រឿង មុនីឥសុីមាត់ទិព្វ

អ្នកទស្សនា: Views

 

រឿងមុនីឥសុីមាត់ទិព្វ

កាល​ពី​ព្រេង​នាយ​មាន​ឥសី​មួយ​អង្គ​នៅ​ព្រៃ​ហេម​ពាន្ត ចេះ​សិល្ប៍​ពូកែ​ចំណាន​លើស​ឥសី​ទាំង​ពួង ជា​អ្នក​កាន់​សច្ចៈ​ទៀង​ទាត់​ទើប​មាត់​របស់​លោក​ក្លាយ​ជា​មាត់​ទិព្វ​និយាយ​ថា​យ៉ាង​ណា​បាន​យ៉ាង​នោះ ។

ប្លង់ទី១៖

សម័យ​មួយ​ព្រះ​រាជា​ក្នុង​ដែន​ព្រះនគរ នាំ​ព្រះ​អគ្គមហេសី និង​ព្រះ​រាជ​ធីតា​ព្រម​ទាំង​បរិវារ​ទៅ​ក្រសាល​ឳទ្យាន បាន​ជួប​នឹង​ឥសី​នោះ​នៅ​ក្នុង​ព្រៃ​ពាក់​កណ្តាល​ផ្លូវ ។

 ព្រះ​រាជា​គង់​លើ​រាជ​យាន​ស្រែក​សួរ​ចំពោះ​ឥសី​ថា ៖ លោក​មក​អង្គុយ​ធ្វើ​អ្វី​? 

ក្នុង​អាណា​ខេត្ត​របស់​យើង​នេះ​  លោក​ឈ្មោះ​អ្វី?នៅ​ក្នុង​ទី​ណា? ។


ឥសី​កំពុង​ចូល​ឈាន ឥត​បាន​ឮ​ព្រះ​សូរ​សីហនាទ​របស់​ព្រះ​រាជា​អង្គ​នេះ​ឡើយ ។ ព្រះ​រាជា​ទ្រង់​​ខ្ញាល់​ជា​ខ្លាំង ចុះ​ចាក​រាជ​យាន​យាង​សំដៅ​ទៅ​រក​ឥសី​ត្រាស់​សួរ​ខ្លាំង​ៗ ឥសី​នៅ​តែ​គង់​ពែន​ភ្នែន​ដដែល​ព្រោះ

​ចិត្ត​លោក​នៅ​ក្នុង​ឈាន ។ 

ព្រះ​រាជា​ខ្ញាល់​ខ្លាំង​ណាស់​ថា​ឥសី​នេះ​កោង អប្បាល​យើង​ជា​មហា​ក្សត្រ​ម្ចាស់​ផែនដី​សួរ​មិន​ឆ្លើយ ទើប​យក​ព្រះ​បាទ​ធាក់​ឥសី​ដួល​ដេក​លើ​ដី ហើយ​ត្រាស់​ប្រើ​រាជ​អាមាត្យ​ឲ្យ​យក​ដុំ​ថ្ម​ធំៗ សង្កត់​ឥសី​នោះ ដរាប់​ដល់​មាន​កំពស់​ដូច​ដំបូក​ហើយ​យាង​ហួស​ទៅ ។

ប្លង់ទី២៖

ដល់​គ្រប់​៧​ថ្ងៃ​ឥសី​ចេញ​ចាក​ឈាន គឺ​មាន​សេចក្តី​ទុក្ខ​វេទនា​ដោយ​ដុំ​ថ្ម​សង្កត់​នោះ​យ៉ាង​ក្រៃ​លែង ទើប​លោក​និយាយ​ថា ដុំ​ថ្ម​នេះ​ចូរ​ក្លាយ​ទៅ​ជា​រូប​អ្នក​ព្យាបាទ​យើង​ចុះ ថា​តែ​ប៉ុណ្ណោះ​ដុំ​ថ្ម​ទាំង​នោះ​បាត់​អស់​ទៅ​ ពួក​ព្រះ​រាជា​ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា ទាំង​រាជ​បរិវារ​ទាំង​អស់​ ក្លាយ​ជា​ថ្ម។ 

ប្លង់ទី៣៖

ពួក​អ្នក​នគរ​ផ្អើល​ជ្រួល​ជ្រើម​ព្រោះ​គ្មាន​ដឹង​ហេតុ​អ្វី​សោះ​ស្រាប់​តែ​ជន​ទាំង​នោះ​ក្លាយ​ទៅ​ជា​ថ្ម ក៏​ខំ​បន់​ស្រន់​រៀង​ខ្លួន ទោះ​បី​ខំ​បន់​ស្រន់​បួង​សួង​ឲ្យ​វត្ថុ​ស័ក្ត​សិទ្ធិ​ជួយ​យ៉ាង​ណា ក៏​មិន​អាច​ធ្វើ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​ដូច​ដើម​បាន ។


ចំណែ​ក​ឥសី​មាត់​ទិព្វ​លោក​និមន្ត​ទៅ​អាស្រម​លោក​វិញ មាន​អាពាធ​ជា​ទម្ងន់​ដោយ​រូប​កាយ​លោក​បាក់​បែក​ខ្ទេច​ខ្ទី​អស់ ។

ឯ​ពួក​ទេវតា​ដែល​រក្សា​នគរ រក្សា​ស្វេត​ឆត្រ​ព្រះ​រាជា​នោះ កើត​ទុក្ខ​ក្រៀម​ក្រំ​គ្រប់​ៗ​គ្នា ដោយ​បាន​ដឹង​ថា​ជន​ទាំង​នេះ ត្រូវ​បណ្តា​សា​ឥសី​មិន​អាច​អ្នក​ណា​ជួ​យឲ្យ​ក្លាយ​ជា​មនុស្ស​វិញ​បាន ។ ​ ទើប​នាំង​គ្នា​ទៅ​កាន់​សំណាក់​ឥសី​ដើម្បី​សុំ​ឲ្យ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​វិញ ។

ប្លង់ទី៤៖

ឥសី​ប្រាប់​ទេវតា​ថា​កំហុស​របស់​អ្នក​ណា​ ទាល់​តែ​អ្នក​នោះ​មក​សុំ​ទោស​ទើប​បាន ព្រោះ​អំពើ​ល្អ​អាក្រក់​របស់​អ្នក​ណា ត្រូវ​តែ​ខ្លួន​អ្នក​នោះ​ទទួល​ផល​អ្នក​ដទៃ​ជួស​មិន​បាន ។

ពួក​ទេវតា​ទាល់​គំនិត ក៏​ត្រឡប់​ទៅ​នគរ​វិញ​ ។ ពេល​បន្ទាប់​នោះ​ឥសី​ដឹង​ខ្លួន​ថា​នឹង​អស់​ព្រះ​ជន្ម​ថ្ងៃ​នោះ​ហើយ ទើប​លោក​ហៅ​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​របស់​លោក​មក​ប្រាប់​ថាៈ 

អាត្មា​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​នេះ ហើយ ឯង​ត្រូវ​កាន់​សច្ចះ​សុចរិត​ចុះ​ យើង​ឲ្យ​អ្នក​ឯង​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​នេះ 

ឯ​គូ​ព្រេង​របស់​ឯង គឺ​នាង​ចន្ទ​រស្មី ជា​ព្រះ​រាជ​ធីតា​របស់​ព្រះ​រាជា​ដែន​មគធៈ​ ឥឡូវ​ក្លាយ​ទៅ​ជា​ថ្ម​ហើយ នៅ​១​ពាន់​ឆ្នាំ​ទៀត​ទើប​រួច​ទោស​ក្លាយ​ជា​មនុស្ស​វិញ ។


ឯង​ត្រូវ​ស្វែង​រក​ផ្លែ​ស្វាយ​ទិព្វ​នៅ​ក្នុង​ព្រៃ​ហេមពាន្ត​យក​មក​ស៊ី​ឲ្យ​បាន ទើប​ខ្លួន​ឯង​នៅ​ក្មេង​ដដែល​ បើ​រក​មិន​បាន​ទេ មុខ​ជា​អស់​បាន​ជួប​គូព្រេង​​​  ឯង​ហើយ ព្រោះ​ឯង​មិន​អាច​រស់​នៅ​បាន ១ ពាន់​ឆ្នាំ​ទេ ។ ឥសី​ប្រាប់​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​តែ​ប៉ុណ្ណោះ ក៏​ឲ្យ​ថ្នាំ​១​ដុំ​ប្រាប់​ថា ដល់​គ្រប់​១ ពាន់​ឆ្នាំ ឯង​យក​ថ្នាំ​នេះ​លាយ​នឹង​ទឹក​ស្រោច​លើ​រូប​ថ្ម​ចុះ នឹង​ក្លាយ​ជា​មនុស្ស​បាន​ដូច​បំណង​ហើយ​លោក​ក៏​សុគត​ទៅ​។

ប្លង់ទី៥៖

ដោយ​អំណាច​មាត់​ទិព្វ​របស់​ឥសី នាយ​ទិព្វ​វង្ស ក៏​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​មែន សូម្បី​ព្រះ​អាទិត្យ​ក៏​មិន​ហ៊ាន​បញ្ចាំង​កំដៅ​ឲ្យ​ត្រូវ​ដែរ គឺ​បើ​នាយ​ទិព្វ​វង្ស​ទៅ​ក្នុង​ទីណា​មេឃ​ស្រទំ​ក្នុង​ទី​នោះ​ជា​ដរាប ។

ក្រោយ​ដែល​នាយ​ទិព្វ​វង្ស​បូជា​សព​ឥសី​ជា​គ្រូ​ហើយ នាយ​ដើរ សំដៅ​ទៅ​នគរ​ ដើម្បី​ឲ្យ​ឃើញ​មុខ​គូព្រេង​របស់​នាយ ។ គួរ​អសា្ចរ្យ​នឹង​អំណាច​របស់​នាយ​ទិព្វ​វង្ស​ណាស់ គឺ​រូប​ព្រះ​រាជា​ ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា​ដែល​ក្លាយ​ទៅ​ជា​ថ្ម​នោះ​ពួក​មហាជន​បាន​ធ្វើ​ចេតិយ​ដាក់​បិទ​សន្ធប់​យ៉ាង​ជិត​ហើយ​មាំ​មួន​ណាស់ មាន​អ្នក​ថែ​រក្សា​ច្រើន​ជាន់​ច្រើន​សង្កាត់ ព្រោះ​ខ្លាច​រូប​ថ្ម​នេះ​បាក់​បែក​ខូច ។

ប្លង់ទី៦៖

នាយ​ធ្វើ​ដំណើរ​ទៅ​ដល់​នគរ បាន​សួរ​អ្នក​យាម​នគរ​ថា ព្រះ​រូប​ថ្ម​នៅ​ក្នុង​ទីណា​គេ​ចង្អុល​ប្រាប់​ចេតិយ​ដែល​មើល​ឃើញ​ច្បាស់ ។ នាយ​ត្រេក​អរ​ណាស់​ដើរ​សំដៅ​ទៅ​រក​ តែ​ពួក​អ្នក​យាម​ទ្វារ​មិន​ឲ្យ​ចូល​ទៅ​ជិត ទើប​នាយ​បួង​សួង​ថា​បើ​ព្រះ​រាជ​ធីតា​នោះ​ត្រូវ​ជា​គូ​ព្រេង​ដូច​ឥសី​ថា​មែន !

សូម​ឲ្យ​ចេតិយ​បាក់​បែក​អស់ ហើយ​រូប​ថ្ម​ទាំង​បី​អណ្តែត​ឡើង គ្រាន់​តែ​បួង​សួង​ចប់​ចេតិយ​ក៏​បាក់​បែក​ខ្ទេច កំរើក​ញាប់​ញ័រ​ពេញ​នគរ រូប​ទាំង​បី​ក៏​អណ្តែត​ឡើង ឯ​រូប​នាង​ចន្ទរស្មី​ធ្លាក់​មក​ជិត នាយ​ស្ទុះ​ទៅ​ឳប​រូប​នោះ​បបោស​អង្អែល​ហើយ​និយាយ​ថា ឳ​គូ​ព្រេង​កំសត់​នៅ ១​ពាន់​ឆ្នាំ​ទៀត​ទើប​យើង​បាន​ជួប​គ្នា ឥឡូវ​បង​ត្រូវ​ចូល​ទៅ​ព្រៃ​ហេមពាន្ត ដើរ​រក​ផ្លែ​ស្វាយ​ទិព្វ​បរិភោគ​ដើម្បី​បន្ត​ជីវិត​បង​ឲ្យ​រស់​នៅ​ស្មើ​នឹង​ជីវិត​ប្អូន សូម​ប្អូន​នៅ​ចាំ​បង​ក្នុង​ចេតិយ​នេះ​វិញ​ចុះ ថា​តែ​ប៉ុណ្ណោះ​ចេតិយ​កើត​ឡើង​ភ្លាម​រូប​ទៅ​នៅ​ចេតិយ​នោះ​ដូច​ដើម ។

ប្លង់ទី៧៖

ពួក​អ្នកយាម​នគរ​បាន​ឃើញ​ បាន​ដឹង​ហេតុ​អស្ចារ្យ​ដូច្នោះ នាំ​គ្នា​ចូល​ទៅ​រក​នាយ​ទិព្វវង្ស អញ្ជើញ​ឲ្យ​សោយ​រាជ្យ តែ​នាយ​មិន​ព្រម​ទទួល​ព្រោះ​មិន​ទាន់​រក​ផ្លែ​ស្វាយ​ទិព្វ​បាន ។

ផ្លែ​ស្វាយ​ទិព្វ​មាន​ឳជារស​ឆ្ងាញ់​យ៉ាង​ក្រៃ​លែង ដុះ​នៅ​ក្នុង​ទី​កំបាំង​មិន​អាច​មនុស្ស​លោក​ទៅ​រក​ឃើញ​ឡើយ ទាល់​តែ​អ្នក​មាន​បុណ្យ​ទើប​ទៅ​ដល់ ។ ផ្លែ​ស្វាយ​ទិព្វ​នោះ​ក្នុង​១​រយ​ឆ្នាំ ផ្លែ​ម្តង បើ​អ្នក​ណា​បាន​ស៊ី​ហើយ មាន​សាច់​ឈាម​ល្អ​ដូច​ទេវតា បើ​ចាស់​ក្លាយ​ទៅ​ជា​ក្មេង​ ស៊ី​ម្តង​បន្ត​អាយុ​១​រយ​ឆ្នាំ ។


នាយ​ទិព្វវង្ស​ដើរ​រក​ក្នុង​ព្រៃ​ហេពាន្ត​យូរ​ខែ​ឆ្នាំ​ណាស់​ទើប​បាន​ជួប​ផ្លែ​ស្វាយ​ទិព្វ​នោះ​តែ​ពុំ​អាច​ចូល​ទៅ​ជិត​បាន ព្រោះ​មាន​យក្ស​កំណាច​ៗ​នៅ​ថែរក្សា​ជា​ច្រើន ។ 

ប្លង់ទី៨៖

ពួក​យក្ស​បាន​ធ្វើ​បាប​នាយ​ទិព្វ​វង្ស​ជា​ច្រើន​ប្រការ មាន​ធ្វើ​ជា​ខ្យល់​ព្យុះ ធ្វើ​ជា​ភ្លើង​ឆេះ​ធ្វើ​ជា​ទឹក​ភ្លៀង​ជោរជន់ នឹង​ចោល​ដុំ​ថ្ម​ធំៗ​ជា​ដើម តែ​មិន​អាច​ប៉ះ​ពាល់​ត្រូវ​ដល់​រូប​កាយ​នាយ​ទិព្វ​វង្ស​ឡើយ ។ ពេល​ក្រោយ​យក្ស​ដឹង​ថា​ទិព្វវង្ស​ពូកែ​មាន​អំណាច ទើប​និម្មិត​ខ្លួន​ជា​ស្រីរូប​ល្អ​ស្អាត​ចូល​ទៅ​ប្រលោម​តែ​នាយ​មិន​រវល់ កាន់​តែ​សច្ចៈ​សុចរិត​តាម​បណ្តាំ​ឥសី​យ៉ាង​មាំ​មួន​ពួក​យក្ស​ទាល់​គំនិត​ក៏​ព្រម​បេះ​ផ្លែ​ស្វាយ​ទិព្វ​ឲ្យ ។

ប្លង់ទី៩៖

នាយ​ទិព្វវង្ស​តាំង​ទី​សំណាក់​នៅ​ក្បែរ​ដើម​ស្វាយ​ទិព្វនោះ ដល់​១​រយ​ឆ្នាំ​បេះ​ស៊ី​ម្តងៗ គ្រប់​១​ពាន់​ឆ្នាំ ទើប​ត្រឡប់​ទៅ​នគរវិញ ដើម្បី​ប្រស់​គូព្រេង​របស់​គេ​ឲ្យ​ក្លាយ​ពី​ថ្ម​ជា​មនុស្ស​វិញ ។ គួរ​ឲ្យ​អាណិត​នាយ​ទិព្វវង្ស​ណាស់ ឥត​ដឹង​ថា​ពួក​យក្ស​លួច​យក​ថ្នាំ​ដែល​ឥសី​ប្រគល់​ឲ្យ​សំរាប់​ធ្វើ​ឲ្យ​ថ្ម​ក្លាយ​ជា​មនុស្ស​សោះ ស្រាប់​តែ​ទៅ​ជិត​ដល់​នគរ​​ ទើប​ដឹង​ថា​បាត់​ថ្នាំ​ដែល​ខ្លួន​បាន​រុំ​ដោយ​អំបោះ​ច្រើន​ជាន់​ហើយ​ចង​ភ្ជាប់​នឹង​ចង្កេះ ។ 

ក៏​វិល​ត្រឡប់​ទៅ​រក​ក្បែរ​ដើម​ស្វាយ​ទិព្វ​វិញ ។ ឥត​អំពើ​សោះ​ថ្នាំ​នោះ​យក្ស​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ​ជិត​៥​រយ​ឆ្នាំ​មក​ហើយ ។ ក្នុង​ពេល​ដែល​ចោល​នោះ ស្តេច​ក្រពើ​បាន​លេប​ចូល ទៅ​ក្នុង​ពោះ​ក៏​កើត​ក្តៅ​ក្រហាយ​នៅ​ក្នុង​ទឹក​ពុំ​បាន ឡើង​ទៅ​ក្រាំង​នៅ ក្នុង​ព្រៃ​យូរ​ៗ​ទើប​ក្រពើ​នោះ​ក៏​ក្លាយ​ជា​សត្វ​រមាស ។

វគ្គឺ១០៖

មាន​ឥសី​មួយ​រូប​ឈ្មោះ​អគ្គីនេត្រ តាំង​អាស្រម​នៅ​ក្បែរ​មាត់សមុទ្រ បើ​លោក​ខ្ញាល់​នឹង​អ្នក​ណា​បើក​ភ្នែក​ឡើង​ឆេះ​អ្នក​នោះ​ខ្ទេច​ខ្ទី។ សត្វ​រមាស​ជា​យាន​ជំនិះ​របស់​លោក និងដើម្បី​ថែរក្សា​ថ្នាំ​ទុក​ឲ្យ​ម្ចាស់​គេ​វិញ​ ដែល​លោក​ដឹង​បាន​យ៉ាង​នេះ ​ព្រោះ​ក្នុង​ពេល​ដែល​យក្ស​យក​ទៅ​ចោល​ បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​ដល់​ទេវតា​រក្សា​សមុទ្រ​ៗ​បាន​មក​ប្រាប់​ដល់​លោក ។

ចំណែក​នាយ​ទិព្វវង្ស​កាល​បើ​ទៅ​ដល់​ដើម​ស្វាយ​ទិព្វ ហើយ​រក​មិន​ឃើញ​បាន​ចោទ​ប្រកាន់​ពួក​យក្ស បណ្តាល​កើត​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា​ជា​ខ្លាំង ពួក​យក្ស​ចាញ់​ដៃ ក៏​ចេះ​តែ​រត់​ថយ​ក្រោយ ទៅ​ដល់​អាស្រម​ឥសី​អគ្គីនេត្រ ឥសី​ភ្ញាក់​នឹង​សន្ធឹក​ជើង​យក្ស​បើក​ភ្នែក​ឡើង​ប្រកប​ដោយ​កំហឹង ក៏​ឆេះ​ពួក​យក្ស​ខ្ទេច​ខ្ទីអស់ នៅ​សល់​តែ​នាយ​ទិព្វវង្ស​មិន​ឆេះ ព្រោះ​បាន​អំណាច​ដែល​ឥសី​មាត់ទិព្វ​ប្រទាន​ឲ្យ ។


ឥសី​អគ្គី​នេត្រ​បាន​ឃើញ​នាយ​ទិព្វវង្ស​មិន​ឆេះ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ថា​បុរស​នេះ​ពូកែ​ណាស់​តាំង​ពី​ដើម​មក​មិន​ឃើញ​ដូច្នេះ​សោះ ទើប​លោក​សួរ​ដឹង​សព្វ​គ្រប់​ហើយ​ប្រាប់​ថាៈ ថ្នាំ​របស់​អ្នក​នោះ​ពួក​យក្ស​វា​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ ស្តេច​ក្រពើ​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ​កើត​ក្តៅ​ក្រហាយ​ឡើង​ទៅ​ក្រាំង​ក្នុង​ព្រៃ​ក៏​ក្លាយ​ទៅ​ជា​សត្វ​រមាស ឥឡូវ​យើង​យក​សត្វ​រមាស​នោះ​មក​ចិញ្ចឹម​ទុក​ឲ្យ​ចូរ​អ្នក​យក​រមាស​នេះ​ធ្វើ​ជា​យាន​ជំនិះ​ញទៅ​ចុះ ឯ​ថ្នាំ​នោះ​រលាយ​រលួយ​ក្នុង​ពោះ​រមាស​អស់​ទៅ​ហើយ បើ​អ្នក​ត្រូវ​ការ​ប្រស់​រូប​ថ្ម​គ្រាន់​តែ​យក​ទឹក​មាត់​រមាស​ទៅ​លាប​លើ​ថ្ម​បាន​ហើយ ។


នាយ​ទិព្វវង្ស​លា​ឥសី​អគ្គី​នេត្រ ជិះរមាស​សំដៅ​ទៅ​នគរ​មគធៈ​ទៅ​ដល់​រក​ចេតិយ​ស្ទើរ​តែ​មិន​ឃើញ មាន​ព្រៃ​ដុះ​ជុំ​ជិត ព្រោះ​មនុស្ស​លែង​នៅ​ក្នុង​នោះ​ជិត​១ ពាន់​ឆ្នាំ​មក​ហើយ ។

នាយ​ទិព្វវង្ស​ចេះ​តែ​ជិះ​រមាស​រុក​រក​ព្រៃ​ទៅ ក៏​មិនបាន​ជួប​ប្រទះ​ឃើញ​ចេតិយ​នោះ​ហាក់​ដូច​ជា​អស់​សង្ឃឹម ប៉ុន្តែ​នាយ​នឹក​ដល់​អានុភាព​របស់​ឥសី​ជា​គ្រូ​ថា មាត់​របស់​លោក​ជា​មាត់​ទិព្វ ពុំ​ដែល​ប្រែប្រួល​ខុស​សំដី​របស់​លោក​ទេ ទើប​នាយ​លើ​ដៃ​ប្រណម្យ ហើយ​បួង​សួង​ថា ដោយ​អានុភាព​នៃ​គ្រូ​របស់​ខ្ញុំ សូម​ឲ្យ​ព្រៃ​នេះ​វិនាស​អស់​ទៅ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ញទេសភាព​គ្រប់​យ៉ាង​របស់ព្រះ​នគរក្នុង​សម័យ​មុន​នេះ ១​ពាន់​ឆ្នាំ​កើត​ឡើង​ដូច​ដើម​វិញ ថា​តែ​ប៉ុណ្ណោះ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ទេសភាព​គ្រប់​យ៉ាង​កើត​ប្រាកដ​ដូច​ដើម​វិញ​ទាំង​អស់ ទើប​នាយ​នាំ​រមាស​ចូល​ទៅ​ក្នុង​ចេតិយ៍ ​យក​ទឹក​មាត់​លាប​រូប​ព្រះ​រាជា ជា​ដំបូង​ក៏​ក្លាយ​ជា​មនុស្ស​ដូច​ដើម​ ។


