អ្នក​តា​មហេសក្ខ ឬ អ្នក​តា​មាតគិត

អ្នកទស្សនា: Views


រឿង ប្រវត្ត​អ្នក​តា​មហេសក្ខ ឬ អ្នក​តា​មាតគិត
ឯកសារ​នេះ សេចក្ដី​ដើម​ជា​ភាសា​លាវ អ្នក​សរសេរ​ឈ្មោះ ស៊ុង ភួយ ជាតិ​លាវ នៅ​ស្រុក​វ៉ឺនស័យ ខែត្រ​ស្ទឹងត្រែង អាយុ ៧០ ឆ្នាំ ដែល​មាន​សេចក្ដី​បក​ប្រែ ដូច​តទៅ ៖ នៅ​សង្កាត់​វ៉ឺនស័យ មាន​អ្នក​តា​មួយ​ឈ្មោះ ម៉ហេសក្ខ ។ អ្នក​ភូមិ​ទាំង​ឡាយ​ក្នុង​សង្កាត់​នេះ លើក​ទុក​ជា​អ្នក​ខ្លាំង​ពូកែ ជា​វត្ថុ​សក្ដិ​សិទ្ធិ​មួយ អាច​នឹង​ផ្ដល់​សេចក្ដី​ដល់​បណ្ដា​ជន​ទាំង​អស់​បាន ។ 

រឿង​រ៉ាង​ខាង​ដើម​ថា កាល​ដែល​ទឹក​ដី​វ៉ឺនស័យ នៅ​ជា​ចំណុះ​ស្រុក​ថៃឡង់ដ៍​នៅ​ឡើយ នោះ​មាន​នាម៉ឺន​លាវ​ម្នាក់​ដែល​រាជការ​ចាត់​ឲ្យ​ទៅ​ត្រួត​ត្រា​ស្រុក​នោះ ក៏​បាន​អញ្ជើញ​អ្នក​តា ម៉ហសក្ខ​នេះ មក​តាម​ខ្លួន​ផង ដើម្បី​ជា​ទី​ពឹង បាន​ឆ្លាក់​ឈើ​ធ្វើ​ជា​រូប​តំណាង​អ្នក​តា ហើយ​តម្កល់​ទុក​លើ​អាស្រម ១ ក្រោម​ដើម​ផ្ចិត នៅ​ចម្ងាយ​ពី​ក្រុង​វ៉ឺនស័យ​ចំនួន ១ គីឡូ​ម៉ែត្រ ។

 កាល​បើ​បាន​ឃើញ​នាម៉ឺន​លាវ​នោះ គោរព​ប្រណិប័តន៍​បន់​ស្រន់​អ្នក​តា​នោះ​ទៅ បាន​សេចក្ដី​សុខ​ដូច​សេចក្ដី​ប្រាថ្នា អ្នក​ស្រុក​ក៏​ស្រុះ​ស្រួល​ទទួល​ស្គាល់​អ្នក​តា​នោះ​តាម​តមក ថា​ជា​អ្នក​តា​ដែល​ឫទ្ធានុភាព​ខ្លាំង​ពូកែ ។ ឯ​អ្នក​តា​នោះ​កាល​ជាន់​ដើម មាន​ប្រកាន់​រូប​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ប៊ូ

 ធ្វើ​ជា​ស្មិង​ដាច់​មុខ សម្រាប់​តែ​ខ្លួន​នោះ​ម្នាក់​ឯង ឥត​មាន​ខ្មោច​បិសាច​ឯណា​ដទៃ​ក្រៅ​ទៀត មក​សណ្ឋិត​លើ​រូប​នាង​ប៊ូ​បាន​ឡើយ ។ កិច្ច​ដែល​ត្រូវ​គោរព និង​ត្រូវ​រៀប​តង្វាយ​ថ្វាយ​អ្នក​តា​នោះ អ្នក​ស្រុក​ប្រព្រឹត្ត​ធ្វើ​តាម​តែ​ពាក្យ​រូប​សម្នឹង​បង្គាប់ គឺ​មាន​ថ្វាយ ជ្រូក មាន់ ទា ស្រា បាយ និង ទៀន​ធូប ។ 

តង្វាយ​បែប​នេះ មិន​មាន​កំណត់​កាល​វេលា​ទេ ស្រេច​នៅ​មាន​ការ​ដែល​គួរ​បន់ ឬ គួរ​ថ្វាយ ។ ក្នុង ១ ឆ្នាំ​ម្ដង អ្នក​ស្រុក​ត្រូវ​ប្រជុំ​គ្នា​រៀប​ធ្វើ​ពិធី ហៅ​ថា​បុណ្យ​ឡើង​អ្នក​តា ។ បុណ្យ​នេះ​ទម្លាប់​ធ្វើ​តែ​នៅ​ពិសាខ មាន​កំណត់​ពេល ១ ថ្ងៃ ១ យប់ នៅ​ទី​ខ្ទម​អ្នក​តា​នោះ​តែ​ម្ដង ។ ក្រៅ​ពី​តង្វាយ​ដូច​បាន​រៀប​រាប់​ខាង​លើ​នោះ នៅ​មាន​លេង​ភ្លេង​ដូរ្យតន្ត្រី ច្រៀង​រាំ និង​មាន​អុំ​ទូក​ប្រណាំង​ថ្វាយ​អ្នក​តា​នោះ​ផង រៀង​រាល់​ឆ្នាំ​ខាន​មិន​បាន​ជា​ដាច់​ខាត បើ​ខាន​មិន​បាន​សុខ​ទេ ។

 អ្នក​តា​នោះ​សព្វ​ថ្ងៃ គេ​រើ​ទី​កន្លែង​លើក​ទៅ​ធ្វើ​ខ្ទម​ឥដ្ឋ​ប្រក់​ក្បឿង​នៅ​ប្រប​វត្ត​វ៉ឺនស័យ ។ ចិន-​យួន​ដែល​ស្រុក​វ៉ឺនស័យ​ទាំង​ប៉ុន្មាន ជឿ​ជាក់​ចំពោះ​អ្នក​តា​នេះ​ណាស់ តែង​នាំ​គ្នា​យក​តង្វាយ​ទៅ​ថ្វាយ​ជា​ប្រក្រតី ។ ប្រវត្តិ​អ្នក​តា តាម​ដំណឹង​ថា នៅ​នគរ​ឈ្មោះ​កោស៊ី ស្ដេច​មួយ​ព្រះ​អង្គ​គ្រង​រាជ​សម្បត្តិ ព្រះ​នាម​ព្រះ​បាទ​ចាក់គីមហាហង្ស ។

