាន​ទេ» ។ 

ឯអាខ្វាក់​ហេតុ​តែ​ជា​មនុស្ស​ខ្វាក់​ពី​កំណើត​មិន​ចេះ​ខ្លាច​អ្វី​ផង មាន​កម្លាំង​មាន​កម្លាំង​មាន​រឹទ្ធិផង ឮ​ហើយ​ក៏​ឆ្លើយ​ថា ខ្លាច​អីយក្ស​នោះ បើ​វា​មក យើង​មិន​ចេះ​កាប់​វា​ឲ្យ​ស្លាប់​ទៅ​នាង​ឯង​នៅ​ឲ្យ​តែ​ស្ងៀម យក​បាយ​ចំណី​ចំណុក​មក​ឲ្យ​យើង​ស៊ី មាន​កម្លាំង​នឹង​កាប់​យក្ស​នោះ​ឲ្យ​ស្លាប់ នាង​ឯង​រក​តែ​ដាវ​ឲ្យ​មុត​ល្អ យើង​នឹង​កាប់​យក្ស​នោះ» ។ នាង​ពៅ​ឮ​អាខ្វាក់​ថា​ដូច្នោះ ក៏​ប្រាប់​ទៅ​ថា «បើ​អ្នក​សម្លាប់​យក្ស​នោះ​បាន របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គេ​យក​ឲ្យ​យក្សនោះ ខ្ញុំ​ជូន​អ្នក​ទាំង​អស់​» ។ អាខ្វាក់​បាន​ឮ​ដូច្នោះ​អរ​ណាស់ បង្គាប់​ទៅ​អាខ្វិន​ថា «ឲ្យ​យក​បាយ​ចំណី​ចំណុក​មក​ស៊ី​ឲ្យ​មាន​កម្លាំង​នឹង​អាល​សម្លាប់​យក្ស» ។ 

អាខ្វិន​ឮ​នាង​ពៅ​ថា «យក្ស​វា​នឹង​មក​ស៊ី» ក៏​ភ័យ​ស្ទើរ​នឹង​ស្លាប់​។ អាខ្វាក់​ស៊ី​បាយ​ឆ្អែត​ហើយ​ បិទ​ទ្វារ​សាលា​ទាំង​អស់ ។ លុះ​ដល់​ព្រលប់​ងងឹត​បន្តិច ល្មម​វេលា​យក្សមក​ស៊ី​មនុស្ស យក្ស​ហោះ​មក​ឮ​សន្ធឹក​ដូច​ព្យុះ​លាន់​ខ្ទរ​ទាំង​ដី ​។ អាខ្វិន​ភ័យ​ណាស់ ស្ទើរ​នឹង​លេច​អាចម៍​លេច​នោម, នាង​ពៅ​ក៏​សន្លប់​នៅ​ក្នុង​ស្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ស​មក​មិន​ខ្លាច​សោះ អង្គុយ​ចាំ​នៅ​មាត់​ទ្វារ លុះ​ដល់​យក្ស​មក​ហើយ​ ឃើញ​ទ្វារ​សាលា​បិទ យក្ស​ស្រែក​សន្ទាប់​ដូច​រន្ទះ​ថា « នរណា​បិទ​ទ្វារ​សាលា​អញ? ។ 

អាខ្វាក់​គ្មាន​ខ្លាច​ស្រែក​តប​វិញ​ថា «​អញ​បិទ​ទ្វារ​សាលា​អញ​ខ្លាច​អី​ឯង» ។ យក្ស​ឆ្លើយ​ថា «មនុស្ស​មក​ពី​ណា​ចិត្ត​ធំ​ដល់​ម្ល៉េះ? » អញ​សុំ​មើល​ថ្លើម​ឯង​ប៉ុនណា បាន​ជា​ឯង​ចិត្ត​ធំ​ដល់​ម៉្លេះ? » ។ អាខ្វាក់​បោះ​ចង្អេរ​គ្រាង​ធំ​ទៅ​ឲ្យ យក្ស​វា​មើល​ខើញ​ចង្អេរ​គ្រាង​ហើយ គិត​ក្នុង​ចិត្ត​ថា « ថ្លើម​អានេះ​ធំណាស់​ សម​ខ្លួន​វា​ធំ​ជាង​ខ្លួន​អញ «ហើយ​យក្ស​ថា « បើ​ថ្លើម​ឯង​ធំ​ប៉ុណ្ណេះ​ចៃ​ឯង​ធំ​ប៉ុនណា? ។ 