ព្រះ​រាជា​ស្ទុះ​ឳប​នាយ​ទិព្វវង្ស​ដោយ​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង សួរ​ដឹង​រឿង​ហេតុ​សព្វ​គ្រប់​ទើប​អង្វរនាយ​ឲ្យ​ប្រស់​ព្រះអគ្គមហេសី ព្រះ​រាជ​ធីតា ព្រម​ទាំង​ពួក​រាជ​បរិវារ​ទាំង​អស់​ឲ្យ​ក្លាយ​ជា​មនុស្ស​វិញ ។ នាយ​ក៏​ប្រស់​បាន​ដូច​បំណង ។

លំដាប់​មក​ព្រះ​រាជា​រៀប​អភិសេក​នាយ​ទិព្វវង្ស ជា​មួយ​នាង​ចន្ទរស្មី​ជា​ព្រះ​រាជធីតា ឲ្យ​សោយ​រាជ្យ​ក្នុង​ព្រះនគរនោះ ដោយ​ពិធី​រាជា​សេក​យ៉ាង​ធំ​អស្ចារ្យ​តាម​រាជ​ប្បវេណី​ពី​បុរាណ​កាល​មក ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ប្រជុំជាតក                



រឿង កុលាបប៉ៃលិន

អ្នកទស្សនា: Views

 

នៅក្នុងផ្ទះចាស់ប្រក់ក្បឿងមួយខ្នងតាចឺមដែលជាឪពុកចៅចិត្រ នៅស្រុកស្វាយប៉ោ ខេត្ត​បាត់ដំបង ជាត្រកូលសិរីពង្សកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ទោះបីលោកគ្រូពេទ្យស្អាតខំប្រឹង​ព្យាបាលយ៉ាងណាក៏ពុំអាចជាសះស្បើយឡើយ។ មុននឹងស្លាប់ទៅគាត់បានផ្តែផ្តាំចៅចិត្រនូវគា​ថា​មួយបទថា "អត្តាហិ អត្តនោ នាថោ"។

         ក្រោយពីឪពុកស្លាប់ទៅ លោកគ្រូពេទ្យស្អាតក៏បានណែនាំឲ្យចៅចិត្រទៅធ្វើជាកម្មករនៅប៉ៃ​លិន នៅផ្ទះលោកហ្លួងរតនសម្បត្តិ ដែលជាឪពុកមារបស់លោក។ បានសំបុត្រពីគ្រូពេទ្យស្អាត​ហើយ ចៅចិត្រក៏ធ្វើដំណើរទៅប៉ៃលិន ហើយក៏បានលោកហ្លួងរតនសម្បត្តិទទួលឲ្យនៅជាមួយ​ធ្វើ​ជាកម្មករត្បូង។

         តាំងពីនោះមកចៅចិត្រខិតខំធ្វើការជាកម្មករជីកត្បូងឥតមានខ្ជិលច្រអូស ឬទម្រន់ឡើយ ជា​ហេតុបណ្តាលឲ្យលោកហ្លួងរតនាសម្បត្តិពេញចិត្តយ៉ាងខ្លាំង។ ចំណែកពួកកម្មករដទៃទៀតក៏មាន​ការពេញចិត្ត ស្រឡាញ់រាប់អានចៅចិត្រគ្រប់ៗគ្នា។

 យប់មួយចៅចិត្រច្រៀងបទយុវាភិរម្យនៅក្នុង​ខ្ទមរបស់ខ្លួន។ សំឡេងចម្រៀងធ្វើឲ្យឃុននារីដែលបានចុះមកកំសាន្តក្នុងសួនលឺទ្រាំពីរោះមិនបាន ក៏បណ្តាលឲ្យចូលទៅក្នុងលំនៅតូចរបស់ចៅចិត្រ។ ឃុននារីនិងចៅចិត្រសន្ទនាគ្នាជាពាក្យផ្តោះ​ផ្តងផ្សេងៗ ហើយគេក៏ចេញទៅទីវាលសួនច្បារសំណេះសំណាលរាក់ទាក់ទៅតាមមនោគតិរបស់​គេរៀងៗខ្លួន។

          លុះស្អែកឡើង ពេលព្រឹកវេលាដែលចៅចិត្រទៅជីកត្បូង គេមានភ័ព្វបានជួយរវៃឡានម្ចាស់​របស់គេដែលបម្រុងទៅស្រុកសង្កែ ទទួលលោកបាឡាត់ស្រុក។ តាសុនអ្នកបើករថយន្ត កាលបើ​ឃើញចៅចិត្រចេះបើកឡាន គាត់ក៏សុំច្បាប់មួយពេលព្រោះជាប់ធុរៈ។ លោករតនសម្បត្តិក៏ព្រម​ឲ្យ​ចៅចិត្រជំនួសតាសុន។

         ក្នុងការស្នាក់ជូនដំណើរចៅហ្វាយទៅដល់ស្រុកសង្កែ ចៅចិត្របានកាន់កន្ត្រកដើរតាមក្រោយ​ឃុននារីទៅផ្សារទិញឥវ៉ាន់......។ ទិញឥវ៉ាន់សព្វគ្រប់អស់ហើយឃុននារី និងចៅចិត្រក៏ត្រឡប់ក៏​ត្រឡប់មកទទួលរតនសម្បត្តិ និងលោកបាឡាត់ស្រុកវិលទៅប៉ៃលិនវិញ។ តែអកុសលមកដល់​ពាក់កណ្តាលផ្លូវឡានក៏ខូចបណ្តាលឲ្យមានការទាស់សម្តីខ្លះរវាងចៅចិត្រ និងលោកបាឡាត់ព្រោះ​ម្នាក់ៗសុទ្ធតែប្រច័ណ្ឌទៅលើសម្រស់នាងឃុននារី។

        ក្នុងការស្នាក់នៅកណ្តាលព្រៃចៅចិត្រ និងចៅហ្វាយក្រមុំនេះនិយាយផ្តោះផ្តងគ្នារហូតយល់​ចិត្តយល់ថ្លើមគ្នាខ្លះ។ រំពេចនោះ ស្រាប់តែមានចោរមួយក្រុមចេញមកប្លន់។ ចៅចិត្របានតតាំង​ប្រយុទ្ធជាមួយពួកចោរដោយអង់អាចបណ្តាលឲ្យពួកចោរត្រូវរបួសជាច្រើននាក់ ចំណែកចៅចិត្រ​ក៏ត្រូវគ្រាប់សន្លប់បាត់ស្មារតី។ ក្រោយការរងរបួស គេបាននាំចៅចិត្រមកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយមានការជួយជ្រោមជ្រែងពីលោកហ្លួងរតនសម្បត្តិ។

 ដោយការខិតខំព្យាបាលជម្ងឹពីគ្រូពេទ្យ និងការយកចិត្តទុកដាក់ថែទាំយ៉ាងដិលដល់ពីឃុននារី ចៅចិត្រក៏បានសះស្បើយវិញ។ ចាប់តាំងពី​ថ្ងៃនោះមកចៅចិត្រ និងឃុននារីក៏បានយល់ចិត្តគ្នាហើយស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ឯចរិត​ឆ្មើង​ឆ្មៃរបស់ឃុននារីក៏សាបសូន្យក្នុងគ្រានោះដែរ។

        ដោយសារគុណសម្បត្តិដ៏ថ្លៃថ្លារបស់ចៅចិត្រ លោកហ្លួងរតនសម្បត្តិក៏បានតែងតាំងចៅចិត្រ​ឲ្យ​កាន់បញ្ជីមើលការខុសត្រូវត្រួតមើលត្បូងវិញម្តងគឺឈប់ឲ្យធ្វើជាកម្មករទៀតហើយ។

        ថ្ងៃមួយលោកបាឡាត់ស្រុកសង្កែបាននាំចៅកែផាន់ចូលមកផ្ទះលោករតនសម្បត្តិដើម្បីសុំ​ទិញ​ត្បូង។ ក្រោយការបង្ហាញត្បូងឲ្យមើលម្ចាស់ផ្ទះបានព្រមទទួលនាំថៅកែថ្មីនេះទៅមើលអណ្តូង​ជីក​ត្បូងជាមួយចៅចិត្រទុកឲ្យឃុននារី និងលោកបាឡាត់នៅក្នុងផ្ទះ។ ដោយសេចក្តីស្នេហាឥតព្រំដែន​លោកបាឡាត់បានចាប់នាងឃុននារីរំលោភ។ ចៅចិត្រមកទាន់​វាយលោកបាឡត់ដួល...។

 លោក​រតនសម្បត្តិព្រមលើកលែងទោសឲ្យលោកបាឡាត់ និងថៅកែផាន់តែបានព្រមានឈប់ឲ្យមកជាន់​ទីនេះទៀត។

         ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ​ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងឡើងទៅលើផ្ទះ​ប្រទះ​មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរនេះបាន។ ចំណែក​លោក​បាឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។

        ក្នុងរាត្រីនោះ វេលាដែលចៅចិត្រកំពុងបណ្តែតអារម្មណ៍ក្នុងបន្ទប់ស្រាប់តែលឺសំឡេងចោរ​ចូលមកប្លន់ផ្ទះលោករតនៈ។ ក្រុមកម្មករតស៊ូនៅខាងក្រោម ឯចៅចិត្រឡើងទៅលើផ្ទះប្រទះ​មេចោរគឺថៅកែផាន់ ហើយបានប្រយុទ្ធគ្នាយ៉ាងយូរទើបអាចសម្លាប់ចោរបាន។

 ចំណែកលោកបា​ឡាត់ស្រុកកំពុងប្រវាយចាប់យកឃុននារី​ក៏ត្រូវចៅចិត្រសម្លាប់បានទៀត។

         គុណសម្បត្តិដ៏ច្រើនរបស់ចៅចិត្រធ្វើឲ្យលោកហ្លួងរតនសម្បត្តិពេញចិត្តយ៉ាងខ្លាំង ម្យ៉ាង​ដោយលោកមើលឃើញពីទឹកចិត្តស្មោះស្ម័គ្ររបស់ចៅចិត្រទៅលើឃុននារី លោកហ្លួងរតនៈក៏​រៀប​ចំផ្សំផ្គុំចៅចិត្រនិងឃុននារី ជាស្វាមីភរិយា ព្រមទាំងចែករំលែកទ្រព្យសម្បត្តិឲ្យអ្នកទាំងពីររស់នៅ​យ៉ាងសុខសាន្ត។ គូជីវិតថ្មីនេះសប្បាយចិត្តរីករាយក្រៃលែង ហើយគេរស់នៅជាមួយគ្នាដោយ​សុខ​ក្សេមក្សាន្តកើតជាកូន ពូនជាចៅតរៀតទៅ។

ប្រធានរឿង៖ រឿងកុលាបប៉ៃលិន អ្នកនិពន្ធនិយាយពីដំណើរជីវិតរបស់ចៅចិត្រដែលពុះពារ​គ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅជីវិត ជាពិសេសអ្នកនិពន្ធបង្ហាញពីការជឿជាក់ និងការ​មានទំនុកចិត្តលើខ្លួនឯង (អត្តាហិ អត្តនោ នាថា)។

មូលបញ្ហារឿង៖ បញ្ហាទី១ ជុំវិញបញ្ហានៃជីវិតជាកូនកំព្រារបស់ចៅចិត្រ, បញ្ហាទី២ ជីវិតជាកម្ម​ករត្បូងនៅផ្ទះលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៣ ទំនាក់ទំនងស្នេហារវាងចៅចិត្រ និងនាង​ឃុននារី, បញ្ហាទី៤ ជោគជ័យរបស់ចៅចិត្រលើការឈ្នានីសរបស់លោកបាឡាត់ចំពោះគ្រួ​សារលោកហ្លួងរតនសម្បត្តិ, បញ្ហាទី៥ ភាពជោគជ័យរបស់ចៅចិត្រ។

រឿង ផ្កាស្រពោន

អ្នកទស្សនា: Views


 ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយ​មកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាម​ទូក​ប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។

          យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះ​ត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀត​ឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និង​នាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់​ដើរលេងតាមអំពើចិត្ត។

         ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់​ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រ​កែកនឹងបំនងម្តាយ។

         ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខ​ស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយ​សប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ 

ក្រោយមកនាងវិធាវីមាន​​ជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយ​នួន​វិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តង​បញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។

         ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏​កើត​ទុក្ខ​ទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បី​បន្លប់នូវសេចក្តីទុក្ខព្រួយ។

         ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់​ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។

ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូប​បណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។

មូលបញ្ហារឿង៖ បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, ស្នេហា​ក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យ​សម្បត្តិរបស់យាយនួន។

រឿង សព្វសិទ្ធិ

អ្នកទស្សនា: Views


រឿង សព្វសិទ្ធិ

នៅក្នុងព្រៃហេមពាន្តមានសត្វជៀបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូន ទុកឲ្យចាបញីនៅក្រុងរក្សាកូន។ ហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទំលើផ្កាឈូករីកនោះ ហើយត្រូវផ្កាឈូកក្តោបរំរកច្រកចេញពុំរួច។ លុះសុរិយាជ្រាលជ្រេផ្កាឈូកលា ទើបចាបឈ្មោលចេញរួចហើរពាំចំណីសំដៅទៅកាន់សំបុកវិញ។

 ថ្លែងពីនាងសកុណីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់ លុះឃើញសកុណាជាប្តីមកដល់មានធុំក្លិនក្រអូបនៃផ្កាឈូកទៀតនោះ​ក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធ។ សកុណីក៏លោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ឯសកុណាដែលពន្យល់សកុណីមិនជឿក៏លោតសម្លាប់ខ្លួនក្នុងភ្លើងដែរ ដោយបានសច្ចាថាកើតជាតិណាណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកុំខានឡើយ។ 

កាលស្លាប់ទៅ ចាបឈ្មោលបានទៅកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរី ក្រុងពារាណសី ដោយមាននាមថា "ចៅសព្វសិទ្ធិ"។ កាលសព្វសិទ្ធិប្រសូតនោះមានកុមារ ១០០១នាក់កើតឡើងដែរជាបរិវា។

 ចំណែកឯនាងសកុណីកាលស្លាប់ទៅ បានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថា "សុវណ្ណកេសរ" នៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្ត និងមហេសីនាមកុសុមា។ កាលធំដឹងក្តីឡើងសព្វសិទ្ធិបានសុំឪពុកម្តាយទៅរៀនវេទនឹងលោកអាចារ្យទិសាបាមោក្ខនៅនគរតក្កសិលា ដោយមានកុមារទាំង១០០១ទៅរៀនជាមួយគ្នា ព្រមទាំងមានភិលៀងជំនិតម្នាក់ផង ដែលបានរៀនសូត្រចេះដឹងដូចសព្វសិទ្ធិដែរ។ ក្នុងចំណោមសិស្សទាំងអស់ សព្វសិទ្ធិគឺជាសិស្សដែលពូកែ និងឆ្លាតជាងគេ។ វេលាដែលបានចេះចាំសព្វហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញ។ ថ្លែងឯនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសណាសោះ រាប់ទាំងបិតានាងផង។

 ការនេះធ្វើឲ្យបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសព្វគ្រប់ កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្តាលមកពីកម្ម និងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខណ៍។ ព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរ នាម៉ឺន មន្ត្រី សេដ្ឋី ប្រជានុរាស្ត្រនាំបុត្រា កូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយ នឹងលើកព្រះនាងឲ្យជាមហេសី។ ប៉ុន្តែគ្រប់បុត្រា និងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេ។ 

ព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធិ ក៏បាននាំភិលៀងមកនគរពារាណសី ដើម្បីល្បងយកនាងសុវណ្ណកេសរ ដោយបានប្រើសិល្ប៍សាស្ត្រដកដួងព្រលឹងភិលៀងទៅដាក់លើវត្ថុផ្សេងៗជាគម្រប់៤ដង។ លើកទីមួយសព្វសិទ្ធិបានដកដួងព្រលឹងភិលៀងទៅដាក់នឹងទ្វារ។ លើកទីពីរដាក់នឹងចង្កៀង លើកទីបីដាក់នឹងពានព្រះស្រី និងលើកទីបួនដាក់នៅនឹងវាំងនន។ ហើយក្នុងមួយលើកៗសព្វសិទ្ធិបាននិទានរឿងមួយ។

     ការនិទានរឿងទាំងបួនរបស់សព្វសិទ្ធិនេះធ្វើឲ្យសុវណ្ណកេសរនិយាយតប ដោយមានសូរសព្ទភ្លេងជាសក្ខីភាព។ សព្វសិទ្ធិ និងនាងសុវណ្ណកេសរត្រូវបានបិតាមាតារៀបអភិសេកឲ្យនាពេលនោះទៅ។

     សម័យក្រោយមក សព្វសិទ្ធិបានលាមហេសីទៅប្រពាតព្រៃជាមួយនឹងភិលៀង។ ទៅដល់ព្រៃបានជួបនឹងប្រើសស្លាប់មួយ សព្វសិទ្ធិបានដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសព្វនោះដោយបានផ្តាំភិលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អ។ សព្វសិទ្ធិក្នុងរូបរាងប្រើសបានរត់លេងយ៉ាងសប្បាយនៅក្នុងព្រៃ។ ឱកាសល្អ ភិលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសព្វសិទ្ធិ ហើយដុតរូបរបស់ខ្លួនចោលទៅ។ សព្វសិទ្ធិត្រឡប់មកវិញដឹងថាភិលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោម្នេញ។

 ចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីៗ សព្វសិទ្ធិក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះ ហើរទៅរាជវាំង រ៉ាយរ៉ាប់ប្រាប់មហេសីសព្វគ្រប់។ សុវណ្ណកេសរក៏បានលួងលោមភិលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយ។ សព្វសិទ្ធិក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញ។ រួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅ។ ក្រោយមកព្រះបាទព្រហ្មទត្តទ្រង់រាជាពាធដល់នូវទីវង្គត។ អស់ចតុរង្គជំនំគ្នាសេ្តចយាងក្សត្រគឺ សព្វសិទ្ធិ និងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យជាសុខសាន្តរហូតដល់ព្រះជន្មមួយរយម្ភៃព្រះវស្សារទើបសោយវិលាល័យ​ទៅកើតនៅឋានតុសិត។ 

សព្វសិទ្ធិសរជាតិជាព្រះសម្មាសម្ពុទ្ធ នាងសុវណ្ណកេសរជាកន្សៃសារពេជ្ញ ភិលៀងជាទេវទត្ត ព្រះបាទព្រហ្មទត្តជាអានាថបណ្ឌិតមហាសេដ្ឋី កុសុមាជានាងពលីកា កោណ្ឌញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោទន៍ នាងខេមាជាពុទ្ធមាតានាមនាងសិរីមហាមាយា។

រឿង មរណមាតា

អ្នកទស្សនា: Views

 

រឿង មរណមាតា

កាលព្រះបរមសាស្តាគង់នៅវត្តវេឡុវ័នទៀបក្រុងរាជគ្រឹះ ព្រះអនុរុទ្ធត្ថេរ​បានទូលសួរអំពីកំ​ណើតសត្វដែលផ្សេងគ្នាដោយអាយុ រូបរាអ និងទ្រព្យសម្បត្តិ។ល។ ព្រះអង្គទ្រង់សម្តែងថា "ជន​ណាបានពិចារណាទ្វត្តិង្សាការ កម្មដ្ឋាន មានកេសា លោមា នទា ទន្តា តចោ ជាដើម ជននោះនឹង​បានរួចចាកទុក្ខដូចនាងមរណមាតាដែលបានភាវនាហទយំៗ នាងកើតឡើងជាមនុស្សមានចិត្តទិព្វ​ល្អ ទោះបីមានជនចិត្តអាក្រក់ធ្វើបាបនាងយ៉ាងណាក៏គង់រួចចាកទុក្ខបាន" ហើយទ្រង់នាំអតីតនិ​ទានថា៖

     ក្នុងកាលកន្លងទៅយូរហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមវិមលធម្មរាជសោយរាជ្យក្នុងវិទ​ហនគរ។ គ្រានោះមានបុរសម្នាក់ឈ្មោះកុល្លិយៈ ប្រពន្ធឈ្មោះនាងកែវកេសីជារាជបម្រើ។ ព្រះរាជា​ទ្រង់តាំងឲ្យធ្វើជាមេស្រុកនៅស្រុកមួយ។ កុល្លិយៈ និងនាងកែវកេសីមានកូនស្រីមួយឈ្មោះកុល​កេសី។ នៅជិតផ្ទះនោះមានបុរសកំសត់ម្នាក់មានកូនប្រុសមួយឈ្មោះកុដុម្ពីក៍កុមារ។ កុមារបានស្រឡាញ់នាងកុលកេសីក្នុងពេលដែលទៅចាំចាបឯស្រែ។

 អ្នកទាំងពីរបានពង្រាត់គ្នានៅក្នុងជនបទមួយឈ្មោះកាសីជាស្រុកចោរ។ ពួកចោរចាប់ចងកុដុម្ពីក៍ នាងកុលកេសីយកចិញ្ចៀនមាសមួយទៅជូនមេស្រុកសុំលោះប្តី មេស្រុកបង្គាប់ពួកចោរឲ្យដោះលែង។ អ្នកទាំងពីរសុំមេស្រុកធ្វើជាឪពុកធម៌។ មេស្រុកប្រគល់ទ្រព្យសម្បត្តិ និងទាសី កម្មករឲ្យ។ នាងកុលកេសីបានសុំឪពុកធម៌ទៅតាំងនៅភូមិថ្មី១ បានជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ដោយកុដុម្ពីក៍មានប្រាក់រាប់កោដិ អ្នកស្រុកឲ្យឈ្មោះថាកុលកោដិកុដុម្ពីក៍ៗមានកូនស្រីមួយឲ្យឈ្មោះនាងកុមារី។ ក្រោយពីមេស្រុកដែលជាឪពុកធម៌ស្លាប់ទៅ កុលកោដិកុដុម្ពីក៍បានជាធំក្នុងស្រុកនោះ។

     កាលនាងកុមារីបានអាយុ៧ឆ្នាំ មានស្រ្តីមេម៉ាយឈ្មោះកាឡី មានកូនស្រីពីរនាក់ កូនបងឈ្មោះចន្ទី កូនប្អូនឈ្មោះចន្ទាសាលិនី។ មេកាឡីមានបងស្រីម្នាក់ឈ្មោះកាលីនិយា។ មេកាឡីចេះតែមក​ប្រលោមកុលកោដិកុដុម្ពីក៍។