 សម័យ​ថ្ងៃ​មួយ នៅ​ក្នុង​ខែ​មាឃ ស្ដេច​អង្គ​នោះ​ឯង​ទ្រង់​ភ្នក​ព្រះ​រាជ​ហឫទ័យ​ចង់​ស្ដេច​ទៅ​ប្រពាត​ព្រៃ ក៏​ចាត់​ពួក​កង​សេនាមាត្យ​ចំនួន ៨ រូប ឲ្យ​ហែហម​អម​ស្ដេច​ទៅ នាំ​យក​ទាំង​មាន់​ធ្នាក់ ៤ ទៅ​ជា​មួយ​ផង ដើម្បី​នឹង​ក្រសាល​ទាក់​មាន់​ព្រៃ ។ 

 លុះ​បាន​ដល់​ព្រៃ​ហើយ វេលា​ដែល​ស្ដេច​កំពុង​ប្រពាត​ព្រៃ​នោះ ក៏​ត្រូវ​វង្វេង​ព្រៃ ស្ដេច​ក៏​ទ្រង់​សុបិន​ឃើញ​ស្រី​ក្រមុំ​ម្នាក់ មាន​រូប​ល្អ​ល្អះ​ឆើត​ឆាយ​យ៉ាង​ក្រៃលែង ឡើង​មក​ពី​មហា​បាតាល​នៃ​មហា​សាគរ ទ្រង់​មាន​ព្រះ​រាជ​ហឫទ័យ​ប្រតិព័ទ្ធ​ស្ត្រី​នោះ​ក្រៃ​ពេក ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​អាមាត្យ​មុជ​ទឹក​ចុះ​ទៅ​តាម​មើល ។ 

លុះ​មុជ​តាម​ទៅ​បាន​ដល់​នគរ​នាង ឃើញ​នគរ​ធំ​សម្បើម​ណាស់ ហើយ​ល្អ​ចម្លែក​អស្ចារ្យ គឺ​នគរ​ស្ដេច​កុម្ភណ្ឌ ។ ព្រះ​អង្គ​មាន​បុត្រ​ដល់​ទៅ ៣ អង្គ​គឺ ឈ្មោះ គម្ភីរ ១ នាង​តែងអន ១ និង​កឡ៉ាកាន់ ១ ។ 

ឃើញ​រូប​នាង​នឹង​នគរ​ស្ដេច​ជា​ឪពុក​ជាក់​លាក់​ហើយ អាមាត្យ​ជា​បម្រើ​ត្រឡប់​មក​ទូល​ស្ដេច​វិញ​តាម​ដំណើរ ។ លុះ​អរុណោទ័យ​ឡើង​កាល​ណា ទ្រង់​ក៏​រក​ឃើញ​ផ្លូវ​វិល​មក​កាន់​នគរ​វិញ រួច​ទើប​ចាត់​ចែង​រៀប​ចំ​ព័ស្តុភារ​បណ្ណាការ ទៅ​ស្ដី​ដណ្ដឹង​នាង​តែង​អន​មក​ធ្វើ​ជា​អគ្គ​មហេសី​បាន​ដូច​សេចក្ដី​ប្រាថ្នា ។ 

 ឯ​ស្ដេច​កុម្ភណ្ឌ​នោះ ជាតិ​ជា​ក្រពើ មាន​កូន​ប្រុស ២ នាក់​ក៏​ជា​ក្រពើ លើក​លែង​តែ​កូន​ស្រី គឹ​នាង​តែងអន​មួយ​ខុស​ពី​គេ កើត​មក​ជា​មនុស្សក្រោយ​ដែល​នាង​តែងអន បាន​មក​ធ្វើ​ជា​អគ្គ​មហេសី​ស្ដេច​ចាក់គីមហាហង្ស​ហើយ ស្រាប់​តែ​មាន​ឈ្មោះ​នាង​វ៉ៃកា នៅ​នគរ​ជា​មួយ​ស្ដេច​នោះ នាំ​កូន​ក្រមុំ​របស់​ខ្លួន ៥ នាក់ មក​ថ្វាយ​ស្ដេច​ចាក់គីមហាហង្ស ធ្វើ​ជា​អគ្គ​មហេសី​បន្ត​បន្ទាប់​មក​ទៀត ។

លុះ​នាង​តែងអន​មាន​គភ៌​គ្រប់​ខែ​កាល​ណា ក៏​ប្រសូតិ​ព្រះ​រាជ​បុត្រ​នៅ​ក្នុង​ចំណោម​អគ្គ​មហេសី​ចុង​ទាំង ៥ រូប នាង​ទាំង ៥ នោះ​មាន​សេចក្ដី​បារម្ភ ខ្លាច​ក្រែង​បុត្រ​នាង​តែងអន មាន​ព្រេង​សំណាង​ជាង​កូន​ខ្លួន ក៏​តាំង​នាំ​គ្នា​រួម​គំនិត​ក្បត់ រក​ឧបាយ​កល យក​កូន​នាង​តែង​អនទៅ​កប់​ចោល យក​កូន​ក្រពើ​មក​ដាក់​ជំនួស​ឲ្យ​នាង​វិញ ហើយ​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ជា​ស្វាមី​ថា: នាង​តែង​អន​ជា​ស្រី​ចង្រៃ​កើត​កូន​មក​ជា​សត្វ​ក្រពើ ហើយ​ប្ដឹង​ទូល​បង្ខុស​ថា ដោយ​ហេតុ​តែ​នាង​តែង​អន ចូល​ចិត្ត​តែ​ទៅ​លេង​ទឹក ទើប​កើត​កូន​មក​ជា​សត្វ​ក្រពើ ។ 

 ស្ដេច​ចាក់គីមហាហង្ស​ទ្រង់​សណ្ដាប់​រឿង​មិន​ពិត​ដូច្នេះ ក៏​ពុំ​បាន​ពិចារណា​សាក​សួរ​រក​ខុស​ត្រូវ​ឡើយ ទ្រង់​ក៏​ក្រេវ​ក្រោធ​បង្គាប់​ឲ្យ​យក​នាង​តែងអន​ទៅ​បំបរ​បង់ ។ ឯ​នាង​តែងអន កាល​បើ​បាន​ទទួល​ផល​កម្ម​ដូច្នេះ​ហើយ ក៏​នឹក​ភ្នក់​មាតា​បិតា​និង​បង​ប្អូន​របស់​នាង ហើយ​នាង​នឹក​សង្ឃឹម​ថា បើ​នាង​បាន​ទៅ​ដល់​នគរ​កាល​ណា នាង​នឹង​សុំ​ឲ្យ​បង​ដែល​ជា​សត្វ​ក្រពើ​ឈ្មោះ​គម្ភីរ មក​ជួយ​ដោះ​ទុក្ខ​ធុរៈ​នាង ។ 

លុះ​បាន​ទៅ​ដល់​នគរ នាង​រៀប​រាប់​ទូល​ព្រះ​បិតា​និង​បង​តាម​ដំណើរ ពេល​នោះ​ចៅ​គម្ភីរ​ជា​បង​ក៏​ឆ្លើយ​តប​វិញ​ថា: វេលា​នេះ បង​នឹង​ជួយ​ដោះ​ទុក្ខ​ធុរៈ​ប្អូន​មិន​ទាន់​បាន​ទេ ព្រោះ​យើង​មិន​ទាន់​ចេះ​វិជ្ជា​ការ​អ្វី​សោះ ក៏​បបួល​នាង​តែងអន​ទៅ​រក​រៀន​មន្ត​វិជ្ជា​ការ ។