អាខ្វាក់​បោះ​អណ្តើក​ទៅ​ឲ្យ​យក្សមើល ។ យក្ស​ស្មាន​ថា ជា​ចៃ​មែន ហើយ​គិត​ក្នុង​ចិត្ត​ថា « ចៃ​វា​ធំ​ប៉ុណ្ណេះ​សម​ខ្លួន​វា​ធំ​មែន» យក្សសួរ​ទៅ​ទៀត​ថា «រោម​ជើង​ឯង​ធំ​ប៉ុនណា»? ។ អាខ្វាក់​បោះ​ពួរ​ដែល​គេ​ទាក់​ក្របី​ទៅ​ឲ្យ​យក្សមើល​ហើយ​ថា​«រោម​ជើង​អញ​ប៉ុណ្ណេះ» ។ យក្ស​ភិត​ភ័យ​រត់​ត្រឡប់​ទៅ​វិញ ។ អាខ្វាក់​អាខ្វិន​ប្រាប់​ទៅ​នាង​ពៅ​ថា « យក្សវា​ត្រឡប់​ទៅ​វិញ ។ 

ត្បិត​វា​ខ្លាច​យើង​បើ​ដូច្នេះ​នឹង​មាន​យក្សមក​ទៀត​ឬ​ទេ? » ។ នាង​ពៅ​ក្រោក​ពី​ភ័យ​សន្លប់​ឡើង ប្រាប់​ទៅ​អាខ្វាក់​ថា « នៅ​មាន​យក្ស​ញី​មួយ​ទៀត យប់​បន្តិច​វា​នឹង​មក» ។ អាខ្វាក់​ឮនាង​ពៅ​ប្រាប់​ដូច្នោះ ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «ឯង​ទៅ​រើស​ថាវ​មួយ ឲ្យ​មុត​ធំ​វែង​ល្មម​នឹង​កម្លាំង​អញ» ។ 

អាខ្វិន​ទៅ​រើស​ដាវ​ឲ្យ​អាខ្វាក់ ។ លុះ​យប់​យូរ​បន្តិច​ទៅ យក្ស​ញី​វា​ហោះ​មក​ឮ​សន្ធឹក​ដូច​ផ្គរ ។ អាខ្វាក់​ឮ​សន្ធឹក​យក្ស​មក​ដូច្នោះ ក៏​ឈរ​កាន់​ដាវ​ចាំ​នៅ​មាត់​ទ្វារ ហើយ​បិទ​ទ្វារ​ទុក លុះ​យក្សនោះ​មក​ដល់​ហើយ វា​ច្រាន​ទ្វារ​អើត​កចូល​មក អាខ្វាក់​ឮសន្ធឹក​យក្សច្រាន​ទ្វារ​កាប់​ស្មាន​ទៅ ត្រូវ​យក្សដាច់​ក​ស្លាប់​នៅ​ទី​នោះ​ឯង ។ អាខ្វាក់​អាខ្វិន​ដឹង​ថា យក្ស​ស្លាប់​ហើយ​ក៏​បបួល​គ្នា​យក​ទ្រព្យ​មាស​ប្រាក់​នោះ​ទៅ ។ 

លុះ​ព្រឹក​ឡើង​អាខ្វាក់​ដាក់​អាខ្វិន​លើក​ហើយ​ដើរ​ទៅ ឃើញ​ដើម​ក្រសាំង​មួយ​ប្រាប់​អាខ្វាក់​ឲ្យ​ចូល​ទៅ​នឹង​ចែក​របស់​គ្នា លុះ​ដល់​ហើយ​ អាខ្វាក់​ដាក់​អាខ្វិន​ចុះ​ពី​លើ​ក​យក​របស់​មក​ចែក​គ្នា អាខ្វិន​ជា​មេ​ចំណែក​រើស​របស់​ល្អ​នៅ​មុខ​ខ្លួន អាក្រក់​ដាក់​នៅ​មុខ​អាខ្វាក់ ហើយ​សួរ​ទៅ​អាខ្វាក់​ថា «ឯង​យក​របស់​ខាង​មុខ​ឯង ឬ​របស់​ខាង​មុខ​អញ?» ។ អាខ្វាក់​មាន​ប្រាជ្ញា​គិត​ថា អាខ្វិន​វា​យក​របស់​អាក្រក់​ដាក់​មុខ​ខ្លួន ក៏​ប្រាប់​ទៅ​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​ឯង» ។