     កុលកោដិកុដុម្ពីក៍ក៏យកមេកាឡីនោះជាប្រពន្ធចុង មិនយូរប៉ុន្មានកុលកោដិកុដុម្ពីក៍ធ្លាក់ខ្លួនជាអ្នកក្រ។ ដោយមេកាឡីមួលបង្កាច់កុដុម្ពីក៍ក៏ជេរវាយនាងកុលកេសីរាល់ថ្ងៃ ទីបំផុតកុដុម្ពីក៍នាំនាង​កុលកេសីទៅបង់ត្រី វាយទម្លាក់ទឹកស្លាប់ទៅ។ នាងកើតជាត្រីដំរីនៅកំពង់ទឹកនោះ។

     លុះកុដុម្ពីក៍ត្រឡប់មកផ្ទះវិញ នាងកុមារីពុំឃើញម្តាយក៏យំរត់ទៅរកឯកំពង់ទឹក បានដឹងដោយនាងទេពធីតាប្រាប់ថា ម្តាយស្លាប់កើតទៅជាត្រីដំរីហើយ នាងស្រែកហៅម្តាយៗហែលមកជិតប្រាប់កូនអំពីប្រវត្តិខ្លួនសព្វគ្រប់។ តាំងពីនោះមកគេហៅនាងកុមារីជាមរណមាតា។ នាងតែងធ្វើការផ្សេងៗមានឃ្វាលគោជាដើមដោយកំសត់ពន់ពេក។

 រាល់ថ្ងៃ នាងតែងយកកន្ទក់បាចឲ្យត្រីដំរី។ មេកាឡីឲ្យកូនយកកន្ទក់ទៅបញ្ឆោតចាប់ត្រីដំរីមកសម្លាប់។ គ្រានោះមានទាញីមួយហួរស្រកាពីរទៅដាក់នៅមុខនាងៗស្គាល់ជាស្រកាម្តាយ នាងក៏យកទៅដាំដុះជាដើមត្របប់ពីរដើមមានផ្លែផ្កាល្អ ហើយនាងគោរពប្រណិប័តន៍រាល់ថ្ងៃ។ មេកាឡីដឹងយកដើមត្រប់ទាំងឫសគល់ទៅបុកក្នុងត្បាល់។ 

គ្រានោះមានឆ្មាញីមួយ ពាំឫសគ្រប់ពីរទុកឲ្យនាងៗយកឫសត្រប់ទាំងពីរនោះទៅដាំ។ ដោយអំណាចអានិសង្ឃដែលនាងបានភាវនាទ្វត្តិង្សាការកម្មដ្ឋានថាហទយំៗពីជាតិមុនគេ ឲ្យនាងមានជាតិជាទិព្វ នាងបួងសួងដល់មាតាហើយដាំទៅ ឫសត្រប់នោះដុះភ្លាមកើតជាដើមរលួសពីរដើម មានស្លឹកពណ៌ល្អដូចមាស ហើយមាតានាងកើតជាទេព្តានៅចាំរក្សាទីនោះ។ ស្លឹករលួសនោះខ្យល់បកមកលឺសូរដូចប្រគំតន្ត្រី។ នាងមរណមាតានមស្ការដើមរលួសរាល់ព្រឹកល្ងាច។

     វេលាមួយព្រះបាទវិមលធម្មរាជ ស្តេចចេញប្រពាតព្រៃ ទ្រង់ទតឃើញដើមរលួសនោះ ទ្រង់ជ្រាបថាជារបស់នាងមរណមាតា ទ្រង់ឲ្យហៅនាង។ នាងក៏ទៅថ្វាយបង្គំស្តេច។ ទ្រង់សុំដើមរលួសនោះ រួចទ្រង់ឲ្យពលជីកគាស់ តែពុំរបើក លុះតែនាងមរណមាតាបួងសួងទើបរលួសរដុះឡើង អណ្តែតលើអាកាសតាមស្តេចទៅព្រះរាជវាំង ដល់ហើយដើមរលួសឋិតនៅលើអាកាសមិនចុះមកដី លុះតែព្រះរាជាឲ្យយកនាងមរណមាតាទៅក្នុងព្រះរាជវាំង នាងបួងសួងទើបរលួសនោះចុះមកដីឋិតនៅក្នុងអាងមាសសន្មតឈ្មោះសុវណ្ណរាជព្រឹក្ស។ ព្រះរាជាទ្រង់អភិសេកនាងមរណមាតាជាអគ្គមហេសី ហើយទ្រង់សួរប្រវត្តិព្រះនាងៗក្រាបទូលតាំងពីដើមរហូតដល់ចប់។

     ក្រោយមកព្រះរាជាទ្រង់ស្តេចទៅទាក់ដំរី។ មេកាឡីរកឧបាយកលសម្លាប់ព្រះនាងមរណមាតា វាចាត់ការឲ្យរកឩសជីកគុកដាំប្រេងដូងមួយខ្ទះធំ ធ្វើបន្ទប់ដាក់ក្តារគ្របពីលើ ដើម្បីឲ្យនាងដើរជាន់ ធ្លាក់ខ្លួនទៅក្នុងខ្ទះស្លាប់។ ធ្វើស្រេចឲ្យកូនស្រីពីរនាក់ទៅបញ្ឆោតនាងមរណមាតាថាឪពុកឈឺទៀបស្លាប់ ចង់ជួបនាង។ ពួកស្រីក្នុងវាំងក៏ហែរហមព្រះនាងមរណមាតាទៅផ្ទះឪពុក។ 

មុននឹងទៅជួបឪពុក គេឲ្យព្រះនាងដោះគ្រឿងប្រដាប់ស្រង់ទឹកសិន។ លុះចូលទៅក្នុងបន្ទប់ស្រង់ទឹក ព្រះនាងជាន់ក្តាភ្លាត់ធ្លាក់ព្រះអង្គទៅក្នុងខ្ទះប្រេងដូងក្តៅសុគតទៅ។ មេកាឡីយកគ្រឿងអលង្កានោះបំពាក់មេចន្ទាសាលិនីជាកូនឲ្យទៅជំនួស។ ពួកស្រីស្នំមិនបានជាពិនិត្យក៏នាំចូលព្រះរាជវាំង។ ឯរាជព្រឹក្សទ្រង់យាងត្រឡប់មកព្រះរាជវាំងវិញ ទ្រង់ឆ្ងល់ ទ្រង់រកឱកាសដើម្បីនឹងចាប់ថ្នាក់ឲ្យបាន។

     ក្រោយពីនាងមរណមាតាសុគតទៅ គេបានយកអដ្ឋិធាតុទៅចោលក្នុងព្រៃស្មសាន ហើយនាងទេពធីតាមួយអង្គឈ្មោះគិរីមេខលា ឋិតនៅដើមជ្រៃក្នុងព្រៃនោះបានយកឱសថទិព្វមកដាក់ឲ្យរស់ឡើងវិញល្អលើសដើម។ នាងទេពធីតាប្រាប់ព្រះនាងថា បើនៅជាមនុស្ស ពេលទៅនគរវិញគេពុំជឿទេ ត្រូវព្រះនាងបរិភោគឱសថឲ្យក្លាយទៅជាសារិកាទើបចូលបាន។

 លុះបរិភោគឱសថក្លាយទៅជាសារិកាហើយ ទើបហើរចូលទៅក្នុងវាំង។ នាងសារិកាទូលប្រវត្តិរបស់ព្រះនាងថ្វាយព្រះមហាក្សត្រជ្រាបសព្វគ្រប់។ ព្រះរាជាទ្រង់ស្រឡាញ់ ទ្រង់យកចិញ្ចៀនមាសមួយវង់បំពាក់ជើងដាក់ក្នុងទ្រុងមាសនៅក្នុងព្រះរាជវាំង។ នាងសារិកាបួងសួងសុំដើមរាជព្រឹក្សៗក៏លូតលាស់ មានស្លឹកផ្កែផ្កាល្អដូចដើម។

     ព្រះរាជាទ្រង់ឲ្យពេជ្ឈឃាតសម្លាប់មេចន្ទាសាលិនី ធ្វើផ្អកដាក់ពាងទាំងក្បាលផ្ញើទៅម្តាយឪពុកប្រាប់ថាកូនផ្ញើមកជូនកុដុម្ពីក៍ៗលូកដឹងថាកូនស្លាប់ក៏ប្រញាប់នាំកូន និងប្រពន្ធទៅជ្រកក្នុងព្រៃស្មសាន គ្រោះជួបនឹងតាបសម្នាក់​ហើយនៅក្នុងព្រៃនោះទៅ។

     ព្រះរាជាឲ្យអាមាត្យវិនិច្ឆ័យក្តីយាយអករ៍ដែលឲ្យគេបញ្ឆោតយកព្រះនាងមរណមាតាទៅសម្លាប់។ អាមាត្យកាត់សេចក្តីថា យាយអករ៍មានទោសដល់ស្លាប់។ យាយអករ៍នោះមានកូនស្រីមួយឈ្មោះនាងឆន្ទា ជាសាវឡិកព្រះរាជាដែលត្រូវស្តេចបណ្តេញចេញ នាងនោះខឹងថាមកពីនាងសារិកាអុចអាលបានជាគេសម្លាប់ម្តាយខ្លួន ក៏គុំសម្លាប់នាងសារិកា។

     ថ្ងៃមួយ ព្រះវិមលធម្មរាជស្តេចចេញទៅបង្ក្រាបចោរនៅជនបទ ទុកនាងសារិកានៅក្នុងវាំង។ នាងឆន្ទាបានឱកាសក៏ចូលទៅលួចនាងសារិកាបានឲ្យទៅទាសីសម្លាប់ស្លស៊ី។ ទាសីបោចសារិកាហើយចុះទៅដី នាងសារិកាលបរត់ចូលទៅក្នុងរូងកណ្តុរស។ ស្តេចកណ្តុរសយកនាងទៅចិញ្ចឹមទាល់តែដុះស្លាបឡើងវិញ។ ស្តេចកណ្តុរសខឹងណាស់ ទៅខាំនាងឆន្ទាដាច់ច្រមុះស្លាប់ទៅ។ នាងសារិកា និងស្តេចកណ្តុរសចេញទៅជួបពស់មួយធំ ប៉ងនឹងចឹកនាងតែបានតាដក់ធំមួយខាំពស់នោះស្លាប់បាត់ទៅ។

 បន្ទាប់ពីនោះមក ព្រះឥន្ទបើកភ្នែកទិព្វចក្ខុមកឃើញនាងសារិកា ក៏ចុះមកនិមិ្មតជាខ្លាធំមួយ លោតឡើងមែកជ្រៃ សុំផ្លែជ្រៃមែកទីសបស្ចឹមក្លាយជាបក្សីៗលោតទៅស៊ីផ្លែជ្រៃមែកទិសឧត្តរក្លាយជាប្រើសមាសៗស៊ីផ្លែជ្រៃទិសបូពា៌ ក្លាយជាស្វាៗស៊ីផ្លែជ្រៃទិសទក្សិណ ក្លាយជាមនុស្សរូបល្អ ព្រមទាំងមានគ្រឿងអលង្ការ។ នាងសារិកាឃើញសព្វគ្រប់បានធ្វើត្រាប់តាមលំដាប់ ក៏ក្លាយជារូបរាងផ្សេងៗ ទីបំផុតក្លាយជាមនុស្សស្រី ហើយបេះផ្លែជ្រៃវេចទុកដើរទៅជួបតាបសម្នាក់ឈ្មោះមិត្តាជិនៗសួរហេតុសព្វគ្រប់ក៏នាំនាងទៅចិញ្ចឹមនៅក្នុងអាស្រម។

     ក្រោយមកតាបសមិត្តាជិនទៅកាន់ព្រះបោក្ខរណី បានឃើញកុមារមួយរូបកើតក្នុងផ្កាឈូក បានយកមកឲ្យនាងចិញ្ចឹម​ឲ្យឈ្មោះបុទុមកុមារៗធំឡើងសាកសួរនាងៗប្រាប់ពីប្រវត្តិសព្វគ្រប់ បុទុមកុមារលាមាតា និងមហឥសីទៅរកព្រះបិតាឯវិទហនគរ យកទាំងព្រះទម្រង់ដែលចងនឹងព្រះមាតាកាលនៅជាសារិកា និងផ្លែជ្រៃទៅផង។ វេលានោះមានស្តេចប្រើសមាសមួយមកធ្វើជាជំនិះបញ្ជិះកុមារទៅរកបិតា។ លុះបានជួបព្រះបិតាហើយ ក៏យាងព្រះបិតាមកហែហមព្រះមាតាទៅសោយរាជ្យក្នុងវិទេហនគរប្រកបដោយទសពិធរាជធម៌។

 កាលបើព្រះនាងបានជួបព្រះភស្តាហើយបានសោយរាជ្យជាសុខ ព្រះនាងនឹកដល់គុណទា ឆ្មា និងស្តេចកណ្តុរក៏ព្រះរាជទាននំចំណីដល់សត្វទាំងនោះ ព្រមទាំងចំណាយព្រះរាជទ្រព្យ ព្រះរាជទានដល់អ្នកកំសត់ទុគ៌តជានិរន្តរ៍ ហើយគង់នៅជាសុខសប្បាយដរាបដល់សោយព្រះវិលាល័យទៅហោង។


រឿងសត្វឥន្ទី្ររបស់ព្រះឥសូរ

អ្នកទស្សនា: Views

 


រឿងសត្វឥន្ទី្ររបស់ព្រះឥសូរ

មាន​សត្វ​ឥន្ទ្រី ១ ជាទី​គាប់​ព្រះទ័យ​នៃ​ព្រះ​ឥសូរ បើ​សត្វ​ឥន្ទ្រី​នេះ វា​ចង់បាន​អ្វី ៗ ក្ដី ឬ​ចង់ស៊ី​សាច់សត្វ​ណា​ក្ដី វា​ទូល​ព្រះ​ឥសូ​រថា​វា​យល់​សុបិន​ត្រូវ​ស៊ី​សាច់សត្វ​នោះ ព្រះ​ឥសូរ​ក៏​ចេះតែ​ជឿ​តាម ហៅ​សត្វ​មក​ឱ្យ​វា​ស៊ី​តែ​រឿ​យៗ ។ សត្វ​ទាំងឡាយ មាន​គោ ក្របី​ជាដើម កើត​ក្ដៅក្រហាយ​និង​សត្វ​ឥន្ទ្រី​នេះ​មហិមា តែ​ពុំ​ហ៊ាន​ថា​អ្វី ព្រោះ​ខ្លាច​អំណាច​ព្រះ​ឥ​សូរ ជា​ម្ចាស់​លើ​សត្វលោក​នោះ ។​


​​ថ្ងៃ ១ សត្វ​ឥន្ទ្រី​នេះ វា​ចង់​ស៊ីសាច់​ស្ដេច​ដំរី ទើប​វា​ទូល​ព្រះ​ឥសូ​រថា វា​យល់​សុបិន​ត្រូវ​ស៊ីសាច់​ស្ដេច​ដំរី​ស ។ ព្រះ​ឥសូរ​ក៏​ជឿ​តាម​ទើប​ឱ្យ​បម្រើ​ទៅប្រាប់​ដំរី​ស​ម្ដាយ​និង​កូន​ថា ឱ្យទៅ​លាងខ្លួន​ឱ្យ​ស្អាត​ហើយ​ឱ្យ​ចូលមក​ក្នុង​វេលា​ព្រឹក​នេះ ឱ្យ​សត្វ​ឥន្ទ្រី​គេ​ស៊ី ត្បិត​គេ​យល់​សុបិន​ត្រូវ​ត្រង់​រូប​ខ្លួន​ហើយ ។ 

ឯ​ដំរី​ស​ម្ដាយ​និង​កូន កាលណា​បើ​ឮថា ព្រះ​ឥសូរ​ឱ្យ​ហៅ​ខ្លួន​ខ្លួន​ទៅឱ្យ​សត្វ​ឥន្ទ្រី​ស៊ី​ដូច្នោះ ក៏​ភិតភ័យ​នឹង​សេចក្ដីស្លាប់​នោះ​មហិមា នាំគ្នា​យំសោក​វិយោគ​ទៅ​ផ្សេង ៗ ពុំ​ដឹង​បើ​និង​រក លោក​អ្នក​ណា​មេត្តាជួយ​ដោះ​ជីវិត​នៃ​អាត្មា​បាន ហើយ​ក៏​នាំគ្នា​ដើរ​ចុះ​ទៅ​ក្នុង​ស្រះ ដើម្បី​នឹង​ងូតទឹក​ដុសលាង​កាយ ។​


​​ ​គ្រា​នោះ​មាន​សត្វ​ទី​ទុយ ១ ទំ​នៅលើ​មែកឈើ បានឃើញ​ដំរី​ស​ម្ដាយ​និង​កូន ដើរ​យំសោក​ដូច្នោះ ក៏​សួរ​ទៅ​ថា "​នែ​ដំរី​ស ! អ្នក​មាន​ទុក្ខទោមនស្ស​ព្រោះ​ហេតុអ្វី ?" ។ ដំរី​ស​ម្ដាយ​និង​កូន ក៏​ថ្លែងសេចក្ដី​ទុក្ខ​ប្រាប់​ទីទុយ​តាំងពីដើម ដល់​ចប់​សព្វ​គ្រប់​ប្រការ ទីទុយ​ឮ​ដូច្នោះ​ក៏​ថា "​ឱ​ព្រះ​ឥសូរ​លោក​ម្ដេចក៏​ប្រកប​ដោយ​ឆន្ទាគតិ គឺ​លំអៀង​ច្បាប់ លំអៀងសេចក្ដី​ទៅតាម​សេចក្ដីស្រឡាញ់ ទៅ​ជឿ​ស្ដាប់ តែ​ពាក្យ​សត្វ​ឥន្ទ្រី​ឱ្យ​យាយី​គេ​ឯ​ទៀត​ដូច្នោះ​" ។ 

ដំរី​ស​តប​ថា " ឱ្យ​អ្នក​ទីទុយ​អើយ​! ខ្ញុំ​នេះ​ឥត​ទីពឹង​ពំនាក់​សោះឡើយ សូម​អ្នក​មេត្តា​ជួយ​សង្គ្រោះ​ដោះដូរ​ជីវិត​ខ្ញុំ​ឱ្យ​រួច ពី​ភ័យ​ម្ដង​នេះ​ទៅ​លោក​ម្ចាស់ ខ្ញុំ​ម្ដាយ​និង​កូន​នៅ​ជា​ខ្ញុំបម្រើ​អ្នក​" ។ ឯ​ទីទុយ​កើត​ចិត្ត​មេត្តា​ករុណា ក៏​ឆ្លើយ​ទទួល​ថា "​អើបើ​ដូច្នោះ​អ្នកឯង​ឆ្លើយ​ទទួល​សារភាព​ថា​ជា​បាវ​ខ្ញុំ​ចុះ ខ្ញុំ​ឯង​នឹង​ទៅ​និយាយ​កែ​តាម​កលឧបាយ​ត​និង​ព្រះ​ឥសូរ​មើល​ម្ដង " ។

 ដំរី​ស​ក៏​ព្រម​តាម ហើយ​ឱ្យ​ទីទុយ​ជិះ​ទំ​លើ​ក្បាល​កូនដំរី​សចរ​ទៅ កាន់​ដំណាក់​ព្រះ​ឥសូរ​ឰដ៏​ភ្នំ​កៃលាស​មហា​ស្ថាន​ដល់​ហើយ​ទីទុយ​ក៏​ចុះ​ចាក​ក្បាលដំរី​ស ចូល​ទៅ​ទៀប​បល្ល័ង្ក​ទីន័ង​ព្រះ​ឥសូរ​ហើយ​ទូល​ថា "​បពិត្រ​ព្រះអង្គ​ជា​កំពូល​លោក ព្រះអង្គ​មាន​ការ​អ្វី​បានជា​ទ្រង់​ហៅ​ដំរី​ស​ជា​បាវ​ខ្ញុំ​ទូលព្រះបង្គំ​មកនេះ មាន​ហេតុភេទ​យ៉ាងណា​ព្រះករុណា ? ព្រះ​ឥសូរ​ឆ្លើយថា "​អើ​ទីទុយ ! បាវ​ឯង​នេះ​ត្រូវ​ដល់​សេចក្ដី ស្លាប់​ហើយ​ក្នុងថ្ងៃនេះ ត្បិត​សត្វ​ឥ​ន្ទ្រី គេ​យល់​សុបិន​ថា ត្រូវ​បរិភោគ​សាច់​ដំរី ហេតុ​ទើប​យើង​ឱ្យ​ហៅ​ដំរី​ស​ជា​បាវ​ឯង​មក​ឱ្យ​គេ​ស៊ី​" ។


​​ ​ទីទុយ​តប​ថា "​សូម​ទាន ឯ​កិរិយា​យល់​សុបិន​របស់​សត្វ​ឥន្ទ្រី​នោះ​ជា​ទៀង​ពិតប្រាកដ ព្រះអង្គ​យក​ជា​ប្រមាណ​ណាស់​ទៅ​ឬ​យ៉ាងណា​ដូចម្ដេច ។​

​រឿង សត្វឥន្ទ្រីរបស់ព្រះឥសូរ


​​ ​"​អើ​ទីទុយ សត្វ​ឥន្ទ្រី​នោះ​គេ​យល់​សុបិន​ហើយ សុបិន​នោះ​និមិត្ត​ទៀង​ពិតណាស់ ហើយ​យក​ជា​ប្រមាណ​បាន​" ។ "​ក្រាប​ទូល ទូលព្រះបង្គំជាខ្ញុំ​ជឿ​តាម​ព្រះបន្ទូល ដែល​ទ្រង់​ជឿ​សុបិន​សត្វ​ឥន្ទ្រី​នោះ ដំរី​ស​បាវ​ខ្ញុំ​ព្រះករុណា​វិសេស​ក៏​គួរ​ស្លាប់ ហើយ​ខ្ញុំម្ចាស់​នាំ​មក​ថ្វាយ​ឱ្យ​ទ្រង់​ប្រទាន​ដំរី​ស​ឱ្យ​សត្វ​ឥន្ទ្រី​គេ​បរិភោគ​ចុះ តែ​ខ្ញុំ​ល្អងធូលីព្រះបាទ​យប់មិញ​នេះ​មានធុរៈ​ដើរ​ចាប់​ក្ដាម​បរិភោគ ពុំ​បាន​ទទួលទានដំណេក​សោះ បើ​

ដូច្នេះ​សូមមេត្តា​អត់​ទោស សូម​ទទួលទានដំណេក​បាន​មួយស្រឡេត​សិន ហើយ​សឹម​ខ្ញុំ​នាំ​បាវ​ទៅឱ្យ​សត្វ​ឥន្ទ្រី​នោះ​ស៊ី​" ថា​ហើយ​ទីទុយ​ក៏​ធ្វើ​ជា​ធ្មេចភ្នែក​សម្ងំ​ដេក​បន្តិច ទីទុយ​ក៏​ធ្វើ​ជា​ភ្ញាក់ឡើង ហើយ​ពត់​ខ្លួន​ពត់​ប្រាណ​សិត​ស្លាប ធ្វើ​កិរិយា​រីករាយ ហើយ​ទូល​ព្រះ​ឥសូ​រថា "​សូម​ទ្រង់​ព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំ​ទទួលទានដំណេក​អម្បាញ់មិញ​នេះ​ទៅ​យល់​សុបិន​ល្អ​ណាស់ ជា​សុបិន​មង្គល​ហៅ សុភ​និមិត្ត​" ។ 