 គម្ភីរ​ឲ្យ​ប្អូន​ស្រី​ជិះ​លើ​ខ្នង ហើយ​ហែល​ធ្វើ​ដំណើរ​ទៅ ដោយ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក ការ​ហត់​នឿយ​ខ្លាំង​ក៏​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន​នោះ​ទៅ ។ ពេល​នោះ​ក៏​ក្ដៅ​ទៅ​ដល់​ព្រះ​ឥន្ទ្រ​ៗ រមិល​មើល​មក​ឃើញ​ដូច្នេះ ចាត់​ឲ្យ​ព្រះ​វិស្សកម្ម​ទេវបុត្ត មក​ប្រោះ​បង​ប្អូន​ទាំង​ពីរ​នាក់​រស់​ឡើង​វិញ ទើប​និម្មិត​ជា​សាលា​មួយ​ឲ្យ​នៅ​រក្សា​សីល​ក្នុង​ទី​នោះ ។ 

ត​មក​មាន​យក្ស​មួយ​ឈ្មោះ ហាត់​ចាក់ នៅ​នគរ ណានថាត់ផាន មក​លេង​ព្រៃ ប្រទះ​ឃើញ​នាង​តែងអន មាន​រូប​ល្អ​ស្អាត ក៏​ចាប់​យក​នាង​ទៅ​ធ្វើ​ជា​ភីលៀង​កូន​ស្រី​របស់​វា ដែល​រើស​បាន​ពី​ក្នុង​ផ្កា ។ និយាយ​ពី​បុត្រ​នាង​តែង​អន ដែល​អគ្គ​មហេសី​ចុង​ទាំង ៥ នាក់ យក​ទៅ​កប់​ចោល​ក្នុង​ដី​នោះ បណ្ដាល​ឲ្យ​ក្ដៅ​ដល់​ទេវតា​មួយ​អង្គ​ឈ្មោះ​នាង​ទេពជាលីឡា ទេវតា​នោះ​ក៏​ចុះ​មក​កកាយ​ដី យក​ទារក​នោះ​ទៅ​ចិញ្ចឹម​បី​បាច់​ថែរក្សា ឲ្យ​បរិភោគ​សុទ្ធ​សឹង​អាហារ​ទិព្វ ។

 នាង​ទេពជាលីឡា បាន​ហៅ​ខ្មោច​មួយ ដែល​នៅ​អាស្រ័យ​ក្នុង​ភូមិ​ស្រុក​នោះ ឈ្មោះ “មាតតាគិត” ឲ្យ​មក​នៅ​ជា​មួយ ជួយ​បីបាច់​រក្សា​កុមារ​នោះ​ដូច​ភីលៀង ។ លុះ​កុមារ​ចំរើន​អាយុ​ធំ​ឡើង មាន​វិស្សកម្ម​ទេវបុត្ត​មក​និយាយ​ប្រាប់​កុមារ​ថា: “ព្រះ​មាតា​របស់​កុមារ​ឯង​គឺ ព្រះ​នាង​តែងអន​ឯ​ណោះ​ទេ សព្វ​ថ្ងៃ​នាង​ត្រូវ​យក្ស​ចាប់​យក​ទៅ​រក្សាទុក នៅ​ឯ​នគរ​ណានថាត់ផាន​ឯ​ណោះ ដូច្នេះ​គប្បី​កុមារ​ទៅ​យក​មាតា​ឲ្យ​ឆាប់” ។ បាន​ដំណឹង​ដូច្នោះ កុមារ​ក៏​នាំ​ខ្មោច​ជា​ភីលៀង​របស់​ខ្លួន​នោះ ទៅ​តាម​រក​ព្រះ​មាតា បាន​ច្បាំង​នឹង​យក្ស​ដណ្ដើម​យក​នាង​តែងអន​វិល​ទៅ​នគរ​វិញ ។

 លុះ​បាន​ដល់​នគរ​ហើយ បាន​សេចក្ដី​សុខ​សប្បាយ កុមារ​ក៏​ប្រាប់​ប្រាម​បណ្ដា​រាស្ត្រ​ទាំង​អស់ ឲ្យ​គោរព​រាប់​អាន​ខ្មោច​ដែល​ជា​ភីលៀង​របស់​ខ្លួន​ឈ្មោះ “មាតគិត” ផង ព្រោះ​មាតគិត​នេះ បាន​ជួយ​ដោះ​ទុក្ខ​ធុរៈ​ខ្លួន ។ ចាប់​តាំង​ពី​ពេល​នោះ​មក បណ្ដា​រាស្ត្រ​ក៏​ទទួល​ស្គាល់ “មាតគិត” នេះ​ថា ជា​អ្នក​សេចក្ដី​សុខ​ឲ្យ​ខ្លួន ក៏​នាំ​គ្នា​គោរព​បូជា ថែរក្សា​ផ្ដល់​ម្ហូប​ចំណី: គោ ក្របី ជ្រូក មាន់ ទា ស្រា បាយ ឲ្យ​បរិភោគ​ជា​ប្រក្រតី ។ ខ្មោច​មាតគិត​នោះ​ហើយ ដែល​អ្នក​ស្រុក​សម្គាល់​ថា ជា​អ្នក​តា​រក្សា​ស្រុក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ថា​អ្នក​តា​មហេសក្ខ ៕ចប់

រឿង អ្នក​តា​មេស នៅ​ស្រុក​បាភ្នំ

អ្នកទស្សនា: Views

 


នៅ​ខាង​កើត​ភ្នំ​បាភ្នំ (ភ្នំ​ខ្សាច់​ស) ចម្ងាយ​ប្រមាណ​ជា ១.៥០០ម. ខាង​អាគ្នេយ៍​នៃ​សាលា​ស្រុក​បាភ្នំ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា ៥០០ម. មាន​ភ្នំ​មួយ​តូច​ស្ថិត​នៅ​ក្បែរ​មាត់​ព្រៃ កម្ពស់​ប្រមាណ​ជា ១០ម. ។ នៅ​លើ​កំពូល​ភ្នំ​នោះ​និង​នៅ​ជា​ចន្លោះ​នៃ​ថ្ម​ភ្នំ​ធំ​ៗ ដែល​បន្តុប​លើ​គ្នា​ច្រូង​ច្រាង គេ​ឃើញ​មាន​រោង​មួយ ធ្វើ​ដោយ​ស៊ីម៉ងត៍​យ៉ាង​ស្អាត ទំហំ​ប្រហែល ២ម. បួន​ជ្រុង បែរ​មុខ​ឆ្ពោះ​ទៅ​ទី​វាល​ខាង​កើត ដែល​មាន​ផ្លូវ​បូក​ស៊ីម៉ងត៍​ថែម​ជា​ជណ្ដើរ​បត់​បែន​ឡើង​ទៅ ។ 

