រឿងក្រុងឧត្តុង្គ

អ្នកទស្សនា: Views

 

ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ដូចមានចែង ក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ :

ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយ​ក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ 

ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា សេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទី មានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្រ្តីខ្ញុំរាជការ

ទាំងពួង មានហោរ៉ាធិបតី ជាដើមថា "យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?"។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា "ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាម ក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស"។

ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ ទ្រង់ហត់ ហើយសេ្តចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧកញ៉ាក្រឡាហោមកែវ ក៏បង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្តារាស្រ្ត កាប់ដើមឈើ មកធ្វើជាព្រះ រាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគឿ្រងសំភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឲ្យចាប់ផ្តើមចាត់ការលើកដីធ្វើ​ជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជរោង​ប្រមាណ១០ខែទើបរួចស្រេច ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ការ។

លុះទ្រង់ជ្រាបហើយ ព្រះបាទសមេ្តចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង សេ្តចចាកចេញពីព្រះបរមរាជវាំងល្វាឯម ទ្រង់ ឡើងគង់ព្រះទីនាំងនាវា ធ្វើព្រះរាជដំណើរតាមទនេ្លសាបមួយអន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ ព្រះរាជា ស្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការ គ្រប់ក្រុមរាជាបរិពារ ដល់កំពង់តាដុងយាយជ័យ ប្រថាប់ នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឲ្យរៀប ចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថៃ្ង ចូលព្រះរាជពិធី នៅថៃ្ង៥កើតខែផល្គុន ឆ្នាំវក ទោស័ក ព.ស ២១៦៤

 គ.ស ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រំការ សេនាធិបតី មន្រ្តីខ្ញុំរាជការ ជាបរិពារហែសេ្តចឡើងកំពង់ហ្លួង ចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធ ព្រះនគរ៣ថៃ្ង ដោយមានលែ្បងមហោស្រព គ្រប់បែបជាឧឡារឹក អធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា "ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន" ដែលហៅខ្លីថា "ក្រុងឧត្តុង្គមានជ័យ"។ចប់

រឿង បុរសដណ្ដឹងប្រពន្ធ

អ្នកទស្សនា: Views

 

រឿង បុរសដណ្ដឹងប្រពន្ធ

កាលពីព្រេងនាយ៖ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្ដឹង​កូន​គេ​ម្នាក់ ។ ម្ដាយ​ឪពុក​គេ​ថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ 

បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ 

បុរស​នោះ ខឹង​ណាស់​ទៅ​ប្ដឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្ដាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្ដី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ 

ឯ​ចៅ​នោះ ឮ​ចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្ដើរ​យំ​បណ្ដើរ ទៅ​ប្រទះ​នឹង​សុភា​ទន្សាយ ៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ 

បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភា​ទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ » ។ សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។ 

អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​ហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់​សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។ 

ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។ សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្ដី​លោក» ។

 ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។ ឯ​ចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉េ្លះ ? » ។ សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្ដៅ​ដល់, ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្ដេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។

 សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្ដី​ឲ្យ​បុរស​នោះ​ឈ្នះ ឲ្យ​បាន​ប្រពន្ធ​បុរស​នោះ ៕ (ចេះឯងង ឲ្យឲ្យក្រែងចេះគេ)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ដារ៉ា

រឿងក្រពើរមិលគុណ

អ្នកទស្សនា: Views


រឿងក្រពើរមិលគុណ
មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ 

បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វារ​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​

នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា "ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង" ក្រពើ​នោះ​ថា "មាន​គុណ​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន" ។

ឯ​បុរស​ថា "ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង" ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ ។ 

ក្រពើ​ក្រាប​បង្គំ​ថា "ខ្ញុំ ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​ខាំ​បុរស​នេះ​ឆី" ។

 បុរស​ក្រាប​បង្គំ​ថា "ក្រពើ ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វា​រ​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង​ហើយ ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​

បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ" ។

ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា "ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ" ទើប​ព្រះ​អង្គ​កាត់​ថា "បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង​ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន​ហើយ សឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែង" ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​

ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា "ព្រះស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ" ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ​បុរស​នោះ​ចូល​ចិត្ត​ហោង ។

រឿងក្មេងកំព្រា

អ្នកទស្សនា: Views

កាល​ពី​ព្រេង​នាយ មាន​បុរស​ឣ្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុចយក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។

 ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយនឹង​កូន​ទាំង​ពីរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុចដដែល ។ វេលា​ដែល​បុរស​នោះ ទៅ​ព្រៃរក​វល្លិ៍​ផ្តៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ, ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ ។ 

ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្តី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ៍​ផ្តៅ​ធ្វើ​ជុច​ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា «ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង» ។ 

ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​​ ឪពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ៍​ផ្តៅ​បាន​ហើយ យក​មក​ពុះ​ច្រៀក​ជា​ចម្រៀកតូចៗ ល្មម​នឹង​ធ្វើ​ជា​សរ​សៃ​ជុច គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ ។ 

កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វៗ​ថ្ងៃ មិន​ដឹង​ថា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះសោះ ​គ្រាន់​តែ​បាន​ឃើញ​ជុច​ជាប់​ត្រី​ប៉ុណ្ណោះ ។ 

ឯ​កូន​ប្អូន​ដែល​ទើប​តែ​នឹង​បាន​តាម​ទៅ​ក្នុង​ថ្ងៃ​នោះ ក៏​ខំ​ពិនិត្យមើល​ឪពុក​ធ្វើ​ជុច ចាប់​តាំង​ពី​កាន់​កាំបិត​យក​ទៅ​កាប់​វល្លិ៍​ផ្តៅ រហូត​ដល់​កើត​ជា​រាង​ជុច យក​ទៅ​ដាក់​ត្រី ជាប់​បាន​ត្រី​ហើយ យក​ត្រី​មក​ដុត​មក​អាំង ចម្អិន​ជា​ចំណី​អាហារ ។

 ជួន​ជា​ថ្ងៃ​មួយ​នោះ ឪពុក​ភ្លេច​មិន​បាន​យក​ដែក​ភ្លើង​ទៅ គ្មាន​អ្វី​នឹង​បង្កាត់​ភ្លើងអាំង​ត្រី​ឲ្យ​កូន​បរិភោគ ក៏​ទៅ​កាប់​ឫស្សី​ស្ងួត​មួយ​កំណាត់ យក​មក​កូត​នឹង​គ្នា​ឲ្យ​ទាល់​តែ​ក្តៅ កើត​ជា​ភ្លើង​ឆេះ​បាន ហើយ​គាត់​បង្កាត់​អាំង​ត្រី ឲ្យ​កូន​ទាំង​ពីរ​នាក់​បរិភោគ​ចម្អែត​ផ្ទៃ​មួយ​ពេល​ទៅ ។ 

ចំណេរ​ចេរ​កាល​មក​ខាង​ក្រោយ ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ ស្លាប់​ទៅ ។ កូន​ទាំង​ពីរ​នៅ​កំព្រា​រញង់ ឥត​មេ​បា​នឹង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា រស់​នៅ​ដោយ​ទ្រព្យ​បន្តិច​បន្តួច​ដែល​សល់​ពី​ឪពុក មិន​យូរ​ថ្ងៃ​ខែ​ប៉ុន្មាន​ក៏​អស់​ទ្រព្យ​នោះ​ទៅ ទើប​ប្អូន​និយាយ​នឹង​បង​ថា «ឱបង​អើយ! កាល​ពី​ដើម​យើង​បាន​ឪពុក​ទំនុក​បម្រុង រក​ស៊ី​ចិញ្ចឹម​យើង​ទាំង​ពីរ​នាក់​យើង​ឥត​មាន​សេចក្តី​ព្រួយ​លំបាក​អ្វី​ឡើយ ចាំ​តែ​បរិភោគ​ស្រាប់ៗ

 ឥឡូវ​នេះ​ឪពុក​យើង​ស្លាប់​ចោល​ទៅ​ហើយ ឯ​យើង​ទាំង​ពីរ​នាក់​សោត​ទៀត ក៏​មិន​ទាន់​ពេញ​កម្លាំង​ល្មម​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ទាំង​បង​ក៏​នៅ​តូច ទាំង​ខ្ញុំ​ក៏​នៅ​តូច​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​អ្នក​ជិត​ខាង ក្រែង​គេ​មិន​ព្រម​ទទួល ពី​ព្រោះ​យើង​ជា​មនុស្ស​កំព្រា​អនាថារក​ទី​ពឹង​

គ្មាន គេ​មិន​ហ៊ាន​ឲ្យ​នៅ​ជា​មួយ គេ​មិន​ទុក​ចិត្ត​យើង ហេតុ​តែ​យើង​គ្មាន​មេបា​ថែរក្សា បើ​ដូច្នេះ តើ​បង​គិត​យ៉ាង​ណា ឲ្យ​បាន​រស់​នៅ​ជា​មួយ​នឹង​គេ​ឯង បង! 

អង្ករ​យើង ថ្ងៃ​នេះ​នៅ​តែ ១ ទូក​ដៃ ល្មម​តែ​ល្ងាច​នេះ, ថ្ងៃ​ស្អែក​គ្មាន​អង្ករ​ដាំ​បាយ​បរិភោគ​ទេ, បង! ដើរ​សុំ​ទាន​គេ​ឬ​ដូច​ម្តេច​ហ៎ះ! ខ្ញុំ​មិន​ទៅ​សុំ​ទេ​ខ្មាស​គេ​ណាស់ ស៊ូ​តែ​ពី​ស្លាប់» ។ បង​សួរ​ប្អូន «ម្តេច​ក៏​អូន​ថា​យ៉ាង​នេះ?» ។ 

ប្អូន​ឆ្លើយ​តប​ទៅ​នឹង​បង​ថា «ខ្ញុំ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារ​យាទ ដូច​អ្នក​ទាំង​ពួង​ដែរ» ។ «ឱ! ប្អូន​ឯង​គិត​យ៉ាង​ហ្នឹង? ពិត​មែន​តែ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារ​យាទ​ដូច​ឣ្នក​ទាំង​ពួង​មែន​ហើយ តែ​ខ្លួន​យើង​នៅ​តូច​ណាស់ មិន​អាច​នឹង​ពុន​រែក កាប់​គាស់ លី​សែង​អ្វី​បាន​ឡើយ » ។ 

«ឱ! បង​អើយ សត្វ​ចាប​វា​ដែល​ទៅ​ពុន​រែក​ លី សែង​ឯណា​ដែរ​ឬ? ម្តេច​ក៏​វា​ចិញ្ចឹម​កូន​វា​រស់ ហើយ​កូន​វា​ទៀត ធំ​ឡើង​រក​ស៊ី​ដូច​មេ​វា​ទៀត​បាន, ចុះម្តេច​ក៏​បងមិន​គិត​ដល់​ការ​ងារ​របស់​ឪពុក​យើង​ផង ?» ។

 «ប្អូន! លាក់​បាំង​អី្វ! កាល​ពី​ខ្មោច​ឪ​យើង​នៅ​រស់​នៅ​ឡើយ គាត់​រក​ស៊ី​ចិញ្ចឹម​យើង​តែ​នឹង​ដាក់​ជុច ប៉ុន្តែ​បង​មិន​ដឹង​ថា​គាត់​ធ្វើ​ជុច យក​ទៅ​ដាក់​ត្រី​យ៉ាង​ណា​ទេ បង​ចាំ​តែ​ឆ្អិន​តែ​ប៉ុណ្ណោះ ។ 

ម្យ៉ាង​ទៀត​កាល​គាត់​យក​របស់​អ្វី​មក​ធ្វើជុច ក៏​បង​មិន​ចាំ ហើយ​គាត់​ធ្វើ​ជុច​នោះ​មាន​សណ្ឋាន​បែប​ណា ក៏​បង​មិន​ដឹង​ទាំងអស់, បើ​ដូច្នោះ ឲ្យ​បង​ធ្វើ​ដូច​ម្តេច​កើត ឃើញ​តែ​ការ​សុំ​​​ទាន​រក​ស៊ី​ឈ្នួល​គេ​ហ្នឹង​ហើយ ដូច​ជា​ស្រួល​គ្រាន់​បើ ប្អូន! ណ្ហើយ​ចុះ! កាត់​កេរ្តិ៍​ខ្មាស​សិន​ទៅ​ចុះ ទម្រាំ​យើង​ធំ​ល្ម​មរក​ស៊ី​ខ្លួន​ឯង​បាន! ។

 «ទេ!​បង ខ្ញុំ​មិន​ទៅ​សុំទាន​ឬ​ស៊ី​ឈ្នួល​គេ​ទេ ខ្មាស​គេ​ណាស់ ពី​ព្រោះ​ពូជ​យើង​មិន​ដែល​សុំ​ទាន ឬ​ស៊ី​ឈ្នួល​គេ​បើ​ទុក​ជា​ពី​ជីតា​ទួត​លួត​លា​មក ធ្លាប់​សុំ​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ​ដូច​ជា​សត្វ​តិរិច្ឆាន​ក៏​ដោយ ក៏ខ្ញុំ​មិន​ព្រម​ប្រព្រឹត្ត​តាម​បវេណី​វង្ស​ត្រកូល​នោះ​ដែរ, នែ​បង! ប្អូន​គិត​

ឃើញ​ថា «កាល​បើ​មាន​អ្នក​សម្បុរស​ចិត្ត​ល្អ ដាក់​ទាន​ឲ្យ​យើង ឬ ក៏​បាន​ទៅ​ជ្រក​កោន​នឹង​ចៅ​ហ្វាយ​នាយល្អ យើង​ក៏​បាន​ស្រួល​បន្តិច​ទៅ, តែ​បើ​ប្រទះ​ពារ​ទៅ​លើ​អ្នក​ចិត្ត​តក់​ម៉ក់​អាក្រក់​សំឡក់​ភ្លែក​ត្លែ ដូច​ភ្នែក​មៀម គំហក​គំរាម​យើង​ដូច​សត្វ​តិរិច្ឆាន តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា? 

ម្យ៉ាង​ទៀត អ្នក​ចិត្ត​ល្អ​ក្តី អ្នក​ចិត្ត​អាក្រក់​ក្តី កាល​គេ​ហុច​របស់​មក​ឲ្យ​យើង​ដោយ​ដៃ​គេ យើង​យក​ដៃ​ទៅ​ទទួល​ទាន​គេ ចុះ​ដៃ​ជា​ដៃ ជើង​ជា​ជើង​មាត់​ជា​មាត់ ដូច​គ្នា​ទាំង​អស់ ម្តេច​ក៏​ដៃ​គេ​គ្មាន​សំពះ​សុំ​អ្នក​ណា? 

មាត់​គេ​មិន​ហា​រនិយាយ​សុំ​អ្នកណា? អន់​អ្វី​តែ​ដៃ​ជើង​មាត់​យើង​ជាង​គេ​ម្ល៉េះ ? បង​គិត​មើល​ចុះ​ ប្អូន​ថា​ប៉ុណ្ណេះ​ខុស​ឬ​ត្រូវ?» ។ 

«​បើ​ដូច្នោះ ប្អូន​ចេះ​ចាំ​ការ​ងារ​របស់​ឪពុក​យើង​ដែរ​ឬ? »បង​សួរ​ទៅ​ប្អូន​វិញ ។ 

«អើ! មិន​ឣីទេ​បង! ប្អូន​ចាំទាំង​អស់, បង​កុំ​ព្រួយ​! កុំ​គិត​ទៅ​សុំ​ទាន​ ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ វា​ថោក​ខ្លួន​ណាស់ យើង​នេះ​មិន​មែន​ជា​សត្វ​តិរិច្ឆាន គេ​វាយ​ឯ​កើត​វាយ​ឯលិច​ដូច​សុនខពេក​ទេ ឪពុក​គាត់​ទុក​កាំ​បិត​

ព្រា​ឲ្យ​មួយ​ដែរ​តើ! យើង​ទៅ​ព្រួយ​ឣ្វី សព្វ​បើ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ប៉ុណ្ណឹង ។ «អើ! បើ​យ៉ាង​ហ្នឹង ប្អូន​គិត​ការ​ងារ​ឪពុក​ទៅ​ចុះ ។ 

ឯប្អូន​ជា​ក្មេង​មាន​ប្រាជ្ញា ក៏​ប្រារព្ធ​ធ្វើ​ជុច​កើត យក​ទៅ​ដាក់​ត្រីបាន​ដូច​បំណង ។ 

លុះ​ថ្ងៃ​ក្រោយ​​កន្លង​មក​ទៀត ប្អូន​អង្គុយ​គិត​តែ​ម្នាក់​ឯង មិន​ចេញ​វា​ចា​ប្រាប់​បង​សោះ​ថា «ឪពុក​អញ គាត់​ចេះ​ធ្វើ​ជុច​ដាក់​ត្រី​ប៉ុណ្ណោះ ឯសត្វ​ឯទៀតៗ គាត់​ដាក់​ជុច​មិន​បាន​ឃើញ​ថា ប្រាជ្ញា​គាត់​នៅ​ខ្សោយ​ណាស់, បើ​ដូច្នោះ អញ​រក​ឧបាយ​នឹង​ធ្វើ​ជុច​ដាក់​សត្វ​ម្រឹគ មាន​សត្វ​ជ្រូក​ព្រៃ ឈ្លូស រមាំង​ជា​ដើម ។

 លុះ​គិត​ឃើញ​ដូច្នោះ​ហើយ ក៏​និយាយ​ប្រាប់​បង «បង! យើង​គិត​ទៅ​រក​ដាក់​ជុច​ឯព្រៃ​វិញ ក្រែង​បាន​ជាប់​ជ្រូក​ព្រៃ ឈ្លូស រមាំង ជា​សត្វ​ធំ ៗ មាន​សាច់​ច្រើន» ។ 

បង​ក៏​សុខ​ចិត្ត​តាម​ប្អូន​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា ប្អូន​ចេះ​ចាំ​កិច្ច​ការ​របស់​ឪពុក​ពិត​ប្រាកដ​មែន, ហើយ​ក៏​បណ្តើរ​គ្នា​ពីរ​នាក់​បង​ប្អូន ចូល​ទៅ​ក្នុង​ព្រៃ​ស្រោង​ជា​ទី​រហោស្ថាន ។ 

ទៅ​ដល់​ពាក់​កណ្តាល​ព្រៃ បង​ស្រេក​ទឹក​យ៉ាង​ខ្លាំង ក៏​និយាយ​ប្រាប់​ប្អូន​ថា «ប្អូន! បង​ស្រេក​ទឹក​ណាស់! រក​ទឹក​ឯណា​ផឹក​បាន?» ។ 

ប្អូន​ឆ្លើយ​ថា «កាល​ឪពុក​យើង​នៅរស់​ បើ​ដើរ​ទៅ​ទី​ណា​ដែល​គ្មាន​ទឹក គាត់​តែង​ជី​កដី​ត្រង់​កន្លែង​ណា​សើមៗ យូរៗ​ទៅ ចេញ​ទឹក​បាន, បើ​ដូច្នេះ បង​ជីក​ល​មើល!» ។ «ជីក​ឯណា​កើត បើ​អស់​កម្លាំង​យ៉ាង​នេះ» ។ 

«អើ! បើ​ដូច្នោះ ចាំ​ដើរ​ទៅ​ខាង​មុខ​បន្តិច​សិន ក្រែង​ជួប​ប្រទះ​ទឹក» ។ ដើរ​បាន​បន្តិច​ទៅ ក៏​ជួប​ប្រទះ​ត្រពាំង​មួយ​មាន​ទឹក​ថ្លា ពាស​ពេញ​ដោយ​ផ្កា​ឈូក​ផ្លែ​ឈូក បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​នាំ​គ្នា​ងូត​ទឹក​ ផឹក​ទឹក បេះ​ផ្លែ​ឈូក​ស៊ី​តាម​សប្បាយ​ហើយ​ក៏ទៅ​សម្រាន​នៅ​ក្បែរ​មាត់​ត្រពាំង​នោះ​ មួយ​ស្របក់ ។ 

លុះ​មាន​កម្លាំង​ល្ម​មនឹង​ដើរ​ទៅ​ទៀត​បាន ក៏​នាំ​បង​ប្អូន​ដើរ​ទៅ ទៅ​ដល់​ព្រៃ​ធំ​មួយ ឈ្មោះ​ព្រៃ​ហេមពាន្ត មិន​ដែល​មាន​មនុស្ស​ណា​ទៅ​ដល់​សោះ បាន​ឃើញ​ពួក​សត្វ​ម្រឹគ​ជា​ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ ប្អូន​និយាយ​នឹង​បង​ថា «បង!