ព្រះ​ឥសូរ​ក៏​សួរ​ថា "​បា​ឯង​យល់​សុបិន​នោះ​ដូចម្ដេច​ចូរ​និយាយ​ទៅ​មើល ?” ។ ទីទុយ​ក៏​ទូល​ថា "​សុបិន​ទូលព្រះបង្គំជាខ្ញុំ​នេះ​មាន​សេចក្ដី​ប្លែក​ណាស់​ស្ទើរតែ​មិន​ហ៊ាន​និយាយ​" ។ "​មើល​ឯង​និយាយ​ទៅ​មើល សុបិន​ឯង​នោះ​យ៉ាងណា​? " ។ "​សូមទាន​សុបិន​នោះ​ឃើញ​ថា សម្ដេច​នាង​ឧមា​ភគវតី​ជា​ព្រះ​រាជមហេសី​ល្អងធូលីព្រះបាទ​នេះ ស្រឡាញ់​ខ្លួន​ខ្ញុំ​ព្រះករុណា​វិសេស ល្អងធូលី ព្រះបាទ​ក៏​ប្រោស​ប្រទាន​ឱ្យ​មក​ជា​ភរិយា​ខ្ញុំ សុបិន​ខ្ញុំ​នេះ​ទៀង​ពិត​ប្រាកដ​ណាស់ យក​ជា​ប្រមាណ​បាន បើដូច្នោះ​សូម​ល្អងធូលីព្រះបាទ​ហៅ​ព្រះ​នាង​ឧមា​ភគវតី​នោះ​ព្រះរាជទាន​ឱ្យ​ទូលព្រះបង្គំជាខ្ញុំ ទុក​ជា​ព្រះ​កេរ្តិ៍​របស់​ព្រះករុណា​វិសេស​" ។ 

ព្រះ​ឥសូរ​ឮ​ដូច្នោះ​ក៏​តូច​ព្រះរាជហឫទ័យ ទើប​ត្រាស់​ថា "​អាឯង​យល់​សុបិន​នេះ​តែ​ផ្ដាស​ទេ យើង​នឹង​យក​ជា​ប្រមាណ​ពុំ​បាន នឹង​ជឿ​ស្ដាប់​ពុំ​បាន​ទេ អា​ទីទុយ​អើយ​! " ។ ទីទុយ​តប​ថា "​ការយល់​សុបិន​ខាង​ទូលព្រះបង្គំជាខ្ញុំ ! ព្រះអង្គ​យល់​ជា​ប្រមាណ​ពុំបាន នឹង​ជឿ​ស្ដាប់​ពុំបាន ចុះ​ខាង​សត្វ​ឥន្ទ្រី​នោះ​ម្ដេច​ក៏​ព្រះអង្គ​ជឿ​ស្ដាប់​យក​ជា​ប្រមាណ​បាន ! អើបើ​សុបិន​ទូលព្រះបង្គំជាខ្ញុំ​មិន​ពិត សុបិន​សត្វ​ឥន្ទ្រី​នោះ​ក៏​មិន​ពិត​ដូចគ្នា ព្រោះ​ជា​វិស័យ​សកុណជាតិ​ដូចគ្នា សូម​ព្រះអង្គ​កាត់សេចក្ដី​នេះ​ឱ្យបាន​ប្រកបដោយ​យុត្តិធម៌​ទាំងសងខាង​ឱ្យទាន​" ។ ព្រះ​ឥសូរ​ឮ​ទីទុយ​ស្ដី​ដូច្នោះ​ចូរ​ឯង​នាំយក​ដំរី​ស​ជា​បាវ​ឯង វិល​ទៅ​កាន់​ទីលំនៅ​ឯង​វិញ​ចុះ ការ​នេះ​យើង​លើកលែង​គ្នា​តែ​ប៉ុណ្ណេះ " ។​


​​ ​ទីទុយ​ក្រាបថ្វាយបង្គំ​លា​នាំ​ដំរី​ស​ម្ដាយ​និង​កូន​ទៅ​កាន់​លំនៅ​វិញ ដំរី​ទាំង​ម្ដាយ​ទាំង​កូន​ក៏​បាន​រួច​ជីវិត​នៅ​ជា​សុខ​សប្បាយ​តទៅ ព្រោះ​បាន​ជួប​នឹង​ទីទុយ​ជា​កល្យាណ​មិត្រ​ជា​អ្នកប្រាជ្ញ អាច​ជួយ​ដោះ​ទុក្ខ​បាន​ដោយ​ប្រពៃ ។​ ​


រឿង៖កុល ធីតា

អ្នកទស្សនា: Views

        

រឿង៖កុល ធីតា

ក្នុងសម័យពុទ្ធកាល មានកុដុម្ពិក:ម្នាក់ជាអ្នកមានស្ដុកស្ដម ប៉ុន្តែពួកគាត់គ្មានកូនម្នាក់សោះ។ មាតារបស់កុដុម្ពិក:ត្រិះរិះក៏យល់ថា ''បើអញគ្មានចៅ តើបាននរណាតវង្សត្រកូល និងរក្សាទ្រព្យសម្បត្ថិតទៅទៀត'' ។

 ភរិយានោះគិតថា ''បើប្ដីអញមានប្រពន្ធចុងហើយនាងនោះមានកូនគេមុខជាបានគ្រប់គ្រងទ្រព្យសម្បត្ដិធ្វើជាធំក្នុងផ្ទះនេះពុំខាន ឯខ្លួនអញប្រាកដជាបាត់មុខមាត់ពុំមានអ្នកណារាប់អានឡើយ ។

 បើដូច្នោះអញគួរចេញមុខទៅស្ដីដណ្តឹងប្រពន្ធជំនួសម្ដាយក្មេកដើម្បីអោយនាងប្រពន្ធចុងនោះគេគោរពកោតខ្លាចអញ'' ៕

      បន្ទាប់មកនាងនោះក៏ចូលទៅនិយាយនឹង ម្ដាយក្មេកដើម្បីធានាទៅដណ្ដឹងប្រពន្ធអោយប្តី៕ ម្ដាយក្មេកក៏យល់ព្រម ។ លុះមានប្រពន្ធថ្មីមកមិនយូរប៉ុន្នាននាងប្រពន្ធចុងនោះក៏មានគភ៍មែន ។ 

នាងប្រពន្ធដើមដឹងដូច្នោះក៏ផ្សំថ្នាំលាយនិឹងចំណីអោយនាងនោះបរិភោគ ។ កូនដែលទើបតែនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនាងនោះក៏រលូតចេញមកមួយលើកជាពីរលើក ។

 លុះលើកទីបីឪសថដែលនាងប្រពន្ធដើមផ្សំអោយនោះមិនត្រឹមតែធ្វើអោយអន្ដរាយដល់ទារកទេ ថែមទាំងបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតម្ដាយទៀតផង ។


 តែមុននឹងនាង​ប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរមិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ នាងមានគំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា ‘នាងនេះចិត្តអាក្រក់ណាស់ ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះស្លាប់ ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ សូមអោយខ្ញុំកើតជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន’ ។ 

ថាតែប៉ុណ្ណេះនាងនោះក៏ទទួលមរណភាពបាត់ទៅហើយអន្ទោលយកកំណើតជាសត្វឆ្មា ។ រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើតជាសត្វមាន់ ។ មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាលណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង ។ បន្ទាប់មកមេមាន់ក៏ចងពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា ‘កើតជាតិក្រោយសូមអោយបានស៊ីកូនឆ្មាវិញកុំបីខាន ’ ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ ។

លុះជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ ។ ឯមេមាន់ចាប់កំណើតជាខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះតែងទៅខាំស៊ីកូនអស់គម្រប់បីលើកដូចន័យមុនទៀត ។

ជាតិបន្តមកទៀតខ្លានោះទៅកើតជាមនុស្សឈ្មោះនាងកុលធីតា ឯមេម្រឹគទៅកើតជាយក្ខិនី ។ ក្នុងពេលដែលនាងកុលធីតាមានកូនស្រាប់តែនាងយក្ខិនីនោះសុំធ្វើជាមិត្តមកសួរសុខទុក្ខ ហើយបន្លំចាប់កូននោះស៊ី ។ 

លុះគម្រប់លើកទីបីនាងកុលធីតានាំប្ដីនិងកូនទៅងូតទឹកស្រះ ។ នៅពេលដែលនាងងូតទឹករួចហើយ នាងក៏បីកូនអង្គុយចាំប្ដី នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចម្ងាយក៏យល់ថា ‘ច្បាស់ជាជួបនូវអន្តរាយភាពមិនខាន ក៏ស្ទុះបីកូនរត់គេចរហូតទៅដល់វត្តជេតពន់ ។ គាប់ជួនជាពេលនោះ ព្រះពុទ្ធកំពុងប្រទានព្រះធម៍ទេសនានៅកណ្ដាលជំនុំបរិស័ទ ។ 

កុលធីតាភ័យណាស់យកកូនទៅដាក់ទៀបព្រះបាទព្រះអង្គហើយស្រែកយំអង្វរទ្រង់ថា ‘សូមព្រះអង្គជួយខ្ញុំព្រះករុណាផងនាងយក្ខិនីតាមខ្ញុំព្រះករុណាមកដល់កំពែងវត្តហើយ’ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រើអានន្ទអោយទៅហៅនាងយក្ខិនីនោះចូលមក ។

កាលបើនាងយក្ខិនីនោះចូលមកថ្វាយបង្គំព្រះអង្គ ទើបទ្រង់នាំអតីតនិទានអំពីការចងពៀរដែលមិនអាចរម្ងាប់ដោយពៀរមកសម្ដែងប្រាប់ រួចទ្រង់ផ្សះផ្សានាងទាំងពីរនាក់អោយលែងកាន់ចិត្តគំនិតគុំគួននឹងគ្នាហើយអោយរាប់អានគ្នាជាបងប្អូនតទៅ ។

 នាងយក្ខិនីទូលសួរព្រះអង្គថា ‘តើអោយខ្ញុំព្រះករុណារស់នៅរបៀបណា?បើខ្ញុំព្រះករុណាធ្លាប់តែរស់ដោយចាប់មនុស្សសត្វស៊ីជាអាហារយ៉ាងហ្នឹងទៅហើយនោះ’ ។ កាលណោះព្រះពុទ្ធអង្គទ្រង់ត្រាស់បង្គាប់អោយនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម ព្រោះនាងយក្ខិនីនេះចេះមើលដំណើរទឹកភ្លៀងហេតុនេះ បើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងយក្ខិនីបង្គាប់អោយនាងកុលធីតាធ្វើស្រែជ្រៅ ហើយបើឆ្នាំណាមានភ្លៀងច្រើន នាងយក្ខិនីបង្គាប់នាងកុលធីតាអោយធ្វើស្រែដីខ្ពស់ ។

 មិនយូប៉ុន្មាននាងកុលធីតាក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែធ្វើស្រែបានផលស្រូវច្រើន ។ អ្នកជិតខាងឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះក៏នាំគ្នាទៅសួរនាងកុលធីតាហើយនាងក៏ប្រាប់តាមដំណើររឿង ។

ក្រោយមកអោយតែជិតដល់រដូវធ្វើស្រែ​ អ្នកជិតខាងតែងតែនាំគ្នាយកនំចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណើរទឹកភ្លៀង ។ នាងយក្ខិនីដែលធ្លាប់នៅក្នុងព្រៃកើតក្ដីអផ្សុកមិនចេះនៅក្នុងស្រុកដែលលឺសូរតែសម្លេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតាទៅនៅឯក្រៅស្រុក ។ អ្នកស្រុកអ្នកភូមិក៏នាំគ្នាយកអីវ៉ាន់ទៅតាមបូជានាងយក្ខិនីឯស្រុកឆ្ងាយនោះទៀត ។

រឿងនេះយូរទៅ លុះអស់អំពីនាងយក្ខិនីទៅក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិដើម្បីអោយបានផលស្រូវទៅវិញ ។ ចប់

រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

អ្នកទស្សនា: Views


រឿង ដូន​ចាស់​ដាំ​ដើម​ឃ្លោក​សាដៀវ

មាននិទានមួយថា ៖មានដូនចាស់ម្នាក់ដាំឃ្លោកសាដៀវដុះឡើង ទើបនឹងបែកសន្លឹក ២ ស្រាប់តែមានបុរសម្នាក់មកដណ្ដឹងទិញឃ្លោកនោះឲ្យថ្លៃ ១ កហាបណៈហើយដើរទៅលំនៅវិញបាត់ ។ 

ដូនចាស់រក្សាឃ្លោកនោះ លុះឃ្លោកផ្លែ មានបុរសម្នាក់ដទៃមកដណ្ដឹងទិញឃ្លោកនោះទៀត ដូនចាស់ថា “ឃ្លោកនេះគេទិញអស់ហើយ អញលក់ឲ្យចៅម្ដេចបាន” ។

 បុរសនោះថា “គេទិញពីកាលណា ? ” ។ ដូនចាស់ថា “កាលដុះបែកសន្លឹក ២” ។ បុរសនោះសួរទៀតថា “គេទិញដូននោះតើឲ្យថ្លៃប៉ុន្មាន ? ” ។

 ដូនថា “ កាលគេមកទិញនោះគេឲ្យថ្លៃ ១ កហាបណៈ ” ។ បុរសនោះថា “ គេទិញតែដើមទេ ឥឡូវខ្ញុំយកថ្លៃឃ្លោកជូន ព្រោះបានទិញហើយ ”។ 

ដូនចាស់ថា “ចៅអើយ ! អ្នកទិញមុនគេយកផ្លែនោះឯង” ។ ចៅនោះថា “លែងតែលក់ឲ្យខ្ញុំចុះ ខ្ញុំឲ្យថ្លៃជូន ២ កហាបណៈ” ។ ដូនចាស់អរនឹងប្រាក់នោះ ក៏លក់ឃ្លោកនោះទៅ ។ 

បុរសនោះទិញបានផ្លែឃ្លោកហើយ ក៏នៅចាំរក្សាឃ្លោកនោះ លុះដល់ធំក៏បេះយកទៅធ្វើសាដៀវ ហើយដេញលេងនៅលំនៅអាត្មាឯង ។ 

ឯបុរសទិញដើមឃ្លោកអំពីមុន ដើរទៅឮបុរសនោះដេញសាដៀវពីរោះ ក៏ចូលទៅដណ្ដឹងថា “បានឃ្លោកសាដៀវនេះពីណា ?” ។ បុរសដេញសាដៀវថា “អញទិញគេ” ។ ចៅមួយដណ្ដឹងទៀតថា “ចៅទិញពីណា? ”។ 

ចៅម្ចាស់សាដៀវថា “ទិញអំពីដូនចាស់ ”។ ចៅទិញដើមឃ្លោកមុនថា “ ម្ដេចក៏ចៅលួចផ្លែឃ្លោកអញ ? ” ។ ឯចៅម្ចាស់សាដៀវថា “ អញទិញពីដូនចាស់នោះ ត្រឹមត្រូវតាមច្បាប់ ម្ដេចក៏ចៅថា “អញលួចឃ្លោកចៅឯង ? បើដូច្នេះយើងនឹងគ្នាទៅដណ្ដឹងដូនចាស់ម្ចាស់ឃ្លោកនោះ ” ទើបចៅទាំង ២ នាក់នាំគ្នាទៅដល់ដូនចាស់នោះ ហើយសួរថា “ ដូនលក់ផ្លែឃ្លោកឲ្យចៅនេះមែនឬ ? ” ។

 ដូនចាស់ថា “ លក់មែន ” ។ ចៅម្ចាស់ឃ្លោកដែលទិញពីមុននោះថា ម្ដេចក៏ដូនលក់ផ្លែឃ្លោកខ្ញុំ ? ។ កាលបើដូច្នេះចៅទាំង ២ នាំគ្នាទៅគាល់ព្រះមហាក្សត្រ សូមទ្រង់កាត់សេចក្ដីនោះ ។ ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណាហើយមានព្រះបន្ទូលថា “ព្រះស្ដែងទិញមុនគេនោះ ទិញតែដើមទេ ហើយដើរទៅបាត់ទៅពុំនៅរក្សាផ្លែ

ឃ្លោកនោះ ត្រូវបានទៅព្រះស្ដែងដែលទិញក្រោយនោះឯង ” ។ ទ្រង់ព្រះវិនិច្ឆ័យដូច្នេះ ហៅសុគតិគមនំហោង ។ បុរសទាំង ២ សុខចិត្តក៏ក្រាបបង្គំលាទៅកាន់ផ្ទះអាត្មាទីទៃ ៗ ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរ



រឿងព្រេងនិទានខ្មែរ-រឿង ព្រះគោ ព្រះកែវ

អ្នកទស្សនា: Views

  


រឿង ព្រះគោ ព្រះកែវ 

នៅស្រុកលង្វែក មានគ្រួសារមួយរស់នៅពីរនាក់ប្ដីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការ ។ នាងប្រពន្ធមានផ្ទៃពោះ លុះដល់យប់មួយបានយល់សប្ដិឃើញថានាងបានចិញ្ចៀនពេជ្របីវង់មកពាក់ ហើយក៏បាត់ទៅវិញ ។ នាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្ដីទៅរកគ្រូទាយ ។ មាណពជាប្ដីបានទៅរកគ្រូទាយតាមដំណើរសប្ដិរបស់ប្រពន្ធ ។

គ្រូទាយក៏គន់គូរមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាណពថា “បើតាមសប្ដិនេះល្អណាស់! គឺមានអ្នកមានបុណ្យមកចាប់កំណើត តែត្រូវឲ្យនាងតមកុំបរិភោគផ្លែស្វាយខ្ចី បើមិនដូច្នោះនឹងមានគ្រោះថ្នាក់។ សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះ” ។

 មាណពត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយ ព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចី ។ លុះពរពោះបានគ្រប់ខែហើយ នាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំង។ ពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្ដីឡើងបេះ តែមាណពមិនព្រមឡើងបេះឲ្យ ដោយធ្វើជាទៅចម្ការបាត់ ។

 ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបាន ក៏ដើរទៅរកបេះដោយខ្លួនឯង ។ នាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯង ពេលទៅដល់លើនាងតោងចំមែកពុកមួយ ស្រាប់តែបាក់ធ្លាក់ចុះមកដល់ដី ស្លាប់មួយរំពេច ។ ពេលនោះធ្លាយពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាង ។

 កូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេច ឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយ ។ កូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះ ។ 

មាណពឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេក ។ ព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមក មាណពបានយកកូននោះទៅផ្ទះ ។


លុះព្រឹកឡើងមាណពបីកូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅ អ្នកស្រុកបានសាកសួរមាណពថា៖

– នេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូច្នេះ?

– នេះជាកូនរបស់ខ្ញុំ ។

– ចុះម្ដាយវាទៅណាបានជាមិនឲ្យវាបៅ?

– ប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយ ក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯង ។

ឮដូច្នេះអ្នកស្រុកផ្អើលចោមរោមមើល ។ ពេលអ្នកស្រុកមកមើលឃើញមាណពបីកូនមួយមានទាំងកូនគោនៅក្បែរផង គេនាំគ្នាឆ្ងល់យ៉ាងខ្លាំង ហើយដឹងថាមានកូនកើតមកជាសត្វគោ ឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះ អ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុក ក៏នាំគ្នាជេរស្ដី តាមវាយបណ្ដេញមាណព និងកូនលែងឲ្យមកក្បែរភូមិ ។

 មាណពនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯង ដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយ ។ មាណពនាំកូនទៅជ្រកតែក្រោមដើមឈើធំៗ ហើយដើរបេះផ្លែឈើបរិភោគជាអាហារ ។

ក្រោយមក ព្រះគោ ព្រះកែវ រាងធំល្មមដឹងក្ដីខ្លះៗ ថ្ងៃមួយពីរនាក់បងប្អូនចេញមកវាលមួយបានឃើញពួកក្មេងឃ្វាលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយ ។ ព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរ ដោយបោចវល្លិធ្វើជាខ្សែចងព្រះគោដឹកចេញទៅ ។ លុះដល់ពេលបាយ ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នា ឯព្រះកែវគ្មានបាយ ក៏ដើរទៅសុំគេ៖

– ខ្ញុំសុំស៊ីផង!

– ទេ! អញមិនឲ្យទេ ។ យី! អានេះមកពីណាបានជាមកសុំបាយគេស៊ី?

ពេលគេស៊ីបាយរូច ព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេក ក៏សុំគេទៀត តែពួកក្មេងៗគង្វាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោល រួចដេញវាយជេរព្រះកែវចេញទៅ ។ ព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពូកគេដែលវាយជេរមកលើខ្លួន ។

 ព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំង ។ ព្រះគោឃើញប្អូនឃ្លានបាយ ហើយត្រូវគេដេញវាយ ធ្វើបាបព្រមទាំងត្មះតេះដៀលដូច្នេះ ក៏តាំងរោទិ៍បីដងស្រាប់តែក្អែចេញជាម្ហូបអាហារទិព្វដែលមានចាន ពែង ថូ ស្លាបព្រា ។ល។ សុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯង ។

– ហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផង?

– មិនបានទេ ! អាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះ ។

ពួកក្មេងឃ្វាលគោលបមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះ ក៏លបចាំមើលដល់ព្រះគោលេបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញ ។ ក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួន ធ្វើឲ្យចាស់ៗក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះ ។

 អ្នកភូមិបាននាំគ្នាផ្អើលឆោឡោ កាន់ពូថៅ កាំបិត ដំបង ទៅព័ទ្ធចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះ ។ លុំចាប់បានព្រះគោហើយ គេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយ និងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្ដីងឿងឆ្ងល់ និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោ ។ 

ពេលអ្នកស្រុកចូលបម្រុងនឹងធ្វើបាបព្រះគោ ភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ ហើយក៏ហោះឡើងសណ្ដកដើមកណ្ដោលរលំបាក់លើពួកអ្នកស្រុកទាំងអស់នោះ ធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃ បាក់ជើង បែកក្បាលស្ទើរគ្រប់ៗគ្នា ហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយ ។

 ពេលឮដូច្នោះ អ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួន ស្រាប់តែជាសះស្បើយយ៉ាងសក្ដិសិទ្ធិមែន ក៏នាំគ្នានឹកដល់ព្រះគោដែលមានឬទ្ធិបារមីខ្លាំងពូកែ និងលែងហ៊ានបៀតបៀនព្រះគោទៀត ។ ព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានា ហើយរស់នៅតែពីរនាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អ ។

និយាយពីឪពុករបស់ព្រះគោ ព្រះកែវ បាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញ ក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះ ។ មាណពនឹកកូនឥតឧបមា បានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀត មាណពធ្វើដំណើរចេញពីទីនោះ ដើរស្វែងរកកូនដោយក្ដីវិលវល់បំផុត ។ មិនយូរប៉ុន្មាន ឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅ ។

ថ្លែងពីបុត្រីប្រាំពីរអង្គរបស់ស្ដេច ។ នាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេ ។ ថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំង ក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅ ។

 លុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅ បុត្រីស្ដេចទាំងអស់ និងពួកហែហមទាំងឡាយនាំគ្នាឈប់សម្រាក និងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះ ។ ព្រះកែវឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកលបមើល ឃើញបុត្រីស្ដេចទាំងប្រាំពីរអង្គ ព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅ តែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវ បានរត់មកនិយាយប្រាប់បង ។

 ព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់ និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅ។ បុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាម នាំគ្នាលួចស្រឡាញ់ ហើយហៅចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាសអណ្ដែតទឹក ។

 ពេលព្រះកែវចាប់បាន ដេញជួសតែនាងពៅ ហើយពេលនាងពៅចាប់បានវិញ ក៏ដេញជួសតែព្រះកែវដែរ។ លុះលេងបានបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ទឡើងៗ ធ្វើឲ្យបងៗនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញ ព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតា។

ពេលត្រឡប់ទៅដល់វាំងវិញ បងៗរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតា ។ ដោយពុំឃើញនាងពៅចូលគាល់ ស្ដេចក៏សួររក៖

– នាងពៅទៅណា បានជាមិនឃើញមកដូច្នេះ?