ក្នុង​រោង​នោះ ផ្នែក​ពាក់​កណ្ដាល​ខាង​ក្រោយ គេ​ធ្វើ​ជា​ថ្នាក់​ខ្ពស់​ឡើង​ប្រហែល​កន្លះ​ម៉ែត្រ ផ្ទាប់​ទៅ​នឹង​ថ្ម​ភ្នំ​ដែល​លយ​ចូល​មក​ក្នុង​រោង ហើយ​មាន​គំនូរ​រូប​សត្វ​ផ្សេង​ៗ ធំ​ខ្លះ នៅ​ល្អ​ខ្លះ បាក់​បែក​នៅ​តែ​ខ្លួន​ហើយ​បូក​ស៊ីម៉ងត៍​ធ្វើ​ជា​ក្បាល ដៃ ជើង ថែម​ឡើង​ខ្លះ ដាក់​តម្រៀប​គ្នា​ជា​ជួរ​៣ សង្កាត់ ។ 

មាន​ជើង ១​សម្រាប់​ដោត​ធូប មាន​រូប​ដំរី​ពីរ​ធ្វើ​ដោយ​ថ្ម​ពណ៌​ស​ពព្រូស នៅ​សង​ខាង​មាន​ផើង​ដែល​ពួក​ចិន​យក​ទៅ​ថ្វាយ ខាង​ក្រោយ​បន្ទាប់​ពី​មោះ​មក ជា​ទី​ធ្លា​ក្រាល​ឥដ្ឋ​ពណ៌ ទូលាយ​ល្មម​មនុស្ស​ពីរ​នាក់ ចូល​ទៅ​អង្គុយ​បន់​ស្រន់​បាន​ដោយ​ស្រួល ។

ឯ​រោង​និង​គ្រឿង​សក្ការ​ជា​របៀប​ចិន​ទាំង​អស់ ព្រោះ​ចិន​ជា​អ្នក​តាក់​តែង​ធ្វើ​រោង​ឡើង​ជា​ខាង​ក្រោយ ។ ពី​ដើម​អ្នក​តា​នេះ​ធ្លាប់​មាន​អាស្រម​រួច​មក​ហើយ តែ​ដល់​បាក់​បែក​អស់​ទៅ ទើប​ពួក​ចិន​សាង​ជា​ថ្មី​ជំនួស​ឡើង ។

ក្នុង​ចំណោម​រូប​ទាំង ៣​សង្កាត់​នោះ ត្រង់​សង្កាត់​កណ្ដាល មាន​រូប​មួយ​នៅ​​ចំកណ្ដាល​គេ ជា​រូប​ឈរ មាន​កម្ពស់​ប្រហែល ៦០ សង់ទីម៉ែត្រ រូប​នោះ​មាន​ភាព​ជា​ស្ត្រី​ភេទ សក់​ក្បាល​ទំនង​ជា​បួង​ញាត់​ឡើង​លើ ពាក់​ក្បាំង មុខ​រាង​មូល ថ្ពាល់​ពេញ ដោះ​ក្បំ​ស្រួច មាន​ដៃ​បួន ដៃ​ខាង​ស្ដាំ​បត់​មក​ខាង​មុខ ទ្រ​របស់​អ្វី​មួយ​រាង​ចតុកោណ​កែង ផត​កណ្ដាល​បន្តិច ដៃ​ខាង​ឆ្វេង​បត់​ឡើង​លើ ទន្ទឹម​នឹង​ស្មា​កាន់​កង​ចក្រ ដៃ​មួយ​ទៀត​សំយុង​ចុះ​ក្រោម ចាប់​កន្ទុយ​ខ្លា ឬ រាជ​សីហ ជើង​ឈរ​ជាន់​លើ​សត្វ​នោះ​ផ្អៀង​មក​ខាង​ស្ដាំ​បន្តិច មាន​អាការ​ដូច​ជា​ប្រឹង​លើក​សត្វ​នោះ ដោយ​មាន​ទឹក​មុខ​បែប​អំនួត2 ។

 តា​ម្នាក់​ឈ្មោះ​ដោក ថាន់ អាយុ ៧០​ឆ្នាំ នៅ​ភូមិ​រោង​ដំរី ប្រប​នឹង​ជើង​ភ្នំ​ខាង​ជើង ដែល​នាំ​ដើរ​មើល​បាន​ប្រាប់​យើង​ថា "នេះ​ហើយ​ជា​រូប​អ្នក​តា​មេស" ដែល​ជា​ធំ​លើស​លែង​ជាង​អ្នក​តា​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាភ្នំ និង​ជា​ទី​គោរព​កោត​ក្រែង​របស់​អ្នក​ស្រុក តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ឯ​រូប​ក្រៅ​ពី​នេះ ជា​អ្នក​តា​បន្ទាប់​បន្សំ បើ​រាប់​រូប​ទាំង​អស់ ទាំង​អ្នក​តា​មេស​ផង ឃើញ ១៥​រូប ។ នៅ​ខាង​មុខ​អ្នក​តា​មេស​នេះ​ប្រហែល ៥ម. មាន​អ្នក​តា​ពីរ​ទៀត នៅ​អម​ផ្លូវ​ដែល​ចុះ​មក​ពី​មេស ហៅ​ថា អ្នក​តា​ទ្វារ ខ្លះ​ហៅ​ថា​អ្នក​តា​ឆ្វេង-ស្ដាំ ។

 ខាង​មុខ​អ្នក​តា​នេះ ប្រហែល​ជា ១០ម. ជា​កន្លែង​កាប់​ក្របី​ថ្វាយ​អ្នក​តា ចម្ងាយ​ពី​ទី​នេះ​ទៅ​ខាង​កើត​ប្រមាណ ១០០ម. ជា​កន្លែង​កាប់​មនុស្ស​ថ្វាយ​អ្នក​តា​ជាន់​មុន តែ​សព្វ​ថ្ងៃ​នេះ ត្រង់​ទី​នោះ​ជា​វាល​ស្រែ​ទៅ​ហើយ ។ អំពី​ពិធី​ឡើង​អ្នក​តា​មេស :

កាល​ពី​ដើម មិន​ជា​ជា​ពី​ត្រឹម​ណា​មក​ទេ ព្រោះ​គ្មាន​នរណា​ចាំ​បាន តែ​គេ​ដំណាល​ថា គេ​តែង​កាប់​មនុស្ស​ថ្វាយ​អ្នក​តា​មេស​នេះ​រាល់​ឆ្នាំ​រៀង​មក សូម្បី​មក​ដល់​សម័យ​ក្រឡាហោម ង៉ាង ធម្មាតេជោ ហែន ធម្មាតេជោតី ដែល​បាន​ជា​អភិបាលខែត្រ​បាភ្នំ​មក​ហើយ ក៏​នៅ​មាន​គេ​ដឹង​ឮ​ប្រាកដ​ថា មាន​សម្លាប់​មនុស្ស​ថ្វាយ​នៅ​ឡើយ ។