 យើង​ឈប់​នៅ​ក្នុង​ព្រៃ​នេះ​ហើយ មើល​ទៅ​ព្រៃ​នេះ​សម្បូណ៌​សត្វ​ម្រឹគី​ម្រឹគា​ណាស់, យើង​គិត​ធ្វើ​ជា​ធ្នោះ​មួយ​នៅ​លើ​ចុង​ឈើ ហើយ​ខ្ញុំ​ទៅរក​ផ្តៅ​មក​ធ្វើ​ជុច​ដាក់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ជា​ចំណី​អាហារ» ។

 ប្អូន​ធ្វើ​ហើយ ឲ្យ​បង​នៅ​អាស្រ័យ​លើធ្នោះនោះ​ទៅ ខ្លួន​ទៅ​រក​បោច​ផ្តៅ យក​មក​ធ្វើ​ជុច​ដាក់​សត្វ​ព្រៃ រៀប​ធ្វើ​ជា​ចំណារ​ចារ​ជុំ​វិញ​ព្រៃ ហើយ​ទុក​តែ​ផ្លូវ​១ ល្មម​សត្វ​នោះ​ដើរ​ចូល​បាន ដូច​ជា​ធ្វើ​កន្លែង​ដាក់​ត្រី​ដែរ ។ 

ពេល​នោះ មាន​ជ្រូក​ព្រៃ​មួយ​ដើរ​សំដៅ​ពី​នាយ​មក ហាក់​ដូច​ជា​គ្មាន​កោត​ក្រែង​ដល់​អ្វី​សោះ ដើរ​មក​តាម​ចន្លោះ​ផ្លូវ​ដែល​កុមារ​នោះ​ចារ ទៅ​ដល់​ត្រង់​កន្លែង​ដាក់​ជុច ក៏​ស្រាប់​តែ​ជាប់​ក្នុង​ជុច​កុមារ។

 ជ្រូក​នោះ​ខំ​បម្រះ​ននៀល​រើ​យ៉ាង​ណា​ក៏​មិន​រួច ជុច​រឹត​រួត​ជ្រូក​ព្រៃ​នោះ​យ៉ាង​តឹង ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ។ មិន​យូរ​ប៉ុន្មាន​ជ្រូក​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ 

កុមារ​ទាំង​ពីរ ឃើញ​ជ្រូក​ព្រៃ​ជាប់​ជុច​ស្លាប់​ដូច្នោះ​ហើយ ក៏​ត្រេក​អរ​ពេក​ណាស់ នាំ​គ្នា​ដោះ​អូស​ចេញ​ពី​ជុច គិត​យក​មក​អាំង​ឆ្អើរ ធ្វើ​ជា​អាហារ​បរិភោគ ។ 

ជូន​ជា​វេលា​នោះ ដែក​ភ្លើង​ដែល​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​បង ក៏​អស់​ប្រឆេះ​រលីង គ្មាន​អ្វី​ធ្វើ​ភ្លើង​នឹង​បង្កាត់​អាំង​ឆ្អើរ​ជ្រូក, បង​ទាល់​គំនិត មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា ។ 

ឯប្អូន​ជា​ក្មេង​មាន​គំនិត បាន​ដឹង​ជាក់​ប្រាកដ​ពី​កាល​ឪពុក​នៅ នាំ​ទៅ​ព្រៃ បើ​គ្មាន​ភ្លើង​បង្កាត់​ចម្អិន​អ្វីៗ គាត់​តែង​ទៅ​កាប់​ឫស្សី​ស្ងួត​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង ដុត​អាំង​បាន​តាម​ប្រាថ្នា ហើយ​បាន​ចាំ​ទុក​ក្នុង​ចិត្ត​រួច​ស្រេច ។ 

វេលា​នោះ ប្អូន​និយាយ​ប្រាប់​បង​ថា «កាល​ពី​ឪពុកយើង​គាត់​នៅ បើ​គាត់​ទៅ​ព្រៃ​គ្មាន​ភ្លើង​ដុត​អាំង​អ្វីៗ គាត់កាប់​ឫស្សី​ស្ងួតយក​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង​បាន, បើ​ដូច្នោះ បង​នៅ​ចាំ​សត្វ​ក្នុង​ទី​នេះ​ចុះ ខ្ញុំ​ទៅ​រក​កាប់​ឫស្សី​ស្ងួត​យក​មក​កួត​ធ្វើ​ភ្លើង​អាំង» ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​ទៅ​រក​កាប់​ឫស្សី​បាន​យក​មក ធ្វើ​តាម​តម្រា​ឪ​ពុក​កើត​មែន អាំង​ឆ្អើរ​ជ្រូក​នោះ​ទៅ​តាម​បំណង ឆ្អិន​បាន​បរិភោគ​ក្នុង​វេលា​នោះ​ទៅ ។

 កុមារ​ទាំង​ពីរ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ​អស់​កាល​ជា​យូរ​បាន​សេចក្តី​សុខ​ សប្បាយ រក​ស៊ី​តែ​នឹង​ដាក់​ជុច​សត្វ​ព្រៃ​ប៉ុណ្ណោះ ។ ពួក​សត្វ​ដែល​ដើរ​មក​ជាប់​ជុច​កុមារ​ទាំង​ពីរ​នោះ តាំង​តែ​ពី​សត្វ​ជ្រូក​ព្រៃ រមាំង​ ឈ្លូស រហូត​ដល់​ដំរី ។ 

រាត្រី​មួយ កុមារ​ប្អូន​បាន​ឃើញ​ដំរី​ស្ត​មួយ​យ៉ាង​ធំ ដើរក្បែរធ្នោះនោះ ក៏​មាន​បំណង​ចង់​ស៊ី​សាច់​ដំរី ទើប​និយាយ​ប្រាប់​បង​ថា «​ខ្ញុំ​ចង់​ស៊ី​សាច់​ដំរី​ណាស់ ត្បិត​មាន​ដំរី​ស្ត​មួយ​យ៉ាង​ធំ​ធាត់ ដើរ​មក​ក្បែរ​ធ្នោះយើង​រាល់​រាត្រី ខ្ញុំ​គិត​ដាក់​ជុច​យក​ដំរី​នេះ​ឲ្យ​បាន» ។ 

បង​និយាយ​ឃាត់​ថា «ណ្ហើយ​ប្អូន កុំ!​ដំរី​នេះ​ធំ​ណាស់ ប្អូន​ដាក់​វា​មិន​ជាប់​ទេ ឬ​ថា ប្រសិន​ជា​វា​ដើរ​មក​ជាប់​ជុច​ប្អូន​ហើយ វា​បម្រះ​ត្រដរ​រួច​ទៅ​នោះ វា​ខឹង, កាល​បើ​វា​ខឹង​ហើយ ថ្ងៃ​ក្រោយ​វា​មក​ព្រេច​ធ្នោះយើង, ល្អិត​ល្អោច​ខ្ទេច​ខ្ទី ហើយ​វា​ជាន់​សម្លាប់យើង ស៊ី​ជា​ចំណី​អាហារ ពុំ​លែង​ឡើយ» ។ 

«ទេ មិន​អី​ទេ​បង កុំ​ព្រួយ! នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​ចុះ ចាំ​មើល​ខ្ញុំ​ធ្វើ​ជុច​ដាក់​ដំរី​នេះ​ឲ្យ​ទាល់​តែ​បាន » ។ ប្អូន​ថា​ដូច្នោះ​ហើយ ក៏​រក​កាប់​ផ្តៅ​ក្រែក​យ៉ាង​ធំៗ យក​មក​រែង​ធ្វើ​ជុច ដាក់​ត្រង់​កន្លែង​ដែល​ដំរី​គោចរ ។ 

ឯដំរី​ដែល​ដើរ​មក​សព្វ​រាត្រី ឥត​មាន​គិត​ក្រែង​អ្វី​សោះ​ឡើយ ដោយ​គិត​ថា «ព្រៃ​នេះ ស្រេច​លើ​អញ​ហើយ គ្មាន​អ្នក​ណា​ជា​ចម្បង​លើ​អញ​ទៀត​ទេ» ក៏​ដើរ​តម្រង់​ត្រង់​មក​កន្លែង​ដែល​កុមារ​ដាក់​ជុច​ ស្រាប់​តែ​ចូល​ទៅ​ក្នុង​ជុច ជាប់​ខ្លួន​ចង្អៀត​ណែន​ក្តន់ ខំបម្រះ​ននៀល​ស្រែក​រោទិ៍​រំពង​ព្រៃ​ធំ​យ៉ាង​ណា ក៏​មិន​រួច, មិន​យូរ​ប៉ុន្មាន​ដាច់​ខ្យល់​ស្លាប់​ទៅ ។

 កុមារ​ទាំង​ពីរ​នាក់ បាន​ឃើញ​ដំរី​ជាប់​ជុច​ស្លាប់​ហើយ បបូល​បង​ប្អូន​បំពក់​ភ្លើង​ភ្នក់​យ៉ាង​ធំ ដុត​ឆ្អើរ​ដំរី ។ វេលា​នោះ ក្លិន​​ឈ្ងុយ​សាច់​ដំរី ក៏​ផ្សាយ​រហូត​ភព​ជា​ទី​អាស្រ័យ​នៃ​យក្ស ដែល​មាន​អំណាច​គ្រប​សង្កត់​ពួក​យក្ស​ឯទៀតៗ ។

 យក្ស​នោះ​លាន់​មាត់​ថា ថ្ងៃ​នេះ​ធុំ​ក្លិន​អ្វី ក៏​ឈ្ងុយ​ឈ្ងប់​ម្ល៉េះ? មាន​អ្នក​ណា​ឆ្អើរ​សាច់​ឯណា​អេះ? បើ​ដូច្នេះ អញ​នឹង​ទៅ​រក​មើល ក្រែង​បាន​មួយ​ចម្អែត ពី​ព្រោះ​សាច់​នេះ​ក្លិន​ឆ្ងាញ់​ណាស់ ហើយ​ដោយ​ស្មាន​ទៅ​ប្រហែល​ជា​ច្រើន​ផង

 បាន​ជា​ធុំ​ក្លិន​ផ្សាយ​មក​ដល់​ទី​អញ​យ៉ាង​នេះ​អញ​ទៅ​គំរាម​យក​ស៊ី​ទាំង​អស់ កុំ​ឲ្យ​អ្នក​ឆ្អើរ​​នោះ​វា​បាន​ស៊ី » គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​ដំបង​ពេជ្រ គ្រវី​ហោះ​ឡើង​លើ​អាកាស​វេហាស៍ ងាក​មើល​ចុះ​ឡើង ឃើញ​ផ្សែង​ហុយៗ

 ត្រង់​ព្រៃ​ធំ ក៏​ហោះ​ចុះ​សំដៅ​ទៅ​ត្រង់​កន្លែង​ផ្សែង​នោះ ក្រឡេក​មើល​ទៅ​ឃើញ​ក្មេង​តូច​ពីរ​នាក់​កំពុង​ឆ្អើរ​ដំរី, គិត​ថា​«ថ្ងៃ​នេះ ពេញ​ជា​មហា​លាភ​ហើយ បាន​ទាំង​ចំណី បាន​ទាំង​ម្ចាស់​, បើ​ដូច្នេះ តើ​អញ​នឹង​ស៊ី​ដំរី​មុន ឬ​ស៊ី​ក្មេង​មុន​អេះ? បើ​ស៊ី​ដំរី​មុន ក្រែង​ក្មេង​នេះ​វា​ភ័យ​នឹង​អញ រត់​ពួន​បាត់​ទៅ ឥឡូវ​នឹង​ស៊ី​ក្មេង គ្មាន​អ្វី​គ្រាន់​ធ្វើ​ជា​បង្អែម សម្រាប់​លាង​មាត់​ខាង​ក្រោយ» ។​ 

នៅ​ទី​បំផុត​នោះ យក្ស​សម្រេច​ចិត្ត​ថា​«ណ្ហើយ! អញ​ស៊ី​ដំរី​មុន​ចុះ ទុក​ក្មេង​ស៊ី​ក្រោយ​ជា​បង្អែម​វិញ ទើប​ជ្រះមាត់​ស្រួល, ក្មេង​នេះ វា​មិន​មែន​រត់​ពួន​ទៅ​ឯណា​ឡើយ ទុក​ជា​វា​រត់​ពួន​កន្លែង​ណា​ក៏​មិន​កំបាំង​នឹង​ភ្នែក​អញ​ដែរ, 

វា​មក​ពី​ស្រុក​ភូមិ​របស់​មនុស្ស​លោក ចូល​មក​ដល់​ព្រៃ​នេះ​ម្ល៉េះ​ហើយ វា​រត់​ទៅ​ណា​នឹង​រួច» ទើប​យក្ស​ចូល​ទៅ​គម្រាម​កុមារ​ដែល​កំពុង​ឆ្អើរ​ដំរី​នោះ​ថា « វ៉ី​អាក្មេង​ច្រមក់! អាឯង​មក​ពី​ណា? ដើរ​ចេញ​ឲ្យ​ឆាប់» ។ កុមារ​ទាំង​ពីរ​ដើរ​ចេញ​ពី​ទី​នោះ​ទៅ ។

 ប៉ុន្តែ កុមារ​បង​មាន​សេចក្តី​ភិត​ភ័យ​តក្កមា ព្រោះ​ខ្លួន​ស្គាល់​ច្បាស់​ជា​យក្ស​ហើយ បាន​ដឹង​ប្រាកដ​អំពី​សំណាក់​ចាស់ៗ គេ​និយាយ​ប្រាប់​ថា «យក្ស​ខ្លួន​ធំ មាន​ចង្កូម​ពីរ សម្រាប់​ស៊ី​មនុស្ស​លោក​» តែ​មិន​ចេញ​វា​ចា​ប្រាប់​ប្អូន​ឡើយ ។

 ចំណែក​ខាង​កុមារ​ប្អូន​គិត​ថា «មនុស្ស​នេះ​មក​ពី​ណា រូប​រាង​ធំ​គម្រាំង ធ្មេញ​ធំៗ សស្ងាច​ប៉ុនៗ​ចប​កាប់ ភ្នែក​ឡើង​ក្រឡោតៗ ក្រហម​ត្លែ ដូច​ភ្នែក​អាអូត ស្បែក​មុខ​ឡើង​គគ្រីត​គគ្រាត ដូច​ស្បែក​គីង្គក់ ដង​ខ្លួន​ដូច​ក្របី​ដេក​ភក់ សំឡេង​ឮ​គ្រក់ៗ ដូច​ជា​ទឹក​ដក់​ក្នុង​រន្ធ​ឈើ ដុះ​ពុក​មាត់ ពុក​ចង្កា​

ស្រមេម​ស្រមាម ដូចបិ​សាច​រាជ​ភូត, អានេះ​ប្រហែល​ជា​មិន​ខ្លាច​កោត​ញញើត​ចិត្ត​អញ​ទេ បាន​ជា​ហ៊ាន​មក​និយាយ​កំហែង​អញ​ដូច្នេះ, មិន​អី​ទេ! អាឯង​ព្រហើន​ហ៊ាន​ស៊ី​ដំរី» ។

 កុមារ​ប្អូន​ថយ​ចេញ​ពី​កន្លែង​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន ទៅ​ឈរ​មើល​យក្ស​ស៊ី​ដំរី តែ​ក្នុងចិត្ត​នឹក​ខ្នាញ់​ពេក​ណាស់ មិន​ទាន់​ចេញ​ស្តី ថា​ដូច​ម្តេចៗ​ឡើយ គ្រាន់​តែ​នឹក​ក្នុង​ពោះ​ប៉ុណ្ណោះ ។ 

ពេល​នោះ​យក្ស​សួរ​ថា «នែ​អាក្មេងតូច! អា​ឯង​ធ្វើ​ដូច​ម្តេច បាន​ជា​បាន​ដំរី​នេះ​យក​មក​ឆ្អើរ?» ។ ពេល​នោះ​កុមារ​តូច​បាន​ឱកាស ក៏​ឆ្លើយ​តប​ទៅ​យក្ស​វិញ​ថា «ពូឯង​សួរ​ចង់​ដឹង​ធ្វើអ្វី? គិត​តែ​បរិភោគ​ទៅ​ចុះ! កុំ​ចាំ​បាច់​ចង់ដឹង​ហេតុការណ៍​អ្វី​ឡើយ» ។

 «យើ! អាច្រមក់! ប្រាប់​ឲ្យ​ឆាប់ៗ អញ​ស៊ី​អាឯង​ឥឡូវ​នេះ​ហើយ» យក្ស​សួរ​គំរាម​កុមារ​តូច ។ «អើ! ដំរី​នេះ វា​ដើរ​មក​ជាប់​ជុច​ខ្ញុំ» កុមារ​ឆ្លើយ​តប​នឹង​យក្ស ។ 

«យីអើ! អា​ឯង​ធ្វើ​ជុច​ដូច​ម្តេច​ក៏​ដាក់​ដំរី​បាន អាឯង​និយាយ​កុហក​ទេ​ឬ? ក្រែង​ដំរី​វា​ស្លាប់​ខ្លួន​វាទេ​ដឹង​? ហើយ​អា​ឯង​និយាយ​បញ្ឆោត​អញ​យ៉ាង​នេះ​ទៅ មើល​អាឯង​និយាយ​ឲ្យ​ត្រង់​កុំកុហក តែ​កុហក អញ​ស៊ី​ឯង​ទៀត ឥឡូវ​នេះ​មិន​ខាន» ។ 

«ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ, ពូឯង​មើល​ចុះ! ជុច​ខ្ញុំ​នៅ​ឯណោះ​ហ្ន៎» ។ «ប្រាកដ​ជា​អាឯង​ដាក់​ជុច​ដំរី​នេះ​បាន​មែនឬ? » យក្ស​សួរ​សង្កត់​សង្កិន​កុមារ ។ «មែន» កុមារ​ឆ្លើយ​តប​យ៉ាង​រហ័ស ថែមទាំងបានយក​ជុច​មក ​ហើយ​ប្រាប់​យក្ស​ថា «ពូឯង​ចង់​ដឹង ចូល​ទៅ​ក្នុង​ជុច​ខ្ញុំ​ល​មើល!» ។

 ដោយ​ហេតុ​តែ​ការ​មើល​ងាយ​ថា «សព្វបើ​ជុច​សរសៃ​រ៉ើងៗ​ប៉ុណ្ណោះ អញ​គ្រាន់​តែ​កម្រើក ក៏​ដាច់​ខ្ទេច​ខ្ទី​ដែរ» ថា​ហើយ​ក៏​ត្បុល​ក្បាល​ចូល​ទៅ​ក្នុង​ជុច ផុត​ដៃ​ផុត​ជើង​ទាំង​អស់ ស្រាប់​តែ​ជុច​រឹត​រួត​តឹង​ខ្លួន​ដូច​គេ​ចាក់​ស្រែះ បម្រះ​ននៀល​បាក់​ឈើ​ព្រៃ​ល្អឹត​ល្អោច ស្រែក​ទ្រហ៊ោ​ររំពង​ព្រៃ,

 រឹទ្ធិ​យក្ស​ដែល​ធ្លាប់​ពូកែ​យ៉ាង​ណា ក៏​ប្របូល​យក​មក​អស់ ថែម​ទាំង​នឹក​សូធ្យមន្តរ​បៀន​សិល្បសាស្រ្ត ដែល​ធ្លាប់​ចេះ​ធ្លាប់​រៀន​មក​ប៉ុន្មាន ក៏​នៅ​តែ​រើ​មិន​រួច​ពី​ជុច​នោះ រឹត​តែ​តឹង​ឡើងៗ ស្ទើរ​នឹង​ដាច់​ខ្យល់​រក​តែ​ស្តី​និយាយ​ស្ទើរ​តែ​មិន​រួច ។

 យក្ស​ទើប​ដឹង​ថា​«ជុច​ក្មេង​នេះ ពូកែ​មែន បើ​អញ​មិន​និយាយ​អង្វរ​ឲ្យ​វា​ស្រាយ​ជុច​នេះ​ចេញ​ទេ នឹង​ស្លាប់​អសារ​ឥត​ការ​មិន​ខាន» ទើប​និយាយ​អង្វរ​កុមារ​ថា «ឱលោក​អើយ! កាល​ពី​ដើម ខ្ញុំ​មើល​ងាយ​ជុច​លោក​ ដោយគិត​ឃើញ​ថា មើល​ទៅ​មិន​ល្មម​នឹង​កម្លាំង​ខ្ញុំ​សោះ, ហេតុ​តែ​សេចក្តី​មើល​ងាយ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ខ្លួន​

យ៉ាង​នេះ, ហេតុ​នេះ​ សូម​លោក​អាណិត​ខ្ញុំ​ម្តង​ទៅ​ចុះ​ខុស​ម្តង​ឆ្គង​មួយ​ថ្ងៃ សូម​លោក​អធ្យាស្រ័យ​ឲ្យ​តែ​រស់​ជីវិត កុំ​ឲ្យ​តែ​ខ្ញុំ​ស្លាប់» ។ 

ឯកុមារ បាន​ឃើញ​យក្ស​បម្រះ​ននៀល​មិន​រួច​អំពី​ជុច​របស់​ខ្លួន​ហើយ ថែម​ទាំង​ឮ​និយាយ​អង្វរ​ទៀត កាំ​បិត​នៅ​ដៃ និយាយ​តប​ទៅ​នឹង​យក្ស​វិញ​ថា «ម៉េច​អា​ឯង​ជឿ​អញ​ទេ? ឥឡូវ មក​ធ្វើ​ជា​និយាយ​អង្វរ, 

ឯសាច់​ដំរី​អញ ឯង​ស៊ី​អស់ ហើយ​គិត​នឹង​ស៊ី​អញ​ទៀត អាឯង​ថ្លើម​ធំ​ណាស់ អញ​មិន​

យក​អង្វរ​អាឯង​ទេ, ល្ងាច​នេះ អញ​គ្មាន​អ្វី​ស៊ី​សោះ ម្តង​នេះ​អញ​ស៊ី​ថ្លើម​អាឯង​ហើយ ចុះ​មក​បង! ទៅ​រក​កាប់​ឫស្សី​មក​ធ្វើត្រណោត​ ដោត​ថើ្លម​អាខូច​នេះ​អាំង​ស៊ី» ។ 

បង​ក៏​ចុះ​ពី​ធ្នោះមក​ទាំងអរ​ភ័យ​ញញី​ញញ័រ​ដល់​មក​ជិត​ប្អូន​ឃើញ​យក្ស​គួរ​ សម្បើម ក៏​រឹង​រឹត​តែ​ញាប់​ញ័រ ។ ប្អូន​និយាយ​ថា «ឈប់​បង! កុំ​ញ័រ​ចង់​ស៊ី​សាច់​វា​ពេក ឈប់​សិន! ចាំ​ឆ្អិន​សិន, ហ៎! ញ័រ​ចង់​អ្វី​ទៀត​ហើយ! កុំ​ញ័រ​អ្វី​ពេក ហើយ​ស៊ី​ឆៅ​មិន​ឆ្ងាញ់​ទេ ហើម​ពោះ​ពុង​ណា៎​បង!» ។

 យក្ស​ឮ​សម្តី​កុមារ​និយាយ​នឹង​បង​ដូច្នោះ​ហើយ រឹង​រឹត​តែ​ភិត​ភ័យ​ស្លុត​ព្រលឹង ហើយ​និយាយ​អង្វរ​កុមារ​ទៀត​ថា «ឱលោក​ម្ចាស់​ថ្លៃ​អើយ! សូម​លោក​អាណិត​ខ្ញុំ យក​តែ​បុណ្យ​ម្តង​ទៅ​ចុះ, ខ្ញុំ​នឹង​ជូន​កន្សែង​បក់​កន្សែង​បោយ​មួយ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ឲ្យ​បាន​រស់​មាន​ជីវិត, ត្បិត​ខ្ញុំ​ជា​ស្តេច​យក្ស

 គ្រប់​គ្រង​អាណា​ប្រជានុរាស្រ្ត បើ​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​សម​ជា​ស្រុក​ទេស​របស់​ខ្ញុំ​អន្តរ​ធាន​មិន​ខាន ទាំង​កូន​ប្រពន្ធ​ខ្ញុំទៀត ក៏​ពុំ​មាន​ទីពឹង» ។ 