– ព្រះបិតា! នាងមិនហ៊ានចូលគាល់ព្រះអង្គទេ។

– តើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមក?

– ព្រះបិតា! ពេលទៅស្រង់ទឹកលេងនោះ នាងពៅបានប្រឡែងលេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយ ។

ស្ដេចស្ដាប់កូនបងៗទូលដូច្នេះ ក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតខ្លាចក្រែងព្រះអង្គ ។ ព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃ ។ នាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវ ។ ព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅ រួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នា ។

និយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារមកទូលថ្វាយស្ដេចខ្មែរបបួលប្រជល់មាន់ដាក់ប្រជារាស្ដ្រ ពលទាហាននិងទ្រព្យសម្បត្តិ ។ ការជល់នេះស្ដេចសៀមជាអ្នកឈ្នះ តែស្ដេចខ្មែរបានសុំជល់ម្ដងទៀត ។ លើកក្រោយនេះ ស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំង ព្រោះមិនដឹងជារកមាន់ឯណាមកជល់ឈ្នះមាន់ស្ដេចសៀម។ 

ព្រះអង្គបានឲ្យពួកសេនាស្វែងរកមាន់ខ្លាំងពូកែគ្រប់កន្លែង ។ លុះពួកគេដើរៗទៅបានជួបនឹងនាងពៅ ហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេច ។ ពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវ ដោះស្រាយរឿងនេះ ។

 ព្រះកែវយករឿងនេះទៅប្រាប់បង ពេលនោះព្រះគោសុខចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូល ។ ពេលជល់លើកនេះមាន់ស្ដេចខ្មែរ ឈ្នះខាងស្ដេចសៀម ធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថា៖ “ហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មានគកដ៏ធំរបស់យើងដូច្នេះ? នេះប្រហែលមានឬទ្ធិបារមីអ្វីហើយមើលទៅ?” ។

 ស្ដេចសៀមមិនអស់ចិត្ត ក៏បបួលប្រជល់ដំរីម្ដង ។ ពេលនេះព្រះគោត្រូវប្រែកាឡាជាដំរី ដើម្បីប្រជល់ម្ដងទៀត ។ លើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែល ធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀត ។ លើកក្រោយសៀមបានរៀបចំគោយន្ដធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ទៀត ។

 លើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ន នាំនាងពៅមកក្បែរទីលានប្រយុទ្ធ ហើយត្រៀមតោងកន្ទុយដើម្បីហោះរត់ចេញ ។ លុះដល់ពេលជល់ ព្រះគោបានព្យាយាមជល់ជាមួយគោយន្ដយ៉ាងខ្លាំង ព្រះគោបានបោលបុកគោយន្ដរបស់សៀមបីដង ដឹងថាមិនអាចយកឈ្នះបានក៏រត់មករកប្អូនភ្លាម ។

 ព្រះកែវនាំនាងពៅតោងកន្ទុយបង ហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើល ហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំង ក៏នាំពលទាហានដេញតាមចាប់ ។ 

ចំណែកឯនាងពៅតោងកន្ទុយព្រះគោយូរៗទៅ ក៏ធ្លាក់ចុះមកដី ព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពៅ ។ ពេលធ្លាក់ចុះមកដល់ នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយ ហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេច ។ ព្រះកែវរត់ចេញទៅ ឯព្រះគោដឹងថាប្អូនធ្លាក់ចុះ​មក ក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ច ។

និយាយពីព្រះឥន្ទ្រក្ដៅក្រហាយនៅមិនបានក៏ប្រមើលមើលមកក្រោមឃើញនាងពៅដេកស្លាប់កណ្ដាលព្រៃដូច្នេះ ក៏យកទឹកកន្ទីរ មកស្រោចពីលើសពនាងឲ្យក្លាយជាថ្មនិងនាំព្រលឹងនាងទៅគង់នៅឋានសួគ៌ ។

ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះ ។ ចាប់ពីព្រះគោទៅនៅត្រង់នោះមក ធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រសបំព្រង សត្វផងទាំងពួង ក៏ដូចអ្នកភូមិក្បែរៗនោះបានសម្បូណ៌សប្បាយប្លែកខុសពីធម្មតា ។

 ដំណឹងនេះបានលេចឮទៅដល់ស្ដេចសៀម គេបានឲ្យហោរាទាយដឹងថា មានព្រះគោទៅនៅត្រង់នោះ ក៏នាំទាហានដេញតាមចាប់បន្តទៀត ។ ដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេក ក៏ចេះតែតាមចាប់គ្រប់ពេលវេលា ។ ព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែក មានព្រៃឫស្សីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញ ក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះ ។

 ស្ដេចសៀមបានឲ្យហោរាទាយដឹងថាព្រះគោនៅទីនោះ ក៏លើកគ្នាមកតាមចាប់ តែចូលមិនរួចដោយមានព្រៃឫស្សីច្រើនពេក ក៏រកល្បិចបាញ់ប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឫស្សីនោះហើយត្រឡប់ទៅវិញ ។ ពេលក្មេងឃ្វាលគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុម្ពឫស្សី ក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយ ធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់នោះ ។ 

មិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់ ។ សៀមបានលើកទ័ពមកម្ដងទៀត ពេលនោះព្រគោព្រះកែវប្រែកាឡាជាសត្វក្របី ហើយដើរចូលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀម ។ ស្ដេចសៀមបានយកព្រ័ត្រស្បែកក្របីព័ទ្ធជាសីមា ជុំវិញហ្វូងក្របីដើម្បីចាំមើល ។

 ក្របីទាំងនោះលោតរំលងព្រ័ត្ររត់បាត់អស់នៅពេលពួកសៀមដេញវាយ តែព្រះគោ និង ព្រះកែវមិនព្រមលោតរំលងព្រ័ត្រក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិល្ប៍មន្ដវិជ្ជាផ្សេងៗ ។ ពួកសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរ ហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅ។

វេលាយប់មួយ ព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញ ។ ពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែង រហូតដល់ចាប់បានម្ដងទៀត លែងហ៊ានជេរវាយ តែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅ ហើយមានជញ្ជាំងខ័ណ្ឌប្រាំពីរជាន់ និង មានអ្នកយាមយ៉ាងត្រឹមត្រូវ ដោយខ្លាចព្រះគោលួចរត់ទៀត ។ ពួកសៀមយល់ថា កាលណាបានព្រះគោគង់នៅទីណា ទីនោះនឹងបានសុខក្សេមក្សាន្ដ ។ 

ដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំ ហើយចាប់តាំងពីពេលនោះមក ព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ ៕ ចប់

រឿង ស្រ្តីពិត ម្តាយពិត ឪពុកពិត

អ្នកទស្សនា: Views

 


រឿង ស្រ្តីពិត ម្តាយពិត ឪពុកពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។

 ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។ ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។ ឯ​ស្ទឹង​នោះ មាន​ស្ពាន​ឆ្លងកាត់។ 

នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ ។ 

ឯ​បុរស​នោះ ឮ​ថា​ស្ដេច​ធ្វើ​បុណ្យ​ដូច្នោះ ក៏​មាន​សេចក្ដី​ត្រក​អរ ដោយ​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត ឬ​ទេ? » ហើយ​បុរស​នោះ​ដើរ​ទៅ​នៅ​ក្រោម​ស្ពាន ធ្វើ​ជា​អង្គុយ​ស្ទូច​ត្រី ។ 

ស្ដេច​ទ្រង់​យាង​ទៅ​ឯ​សាលា​បុណ្យ​មុន​គេ នៅ​តែ​អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច ។ 

ដល់​វេលា​រសៀល ​ព្រះ​រាជបុត្រី​ស្ដេច​នោះ ក៏​រៀប​ខ្លួន​នឹង​ទៅ​ចូល​រោង​បុណ្យ ។ ឯ​ព្រះ​រាជបុត្រី​ស្ដេច​នោះ កំព្រា ពុំ​មាន​ព្រះ​មាតា ៗ ក្ស័យ​ព្រះជន្ម​ចោល​នាង តាំង​អំពី​តូច​ម្ល៉េះ 

លុះ​​ពួក​ស្រី​ស្នំ​ក្រម​ការ​ឆ្លង​ស្ពាន​ហួស​អស់​ទៅ នៅ​តែ​ព្រះ​រាជបុត្រី​  ​ជា​ក្រោយ​គេ ដល់​នាង​យាង​ទៅ​ដល់​ស្ពាន នាង​ទត​ទៅ ឃើញ​ !!! 

បុរស​កម្សត់​អង្គុយ​ស្ទូច​ត្រី​នៅ​ក្រោម​ស្ពាន​នាង​ឈប់ ពុំ​ហ៊ាន​យាង​ហួស​ទៅ  អស់​ពួក​ស្រី​បរិវារ​សួរ​ថា «

ម្ចាស់ ដូចម្ដេច​បាន​ជា​ឈប់?» ។ ទើប​នាង​មាន​ព្រះ​បន្ទូល​ ​ប្រាប់​ទៅ​អស់​ពួក​ស្រីៗ​ថា «បាន​ជា​ខ្ញុំ​ឈប់​ត្បិត​មាន​បុរស​ម្នាក់​នៅ​អង្គុយ​ក្រោម​ស្ពាន ទៅ​ដូចម្ដេច​នឹង​បាន!» ។ 

អស់​ស្រី​បរិវារ​ថា «ម្ចាស់​យាង​ទៅ! មិន​អី​ទេ! ខ្លាច​ថ្វី! មនុស្ស​កម្សត់​ដូច​មនុស្ស​ឆ្កួត» ។ 

នាង​ឆ្លើយ​ឡើង​ថា «កុំ​ស្រដី​ដូច្នោះ មិន​ត្រូវ​ទេ ធម្មតា​គេ​ជា​ប្រុស ទុក​ជា​គេ​ឆ្កួត​ព្រើល​ល្ងង់​ខ្លៅ​ដូចម្ដេច ក៏​យើង​ជា​ស្រី​មិន​ត្រូវ​ដើរ​រំលង​ក្បាល​គេ​ទេ!» ។ 

អស់​ពួក​ស្រីៗ​បរិវា​ស្ដី​ឲ្យ​ថា

 «នែ​អ្នក​កំឡោះ​អង្គុយ​ស្ទូច​ត្រី​ក្រោម​ស្ពាន! ដើរ​ចេញ! ម្ចាស់​យើង​យាង​ទៅ​ធ្វើ​បុណ្យ» ។ 

បុរស​នោះ ឮ​ស្រីៗ​ស្រដី​ថា​ដូចម្ដេច ក៏​មិន​ដើរ​ចេញ ធ្វើ​ជា​មិន​ឮ ។ 

ឯ​នាង​ជា​បុត្រី ស្ដេច​ក៏​ស្រដី​ទៅ​បុរស​នោះ​ថា 

«នៃ​អ្នក​ស្ទូច​ត្រី​អញ្ជើញ​ចេញ​ពី​ក្រោម​ស្ពាន​ទៅ ឲ្យ​ខ្ញុំ​សុំ​ផ្លូវ​ទៅ​ផង»! ។

 បុរស​នោះ ឮ​នាង​ជា​បុត្រី​ស្ដេច​និយាយ​ដូច្នោះ ក៏​ក្រោក​ដើរ​ចេញ​ទៅ​ផ្ទះ​អាត្មា​វិញ ។ 

ឯ​នាង​បុត្រី​ស្ដេច​ឃើញ​ចៅ​បុរស​នោះ​ដើរ​ហួស​ទៅ ទើប​នាង​ហ៊ាន​ឆ្លង​ទៅ​ធ្វើ​បុណ្យ​ជា​មួយ​នឹង​ស្ដេច​ជា​ឪពុក ដល់​ពេល​ធ្វើ​បុណ្យ​រួច​ស្រេច​បរិបូណ៌ ស្ដេច​ក៏​វិល​មក​ព្រះ​ដំណាក់​វិញ ។

លុះ​ថ្ងៃ​ក្រោយ បុរស​នោះ គិត​ក្នុង​ចិត្ត​នឹក​ចង់​ចូល​ទៅ​គាល់​ស្ដេច ក៏​រៀប​ខ្លួន​ជា​អ្នក​កម្សត់​ក្រលំបាក រៀប​រួច​ចេញ​ដើរ​ពី​ផ្ទះ​អាត្មា​ទៅ ដល់​មាត់​ទ្វារ​វាំង ក៏​ចូល​ទៅ​ដោយ​បំណង​នឹង​គាល់​ស្ដេច ។ ឯ​ពួក​ទាហាន​ចាំ​ទ្វារ​វាំង ឃាត់​មិន​ឲ្យ​ចូល​ថា «ចៅ​បុរស​ឯង រូប​ក៏​អាក្រក់ សំពត់​ក៏​ចាស់​ដាច់​ដាច មិន​គួរ​នឹង​ចូល​ក្នុង​ទី​វាំង​ស្ដេច​ទេ!» ។

 បុរស​នោះ គិត​ក្នុង​ចិត្ត​ថា «អញ​គិត​ធ្វើ​ដូចម្ដេច ឲ្យ​បាន​ជ្រាប​ដល់​ស្ដេច ៗ នឹង​ឲ្យ​ហៅ​អញ​ចូល» ហើយ​និយាយ​ទៅ​នឹង​ពួក​ទាហាន​ចាំ​ទ្វារ​ថា «អ្នក​កុំ​ឃាត់​ខ្ញុំ ត្បិត​ខ្ញុំ​ឃើញ​ក្នុង​នគរ​ស្ដេច ឥត​មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត​ទេ» ។ 

ចៅ​បុរស​និយាយ​តែ​ប៉ុណ្ណោះ ក៏​អង្គុយ​ស្ងៀម​នៅ​នឹង​មាត់​ទ្វារ​នោះ​ទៅ ពុំ​និយាយ​ស្ដី​នឹង​អ្នក​ឯណា​ទៀត​ឡើយ ។ 

លុះ​ស្ដេច​ចេញ​កាន់​ចុង​ព្រះ​រាជរោង អស់​នាហ្មឺន​ធំ​តូច​ក៏​មក​ជួប​ជុំ​គ្នា​គាល់​ស្ដេច ។ នាយ​ទាហាន​ចាំ​ទ្វារ​សង្ស័យ​ណាស់ ក៏​ចូល​ទៅ​ក្រាប​ទូល​ស្ដេច​ថា «មាន​ចៅ​បុរស​កម្សត់​ម្នាក់ មិន​ដឹង​មក​ពី​ណា ចង់​ចូល​មក​គាល់​តែ​ទូល​បង្គំ​ជា​ខ្ញុំ​ឃាត់​មិន​ឲ្យ ចូល​ត្បិត​បុរស​នោះ​ស្លៀក​សំពត់​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ។

តែ​ចៅ​បុរស​នោះ និយាយ​នឹង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​«អ្នក​ឯង​មិន​ត្រូវ​ឃាត់​ខ្ញុំ​ទេ ត្បិត​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​នគរ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត» ចៅ​បុរស​នោះ និយាយ​តែ​ប៉ុណ្ណេះ​ក៏​នៅ​ស្ងៀម​ទៅ ។ 

ស្ដេច​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​សួរ​ទៅ​នាយ​ទាហាន​ថា  ៖

«ចុះ​ឥឡូវ​ចៅ​បុរស​នោះ នៅ​ឯណា?» ។ 

នាយ​ទាហាន​ទូល​ថា: «នៅ​ឯ​មាត់​ទ្វារ​វាំង» ។ ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ​អាមាត្យ​ឯង ទៅ​ហៅ​វា​មក​មើល!» ។ អមាត្យ​រត់​ទៅ​ហៅ​បុរស​អង្គុយ​នៅ​មាត់​ទ្វារ​ប្រាប់​ថា «នៃ​ចៅ​បុរស ស្ដេច​មាន​ព្រះ​បន្ទូល​ឲ្យ​ចៅ​បុរស​ឯង​ចូល​ទៅ» ។ 

ចៅ​បុរស​នោះ ក៏​ដើរ​ទៅ​ជា​មួយ​នឹង​អមាត្យ​ទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ស្ដេច​ហើយ​អង្គុយ​គាល់​ក្នុង​ទី​ដ៏​សម​គួរ​ទៅ ។ ស្ដេច​ទត​ឃើញ​អមាត្យ​នាំ​ចៅ​បុរស​នោះ មក​ដល់​ទ្រង់​មាន​បន្ទូល​ថា «ចៅ​បុរស​ឯង​និយាយ​ថា​ក្នុង​នគរ​អញ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, តើ​ចៅ​បុរស​ឯង​ថា​ដូច្នោះ​មែន​ឬ​ដូចម្ដេច? » ។ 

ចៅ​បុរស​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ក្នុង​ទី​ព្រះ​នគរ​របស់​ល្អង​ធូលី​ព្រះ​បាទ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ក្នុង​ទី​ព្រះ​រាជវាំង​មាន​តែ​ញី ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ម្ដាយ​ពិត-ឪពុក​ពិត​

គ្មាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន» ហើយ​ចៅ​បុរស​ទូល​តប​ទៅ​នឹង​ស្ដេច​ទៀត​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ឯ​ស្រី​ពិត មាន​តែ​មួយ​គឺ​ជា​ព្រះ​រាជបុត្រី​ពៅ​ព្រះ​ករុណា​ពិសេស​នេះ ទើប​ហៅ​ ស្ត្រី​គ្រប់ល័ក្ខណ៍ ជាក់​ជា​ស្ត្រី​ពិត​មែន» ។

 ស្ដេច​ទ្រង់​យល់​ដូច​ចៅ​បុរស​នោះ ថា​មែន ទើប​មាន​ព្រះ​បន្ទូល​សួរ​ថា «នៃ​ចៅ​បុរស/ ដូចម្ដេច​ហៅ​ថា​ស្ត្រី​ពិត? ដូចម្ដេច​ហៅ​ថា​ម្ដាយ​ពិត ឪពុក​ពិត? ម្ដាយ​ពិត ឪពុក​ពិត​នោះ មាន​តែ​ល្អង​ធូលី​ព្រះ​បាទ​យាង​ចេញ​ពី​ព្រះ​នគរ​ទៅ​ស៊ើប​រក​ផ្ទាល់​ព្រះ​អង្គ​ទើប​បាន បើ​ល្អង​ធូលី​ព្រះ​បាទ រក​បាន​នៅ​ទី​

ណា ស្រុក​ណា ភូមិ​ណា សូម​ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ធ្វើ​តាម​សព្វ​ព្រះ​រាជ​ហឫទ័យ ដែល​ទ្រង់​គិត​ឃើញ​ដូចម្ដេច លុះ​ទ្រង់​ពិសោធ​គ្រប់​ជំពូក​ទៅ​ហើយ ពុំ​មាន​ថា​អ្វី ទើប​ហៅ​ពេញ​ជា​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត » ។

 ស្ដេច​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ ហើយ​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ចៅ​បុរស​នេះ និយាយ​ត្រូវ​ប្រាកដ​ហើយ ទ្រង់​ព្រះរាជទាន​នូវ​មាស​ប្រាក់​សំពត់​អាវ​ ឲ្យ​ចៅ​បុរស​នោះ ទ្រង់​ផ្ដាំ​ថា «ចៅ​បុរស​ឯង​កុំ​ទៅ​ណា​ឆ្ងាយ នៅ​ចាំ​អញ​បើ​អញ​រក​ស្ត្រី​ពិត-​ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ អញ​វិល​មក​វិញ​ថ្ងៃ​ណា អញ​នឹង​ឲ្យ​ចៅ​បុរស​ឯង​ធ្វើ​ជា​ធំ​លើស​គេ​ទាំង​ពួង» ហើយ​ស្ដេច​ទ្រង់​បង្គាប់​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ធ្វើ​ផ្ទះ​មួយ​ឲ្យ​ចៅ​បុរស​នោះ​នៅ ទ្រង់​ផ្ដាំ​នាហ្មឺន​នោះ ឲ្យ​ជប់លៀង​ចិញ្ចឹម​ចៅ​បុរស​នោះ​រៀង​ទៅ ។

 ក្នុង​ពេល​ដែល​ស្ដេច​ទ្រង់​យាង​ចេញ​ចាក​ព្រះនគរ ទៅ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​នោះ ស្ដេច​មាន​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ដែល​ជា​អ្នក​សម្រេច​រាជការ​ក្នុង​ព្រះ​នគរ ឲ្យ​មើល​រក្សា​ព្រះរាជវាំង ត្បិត​ទ្រង់​នឹង​យាង​ចេញ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ហើយ​ទ្រង់​រៀប​ដំណើរ​ភៀស​ព្រះ​អង្គ​ជា​បុរស​កម្សត់​ម្នាក់ យាង​ចេញ​ទៅ​ក្នុង​វេលា​យប់​ស្ងាត់ ពុំ​ឲ្យ​នរណា​មួយ​ដឹង​ឡើយ ឲ្យ​ដឹង​តែ​បុត្រី​ដែល​ជា​ធំ​និង​ចៅ​បុរស​នោះ​ប៉ុណ្ណោះ ហើយ​ស្ដេច​យាង​ទៅ​ធ្វើ​ជា​អ្នក​កម្សត់​លំបាក ពុំ​ឲ្យ​អ្នក​ណា​ស្គាល់​ជា​ស្ដេច​ឡើយ ។

 ស្ដេច​យាង​ទៅ​ដល់​ស្រុក​មួយ​ជា​ព្រំ​ព្រះនគរ ឃើញ​តា​ចាស់​យាយ​ចាស់​ប្ដី​និង​ប្រពន្ធ ស្ដេច​ក៏​ចូល​ទៅ​សុំ​ស្នាក់​នៅ​ផង ។ ដូន​តា​នោះ ក៏​ព្រម​ឲ្យ​នៅ​ដល់​នៅ​យូរ​បន្តិច​ទៅ ឃើញ​កូន​គេ​ក្នុង​ស្រុក​នោះ មាន​រូប​ឆោម​លោម​ពណ៌​ល្អ ក៏​មាន​ចិត្ត​នឹក​ចង់​បាន ទើប​និយាយ​នឹង​តា​យាយ​ថា «តា​យាយ​អើយ! ឥឡូវ ចៅ​ឃើញ​កូន​គេ​មួយ​រូប​ឆោម​លោម​ពណ៌​ល្អ​សម​ជា​ប្រពន្ធ​ខ្ញុំ ដូច្នោះ សូម​តា​យាយ​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ» ។ 

តា​យាយ​ឆ្លើយ​ថា «ឱ​ចៅ​អើយ! ខ្លួន​តា​យាយ​សព្វ​ថ្ងៃ​នេះ ជា​អ្នក​កម្សត់​អត់​ឃ្លាន​ក្រ​លំបាក​ណាស់ នឹង​ទៅ​ដណ្ដឹង​កូន​គេ តើន​រណា​គេ​នឹង​ឲ្យ!» ។ ស្ដេច​ប្រាប់​ថា «តា​យាយ​ទៅ​ដណ្ដឹង​គេ​ចុះ ប្រាប់​ថា​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង គេ​មិន​ថា​អី​ទេ! » ។ តា​យាយ​នោះ ក៏​ទៅ​ដណ្ដឹង​កូន​ក្រមុំ​គេ តាម​ពាក្យ​ចៅ​ប្រើ ។ 