លោក​តា​ដោក ថាន់​បាន​និយាយ​ថា ប្រហែល ៦០​ឆ្នាំ​មុន3 ក្នុង​សម័យ​លោក​ឧកញ៉ា​តេជោ (តី) ធ្វើ​ជា​អភិបាល​ខែត្រ​នោះ គាត់​បាន​ទៅ​មើល​គេ​សម្លាប់​មនុស្ស​ថ្វាយ​អ្នក​តា ២​ដង (គឺ ២​ឆ្នាំ) ។

កំណត់​កាប់​មនុស្ស​ឬ​សត្វ ថ្វាយ​អ្នក​តា​នោះ គេ​ធ្វើ​តែ​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ខែ​ជេស្ឋ ខ្នើត​ក៏​បាន​រនោច​ក៏​បាន ។ តាម​ពាក្យ​លោក​ដោក ថាន់ អភិបាល​ស្រុក​កំពង់​ត្របែក​ថា គេ​ធ្វើ​តែ​នៅ​ថ្ងៃ​ពុធ​ខាង​ខ្នើត​ខែ​ជេស្ឋ តែ​លោក​តា​អ៊ិន វ៉ា អាយុ ៧៣​ឆ្នាំ ជា​អាចារ្យ​វត្ត​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក​ថា គេ​ធ្វើ​តែ​ក្នុង​ថ្ងៃ​អង្គារ ឬ សៅរ៍ ខាង​ខ្នើត​ខែ​ពិសាខ​ឬ​ជេស្ឋ ។ កាល​ពី​ដើម ច្រើន​តែ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​យ៉ាង​ឧឡារិក ៣-៥ ថ្ងៃ ឬ ៧ ថ្ងៃ ព្រម​ទាំង​មាន​ការ​ប្រជុំ​អស់​ទាំង​ចៅ​សង្កាត់ គ្រប់​សង្កាត់​ដែល​ជា​ចំណុះ​ខែត្រ​បាភ្នំ​ជំនាន់​ដើម​ផង ។ 

គេ​ធ្វើ​រោង​បុណ្យ​នៅ​ទី​វត្ត​វិហារ​ធំ នៅ​នា​ទិស​ពាយ័ព្យ​នៃ​អ្នក​តា​មេស ចម្ងាយ​ប្រហែល​ជា ១គម. ។ មាន​និមន្ត​ព្រះ​សង្ឃ​សូត្រ​និមន្ត​នៅ​ទី​នោះ ព្រឹក​ឡើង និមន្ត​លោក​ទៅ​ដារ​នៅ​ទី​អ្នក​តា​មេស​ខ្លះ នៅ​ទី​អ្នក​តា​ក្រហម​ក​នៅ​ខាង​ជើង​ភ្នំ​ខ្លះ ដារ​ថ្វាយ​អ្នក​តា​សព្វ​ឋាន​នៅ​ត្រង់​ចង្កេះ​ភ្នំ​ធំ​ខាង​លិច​ខ្លះ នៅ​ទី​អ្នក​តា​ទួល​ឈ្នាង​នៅ​លើ​ភ្នំ​ទួល​ឈ្នាង​ខាង​ត្បូង រាល់​ថ្ងៃ ទាល់​តែ​ដល់​ថ្ងៃ​សៅរ៍​ដែល​ត្រូវ​បុណ្យ​ឡើង​អ្នក​តា ។

 អំពី​រឿង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ថ្វាយ​អ្នក​តា​នោះ គឺ​គេ​យក​តែ​មនុស្ស​ណា​ដែល​មាន​ទោស​ធ្ងន់ ត្រូវ​ប្រហារ​ជីវិត​បង់ ។ មុន​នឹង​សម្លាប់​គេ​ហៅ​មនុស្ស​នោះ មក​និយាយ​ប្រាប់​ឲ្យ​ដឹង​ខ្លួន​ជា​មុន ហើយ​គេ​បើក​ឲ្យ​មនុស្ស​នោះ​ស៊ី​ផឹក​យ៉ាង​ឆ្ងាញ់​តាម​ចំណង់ នាំ​ទៅ​ឲ្យ​មើល​ល្បែង មើល​បុណ្យ ហាក់​ដូច​ជា​មនុស្ស​ធម្មតា ។

លុះ​ដល់​ថ្ងៃ​សម្លាប់ គេ​រៀប​ចំ​ដាក់​ឃ្នាង​មនុស្ស​នោះ ហើយ​ដង្ហែ​ចេញ​ទៅ​ពី​ទី​ប្រជុំ​បុណ្យ ដោយ​ក្បួន​ហែ​យ៉ាង​អ៊ឹកធឹក មាន​ទាហាន​កាន់​សស្ត្រាវុធ ឬ កាំភ្លើង​មុខ​ក្រោយ ព្រម​ដោយ​អ្នក​ស្រុក​រាប់​ពាន់​នាក់ ហែ​ទៅ​កាន់​ទី​អ្នក​តា​ព្រះ​ស្រុក (មេ​ស្រុក) នៅ​ខាង​កើត​វត្ត​វិហារ​ធំ ចម្ងាយ​ប្រហែល ៥០០​ម. ។ គេ​គំនាប់​អ្នក​តា​នោះ​ដោយ​អុជ​ផាវ បាញ់​កាំភ្លើង រួច​ហើយ ទើប​គេ​គេ​ហែ​មនុស្ស​ទោស​សំដៅ​ទៅ​អ្នក​តា​មេស ដែល​ស្ថិត​នៅ​ខាង​ត្បូង​អ្នក​តា​ព្រះ​ស្រុក​នេះ​ប្រហែល ៨០០​ម. ។ ដល់​ហើយ គេ​ក៏​រៀប​ចំ​បួង​សួង​បន់​ស្រន់ សូម​ឲ្យ​អ្នក​តា​មេស​ជួយ​ឲ្យ​ស្រុក​បាន​សុខ​សប្បាយ ជួយ​អភិបាល​ស្រុក នាម៉ឺន​សព្វ​មុខ​មន្ត្រី​និង​បណ្ដា​រាស្ត្រ ព្រម​ទាំង​សូម​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ចំ​តាម​រដូវ​កាល ។ល។