កុមារ​ប្អូន​សួរ​បញ្ជាក់​យក្ស​ថា «ចុះ​ឯង​ឲ្យ​កន្សែង​បក់​កន្សែង​បោយ​ដល់​យើង កន្សែង​នោះ បើ​បក់​បោយ​ទៅ អាច​ឲ្យ​សម្រេច​ប្រយោជន៍​ដូច​ម្តេច​ខ្លះ?» ។ 

«តាម​តែ​លោក​ចង់​បាន​អ្វី បក់​មក បាន​តាម​ប្រាថ្នា បើ​ចង់​ឲ្យ​បាត់​ទៅ​វិញ គ្រាន់​តែ​បោយ​ថា ទៅ​វិញ​ចុះ ក៏​ស្រាប់​តែ​បាត់​អស់​រលីង» ។ «ប្រាកដ​ជា​ឯង​ឲ្យ​យើង​មែន​ឬ?» ។ 

«មែន» ។ «ក្រែង​កុហក​អញ​ទេ​ដឹង?» ។ «មិន​កុហក​ទេ​លោក» ។ «បើ​កុហក តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​មិន​ទុក​ចិត្ត​ទេ ពី​ព្រោះ​ឯង​ជា​ស្តេច​សោយ​រាជ្យ ក្រែង​រួច​ពី​កណ្តាប់​ដៃ​យើង​ទៅ បបួល​រេហ៍​ពល​មក​ច្បាំង​នឹង​យើង​វិញ? បង! យក​កាំ​បិត​មក​ពន្លះ​សាច់​វា អាំង​ស៊ី​សម្រន់​សេចក្តី​ឃ្លាន​១​ស្របក់ សិន» ។ 

បង​នោះ​នៅ​តែ​មិន​ទាន់​បាត់​ភ័យ​នឹង​យក្ស ។ យក្ស​ឮ​កុមារ​តូច​ឲ្យ​បង​យក​កាំ​បិត មក​ពន្លះ​សាច់​ខ្លួន​ដូច្នោះ ក៏​ញាប់​ញ័រ​ស្ទើរ​បាត់​ស្មារតី ហើយ​និយាយ​អង្វរ​កុមារ​នោះ​ទៀត​ថា «សូមលោក​ទុក​តែ​ជីវិត​ឲ្យ​ចុះ ខ្ញុំ​នឹង​ប្រគល់​រាជ្យ​ទាំង​អស់​ព្រម​ទាំង​ស្រុក​សួយ​ទាំង​អម្បាល​ម៉ាន ជូន​លោក​ទៀត ខ្ញុំ​សូម​រួច​តែ​ខ្លួន​នឹង​ភរិយា​បុត្រី​បុត្រា ហើយ​នៅ​ធ្វើ​ជា​សេនា​រក្សា​លោក​ទៀត » ។ 

កុមារ​ប្អូនក៏​សួរ​បញ្ជាក់​យក្ស​ថា «បើ​ឯង​និយាយ​ទៀង​ត្រង់​មែន ណ្ហើយ! យើង​អត់​ទោស​ឲ្យ​បាន, តែ​យើងមិន​ដឹង​​ថាឯង​ជាស្តេច​សោយ​រាជ្យនៅ​នគរណា ចុះ​ធ្វើ​ម្តេច​ឲ្យ​យើង​ទៅ​តាម​យក​នគរ​ឯង​បាន? » ។ 

«ឱលោក មិន​សល់​ក្រ​អ្វី​នឹង​អញ្ជើញ​ទៅ​ឯនគរ​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ធ្វើ​តម្រុយ​ជា​លំអាន​រហូត​ដល់​ទៅ​នគរ​ខ្ញុំ​ឯណោះ » ។ «ឯង​ធ្វើ​តម្រុយ​បែប​ណា?» ។ ខ្ញុំ​កាច់​មែក​ឈើ​ស្រស់​បោះ ហែរៗ តាម​ផ្លូវ​ទៅ​កាល​បើ​លោក​អញ្ជើញ​ទៅ សូម​ទៅ​តាម​មែក​ឈើ​ដែល​ខ្ញុំ​កាច់​បោះ​នោះចុះ »។

 កុមារ​ទាំង​ពីរ​ ក៏​ព្រម​ដោះ​យក្ស​ចេញ​ពីជុច ។ ឯយក្ស​បាន​រួច​ខ្លួន​ពី​ជុច​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំងពីរ ដើរ​ទៅ​នគរ​ខ្លួន​វិញ ហើយ​កាច់​មែក​ឈើ​ជា​តម្រុយ ដើម្បី​ជា​ទី​សម្គាល់​ដល់​កុមារ​ទាំង​ពីរ​ប្រាណ ឥត​មាន​កុហកភូត​ភរ​អ្វី​ឡើយ លុះ​ដល់​ទៅ​នគរ​ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ពួក​ពល​សេនា​យោធា​ទាហាន ដែល​នៅ​ចាំក្លោង​ទ្វារ​ទាំង ៧

 ជាន់​ថា «នែ​វើយ! ថ្ងៃ​ស្អែក​នេះ​មាន​ក្មេង​តូចៗពីរ​នាក់ ជា​ក្មេង​មនុស្ស​លោក មក​ដណ្តើម​រាជ្យ​អញ បើ​ឯង​ឃើញ​វា​មក​ហើយ ត្រូវ​ឃាត់​កុំ​ឲ្យ​វា​ចូល តែ​កុំ​ធ្វើ​ទុក​បុក​ម្នេញ​វា​ឡើយ គ្រាន់​តែ​ស្រែក​ឃាត់​ប៉ុណ្ណោះ​បាន​ហើយ ពី​ព្រោះ​ក្មេង​នោះ​ពូកែ​ណាស់ អម្បាល​អញ​ដែល​មាន​រឹទ្ធី មាន​អំណាច​ច្បាំង​ដណ្តើម​យក​នគរ​ឯ​ទៀតៗ​បាន​មក​ធ្វើ​ជា​ប្រទេស​រាជ​ទាំង​

ប៉ុន្មាន ក៏​វា​ដាក់​ជុច​អញ​ជាប់​ស្ទើរ​តែ​នឹង​ស្លាប់​អសារ​ឥត​ការ, តែ​ពួក​ឯង​រាល់​គ្នា​ឃាត់​វា​ល្បង​មើល​សិន​ចុះ​បើ​វា​មិន​ខ្លាច​ទេ បើក​ផ្លូវ​ឲ្យ​វា​ចូល​មក​ចុះ» ។ 

យក្ស​បាន​ប្រាប់​គ្រប់​សេនា​អ្នក​ចាំ​ក្លោង​ទ្វារ​ទាំង​ ៧ ជាន់​សព្វ​គ្រប់​ហើយ ក៏​ចូល​ទៅ​ក្នុង​ប្រាសាទ សម្ងំ​ដេក​លក់ ស្រមុក​ក​ក្រើក​ប្រឹថពី ។ 

ឯ​កុមារ​បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​បណ្តើរ​គ្នា​ទៅ​នគរ​យក្ស​តាម​តម្រុយ​មែក​ឈើ លុះ​បាន​ទៅ​ដល់​ហើយ​ក៏​ជួប​ប្រទះ​នឹង​ពួក​កង​ទ័ព​មួយ​កង ដែល​នៅ​ចាំ​ក្លោង​ទ្វារទាំង៧ ជាន់​នោះ​ កុមារ​បង កាល​បាន​ឃើញ​យក្ស​ច្រើន​ដល់​ម្ល៉ោះ ក៏​ភ័យ​ញាប់​ញ័រ​ស្ទើរ​នឹង​បាត់​ស្មារតី, ប្អូន​និយាយ​កម្លា​បង​ឡើង​ថា

 «នែ​បង កុំ​ញ័រ​ចង់​ពេក! ឈប់! កុំ​អាល​ចង់​ចាប់​កាប់​ធ្វើ​បាប​វា ឈប់ៗ កុំៗ យើ​សបង! ស្ទើរ​តែ​ឃាត់​មិន​ឈ្នះ​ ណ្ហើយ! កុំ​ញ័រ​ចង់​ពេក វា​ខ្លាច​បង​ឯង​ហើយ» ។ 

ពួក​ទាហាន យក្ស​បាន​ឮ​កុមារ​និយាយ​ដូច្នោះ ក៏​ខ្លាច​រួញ​ខ្លួន ឥត​ហ៊ាន​មាត់​ក​អ្វី​សោះ បើក​ផ្លូវ​ឲ្យ​កុមារ​ទៅ​ដោយ​ស្រួល​​រហូត​ដល់​ទៅ​ទ្វារ​ក្នុង​គម្រប់​៧​ជាន់ យក្ស​ខ្លាច​ទាំង​អស់ ។ 

ទើប​នាំ​បង​ប្អូន​ឡើង​ទៅ​លើ​ប្រាសាទ​យក្ស​ ឃើញ​យក្ស​កំពុង​ដេក​ស្រមុក​ខ្ទ័រ​ប្រាសាទ ឃើញ​ពួក​ស្រី​ស្នំ​កំពុង​តែ​អង្គុយ​បក់​ខាង​ស្តាំ​មួយ​រយ ខាង​ធ្វេង​មួយ​រយ ។ 

ឯ​បង​ឃើញ​យក្ស​ច្រើន​សម្បើម​ណាស់​ពេក ក៏​ភ័យ​ស្លុត​ស្មារតី ប្អូន​ស្រែក​ហៅ​យក្ស​ថា «នែ​! អា​នេះ​ក្រោក​ឡើង ! អញ​មក​ដល់​ហើយ​ដេក​ដល់​ណា​ទៀត» ។ 

យក្ស​ឮ​សំឡេង​កុមារ​តូច​ស្រែក​ហៅ​ខ្លួន ដែល​កំពុង​ដេក​លក់​ដូច្នោះ ក៏​ភ្ញាក់​ដឹង​ខ្លួន​ឡើង ក្រឡេក​មើល​ទៅ ស្គាល់​ជាក់​ជា​កុមារ​ម្ចាស់​ជុច ក៏​ភិត​ភ័យ​មហិមា ស្ទុះ​មក​ម្នី​ម្នា​ក្រាប​ថ្វាយ​បង្គំ​កុមារ​តូច​ទាំង​ពីរ ហើយ​ប្រាប់​ពួក​ស្រី​ស្នំ​ដែល​កំពុង​អង្គុយ​គាល់ ប្រើ​ឣាមាត្យ​ឲ្យ​ហៅ​ពួក​សេនាបតី នាហ្មឺន​សព្វមុខ​មន្រ្តី ព្រាហ្ម​ព្រឹទ្ធ បុរោហិត បណ្ឌិត​កវី ឲ្យ​ចូល​មក​ក្នុង​បុរី​យ៉ាង​ឆាប់​វៃៗ ។ 

លុះ​ពួក​រាជ​សេវកា​មាត្យ​មក​ជួប​ជុំ​គ្នា​សព្វ​គ្រប់​ហើយ យក្ស​ស្រែក​ប្រកាស​ថា «អ្នក​រាល់​គ្នា​ចូរ​ក្រាប​ថ្វាយ​បង្គំ​ស្តេច​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​ត្រូវ​គោរព​កោត​ខ្លាច​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដូច​ជា​ខ្លួន​អញ ត្បិត​អញ​ប្រគល់​រាជ្យ ឲ្យ​ស្តេច​មនុស្ស​លោក​នេះ​សោយរាជ្យ​ហើយ ។ 

អញ​សូម​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​ទេ, ឯអ្នក​ទាំង​អស់​ត្រូវ​នៅ​ជ្រក​ក្រោម​ម្លប់​បុណ្យ​ស្តេច​មនុស្ស​លោក​នេះ​ចុះ» ។ ពួក​រាជ​សេវកា​មាត្យ​ទាំង​អស់ ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ​គ្រប់​គ្នា ឥត​មាន​នរណា​មួយ​ ហ៊ាន​និយាយ​ថា​ដូច​ម្តេច​ឡើយ ។

 យក្ស​ក៏​បាន​រៀប​ពិធី​អភិសេក​ជា​ឯក​មង្គល ប្រជុំ​ពួក​ពល​យោធា​ជា​អនេក​ប្រការ ហើយ​ប្រគល់​ធី​តា​របស់​ខ្លួន​ឲ្យ​ជា​មហេសី ។ ប៉ុន្តែ​កុមារ​ប្អូន​មិន​សោយ​រាជ្យ​ខ្លួន​ឯង​ទេ ឲ្យ​បង​សោយ​រាជ្យ​វិញ ព្រោះ​យល់​ឃើញ​ថា បង​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្លួន ។ កុមារ​ទាំង​ពីរ សឹង​នៅ​ជា​សុខ​សប្បាយ​ក្នុង​នគរ​យក្ស​នោះ រហូត​អវ​សាន​កាល​ទៅ​ហោង ។ចប់

គិត​គ្រប់​សព្វ​ដោយ​ផ្លូវ ក្តី​ចន្លោះ​កុំ​បី​មាន

(ស្រាវជ្រាវនិងសម្រួលអត្ថបទដោយ:ដារ៉ា)

រឿងកូន៤នាក់មិនបំរើឪពុក

អ្នកទស្សនា: Views


រឿងកូន៤នាក់មិនបំរើឪពុក

ជាយូរលង់ណាស់ទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ 

នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។

លុះរំលង មួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ 

តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។

 លុះឆ្នាំក្រោយមកទៀត  ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគាត់គិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។

 ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ  កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។

 លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែ រកាំរកុះ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ 

កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីត ឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។

 លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាងមានកូនខ្ចីផង ក៏

បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយ កូនខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ កូនខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ថ្ងៃក៏មាន។

វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមទាំងអស់។ 

ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនា ពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថៃ្លប៉ុន្មានផង ហើយគ្មានជ្រកនៅផង។ 

កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា «លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតា​វេទនាខ្លាំងម៉េ្លះ។

 ក្រែងលោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរឫមេ្តចក៏កូននោះវាមើលបំណាំមិនថែទាំលោកតា សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរ​ឬមេ្តចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ

 ប្រើប្រាស់ ?» តាចាស់ប្រាប់ទៅវិញថា "ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែន​ ប៉ុនែ្តតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ។ 

គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត។ វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូលដែរ។ 

ខ្លួនតាសព្វថៃ្ងឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភែ្នកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ។ ដូចលោកចៅឃើញស្រាប់ តាដេកចាំតែដល់ថៃ្ងស្លាប់ទេ»។

 ចៅកំលោះលាន់មាត់ថា «យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎។ បើអីចឹងលោកតាកុំភ័យ។ មានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញ។ លោកតាធ្វើតាម ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់

សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ។

 លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថៃ្ងខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ»។ តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់។

លុះបានប្រហែល៥ថៃ្ង សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់។ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផែ្លឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថៃ្ង ពុំមានខ្វះថៃ្ងណាមួយឡើយ។ 

តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថៃ្ងនោះមករហូតដល់អស់អាយុ។ 

លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុនែ្តក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក។ 

លោកគ្រូនោះទទួលព្រម ប៉ុនែ្តគាត់លឺថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា «គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង»។ 

គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូត ក្បាលធំទើងមើងធ្វើឲ្យខូងកណ្តាល​ដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភែ្ននលើដី រាបរលីង ធេ្មចភែ្នកសង្រួមស្មឹងស្មាធិ៏ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក។ ប៉ុនែ្តគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន។ 

លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធេ្មចភែ្នកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់។

 បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ 

ភរិយាទាំង4នាក់ឈរកាន់កញ្ជើររៀងខ្លួន ចាំកើប។ ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ 

និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាង​ផ្អៀងចាក់ឈូរមក ទឹកម៉ាំត្រាំលាមកច្រើនខួប ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត។ 

លោកគ្រូបានចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល។ 

ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា »ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូចេ្នះយី !

 ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន» លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទនេ្លប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ។ចប់

រឿងបុរសឆោត4នាក់ដណ្តើមស្រីម្នាក់ធ្វើជាប្រពន្ធ

អ្នកទស្សនា: Views

 

រឿងបុរសឆោត4នាក់ដណ្តើមស្រីម្នាក់ធ្វើជាប្រពន្ធ

មាន​និទាន​មួយ​ថា : មាន​បុរស​ឆោត ៤ នាក់ បបួល​គ្នា​ទៅ​ចាប់​ស្ត្រី​ក្រមុំ​ម្នាក់ បាន​ហើយ បុរស​ឆោត​ទាំង ៤ នាក់​នោះ​ក៏​វិវាទ​គ្នា ប្រាថ្នា​ចង់​យក​ជា​ភរិយា​អាត្មា​ទីទៃ ៗ ។ 

ស្រី​នោះ​ឆ្លើយ​ថា “ហៃ​ចៅ​ទាំង ៤ នាក់​អើយ ! ឥឡូវ​នេះ ចៅ​វិវាទ​គ្នា​ដោយ​ចង់​យក​ខ្ញុំជា​ប្រពន្ធ​នោះ ខ្ញុំ​ពុំ​ទាន់​យក​ចៅ​ណា​នីមួយ​ឡើយ បើ​នរណា​ឆោត ទើប​ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ​ហោង ” ។

 បុរស​ឆោត​ទាំង ៤ នាក់​នោះ​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម ៗ ពិចារណា​រឿង​បុរស​ឆោត​ទាំង ៤ នាក់ និង​ស្ត្រី​នោះ​ពុំ​បាន ទើប​នាំ​ស្ត្រី និង​បុរស​ទាំង ៤ នាក់​នោះ ឡើង​ទៅ​គាល់​ព្រះមហាក្សត្រ​ក្រាប​បង្គំ​ទូល​ថា “សូម​ព្រះរាជ​ទាន​បុរស​ឆោត​ទាំង ៤​នេះ ចាប់​ស្ត្រី​ក្រមុំ​ម្នាក់​នេះ​បាន​មក​ហើយ​វិវាទ​គ្នា ប្រាថ្នា​និង​យក​ជា​ភរិយា​អាត្មា​ទីទៃ ៗ” ។ 

ស្ត្រី​នេះ​ពុំ​យក​អ្នក​ណា​ឡើយ គ្រាន់​តែ​ឆ្លើយ​ថា “បើ​ចៅ​ឯ​ណា​ឆោត​ណាស់ ទើប​យក​ចៅ​នោះ​ឯង” ។ បុរស​ទាំង ៤ និង​ស្ត្រី​នេះ​នាំ​គ្នា​ប្ដឹង ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​ពិចារណា​ឲ្យ ខ្ញុំ​ព្រះបាទ​អម្ចាស់​ពិចារណា​ពុំ​បាន ទើប​នាំ​ស្ត្រី​និង​បុរស​ឆោត​ទាំង ៤ នាក់​នេះ​មក​ក្រាប​បង្គំ​ទូល​ព្រះបាទ​អម្ចាស់ សូម​ទ្រង់​ព្រះតម្រិះ​ពិចារណា​ហោង” ។ 

ទើប​ព្រះ​មហាក្សត្រ​ត្រាស់​ដណ្ដឹង​ថា “នែ​ចៅ​ឆោត​ទាំង ៤ នាក់! ចៅ​ឆោត​ម្ដេច​ខ្លះ ? ចូរ​ព្រះស្ដែង​ថ្លែង​ដំណើរ​ឆោត​នោះ មក​អញ​និង​ស្ដាប់​ផង​មើល ” ។ 

ទើប​បុរស​ម្នាក់​នោះ​ក្រាប​បង្គំ​ទូល​សម្ដែង​ឆោត​ថា “ មាន​បុរស​ជា​ស្មន់​អន្ធករ​និង​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ ពុំ​ដឹង​ឡើយ ថ្ងៃ​មួយ​អា​ស្មន់​អន្ធករ​វា​ត្បាញ​ជាល​ជា​រូប​ស្រី​ម្នាក់​ស្លៀក​ដណ្ដប់​ឲ្យ ហើយ​បណ្ដើរ​មក​សុំ​ដេក​ក្រោម​ផ្ទះ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ ក៏​បើក​ឲ្យ​បុរស​នោះ​ដេក លុះ​ដល់​ពាក់​

កណ្ដាល​អាធ្រាត្រ ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ធ្វើ​ជា​ឈឺ​ផ្ទៃ ដាស់​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​អុជ​ចន្លុះ​ជូន​ទៅ​ដល់​ជើង​ជណ្ដើរ​ផ្ទះ ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ដើរ​ទៅ​ដល់​របង ត្រលប់​វិល​មក​ដេក​និង​ស្មន់​អន្ធករ​នៅ​ក្រោម​ផ្ទះ​វិញ, លុះ​យូរ​បន្តិច ទើប​ប្រពន្ធ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មក​កាន់​ខ្ញុំ​ព្រះបាទ​

អម្ចាស់​វិញ លុះ​ខ្ញុំ​ព្រះបាទ​អម្ចាស់ គន់​មើល​ចំណាំ​រៀង ៗ ទៅ ទើប​ដឹង​ជាក់​ថា​ប្រពន្ធ​ទៅ​ដេក​និង​ស្មន់​អន្ធករ នៅ​ក្រោម​ផ្ទះ​នោះ​ហោង ដូច្នេះ​ឯង ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា​ខ្លួន​ឆោត​ក្រៃ​លែង​ឆោត ” ។

 បុរស​ក្រាប​ទូល​រឿង​ឆោត​ថ្វាយ​ថា “ មាន​កាល​ថ្ងៃ ១ ខ្ញុំ​ព្រះបាទ​អម្ចាស់​និង​ប្រពន្ធ​ទៅ​ដក​សំណាប​ក្នុង​ស្រែ ស្មន់​អន្ធករ​របស់​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​វា​ឡើង​ទៅ​លើ​ដើម​ឈើ ហើយ​ស្រែក​មក​ថា “ ខ្ញុំ​ព្រះបាទ​អម្ចាស់​ទាំង ២ ខូច​នឹង​គ្នា ” ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា​ទៅ​កាន់​វា​វិញ​ថា “ យើង​ពុំ​ខូច​នឹង​គ្នា​ឡើយ ” វា​ស្ដាប់​ពាក្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា​ដូច្នោះ​ហើយ វា