តា​យាយ ទៅ​ដល់​ផ្ទះ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ ។ អ្នក​នោះ​សួរ​ថា «តា​យាយ​មក​រក​អ្វី? » ។ តា​យាយ​ឆ្លើយ​ថា «ខ្ញុំ​មក​សូម​ជម្រាប​អ្នក, លាក់​បាំង​អី​នឹង​អ្នក ចៅ​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង​កូន​ក្រមុំ» ។ 


ឯ​ម្ដាយ​ឪពុក​នាង​ក្រមុំ​នោះ នឹក​ក្នុង​ចិត្ត​ថា «តា​យាយ​នេះ​ម្ដេច​ក៏​គាត់​ហ៊ាន​ដណ្ដឹង​កូន​អញ​ឲ្យ​ចៅ​គាត់?» ហើយ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ និយាយ​ទៅ​នឹង​តា​យាយ​នោះ ថា «តា​យាយ! ខ្ញុំ​ឲ្យ ! ប៉ុន្តែ​តា​យាយ​ឯង​នាំ​ចៅ​កំឡោះ​មក​ឲ្យ​យើង​មើល​សិន បើ​ល្អ​សម​នឹង​កូន​យើង ៗ ឲ្យ​មិន​ថា​អ្វី​ទេ» ។

 តា​យាយ លា​គេ​វិល​មក​ផ្ទះ​វិញ និយាយ​ប្រាប់​ចៅ​ថា «បើ​ចៅ​ឯង​ល្អ​សម​នឹង​កូន​គេ ៗ ឲ្យ​ប៉ុន្តែ គេ​ឲ្យ​ចៅ​ឯង​ទៅ​ឲ្យ​គេ​មើល​រូប​សិន បើ​សម​នឹង​កូន​គេ ៗ​មិន​ថា​អី​ទេ? ។ ឯ​ស្ដេច ឮ​តា​យាយ​ប្រាប់​ដូច្នោះ ក៏​មាន​ព្រះទ័យ​ត្រេក​អរ សួរ​ទៅ​វិញ​ថា «ចុះ​ឲ្យ​ទៅ​ថ្ងៃ​ណា? » ។ តា​យាយ​ឆ្លើយ​ថា «ព្រឹក​ស្អែក​ យើង​នឹង​ទៅ» ។ 

លុះ​ព្រឹក​ឡើង​តា​យាយ​នឹង​ស្ដេច​ចៅ នាំ​គ្នា​ទៅ​ផ្ទះ​អ្នក​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​សំពះ​គេ ហើយ​ថយ​មក​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ អ្នក​ផ្ទះ​នោះ ក៏​មាន​ចិត្ត​ស្រឡាញ់​កូន​ប្រសា ប៉ុន្តែ មិន​ដឹង​ជា​ស្ដេច​ក្លែង​ភេទ​ទេ គិត​ស្មាន​ថា ជា​មនុស្ស​ទាំង​ផ្ដាស ។ ស្ដេច​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​រៀង​រាល់​ថ្ងៃ​ទៅ ។ 

វេលា​ចូល​ដេក ម្ដាយ​ក្មេក​តែង​ប្រាប់​កូន​ស្រី​ក្រមុំ​នោះ​ថា «អ្នក​មាស​ម្ដាយ! ចូរ​ឯង​សិត​ទឹក​ដាក់​ចុង​ជើង​ប្ដី​រៀប​ស្លា​៥ មាត់​ដាក់​ឲ្យ​ប្ដី ក្រែង​ជួន​យប់ ប្ដី​ក្រោក​ឡើង​រក​ស្លា​ស៊ី ទឹក​ផឹក ឲ្យ​មាន​ស្រាប់» ។ កូន​នោះ ក៏​ព្រម​ធ្វើ​តាម​ពាក្យ​ម្ដាយ​ប្រើ ជួន​ក៏​ពុំ​ធ្វើ​តាម ។ ដល់​ថ្ងៃ​មួយ​ស្ដេច​ធ្វើ​ជា​ទៅ​ងូត​ទឹក ។ ម្ដាយ​ក៏​ប្រាប់​កូន​ថា «នាង! ម្ដេច​មិន​យក​ផ្តិល​ទៅ​តាម​ប្ដី​ងូត​ទឹក?» ។ 

នាង​ជា​កូន​ក្រមុំ​នោះ ក៏​ពុំ​ទៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ។ ស្ដេច​នោះ​ទៅ​យូរ​បន្តិច ក៏​វិល​មក​វិញ ។ ដល់​វេលា​ល្ងាច ស្ដេច​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ពុំ​ដឹង​ខ្លួន ក្អួត​ក្អែ​ប្រែ​ប្រះ​ខ្លួន ននៀល​ពាស​ពាស​ល្វែង​ផ្ទះ ។ ឯ​ម្ដាយ​ក្មេក ឃើញ​កូន​ប្រសា​ស្រវឹង ក៏​ស្គី​ប្រាប់​ទៅ​កូន​ក្រមុំ​ថា «នាង​ឯង ម្ដេច​មិន​យក​ទឹក​ទៅ​លាង​កម្អួត? » ។ 

កូន​ក្រមុំ​ឆ្លើយ​ថា​ «ទេ! មនុស្ស​អី​ប្រមឹក​ស្រា​ដូច្នោះ» ។ ស្ដេច​ឮ​ដូច្នោះ ព្រឹក​ឡើង ស្ដេច​លា​ម្ដាយ​ក្មេក​ឪពុក​ក្មេក​ទៅ​ផ្ទះ​យាយ​ចាស់​តា​ចាស់ ប្រាប់​យាយ​តា​អំពី​ដំណើរ​កូន​ក្រមុំ​គេ ដែល​យាយ​ទៅ​ដណ្ដឹង​ឲ្យ​នោះ​ថា តា​យាយ​អើយ! នាង​នោះ​និង​ខ្ញុំ​មិន​បាន​ជា​គូព្រេង​សំណាង​នឹង​គ្នា​ទេ, សូម​តាម​យាយ​ប្រគល់​កូន​នោះ ទៅ​គេ​វិញ​ចុះ! » ។ 

តា​យាយ​ក៏​ទៅ​ជូន​ព្រេង​សំណាង​កូន​គេ តាម​ពាក្យ​ចៅ​ប្រើ ទៅដល់​លើ​ផ្ទះ​និយាយ​ថា «ខ្ញុំ​សុំ​ជូន​ព្រេង​សំណាង​កូន​អ្នកផង ត្បិត​ចៅ​ខ្ញុំ​ថា «ពុំ​មាន​ព្រេង​នឹង​កូន​អ្នក​ទេ!» រួច​តា​យាយ​ក៏​លា​គេ​មក​ផ្ទះ​អាត្មា​វិញ ។ លុះ​ព្រឹក​ឡើង ស្ដេច​លា​តា​យាយ ដើរ​ទៅ​ទៀត ដល់​ស្រុក​មួយ​ជា​ចុង​ស្រុក​ខេត្ត​ក្រៅ ទៅ​សុំ​សម្នាក់​នឹង​ផ្ទះ​ដូន​ចាស់​តា​ចាស់ៗ ក៏​យល់​ព្រម, ស្ដេច​ក៏​នៅ​ធ្វើ​ការ​រក​ស៊ី​នឹង​តា​យាយ​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

 ថ្ងៃ​មួយ ស្ដេច​ដើរ​ទៅ​លេង បាន​ឃើញ​កូន​ក្រមុំ​អ្នក​ស្រុក ដែល​ជា​អ្នក​មាន​ធំ​ក្នុង​ស្រុក​នោះ ពុំ​មាន​អ្នក​ឯណា​មាន​ស្មើ​ឡើង អ្នក​នោះ​មាន​កូន​ស្រី​មួយ​កូន​ប្រុស​មួយ ទាំង​ពីរ​នាក់ មិន​ទាន់​មាន​ប្ដី​ប្រពន្ធ​ទេ, ស្ដេច​ដើរ​ទៅ​លេង​បាន​ឃើញ​មាន​ចិត្ត​គិត​ចង់​បាន លុះ​វិល​មក​ផ្ទះ​អាត្មា​វិញ និយាយ​ប្រាប់​តា​យាយ​ថា «តា! យាយ​ខ្ញុំ​ចង់​បាន​កូន​គេ​ដែល​មាន​កូន​ប្រុស​មួយ​ស្រី​មួយ សូម​តា​យាយ​ទៅ​ដណ្ដឹង​កូន​គេ​នោះ​ឲ្យ​ខ្ញុំ​ផង» ។ 

តា​យាយ​ឆ្លើយ​ថា «ចៅ​អើយ​បើ​យាយ​ក្រ​ម្ល៉េះ! តើ​នរណា​គេ​នឹង​ឲ្យ​កូន​គេ​មក​ចៅ! » ។ ឯ​ស្ដេច​ឮ​តា​យាយ​និយាយ​ដូច្នោះ ក៏​មាន​បន្ទូល​ទៅ​នឹង​តា​យាយ​ថា «សូម​តា​យាយ​អញ្ជើញ​ទៅ​ដណ្ដឹង​កូន​គេ​ចុះ ថា​ខ្ញុំ​មក​ដណ្ដឹង គេ​មិន​ថា​អី​ទេ! ។ តា​យាយ​នោះ ក៏​ព្រម​តាម​ពាក្យ​ចៅ​ប្រើ ប៉ុន្តែ​យាយ​និង​តា​ពុំ​ដឹង​ថា​ចៅ​នោះ​ជា​ស្ដេច​ឡើង គិត​ស្មាន​ថា​ជា​មនុស្ស​ទាំង​ផ្ដាស​ដទៃ ក៏​ទៅ​ដណ្ដឹង​កូន​គេ ៗ​ក៏​ព្រម​ឲ្យ ។

 ស្ដេច​ក៏​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ ឯ​នាង​ជា​ប្រពន្ធ​នោះ ក៏​បដិបត្តិ​ប្ដី ល្ងាច​ដាក់​ទឹក​ចុង​ជើង បៀក​ស្លា ៥ ម៉ាត់​ដាក់​ក្បែរ​ដំណេក​ប្ដី តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ វេលា​ស្ដេច​យាង​ទៅ​ងូត​ទឹក នាង​កាន់​ផ្តិល​និង​សំពត់​ងូត​តាម​ទៅ​ផង ។ ពេល​ស្ដេច​ងូត​ទឹក នាង​នោះ​ដុះ​ក្អែល​ឲ្យ​ប្ដី ។

 ផ្លាស់​សំពត់​ងូត នាង​ទទួល​យក​សំពត់​ពូត រួច​ដង​ទឹក​ដាក់​ផ្តិល​កាន់​ដើរ​តាម​ប្ដី​ទ, ដល់​ផ្ទះ​លាង​ជើង​ឲ្យ​ប្ដី ។ ថ្ងៃ​មួយ ស្ដេច​ធ្វើ​ជា​ឈឺ ម្ដាយ​ក្មេក​ឪពុក​ក្មេក ឃើញ​កូន​ប្រសា​ឈឺ ក៏​មាន​ចិត្ត​ភិត​ភ័យ ប្រាប់​ទៅ​កូន​ក្រមុំ​ថា «កូន​! មក​មើល​គក់​ច្របាច់​ឲ្យ​ប្ដី​ផង » នាង​នោះ​ ក៏​គក់​ច្របាច់​ឲ្យ​ប្ដី ប៉ុន្តែ ស្ដេច​នឹង​នាង​ពុំ​ទាន់​រៀប​ការ​នៅ​ឡើយ​ទេ ។ 

ឯ​ឪពុក​ក្មេក​នឹង​ម្ដាយ​ក្មេក ក៏​ពុំ​ដឹង​ជា​ស្ដេច គិត​ស្មាន​ថា​ជា​មនុស្ស​រាស្ត្រ​ទាំង​ផ្ដាស ។ នៅ​យូរ​បន្តិច​ទៅ បាន​ពេលា​ល្អ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​នោះ ក៏​ចេញ​ប្រាក់​របស់​ខ្លួន​រៀប​ការ​កូន​ក្រមុំ​នឹង​ស្ដេច ហៅ​អស់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​រៀប​ការ ស៊ី​ផឹក​ជា​សូរេច, ស្ដេច​និង​នាង​ក៏​រួម​សុខ​ទុក្ខ​នៅ​ជា​មួយ​គ្នា តាំង​អំពី​នោះ​រៀង​មក ។ 

លុះ​នៅ​យូរ​បន្តិច​ទៅ ស្ដេច​ចង់​ពិសោធ​ចិត្ត​ប្រពន្ធ និង​ចិត្ត​ម្ដាយ​ក្មេក​ឪពុក​-ក្មេក​ឲ្យ​ឃើញ​ពិត ឬ​ពុំ​ពិត ស្ដេច​ក៏​ធ្វើ​ជា​ផឹក​ស្រា លៀង​បៀ​ចាញ់​គេ ៗ មក​ទារ​ប្រាក់​នឹង​រក​ប្រាក់​ឲ្យ​គេ​គ្មាន ។ ម្ដាយ​ក្មេក ឪពុក​ក្មេក ក៏​ចេញ​ប្រាក់​ឲ្យ​គេ​តែ​សព្វ​ថ្ងៃ ទាល់​តែ​អស់​ប្រាក់ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ ។ 

ម្ដាយ​ក្មេក ឪពុក​ក្មេក និង​ប្រពន្ធ​នោះ ពុំ​មាន​ស្ដី​ថា​អ្វី ។ អស់​ញាតិ​សន្តាន​ជិត​ខាង គេ​ស្រដី​ថា «ឲ្យ​ផ្ដាច់​ទៅ កុំ​ឲ្យ​កូន​ទៅ​អា​ចង្រៃ​នេះ វា​មិន​គិត​ធ្វើ​ការ​រក​ស៊ី​ដូច​គេ​ទាំង​ពួង វា​គិត​តែ​លេង​បៀ ផឹក​ស្រា​ដូច្នេះ តើ​នឹង​ទុក​វា​ធ្វើ​អ្វី» គេ​ស្ដី​ប៉ុន​គេ​ផ្ទប់ ម្ដាយ​ឪពុក​នោះ ក៏​មិន​អឹះ ។

 ឯ​ស្ដេច​នោះ យល់​ឃើញ​ថា ម្ដាយ​ក្មេក ឪពុក​ក្មេក​ក្រលំបាក​សម្បត្តិ មាន​តែ​ខ្លួន​ហើយ ក៏​ឈប់​លេង​ល្បែង ចេះ​តែ​ដេក មិន​មាន​គិត​រក​ស៊ី​អ្វី ប្រើ​តែ​ប្រពន្ធ​ឲ្យ​ធ្វើ​នំ​លក់ គ្រាន់​តែ​ឆ្អែត​ពោះ ។ ឯ​ម្ដាយ​ក្មេក ឪពុក​ក្មេក ព្រម​ទាំង​ប្រពន្ធ នឹង​មាន​ស្រដី​អ្វី​ឲ្យ​ធ្ងន់​ពាក្យ​ឲ្យ​កូន​ប្រសា​តូច​ចិត្ត​ក៏​គ្មាន ។ ស្ដេច​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ឱ ចៅ​បុរស មាន​ប្រាជ្ញា​យល់​ការ​ជ្រៅ​ជ្រះ ថា​ឲ្យ​អញ​រក​ម្ដាយ​ពិត-ឪពុក​ពិត​ប្រពន្ធ​ជា​ស្ត្រី​ពិត នេះ​ហៅ​ពេញ​ជា​ត្រូវ ឥឡូវ​អញ​រក​បាន​ហើយ ល្មម​អញ​តែង​ព្រះបន្ទូល​ប្រាប់​ទៅ​សេនាបតី​ឲ្យ​រៀប​រាជ​យាន នូវ​ពល​ថ្មើរ​ជើង តាម​មុខ​ងារ​ដំរី​សេះ រាជ​រថ​មក​ទទួល​អញ​ចុះ!» ។

 ទ្រង់​ក៏​តែង​ព្រះ​បន្ទូល​ប្រាប់​ទៅ​សេនាបតី មាន​សេចក្ដី​ថា «ឲ្យ​រៀប​ដំរី សេះ​រទេះ រាជ​យាន ពល​ថ្មើរ​ជើង ទៅ​ទទួល​ស្ដេច ត្បិត​ស្ដេច​រក​ប្រពន្ធ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ ឲ្យ​យក​គ្រឿង​ឥស្សរិយយស​ទៅ​ថ្វាយ​ជា​ឆាប់ៗ ។ មួយ​ទៀត​បើ​បម្រើ​នាំ​ព្រះ​បន្ទូល​មក​ដល់ ឲ្យ​រៀប​ទទួល​ជប់លៀង​តាម​ឋានៈ​ជា​បង​ថ្លៃ​ស្ដេច ។ 

» ស្ដេច​តែង​រួច​ស្រេច​ទ្រង់​ដាក់​ក្នុង​បំពង់ បិទ​មាត់​បំពង់​ជិត​ពុំ​ឲ្យ​បង​ថ្លៃ​នោះ​ដឹង​សេចក្ដី ហើយ​ស្ដេច​ប្រាប់​ទៅ​បង​ថ្លៃ​ថា «អ្នក​បង​អើយ! អញ្ជើញ​មក​អាយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​នាំ​សំបុត្រ​ទៅ​ឲ្យ​នាហ្មឺន ដែល​ជា​ធំ​នៅ​ក្នុង​វាំង​ហ្លួង​នោះ, តើ​អ្នក​បង​ហ៊ាន​ទៅ​ឬ​ទេ? » ។ បង​ថ្លៃ ឮ​ប្អូន​ប្រើ​ដូច្នោះ ក៏​ព្រម​ទៅ​តាម​ហើយ​ចេញ​ដំណើរ​ទៅ សួរ​គេ​ចាប់​តែ​តាម​ផ្លូវ ទៅ​ដល់​ស្រុក​មួយ សួរ​គេ​ថា «អ្នក​អើយ​! ផ្លូវ​ណា​ទៅ​វាំង​ស្ដេច? » ។ 

អ្នក​ស្រុក​នោះ​ប្រាប់​ថា «ផ្លូវ​នេះ​ហើយ! ទៅ​វាំង​ស្ដេច» ។ បង​ថ្លៃ​ស្ដេច​នោះ ក៏​ចេះ​តែ​ដើរ​សួរ​គេ​តែ​រៀង​ៗ​ទៅ ។ លុះ​ដល់​ទៅ​មាត់​ទ្វារ​វាំង ក៏​សួរ​នាយ​ទាហាន​យាម​ទ្វារ​ថា «អ្នក ! ហ្នឹង​ហើយ​ឬ ដែល​គេ​ហៅ​ថា​វាំង​ហ្លួង? »។ នាយ​ទាហាន​សង្ស័យ ក៏​សួរ​ថា «អ្នក​ឯង​មក​ពី​ណា បាន​ជា​មក​សួរ​រក​វាំង​ហ្លួង?» ។ បង​ថ្លៃ​ស្ដេច​ឆ្លើយ​ថា «ខ្ញុំ​នាំ​សំបុត្រ​ប្អូន​ខ្ញុំ មក​ឲ្យ​នាហ្មឺន​ធំ​ដែល​នៅ​ក្នុង​វាំង​នេះ» ។ នាយ​ទាហាន​ឮ​ដូច្នោះ ក៏​នាំ​ចូល​ទោ​ដល់​នាហ្មឺន​ដែល​នៅ​ចាំ​វាំង ។ 

នាហ្មឺន​ធំ ក៏​ទទួល​យក​សំបុត្រ​បើក​មាត់​បំពង់​ឡើង អាន​ដឹង​សេចក្ដី​នៃ​ព្រះបន្ទូល​ថា «យើង​រក​មហេសី​ជា​ស្ត្រី​ពិត​បាន​ហើយ ឲ្យ​នាំ​គ្នា​រៀប​ចំ​ទៅ​ទទួល​យើង ឯ​បម្រើ​ដែល​នាំ​ព្រះ​បន្ទូល​នេះ ត្រូវ​ជា​បង​ថ្លៃ​យើង បើ​បាន​មក​ដល់​ឲ្យ​អ្នក​ទទួល​រៀប​ជប់លៀង​តាម​ភាព​ជា​ព្រះ​ញាតិ​ស្ដេច» ។ 

នាហ្មឺន​ធំ​នោះ ក៏​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​ដំរី សេះ រទេះ រាជ​យាន​ពល​ថ្មើរ​ជើង តែង​ដោយ​មុខ​ងារ-មុខក្រសួង​ផ្សេងៗ ។ ឯ​បង​ថ្លៃ​ស្ដេច គេ​រៀប​ទទួល តាម​ដោយ​បែប​យ៉ាង​ជា​ព្រះ​ញាតិ មាន​ពូក​ព្រែ​ព្រំ​ចៀម​ចំ​ខ្នើយ​ខ្នល់​តម្កល់​តម្កើង​រុង​រឿង​ក្រៃ​ពេក ហើយ​គេ​រៀប​ភោជនាហារ​សុទ្ធ​សឹង​ល្អ​ស្អាង​ស្អាត ដាក់​នឹង​ភាជន៍មាស លើក​យក​មក​ជូន​អ្នក​ជា​បង​ថ្លៃ​ស្ដេច ដែល​នាំ​សំបុត្រ​ស្ដេច​នោះ​មក ។ 

ឯ​អ្នក​ជា​បង​ថ្លៃ​ស្ដេច​នោះ ហេតុ​តែ​ខ្លួន​ជា​អ្នក​នៅ​ស្រុក​ក្រៅ​ឆ្ងាយ ពុំ​ដែល​ស្គាល់​ស្ដេច ស្ទើរ​តែ​ពុំ​ហ៊ាន​បរិភោគ​ភោជនាហារ ដែល​ជា​របស់​ល្អ​ថ្លៃ​នោះ​ឡើយ លុះ​តែ​នាហ្មឺន​ធំ​គេ​បង្ខំ​ឲ្យ​បរិភោគ ទើប​ហ៊ាន​បរិភោគ តែ​ចាំ​គន់​មើល បើ​គេ​បែរ​មុខ​ចេញ ដៃ​លូក​បន្លំ​យក​នំ​ចំណី លាក់​ទុក​ផ្ញើ​ប្អូន ត្បិត​ខ្លួន​មិន​ដែល​បាន​ចំណី​ល្អ​បរិភោគ គិត​ក្រែង​ស្ដេច​ប្អូន​ថ្លៃ​នោះ មិន​ដែល​បាន​ដូច​ខ្លួន​ដែរ ។ 

លុះ​បរិភោគ​រួច​ នាហ្មឺន​នោះ​តឿន​ថា «អ្នក​នឿយ​ព្រួយ សូម​អញ្ជើញ​សម្រាន្ត​ទៅ!» ។ អ្នក​បង​ថ្លៃ​ស្ដេច ក៏​ស្ទើរ​ពុំ​ហ៊ាន​ដេក ។ លុះ​ព្រឹក​ឡើង និយាយ​នឹង​នាហ្មឺន​ថា «ខ្ញុំ​ចង់​លា​ទៅវិញ ត្បិត​ប្អូន​ខ្ញុំ​ផ្ដាំ​ថា បើ​ដល់ ឲ្យ​ឆាប់​វិល​ទៅ» ។ នាហ្មឺន​នោះ ក៏​ចាត់​ចែង​ឲ្យ​រៀប​ភោជនាហារ​ឲ្យ ។ បរិភោគ​រួច ក៏​លា​នាហ្មឺន​ដែល​ជា​ធំ​នោះ ត្រឡប់​មក​ផ្ទះ​វិញ ។ 