រួច​ហើយ គេ​ទើប​គេ​ស្រែក​ភូមា (យក្ស​អឺ!) ៣​ដង ទើប​អ្នក​សម្លាប់​ដែល​មាន​ងារ​ជា​មនោ (អ៊ិន) ដែល​កាន់​ដាវ​រាំ​រែក​ដើរ​ក្រឡឹង​ជុំ​វិញ​មនុស្ស​ទោស យារ​ដាវ​កាប់​តែ ១​ខ្វាប់​ដាច់​ក​តែ​ម្ដង ហើយ​គេ​សម្គាល់​មើល បើ​ឈាម​បាញ់​ទៅ​លើ ទៅ​ខាង​ស្មើ​គ្នា ថា​ទឹក​ភ្លៀង​នឹង​ធ្លាក់​ស្មើ​គ្រប់​ស្រុក បើ​ឈាម​បាញ់​ទៅ​តែ​ខាង​ណា ថា​ភ្លៀង​នឹង​ធ្លាក់​តែ​នៅ​ស្រុក​ខាង​នោះ ។ ក្នុង​ពេល​ដំណាល​គ្នា​នេះ មាន​បាញ់​កាំភ្លើង អុជ​ផាវ យ៉ាង​គគ្រឹក​គគ្រេង​ផង ។ 

ចំណែក​ខាង​ក្រុម​ដែល​ដង្ហែ​ទៅ​អ្នក​តា​ក្រហម​ក អ្នក​តា​សព្វ​ស្ថាន និង​អ្នក​តា​ទួល​ឈ្នាង ។ លុះ​ឮ​សូរ​កាំភ្លើង​ខាង​អ្នក​តា​មេស​ហើយ ទើប​បាញ់​កាំភ្លើង អុជ ផាវ​គំនាប់​អ្នក​តា​ខាង​ខ្លួន​ជា​លំដាប់​បន្ទាប់​ៗ​គ្នា​ទៅ ។ ឯ​មនុស្ស​ដែល​គេ​សម្លាប់​រួច​នោះ យក​ក្បាល​ទៅ​ដោត​ថ្វាយ​អ្នក​តា​មេស ព្រម​ទាំង​អារ​យក​សាច់​ដោត​ជា ១០០ ច្រនួច​ថ្វាយ​ផង ។ រួច​ហើយ​យក​សាច់ ៥០ ច្រនួច​ទៀត បញ្ជូន​ទៅ​ថ្វាយ​អ្នក​តា​ក្រហម ៥០​ច្រនួច​សម្រាប់​អ្នក​តា​សព្វ​ស្ថាន និង ៥០ ច្រនួច​ទៀត​ថ្វាយ​អ្នក​តា​ទួល​ឈ្នាង ។

ក្នុង​សម័យ​លោក​ធម្មាតេជោ តី នេះ​ដែរ ដែល​ត​មក​ខាង​ក្រោយ​គេ​លែង​សម្លាប់​មនុស្ស ប្រែ​ជា​សម្លាប់​ក្របី​ជំនួស​វិញ ប៉ុន្តែ​គេ​រើស​រក​តែ​ក្របី​ឡើង​ក​មាន​តម្លៃ ៥០ រៀល​ឡើង​ទៅ (តម្លៃ​ជំនាន់​នោះ) ។

ឯ​របៀប​រៀង​រៀប​ចំ​ធ្វើ​បុណ្យ​ក៏​នៅ​មាន​ធ្វើ​ដូច​គ្នា ។ វេលា​ដែល​គេ​សម្លាប់​ក្របី​នោះ​ទៀត ក៏​គេ​សម្គាល់​ឈាម​ដូច​គ្នា​នឹង​ការ​សម្គាល់​ឈាម​មនុស្ស​ដូច​ពោល​ខាង​លើ​នោះ​ដែរ រួច​ហើយ គេ​អារ​សាច់​ក្របី​ដោត ១០០ ច្រនួច ថ្វាយ​អ្នក​តា​មេស អារ​ភ្លៅ ១​ឲ្យ​សុភា​ឆ្វេង យក​ទៅ​ថ្វាយ​អ្នក​តា​ក្រហម​ក អារ​ភ្លៅ ១ ទៀត ឲ្យ​សុភា​ស្ដាំ យក​ទៅ​ថ្វាយ​អ្នក​តា​សព្វ​ស្ថាន ។ 

ឯ​អ្នក​តា​ទួល​ឈ្នាង​មិន​ឮ​និយាយ​ថា​ដូចម្ដេច​ទេ (ប្រហែល​ជា​គេ​លែង​ឡើង​យូរ​ហើយ ដោយ​នៅ​ឆ្ងាយ​ពី​គេ​ពេក) ។ ប៉ុន្តែ មាន​ការ​ប្លែក​ម៉្យាង​ចំពោះ​ក្របី​ដែល​គេ​សម្លាប់​នោះ នៅ​ពេល​រៀប​សម្លាប់ វា​ស្ទុះ​រត់​ពី​កន្លែង​ទៅ គេ​សម្គាល់​ថា អ្នក​តា​មិន​ទទួល ត្រូវ​រក​ទិញ​ក្របី​មួយ​ថ្មី​ទៀត យក​មក​សម្លាប់​ថ្វាយ​វិញ ។

ដល់​មក​សម័យ​លោក​ធម្មាតេជោ ប្លុង គេ​ឈប់​សម្លាប់​ក្របី​ទៅ​ទៀត គេ​ថ្វាយ​ក្របី​ទាំង​រស់ គិត​ពី​នោះ​មក​ដល់​ឥឡូវ​នេះ (១៩៤៤) ប្រហែល​ម្ភៃ​ឆ្នាំ​ហើយ គេ​បែរ​ជា​សម្លាប់​ជ្រូក​ជំនួស​វិញ ។ លុះ​ត​មក​ក្រោយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គេ​ឈប់​ទាំង​សម្លាប់​ជ្រូក​ទៅ​ទៀត គឺ​គេ​យក​តែ​សាច់​ជ្រូក​ដែល​គេ​ទិញ ចំនួន ១០០ ច្រនួច ទៅ​ថ្វាយ​តែ​ម្ដង ។ សម័យ​ខាង​ក្រោយ​មក នៅ​ពេល​ឡើង​អ្នក​តា តែង​មាន​រូប​ស្នឹង​ចូល​ជាន់​ផង ។ គេ​បញ្ជាន់​រូប ឲ្យ​អ្នក​តា​មេស​ចូល​សណ្ឋិត រួច​គេ​នាំ​គ្នា​សួរ​ពី​សុខ​ទុក្ខ​ក្នុង​ស្រុក​គ្រប់​ប្រការ ។ល។ 