​រឹត​តែ​ស្រែក​អាក្រោស​មក​ជា​ពីរ​ដង​បី​ដង ទើប​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា “ បើ​វា​នៅ​លើ​ដើម​ឈើ វា​ថា​យើង​នេះ​ខូច​នឹង​គ្នា ” ដូច្នេះ​ចូរ​អ្នក​ហៅ​វា​ចុះ​មក​នៅ​ខាង​អញ ហើយ​អ្នក​ឡើង​ទៅ​លើ​ដើម​ឈើ​ដែល​វា​ឡើង​នោះ រួច​អ្នក​មើល​មក​អញ​តើ​យល់​ដូច​ពាក្យ​វា​ថា ឬ​ដូចម្ដេច ? ” លុះ​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ថា​ដូច្នោះ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​ហៅ​វា​ចុះ​មក

​នៅ​ខាង​ប្រពន្ធ​ខ្ញុំ​បាទ​អម្ចាស់ ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឡើង​ទៅ​នៅ​លើ​ដើម​ឈើ​ដែល​វា​ឡើង​នោះ, លុះ​វា​ចុះ​មក​វិញ​វា​ខូច​នឹង​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ មើល​ទៅ​ឃើញ​វា​ខូច​នឹង​គ្នា ហើយ​ខ្ញុំ​ព្រះបាទ​អម្ចាស់​គិត​យល់​ថា​មែន​ដូច​ពាក្យ​វា​ថា ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​ចុះ​អំពី​លើ​ដើម​ឈើ​នោះ​មក​កាន់​

ប្រពន្ធ​វិញ លុះ​ចំណេរ​ទៅ ខ្ញុំ​ព្រះបាទ​អម្ចាស់​ចាំ​ឃ្លាំ​មើល​ចំណាំ​រៀង ៗ ត​ទៅ​ទៀត ទើប​យល់​ថា​វា​ខូច​នឹង​ប្រពន្ធ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ពិត​មែន​ដូច្នេះ ខ្ញុំ​ព្រះបាទ​អម្ចាស់​យល់​ថា​ខ្លួន​ឆោត ក្រៃ​លែង​ឆោត ” ។

 បុរស​ម្នាក់​ក្រាប​ទូល​រឿង​ឆោត​ថ្វាយ​ថា “ កាល​ខ្ញុំ​ព្រះបាទ​អម្ចាស់​នៅ​កំលោះ គេ​ហៅ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​ហូប​បាយ ខ្ញុំ​ព្រះបាទ​អម្ចាស់​ឃើញ​ស្រី​ក្រមុំ​ច្រើន​ពេក ខ្ញុំ​ព្រះបាទ​អម្ចាស់​ខ្មាស​គេ ពុំ​បាន​ហូប​បាយ តែ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឃ្លាន​បាយ​ណាស់ ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​អំបុក​មក​អក​ពេញ​មាត់ តឹង​ថ្ពាល់​ទាំង​សង​ខាង អំបុក​នោះ​រីក​ចេញ​ឃើញ​ដូច​បូស

 នឹង​លេប​ចូល​ពុំ​រួច នឹង​ខ្ជាក់​ចេញ​ពុំ​បាន លុះ​គេ​តឿន​ឲ្យ​ហូប​បាយ ហូប​នឹង​គេ​ពុំ​បាន​ឡើយ គេ​ឃើញ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ស្ងៀម​ដូច្នោះ ទើប​គេ​យក​ចន្លុះ​មក​ឆ្លុះ​មើល​ថ្ពាល់​ទាំង​សង​ខាង​ឃើញ​ដូច​បូស ខ្ញុំ​ព្រះបាទ​អម្ចាស់​រឹត​តែ​ខ្មាស​ស្រី​ក្រមុំ​ទាំង​នោះ​ណាស់​ទៅ​ទៀត ដូច្នេះ​ខ្ញុំ​ព្រះបាទ​អម្ចាស់​យល់​ថា​ខ្លួន​ឆោត​ក្រៃលែង​ឆោត” ។ 

បុរស​ម្នាក់​ទៀត សម្ដែង​ឆោត​ក្រាប​ទូល​ថា “មាន​កាល​ថ្ងៃ​មួយ ខ្ញុំ​ព្រះបាទ​អម្ចាស់ វេច​បាយ ១ សំណុំ​ចង​ពុន​នៅ​ផ្លែ​លំពែង ដើរ​ចេញ​ទៅ ចូល​ក្នុង​ព្រៃ ខ្ញុំ​ព្រះបាទ​អម្ចាស់​បញ្ឈរ​លំពែង​នៅ​ក្រោម​ឈើ ១ ដើម លុះ​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឃ្លាន​បាយ ឈោង​យក​បាយ​សំណុំ​ពុំ​បាន​ឡើយ ខ្ញុំ​ព្រះបាទ​

អម្ចាស់​ក៏​បញ្ឈរ​លំពែង ចុះ​ក្បែរ​ដើម​ឈើ ហើយ​ឡើង​ឈើ​នោះ​សួ​តាម​មែក​នឹង​យក​កញ្ចប់​បាយ​មក​ស្រាយ​ហូប ខ្ញុំ​ព្រះបាទ​អម្ចាស់​ភ្លាត់​ជើង​ធ្លាក់​ចុះ​លើ​ផ្លែ​លំពែង​មុត​ធ្លុះ​ថ្ពាល់​ទាំង​ពីរ​ខាង ពុំ​បាន​ស្រាយ​បាយ​ចេញ​មក​ហូប​ឡើយ ហេតុ​ដូច្នេះ ទើប​ខ្ញុំ​ព្រះបាទ​អម្ចាស់​នេះ យល់​ថា​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឆោត​ក្រៃលែង​ឆោត ” ។ 

កាល​ព្រះមហាក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់ បុរស​ទាំង ៤ នាក់ សម្ដែង​សេចក្ដី​ឆោត​របស់​អាត្មា​ទីទៃ ៗ ដូច្នេះ​ហើយ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “ព្រះ​ស្ដែង​ឆោត​ទាំង ៣ នាក់ ឥត​បន្ទាល់​សាក្សី​អ្វី​ជា​ប្រាកដ​ឡើយ, ឯ​ព្រះ​ស្ដែង​ឆោត​ដែល​ត្រូវ​លំពែង​ធ្លុះ​ថ្ពាល់​នោះ ឃើញ​ថា​ជាក់​ប្រាកដ​គ្រាន់​បើ 

 ហើយ​ទ្រង់​បង្គាប់​ឲ្យ​បាន​ស្ត្រី​នោះ​ជា​ប្រពន្ធ​បុរស​នោះ​ឯង ។ ព្រះ​មហាក្សត្រ​ព្រះ​អង្គ​កាត់​សេចក្ដី​ដូច្នេះ ហៅ​ថា សុគតិគមនំ​ហោង ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ:ដារ៉ា



រឿងព្រេងខ្មែរ÷រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល

អ្នកទស្សនា: Views

 


រឿង​ អ្នក​ដំណើរ​ពីរ​នាក់​ដណ្ដើម​គ្នា​ដេក​កណ្ដាល

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​ពីរ​នាក់​ដើរ​ទៅ​ផ្លូវ​ឆ្ងាយ ចួន​យប់​ក្នុង​ព្រៃ​ងងឹត​ដើរ​ទៅ​មិន​រួច បបួល​គ្នា​ដេក​ក្នុង​ព្រៃ ។ អ្នក​ទាំង​ពីរ​នាក់ ចង់​ដេក​កណ្ដាល​តែ​រៀង​ខ្លួន ប៉ុន្តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ដេក​កណ្ដាល ។ 
បុរស​ទាំង​ពីរ​នាក់​គិត​គ្នា​ថា ” បើ​ដូច្នោះ យើង​ដេក​យក​ជើង​ទល់​គ្នា ” ហើយ​បុរស​ទាំង​នោះ ក៏​ដេក​យក​ជើង​ទល់​គ្នា​ទាំង​ពីរ​នាក់​ទៅ ។ 

ក្រោយ​មក​មាន​ខ្លា​មក​ឃើញ​មនុស្ស​ដេក​យក​ជើង​ទល់​គ្នា ហើយ​ទទូរ​សំពត់​ជិត មើល​មិន​ដឹង​ជា​សត្វ​អ្វី​វែង​ដូច្នោះ ឆ្ងល់​ណាស់​ត្បិត​មិន​ដែល​ឃើញ ក៏​បបួល​អស់​សត្វ​ឯទៀត​ជា​ច្រើន មាន​ទាំង​ដំរី​ ក្របី គោ រមាស រមាំង ក្ដាន់​ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់​សត្វ​ទាំង​អស់​មក​មើល គ្មាន​សត្វ​ណា​មួយ​ស្គាល់​សោះ ។

 ក្រោយ​មក​ទៀត សត្វ​ទាំង​អស់​នោះ​គិត​គ្នា​ថា “ឥឡូវ​នេះ នឹង​មាន​អ្នក​ឯណា​ស្គាល់​សត្វ​នេះ? ពួក​យើង​បបួល​គ្នា​មក​មើល​សត្វ​នេះ ច្រើន​ភាសា​ណាស់​ហើយ នៅ​សល់​សត្វ​អ្វី​ទៀត ដែល​មិន​ទាន់​បាន​មក​មើល?” ។ 

អស់​សត្វ​ទាំង​នោះ​គិត​គ្នា​ទៅ ឃើញ​នៅ​សល់​តែ​ទន្សាយ​ពុំ​បាន​មក មួយ​ទៀត ឮ​ល្បី​ថា “ទន្សាយ​នោះ​ជា​អ្នកមាន​ប្រាជ្ញា ចេះ​និយាយ​ក្បួន​ច្បាប់​ទម្លាប់ ចេះ​កល​មាយា ចាំ​ទំនឹម​ទំនៀម​ច្រើន​បើ​ដូច្នេះ យើង​ប្រើ​បង​ដំរី​ឲ្យ​ទៅ​អញ្ជើញ​បង​ទន្សាយ​នោះ​ទើប​បាន ត្បិត​បង​ទន្សាយ​បើ​មាន​នរណា​ទៅ​ពឹង​ការ​អ្វី​គាត់​ៗ កាន់​ខ្លួន​ណាស់” ។ 

សត្វ​ទាំង​នោះ​គិត​គ្នា​ហើយ ឲ្យ​ដំរី​ទៅ​អញ្ជើញ​ទន្សាយ ។ ដំរី​ក៏​ទៅ ឃើញ​ទន្សាយ​អង្គុយ​នៅ​លើ​ក្បាល​ដំបូក ។ ទន្សាយ​ឃើញ​ដំរី​ដើរ​យេកយោក​មក​ពី​នាយ ក៏​សួរ​ថា “បង​ដំរី ! មាន​ហេតុ​អ្វី បាន​ជា​រលះ​រលាំង​មក? ” ។ 

ដំរី​ឆ្លើយ​ថា “បង​ទន្សាយ! ត្បិត​មាន​សត្វ​អ្វី​មួយ​ចម្លែក​ណាស់ គ្មាន​នរណា​ស្គាល់​សោះ បាន​ជា​អស់​សត្វ​ក្នុង​ព្រៃ​នេះ ឲ្យ​ខ្ញុំ​មក​អញ្ជើញ​បង​ទន្សាយ​ឯង​ទៅ​មើល ក្រែង​បង​ទន្សាយ​ឯង​ស្គាល់​សត្វ​នោះ” ។ 

ឯ​ទន្សាយ​ឮ​ដូច្នោះ ហើយ​សួរ​ថា សត្វ​នោះ​ដូច​ម្ដេច តូច​ឬ​ធំ វែង​ឬ​ខ្លី ? ។ ដំរី​ថា “សត្វ​នោះ ធំ​ចុង ធំ​គល់ តូច​កណ្ដាល ហើយ​វែង​ប្រមាណ​ប្រាំ​ហត្ថ ” ។ ទន្សាយ​ឮ​ដូច្នោះ​ឆ្លើយ​ឡើង​ថា ” ឱ​បើ​ដូច្នោះ បង​ដំរី​កុំ​ព្រួយ​ចិត្ត ចាំ​ខ្ញុំ​ទៅ​មើល​ឲ្យ​ស្គាល់​សត្វ​នោះ ប៉ុន្តែ​បង​ដំរី​ឯង ឲ្យ​ខ្ញុំ​ជិះ​លើ​ក្បាល​បង​ឯង​ទៅ” ។ 

ដំរី​ឮ​ដូច្នោះ​ហើយ ដើរ​ចូល​ទៅ​ឱន​ក្បាល​ឲ្យ​ទន្សាយ​ជិះ​លើ​ក្បាល ទន្សាយ​ធ្វើ​ជា​ក្អេង​ក្អាង លុះ​ទៅ​ដល់​ហើយ ចុះ​ពី​ក្បាល​ដំរី យក​ស្លឹក​ឈើ​ដែល​មាន​ស្នាម​ដង្កូវ​វារ​ដូច​ជា​អក្សរ កាន់​លើក​ឡើង​ធ្វើ​ជា​សំបុត្រ​ថា “អស់​បង​ប្អូន​ស្ដាប់​ខ្ញុំ ត្បិត​ខ្ញុំ​ជា​បម្រើ​ព្រះ​ឥន្ទ្រ​ៗ លោក​ប្រើ​ឲ្យ​នាំ​សំបុត្រ​មក ” ហើយ​ទន្សាយ​ឡើង​លើ​ដំបូក​ធ្វើ​ជា​អាន​សំបុត្រ​ថា “សត្វ​នេះ ព្រះឥន្ទ្រ​លោក​ប្រើ​មក ឈ្មោះ​សត្វ​យោគី​យោគា យក​ទាំង​អស់​គ្នា យក​ទាំង​អញ យក​ទាំង​ឯង ” ។

 អស់​សត្វ​ឮ​ទន្សាយ​មើល​សំបុត្រ​ថា “ព្រះឥន្ទ្រ​ឲ្យ​មក​យក​ទាំង​អស់​គ្នា” ក៏​ស្ទុះ​បោល​ជាន់​គ្នា​ស្លាប់ បាក់​ដៃ​បាក់​ជើង​ពាស​ពេញ ស្រែក​លាន់​ទាំង​ព្រៃ ។

 មនុស្ស​២​នាក់​នោះ ដឹង​ថា​សត្វ​ទាំង​នោះ ផ្អើល​ភ្ញាក់​រត់​ជាន់​គ្នា​ស្លាប់​ដូច្នោះ ក្រោក​ឡើង​លើក​ដៃ​សំពះ​ទន្សាយ​ថា “បង​ទន្សាយ មាន​គុណ​នឹង​យើង​ខ្លាំង​ណាស់ បើ​ប្រសិន​ជា​យើង​មិន​បាន​បង​ទន្សាយ​មក​ធ្វើ​ឧបាយ​កល​ឲ្យ​យើង​ទេ នោះ​សម​ខ្លា​វា​នឹង​ខាំ​យើង​ស៊ី​ជា​ចំណី​វា​ទៅ​ហើយ បង​ទន្សាយ​ឯង​មាន​ប្រាជ្ញា​ល្មម​ធ្វើ​ជា​សុភា​បាន” ។

ឯ​មនុស្ស​ទាំង​ពីរ​នាក់ មើល​ទៅ​ឃើញ​អស់​សត្វ​ជាន់​គ្នា​ស្លាប់​ពេញ​ព្រៃ​ដូច្នោះ បបួល​គ្នា​អារ​យក​សាច់​រែក​ទាំង​ពីរ​នាក់ ដើរ​ទៅ​បន្តិច ឃើញ​ខ្លា​សំគម​មួយ​ដំរី​ជាន់​បាក់​ជើង ដើរ​បាន​តិចៗ ក៏​បបួល​គ្នា​យក​ខ្សែ​ចង​ដឹង​យក​ទៅ លុះ​ដើរ​ទៅ​បន្តិច​ជួប​នឹង​អ្នក​បរ​រទេះ​គោ ។

 ឯ​អ្នក​បរ​រទេះ​គោ​នោះ ឃើញ​អ្នក​ទាំង​ពីរ​រែក​សាច់​មក​ដូច្នោះ​ក៏​បញ្ឈប់​រទេះ​សួរ​ថា “អ្នក​ធ្វើ​ដូច​ម្ដេច ក៏​បាន​សាច់​ច្រើន​ម្ល៉េះ​? ។

 អ្នក​នោះ​បញ្ឆោត​ថា “ឆ្កែ​កំបាក់​ជើង​ខ្ញុំ​នេះ​ឯង វា​ដេញ​ខាំ ត្បិត​ឆ្កែ​នេះ ជា​ឆ្កែ​ប្រដេញ វា​តែង​តែ​ដេញ​សត្វ​មក មិន​ដែល​ស្ងួត​ឆ្នាំង​ដល់​មួយ​ពេល​ទេ ក្រែង​តែ​គ្មាន​សត្វ បើ​ព្រៃ​ឯណា​មាន​សត្វ​ហើយ មិន​ដែល​រួច​ពី​អាក្លឹក​ឆ្កែ​ប្រដេញ​ខ្ញុំ​នេះ​ទេ ឲ្យ​តែ​វា​ឃើញ​ស្នាម​ជើង​នោះ សង្ឃឹម​ថា​បាន​ឲ្យ​លាង​ឆ្នាំង​ចាំ​ឲ្យ​ហើយ​ទៅ មុខ​ជា​នឹង​បាន​មិន​ដែល​ខាន​ទេ” ។

 ឯ​អ្នក​បរ​រទេះ​គោ ឮ​អ្នក​នោះ​និយាយ​អួត​ប្រាប់​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ល្ងង់​មិន​ស្គាល់​ក៏​ចង់​បាន​ខ្លា​កំបាក់​ជើង​សំគម​នោះ​គិត​ថា ជា​ឆ្កែ​មែន​ទែន ហើយ​និយាយ​អង្វរ​លួង​លោម​ថា “បើ​ដូច្នោះ​អ្នក​អាណិត​ខ្ញុំ​ៗ សុំ​ទិញ​ឆ្កែ​អ្នក​យក​ទៅ​ប្រដេញ​ត្បិត​ស្រុក​ខ្ញុំ​មាន​សត្វ​ច្រើន​ណាស់ ” ។ 

អ្នក​រែក​សាច់​ឆ្លើយ​ថា ” បើ​ខ្ញុំ​លក់​ឆ្កែ​នេះ​ឲ្យ​អ្នក​ទៅ ផ្ទះ​ខ្ញុំ​សម​នឹង​ស្ងួត​ឆ្នាំង​ហើយ រក​អ្វី​ស៊ី​គ្មាន​ទេ ប៉ុន្តែ​អ្នក​បាន​ជួប​នឹង​ខ្ញុំ​ម្ដង បើ​មិន​និយាយ​គ្នា​ក៏​មិន​បាន, ឆ្កែ​ខ្ញុំ​នេះ ខ្ញុំ​ស្រឡាញ់​វា​រក​អ្វី​ប្រៀប​គ្មាន​ទេ បើ​អ្នក​ចង់​ទិញ តើ​អ្នក​ឲ្យ​ថ្លៃ​ប៉ុន្មាន ? ” ។

 អ្នក​បរ​រទេះ​គោ​ឆ្លើយ​ថា ” ខ្ញុំ​មាន​តែ​គោ​មួយ​នឹម​នេះ​ឯង ហើយ​គោ​នេះ ខ្ញុំ​ស្រឡាញ់​រក​អ្វី​ប្រៀប​គ្នា​ទេ ត្បិត​បរ​មួយ​ថ្ងៃ​រាល់​ល្ងាច​មិន​ឈប់​សោះ​ក៏​បាន ក្នុង​មួយ​ថ្ងៃ​ឲ្យ​ទឹក​ផឹក​តែ​ម្ដង ទាំង​ល្បឿន​ទៀត​ក្នុង​ស្រុក​អាយ​នេះ គ្មាន​គោ​ណា​លឿន​ស្មើ​ទេ, តែ​ឥឡូវ​នេះ ចិត្ត​ខ្ញុំ​ចង់​បាន​ឆ្កែ​អ្នក​ឯង យក​ទៅ​ដេញ​សត្វ​ឯ​ស្រុក​ខ្ញុំ​ៗ សុំ​ដូរ​ថ្នូរ​គោ​មួយ​នឹម ព្រម​ទាំង​កណ្ដឹង ចង្ក្រង់ ត្រដោក ខ្សែ​ទាម ខ្សែ​ចន្ទោល​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​ជិះ​បរ​តែ​ម្ដង, ខ្ញុំ​សុំ​តែ​ខ្លួន​និង​ប្រពន្ធ​ចុះ​ចេញ” ។ 

អ្នក​រែក​សាច់​ឮ​អ្នក​បរ​រទេះ​ថា “ដូរ​ជា​គោ​មួយ​នឹង​គ្រប់​ប្រដាប់ ស្រាប់​តែ​ឡើង​បរ” ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ដោយ​សារ​រែក​សាច់​វា​ធ្ងន់​ផង ហើយ​ធ្វើ​ជា​មិន​ចង់​ដូរ​ទេ តែ​ក្នុង​ចិត្ត​ដូរ​ណាស់ និយាយ​ថា “ឆ្កែ​ខ្ញុំ​នេះ​ខ្ញុំ​ស្រឡាញ់​ណាស់, ឥឡូវ​អ្នក​មក​សុំ​ដូរ​ពី​ខ្ញុំ​ទៅ ខ្ញុំ​ខំ​កាត់​ចិត្ត​ដូរ​ឲ្យ​អ្នក​ទៅ​ចុះ, ប៉ុន្តែ​អ្នក​ថ្នម​វា​ឲ្យ​ល្អ កុំ​ឲ្យ​វា​អត់​ឃ្លាន ហើយ​អ្នក​យក​សាច់​នេះ ទុក​ឲ្យ​វា​ស៊ី​តាម​ផ្លូវ​ទៅ ” ។ 

ឯ​អ្នក​រែក​សាច់ ឲ្យ​សាច់​ទៅ​អ្នក​នោះ​ល្មម​ខ្លា​ស៊ី​ឆ្អែត ហើយ​យក​សាច់​ដាក់​លើ​រទេះ​បរ​ទៅ ។ អ្នក​ម្ចាស់​រទេះ​គោ​នោះ ក៏​ដឹក​ខ្លា​សំគម​កំបាក់​ជើង​ទេ ទៅ​បន្តិច​ទៅ ឲ្យ​សាច់​ទៅ​ខ្លា​ស៊ី​ជា​រឿយៗ ។

 ខ្លា​នោះ​បាន​សាច់​ស៊ី មាន​កម្លាំង ក៏​ក្រាញ​មិន​ចង់​ទៅ ត្រា​តែ​ដាច់​ខ្សែ ហើយ​ដើរ​ចូល​ក្នុង​ព្រៃ​ទៅ, អ្នក​នោះ​ដឹង​ថា​ខ្លា​បោល​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ ក៏​រត់​ទៅ​តាម​ចាប់ ហើយ​ហៅ​ថា “បឺសៗ ! អាក្លឹក​មក​ឯ​អាយ” ។