លុះ​មក​ដល់ ស្ដេច​ជា​ប្អូន​ថ្លៃ​សួរ​ថា «ម៉េច​អ្នក​បង! អញ្ជើញ​ទៅ​ជួប​នឹង​នាហ្មឺន​គេ​ទេ?» ។ ឯ​បង​ថ្លៃ ប្រាប់​ស្ដេច​ជា​ប្អូន​ថ្លៃ​ថា «ជួប!» ។ ស្ដេច​ថា «ចុះ​គេ​រាប់​អាន​ឬ​ទេ?» ។ បង​ថ្លៃ​ថា «គេ​រាប់​អាន​បង​ណាស់! » ។ 

ស្ដេច​ឮ​ថា​នាហ្មឺន​គេ​រាប់​អាន​ណាស់ ក៏​ទ្រង់​ញឹមៗ ។ ហើយ​បង​ថ្លៃ​នោះ យក​នំ​ចំណី​ដែល​លាក់​យក​មក​នោះ ឲ្យ​ស្ដេច​ជា​ប្អូន​ថ្លៃ ដោយ​វាចា​ថា «នៃ​ប្អូន! បង​លាក់​នំ​គេ​ពី​វាំង​ស្ដេច​យក​មក​ផ្ញើ​ប្អូន, ប្អូន​ឯង​ពិសា​មើល ឆ្ងាញ់​ណាស់!» ។ ស្ដេច​ថា «បង​ពិសា​ចុះ!» ។ 

បង​ថ្លៃ​ថា «ទេ! ប្អូន​ពិសា​មើល!» ។ ឯ​ស្ដេច ទ្រង់​ព្រះ​តម្រិះ​ថា «បើ​មិន​សោយ ក្រែង​បង​ថ្លៃ​នោះ ដឹង​ថា​ខ្លួន​ជា​ស្ដេច» ទ្រង់​សោយ​តែ​បន្តិច ទ្រង់​លែង​ទៅ ទ្រង់​ញញឹម​ថា «ឆ្ងាញ់​មែន​ហើយ អ្នក​បង!» លុះ​ដល់​កំណត់ ៧ ថ្ងៃ អស់​សេនាបតី​មន្ត្រី​តូច​ធំ ភ្ជុំ​ជួប​ជុំ​ទៅ​ទទួល​ស្ដេច រៀប​ជា​ក្បួន​ហែ​មក​ដល់​ទី​ស្ដេច​គង់​នោះ ។ 

អស់​អ្នក​ស្រុក​ក៏​ផ្អើល​ចលាចល​រវល់​ភិត​ភ័យ​នាំ​កូន​ជញ្ជូន​ចៅ​រត់​ទី​ពឹង​ពួន ដោយ​គិត​ស្មាន​ថា​ទ័ព ពុំ​ដឹង​ជា​គេ​មក​ទទួល​ស្ដេច​សោះ ។ លុះ​នាហ្មឺន​គេ​ចូល​មក​ជិត​ផ្ទះ​ដែល​ស្ដេច​គង់​នៅ​នោះ ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ភិត​ភ័យ​រត់​ចូល​ទៅ​ប្រាប់​កូន​ប្រសា​ឯ​ក្នុង​ផ្ទះ​ថា «កូន​អើយ! ទ័ព​មក​ពី​ណា​ច្រើន​ណាស់! ឬ​គេ​មក​ចាប់​កូន ត្បិត​កូន​លេង​បៀ​ចំពាក់​គេ​ទេ​ដឹង​អើយ?»។ ស្ដេច​ឮ​ម្ដាយ​ក្មេក​ប្រាប់​ដូច្នោះ ក៏​ទ្រង់​ម្នីម្នា​ចេញ​ទៅ​រាន​ហាល​មុខ​ផ្ទះ ។ 

អស់​នាហ្មឺន​ទាំង​ពួង មាន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង​ជា​ដើម ឃើញ​ស្ដេច​ទ្រង់​ឈរ​នៅ​រាន​ហាល ក៏​សុទ្ធ​តែ​ដើរ​ឱន​តោ ៗ ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​រាល់​គ្នា ។ ស្តេត​មាន​ព្រះ​បន្ទូល​ថា «អើ! អស់​អស់​នាហ្មឺន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង សុខ​សប្បាយ​រាល់​គ្នា​ទេ​ឬ? » ។ 

អស់​នាហ្មឺន​ឆ្លើយ​ព្រម​គ្នា​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស! សុខ​សប្បាយ​ជា​ទេ» ។ ឯ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​លោ​តែ​ភ្ញាក់​ខ្លួន​ព្រើត និយាយ​គ្នា​ខ្សឹបៗ ថា «កូន​ប្រសា​យើង ស្ដេច​ទេ​តើ! » ។ ឯ​ពួក​បង​ប្អូន​ញាតិ​សន្តាន ដែល​នៅ​ជិត​ខាង​ក៏​ភ្ញាក់​ខ្លួន​រាល់​គ្នា​លាន់​មាត់​ថា «យី វ៉ើយ! លេង​មិន​បាន​ទេ ស្ដេច​ទេ​តើ!» ហើយ​មាន​ចិត្ត​គិត​បារម្ភ​ភ័យ​តែ​រៀង​ខ្លួន ៗ ក្រែង​ស្ដេច​យក​ទោស ត្បិត​ខ្លួន​យល់​ទាស់​មិន​ចូល​ចិត្ត​និង​ស្ដេច​ថា ស្ដេច​ចេះ​តែ​លេង​បៀ​ផឹក​ស្រា​មិន​រក​ស៊ី ដល់​ដឹង​ជា​ស្ដេច ក៏​ភ័យ​ក្រោយ​រាល់​គ្នា ។  

អស់​នាហ្មឺន​ក្រាប​ទូល​សួរ​ស្ដេច​ថា «សូម​ទ្រង់​ព្រះ​មេត្តាប្រោស! ព្រះ​រាជទេពី​ដែល​ល្អង​ធូលី​ព្រះ​បាទ​ថា​រក​បាន​ហើយ​នោះ តើ​នៅ​ឯណា? ។ ទើប​ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា «ឲ្យ​ទៅ​លក់​នំ​លត​ទៅ​ហើយ!» ។ អស់​នាហ្មឺន​ឮ​ស្ដេច​ថា ប្រើ​ទៅ​ឲ្យ​លក់​នំ​លត ក៏​ញញឹម​រាល់​គ្នា ហើយ​ក្រាប​ទូល​ថា «ទ្រង់​ប្រើ​ឲ្យ​ទៅ​លក់​នំ​លត​ឯណា?» ។ 

ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ទៅ​លក់​នំ​លត​នៅ​ភូមិ​គេ​ខាង​ជើង» ។ អស់​នាហ្មឺន​បាន​ដឹង​ដូច្នោះ ក៏​រៀប​យាន​ទៅ​តាម ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «បើ​ទៅ​តាម ត្រូវ​មើល​តែ​អ្នក​ណា​ពាក់​អាច​កំបុត​ដៃ ទូល​ល្អី​ចាស់ យួរ​ឆ្នាំង​ស្ករ​រេច​មាត់ ហ្នឹង​ហើយ ប្រពន្ធ​យើង» ។ នាហ្មឺន​ទាំង​នោះ ក៏​ចាត់​នាហ្មឺន​មួយ​ពួក​ឲ្យ​នាំ​ព្រះ​រាជយាន​ទៅ​តាម ជួប​នឹង​នាង​មក​ពី​លក់​នំលត ក៏​ស្រែក​ហៅ​ថា «នាង​ម្ចាស់ ឈប់​សិន!» ។

 នាង​ឮ​នាហ្មឺន​ដែល​ទៅ​ទទួល​នាង​ស្រែក​ហៅ​ដូច្នោះ គិត​ស្មាន​ថា​ជា​គេ​មក​ចាប់​ខ្លួន ហើយ​នាង​ក៏​រត់​ចូល​ព្រៃ​កាត់​តម្រង់​មក​រក​ផ្ទះ ប្រាក់​កាស​ដែល​លក់​នំ​លត​នោះ ក៏​ជ្រុះ​បាត់​ខ្លះ​ក្នុង​ព្រៃ​ទៅ នៅ​សល់​តែ​បន្តិច​បន្តួច ដល់​មក​ផ្ទះ​មើល​ទៅ​មុខ​ផ្ទះ ឃើញ​មនុស្ស​ច្រើន​ត្រៀប​ត្រា គិត​ថា​គេ​មក​ចាប់​ប្ដី​ទារ​ថ្លៃ​បៀ​គេ​ហើយ នាង​ក៏​រលះ​រលាំង​ឡើង​ទៅ​សួរ​ប្ដី​ថា «គេ​មក​ពី​ណា​ច្រើន​ម្ល៉េះ?» ។ 

ស្ដេច​ប្ដី​ទ្រង់​ប្រាប់​នាង​ថា «គេ​មក​ទទួល​បង​ទេ! នាង» ។ ម្ដាយ​ហៅ​កូន​ទៅ​ខ្សឹប​ប្រាប់​ថា «ប្ដី​នាង​ជា​ស្ដេច​ទេ​តើ!» ។ នាង​កូន​ឮ​ម្ដាយ​ប្រាប់​ទើប​ដឹង​ប្ដី​ជា​ស្ដេច ។ ឯ​មន្ត្រី​ដែល​ទៅ​តាម​នាង វិល​មក​គាល់​ស្ដេច ៗ ទ្រង់​សួរ​ថា «មិន​ឃើញ​ទេ​ឬ?» ។ មន្ត្រី​ទូល​ថា «ឃើញ! ប៉ុន្តែ ក្រែង​មិន​មែន ទូល​ព្រះ​បង្គំ​ហៅ​មិន​ឈប់​សោះ ចេះ​តែ​រត់» ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «មក​ដល់​ហើយ!» ។ 

មន្ត្រី​ទាំង​នោះ យក​គ្រឿង​ប្រដាប់​សម្រាប់​ទ្រង់​តម្កល់​លើ​ជើង​ពាន​មាស លើក​យក​ទៅ​ថ្វាយ​ទាំង​ទឹក​អប់​ចួង​ចន្ទន៍​ពិដោរ​ឈ្ងុយ​ឈ្ងប់ ។ ស្ដេច​នឹង​នាង ទ្រង់​ស្រង់​ជម្រះ​ព្រះអង្គ​រួច ទ្រង់​ព្រះ​ពស្ត្រ​ស្រេច​សង្វារ​កង​ករ​ល្អ​ល្អះ​ក្រៃ​ពេក ។ រួច​ស្រេច​ស្ដេច​នឹង​នាង អញ្ជើញ​ម្ដាយ​ឪពុក​និង​បង​ប្រុស ឲ្យ​ឡើង​ជិះ​ដំរី​សេះ​ទៅ ។ 

អស់​នាហ្មឺន ក៏​ហែ​ស្ដេច​ទៅ​ចូល​ព្រះ​រាជ​វាំង ដល់​ហើយ» ទ្រង់​គង់​នៅ​ចុង​ព្រះរាជ​រោង​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ប្រាប់​ថា «ចៅ​បុរស​ឯង​មើល? នេះ​ហៅ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត មែន​ឬ​មិន​មែន​ទេ?» ។ ចៅ​បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «នេះ​ហើយ​ហៅ​ពេញ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត សូម​ទ្រង់​ជ្រាប ។ 

ទើប​ស្ដេច​ឲ្យ​រៀប​អភិសេក​នាង​ឡើង​ជា​អគ្គមហេសី ឯ​បង​ប្រុស​នោះ ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​អគ្គមហាសេនា ម្ដាយ​ទ្រង់​តាំង​ជា​សម្ដេច​វររាជ​ជននី ឪពុក​ទ្រង់​តាំង​ជា​ព្រះ​វររាជ​ជនក រួច​ជា​សូរេច ស្ដេច​ឲ្យ​ទៅ​យក​យាយ​ចាស់​តា​ចាស់ ដែល​ដណ្ដឹង​នាង​ថ្វាយ​ស្ដេច​នោះ មក​ធ្វើ​ផ្ទះ​ឲ្យ​នៅ ហើយ​ទ្រង់​ឲ្យ​ចិញ្ចឹម​ថែរក្សា​ត​ទៅ ។ 

យូរ​បន្តិច​ទៅ ស្ដេច​ទ្រង់​នឹក​ភ្នក​ថា ចៅ​បុរស​នេះ មាន​គុណ​នឹង​អញ ហើយ​មាន​ប្រាជ្ញា​យល់​ការ​រាក់​ជ្រៅ ស្គាល់​លក្ខណៈ​ស្រី-​ប្រុស ហើយ​ទ្រង់​ឲ្យ​ហៅ​មន្ត្រី​មក​ទ្រង់​បង្គាប់​ឲ្យ​សង់​រោង​ការ​អាពាហ៍ពិពាហ៍ សម្រេច​មង្គល​ការ​ផ្សំ​ផ្គុំ​ព្រះ​រាជ​បុត្រី​និង​ចៅ​បុរស​នោះ ។ 

រៀប​ចំ​រួច​ស្រេច ស្ដេច​ទ្រង់​អភិសេក​បុរស​នោះ​និង​ព្រះ​រាជបុត្រី ឲ្យ​ជា​មហា​ឧបរាជ ក៏​នៅ​ជា​សុខ​សប្បាយ​តទៅ ។ ដល់​ស្ដេច​ទ្រង់​ព្រះ​ជរា ទ្រង់​ដាក់​រាជ្យ ឲ្យ​មហា​ឧបរាជ​ជា​ព្រះរាជបុត្រ​សោយ​រាជ្យ​ស្នង​ព្រះអង្គ រក្សា​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​ត​ទៅ​ហោង ។ចប់

ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍

សូមអរគុណសម្រាប់ការស្តាប់របស់លោកអ្នក!

  

រឿង ចៅជ្រូកដើររកប្រពន្ធ

អ្នកទស្សនា: Views


រឿង ចៅជ្រូកដើររកប្រពន្ធ

រឿងនេះ ដើមឡើយ មានសេចក្ដីនិទានថាៈមានសេដ្ឋីក្តុម្ពី ម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភហើយមានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក។ 

ឪពុកម្ដាយអន់ចិត្ត ពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្សឧស្សាហ៍ ព្យាយាមមិនមានខ្ជិលហើយមានប្រាជ្ញាឈ្លាសវៃ ។ 

លុះខ្លួនកាន់តែធំចេះជួយរក្សាការពារ ទ្រព្យសម្បត្តិ ឪពុក-ម្ដាយប្រើការផ្សេងៗ ធ្វើបានការសព្វគ្រប់ ។ ចំណែកវត្ថុស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះឪពុកម្ដាយពុំបានដឹងសោះ។

តាមពិត ជ្រូកនេះមានព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួនលុះជ្រូកនេះមានវ័យ កាន់តែចម្រើនធំឡើង ៗ ឪពុកម្ដាយ កាន់តែពេញចិត្តអំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។

 ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់ មាតាបិតាថាៈ 

សូមជួយដណ្តឹងប្រពន្ធអោយខ្ញុំ ម៉ែ ពុក ។ 

ឪពុក-ម្ដាយឮហើយ ទ័លគំនិត សំងំដកដង្ហើមធំគ្រប់គ្នា 

ហើយឆ្លើយថាៈ 

កូនអើយ! ឲ្យម្ដាយ​ និង-ឪពុក ទៅ​និយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ ។

សព្វថ្ងៃឪពុក​ម្ដាយ មានតែកូនឯងមួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្តិឥតទាល់ក្រទេយើងមានឥតខ្វះ តែត្រង់រឿងដែលកូនអោយឪពុក ម្ដាយទៅរកស្ដីដណ្ដឹង កូនគេនោះ ឪពុក-ម្ដាយទាល់ហើយទ្រង់រឿងហ្នឹង មិនហ៊ានទៅនិយាយស្ដីកូនគេទេ។ 

បើគេនិយាយថាម៉េចអោយមកវិញ ម្តាយ​ ឯង និង​ឪពុក-ម្ដាយខ្មាសគេណាស់ ។ 

បើកូនយកប្រព័ន្ធជ្រូកដូចគ្នានោះ មិនពិបាកទេ។

ជ្រូកឆ្លើយថា ៖

ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! 

បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយណាម៉ែ  ពុក !

មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ 

ក្តុម្ពី ប្ដីប្រពន្ធស្វែងរកសព្វទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។​

 ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅ ក៏ឈរស្មឹងស្មាត ឧទ្ទិសក្នុងចិត្តថា ៖ បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតាជួយនាំចិត្តអោយខ្ញុំដើរទៅត្រង់ទិសនោះ ។ 

ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាប អស់ជាច្រើនថ្ងៃ ទើបបានជួបយាយចាស់ម្នាក់ ដើរជីកដំឡូងតែម្នាក់ឯង ក្នុងព្រៃស្ងាត់ ជ្រូកឃើញក៏ដើរចូលទៅជិតសួរថា ៖

លោកយាយ ដើររកអ្វី ?បានឬទេ?

យាយឮពាក្យជ្រូកចេះស្រដីកើតចិត្តរីករាយអាណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៖
យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ!

ជ្រូកសួរទៀតថា ៖​ យាយនៅដល់ណា តើលោកតាគាត់នៅទេ? 

ហើយយាយមានកូនប៉ុន្មាននាក់?​

យាយឆ្លើយ​ប្រាប់ជ្រូកថាៈ



ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូនស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ។

ជ្រូកឮយាយប្រាប់ថាមានកូនក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួន អោយយាយស្ដាប់សព្វគ្រប់ ហើយសុំទៅជាមួយយាយផង។យាយនឹកក្នុងចិត្តថា ជ្រូកនេះនិយាយដឹងខុស-ត្រូវសព្វចេះភាសា​មនុស្ស​ពីរោះល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង។

បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវាព្រម អញគួរតែផ្សំផ្គុំវាហើយ​​ ។ 

ទើបគាត់ប្រាប់ជ្រូកវិញថាៈ 

ចៅឯងជួយរក​ដំឡូងបន្តិចទៅ ។ ជ្រូកចូលព្រៃភ្លាម ហើយឈស្មឹងស្មាតបូងសួង តន្រ្តមជើង៣ដង។

 មិនយូរប៉ុន្មានដីក៏ក្លាយ បានមើមដំឡូងគរជាច្រើនគំនររួចហើយទៅហៅ យាយមកយកដំឡូង រើសដាក់កញ្ជើ រ មានទាំងដំឡូងខ្មុង  អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀនគ្រប់មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើរទាំងពីរ ។ 

ជ្រូកប្រាប់ យាយ ថាទុកឲ្យ ចៅរែក ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ។

ឯកូនក្រមុំទាំងពីរនាក់បានឃើញម្ដា យមកពីព្រៃ ក៏នាំគ្នាចេញទៅទទួល ។ យាយក៏បង្ហាញអោយជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើខ្នងជ្រូក 

ឯកូនទៅជិតម្ដាយ ក៏លួចខ្សឹបសួរថាៈ ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ?។

 ម្ដាយក៏ប្រាប់សព្វគ្រប់។ លុះនៅបន្តិចទៅនោះ កូនស្រីយាយនេះ និងចៅជ្រូក ក៏ដឹងចិត្តគ្នា ស្និទ្ធស្នាលពេលទៅរកដំឡូង ក៏ទៅជាមួយគ្នា ។ យាយម្ដាយដឹងថាកូនគាត់ហើយនិងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាង បងនាងប្រកែក លុះសួរទៅនាងប្អូន នាងឆ្លើយថាៈ-ស្រេចតែម៉ែ ម៉ែអោយខ្ញុំទៅនរណា ខ្ញុំចេះតែតាម ។ 

យាយបានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏អោយដំណឹងទៅចៅជ្រូកដឹង ពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឲ្យទៅជាគូរជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។ យាយក៏ចាត់ចែងអោយបានជាលំនៅឋានឲ្យកូននៅដោយខ្លួនជា ដរាបទៅ ។ 

បានប្រមាណជាកន្លះខែ នៅ​ស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ទាំងក្មេងក៏ស្រើបស្រាលនាំ គ្នាស្រស់ស្រូប បាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូរឆរ ។ 

នាងពៅ ប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែចៅជ្រូកថា” ឲ្យប្អូនឯងមើលចុះ បងចាំនៅផ្ទះ” ។ នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញ ដឹងថា នាងភរិយាចេញ ទៅឆ្ងាយហើយ ក៏ទំលាយស្រោមចេញទៅមើលដែរ ហើយស្រូតរូតអោយលឿន ទៅដល់ទីនោះមុននាងពៅ ។

 ដល់ហើយ ក៏ចូលទៅលេងភ្លេង ជាមួយគេ ចេះបទបែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លេងនោះដែរ។

លុះអស់ពេលហើយ ដឹងថាពួកអ្នកស្រុក និង នាងពៅត្រឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរ ទៅអោយដល់ ផ្ទះមុនប្រពន្ធហើយក៏ប្រែក្រឡាចូលក្នុងស្រោមវិញដូចដើម ។

 លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា ” អូនទៅមើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ?” ។ នាងពៅក៏រាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាងប្រាប់ថា ” មានអ្នកភ្លេងម្នាក់ រូបរាងស្អាតល្អណាស់ ច្រៀងក៏ពីរោះ ហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះ គ្រប់គ្នា”។



ជ្រូកសួរបញ្ជាក់ថា” អ្នកនោះស្លៀកខោព៌ណ ខ្លឹមខ្នោរ ពាក់អាវព៌ណរាងលឿង មែនឬទេ? ” ប្រពន្ធឆ្លើយថា ” ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនឹងគេដែរ ?ចៅជ្រូកនៅស្ងៀមមិនចេញស្ដី។តាមពិត ចៅជ្រូក និង នាងពៅ​ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសំដីនឹងសំដីប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ 

លុះដល់ល្ងាចមួយទៀត អ្នកស្រុកផ្អើលអ៊ូអរ ទៅមើលភ្លេងរបាំនោះទៀត នាងភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ រួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់ភ្លេងនោះ ដូចកាលពីយប់មុនទៀត ។ 

កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ អោយបានមុនប្រពន្ធមកដល់ផ្ទះ។ 

លុះប្រពន្ធមកដល់ ក៏សួរប្រពន្ធទៀតថា ៖​ ម៉េច អូនទៅមើលល្ងាចនេះ ល្អមើលទៀតទេ?-ថ្ងៃនេះ ល្អប្លែកពីថ្ងៃមុនទៅទៀត។ចៅជ្រូកសើច រួចតបបែបដូចព្រងើយទៅ វិញថា ៖​អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកពាក់សំពត់ខៀវ

ពាក់អាវលឿង មែនទេ? នាងនោះឆ្ងល់ណាស់ ក៏សួរទៅប្ដីថា៖​​ ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត​ ។ ចំណែកនាងភរិយានាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះប្ដីនេះណាស់ នាងបានទៅតែបន្តិច ក៏

វិលមកលបចាំឃ្លាំមើល ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងភ្លេង ដែលនាងសរសើរថាល្អនោះ ។ នាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្ដី មិនឲ្យចូលទៅក្នុងស្រោម វិញឡើយ ហើយនាងអង្វរប្ដី កុំឲ្យចូលទៅក្នុងស្រោមវិញ ។ 

ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែសុំអោយនាងរក្សាទុកស្រោមនោះ ឲ្យបានស្រួលបួល ។ នាងពៅយកស្រោមនោះទៅទុក ដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដីហើយក៏នៅសុខសាន្តជាមួយគ្នារៀងរហូតមក ។ 


ពេលមួយនៅប្រទេសនោះឥតមានស្ដេចពួកសេនាសេវកាមាត្យក៏នាំគ្នា ធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រង់រាជ្យ។តែពេននោះរឿងអស្ចារ្យរបស់ចៅជ្រូកឮរន្ទឺ សុសសាយទៅគ្រប់ទិសទីពពួកសេវកាមាត្យក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះអោយឡើងគ្រងរាជ្យ គ្រប់គ្រងប្រទេសតទៅ។

លុះបានគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ។កុដុម្ពិករំភើបស្លុត ក្នុងចិត្ត ហើយតាំងរៀបចំទទួលព្រះរាជា ស្ដេចសួរអំពីដំណើររឿងដើម មានកូនប្រុស-ស្រីប៉ុន្មាននាក់។ 

សេដ្ឋីក្រាបទូលថាៈ ខ្ញុំព្រះអង្គមានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់។ ពេលមួយ កូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកពុំបានទេ កូននោះក៏ស្រាប់តែដើរបាត់រហូត មិនដឹងជាទៅណាមកណាយូរមកហើយ ”  ។

 ស្ដេចជ្រាប ព័ត៌មាននេះហើយ ក៏ត្រាស់អំពីរឿងពិតអោយកុដុម្ពិកដឹងសព្វគ្រប់។កុដុម្ពិកត្រេកអរ ណាស់ ក៏នាំគ្នាឪបព្រះរាជា សរសើរបុណ្យបារមី ។ ព្រះរាជាត្រាស់បញ្ជាអោយកុដុម្ពិកទាំងភរិយាស្វាមីទៅ រស់នៅឯរាជ វាំង ។

ឯយាយចាស់ ជាម្ដាយនាងពៅវិញ ក៏ ព្រះអង្គទ្រង់អនុញ្ញាតអោយមកនៅវាំងដែរ។ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោសដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាអោយក្រុមហោរា យកនាមសត្វជ្រូក ទៅដាក់ឈ្មោះឆ្នាំមួយ ជាឆ្នាំទី១២ ឲ្យសំគាល់ថា ឆ្នាំកុរនោះជានាមសត្វជ្រូក។ចប់

សូមអរគុណសម្រាប់ការស្តាប់របស់លោកអ្នក!