ប្រពន្ធ​លោក​តា​ដោក ថាន់ ជា​រូប​សម្នឹង​ដែល​អ្នក​តា​មេស​ចូល​ជាន់ រូប​នោះ​ស៊ី​អ្វី​មិន​បាន​ទេ អ្នក​តា​តម្រូវ​ឲ្យ​ស៊ី​តែ​បាយ​សាប​ជា​ធម្មតា ម៉្លោះ​ហើយ រូប​ស្នឹង​នេះ​ក៏​រីង​រៃ​ទាល់​តែ​ស្លាប់​ទៅ ។ ឯ​កិច្ច​ពិធី​ឡើង​អ្នក​តា​មេស គេ​នៅ​តែ​នាំ​គ្នា​ធ្វើ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ធ្វើ​ដោយ​ខ្សត់​ខ្សោយ​ណាស់ ធ្វើ​សោះ​តែ​ខាន មិន​ជា​អធិក​អធម​ដូច​កាល​ពី​សម័យ​ដែល​នៅ​ថ្កើង​រុង​រឿង​នោះ​ទេ ។ លុះ​អ្នក​តា​មេស​រួច​ហើយ ទើប​គេ​រៀប​ឡើង​អ្នក​តា​ដែល​នៅ​សង្កាត់​នានា ជា​ខាង​ក្រោយ ។ ចំណែក​ពួក​នាម៉ឺន​ដែល​មាន​បណ្ដា​ស័ក្ដិ​ធំ​ៗ មិន​ដែល​ហ៊ាន​ទៅ​ជិត ឬ ដើរ​កាត់​មុខ​អ្នក​តា​មេស​ឡើយ ដោយ​ជឿ​ថា​នឹង​ស្លាប់​ខ្លួន ឬ ខូច​បុណ្យ​សក្ដិ ។

ក្រៅ​អំពី​អ្នក​តា​ដែល​ពោល​ខាង​លើ​នេះ នៅ​មាន​អ្នក​តា​ខ្លះ​ទៀត​ដែល​នៅ​ជិត​ៗ​គ្នា​នោះ​គឺ: អ្នក​តា​ទូង​ស្គរ អ្នក​តា​នាង​ត្រដាច អ្នកតា​សម្ដើង​កែវ អ្នក​តា​ព្រះ​ស្រែ អ្នក​តា​បុះលៀន4 អ្នក​ច្រក​ចំបក់ អ្នក​តា​សូន​យក្ស ។ អ្នក​តា​ទាំង​អម្បាល​នេះ មិន​មាន​រូប​ទេ មាន​តែ​ថ្ម ២-៣ ដុំ​ជា​សម្គាល់ ដែល​ឃើញ​មាន​រូប​ថ្ម​ច្រើន​តែ​ចំពោះ​អ្នក​តា​មេស​ប៉ុណ្ណោះ ។ 

រឿង ដើមរលួសមាស

អ្នកទស្សនា: Views

 


រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។

 ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន​
សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក លុះបាន ៣-៤ ខែ តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មតាវិញ ។ ដោយ​សារ​តែ​ចេះ​ផ្លាស់​ប្ដូរ​ពណ៌​ល្អ​មើល​ប្លែក​ពី​ដើម​ឈើ​ដទៃ ៗ ទៀតដូចនេះហើយ បានជាគេដាំរលួសមាសនេះ នៅពីមុខផ្ទះ ឬក្នុងសួនសាធារណៈផ្សេង ៗ ។


មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះ យ៉ាងកម្សត់ នាំឲ្យអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះមានសេចក្ដីដំណាលថា: មានបុរសម្នាក់ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវកេសី មានកូនស្រីម្នាក់ឈ្មោះនាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សម្រាប់​ត្រួត​ត្រា​លើ​ប្រជា​
រាស្ត្រ​ទូទៅ ។ មានបុរសកម្សត់ម្នាក់ទៀត នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែ ។ ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតិបុត្រប្រុសមួយនៅក្នុងស្រែ ដែល​នាង​កំពុង​ច្រូត​ស្រូវ , អ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នា ក៏ឲ្យឈ្មោះកូននោះថា ចៅកុដុម្ពីក៍កុមារ ។ កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការបាន

 

អាយុ ១៦ ឆ្នាំ ក៏ប្រកបដោយរូបឆោមយ៉ាងឆើត គួរ​ជាទី​ចាប់​អារម្មណ៍​នៃ​ស្រី​ផងទាំងពួង ។ ឯនាងកុលកេសីជាបុត្រីកុល្លីយបុរស ក៏មានសម្រស់គួរចេតនាដែរ ។ ទាំងពីរនាក់ បានលបលួចស្នេហារវាងគ្នានឹងគ្នា រហូត​ទាល់​តែ​ដាច់​ចិត្ត​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក​កំណើត ដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោស ។
ទាំងពីរនាក់ប្ដីប្រពន្ធ ខំដើរផងរត់ផងកាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរឲ្យភ័យខ្លាច ទាំងយប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅ មួយជាជនបទដាច់ស្រយាលឈ្មោះកាសី ។ អ្នក​ស្រុក​កាសី​នេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ, ម្នាក់ ៗ គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ ។ បើគេមើលទៅក្នុងផ្ទះជនទាំ

 

ងនោះ គេឃើញតែកន្សែងយន្ត-មន្ត អាគម បាយសី ពេញល្វែងផ្ទះ ។ ទាំងមេស្រុកនៅស្រុកនោះ ក៏ចូលដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍និងកុលកេសី បានទៅដល់ស្រុកនោះភ្លាម ក៏ត្រូវពួកចោរ ហនេយ្យុំ ចាប់​កុដុម្ពី​ក៍​បាន ប៉ុន្តែ​នាង​កុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅឲ្យមេស្រុក ដើម្បីសុំអង្វរឲ្យមេស្រុកជួយយ៉ាងណាឲ្យពួកចោរដោះលែងប្ដីនាងមកវិញ ។
មេស្រុកបានទៅនិយាយនិងក្រុមចោរដោយសម្អាងថា: ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងឲ្យកុដុម្ពីក៍រួចខ្លួនហើយទាំងពីរនាក់ប្ដីប្រពន្ធ ក៏​បាន​សុំ​លោក​មេ​ស្រុក​និង​ប្រពន្ធ​គាត់​ធ្វើ​ជា​ឪពុក​ម្ដាយ​ធម៌ ។ មេស្រុកនិងប្រពន្ធគាត់ ត្រេកអរណាស់ ព្រោះគាត់គ្មានកូន, បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារនិងជាអ្នកទទួលមត៌កផង។ គាត់ស្រឡាញ់កុដុម្ពីក៍និងនាងកុលកេសី ទុក​ដូច​ជាកូនបង្កើត ។ មិនយូរប៉ុន្មានមេស្រុកនិងភរិយាក៏ស្លាប់ទៅ ។

 

 កុដុម្ពីក៍និងនាងកុលកេសី ក៏ទទួលមត៌កអំពីឪពុកម្ដាយធម៌ បានឡើងជាមេស្រុកជំនួសឪពុកម្ដាយ ។
ចាប់ពីថ្ងៃនោះ កុដុម្ពីក៍និងនាងកុលកេសី បានឡើងជាអ្នកមានស្ដុកស្ដម្ភ ចេញមុខចេញមាត់មានខ្ញុំកំដរស្រីប្រុសបម្រើឆ្វេង-ស្ដាំឥតខ្វះ ទាំងក្រុមចោរដែលធ្លាប់តែរកស៊ីលួចប្លន់ក៏បាក់បបខ្លបខ្លាច,លែង​រកស៊ីលួចប្លន់ដូចមុនទៀត ត្រឡប់មកស៊ីតាមធម្មតាវិញ ។ តមក កុដុម្ពីក៍បាននាមថា:កុលកោដិកុដុម្ពីកសេដ្ឋី មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន ។