 ខ្លា​ឃើញ​មនុស្ស​ទៅ​ជិត បែរ​មក​គំរាម​ធ្វើ​ហ៊ែៗ ហ៊ៗ សន្ធាប់​ឲ្យ​អ្នក​នោះ ។ អ្នក​នោះ ឃើញ​ខ្លា​គំរាម​មុខ​គួរ​ឲ្យ​ខ្លាច​ដូច្នោះ ក៏​ថយ​មក​ក្រោយ​វិញ​ មិន​ហ៊ាន​តាម​ទៅ​ទៀត ប៉ុន្តែ​នឹក​ស្ដាយ មើល​ទៅ​រទេះ​បរ​ទៅ​បាត់ មិន​ដឹង​ជា​ទៅ​ដល់​ណា ។ 

អ្នក​ម្ចាស់​ខ្លា​បាន​រទេះ​គោ​នោះ​ហើយ ក៏​ម្នីម្នា​ដាក់​អម្រែក​លើ​រទេះ ឡើង​ជិះ​ទាំង​ពីរ​នាក់ បរ​ជា​ប្រញាប់​ទៅ ឲ្យ​តែ​ហួស​ពី​មុខ​ម្ចាស់​រទេះ​នោះ ។ 

ឯ​អ្នក​ម្ចាស់​រទេះ​ដល់​ខ្លា​បោល​ចូល​ព្រៃ​ទៅ​ហើយ នឹក​ស្ដាយ​ណាស់ មិន​ដឹង​គិត​ធ្វើ​ដូច​ម្ដេច ក៏​បបួល​ប្រពន្ធ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ចប់
(យកហេះទៅដូរហោះ)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ដារ៉ា


ព្រេងខ្មែរ÷រឿង ខ្លា​ស៊ី​កូន​តា​ពស់​ព្រៃ

អ្នកទស្សនា: Views

 

រឿង ខ្លា​ស៊ី​កូន​តា​ពស់​ព្រៃ

កាលពីព្រេងនាយ​ មាន​បុរស​ម្នាក់​ជា​ចាស់​ព្រឹទ្ធាចារ្យ​ឈ្មោះ​តា​ពស់​ព្រៃ គាត់​ជា​មនុស្ស​ទី​ទ័ល​ក្រ បាន​មក​តាំង​ទី​លំនៅ ធ្វើ​ស្រែ​ចម្ការ នៅ​ក្បែរ​ជើង​ភ្នំ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ ។

 លុះ​នៅ​យូរ​ៗ ទៅ​បាន​កូន​ប្រុស​ម្នាក់ គាត់​ចិញ្ចឹម​បី​បាច់​តាំង​ពី​តូច​រហូត​ដល់​បាន​អាយុ ១​ឆ្នាំ បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដរាប​រៀង​មក ឥត​ដែល​មាន​មោះ​ហ្មង​អ្វី​ឡើយ ។

 ថ្ងៃ​មួយ តា​ពស់​ព្រៃ​និង​ប្រពន្ធ កាល​បើ​បញ្ចុក​អាហារ​ឲ្យ​កូន​បរិភោគ​រួច​ក៏​ផ្ដេក​កូន​នោះ​នៅ​ក្នុង​រោង​ជា​លំនៅ​របស់​គាត់ ដូច​កាល​សព្វ​ដង​រៀង​មក មិន​បាន​គិត​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​កូន​សោះ​ទេ ហើយ​យក​ដង​រែក​សង្រែក និង​កណ្ដៀវ​ចេញ​ទៅ​តាំង​ពី​ព្រលឹម​រហូត​ដល់​ថ្ងៃ​ត្រង់ ចោល​កូន​ឲ្យ​ដេក​នៅ​ក្នុង​រោង​តែ​ម្នាក់​ឯង ។

 ក្រោយ​ពី​តា​និង​យាយ​ចេញ​ផុត​ទៅ មាន​ខ្លា​ធំ ១ ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ជិត​នោះ លប​ចូល​ទៅ​ក្នុង​រោង ឃើញ​ទារក​ដេក​តែ​ម្នាក់​ឯង ក៏​ពាំ​យក​ទារក​នោះ​ទៅ​ស៊ី​ជា​អាហារ ។ កុមារ​នោះ ពុំ​បាន​ស្រែក​យំ​មួយ​ង៉ា​ណា​សោះ ដោយ​វា​នៅ​តូច​ដេក​ពុំ​ដឹង​ខ្លួន ។ 

ឯ​តា​ពស់​ព្រៃ​និង​យាយ​ជា​ភរិយា ខំ​ច្រូត​ស្រូវ​នៅ​ក្រោម​កម្ដៅ​ព្រះ​អាទិត្យ តាំង​ពី​ព្រឹក​ពុំ​ហ៊ាន​ឈប់​សម្រាក​សោះ ។ លុះ​ថ្ងៃ​ត្រង់ អត់​ទ្រាំ​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ទៅ​ទៀត​ពុំ​បាន ។

 គាត់​ក៏​រៀប​កណ្ដាប់​ស្រូវ​ដាក់​ក្នុង​សង្រែក និង​ចង​ជា​ទ្រនូល ហើយ​តា​ពស់​ព្រៃ​លើក​អម្រែក​ដាក់​លើ​ស្មា ដើរ​តាម​ក្រោយ​យាយ ទូល​កណ្ដាប់​ស្រូវ យាត្រា​រលះ​រលាំង​សំដៅ​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន ។ 

ទៅ​ដល់​លំនៅ​ហើយ ក៏​ដាក់​អម្រែក​និង​ទ្រនូល ក្រឡេក​មើល​ទៅ​ក្នុង​រោង​មិន​ឃើញ​កូន​របស់​ខ្លួន​ដែល​ផ្ដេក​នោះ គាត់​មាន​សេចក្ដី​តក់ស្លុត​ញាប់​ញ័រ​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​គយ​គន់​រំពៃ ក្បែរ​ៗ​កន្លែង​កូន​ដេក​នោះ ឃើញ​មាន​តែ​ដាន​ជើង​ខ្លា​មួយ​យ៉ាង​ធំ និង​ស្នាម​ឈាម​ស្រក់ តាំង​ពី​កន្លែង​កូន​ដេក រហូត​ដល់​ព្រៃ​លំ ។ 

តា​ពស់​ព្រៃ​និង​ភរិយា បាន​ដឹង​ច្បាស់​ថា ខ្លា​ពាំ​យក​កូន​ទៅ​ស៊ី​ជា​អាហារ ហើយ​ក៏​យំ​សោក​សង្រេង​សង្រៃ អាល័យ​អាណិត​អាសូរ​ដល់​កូន​តូច​ដែល​មិន​ដឹង​អ្វី តាំង​ពី​កណ្ដាល​ថ្ងៃ​ត្រង់ រហូត​ដល់​ពេល​យប់ ទើប​តា​ពស់​ព្រៃ​និង​ភរិយា ឈប់​សោយ​សោក ហើយ​ងាក​មក​ពិចារណា​ថា :

 បើ​យើង​គិត​តែ​យំ​សោក​អាឡោះអាល័យ បោក​ខ្លួន​ដូច្នេះ​ត​ទៅ​ទៀត ឃើញ​ថា ឥត​បាន​ប្រយោជន៍​អ្វី​បន្តិច​បន្តួច​សោះ ដូច្នេះ​គួរ​គប្បី​យើង​យំ​ស្រែក ហើយ​គិត​រក​មធ្យោបាយ​ដូច​ម្ដេច​នឹង​សម្លាប់​ខ្លា​នេះ​ឲ្យ​ខាង​តែ​បាន ។ 

លុះ​ព្រឹក​ឡើង ក៏​បាន​សម្រេច​​ចិត្ត​ថា ត្រូវ​តែ​តាម​រក​សម្លាប់​ខ្លា​ដែល​ស៊ី​កូន​ខ្លួន​នោះ ឲ្យ​ខាង​តែ​បាន ។ ចាប់​ដើម​ពី​នោះ​មក រាល់​ព្រឹក​ភរិយា​ក្រោក​ពី​ព្រលឹម រៀប​ចំ​ម្ហូប​អាហារ បាយ​សំណុំ​ទឹក​បំពង់ និង​បៀក​ស្លា​ដាក់​ក្នុង​សំពៀត​ជូន​ស្វាមី​រៀង​រាល់​ថ្ងៃ ដើម្បី​ដើរ​តាម​រក​សម្លាប់​ខ្លា​សាហាវ​ដែល​បាន​មក​បំផ្លាញ​ជីវិត​កូន​នោះ ។

រីឯ​តា​ពស់​ព្រៃ កាល​ប្រពន្ធ​រៀប​ចំ​បាយ​កញ្ចប់ ស្លា ដាក់​សំពៀត​រួច​ហើយ ក៏​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ ស្មា​ម្ខាង​ស្ពាយ​បាយ​និង​សំពៀត​ស្លា ស្មា​ម្ខាង​ទៀត លី​ពូថៅ ដើរ​យ៉ាង​អង់​អាច​ចូល​ទៅ​ក្នុង​ព្រៃ​ភ្នំ រុក​តត្រុក​រក​ខ្លា​តាំង​ពី​ជើង​ភ្នំ​រហូត​ដល់​កំពូល មើល​សព្វ​ជ្រោះ​ជ្រលង រូង​ថ្ម​តូច-ធំ ឆ្លង​ព្រៃ​កាត់​វាល ឆ្លង​វាល​ចូល​ព្រៃ រៀង​រាល់​ថ្ងៃ ។

 គាត់​ដើរ​តាម​រក​ខ្លា​នោះ​តាំង​ពី​ខែ​ប្រាំង​រហូត​ដល់​ខែ​វស្សា មាន​ទឹក​ជំនន់​ជន់​លិច​ស្រែ​ចម្ការ​លិច​ព្រៃ​ព្រឹក្សា​លតាវល្លិ​រហូត​ដល់​ជើង​ភ្នំ បណ្ដាល​ឲ្យ​សត្វ​ទាំង​ឡាយ ដែល​អា​ស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ​ទាំង​ប៉ុន្មាន ផ្អើល​រត់​ឡើង​ទៅ​ពឹង​ពាក់​អាស្រ័យ​នៅ​លើ​កំពូល​ភ្នំ​ទាំង​អស់ ដោយ​ខ្លាច​ក្រែង​ទឹក​ជន់​លង់​ស្លាប់ ។

 ថ្ងៃ​មួយ​តា​ពស់​ព្រៃ ដើរ​ទៅ​ប្រទះ​នឹង​ខ្លា ដែល​ខាំ​កូន​របស់​គាត់​នោះ គាត់​ក៏​គិត​ថា​ពិត​ជា​ខ្លា​នេះ​ហើយ​ដែល​ចូល​ទៅ​ខាំ​កូន​អញ​ស៊ី ព្រោះ​ដាន​ជើង​ដែល​អញ​បាន​ឃើញ និង​ជើង​ខ្លា​នេះ​មាន​ទំហំ​ប៉ុន​គ្នា ហើយ​មិន​ឃើញ​មាន​ខ្លា​ដទៃ​ណា​ធំ​ដូច​ខ្លា​នេះ​ផង មាន​តែ​ខ្លា​នេះ​ហើយ ជា​មេ​ហ្វូង​ធំ​ជាង​គេ បាន​ជា​ហ៊ាន​ចូល​ទៅ​ខាំ​កូន​អញ​ស៊ី​ទាំង​ថ្ងៃ​ដូច្នេះ ។

 តា​ពស់​ព្រៃ​គិត​ថា បើ​អញ​សម្លាប់​ខ្លា​នេះ​ដោយ​កម្លាំង​បាយ មុខ​ជា​មិន​ឈ្នះ​វា​ទេ គួរ​គប្បី​អញ​ប្រើ​គំនិត​និង​ប្រាជ្ញា ដើម្បី​សម្លាប់​ខ្លា​នេះ ទើប​បាន ។ 

គិត​ស្រេច​ទើប​តា​ពស់​ព្រៃ​បញ្ចេញ​វាចា​យ៉ាង​ខ្លាំង ៗ ដើម្បី​ឲ្យ​ឮ​ទៅ​ដល់​ខ្លា​ថា: “វល្លិ​ណា​តូច ៗ ចង​ឆ្នាំង​ចង​អំបែង វល្លិ​ណា​វែង ៗ ចង​កូន​ចង​ចៅ ចង​ញាតិ​សន្ដាន​ព្យួរ​លើ​ចុង​ឈើ ” ។

 មាត់​តែ​ថា ភ្នែក​តែ​រំពៃ​មើល​លើ​មើល​ក្រោម មើល​ឆ្វេង-មើល​ស្ដាំ, ដៃ​ស្ដាំ​កាន់​ពូថៅ ដៃ​ឆ្វេង​ទាញ​វល្លិ ធ្វើ​ឫកពា ហាក់​ដូច​ជា​អ្នក​រក​វល្លិ​មែន ៗ លុះ​ទន្ទេញ​ផ្ទួន ៗ ឮ​ទៅ​ដល់​ខ្លា ។

 ខ្លា​មាន​សេចក្ដី​សង្ស័យ​ក៏​សួរ​ទៅ​តា​ពស់​ព្រៃ​ថា: តា ៗ បោច​វល្លិ​យក​ទៅ​ចង​អី ? តា​ពស់​ព្រៃ​ប្រាប់​ទៅ​ខ្លា​វិញ​ថា: “ អញ​បោច​វល្លិ​យក​ទៅ ចង​ឆ្នាំ​ចង​អំបែង ចង​កូន​ចង​ចៅ ចង​ញាតិ​សន្ដាន​របស់​អញ ព្យួរ​លើ​ចុង​ឈើ ព្រោះ​នៅ​តែ ៧ ថ្ងៃ​ទៀត នឹង​មាន​ទឹក​ជំនន់​ជន់​លិច​ស្រែ​ចម្ការ លិច​ព្រៃ​ព្រឹក្សា លិច​ទាំង​បព្វតា ស្លាប់​មនុស្ស​នឹង​អា​ខ្លា​ឯង​នេះ​អស់​ហើយ ” ។ 

រីឯ​សត្វ​ខ្លា​ឮ​តា​ពស់​ព្រៃ ប្រាប់​ដូច្នោះ មាន​ចិត្ត​ភិត​ភ័យ​នឹង​សេចក្ដី​ស្លាប់​ពន់​ពេក ក៏​និយាយ​សុំ​ឲ្យ​តា​ចង ខ្លួន​ព្យួរ​ទៅ​លើ​ចុង​ឈើ​ផង ។

 តា​ពស់​ព្រៃ​ប្រកែក​ថា “ អញ​មិន​រវល់​ចង​អា​ខ្លា​ឯង​ព្យួរ​លើ​ចុង​ឈើ​ទេ ទុក​ឲ្យ​អា​ខ្លា​ឯង​លង់​ទឹក​ស្លាប់​ទៅ​ចុះ បើ​អា​ខ្លា​ឯង​មិន​ជឿ​អញ​ទេ ឯង​ទៅ​ឡើង​លើ​ថ្ម​ដា​ណា​ដែល​ខ្ពស់​ជាង​គេ ហើយ​ក្រឡេក​មើល​ទៅ​ជុំវិញ​ភ្នំ គង់​នឹង​ឃើញ​ទឹក​ដែល​កំពុង​ជន់​ច្រើន​ឡើង​មិន​ខាន”។​ខ្លា​ឮ​តា​ពស់​ព្រៃ​ប្រាប់​ដូច្នោះ ក៏​ខំ​រត់​ទៅ​រក​ថ្ម​ដា​ដែល​ខ្ពស់​ជាង​គេ​លើ​កំពូល​ភ្នំ ហើយ​ឈរ​មើល​ទៅ​ជុំវិញ​ភ្នំ ឃើញ​ទឹក​ល្ហ​ល្ហាច ដូច​តា​ពស់​ព្រៃ​ប្រាប់​មែន ។

 ខ្លា​ភ័យ​តក់​ស្លុត​ខ្លាំង​ណាស់ រត់​ចុះ​មក​រក​តា​ពស់​ព្រៃ​វិញ ហើយ​អង្វរ​តា​ហើយ​អង្វរ​ទៀត សុំ​ឲ្យ​តា​ចង​ព្យួរ​ខ្លួន​ទៅ​លើ​ចុង​ឈើ តា​ពស់​ព្រៃ​រឹត​តែ​បាន​ចិត្ត​ហើយ​ពោល​ថា: “ អញ​ព្រម​ចង​អា​ខ្លា​ឯង​ដែរ តែ​អញ​ចង​តែ​វល្លិ​ណា​តូច ៗ ឲ្យ​ដាច់​ធ្លាក់​អា​ខ្លា​ឯង​ក្នុង​ទឹក​ស្លាប់​ទៅ​ចុះ” ។

 ខ្លា​រឹត​តែ​ភ័យ​តក់ស្លុត​ខ្លាំង​ទៅ​ទៀត អង្វរ​តា​ពស់​ព្រៃ​ទៀត មាត់​តែ​អង្វរ ជើង​ក៏​លើក​សំពះ ។ តា​ពស់​ព្រៃ​មើល​ល្មម​បាន​ការ​ហើយ ក៏​ប្រាប់​ខ្លា​ថា “ មិន​អី​ទេ ចាំ​អញ​រក​វល្លិ​យ៉ាង​ធំ​ចង​អា​ខ្លា​ឯង ” ។ 

ខ្លា​ឮ​ដូច្នោះ​មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត តា​ពស់​ព្រៃ​ក៏​បង្គាប់​ឲ្យ​ខ្លា​ដេក​ផ្ងារ ហើយ​យក​វល្លិ​យ៉ាង​ធំ​មក​ចង​ជើង​ទាំង ៤ ផ្អោប​គ្នា ហើយ​រ៉ក​ព្យួរ​ទៅ​នឹង​ចម្ពាម​ឈើ ដែល​មាន​កម្ពស់​ល្មម​យារ​ដំបង​វាយ​បាន ។ 

លុះ​តា​ពស់​ព្រៃ​ចង​ខ្លា​ព្យួរ​ស្រេច​ហើយ ក៏​ចេញ​ទៅ​រក​កាប់​ដំបង ១ យ៉ាង​ធំ ដើម្បី​យក​មក​សំពង​ខ្លា ដែល​ចង​ព្យួរ​នោះ ។ រីឯ​ខ្លា​កាល​បើ​បាន​ឃើញ​តា​ពស់​ព្រៃ​ទៅ​កាប់​ឈើ​ធ្វើ​ជា​ដំបង​ធំ​យ៉ាង​ដូច្នោះ ក៏​មាន​សេចក្ដី​សង្ស័យ ហើយ​សួរ​ទៅ​តា​ពស់​ព្រៃ​ថា: តា ៗ ! កាប់​ឈើ​មក​ធ្វើ​អី​ហ្នឹង ។

 តា​ពស់​ព្រៃ​ប្រាប់​ទៅ​ខ្លា​វិញ​ថា: “អញ​កាប់​ឈើ យក​មក​ធ្វើ​ជា​ដង​រែក​រែក​វល្លិ​យក​ទៅ​ផ្ទះ” លុះ​តា​ពស់​ព្រៃ កាប់​ឈើ​ធ្វើ​ជា​ដំបង​រួច​ស្រេច ក៏​កាន់​ដើរ​ចូល​ទៅ​វាយ​សំពង​អា​ខ្លា តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ព្រលប់​បណ្ដាល​ឲ្យ​បាក់​ឆ្អឹង​ជំនីរ​ខ្លា ដូច​គេ​រួប​ទាំង​សង​ខាង ដៃ​ខំ​វាយ​សំពង មាត់​ក៏​ផ្ចាញ់​ផ្ចាល​ថា: “ ពះ​អា​ខ្លា ! អា​ឯង​ខាំ​កូន​អញ​ទៀត ” ។ 

ខ្លា​ខំ​ប្រឹង​បម្រះ រើ​យ៉ាង​ណា​ក៏​ពុំ​រួច វាយ​រួច​តា​ពស់​ព្រៃ រក​សំរាម​និង​ឈើ​ងាប់ យក​មក​គរ​ដុត​ពី​ខាង​ក្រោម បណ្ដាល​ឲ្យ​ឆេះ​រោម​ខ្លា និង​រលាក​ស្បែក​ដុំ ៗ ហើយ​ឆេះ​រហូត​ទៅ​ដល់​ខ្សែ ដែល​ចង​ព្យួរ​នោះ​ដាច់​ធ្លាក់​ខ្លា​មក​ដល់​ដី បម្រះ​រួច រត់​ចូល​ព្រៃ​បាត់​ទៅ ។ 

ចំណែក​តា​ពស់​ព្រៃ ក៏​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​របស់​ខ្លួន​វិញ បាន​និយាយ​រ៉ាយរ៉ាប់​ប្រាប់​ប្រពន្ធ​គាត់ អំពី​រឿង​ដែល​គាត់​បាន​វាយ​ខ្លា​នោះ សព្វ​គ្រប់​ហើយ ក៏​នៅ​ជា​សុខ​ជាមួយ​នឹង​ប្រពន្ធ​គាត់​រហូត​អស់​ជីវិត​រៀង​ខ្លួន ។

មក​ពី​មាន​រឿង​ដូច​បាន​សម្ដែង​មក​នេះ​ហើយ បាន​ជា​ខ្លា​សព្វ​ថ្ងៃ មាន​លក្ខណៈ​ប្លែក​ពី​សត្វ​ទាំង​ពួង ៣ យ៉ាង

១- ឆ្អឹង​ជំនីរ​ខ្លា​កាល​ណា​វា​សំឡប​ទៅ ឃើញ​រាង​បាក់​រួប​ចូល​គ្នា២- សត្វ​ខ្លា​សព្វ​ថ្ងៃ​នេះ​វា​បន់​ក្នុង ១ ថ្ងៃ ៧ ដង កុំ​ឲ្យ​ជួប​នឹង​មនុស្ស​យើង ព្រោះ​វា​ខ្លាច​មនុស្ស តាំង​ពី​តា​ពស់​ព្រៃ​ចង​វា​សំពង​មក ។៣- ខ្លា​មាន​សម្បុរ​វា​ក្រវេមក្រវាម មក​ពី​តា​ពស់​ព្រៃ​ដុត​ភ្លើង​ឆេះ​រោល​នោះ​ឯង ៕ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


រឿងតាដុងយាយជ័យ

អ្នកទស្សនា: Views

 