 អាខ្វិន​ដឹង​ថា​អាខ្វាក់​យក​របស់​ល្អ​ក៏​ប្រាប់​ទៅ​អាខ្វាក់​ថា «ចែក​ម្តង​ទៀត ចែក​មុន​នោះ​មិន​ស្មើ​ទេ» ហើយ​អាខ្វិន​យក​របស់​ចែក​ម្តង​ទៀត ដល់​ចែក​ក្រោយ​ទៀត អាខ្វិន​យក​របស់​ល្អ​ដាក់​នៅ​មុខ​អាខ្វាក់​ហើយ​សួរ​ថា «អាខ្វាក់​ឯង​យក​របស់​ខាង​ណា?» ។ អាខ្វាក់​គិត​ថា «ម្តង​នេះ​អាខ្វិន​យក​របស់​ល្អ​មក​ដាក់​នៅ​មុខ​ខ្លួន​» ហើយ​យក​ដៃ​ស្ទាប់​របស់​នៅ​មុខ​នោះ​ក៏​ប្រាប់​អាខ្វិន​ថា «អញ​យក​របស់​នៅ​មុខ​អញ» ។

 អាខ្វិន​ឃើញ​អាខ្វាក់​បាន​របស់​ល្អ​ក៏​ឆ្លើយ​ឡើង​ថា «ចែក​មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត»។​អាខ្វាក់​ឆ្លើយ​ថា «ឯង​ចែក​ខ្លួន​ឯង​ហើយ​ឯង​ថា​មិន​ត្រូវ» ។ អាខ្វិន​យក​របស់​ចែក​ជា​ថ្មី​ទៀត ហើយ​ឲ្យ​អាខ្វាក់​ថា​ដូច​ពី​មុន ។ អាខ្វាក់​ថា​ត្រូវ​តែ​លើ​របស់​ល្អ ។ អាខ្វិន​ប្រាប់​អាខ្វាក់​ថា «មិន​ត្រូវ​ទេ ចែក​ម្តង​ទៀត» ។ 

អាខ្វាក់​អាខ្វិន​ប្រកែក​គ្នា​ទៅ​វិញ​តៅ​មក ពេល​នោះ​ផ្លែ​ក្រសាំង​ជ្រុស​មក​ត្រូវ​ក្បាល​អាខ្វាក់ៗ​គិត​ស្មាន​ថា​អាខ្វិន​វាយ​ក៏​ឆ្លើយ​ថា «និយាយ​តែ​ត្រឹម​មាត់​មិន​អស់​ចិត្ត ដៃ​ដល់​ផង​ទៀត»​ហើយ​អាខ្វាក់​ស្ទុះ​ទៅ​ធាក់​ដាល់​អាខ្វិន​ទាល់​តែ​ទាខ្វិន​ត្រង់​ដៃ​ត្រង់​ជើង​ទាំង​អស់ ឯអាខ្វិន​ស្ទុះ​ទៅ​ដាល់​អាខ្វាក់​ត្រូវ​ភ្នែកៗ​ក៏​ជា​ភ្លឺ​ទាំង​ពីរ​ឡើង អ្នក​ទាំង​ពីរ​ក៏​បបួល​គ្នា​ចែក​របស់​តាម​ល្អ​តាម​អាក្រក់​ស្មើ​គ្នា​ទាំង​ពីរ​នាក់​ ហើយ​បបួល​គ្នា​ដើរ​ទៅ​ទៀត ។ 

និយាយ​ពី​នាង​ពៅ កាល​ក្រោយ​អាខ្វាក់​អាខ្វិន​ទៅ ដល់​ព្រឹក​ភ្លឺ​មែន​ទែន​ឡើង​អស់​មនុស្ស​ម្នា​គេ​មក​មើល​នាង​ពៅ​នៅ​សាលា ឃើញ​នាង​នៅ​រស់ យក្ស​ពុំ​ស៊ី​បាន​ឃើញ​ឯ​យក្ស​ស្លាប់​ចង្រ្គាង​នៅ​មាត់​ទ្វារ អស់​មនុស្ស​ម្នា​គេ​ទៅ​ក្រាប​ទូល​ស្តេច​តាម​ដំណើរ ស្តេច​ទ្រង់​ឲ្យ​ទៅ​យក​នាង​ពៅ​ពី​ក្នុង​ស្គរ​មក ទ្រង់​មាន​ព្រះទ័យ​ត្រេក​អរ​ណាស់​ព្រោះ​ព្រះ​រាជធីតា​បាន​រួច​ពី​ស្លាប់ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​នាង​ពៅ​ថា «ដូច​ម្តេច​បាន​ជា​កូន​រួច​ពី​ស្លាប់ ហើយ​ឃើញ​ឯ​យក្សស្លាប់​ទៅ​វិញ?» ។