កុលកោដិកុដុម្ពីកសេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី បានបុត្រីមួយឈ្មោះនាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន នាង​ក៏​ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ស្រស់​ឆើត​ឆាយ​លើ​ស​កុមា​រិ​កា​ឯ​ទៀត ៗ ក្នុងស្រុក, ហើយនាងមានចិត្តជាទិព្វទៀតផង នាងគិតយ៉ាងណានឹងបានសម្រេចយ៉ាងនោះដូចប្រាថ្នា ។ 

 

លុះនាងកុមារីមានព្រះជន្ម ៧ វស្សា, មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ឈ្មោះនាងកាឡី មានកូនស្រី ២ នាក់ គឺៈ នាងចន្ទី និងនាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។ នាងមេម៉ាយកាឡីនេះមានបងស្រីម្នាក់ទៀតឈ្មោះកាឡីនីយា ។
មេកាឡីជាស្រីមេម៉ាយមានចិត្តសាវានឹកចង់បានប្ដី ដោយបានឮល្បីថា: កុលកោដិកុដុម្ពីសេដ្ឋីមានទ្រព្យច្រើន ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីកសេដ្ឋីព្រមស្នេហាជាមួយ ដោយ​ភ្លេច​នឹក​ដល់​នាង​កុល​កេសី ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍ ជាស្វាមីហើយក៏ច្រណែនឈ្នានីស ចាក់រុករករឿងលើកកំហុសដាក់ទៅលើនាងកុលកេសីប្រពន្ធដើម ថាជាស្រីមានសហាយស្មន្ធអន្ធការផ្សេង ៗ រៀង​រាល់​ថ្ងៃ​មិន​ចេះ​ឈប់​ឈរ​សោះ, ទាល់តែកុលកោដិកុដុម្ពីក៍ជឿតាមសម្ដីរបស់ខ្លួន ។
ថ្ងៃមួយ កុលកោដិកុដុម្ពីក៍ នាំនាងកុលកេសីទៅបង់សំណាញ់ក្នុងទន្លេ កំពុងតែបង់សំណាញ់ ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី និយាយ​តាម​ត្រង់​យ៉ាង​ណា ក៏កុដុម្ពីក៍មិនជឿ ក៏កើតជាជម្លោះក្នុងកណ្ដាលជលសា, ពេលនោះកុដុម្ពីក៍ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ ក៏ទៅកើតជាត្រីដំរី ដោយ​អំណាច​ផលា​និសង្ស​របស់​នាង​កុមារិកា​ជា​កូន​ដែល​នាង​មាន​ចិត្តជាទិព្វ ។
លុះកុលកោដិកុដុម្ពីក៍ត្រឡប់ មកវិញ នាងកុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា ឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះ, តែនាងកុមារិកាក៏នៅសួរជជីករកឫសគល់ថា: ខ្ញុំ​ឃើញ​ច្បាស់​ជា​ម៉ែ​ទៅ​ជា​មួយ​ឪ​ហើយ​ម្ដេច​ក៏​ឪ​ឆ្លើយ​ថា មិនដឹងយ៉ាងនេះ ? ។
នាងកុមារិកាសង្ស័យក៏ដើរទៅកំពង់ ដើម្បីតាមរកមើលមាតា ទៅដល់ក៏ទួញយំរៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ ក៏ងើបក្បាលពីក្នុងទឹកមកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់ហើយ​និយា​យ​ថា: ម្ដាយគ្មានអីស៊ីទេ ម្ដាយឃ្លានណាស់ ចូរកូនរកចំណីឲ្យម្ដាយស៊ីផង ។នាង​កុមារិកាក៏សន្យាថានិងយកកន្ទក់និងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក នាងកុមារិកាបាននាមថ្មីថា “ មរណមាតា ” ។ 

 

មេកាឡី ក្រោយដែលបានដឹងថា: ត្រី​ដំរីនោះ​ជា​មាតា​នាង​មរណ​មាតា​ក៏ឲ្យចន្ទី-ចន្ទនីជាកូន ទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀត, តែដោយហេតុនាងមរណមាតាមានផលានិសង្សច្រើន ក៏បណ្ដាលឲ្យកណ្ដុរសពាំបានស្រកាត្រីដំរីពីរ ទុក​ឲ្យ​នាង​មរណ​មាតា​ដឹង ។ នាងមរណមាតាយកស្រកាត្រីពីរនោះទៅកប់ទុកក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់ ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ 

 

មេ កាឡី​ដឹង​ថា​ដើម​ត្រប់​ជា​មាតា​នាង​មរណ​មាតា ក៏ឲ្យគេយកដើមត្រប់ទាំងឫសទាំងគល់ទៅបុកកម្ទេចចោល, តែពេលនោះមានឆ្មាមួយ បានពាំឫសពីរសរសៃទុកឲ្យនាងមរណមាតា ។ នាង​យក​ឫស​ត្រប់​ពីរ​ទៅដាំ​ក៏​កើត​ជា​ដើម​រលួស​ពី​​រ​ដើម រលួសនេះ ប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៅ ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ ។


នៅថ្ងៃមួយ ព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្រពាតព្រៃ, ពេលថ្ងៃក្ដៅ ព្រះអង្គក៏យាចូលទៅសម្រាកព្រះកាយក្រោមម្លប់ដើមរលួសមួយគូនោះ ។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះ​អង្គ​ទ្រង់
​ត្រាស់​ សួររកម្ចាស់ដើមឈើចម្លែកនេះ ដើម្បីសុំគាស់យកទៅដាំឯក្នុងព្រះរាជវាំង ។ 

 

ស្ដេចទ្រង់យល់រូបឆោមនាងមរណមាតាដ៏ស្រស់បស់ ជាទីគាប់ព្រះទ័យហើយព្រះអង្គក៏ត្រាស់សុំដើមឈើនោះ, នាង​ក៏​ព្រម​ថ្វាយ ។ តែពួកអាមាត្យខំជីកគាស់យ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះ, លុះព្រះអង្គត្រាស់សួរនាងមរណមាតា នាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះ ស្រាប់​តែ​ដើម​រលួស​ផុសពីដីអណ្ដែតឡើងទៅដុះនៅក្នុងផើងមាស របស់ព្រះមហាក្សត្រ នៅឯមុខព្រះមហាប្រាសាទ ។


ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា ឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើង, ឯផ្កានោះឲ្យនាមហៅថា “ ផ្ការលួសមាស ” ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយ​
មាន​ពណ៌​ស្លឹកនោះត្រចះត្រចង់ណាស់ផង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)