មានសេចក្ដីដំណាលមកថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គមហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ។ 

កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។

 លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាសអស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ ។ 

ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ 

 ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។

 ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ 

ព្រានវិង ឃើញចំលែកអស្ចារ្យ ក៏ចិញ្ចឹមកូននោះ ត្រាតែធំ បានដាក់ឈ្មោះថា “ប្រមាញ់ វិងស៊ុង” ។ ចៅប្រមាញ់ វិងស៊ុង លុះចំរើនវ័យឡើង មានរូបឆោមលោមពណ៌ល្អ ឆើតឆាយ លើសលុបបុរសទាំងពួង ចៅប្រមាញ់ វិងស៊ុងបានហាត់ថ្នឹកខាងដើរបរបាញ់សត្វជាមួយព្រានវិង ជាឪពុក អ្នកស្រុកភូមិគេបានស្គាល់ថា ចៅប្រមាញ់វិងស៊ុង ជាកូនព្រានវិងគ្រប់គ្នា ។

 ស្លេះរឿងព្រានវិង និទានពីតាដុង យាយជ័យ។ តាយាយនេះគាត់មានកូនស្រីក្រមុំមួយឈ្មោះនាង “ត្រចើលដោះក្រាល” មានរូបឆោមលោមពណ៌ល្អស្រស់លើសនារី ទាំងពួងសាច់ស បបូរមាត់ដឹតស្លា ភ្នែកទាំងគូរភ្លឺដូចនិល ចិញ្ចើមដូចគេវាស ថ្ពាល់ប៉ោងពេញក្រហមព្រឿងៗ ដោះ ទាំងគូរឡើងក្បំណែនក្ដន់ ក្រហមរលោងហាក់ដូចជាបូស ឱ្យមុខឡើងក្រហមច្រាល ដំណើរទន់ភ្លន់សមឬកពារ ហាក់ដូចជាស្រីទេពអប្សរបវរកញ្ញា ។

 តាដុងយាយជ័យបានសង់ផ្ទះនៅជាមួយនិងកូន លើដីទួលមួយមានទឹកព័ទ្ធជុំវិញ ការពារកុំឱ្យបុរសចេញចូលដល់ទីលំនៅគាត់បាន ។ ទួលដែលតាដុងយាយជ័យសង់ផ្ទះនោះនៅមានជាដំណែលមកដល់ សព្វថ្ងៃ ស្ថិតនៅមុខក្លោងទ្វារចូលវត្ដទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៥ ចំងាយពីផ្លូវជាតិប្រមាណ៥០ម៉ែត្រ នៅក្នុង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។

 តាដុងយាយជ័យមានប្អូនស្រីម្នាក់ឈ្មោះនាងទែន នៅភូមិស្រែរនោង តាយាយបាននាំនាងត្រចើលដោះក្រាល ទៅលេងផ្ទះនាងទែនជាញឹកញាប់ ។

 ពេលដែលនាងទៅលេងផ្ទះម្ដាយមីង នាង តែងដើរកាត់ភូមិ កាន់ក្អមមកដងទឹក អ្នកស្រុកបានឃើញដំណើរនាងដើរ ក៏នាំគ្នាសរសើរថា ដំណើរនាងដើរញ៉ែងញ៉ង ពាក្យសរសើរនោះរាល់ពេលនាងដើរ បានទៅជាកន្លែងមានឈ្មោះថា ភូមិឃុំញ៉ែងញ៉ង ដល់សព្វថ្ងៃ ។ 

លុះនាងដើរមក ដល់កន្លែងអណ្ដូងទឹក មនុស្សដែលមកដងទឹកជាមួយនាងតែងពោលសរសើរសាច់នាងថា សស្គុស ទើបមានជាប់ពាក្យ សរសើររាល់ពេលវេលា ដែលនាងមកដងទឹកជាប់ពាក្យហៅមកដល់សព្វថ្ងៃថា “ភូមិគូស” ឯឃុំញ៉ែងញ៉ងនិងឃុំគូសនេះ នៅជិតជាប់គ្នាក្នុងស្រុកត្រាំកក់ ខេត្ដតាកែវ ។

 ពេលនោះនាងនៅលេងនិងផ្ទះម្ដាយមីងពីរបីថ្ងៃ តាដុងយាយជ័យ ក៏មក យកនាងវិលទៅកាន់លំនៅវិញ ។ តាដុង យាយជ័យ និងនាងត្រចើលដោះក្រាល ដែលមកកាន់ផ្ទះនាងទែននោះមាន លោះខែតិចណាស់ ថ្ងៃមួយតានិងយាយ បាននាំនាងមកលេងផ្ទះនាងទែនទៀត លុះមកដល់ពាក់កណ្ដាលផ្លូវបានជួប និងព្រានវិង កំពុងនាំចៅប្រមាញ់វិងស៊ុង ដើរបរបាញ់សត្វក្នុងព្រៃ។ 

ដោយព្រានវិង និងតាដុងយាយជ័យនោះបានស្គាល់ គ្នាច្បាស់ពីមុនមកផង អ្នកទាំងនោះក៏ មានការសាកសួររាក់ទាក់រកគ្នាទៅវិញទៅមក ។

 ឯចៅប្រមាញ់វិងស៊ុង និងនាងត្រចើលដោះក្រាល កាលបើឃើញ គ្នាហើយ ចេះតែគយគន់គ្នាទៅវិញទៅមក។ ដោយការគយគន់រកគ្នានោះ សេចក្ដីស្នេហាក៏ចាប់ដុះដាលឡើង ពេញពោរនៅក្នុងបេះដូងរៀងខ្លួន ហើយបញ្ចេញឬកពារទៅវិញទៅមកលុះត្រាតែ ដឹងចិត្ដគ្នា។

 ឯតាដុងយាយជ័យ ចេះតែគយគន់មើលឃើញចៅប្រមាញ់វិងស៊ុង មានរូបល្អក៏នឹកក្នុងចិត្ដថា បើបានធ្វើជា គូស្វាមី ភរិយាកូនអញ សក្ដិសមគ្នាណាស់ ។ តានិងយាយក៏សួរទៅព្រានវិងថា “អ្នកកំលោះនោះត្រូវជាអ្វីនិងលោក?” ព្រានវិងឆ្លើយប្រាប់ថា “កូន” ។ 

 ដោយពេញចិត្ដនិងរូបល្អស្រស់របស់ចៅប្រមាញ់វិងស៊ុង តានិងយាយក៏ទុកឱកាសឱ្យគូ ស្នេហាទាំងពីរនាក់នោះ និយាយឆ្លើយឆ្លងគ្នាតាមចិត្ដ ។ 

 លុះចប់ការសន្ទនានិងគ្នាហើយ អ្នកដំណើរទាំងពីរក៏លាបែក ចាកគ្នាចេញទៅ ដោយញំយកទាំងសេចក្ដីស្នេហាជាប់រៀងខ្លួនទៅផង ។

 ចៅប្រមាញ់វិញស៊ុង បានដឹងដំណើររឿងត្រ ចើលដោះក្រាល មកលេងផ្ទះនាងទែនជាញឹកញាប់ក៏ចេះតែដើរកាត់ស្វែងរកជួបនិងនាងនៅផ្ទះនាងទែនជានិច្ចមកដែរ។

 ឯព្រានវិង និងមេបាខាងនាង ក៏ពេញចិត្ដនិងគូរស្នេហ៍ទាំងពីរនោះ ចាំតែពេលចូលស្ដីដណ្ដឹង និងរៀបការផ្សំផ្គុំឱ្យ ប៉ុណ្ណោះ ។ 

 លុះនៅយូរទៅសេចក្ដីស្នេហា ក៏រីកដុះធំឡើងតែរាល់ថ្ងៃ តែដោយហេតុតាដុងយាយជ័យពុំបានជូននាងមក លេងផ្ទះ នាងទែនជាញឹកញាប់ដូចកាលមុន ព្រោះគាត់មានការរវល់ច្រើន នាងក៏លបលួចមកផ្ទះនាងទែនតែម្នាក់ឯង ។

 ថ្លែងពីព្រះរាជាដែលគង់សំចត នៅព្រះពន្លាលង្វែក ព្រះអង្គឡើងគង់លើអស្សពាហ៍ មានសេនា៤នាក់ដង្ហែព្រះអង្គទៅផង លុះចូលទៅដល់ក្នុងព្រៃជ្រៅស្រាប់តែប្រទះនាងត្រចើលដោះក្រាល ដើរត្រាច់តែម្នាក់ឯង។

 ត្រង់ព្រៃដែល ស្ដេចប្រទះនាងនោះ អ្នកស្រុកគេហៅថា “ព្រៃប្រទះនាង” ដែលសព្វថ្ងៃគេហៅក្លាយមកថា “ប្រទះឡាង” ទៅវិញ។

 ព្រះអង្គបានទតឃើញនាងមានរូបឆោមលោមពណ៌ល្អដូចទេពធីតា ក៏ទ្រង់លោតចុះពីលើខ្នងសេះ យាងសំដៅទៅរក រូបនាង ទ្រង់លួងលោមនាងដោយសេចក្ដីស្នេហា ។

 នាងត្រចើលដោះក្រាល ក៏មានសេចក្ដីភិតភ័យ នាងមិនមានឆ្លើយ អ្វីទៅព្រះរាជទេ នាងបែរជារត់ត្រលប់មកក្រោយវិញ។ ពេលនោះព្រះរាជា និងសេនា៤នាក់ក៏រត់ដេញតាមនាង។

 ដោយកំលាំងនាងជាស្រីរត់មិនសូវលឿន ហើយដោយឃើញព្រះរាជាដេញ ក៏ខិតជិតណាស់មកផង នាងបានឃើញ ដំបូកមួយនៅក្នុងព្រៃពីខាងមុខ នាងក៏លើកដៃបួងសួង “ថាបើខ្លួននាងពិតជាគូរនិងចៅប្រមាញ់វិងស៊ុង សូមឱ្យនាងចូល ទៅពួនលាក់ខ្លួននៅដំបូកនោះឱ្យបាត់” បួងសួងហើយ នាងក៏រត់ចូលទៅពួនលាក់ខ្លួននៅដំបូកនោះ ។ 

ព្រះរាជានិងសេនា ៤នាក់ ក៏រត់ទងមើលពីចំងាយមក ឃើញនាងចូលទៅក្នុងដំបូកនោះដែរ តែលុះមកដល់បែរជារកនាងមិនឃើញ បានជាមានពាក្យហៅទីនោះថា “ដំបូងមានលក្ខណ៍។

 កន្លែងនោះក្រោយមក អ្នកស្រុកបានសាងវត្ដ ហៅវត្ដដំបូកមាន លក្ខណ៍នៅក្នុងឃុំទំនប់ធំ ស្រុកពញាឮ ខេត្ដកណ្ដាល តែតាមពាក្យចាស់ៗជាន់ដើម ទីត្រង់នោះគេហៅថា “ត្រពោក មានលក្ខណ៍។ 

ពេលនោះព្រះរាជាទ្រង់ឆ្ងល់ និងដំណើរនាងដែលរត់បាត់ខ្លួននៅដំបូកនោះ ក៏ទ្រង់ពិគ្រោះនិងសេនា ។ សេនាទាំងបួននាក់តបវិញថា “ស្ដ្រីដែល មានរូបល្អអំបាញ់មិញនេះ បានរត់មកពួនបាត់នៅដំបូកដែលជាកន្លែងមិនគួរនិង លាក់ខ្លួនបាត់យ៉ាងដូច្នេះ ដោយព្រះអង្គដេញចាប់បង្ខំនាង ប្រហែលជាមានទេវតាជួយយកអាសារនាងជាមិនខាន” ។

 ហើយសេនាទូលថែមទៀតថា “បើព្រះអង្គសព្វព្រះរាជហឬទ័យនិងរូបនាង សូមព្រះអង្គយាងចូលទៅស្ដីដណ្ដឹង ដល់ ឪពុកម្ដាយនាងតាម ប្រពៃណីវិញ។ ព្រះរាជាទ្រង់មានព្រះបន្ទូលថា “ចុះធ្វើម្ដេចនិងបានស្គាល់ទីកន្លែងឪពុកនាង?” សេនាក្រាបបង្គំទូលថា “បើនាងនោះពិតជាមនុស្សលោកមែន ទូលព្រះបង្គំសួររកទីកន្លែងឪពុកម្ដាយនាងថ្វាយព្រះអង្គ និងបានសំរេចតាម ព្រះរាជបំណងមិនខាន” ។

 ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យសេនាទាំង៤នាក់សព្វគ្រប់ហើយ ទ្រង់ យាងត្រលប់ចូលព្រះពន្លាវិញ។ ចាប់តាំងពីថ្ងៃនោះមក សេនា៤នាក់ក៏ព្យាយាមស៊ើបសួររកទីកន្លែងផ្ទះឪពុកម្ដាយនាង ត្រចើលដោះក្រាល រកអស់ពេលជាយូរថ្ងៃពុំឃើញសោះ ក៏នាំគ្នាចូលទៅថ្វាយបង្គំព្រះរាជា ទូលតាមការស្រាវជ្រាវរក មិនឃើញនោះ ។

 ព្រះរាជាក៏ប្រជុំអស់ពួលសេនា ទ្រង់មានព្រះរាជបញ្ជាថា “ឱ្យរៀបធ្វើពិធីប្រណាំងទូកងឱ្យអ្នកស្រុក មើលក្រែងបានប្រទះនាង ហើយពួកយើងដើរតាមមើលឱ្យស្គាល់ទីលំនៅរបស់នាង។ 

 សេនាទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងផ្សាយដំណឹង ដល់អ្នកស្រុកភូមិជនបទជិតឆ្ងាយ ឱ្យមកមើលប្រណាំងទូក។ លុះដល់ថ្ងៃប្រណាំងទូក អ្នកស្រុកក៏ផ្អើលឈូរឆរមីដេរដាស ដើរពពាក់ពពូនគ្នាទៅមើលដោយសេចក្ដីរីករាយ ។ 

ចំណែកនាងត្រចើលដោះក្រាល កាលស្ដេចដេញចាប់នាង នាងពុំស្គាល់ជាស្ដេចទេ លុះស្ដេចយាងចេញផុតទៅ នាងឃើញស្ងាត់ក៏រត់ចេញពីដំបូកនោះ ត្រលប់ទៅផ្ទះនាងវិញ។

 នាងបានរៀបរាប់ប្រាប់ម្ដាយឪពុកនាង នៅហេតុដែលកើតមានដល់រូបនាងតាមត្រង់ ហើយ ថ្លែងប្រាប់ពីសេចក្ដីស្នេហារបស់នាងដ៏លើសលប់ទៅលើចៅប្រមាញ់ វិងស៊ុង។

 ឪពុកម្ដាយបានដឹងចិត្ដកូនសព្វគ្រប់អស់ ហើយក៏មានចិត្ដអាណិតកូន ដោយឃើញទឹកមុខកូនស្រពាប់ស្រពោនខ្លាំងពេក ។ ពេលដែលអ្នកស្រុកផ្អើលឈូរឆរទៅ មើលប្រណាំងទូក តាដុងយាយជ័យក៏នាំនាងត្រចើលដោះក្រាលទៅមើលនិងគេដែរ ។ 

 លុះដើរទៅដល់កន្លែងប្រណាំង ទូក អ្នកស្រុកភូមិក៏ចេះតែបបួលគ្នាគយគន់មើលសំរស់របស់នាងត្រចើលដោះក្រាល ហើយគេសរសើរគ្រប់គ្នា ។ 

សេចក្ដីសរសើរលំអនាងពីមាត់មួយទៅមាត់មួយ ក៏លេចឮទៅដល់សេនា របស់ព្រះរាជាដែលកំពុងដើរត្រាច់រកមើល នាង។ សេនាទាំងបួននាក់បានដើរមកឃើញផ្ទាល់ច្បាស់ហើយ ក៏ប្រជុំគ្នាចាំមើលដំណើរនាងត្រលប់ទៅផ្ទះវិញ។

 លុះពិធី ប្រណាំងទូកចប់ហើយ អ្នកស្រុកក៏ត្រលប់ទៅទីលំនៅរៀងខ្លួន ។ សេនា៤នាក់លួចធ្វើដំណើរតាមក្រោយតាដុងយាយ ជ័យ លុះបានស្គាល់ទីលំនៅនាង និងឪពុកម្ដាយនាងហើយ ក៏ត្រលប់ចូលទៅថ្វាយបង្គំព្រះរាជាទូលតាមសេចក្ដីពិត។

 ព្រះរាជាក៏ស្ដេចយាងមកផ្ទះតាដុងយាយជ័យជាមួយ និងសេនា៤នាក់ ។ តាដុងយាយជ័យបានឃើញព្រះរាជាទ្រង់ស្ដេច យាងមកដល់ផ្ទះខ្លួនក៏រៀបទីកន្លែងទទួលព្រះអង្គ។

 ព្រះរាជាទ្រង់មានព្រះបន្ទូលផ្ទាល់ព្រះអង្គនិងតាដុងយាយជ័យ សូម យកដណ្ដឹងយកនាងត្រចើលដោះក្រាល ជាអគ្គមហេសី ហើយព្រះអង្គបញ្ជាក់ថា សូមឱ្យតានិងយាយបង្គាប់យ៉ាងណាៗ ក៏បង្គាប់ចុះ ព្រះអង្គហ៊ានទទួលទាំងអស់។

 ពេលនោះតាដុងយាយជ័យបានស្គាល់ទឹកចិត្ដកូនច្បាស់ តែមិនទាន់ហ៊ាន សំរេចចិត្ដថា ថ្វាយឬមិនថ្វាយព្រះរាជាទេ ចាំសួរចិត្ដកូនសិន។

 លុះសួរទៅនាងត្រចើលដោះក្រាល នាងប្រកែកចំពោះ ឪពុកម្ដាយនាងថា “នាងមិនទទួលយកស្ដេចទេនាងស៊ូស្លាប់ជាមួយចៅប្រមាញ់វិងស៊ុង ជាគូរបណ្ដូលចិត្ដនាងហើយ ” ។ 

តាដុងយាយជ័យ ឮកូនប្រកែកតឹងរ៉ឹងដូច្នេះក៏ពិគ្រោះគ្នា ពីរនាក់ប្ដីប្រពន្ធថា “បើយើងមិនថ្វាយនាងទៅស្ដេច យើងមុខ ជាមានទុក្ខទៅថ្ងៃក្រោយជាមិនខាន តែបើយើងលើកនាងថ្វាយស្ដេច យើងអាណិតចិត្ដកូនយើងដែលគ្នាស្រលាញ់ទៅ លើចៅប្រមាញ់វិងស៊ុង ជាទីពេញចិត្ដយើងដែរទៅ

ហើយ បើដូច្នោះយើងបង្គាប់ព្រះរាជាឱ្យធ្ងន់ កុំឱ្យព្រះអង្គទទួលរួច ទុកជាព្រះអង្គហ៊ានទទួលក៏ព្រះអង្គច្បាស់ជា ចាត់ការធ្វើមិនទាន់ដែរ” ។

លុះគ្រោះគ្នាពីរនាក់ប្ដីប្រពន្ធរួចហើយ តាយាយក៏មកទូលព្រះរាជាថា “មិនហ៊ានបង្គាប់ ព្រះអង្គទេក្រែងព្រះអង្គមិនហ៊ានទទួល” ។

 ព្រះរាជាមានព្រះបន្ទូលថា “ព្រះអង្គហ៊ានទទួលទាំងអស់ ឱ្យតែលើកនាងថ្វាយព្រះអង្គចុះ” ។ តាយាយក៏បង្គាប់ព្រះរាជាថា “សូមព្រះអង្គលើក ផ្លូវពីព្រះពន្លាព្រះអង្គមកដល់ផ្ទះទូលព្រះបង្គំឱ្យបានស្រេចតែមួយរាត្រី បើមិនហើយទូលព្រះបង្គំមិនលើកនាងថ្វាយទេ ”។

 ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ឃើញថា ការនោះមានបន្ទុកធ្ងន់ណាស់ តែដោយព្រះរាជាទ្រង់ទសពិធរាជធម៌ផង ទ្រង់សព្វព្រះរាជហឬទ័យ លើរូបនាងត្រចើលដោះក្រាលលើសលុបផង ព្រះអង្គក៏ទទួលធ្វើផ្លូវតាមបង្គាប់របស់តាដុង យាយជ័យ។

 លុះព្រះអង្គថយទៅវិញទ្រង់ប្រាប់ពលរេហ៍មកប្រជុំគ្នា ហើយព្រះអង្គត្រាស់បង្គាប់ថា “ចូរសេនារេហ៍ពល ទាំងអស់ លើកផ្លូវថ្នល់មួយចាប់ពីព្រះពន្លារហូតដល់ផ្ទះឪដុងម៉ែជ័យ ធ្វើតែមួយយប់ឱ្យហើយស្រេច” ។

 ពាក្យដែលហៅ ថាឪដុង ម៉ែជ័យ តែក្រោយមកគេហៅក្លាយជា “ឪដុងមានជ័យ ” ។ គ្រានោះសេនាពលរេហ៍លើកផ្លូវថ្នល់ក្នុងមួយរាត្រី នោះមិនហើយសោះ លុះដល់ភ្លឺស្វាងឡើង ផ្លូវថ្នល់នោះនៅដាច់មិនជាប់គ្នា បានជាមានពាក្យហៅថា “ភូមិថ្នល់ដាច់” នៅក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំងសព្វថ្ងៃនេះ ។ 

តាដុងយាយជ័យបាននាំគ្រួសារចុះទូកជាស្រេច តាមមើលសេនារេហ៍ពលរបស់ស្ដេចលើកផ្លូវថ្នល់ ដោយមានបំណងថា បើព្រះអង្គលើកផ្លូវថ្នល់ក្នុងមួយយប់ហើយមែន នឹងនាំនាងត្រចើលដោះក្រាលទៅតែម្ដង ។ 

លុះឃើញផ្លូវថ្នល់នោះ ស្ដេចលើកមិនទាន់ហើយ តានិងយាយត្រេកអរ ណាស់ក៏ចូលចតទូក ត្រង់កន្លែងផ្លូវថ្នល់ដាច់នោះ តាដុង និង យាយជ័យឡើងទៅមើលផ្លូវថ្នល់ ។

 គាត់កំពុងពិនិត្យមើល ផ្លូវថ្នល់នោះ សេនាក៏ទៅក្រាបបង្គំទូលព្រះរាជា តាមហេតុរឿងដែលលើកផ្លូវថ្នល់មិនហើយនោះដែរ ព្រះរាជាស្ដេច យាងមកទតមើល។