 នាង​ពៅ​ក្រាប​ទូល​ព្រះ​បិតា​តាម​ដំណើរ​សព្វ​គ្រប់ ។ ព្រះរាជបិតា​បាន​ឮ​ព្រះ​រាជធិតា​ក្រាប​ទូល​ដូច្នេះ ទ្រង់​ឲ្យ​ប៉ាវ​គង​រក​អ្នក​ណា​ដែល​សម្លាប់​យក្ស​នោះ ទ្រង់​នឹង​ព្រះ​រាជទាន​ព្រះ​រាជធិតា​ជា​ប្រពន្ធ​ ហើយ​ឲ្យ​សោយ​រាជ្យ ។ ឯអ្នក​ប៉ាវ​គង​ទៅ​ក្នុង​ស្រុក​តូច​ធំ​ជួប​នឹង​ចៅ​ខ្វាក់​ចៅ​ខ្វិន ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន​សួរ​ថា « មាន​កលិយុគ​កលិយាក​អី​បាន​ជា​ស្តេច​ឲ្យ​ប៉ាវ​គង?» ។ អ្នក​ប៉ាវ​គង​ប្រាប់​ថា «ស្តេច​ឲ្យ​ប៉ាវ​គង​រក​អ្នក​សម្លាប់​យក្ស​នឹង​យក​ទៅ​ឲ្យ​សោយ​រាជ្យ» ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ឮ​ក៏​ត្រេក​អរ​ណាស់​ប្រាប់​ថា « ខ្ញុំ​នេះ​ហើយ​សម្លាប់​យក្ស កាល​ដើម​ខ្ញុំ​ខ្វាក់​ខ្វិន ឥឡូវ​ជា​ហើយ មិន​ជឿ​សោត​មាន​ទាំង​របស់​ដែល​ខ្ញុំ​យក​មក​ជា​សម្គាល់​ផង» ។ 

អ្នក​ប៉ាវ​គង​នាំ​ចៅ​ខ្វាក់​ចៅ​ខ្វិន​ទៅ​ថ្វាយ​ស្តេច​លុះ​ទៅ​ដល់​ហើយ​ចៅ​ខ្វាក់​ចៅ​ខ្វិន យក​ទាំង​របស់​ដែល​យក​អំពី​សាលា​ចូល​ទៅ​គាល់​ស្តេច​គ្រាន់​ជា​សម្គាល់ៗ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប់​ថ្វាយ​បង្គំ​ស្តេច ស្តេច​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «ចៅ​ឯង​ឬ​ដែល​សម្លាប់​យក្ស? » ។ ចៅ​ខ្វាក់​ចៅ​ខ្វិន​ក្រាប​ទូល​តាម​ដំណើរ​សព្វ​គ្រប់ ។ ស្តេច​ទ្រង់​ឲ្យ​ហៅ​នាង​ពៅ​មក​ឲ្យ​មើល ហើយ​ទ្រង់​សួរថា «ចៅ​នេះ​ឬ​ដែល​សម្លាប់​យក្ស?» ។

 នាង​ពៅ​ក្រាប​ទូល​ថា «អ្នក​នេះ​ហើយ​ដែល​សម្លាប់​យក្ ប៉ុន្តែ​កាល​ពី​មុខ​គាត់​ខ្វាក់​ខ្វិន ឥឡូវ​នេះ​មិន​ខ្វាក់​ទេ» ។ ស្តេច​ទ្រង់​ជ្រាប ទ្រង់​ផ្សំ​នាង​ពៅ​ឲ្យ​ជា​ជាយា​ចៅ​ខ្វាក់ ឲ្យ​សោយ​រាជ្យ​ជំនួស​ព្រះ​អង្គ ។ ដល់​ចៅ​ខ្វាក់បាន​សោយ​រាជ្យ​ហើយ ឲ្យ​ចៅ​ខ្វិន​ធ្វើ​ជា​ឧបរាជ ត្បិត​ជា​មនុស្ស​កំសត់​កម្រ​ផង​គ្នា ក៏​បាន​សេចក្តី​សុខ​រៀង​រាប​ដរាប​ទៅ ។ចប់


ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ 

សូមអរគុណសម្រាប់ការស្តាប់កំសាន្តរបស់លោកអ្នក!