រឿង ដើមកំណើតសត្វផ្សោត

អ្នកទស្សនា: Views

 


រឿង ដើមកំណើតសត្វផ្សោត

កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជនទូទៅនៅភូមិជិតខាងគេរាប់​អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ 


គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មក​ចាប់​បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ 

លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។

 រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបាន​ក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បាន​សាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខ​ទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅ​ឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។

           មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរ​ដែល​​គេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ ព្រះឥន្ធសមែ្តង​ប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ធមកវិញគិតពិចារណាថា៖ «ឥឡូវនឹងទៅថ្វាយបង្គំលាព្រះ​ឥន្រ្ទា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់​មិន​ដូចទេវតាទេ»។


 ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ។ ហេតុដែលមានពៀរដែលគេចទៅបួសជាតាបសមិនឲ្យឃើញមុខ​លុះត្រា​តែ​សូន្យសង្ខារ​រៀងខ្លួន។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា «ណ្អើយចុះអញទៅប្រាប់ប្រពន្ធ​ឲ្យដឹង​ខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយ​ជាតិ​នេះហើយ»។ 

គិតស្រេចពេលរាត្រីស្ងាត់ក៏និមិ្មតខ្លួនធ្វើជាពស់ថ្លាន់ ចូលទៅឱបរឹតនាង។ នាងភ្ញាក់ឡើងបម្រះពុំរួច ពស់ថ្លាន់និយាយ​លួង​លោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុមេ្តចក៏មកជាពស់ថ្លាន់ដូចេ្នះវិញ។ រុក្ខទេវតាជាប្តីថា »បើនាងមិនជឿបង បងនឹងប្រែរូបឲ្យ​នាងមើល»។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រេឡកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថាប្តីខ្លួនជាទេវតាមែន ព្រោះរកមនុស្ស​ណានិងឲ្យល្អដូចពុំបាន។ 


រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយ​ត្រូវតែ​និម្មិត​រូបជាសត្វផេ្តសផ្តាស់ទើបនៅជាមួយនាងបាន។ និយាយរួចក៏និម្មិត​ខ្លួនជា​ពស់ថ្លាន់វិញ។ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុនែ្តមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ធថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់​ថ្លាន់ ពេលថៃ្ងបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយលឺមាត់និយាយគ្នា ឪពុក​ម្តាយ​​​ចូលទៅមើលឃើញពស់ថ្លាន់ពេនទ្រេលពេញលែ្វងផ្ទះ ក៏ភ្ញាក់ច្រេឡាតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅកូនស្រី​មក​សួរ​​កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។

ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើមេ្តចក៏ដកដង្អើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតានោះទៅណាបាត់ហើយ។ កូនប្រាប់ថា ពេលថៃ្ងមិនមកទេ យប់​ទើបមក។ នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ធនិមិ្មតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា។ នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តី​មេត្រី​សេ្ន​ហា។ លឺមាត់និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតា​ដឹង​ថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ។


ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ធឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូនមក​ដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ។ យូរទៅដឹងជ្រួតជ្រាប​ដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ធ មានកូនក្រមុំមួយនៅភូមិផេ្សងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ធសរសើរថា «វាសនា​អ្វីគេក៏ល្អមេ្លះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខែ្វងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះ​ថា ចៅសួស្តិ៏សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង »។ 


បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្អើមធំ ចេះតែ​ទនេ្ទញទាំង យប់ទាំងថៃ្ង។ ប្រពន្ឋឃើញប្តីកើតទុក្ខដូចេ្នះ ក៏និយាយប្រាប់ប្តីថា «ខ្ញុំបានលឺចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូច​ពស់​ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ធពេននៅ ទីនោះ។ គេថាពស់រក្សាកំណប់ព្រេង»។ ប្តីថា «បើដូចេ្នះព្រឹក​សែ្អក​​ឯង​​ដាំបាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរសែ្វងរកពស់ថ្លាន់ព័ទ្ធដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជា​ប្តីកូន​យើង »។


 ប្រពន្ធពេញចិត្តក៏ព្រមពៀ្រងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរសែ្វងរកពស់ថ្លាន់។ បុរស​នោះចូលក្នុងព្រៃធំមិនយូរប៉ុន្មាន​ក៏បានប្រទះដំបូក​មួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៏រវីមរវាម វារពាក់ព័ន្ធលើគ្នា។ បុរសចូលទៅអើត​ឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។ ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអងែ្វងណាស់មកហើយ វាមិន​ដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ។ 

ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កម្រើក​ខ្លួនមិនរួច។ បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង។ បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់​ហើយបានជាស្លូតម៉េ្លះ ក៏បោចវល្លិ៏ស្រាក់ស្រួតជាប់។ បុរសលើកស្ពាយទាំងភែ្ននមក។ 

             ដោយធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ធនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល។ ប្រពន្ធ​និងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភេ្ននក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ធថា «ពស់នេះ​ស្លូត​​ណាស់ត្រូវចិត្តបងហើយ។


 បើភានឯងមិនជឿទៅចាប់ស្ទាប អងែ្អលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង»។ ប្រពន្ធលូកដៃទៅពាល់​មើលឃើញមិនកំរើកមែន ក៏ចេះតែបបោសអងែ្អលសរសើរថា «កូនអើយ! ពណ៌‌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជា​ហូល​​​​ដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ»។ ពស់ថ្លាន់ដោយជាប់ចំណងផង​ហើយហេវអស់កំលាំង​និងអត់អាហារយូរថៃ្ង​ផង ក៏ធ្វើតែភែ្នកភ្លឹះៗ លិទ្ធអណ្តាតភែ្លមៗ ប្រហែលជាក្នុងចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស។ 

ប្តីតាំងបង្គាប់ប្រពន្ធនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្តាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់។ ប្តីរត់ទៅទិញស្រាបានមក ប្រពន្ធដាំបាយស្លឆ្អិន​ដួស​ដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ។ គេ​លាន់​មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ធោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបាន​ស៊ីផឹក​សប្បាយ ។

                    លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់​អាហារមកយូរថៃ្ងហើយ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែន​ចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹង​ជើងសែ្នងឲ្យស៊ី ព្រោះជីដូន​ជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។

 នាងនោះប្រហែលជាខ្លាច​ពស់ដែរ ប៉ុនែ្តនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ។ ចំណែកឪពុកម្តាយនាំញាតិ​មិត្តស៊ី​មាន់ផឹកស្រាឯលែ្វងខាងក្រៅ។ ពស់នោះកាលមនុស្ស​នៅស៊ីផឹកមាត់អ៊ូអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។

                     លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្តាល អាធ្រាតវាលាខ្លួនខ្សាក។ វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេប​នាង​នោះបានតែម្តង។ វាគ្រាន់តែយកកន្ទុយស៊ករុំកដៃ​នាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ ប្រញ្ចកជើងនាងទាំង​ពីរតែម្តង។ ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ។ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិង​ក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា «ពស់ថ្លាន់វាលេបហើយ»។

 ម្តាយលឺមាត់កូន​ស្រែក​ហៅ ក៏ស្រែកសន្ធាប់ទៅវិញថា «ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ»។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ លុះពស់​លេបដល់ចងេ្កះនាងស្រែកហៅម្តាយថា «ម៉ែៗ ជួយកូនផង ពស់លេបដល់ចងេ្កះហើយ»។ ម្តាយរឹតតែបញ្ជោរពីក្រៅមកស្តីបន្ទោសថា «កូន​អីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ»។ នាងនោះចេះតែស្រែកថា «ម៉ែអើយ​ជួយកូនផង ពស់លេបដល់ចុងដង្អើមហើយ» បន្តិចស្រែកថា «លេបដល់កហើយ»។

           ម្តាយលឺកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក។ លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា «បើឪម៉ែមិន​ជួយ​កូនទេ កូនសូមលាស្លាប់ហើយ»។ ម្តាយស្តាប់ទៅលឺមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់ឮ​មាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្តាលខ្លួន។ 

នាងម្តាយ​នោះក៏ស្រែកទួញងោង ផ្អើលឆោឡោដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្តាលអាធ្រាត។ ឪពុកភ្ញាក់ឡើង​ហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ធឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់។ តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិល​ពស់​ពេញទាំងខ្លួនទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗ​លាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ។


 មើលឃើញបងប្អូនមាមីងជួបជុំតៀ្របត្រា មើលមកខ្លួនឯងសុទ្ធតែរំអិលពស់ឆ្អាបគគ្រុក។ ក្រោកឡើងកន្រ្តាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល​ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចមេ្តច​ក៏មិនជ្រះរំអិលពោះនោះគិតថា ឱ​ខ្លួន​អញអើយម៉េ្លះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់​ច្រាំងអន្លង់ជ្រៅនឹកប៉ង​ក្នុងចិត្តថា «អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល»។ 


គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែល​ចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់​រឿងផេ្សងៗ​នៅ​មាត់ទឹក។ 

លុះត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរ​ទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ។ លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់។

 យូរៗ​ទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និង​សត្វគ្មាន​រោមក៏ជាទំនៀមទំលាប់​ពីត្រឹមនោះមករហូតដល់ឥឡូវនេះ។ ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធពស់ថ្លាន់ រហូតមកដល់សព្វថៃ្ងនេះ ក្បាលផ្សោតក៏ត្រងោលដូចជា របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ ប្រដាប់កេរខ្មាស និងសរី​រាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ។ចប់

ដកស្រង់ចេញពីសៀវភៅប្រជុំ​រឿងព្រេងខ្មែរ​ 

សូមអរគុណសម្រាប់ការអានរបស់លោកអ្នក

រឿងដើមកំណើតសត្វកូនលោក

អ្នកទស្សនា: Views

 


មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វ គ្រលេងគ្រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែមានមាឌធំជាងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹងសត្វនេះចាស់ៗ​​​​ខែ្មរយើងបាននិយាយតៗ មកថាមានដើមកំណើតមកពីមនុស្ស ដូចដែលមានរឿងដំណាលត​ទៅនេះ ៖

             កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក​ មានកូនស្រីតូចៗ៣​នាក់​ ។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។​ក្រោយពីពេល​  ដែល​ប្តី​ស្លាប់ចោលទៅ​  នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់  តែងទៅកាប់អុស បេះ​បនែ្ល​ទូលទៅលក់ឯផ្សាររាល់ថៃ្ង។ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់​ដែលតែងតែដើរលួចឆក់​អ្នកដំណើរឆ្ងាយជិត  បានលុយកាក់  យកមកស៊ីផឹកហ៊ឺហា ។ 

អ្នកលេងនោះកាលបើក្រឡេក ឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា?ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់​ថា «​ ខ្ញុំជាស្រីមេម៉ាយ  ប្តីស្លាប់ចោលទៅ  សព្វថៃ្ងក្រលំបាកណាស់  ប្រឹងកាប់អុសបេះ បនែ្លលក់គ្រាន់​បាន​ប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ»។ 

លឺដូច្នោះអ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់​ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា «នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ខ្ញុំសូមជូន ១០កហាបណៈសម្រាប់ទិញឥវ៉ាន់ផ្ញើកូន»។នាងមេម៉ាយក៏ទទួលយកភ្លាមដោយ​សេច​​​​​​​​

ក្តីត្រេកអរ។ លុះលក់អុស និងបនែ្លអស់ហើយ នាងត្រឡប់មកផ្ទះវិញ ​ ឯអ្នកលេងក៏លប​ដើរមក​តាមក្រោយ ដើម្បីគន់មើលផ្ទះ។ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយ​ក៏​យកគ្នា​ជាប្តីប្រពន្ធតទៅ។

  ចាប់តាំងពីថៃ្ងនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ពីរបីថៃ្ងមកផ្ទះម្តងក៏មាន កន្លះខែមកម្តងក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាធំ​ចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង៣នាក់។ 

ពេលដាំស្ល ឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់កែ្បរជើងក្រាន ខ្លះដេកលក់នៅលែ្វងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។  ពេលព្រឹកៗ  នាងនោះតាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារ​ជាមួយប្តីរាល់ថៃ្ង។ 

 ថៃ្ងមួយប្តីបាននិយាយរំលឹកថា «​ បងមានសេចក្តីអៀនខ្មាស់មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅ ស៊ីផឹកឯផ្សារ ដូចេ្នះបងសូមអង្វរចិត្តអូន​សូមនៅផ្ទះថែទាំ​កូនស្រីទាំង៣នាក់ចុះ»។ឮប្តីនិយាយយ៉ាងនេះ នាងនោះគិតថា «ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់។ 

បើអញបណ្តោយតទៅថៃ្ងមុខ គាត់នឹងបោះបង់អញពុំខាន។ គួរអញរកឧបាយ​សំលាប់កូនស្រីទាំង៣នាក់ចោល កុំឲ្យគាត់មានពាក្យចាក់ដោតថា ឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ»។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កូនអើយ!កាលឪពុកឯងរស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹក​ក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ​សែ្អកនេះម្តាយនឹង​យកស្រូវពូជទៅសាបព្រោះ ចូរកូន​ទៅដេកចាំចាបព្រាបលលក កុំឲ្យស៊ីស្រូវ»​។

 លុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោ​ឋាន​ជិត​ជើង​ភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា «នែហងរាល់គ្នា ត្រូវនៅចាំស្រូវទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសំលាប់»។ 

ផ្តាំហើយនាងនោះទុកបាយឲ្យ១ចំអែតម្នាក់អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ​និងអំបិលប្រហុក​បន្តិចបន្តួចដោយគិតថា «យប់​នេះ​ខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន»។ លុះផ្តាំកូន​ស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ី លុះប្តី មកដល់ក៏សួរថា «កូនស្រី៣​នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?» ប្រពន្ធប្រាប់ថា «ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំជា​ច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ»។

           ចំណែកកុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំងពេលយប់នាំគ្នាឡើងទៅដេក លើខ្ទម លឺសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន។ នាងបង​មានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ  ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួងប្អូនៗ  កុំឲ្យយំខ្លាចសត្វសាហាវ ទាំងនោះ វាមកខាំសម្លាប់។ គ្រានោះ អារក្ខទេវតាដែល​ឋិតនៅក្នុងព្រៃ​ស្មសានគិតថា «នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រាស ចោលក្នុងព្រៃដូចេ្នះ បើអញមិនជួយកុមារទាំង​បី​នេះផងទេ មុខជាម្រឹគពាលយង់ឃ្នងស៊ីពុំខាន។

 គួរអញ សង្គ្រោះកុមារទាំងនេះ​ទម្រាំផុត​ពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសមេ្តចឥន្រ្ទាធិរាជ»។ គិតស្រេចហើយ អារក្ខទេវតាសមែ្តងឫទ្ធិ ស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះព្រឹកឡើងក៏ចូល ទៅកាន់សំណាក់​ទេវរាជឈ្មោះ វរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្រ្ទាធិរាជ។វរុណទេវរាជរំពឹងឃើញថា «ការនេះមិនចាំបាច់ទៅក្រាបទូលព្រះ

ឥន្រ្ទាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី» ហើយបង្គាប់ថា ​«ត្រូវអ្នកឯងជួយការពារកុមារីទាំង៣​ឲ្យមធ្យ័តកុំឲ្យសត្វសាហាវបៀតបៀនបានទម្រាំវាក្លាយខ្លួនទៅជាសត្វ​ ។  បើវាឃ្លានអាហារត្រូវ​និមិ្មតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅ»។ អារក្ខទេវតាត្រលប់មកវិញ​ក៏ធ្វើតាមបង្គាប់វរុណទេវរាជ។ 

 ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថៃ្ង  ក៏អស់អង្ករបី ចានដែលម្តាយទុកឲ្យស៊ី   ប្អូនយំរកបាយស៊ី។  បងបានដើរទៅបេះស្លឹកថ្នឹង  ចូលទៅក្នុងថ្លុក​ក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី។ប្អូនបង្អស់ចេះតែស្រែកយំ។ បងក៏នាំគ្នាចុះ ទៅចាប់ត្រីក្រឹមទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែល ម្តាយបង្កាត់ទុកឲ្យរលត់​អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កនេ្ទញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង2ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ។


               ឯម្តាយកាលបើឃើញ​កូនស្រី​បណ្តើរគ្នាមកដូចេ្នះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា«មេកូនចង្រៃ!អញថា យកវាទៅប្រោសចោលឲ្យស្លាប់ព្រាត់ប្រាស់អស់ទៅ។ ឥឡូវមិនស្លាប់បែរ​ជានាំគ្នាត្រលប់​មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឲ្យហងឡើងផ្ទះសំបែងទេ»។នាងបងអង្វរថា«សូមអ្នកម្តាយ អាណិតកូន ផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយអត់ពីរបីថៃ្ងមកហើយ ស៊ីតែ​ស្លឹកឈើ​ជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឲ្យកូននៅ កូនសូមតែអង្ករ និងភើ្លងត្រឡប់ទៅវិញ សូម​ម្តាយកុំធ្វើបាបកូន កូនសូមទោស»។ 

ឯកូនប្អូននិយាយប្រាប់ម្តាយថា «ម៉ែ ! បងចាប់​បានសាយ​ស៊ីអែត»។ ម្តាយលឺកូនប្រាប់ថា «ចាប់បាន ទន្សាយស៊ីឆែ្អត» ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀតជេរបញ្ចោរថា «មេកូនចង្រៃ ! វាបាទន្សាយចែកគ្នា ស៊ី មេ្តចមិនយកឲ្យអញស៊ីផង»។ និយាយ​តែប៉ុណេ្ណះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណេ្តញឲ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះ ប៉ងឲ្យតែស្លាប់បាត់បង់ទៅ។

 គួរឲ្យអាសូរកុមារីទាំង3នាក់នោះពន់ពេក ម្តាយវាយបែក​ឈាមហូរ សស្រាក់ក៏នៅតែមិនបាត់វាចាថា «ម៉ែៗ!» ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោល​សោះ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា «បានសាយស៊ីអែតៗ» ។ ម្តាយលឺដូចេ្នះ​រឹតតែវាយ​ខ្លាំងថែម​ ទៀត នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថាបើទ្រាំនៅមុខតែម្តាយ​សម្លាប់​​​​​​​​​​​​​​​​ មិនខានហើយ​   នាំគ្នាទៅនៅក្នុងខ្ទមដដែល   ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់​បាត់​ស្មារតីទាំងបីនាក់។


             អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រាះព្រំកុមារីទាំង៣នាក់ឲ្យមានស្មារតីឡើងវិញ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះ​ទៅចាប់​ត្រីក្រឹមទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថៃ្ង។ ត្រីនិងខ្ចង ខ្ចៅចេះតែមានមិនអស់   ព្រោះទេវតានិម្មិតអោយ កាលណាថៃ្ងក្តៅល្អ  ស្រង់មកហាលថៃ្ងឲ្យតែកៀ្រមៗ វាយបំបែកហែកចែកគ្នាស៊ីទៅ។ 

នាងបងនិយាយកៀកកប្អូនលួងលោមថា «អូនអើយ!យើងទាំង៣នាក់នេះ​  ពុំបានជួបមុខម៉ែទៀតទេ  ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើងហើយ​រករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំ ពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់អស់ហើយ។ តទៅមុខយើងនឹងរងារអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន»។


             អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផែ្លចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វាកំប្រុក ពុំហ៊ាន ទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹមទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់​ស្រាប់តែដុះរោម​ចេញពេញខ្លួនដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផែ្លឈើបានទាំងអស់គ្នា។ 

 តែហើរទៅឆ្ងាយពុំរួច  បបូរមាត់ដុំចេញទៅជាចំពុះ។  រីឯមាត់និយាយភាសា​មនុស្សពុំកើត គ្រាន់តែដឹងខ្លួនថាខ្លួននៅជាមនុស្ស តែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបានឆ្ងាយបន្តិចម្តងៗ  ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ   មិនដែល​និយាយ​ភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន។


               ឯប្តីចុងរបស់នាងជាម្តាយនៃកុមារីទាំងនោះ  តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ថៃ្ងមួយអ្នកជិតខាងគេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ​។ ពេលនោះនាងជាម្តាយដេក​ព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកមេ្នញ ហើយ

ដើរទៅក្នុង ព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា ​​ «កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញម្តាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយ»។ 

កូនទាំងបីនាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា «ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង»។គិតដូច្នោះក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់មួយដើម ស្រែកប្រាប់មកម្តាយដោយ​​បំណងនិយាយថា «យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង អ្នកកុំ​មកជិតយើង»។​ 

ប៉ុនែ្តសំដីដែលស្រែកប្រាប់មកម្តាយនោះ មិន​ច្បាស់លាស់​ជាសំដីមនុស្សទេ ទៅ​ជាស្រែកថា «កូនលោកៗ» ម្តាយចេះតែដើរស្រែកហៅកូនទាំងតែអស់កំលាំងដើរពុំរួច ណាមួយ​អស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ។

              នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ កែ្បរជើងភ្នំ ឬព្រៃ​ស្រោង កាលណាវាផ្អើលនឹងមនុស្សឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំលឺថា កូនលោកកូនលោក!លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឲ្យស្រណោះពន់ពេក។ចប់

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

សូមអរគុណសម្រាប់កាស្តាប់របស់លោកអ្នក!​​​​