 តាដុងយាយជ័យ ឮដំណឹងថាស្ដេចយាង មកហើយក៏បបួលគ្នារត់ចុះទូកកុំឱ្យស្ដេចឃើញមុខ ។ ពេលនោះយាយជ័យប្រពន្ធតាដុង ភ័យញីញ័ររត់ចុះទៅទូកមិនកើត ក៏វាចុះតាមច្រាំជង្ហុកទទួលនិងសេនាស្ដេចមក ដល់ក៏ស្រែកឃាត់ថា “យាយកុំវាចុះទូកអីស្ដេចយាងមកដល់ឥឡូវហើយ” ។

 យាយជ័យមិនស្ដាប់សោះ ចេះតែវាចុះទូក ដល់ទូកហើយក៏ច្រានទូកចេញទៅ។ កន្លែងដែលយាយជ័យវានោះ ពីដើមគេហៅថា កំពង់យាយវារ តែសព្វថ្ងៃគេហៅ ថា កំពង់ជវារស្ថិតក្នុងបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។

 លុះស្ដេចមកដល់ទតឃើញទូកតាដុង យាយជ័យ ចេញពីកំពង់ឆ្ងាយ ហើយព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុង ម៉ែជ័យ មុខជាខឹងព្រះអង្គលើកផ្លូវថ្នល់ មិនហើយហើយ បានជាមិនចាំជួបព្រះអង្គ ព្រះរាជាក៏ចាត់សេនា៤នាក់ទៅ តាមក៏តាមទៅជួបនិងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនា ទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាង ព្រះនាមព្រះមហាក្សត្រថា “ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពី របស់ព្រះអង្គ។

 គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចជានាងទេពធិតា ក៏លុតជង្គង់សំពះប្រណម្យ ទៅសេនាទាំង៤នាក់វិញថា “នាងខ្ញុំសូមក្រាបថ្វាយបង្គំ ទូលព្រះរាជាថា “នាងខ្ញុំមិនសុខចិត្ដទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបនាងខ្ញុំជារាស្ដ្រ បើព្រះអង្គនៅតែបង្ខំ យកនាងខ្ញុំ នាងខ្ញុំនឹងសំលាប់ខ្លួនជាមិនខាន” ។ 

ខណៈនោះតាដុងយាយជ័យ បាននិយាយទៅកាន់សេនាទាំង៤នាក់ថា “សូមលោកទូលព្រះរាជាផង កុំឱ្យព្រះអង្គបង្ខំពេកចាំខ្ញុំលួងលោមចិត្ដកូនស្រីឱ្យបានស្រួលសិន” ។ សេនា៤នាក់ក៏លា ថយត្រលប់ទៅវិញ។

 ចំណែកតានិង យាយក៏នាំនាងចូលក្នុងផ្ទះ ។ ពេលរាត្រីនោះតាដុងយាយជ័យ នាំនាងត្រចើល ដោះក្រាល រត់បណ្ដោះទៅទុកនៅផ្ទះនាងទែន នៅភូមិស្រែរនោង ហើយតាដុងយាយជ័យនិយាយប្រាប់នាងទែនជាប្អូន តាមរឿងសព្វគ្រប់ និង ប្រាប់ឱ្យហៅព្រានវិង ឱ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសពេលការឱ្យហើយទៅ។ 

តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសារនិងស្ដេច ។

 ត្រង់កន្លែងសេនា៤នាក់មកអង្វរ តាដុងយាយជ័យ សុំនាងត្រចើលដោះក្រាល ធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងបានសំពះប្រណម្យទៅសេនាវិញ ថា នាងមិនសុខចិត្ដទៅទេនោះ គេហៅថាទេពធិតាប្រណម្យ ដែលឥឡូវមានវត្ដមួយឋិតនៅកន្លែងនោះឈ្មោះថា “វត្ដទេពប្រណម្យ” គឺពីដើមគេហៅថា “វត្ដទេពធីតាប្រណម្យ” តែក្រោយមកទៅជាវត្ដទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល សព្វថ្ងៃនេះ ។

 គ្រានោះព្រះរាជា លុះទ្រង់សណ្ដាប់សេនាទាំង៤នាក់ថា ចាំឪដុងម៉ែជ័យអង្វរ លួងលោមចិត្ដកូនឱ្យបានស្រួលសិន ដូច្នោះតាំងពីថ្ងៃនោះមក ព្រះអង្គទ្រង់ចាត់ឱ្យសេនាមកស្ដាប់ដំណឹងនៅផ្ទះ ឪដុងម៉ែ ជ័យជារាល់ថ្ងៃ។ 

 ឯតាដុង យាយជ័យចេះតែដោះសារ “ចិត្ដនាងពុំទាន់ស្រួលនៅឡើយទេ” ។ ចំណែកនាងទែនកាល បើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ហៅព្រានវិង និងចៅប្រមាញ់វិងស៊ុង ឱ្យចូលមកស្ដីដណ្ដឹងនាង ត្រចើលដោះក្រាល រួចឱ្យអាចារ្យមើលវេលាការបានហើយ ក៏ឱ្យដំណឹងទៅបងឱ្យមករៀបការកូន។

 តាដុងយាយជ័យ មិនទាន់បានមកដល់ភ្លាមទេ ព្រោះនៅជាប់ដោះសារនិងស្ដេច លុះដល់ថ្ងៃចូលរោងតានិងយាយក៏លួចលបធ្វើដំណើរ តាមផ្លូវក្នុងព្រៃ មានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម។ 

 ការគិតរបស់តានិងយាយច្រើនពេករហូតធ្វើឱ្យគាត់ ទាំងពីរនាក់វង្វេងផ្លូវអស់មួយថ្ងៃ រកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ ទទួលពេលនោះតានិងយាយបានជួបនិងក្មេង គង្វាលក្របីម្នាក់ តាយាយស្រែកសួរថា “អើអាវ៉ា ! ផ្លូវណាទៅវាំងពន្លូស ផ្លូវណាទៅគុស ទៅស្រែរនោង?។
ក្មេង គង្វាក្របីគិតថា បើអញចង្អុរបង្ហាញប្រាប់ផ្លូវតែម្ដងទៅ វាគ្មានប្រយោជន៍ អ្វីមកដល់អញសោះ បើដូច្នេះអញប្រាប់ឱ្យ តានិងយាយនេះ បន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឱ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង។ 
 ក្មេងគង្វាលក្របីគិតដូច្នេះហើយ ក៏ឆ្លើយតបទៅតានិងយាយថា “បើតានិងយាយចង់រកផ្លូវឱ្យឃើញដូចបំណង សូម ឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយក៏មានទាំងក្មេងប្រគំភ្លេងបទខ្ទោរខ្នងភ្នំ របងមាស បន្ទាយប្រាសាទទឹកទប់ ជ្រង់ជ្រងសំងាត់ដោះក្រាល កន្ទែនទ្រាំងផងទើបតានិងយាយរកផ្លូវឃើញ” ។
 តាដុងយាយ ជ័យឮពាក្យក្មេងកង្វាលក្របីបង្គាប់ឱ្យធ្វើដូច្នេះក៏ជឿធ្វើតាម ហើយតានិងយាយ ក៏ឡើងទៅបន់អ្នកតា លើខ្នងភ្នំលុះចុះ មកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅផ្ទះនាងទែន ។ 
កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញ បងស្ទុះមកទទួល តាដុងយាយជ័យក៏និយាយប្រាប់ពីហេតុវង្វេងផ្លូវហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។
 ពេលនោះលោកអាចារ្យបាន ឮថាតាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងមង្គលការដែលជិតបង្ហើយ មានជាប់បំណន់ដូច្នោះ ក៏ឃាត់ផ្អាក ដំណើរតាយាយឱ្យឈរនៅក្រៅរបងសិន មិនឱ្យជាប់បំណន់ចូលមកក្នុងមង្គលការនោះឡើយ។ 
 លោកអាចារ្យប្រាប់ មេបាទាំងសងខាងថា “ឱ្យរៀបសំណែនមានទាំងភ្លេង យកទៅប្រគំលា បំណន់អ្នកតាឱ្យហើយសិនទើបអាចចូលមកក្នុង មង្គលការនេះបាន។ នាងទែនបានចាត់ចែងរៀបចំសំណែន មានបង្អែមចង្អាប ព្រមទាំងភ្លេងយកទៅប្រគំបទខ្ទោរខ្នង ភ្នំ របស់មាសបន្ទាយប្រាសាទ ទឹក ទប់ ជ្រង់ ជ្រង សំងាត់ដោះក្រាល កន្ទែន ព្រមទាំងភ្លេង៩បទនេះ ក៏បានចូលមក នៅក្នុងទំលាប់ ភ្លេងការចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យបានឱ្យនាំកូនប្រុសស្រីយកមកផ្ទឹមឱ្យពរជ័យ ។
 ថ្លែងពីព្រះរាជាដែលគង់នៅ ព្រះពន្លាបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុថា តាដុងយាយជ័យលួចពង្រាត់ នាងត្រចើលដោះក្រាលយកទៅរៀបការ នៅឯផ្ទះនាងទែន នៅស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនា សំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គទតឃើញនាងត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង
 កំពុងតែក្រោបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ដោយទ្រង់ទតឃើញគូរស្វាមីភរិយាទាំងពីរអ្នកនោះ មានរូបសម្ផស្ស ល្អសក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឱ្យគេធ្វើកិច្ចផ្ទឹម នោះឱ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឱ្យសេនាទាំងសងខាង ព្រមទាំងសាមីខ្លួនទាំងពីរនាក់មកជួបជុំចំពោះមុខ ព្រះភក្ដ្រព្រះអង្គ។
 អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យ ញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅចៅប្រមាញ់វិង ស៊ុងថា“អ្នកឯងជាកូនអ្នកណា? បានជាហ៊ានរៀបការ និងនាងត្រចើលដោះក្រាលជាគូដណ្ដឹងរបស់យើង?។
 ពេលនោះ ចៅប្រមាញ់វិងស៊ុង ក៏ក្រាបទូលតបវិញថា “ទូលព្រះបង្គំជាកូនព្រានវិង ” ហើយចង្អុរទៅព្រានវិងជាឪពុករបស់ខ្លួន ព្រះរាជាទតឃើញព្រានវិង ជាព្រានរបស់ព្រះអង្គក៏ទ្រង់សួរទៅថា “ព្រានឯងមានកូនប្រុសពីកាលណាមក? បានជា យើងមិនដែលឃើញ?” ។
 ព្រានវិងឱនសិរសា ក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា “កូនប្រុសនេះមិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចិម ព្រោះកាលថ្ងៃមួយនោះ ទូលបង្គំទៅបរបាញ់ សត្វក្នុងព្រៃបានប្រទះស៊ុតមួយធំ ចំលែកលើសសត្វទាំងអស់លើកទី១ ដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញ ហើយ
ក៏រើសយកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើងស្រាប់តែចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូន ចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំបានឱ្យឈ្មោះថា “ចៅប្រមាញវិងស៊ុង។ 
ព្រានវិងក្រាបទូលហើយ ក៏ចង្អុរទៅចៅ ប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះព្រះភក្ដ្រព្រះអង្គ ។
 ចៅប្រមាញ់វិញស៊ុង ក៏ភ្ញាក់ខ្លួនពេល នោះថាខ្លួនកើតពីពង។ ខណៈនោះព្រះរាជាក៏ស្ទុះទៅឱក្រសោប ចៅប្រមាញ់វិងស៊ុង ទ្រង់ហៅថា “ឱកូនសំលាញ់ឪពុក! ពុកនេះហើយជាឪពុករបស់កូន” ។ 
 ព្រះអង្គថ្លែងរៀបរាប់តាំងពីកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតព្រះរាជបុត្រទៅជាស៊ុត ក៏កាយដីកប់ក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយ ព្រះរាជាក៏ទ្រង់ចាត់ចែង ឱ្យដង្ហែព្រះរាជបុត្រ ព្រមទាំងព្រះនាងត្រចើលដោះក្រាលចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់ វិងស៊ុង និងនាង
ត្រចើលដោះក្រាល ឱ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដី ដំណរពីព្រះអង្គក្នុងពេលនោះទៅ ហើយ ព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា តាដុងម៉ែជ័យជាប់រហូតមក ។ 
 ទីក្រុងឧដុង្គមានជ័យ មានព្រះមហាក្សត្រ គង់នៅអស់ថេរវេលាជាង ២សតវត្ស គឺ២៤៣ឆ្នាំ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គរជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យនៅព.ស
 ២២៧៣-២២៧៩ គ.ស ១៧៣០ – ១៧៣៦ ស្ដេចចាកចេញពីក្រុង ឧដុង្គមានជ័យ ទៅគង់នៅទីក្រុងលង្វែកជាទីក្រុងចាស់ដែលធ្លាប់មានមកហើយ ។ 
 មុនពេលព្រះបាទអង្គរជ័យស្ដេច គង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ២០ឆ្នាំ ក្រោយពី២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ ៕ចប់

ស្រាវជ្រាវពីរឿងខ្មែរដោយ÷ដារ៉ា

រឿង ប្រវត្តិនំបញ្ចុកខ្មែរ

អ្នកទស្សនា: Views

 


រឿង ប្រវត្តិនំបញ្ចុកខ្មែរ
មានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិចមិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។


ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិចពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀតនៅតំបន់ដែលពួកគាត់រស់នៅសំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។


ម៉្យាងអង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយនារដូវប្រាំង ទំនេរពីការងារនៅស្រែអ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិតយកអង្ករស្រូវវារនេះធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរដាក់ប្រហុកខ្ទិះដូងថែមល្បោយបន្លែដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចម្ការក្រោយផ្ទះ។


លុះអ្នកស្រែជាប្ដីពិសាហើយក៏កើតជំងឺរាករូស ព្រោះនំបញ្ចុកនោះធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធុំថេត ផ្កាកំប្លោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិ បន្ថែមត្រយូងចេកជាជំនួយ ជាល្បោយនំពិសាហើយក៏លែងការរាគរូសដូចមុនទៀត។


ពួកគាត់ទាំងពីរនាក់បានប្រតិស្ឋនាមឲ្យនំនោះឈ្មោះថា «នំសរសៃស្រូវវារ» ​នៅពេលដែលអ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កឹះស្រវាចាប់នំបរិភោគបញ្ចុកចូលមាត់ជាទម្លាប់ធម្មតាតាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ ។


លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។


លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះលក់តាមភូមិតិចតួចដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃតាមដំណើរជីវិតសុចរិតរបស់ពួកគាត់។


ដល់នៅថ្ងៃមួយមានរាជកុមារវ័យប្រមាណ ៧វស្សា នាំពលសេនាជិះសេះដើរលេងនៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។


រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថារាជកុមារចង់សោយនំរបស់ខ្លួនក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។


ពេលនេះ រាជកុមារក៏មានសេចក្ដីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។

នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតា តាមរកទិញ “នំដែលស្នំបញ្ចុក” នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំ ពីអ្នកស្រែនោះជារៀងរាល់ព្រឹក ក៏ឲ្យរាជបុត្រជាទីស្រឡាញ់ព្រះរាជមាតាបញ្ជា ឲ្យសេនាទៅកោះហៅអ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះមកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំងរៀងរហូតទៅ។

ចំណេរតមកឈ្មោះ «នំសរសៃស្រូវវារ» ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជាជំនួសវិញយ៉ាងមានប្រជាប្រិយ តែយូរៗក្រោយមកទៀតក៏ត្រូវគេហៅកាត់ៗខ្លីៗថា «នំបញ្ចុកៗ» បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។

...

សូមបញ្ជាក់ថា នេះជារឿងព្រេងជារឿងអក្សរសិល្ប៍ប្រឌិត និពន្ធសម្រាប់ការសិក្សាអប់រំ ដូចជារឿងព្រេង ទាក់ទងទៅនឹងភ្នំប្រាសាទ ទឹកដី ច្រើនកន្លែង ហើយរឿងព្រេងមិនមែនជាប្រវត្តិសាស្ត្រទេ តែជាអក្សរសិល្ប៍ជំនាន់បុរាណ ដែលនិពន្ធហើយក៏និទានប្រាប់តៗគ្នា ដើម្បីស្រួលចាំ និងស្រួលស្គាល់។
ចំណែកចំណារក្រាំងខ្លះ បានត្រូវបំបាត់ចោល ដោយសារសង្គ្រាមនៅកម្ពុជា ដោយការលុកលុយ ពីប្រទេសជិតខាងផង និងដោយសង្គ្រាមក្នុងស្រុកផង ហើយខ្លះក៏មានសល់មកដល់សព្វថ្ងៃ។


រីឯ ក្រាំងប្រវត្តិសាស្ត្រខ្លះទៀត មិនត្រូវបានគេកកាយយកសិក្សាវិញទេ ព្រោះដោយមូលហេតុ ទំនាស់ទស្សនៈនយោបាយ ឬខុសពីជំនាន់មុន៕ចប់


(ប្រភពពី: អ្នកស្រី កែវ ច័ន្ទបូរណ៍)
ស្រាវជ្រាវចេញផ្សាយដោយ÷
ចៅតាជេត

រឿង​ សំលាញ់ពីរនាក់

អ្នកទស្សនា: Views

រឿង​ សំលាញ់ពីរនាក់

កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា និយាយ​សន្យា​គ្នា​ថា « កាល​បើ​យើង​មាន​ប្រពន្ធ​ហើយ ឯង​ក្ដី អញ​ក្ដី បើ​មាន​ទ្រព្យ​សម្បត្តិ​ត្រូវ​យើង​ចិញ្ចឹម​គ្នា​ទៅ​វិញ​ទៅ​មក >> ។ សន្យា​គ្នា​ហើយ យូរ​បន្តិច​ទៅ សម្លាញ់​មួយ​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ សម្លាញ់​មួយ​ទៀត​មាន​ប្រពន្ធ​ខាត​លក្ខណ៍ ។

វេលា​យប់​ចូល​ដំណេក សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​នោះ និយាយ​គិត​គ្នា​ប្ដី​ប្រពន្ធ​ថា « យើង​រក​ស៊ី​អី​ឲ្យ​មាន​ឆាប់ ?» ប្រពន្ធ​ថា « អ្នក​ចង់​រក​ស៊ី​អី ឬ​ប្រើ​ខ្ញុំ​ឲ្យ​ត្បាញ​រវៃ​លក់​ដូរ ខ្ញុំ​ទទួល​តាម មិន​ហ៊ាន​ទទឹង​ទាស់​ចិត្ត​អ្នក​ទេ» ។

លុះ​កន្លង​មក ពេល​ចូល​ដំណេក​យប់​ក្រោយ​ទៀត ប្ដី​និយាយ​នឹង​ប្រពន្ធ​ថា « នាង​អើយ​បើ​គិត​ឃើញ​របរ​មួយ​មុខ បើ​បាន​ដូច​គំនិត​នឹង​បាន​មាស​ប្រាក់​ផ្តិល តុ​ថាស ដោយ​ងាយ» ។ ប្រពន្ធ​សួរ​ប្ដី​ថា « គិត​ធ្វើ​ម្ដេច​ក៏​បាន​ងាយ​ម្ល៉េះ ? » ។

 ប្ដី​ប្រាប់​ប្រពន្ធ​ថា «ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សមុទ្រ មាន​សំពៅ​អ្នក​ជំនួញ​គ្រប់​ប្រទេស ខ្លះ​សុខ​សប្បាយ ខ្លះ​លិច​លង់​របស់​ទ្រព្យ​សព្វ​សារពើ មាស​ប្រាក់​ កប់​នៅ​បាត​សមុទ្រ​នោះ​ច្រើន យើង​គិត​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ​នោះ​ឲ្យ​រីង ក្រ​អ្វី មាស​ប្រាក់ របស់​គ្រប់​មុខ​នោះ, បើ​បាន​ត្រី​ធំ​តូច​យើង​ធ្វើ​ងៀត ធ្វើ​ផ្អក​ប្រហុក, ព្រឹក​ព្រហាម​ស្រាង​នេះ នាង​ឯង​ដាំ​បាយ​ដួស​ដាក់​កញ្ជើ ឲ្យ​មាន​ម្ហូប​និង​ស្លា​ម្លូ​ផង យើង​ទៅ​បាច​ទឹក​សមុទ្រ​ឲ្យ​រីង » ។

 ប្រពន្ធ​ឮ​ប្ដី​ប្រាប់​ហើយ​ ក៏​ធ្វើ​តាម​បង្គាប់ ។ លុះ​ព្រឹក​ឡើង រៀប​គ្រប់​ប្រដាប់​រួច​ក៏​នាំ​ទៅ​មាត់​សមុទ្រ ហើយ​ទុក​ដាក់​បាយ​ម្ហូប​ចំណី​ដោយ​ស្រួល ទើប​ប្ដី​កាន់​កញ្ជើ ១ ខំ​បាច​ទឹក​ទៅ​លើ​គោក បាច​ទាល់​តែ​ដល់​ពេល​បាយ ទើប​ឈប់​បរិភោគ លុះ​បរិភោគ​បាយ​រួច នាំ​ប្ដី​ប្រពន្ធ​បាច​ទៀត​ដល់​ល្ងាច​ទើប​ទៅ​ផ្ទះ, ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ទាល់​ល្ងាច ទើប​នាំ​គ្នា​មក​ផ្ទះ​វិញ ។ បាច​បាន​ចំនួន ៥ ថ្ងៃ ប្ដី​ក៏​ឈរ​បាំង​ដៃ​មើល​ទឹក​សមុទ្រ ហើយ​ប្រាប់​ប្រពន្ធ​ថា «ទឹក​ស្រក​សណ្ដក​ហើយ​នាង » ។

 ប្រពន្ធ​ឆ្លើយ​ថា «បើ​ដូច្នោះ យើង​ខំ​បាច​ទៅ បើ​យូរ​ណាស់​ត្រឹម​កន្លះ​ខែ​ទៀត​មុខ​ជា​រីង​ហើយ យើង​ចាប់​យក​ត្រី​ធំ​តូច​វះ​ធ្វើ​ងៀត​ផ្អក​ប្រហុក​ថ្លឹង​លក់​យក​ប្រាក់, មួយ​ទៀត យើង​ត្រូវ​រក​កាយ​យក​ប្រាក់​មាស តុ ថាស ចាន​ក្បាន ដ៏​មាន​នៅ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន ដែល​លិច​លង់​មក​យូរ​ឆ្នាំ​នោះ មិន​ដឹង​បើ​យក​ទៅ​ណា​អស់​ទេ» ថា​ហើយ​ដល់​ល្ងាច​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

 ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ ហើយ​និយាយ​តែ​ពាក្យ​ដដែលៗ​ដូច​ថ្ងៃ​មុន ។ ហ្វូង​មច្ឆា​ក្នុង​សមុទ្រ​ស្ដាប់​ឮ​ដឹង​ដំណើរ​សព្វ​គ្រប់ ភ័យ​បារម្ភ​ណាស់​ជំនុំ​គ្នា​ថា «យើង​មុខ​ជា​ស្លាប់​ម្ដង​នឹង​ហើយ គួរ​តែ​យើង​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ត្រី​អន្សា​សមុទ្រ​ទើប​រស់​ជីវិត » គិត​ហើយ​នាំ​គ្នា​មុជ​ហែល​ទៅ​ដល់​ស្ដេច​ត្រី ទូល​តាម​ដំណើរ ដែល​បុរស​ប្ដី​ប្រពន្ធ​មក​បាច​ទឹក​សមុទ្រ​នោះ ។

 ស្ដេច​ត្រី​ដឹង​ហើយ​បង្គាប់​ត្រី​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទូល​នោះ​ថា «ឯង​រាល់​គ្នា​ពាំ​យក​មាស ៥ ក្រឡ ប្រាក់ ៥ ក្រឡ និង​តុ ថាស​ផ្តិល ចាន​ទៅ​ឲ្យ​បុរស​ប្ដី​ប្រពន្ធ អង្វរ​គេ​ឲ្យ​លែង​បាច​ទឹក​សមុទ្រ​ទៅ » ត្រី​ទាំង​នោះ​ក៏​យក​វត្ថុ​គ្រប់​ចំនួន​តាម​ស្ដេច​ត្រី​បង្គាប់ រួច​នាំ​គ្នា​ពាំ​ហែល​មក​ដល់​បុរស​ប្ដី​ប្រពន្ធ អង្វរ​សូម​ឲ្យ​លែង​បាច​ទឹក​សមុទ្រ ត្រី​ទាំង​នោះ​ក៏​ហា​មាត់​ខ្ជាក់​ក្រឡ​មាស​ប្រាក់ តុ​ថាស​ផ្តិល ចាន​ឲ្យ​បុរស​ប្ដី​ប្រពន្ធ ។ បុរស​ប្ដី​ប្រពន្ធ មាន​សេចក្ដី​ត្រេកអរ​ពន់​ពេក​ ក៏​ឈប់​លែង​បាច​ទឹក​ពី​ថ្ងៃ​នោះ នាំ​ប្ដី​ប្រពន្ធ​រែក​ទូល​ជញ្ជូន​ទៅ​ទុក​ផ្ទះ​ត្រា​តែ​អស់ ។ បុរស​ប្ដី​ប្រពន្ធ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ថ្កើង​រុងរឿង​ បាន​សេចក្ដី​សុខ​រៀង​ទៅ ។

ពណ៌នា​ពី​សម្លាញ់​ដែល​មាន​ប្រពន្ធ​ខាត​លក្ខណ៍ គាត់​ភ្នក​នឹក​រឭក​ដល់​សំឡាញ់ ហើយ​នាំ​ប្រពន្ធ​ទៅ​លេង​ផ្ទះ​សំឡាញ់ ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍, លុះ​ឡើង​ដល់​លើ​ផ្ទះ ឃើញ​គេ​នៅ​រាប់អាន​ចាំ​ចិត្ត​ស្និទ្ធ​ស្នាល​ដូច​ពី​ដើម, គាត់​គន់​មើល​របស់​ទ្រព្យ​ប្រដាប់​ប្រដា​ក្នុង​ផ្ទះ​គេ ហើយ​នឹក​ក្នុង​ចិត្ត​ថា «ពី​ដើម សំឡាញ់​គេ​មាន​ទ្រព្យ​សម្បត្តិ​ល្មម​គួរសម​ទេ ឥឡូវ​នេះ​គេ​រក​របរ​អ្វី ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ» គិត​ហើយ​ត្អូញ​ប្រាប់​សម្លាញ់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ថា « សំឡាញ់​អើយ ! អញ​សព្វ​ថ្ងៃ​នេះ​ក្រ​លំបាក​ណាស់, ចុះ​សម្លាញ់​ឯង​រក​ស៊ី

​ជំនួញ​អ្វី , ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ » ។ សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ថា «សំឡាញ់​អើយ ! អញ​រក​ស៊ី​បាច​ទឹក​សមុទ្រ​តែ​ពីរ​នាក់​នឹង​ប្រពន្ធ​អញ, ពេល​ព្រឹក​ទៀប​ភ្លឺ​ប្រពន្ធ​អញ​ដាំ​បាយ​គ្រប់​ប្រដាប់ លុះ​ភ្លឺ​ឡើង នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ, ល្ងាច​ត្រឡប់​មក​ផ្ទះ​វិញ ស្ដេច​ត្រី​ភ័យ​បង្គាប់​ត្រី​ជា​បរិវារ​ឲ្យ​ពាំ​មាស​ប្រាក់ នឹង​របស់​គ្រប់​មុខ​ឲ្យ​អញ » ។

ឯ​សំឡាញ់ មាន​ប្រពន្ធ​ខាត​លក្ខណ៍​ដឹង​ហើយ ក៏​លា​សំឡាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ ។ គេ​ក៏​ឲ្យ​ប្រាក់​យក​ទៅ​ចិញ្ចឹម​ជីវិត ។ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពេល​ចូល​ដំណេក បុរស​នោះ​និយាយ​នឹង​ប្រពន្ធ​ថា « ព្រឹក​នេះ​ឯង​ដាំ​បាយ​ពី​យប់​រៀប​ប្រដាប់​ឲ្យ​មាន​សព្វ​គ្រប់, ភ្លឺ​ឡើង​យើង​នឹង​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ ឲ្យ​បាន​មាស​ប្រាក់​របស់​ទ្រព្យ​ដូច​សំឡាញ់​យើង ។

 លុះ​ភ្លឺ​ច្បាស់ មេ​ខាត​លក្ខណ៍​ជា​ប្រពន្ធ បាន​ក្រោក​បង្កាត់​ភ្លើង​ឆេះ​ហើយ បាន​បើក​ខាប់​វាល់​អង្ករ​ៗ កំពប់​ម្ដង​មួយ​ទូក​ដៃ យក​អង្ករ​ទៅ​លាង​កំពប់​មួយ​ទូក​ដៃ​ទៀត ច្រក​អង្ករ​ទៅ​ក្នុង​ឆ្នាំង​កំពប់​ទៀត​ដល់​ពុះ​ជាត់​បាយ​កំពប់​ទៀត ច្រក​អង្ករ​ចំនួន​ល្មម​ឆ្អិន​ពេញ​ឆ្នាំង បាយ​នៅ​តែ​កន្លះ​ឆ្នាំង, ទាល់​តែ​ថ្ងៃ​ណាស់​ហើយ ទើប​ដួស​ដាក់​កញ្ជើ ហើយ​បណ្ដើរ​ប្ដី​ប្រពន្ធ​ទៅ​បាច​ទឹក​សមុទ្រ បាច​ទាំង​ខឹង​ទាំង​ជា ។ បាច​ចំនួន ៥ ថ្ងៃ អស់​ហ្វូង​មច្ឆា​តូច​ធំ ផ្អើល​ភិត​ភ័យ និយាយ​គ្នា​ថា « បុរស​ប្ដី​ប្រពន្ធ​ពី​ណា មក​បាច​ទឹក​សមុទ្រ​ទៀត​ហើយ» ពួក​ត្រី​ក៏​សម្លឹង​ទាំង​ហ្វូង​ចាំ​មើល​ចាំ​ស្ដាប់ ។ 

ប្រពន្ធ​ខាត​លក្ខណ៍​បោក​ល្អី​ដែល​បាច​ទឹក​នោះ ហើយ​ថា «បាច​យូរ​ថ្ងៃ​ហើយ​មិន​បាន​ឃើញ​របស់​អ្វី អញ​មិន​ខ្ចី​ទេ អញ​លែង​បាច​ហើយ» ឈ្លោះ​ប្ដី​ប្រពន្ធ​ជេរ​ម្ដាយ​ប្ដី ប្ដី​បញ្ចោរ​ប្រពន្ធ ប្រកាច់​ចំបាប់​គ្នា ប្រទាញ​សំពត់​គ្នា​ទៅ​វិញ​ទៅ​មក ទាល់​តែ​អា​ស្រាត​ទាំង​ប្ដី​ទាំង​ប្រពន្ធ លេច​កេរ្តិ៍​ខ្មាស​នៅ​មាត់​សមុទ្រ ហើយ​អ្នក​ទាំង​ពីរ​នាក់​ថា « ខ្ញុំ​គេ​ក៏​ខ្ញុំ​ចុះ​ លែង​បាច​ហើយ » ។ 

ត្រី​ទាំង​នោះ​ឮ​ថា​លែង​បាច​ក៏​ត្រេកអរ​ធូរ​ចិត្ត លែង​សូក​ឲ្យ​មាស​ប្រាក់​របស់​ទាំង​ពួង ។ ត្រី​ទាំង​នោះ​បាន​ឃើញ​កេរ្តិ៍​ខ្មាស​បុរស​ប្ដី​ប្រពន្ធ ក៏​លោត​សើច​ទាំង​ហ្វូង ។ ឯ​ត្រី​សណ្ដាយ​សើច​ទាល់​តែ​រយះ​មាត់ បាន​ជា​មាត់​ធំ​ដូច​គេ​ហែក រហូត​ដល់​បច្ចុប្បន្ន​នេះ ។


បុរស​ប្ដី​ប្រពន្ធ​គ្មាន​បាន​អ្វី​សោះ ក៏​លែង​ឈ្លោះ​គ្នា នាំ​គ្នា​ដក​សារាយ ។ ប្ដី​មួយ​អម្រែក, ប្រពន្ធ​មួយ​ទ្រនូល ត្រឡប់​មក​ផ្ទះ​វិញ ចាក់​សារាយ​ចោល​នៅ​កៀន​ជញ្ជាំង ឲ្យ​រលួយ​ខូច​អស់​ទៅ ។នាង​រត់​រក​អ្នក​ មេ​ខាត​លក្ខណ៍​ រត់​រក​អា​បាក់​ទន្សាចប់





រឿង​ អន្ដរាយរិទ្ធិនៃអស្សតរ

អ្នកទស្សនា: Views


លោក​អ្នក​ដែល​បាន​ឮ​ឬ​ទេ? ចាស់​ៗ​តែង​និយាយ​ត​ៗ​គ្នា​មក​ថា សត្វ​អស្សតរ (សត្វអសសតរ) គឺ​សេះ ពី​ដើម​មក​ជា​សត្វ​វិសេស ចេះ​ហោះ​ហើរ​ដើរ​លើ​អាកាស​បាន តែ​ត​មក​ខាង​ក្រោយ ក៏​ត្រូវ​គេ​កាត់​សរសៃ​ហោះ​ចោល​ទៅ» ដូច​មាន​ស្នាម​នៅ​ជើង​អស្សតរ​ជា​ភស្តុតាង​ស្រាប់ តែ​ពុំ​ដឹង​ជា​អ្នក​ឯ​ណា​កាត់​ ហើយ​កាត់​នោះ តើ​ដោយ​ហេតុ​អ្វី ពុំ​មាន​ចែង​ច្បាស់ ។

លោក​អ្នក ដែល​បាន​ឃើញ​ឬ​ទេ ? សត្វ​អស្សតរ  (សត្វអសសតរ) កាន់​ចរិត​មួយ​យ៉ាង​ជាប់​ជា​និច្ច គឺ​ថា សត្វ​ពពួក​នេះ​តែ​ជួប​គ្នា​វេលា​ណា តែង​ចូល​ទៅ​ហិត​មាត់​គ្នា​ជា​ដរាប ដែល​វា​ប្រព្រឹត្ត​ដូច្នេះ ដោយ​មាន​ហេតុ​រឿង​ដើម​ដូចម្ដេច ? ។ ចាស់​ៗ​បាន​ដំណាល​មក​ថា :

ក្នុង​សម័យ​បឋម​កល្ប​នោះ សត្វ​អស្សតរ​ទាំង​ឡាយ ចេះ​ហោះ​ច្រៀង​ច្រែ​លើ​អា​កាស ឥត​ទើស​ទាល់​តែ​សត្វ​ទាំង​នោះ ពុំ​ទាន់​កើត​សម្បូណ៌​ដូច​សព្វ​ថ្ងៃ​នេះ​ទេ មាន​នៅ​តែ​ក្នុង​វត្ត ជា​យាន​ជំនិះ​របស់​អ្នក​បួស​ដែល​កាន់​ធម៌​សុចរិត សម្រាប់​ជិះ​ហោះ​ទៅ​យក​ចង្ហាន់ នៅ​ឧត្តរ​កុរុ​ទ្វីប​ម្ដង​ៗ​។

មាន​សម័យ​ថ្ងៃ​មួយ​នោះ ព្រះ​មហាក្សត្រ​ចាត់​អាមាត្យ​ដាំ​បាយ​មធុបាយាស​យក​ទៅ​ប្រគេន​លោក​អ្នក​បួស​ទាំង​នោះ ។ លោក​ក៏​ទទួល​ទុក ដើម្បី​ឆាន់​ដល់​ទៅ​ពេល​ថ្ងៃ​ត្រង់​តែ​ម្ដង ហើយ​បាន​ទុក​ដាក់​យ៉ាង​ប្រយ័ត្ន គឺ​លោក​ដាក់​ក្នុង​សង្រែក

 ហើយ​ចង​ព្យួរ​ទុក​យ៉ាង​ខ្ពស់ ជិត​ដល់​ទៅ​ដំបូល​កុដិ រួច​លោក​នាំ​អ្នក​បួស​ជា​បរិស័ទ​ចូល​ទៅ​ស្មឹង​ស្មាធិ​នៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​ព្រះ​រាជ​កុសល ដល់​ព្រះ​មហាក្សត្រ​ដែល​ជា​ម្ចាស់​ទាន​ លុះ​ចប់​កិច្ច​ហើយ លោក​ក៏​នាំ​បរិស័ទ​មក​កាន់​កុដិ​វិញ ។

 នៅ​ឱកាស​ដែល​លោក​ប្រជុំ​ស្មឹង​ស្មាធិ​នោះ សត្វ​អស្សតរ​ធុំ​ក្លិន​ក្រអូប​បាយ​មធុបាយាស ទ្រាំ​ពុំ​បាន​ក៏​ហោះ​ចូល​ទៅ​ក្នុង​កុដិ ហើយ​គយ​គន់​រក​ស្រង់​តាម​ក្លិន​ទៅ​ឃើញ​បាយ​មធុបាយាស​ព្យួរ​ទុក​លើ​សង្រែក ក៏​យក​មក​បរិភោគ​អស់​រលីង ឥត​សេសសល់ ហើយ​ហោះ​ចេញ​ទៅ​កាន់​ទី​កន្លែង​របស់​ខ្លួន​វិញ ។

លុះ​ដល់​ពេល​ថ្ងៃ​ត្រង់ លោក​ប្រជុំ​ពួក​អ្នក​បួស​ជា​បរិស័ទ ដើម្បី​ចែក​បាយ​មធុបាយាស​នោះ ព្រោះ​ជា​បាយ​ត្រកាល​ណាស់ មាន​តែ​ព្រះ​មហាក្សត្រ ទើប​មាន​សោយ ។ 

លុះ​លោក​អ្នក​បួស​មក​ប្រជុំ​ហើយ ក៏​បង្គាប់​ឲ្យ​សាមណេរ​មួយ​រូប​ឲ្យ​ឡើង​លើ​ធ្នឹម បង្ហូត​សង្រែក​ចុះ​មក ស្រាប់​តែ​សាមណេរ​នោះ​ស្រែក​ឡើង​ថា «ពុំ​ឃើញ​មាន​អ្វី​នៅ​ក្នុង​កញ្ជើ​លើ​សង្រែក» ថា​ហើយ ក៏​ស្រាយ​ខ្សែ​បង្ហូត​សង្រែក​នោះ​ចុះ​មក ។

 លោក​គ្រូ​ចៅអធិការ​នឹក​ហួស​ចិត្ត​ណាស់ ក៏​លាន់​ព្រះ​ឱស្ឋ​ថា «យី​អើ ! ឯង​អត់​ចង្ហាន់​តាំង​ពី​ព្រឹក ថា​ទុក​ពោះ​ឲ្យ​ទំនេរ ដល់​ថ្ងៃ​ត្រង់​នឹង​ឆាន់​បាយ​មធុបាយាស​ឲ្យ​ពេញ​ទំហឹង​តែ​ម្ដង ព្រោះ​ក្នុង​មួយ​ជាតិ​កម្រ​បាន​បាយ​ត្រកាល​បែប​នេះ​ឆាន់​ណាស់ ឱ​កម្ម​អើយ !

 ឥឡូវ​នឹង​ឲ្យ​ដណ្ដាំ​បាយ​ក៏​មិន​ទាន់ ព្រោះ​ថ្ងៃ​ជ្រេ​ពី​ត្រង់​ទៅ​ហើយ ណ្ហើយ ! អស់​លោក​និមន្ត​ទៅ​វិញ​ចុះ ចាំ​ស្អែក​សឹម​បិណ្ឌ​បាត​ឆាន់​ទៅ » ។ ពួក​អ្នក​បួស​និមន្ត​ចុះ​ពី​កុដិ​លោក​គ្រូ​ចៅអធិការ​អស់​ទៅ ។

រី​ឯ​លោក​គ្រូ​ចៅអធិការ នា​កាល​មាន​ហេតុ នាំ​ឲ្យ​មាន​វិតក្ក​ដូច្នេះ​ហើយ ក៏​លោក​និមន្ត​ចូល​ទៅ​ក្នុង​កុដិ សម្ងំ​ស្មឹង​ស្មាធិ ដំឡើង​មេឃច្ឆាយ​រមិល​មើល​ហេតុ​ភេទ​ទៅ​ឃើញ​ច្បាស់​ថា មាន​សត្វ​អស្សតរ​មួយ​ហោះ​ចូល​មក បរិភោគ​បាយ​មធុបាយាស​នោះ​អស់​ទៅ ទើប​លោក​ហៅ​ប្រជុំ​ពួក​អស្សតរ​ទាំង​ប៉ុន្មាន​មក​ពិសោធ ។

 ក្នុង​ចំណោម​អស្សតរ​ទាំង​នោះ អស្សតរ​ជា​តួ​ចោរ ក៏​ចូល​មក​ប្រជុំ​ដែរ តែ​អស្សតរ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​បដិសេធ​ពាក្យ​ចោទ​ទាំង​អស់ ។

 លោក​គ្រូ​ចៅអធិការ​ក៏​ជ្រាប​ច្បាស់​ថា តួ​អស្សតរ​ណា​ក៏​ចោរ​ដែរ តែ​មិន​មែន​បាន​ផ្ចាញ់​ផ្ចាល​ទេ ដោយ​លោក​ពិចារណា​ទៅ​យល់​ឃើញ​ថា «តួ​អស្សតរ ចំណេរ​ទៅ​មុខ បើ​នៅ​តែ​មាន​រឹទ្ធិ​ហោះ​ហើរ​លើ​អាកាស​បាន​ដូច្នេះ មុខ​ជា​នឹង​ធ្វើ​

អន្តរាយ​ផ្សេង​ៗ ដល់​ពួក​មនុស្ស​ខ្លាំង​ណាស់» ទើប​លោក​មាន​ពុទ្ធដីកា​ថា «ចាប់​ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ អញ​នឹង​បន្ថយ​រឹទ្ធិ​ឯង​រាល់​គ្នា​ឲ្យ​សម​នឹង​សភាព​របស់​ឯង ដែល​ល្មម​ទៅ​រួម​ជា​មួយ​នឹង​ពួក​មនុស្ស​លោក​បាន » ។

លុះ​លោក​បាន​ប្រាប់​ដូច្នេះ​ហើយ ទើប​លោក​យក​កាំបិត​កោ វះ​កាត់​សរសៃ​ហោះ​របស់​សត្វ​អស្សតរ​ទាំង​នោះ​ចេញ ហើយ​លោក​ប្រាប់​ថា «តាំង​ពី​ថ្ងៃ​នេះ​ត​រៀង​ទៅ ត្រូវ​ឯង​រាល់​គ្នា​ទៅ​ជា​សត្វ​បម្រើ​មនុស្ស​លោក ដើម្បី​ដោះ​ថ្លៃ​បាយ​មធុបាយាស ដែល​មនុស្ស​ទាំង​ឡាយ​គេ​ចិញ្ចឹម​អ្នក​បួស» ។

 ចាប់​ដើម​ពី​នោះ​មក សត្វ​អស្សតរ​ទាំង​ឡាយ លែង​ចេះ​ហោះ​ហើរ​បាន​ទៀត ក៏​មាន​សេចក្ដី​តូច​ចិត្ត​ទោមនស្ស​នឹង​អស្សតរ ដែល​រក​មុខ​មិន​ឃើញ ក្នុង​កិច្ច​ប្រព្រឹត្ត​ចោរកម្ម​នោះ ទើប​នាំ​គ្នា​តាំង​ប្ដេជ្ញា​ថា «នឹង​ស៊ើប​រក​មុខ​ឲ្យ​ឃើញ​ប្រាកដ ហើយ​នឹង​ព្រួត​គ្នា​ធ្វើ​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ពេញ​កម្លាំង​តែ​ម្ដង » ។

ហេតុ​នេះ​ហើយ​ បាន​ជា​អស្សតរ​ទាំង​ឡាយ តែ​កាល​ណា​បាន​ជួប​គ្នា វា​តែង​ហិត​គ្នា​ទៅ​វិញ​ទៅ​មក លុះ​ហិត​បាន​ក្លិន​ទៅ​វិញ​ទៅ​មក​ឃើញ​ដូច​ជា​ក្លិន​បាយ​មធុបាយាស ក៏​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្រែក​ប្រកែក​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ៗ​ថា « ទេ​ៗ »។ចប់

លួច​គេ​វា​គ្រាន់ តែ​គេ​ទាន់​វា​ក្រែល